«ព្រះយេហូវ៉ាទ្រង់នឹងមិនចោលរាស្ត្រទ្រង់ឡើយ»
«មនុស្សសុចរិតតែងកើតមានសេចក្ដីលំបាកជាច្រើន តែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្ដីទាំងនោះ»។—ទំនុកដំកើង ៣៤:១៩
១, ២. (ក) តើតាមរបៀបណាដែលព្រះយេហូវ៉ាប្រទានពរដល់រាស្ត្រទ្រង់សព្វថ្ងៃនេះ? (ខ) តើអ្វីដែលពួកគ្រីស្ទានជាច្រើនប្រឈមមុខ ហើយតើមានសំនួរអ្វីខ្លះ?
ក្នុងការសម្រេចទំនាយព្រះគម្ពីរ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាស្នាក់នៅក្នុងសួនមនោរម្យខាងវិញ្ញាណ។ (កូរិនថូសទី២ ១២:១-៤) ស្មរបន្ទាល់ព្រះយេហូវ៉ាជាសមាជិកនៃមិត្តភាពអន្តរជាតិ ដែលមានលក្ខណៈសម្គាល់ដោយសេចក្ដីស្រឡាញ់និងសាមគ្គីភាព។ (យ៉ូហាន ១៣:៣៥) ពួកគេមានចំណេះជ្រៅជ្រះអំពីសេចក្ដីពិតក្នុងព្រះគម្ពីរ។ (អេសាយ ៥៤:១៣) ពួកគេមានអំណរគុណដល់ព្រះយេហូវ៉ាណាស់ ដែលទ្រង់ប្រទានពួកគេនូវឯកសិទ្ធិជាភ្ញៀវក្នុងរោងឧបោសថខាងវិញ្ញាណរបស់ទ្រង់!—ទំនុកដំកើង ១៥:១
២ ថ្វីបើមនុស្សទាំងអស់ក្នុងអង្គការរបស់ព្រះយេហូវ៉ា មានការរីកចំរើនខាងវិញ្ញាណក៏ដោយ អ្នកខ្លះហាក់បីដូចជាមានសន្ដិភាពនិងភាពស្ងប់ស្ងាត់ តែអ្នកដទៃទៀតមានសេចក្ដីសោកទុក្ខផ្សេងៗ។ ពួកគ្រីស្ទានជាច្រើនជួបប្រទះស្ថានការណ៍ដ៏អាណោចអាធម៌ក្នុងរយៈពេលដ៏យូរ ដោយឥតឃើញមានការធូរស្បើយក្នុងអនាគតឡើយ។ ក្នុងស្ថានការណ៍បែបនេះ ការធ្លាក់ទឹកចិត្តជាការធម្មតាទេ។ (សុភាសិត ១៣:១២) តើវិបត្ដិភ័យទាំងនេះបង្ហាញថាព្រះមិនសព្វព្រះហឫទ័យឬ? តើព្រះយេហូវ៉ាកំពុងតែផ្ដល់ឲ្យការការពារពិសេសទៅពួកគ្រីស្ទានខ្លះ ហើយបោះបង់ចោលពួកគ្រីស្ទានឯទៀតឬ?
៣. (ក) តើព្រះយេហូវ៉ាជាអ្នកទទួលខុសត្រូវចំពោះការរងទុក្ខវេទនា ដែលបានពិសោធដោយរាស្ត្រទ្រង់ឬ? (ខ) ហេតុអ្វីក៏ពួកអ្នកថ្វាយបង្គំដ៏ស្មោះត្រង់នៃព្រះយេហូវ៉ារងទុក្ខវេទនា?
៣ ព្រះគម្ពីរឆ្លើយថា៖ «កាលណាមានសេចក្ដីល្បួង នោះកុំឲ្យអ្នកណានិយាយថា៖ ‹ព្រះទ្រង់ល្បួងខ្លួនឡើយ› ដ្បិតសេចក្ដីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ»។ (យ៉ាកុប ១:១៣) ព្រះយេហូវ៉ាជាអ្នកការពារនិងជាអ្នកទ្រទ្រង់រាស្ត្ររបស់ទ្រង់។ (ទំនុកដំកើង ៩១:២-៦) «ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនចោលរាស្ត្រទ្រង់ឡើយ»។ (ទំនុកដំកើង ៩៤:១៤) នេះមិនមានសេចក្ដីថា ពួកអ្នកថ្វាយបង្គំទ្រង់នឹងឥតមានការរងទុក្ខវេទនានោះឡើយ។ របបលោកីយ៍ក្នុងបច្ចុប្បន្ននេះ គឺគ្រប់គ្រងដោយមនុស្សឥតគ្រប់ល័ក្ខណ៍ពីកំណើត។ មនុស្សជាច្រើនគឺពុករលួយ ហើយមួយចំនួនតូចគឺអាក្រក់ទាំងស្រុង។ គ្មានអ្នកណាមួយនៃពួកគេពឹងរកប្រាជ្ញាពីព្រះយេហូវ៉ាឡើយ។ ជាលទ្ធផល គឺមានការរងទុក្ខវេទនាដល់មនុស្សជាច្រើន។ ព្រះគម្ពីរចែងយ៉ាងច្បាស់ថា រាស្ត្ររបស់ព្រះយេហូវ៉ាក៏មិនអាចជៀសវាងពីលទ្ធផលអាក្រក់នៃភាពមិនល្អគ្រប់ល័ក្ខណ៍ និងពីអំពើអាក្រក់ជួជាតិរបស់មនុស្សបានឡើយ។—កិច្ចការ ១៤:២២
ពួកគ្រីស្ទានដ៏ស្មោះត្រង់នឹងមានសេចក្ដីទុក្ខលំបាក
៤. តើពួកគ្រីស្ទានទាំងអស់អាចសង្ឃឹមថាបានអ្វី ឲ្យតែគេរស់នៅក្នុងរបបលោកីយ៍ដ៏អាក្រក់នេះ ហើយហេតុអ្វី?
៤ ថ្វីបើមិនមែនជារបស់ផងលោកីយ៍នេះ ពួកអ្នកកាន់តាមព្រះយេស៊ូរស់នៅក្នុងរបបលោកីយ៍នេះ។ (យ៉ូហាន ១៧:១៥, ១៦) សាតាំងបានត្រូវលាតត្រដាងក្នុងព្រះគម្ពីរ ជាកម្លាំងដ៏ធំនៅពីក្រោយលោកីយ៍នេះ។ (យ៉ូហានទី១ ៥:១៩) ដូច្នេះ ពួកគ្រីស្ទានទាំងអស់ មិនយូរមិនឆាប់នឹងប្រឈមមុខបញ្ហាដ៏ធ្ងន់ជាច្រើន។ ដោយដឹងអំពីរឿងនេះ សាវ័កពេត្រុសមានប្រសាសន៍ថា៖ «ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវាត្របាក់លេបបាន ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន ទាំងដឹងថា ពួកបងប្អូនរបស់អ្នករាល់គ្នា ដែលនៅក្នុងលោកីយនេះ គេកំពុងតែរងទុក្ខលំបាកដូចគ្នាដែរ»។ (ពេត្រុសទី១ ៥:៨, ៩) ត្រូវហើយ ពួកបងប្អូនគ្រីស្ទានទាំងអស់នឹងមានសេចក្ដីទុក្ខលំបាក។
៥. តើតាមរបៀបណាដែលព្រះយេស៊ូបង្ហាញឲ្យឃើញច្បាស់ថា ពួកគ្រីស្ទានដ៏ស្មោះត្រង់នឹងពិសោធសេចក្ដីវេទនាក្នុងជីវិត?
៥ ទោះជាយើងស្រឡាញ់ព្រះយេហូវ៉ាដ៏ជ្រាលជ្រៅ ហើយមានចិត្តស្មោះត្រង់នឹងគោលការណ៍របស់ទ្រង់ក៏ដោយ ក៏យើងនឹងពិសោធសេចក្ដីលំបាកក្នុងជីវិតដែរ។ ព្រះយេស៊ូបានបញ្ជាក់អំពីរឿងនេះ ក្នុងរឿងប្រៀបប្រដូចរបស់ទ្រង់ ដែលបានកត់ទុកក្នុងម៉ាថាយ ៧:២៤-២៧។ ទ្រង់បានប្រៀបធៀបពួកអ្នកដែលគោរពតាមបន្ទូលរបស់ទ្រង់ ជាមួយនិងអស់អ្នកដែលមិនគោរពតាម។ ទ្រង់បានប្រៀបប្រដូចពួកសិស្សដ៏គោរព ជាមនុស្សដ៏មានវិនិច្ឆ័យដែលសង់ផ្ទះលើផ្ទាំងថ្ម។ ឯអស់អ្នកដែលមិនគោរពតាមបន្ទូលរបស់ទ្រង់ គឺប្រៀបដូចនឹងមនុស្សល្ងង់ ដែលសង់ផ្ទះខ្លួនលើដីខ្សាច់។ ក្រោយពីភ្លៀងបង្អុរចុះមក មានតែផ្ទះដែលសង់លើថ្មទេដែលមិនរលំ។ សូមកត់សម្គាល់ថាក្នុងករណីនៃផ្ទះរបស់មនុស្សដែលមានវិនិច្ឆ័យ «ភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ»។ ព្រះយេស៊ូមិនបានសន្យាថា បុរសដែលមានវិនិច្ឆ័យនឹងតែងតែមានសន្ដិភាពនិងភាពស្ងប់ស្ងាត់នោះទេ។ ផ្ទុយទៅវិញ ការចេះវិនិច្ឆ័យរបស់បុរសនេះនឹងប្រុងប្រៀបគាត់ដើម្បីទប់ទល់នឹងព្យុះសង្ឃរា។ ក្នុងរឿងប្រៀបប្រដូចនៃអ្នកព្រោះពូជ ក៏មានគំនិតស្រដៀងគ្នានេះដែរ។ ក្នុងរឿងប្រៀបប្រដូចនេះ ព្រះយេស៊ូពន្យល់ថាសូម្បីតែពួកអ្នកថ្វាយបង្គំដ៏គោរព «ពួកអ្នកដែលមានចិត្តទៀងត្រង់ល្អ» នឹង«បង្កើតផលដោយសេចក្ដីអត់ធន់»។—លូកា ៨:៤-១៥
៦. ក្នុងរឿងប្រៀបប្រដូចរបស់ប៉ុលនៃវត្ថុដែលអាចទប់ទល់នឹងភ្លើង តើអ្នកណានឹងទទួលការសាកល្បងដ៏ខ្លាំង?
៦ ពេលសរសេរសំបុត្រទៅពួកកូរិនថូស សាវ័កប៉ុលបានប្រើពាក្យប្រៀបធៀប ដើម្បីពន្យល់អំពីសេចក្ដីត្រូវការគុណសម្បត្ដិស៊ូទ្រាំ ដែលនឹងជួយយើងឲ្យប្រឈមមុខនឹងសេចក្ដីទុក្ខលំបាក។ វត្ថុដែលអាចទប់ទល់នឹងភ្លើងដូចជា មាស ប្រាក់ និងត្បូងដ៏មានតម្លៃបែបនេះ គឺប្រៀបដូចជាគុណសម្បត្ដិរបស់ព្រះ។ (ប្រៀបធៀប សុភាសិត ៣:១៣-១៥; ពេត្រុសទី១ ១:៦, ៧) ផ្ទុយទៅវិញ លក្ខណៈខាងសាច់ឈាម គឺប្រៀបដូចជាវត្ថុដែលដុតឆេះ។ រួចមក ប៉ុលមានប្រសាសន៍ថា៖ «នោះការដែលអ្នករាល់គ្នាធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះយ៉ាងច្បាស់លាស់ ព្រោះការនោះនឹងសំដែងចេញមកដោយសារភ្លើង ហើយភ្លើងនឹងសាកមើលការដែលនិមួយៗធ្វើ ឲ្យដឹងជាយ៉ាងណា បើការដែលអ្នកណាសង់ឡើងបានជាប់នៅ អ្នកនោះនឹងបានរង្វាន់»។ (កូរិនថូសទី១ ៣:១០-១៤) ម្ដងនេះទៀត ព្រះគម្ពីរពន្យល់ថា យើងគ្រប់គ្នានឹងប្រឈមមុខការសាកល្បងដ៏ខ្លាំងណាមួយជាមិនខាន។
៧. យោងទៅតាមរ៉ូម ១៥:៤ តើតាមរបៀបណាដែលបទគម្ពីរជួយយើងឲ្យស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាក?
៧ គឺមានដំណើររឿងជាច្រើនក្នុងព្រះគម្ពីរអំពីពួកអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះ ដែលបានស៊ូទ្រាំវិបត្ដិភ័យជាច្រើន ហើយពេលខ្លះបានស៊ូទ្រាំអស់រយៈពេលដ៏យូរ។ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានបោះបង់ចោលគេទេ។ សាវ័កប៉ុលប្រហែលជាចង់និយាយអំពីឧទាហរណ៍បែបនេះហើយ ពេលគាត់មានប្រសាសន៍ថា៖ «ដ្បិតអស់ទាំងសេចក្ដីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្ដីសង្ឃឹម ដោយសេចក្ដីអត់ធន់ នឹងសេចក្ដីកំសាន្តចិត្ត ដោយសារគម្ពីរ»។ (រ៉ូម ១៥:៤) ចូរពិចារណាមើលឧទាហរណ៍នៃបុរសបីនាក់ ដែលបានរងទុក្ខវិបត្ដិជាច្រើន កាលដែលមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយព្រះ។
អ្វីដែលយើងរៀនពីដំណើររឿងក្នុងព្រះគម្ពីរ
៨. តើព្រះយេហូវ៉ាអនុញ្ញាតអ្វីក្នុងករណីយ៉ូសែប ហើយអស់រយៈពេលប៉ុន្មានឆ្នាំ?
៨ កូនប្រុសរបស់លោកយ៉ាកុប គឺយ៉ូសែបបានត្រូវព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតាំងពីតូចមកម្ល៉េះ។ ប៉ុន្តែ គាត់បានរងទុក្ខវិបត្ដិភ័យជាច្រើន ដែលមិនមែនជាកំហុសរបស់គាត់។ គាត់បានត្រូវបងប្អូនរបស់គាត់ចាប់និងប្រព្រឹត្តមកលើយ៉ាងឃោរឃៅ។ គាត់បានត្រូវគេលក់ជាខ្ញុំកញ្ជះ ត្រូវគេយកទៅស្រុកដទៃ ត្រូវគេចោទប្រកាន់ដោយមិនពិត ហើយបានត្រូវដាក់«ក្នុងគុកជ្រៅ»។ (លោកុប្បត្តិ ៤០:១៥) នៅទីនោះ «ជើងគាត់ត្រូវរឹតរួតជាប់ដោយចំណង ហើយមានច្រវាក់ដែកជាប់នៅប្រាណ»។ (ទំនុកដំកើង ១០៥:១៧, ១៨) ក្នុងកំឡុងទាសភាពនិងការជាប់គុករបស់គាត់ យ៉ូសែបច្បាស់ជាបានអង្វរព្រះយេហូវ៉ាយ៉ាងញឹកញាប់ ឲ្យទ្រង់ដោះលែងគាត់។ ប៉ុន្តែ ប្រមាណ១៣ឆ្នាំ គាត់បានភ្ញាក់ឡើងរៀងរាល់ព្រឹកនៅតែជាខ្ញុំកញ្ជះឬជាអ្នកជាប់គុកដដែល ទោះបីបានត្រូវពង្រឹងកម្លាំងដោយព្រះយេហូវ៉ាតាមរបៀបផ្សេងៗក៏ដោយ។—លោកុប្បត្តិ ៣៧:២; ៤១:៤៦
៩. តើដាវីឌបានស៊ូទ្រាំអ្វីដល់បីបួនឆ្នាំ?
៩ ករណីស្រដៀងគ្នាមួយគឺអំពីដាវីឌ។ ពេលដែលព្រះយេហូវ៉ាជ្រើសរើសបុរសមានសមត្ថភាពម្នាក់ឲ្យគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ទ្រង់បានមានបន្ទូលថា៖ «អញរកបានដាវីឌ កូនអ៊ីសាយ ជាទីគាប់ចិត្តដល់អញ ដែលនឹងធ្វើតាមចិត្តអញគ្រប់ជំពូក»។ (កិច្ចការ ១៣:២២) ទោះជាព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងគាត់ក៏ដោយ ដាវីឌបានរងទុក្ខច្រើនណាស់។ ក្នុងគ្រាដែលមានគ្រោះថ្នាក់ដល់ជីវិត គាត់បានលាក់ខ្លួនបីបួនឆ្នាំក្នុងទីរហោស្ថាន ក្នុងរូង ក្នុងក្រហែង ហើយក្នុងស្រុកផ្សេងៗ។ ដោយមានគេដេញចាប់ដូចសត្វតិរច្ឆាន គាត់បានរងទុក្ខការធ្លាក់ទឹកចិត្តនិងការភ័យខ្លាច។ យ៉ាងណាក៏ដោយ គាត់បានស៊ូទ្រាំដោយសារកម្លាំងរបស់ព្រះយេហូវ៉ា។ ដាវីឌអាចនិយាយដោយត្រឹមត្រូវពីការពិសោធន៍របស់ខ្លួនថា៖ «មនុស្សសុចរិតតែងកើតមានសេចក្ដីលំបាកជាច្រើន តែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្ដីទាំងនោះ»។—ទំនុកដំកើង ៣៤:១៩
១០. តើវិបត្ដិភ័យដ៏ខ្លាំងអ្វីដែលមានលើលោកណាបោតនិងគ្រួសាររបស់លោក?
១០ ក្នុងសម័យព្យាការីអេលីយ៉ា មានមនុស្សតែ៧០០០នាក់ទេក្នុងអ៊ីស្រាអែល ដែលមិនបានលុតជង្គង់ថ្វាយបង្គំព្រះបាលដ៏ក្លែងក្លាយនោះ។ (ពង្សាវតារក្សត្រទី១ ១៩:១៨; រ៉ូម ១១:៤) លោកណាបោត ជាបុគ្គលម្នាក់ក្នុងចំណោមពួកគេ ដែលបានក្លាយទៅជាអ្នករងគ្រោះពីអំពើអយុត្ដិធម៌ដ៏អាក្រក់។ គាត់បានរងទុក្ខភាពអាម៉ាស់មុខពីការចោទថាប្រមាថមើលងាយព្រះ។ ដោយរកកំហុសឃើញ គាត់បានជាប់ទោស ហើយបានត្រូវគេកាត់ទោសតាមរាជក្រម ឲ្យស្លាប់ដោយគប់ដុំថ្ម ហើយឈាមរបស់គាត់បានត្រូវឆ្កែលិត។ សូម្បីតែកូនរបស់គាត់ក៏បានត្រូវគេសម្លាប់ដែរ! ប៉ុន្តែ គាត់មិនបានប្រព្រឹត្តដូចពាក្យគេចោទនោះទេ។ ពួកសាក្សីដែលបានប្រឆាំងគាត់ នោះគឺជាពួកភូតភរ។ រឿងទាំងមូលនេះបានត្រូវផ្ដើមមកដោយមហាក្សត្រីយេសិបិល ដើម្បីឲ្យស្តេចយកចំការទំពាំងបាយជូររបស់លោកណាបោត។—ពង្សាវតារក្សត្រទី១ ២១:១-១៩; ពង្សាវតារក្សត្រទី២ ៩:២៦
១១. តើអ្វីដែលសាវ័កប៉ុលបានប្រាប់យើងអំពីពួកបុរសស្ត្រីដ៏ស្មោះត្រង់ ក្នុងប្រវត្ដិសាស្ត្រព្រះគម្ពីរ?
១១ យ៉ូសែប ដាវីឌ និងណាបោត គឺគ្រាន់តែបុគ្គលបីនាក់នៃពួកប្រុសស្រីដ៏ស្មោះត្រង់ជាច្រើន ដែលបានរៀបរាប់ក្នុងព្រះគម្ពីរ ដែលបានរងទុក្ខវិបត្ដិភ័យជាច្រើន។ សាវ័កប៉ុលបានសរសេរឡើងវិញនូវប្រវត្ដិសាស្ត្រនៃពួកអ្នកបំរើព្រះយេហូវ៉ាពីគ្រប់ជំនាន់។ ក្នុងនោះ លោកបានមានប្រសាសន៍អំពីពួកអ្នកដែល«ត្រូវសេចក្ដីល្បង ដោយមានគេចំអកឲ្យ ទាំងវាយនឹងរំពាត់ ក៏ទ្រាំទាំងជាប់ចំណង នឹងជាប់គុកផង ត្រូវគេចោលនឹងថ្ម ល្បួង ហើយអារបណ្ដាច់ ក៏ត្រូវស្លាប់នឹងដាវ ត្រូវដើរវីមវាម ទាំងស្លៀកស្បែកចៀម នឹងស្បែកពពែ ត្រូវកំសត់ទុគ៌ត ត្រូវគេសង្កត់សង្កិន ហើយធ្វើបាប ក៏ដើរសាត់ព្រាត់នៅក្នុងទីរហោស្ថាន ហើយនៅទីភ្នំ ទាំងនៅក្នុងរអាង ហើយនឹងរូងក្នុងដី»។ (ហេព្រើរ ១១:៣៦-៣៨) ប៉ុន្តែ ព្រះយេហូវ៉ាមិនបោះបង់ចោលពួកគេទេ។
ព្រះយេហូវ៉ាខ្វល់ខ្វាយពីអ្នកដែលរងទុក្ខលំបាក
១២. តើសេចក្ដីវេទនាអ្វីខ្លះ ដែលបានត្រូវពិសោធដោយស្មរបន្ទាល់ព្រះយេហូវ៉ាសព្វថ្ងៃនេះ?
១២ ចុះយ៉ាងណាវិញ ចំពោះរាស្ត្ររបស់ព្រះយេហូវ៉ាសព្វថ្ងៃនេះ? ជាអង្គការមួយ យើងអាចពឹងលើការការពារពីព្រះ និងដំណើរឆ្លងកាត់ដ៏សុខពីថ្ងៃជាន់ក្រោយបង្អស់និងពីសេចក្ដីវេទនាជាខ្លាំង។ (អេសាយ ៥៤:១៧; វិវរណៈ ៧:៩-១៧) ប៉ុន្តែ ជាបុគ្គលម្នាក់ៗ យើងទទួលស្គាល់ថា‹ពេលវេលា និងការមើលមិនឃើញ› នឹងមានមកលើមនុស្សជាតិទាំងអស់។ (សាស្ដា ៩:១១) សព្វថ្ងៃនេះ គឺមានពួកគ្រីស្ទានដ៏ស្មោះត្រង់ជាច្រើន ដែលកំពុងតែរងទុក្ខវិបត្ដិភ័យជាច្រើន។ អ្នកខ្លះបានអត់ធន់នឹងភាពក្រីក្រយ៉ាងខ្លាំង។ ព្រះគម្ពីរចែងអំពីគ្រីស្ទានជា«ពួកកំព្រា នឹងពួកមេម៉ាយ» ដែលមានសេចក្ដីវេទនា។ (យ៉ាកុប ១:២៧) អ្នកខ្លះទៀតរងទុក្ខ ដោយសារមានមហន្តរាយធម្មជាតិ សង្គ្រាម ឧក្រិដ្ឋកម្ម ការរំលោភអំណាច ជម្ងឺ និងសេចក្ដីស្លាប់។
១៣. តើការពិសោធន៍ដ៏ពិបាកណាខ្លះ ដែលបានរាយការណ៍មកក្នុងពេលថ្មីៗនេះ?
១៣ ឧទាហរណ៍ ក្នុងរបាយការណ៍ប្រចាំឆ្នាំ១៩៩៦ទៅគណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា សាខាប៉មយាមជាច្រើនបានរៀបរាប់ថាបងប្អូនប្រុសស្រីខ្លះរបស់យើង គឺកំពុងតែជាប់គុកក្នុងស្ថានការណ៍ដ៏អាក្រក់ ដោយសារគេកាន់គោលការណ៍ព្រះគម្ពីរយ៉ាងខ្ជាប់ខ្ជួន។ ក្រុមជំនុំបីក្នុងប្រទេសនៃទ្វីបអាមេរិកខាងត្បូងបានត្រូវកំទេចចោល ពេលពួកទ័ពឈ្លបបានបង្ខំស្មរបន្ទាល់រាប់រយនាក់ឲ្យចេញពីកន្លែងនោះ។ ក្នុងប្រទេសមួយនៃទ្វីបអាហ្វ្រិក ស្មរបន្ទាល់ខ្លះបានត្រូវគេសម្លាប់ក្នុងសង្គ្រាមស៊ីវិល។ ក្នុងប្រទេសខ្លះនៃអាមេរិកកណ្ដាល ស្ថានការណ៍ខាងលុយកាក់ដ៏ដុនដាបនៃបងប្អូនរបស់យើងខ្លះ បានធ្វើឲ្យយ៉ាប់យ៉ឺនទៅទៀត ដោយសារព្យុះសង្ឃរា។ ក្នុងកន្លែងផ្សេងៗទៀត ភាពក្រីក្រនិងការខ្វះអាហារ ប្រហែលជាមិនមែនជាបញ្ហាធំនោះទេ ប៉ុន្តែឥទ្ធិពលអវិជ្ជមានប្រហែលជាបានបន្ថយអំណររបស់មនុស្សខ្លះ។ មនុស្សជាច្រើនទៀត មានការពិបាកចិត្តដោយបន្ទុកធ្ងន់នៃជីវភាពក្នុងសម័យទំនើបនេះ។ ដោយសារភាពកន្តើយពីសាធារណជន អ្នកខ្លះប្រហែលជាបានធ្លាក់ទឹកចិត្ត ពេលគេផ្សព្វផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រ។
១៤. (ក) តើយើងរៀនអ្វីពីគំរូរបស់លោកយ៉ូប? (ខ) ជាជាងគិតមិនល្អ តើយើងត្រូវតែធ្វើអ្វី ពេលយើងមានការទុក្ខលំបាក?
១៤ ស្ថានការណ៍ទាំងនេះ គឺមិនត្រូវយកមកគិតថាជាទីសំអាងនៃការមិនសព្វព្រះហឫទ័យពីព្រះនោះឡើយ។ ចូរចាំពីករណីរបស់លោកយ៉ូប និងការពិសោធន៍ដ៏ហិនហោចជាច្រើនដែលលោកបានរងទុក្ខ។ លោកជា«អ្នកដែលគ្រប់ល័ក្ខណ៍ហើយទៀងត្រង់»។ (យ៉ូប ១:៨) លោកយ៉ូបច្បាស់ជាបានធ្លាក់ទឹកចិត្តយ៉ាងណាទៅហ្ន៎ ពេលដែលអេលីផាសបានចោទថាលោកប្រព្រឹត្តអំពើខុសទំនងនោះ! (យ៉ូប ជំពូក ៤, ៥, ២២) យើងមិនចង់រហ័សសន្និដ្ឋានថា ហេតុដែលយើងពិសោធវិបត្ដិភ័យទាំងឡាយនេះ គឺដោយសារយើងបានធ្វើឲ្យព្រះយេហូវ៉ាអាក់អន់ព្រះទ័យតាមបែបបទណាមួយ ឬព្រះយេហូវ៉ាបានដកការប្រទានពរពីយើងនោះឡើយ។ ការគិតមិនល្អពេលប្រឈមមុខនឹងសេចក្ដីវេទនាបែបនេះ អាចធ្វើឲ្យជំនឿរបស់យើងទន់ខ្សោយ។ (ថែស្សាឡូនីចទី១ ៣:១-៣, ៥) ពេលមានការទុក្ខលំបាក ជាការល្អប្រសើរក្នុងការរំពឹងគិតពីហេតុការណ៍ពិតដែលថា ព្រះយេហូវ៉ានិងព្រះយេស៊ូគឺគង់ជិតពួកមនុស្សសុចរិត មិនថាមានអ្វីកើតឡើងក៏ដោយ។
១៥. តើតាមរបៀបណាដែលយើងដឹងថា ព្រះយេហូវ៉ាមានព្រះទ័យខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅអំពីវិបត្ដិភ័យ ដែលបានរងទុក្ខដោយរាស្ត្ររបស់ទ្រង់?
១៥ សាវ័កប៉ុលបានធានារ៉ាប់រងយើង ពេលដែលលោកមានប្រសាសន៍ថា៖ «តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន? តើសេចក្ដីទុក្ខលំបាក ឬសេចក្ដីវេទនា សេចក្ដីបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ ឬដាវឬអី . . . ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្ដី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ»។ (រ៉ូម ៨:៣៥, ៣៨, ៣៩) ព្រះយេហូវ៉ាគឺមានព្រះទ័យខ្វល់ខ្វាយអំពីយើង ហើយទ្រង់ជ្រាបអំពីការរងទុក្ខវេទនារបស់យើង។ កាលដែលកំពុងរត់គេចខ្លួននៅឡើយ ដាវីឌបានសរសេរថា៖ «ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិត ហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្ដាប់សំរែករបស់គេ ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នក ដែលមានចិត្តសង្រេង»។ (ទំនុកដំកើង ៣៤:១៥, ១៨; ម៉ាថាយ ១៨:៦, ១៤) ព្រះវរបិតានៅស្ថានសួគ៌របស់យើងមើលថែរក្សាយើង ហើយមានព្រះទ័យអាណិតដល់អ្នកដែលរងទុក្ខ។ (ពេត្រុសទី១ ៥:៦, ៧) ទ្រង់ប្រទាននូវអ្វីដែលយើងត្រូវការដើម្បីឲ្យអាចស៊ូទ្រាំបាន មិនថាយើងមានការឈឺចាប់អ្វីក៏ដោយ។
អំណោយទានរបស់ព្រះយេហូវ៉ាទ្រទ្រង់យើង
១៦. តើសំវិធានការអ្វីពីព្រះយេហូវ៉ា ដែលជួយយើងឲ្យស៊ូទ្រាំ ហើយតាមរបៀបណា?
១៦ ទោះជាយើងមិនគិតថា នឹងមានជីវិតគ្មានទុក្ខក្នុងរបបលោកីយ៍ចាស់នេះក៏ដោយ យើង«មិនមែនត្រូវចោលនៅម្នាក់ឯងទេ»។ (កូរិនថូសទី២ ៤:៨, ៩) ព្រះយេស៊ូបានសន្យានឹងប្រទានអ្នកជំនួយដល់ពួកអ្នកកាន់តាមទ្រង់។ ទ្រង់មានបន្ទូលថា៖ ‹នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានអ្នកជំនួយមួយទៀត មកអ្នករាល់គ្នាឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាវិញ្ញាណនៃសេចក្ដីពិត›។ (យ៉ូហាន ១៤:១៦, ១៧) ក្នុងបុណ្យភិន្ដាកុសនៃឆ្នាំ៣៣ស.យ. សាវ័កពេត្រុសបានប្រាប់ពួកស្ដាប់របស់លោកថា ពួកគេអាចទទួល«អំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ»។ (កិច្ចការ ២:៣៨) តើវិញ្ញាណបរិសុទ្ធកំពុងតែជួយយើងសព្វថ្ងៃនេះទេ? មែនហើយ! សកម្មពលរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវផលផ្លែដ៏ល្អអស្ចារ្យ៖ «នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត»។ (កាឡាទី ៥:២២, ២៣) របស់ទាំងនេះជាគុណសម្បត្ដិដ៏មានតម្លៃដែលជួយយើងឲ្យស៊ូទ្រាំ។
១៧. តើមានសេចក្ដីពិតព្រះគម្ពីរណាខ្លះ ដែលពង្រឹងជំនឿនិងការប្ដេជ្ញារបស់យើង ឲ្យចាំដ៏អត់ធ្មត់លើព្រះយេហូវ៉ា?
១៧ វិញ្ញាណបរិសុទ្ធក៏ជួយយើងឲ្យយល់ថា សេចក្ដីទុក្ខលំបាកនៅបច្ចុប្បន្នកាលនេះ គឺ‹នៅតែមួយភ្លែតនិងស្រាលប៉ុណ្ណោះ› ពេលប្រៀបធៀបនឹងអំណោយទាននៃជីវិតអស់កល្បជានិច្ច។ (កូរិនថូសទី២ ៤:១៦-១៨) យើងជឿជាក់ថា ព្រះនឹងឥតភ្លេចកិច្ចការរបស់យើង និងសេចក្ដីស្រឡាញ់ដែលយើងបង្ហាញទ្រង់នោះឡើយ។ (ហេព្រើរ ៦:៩-១២) ដោយអានពាក្យនៃព្រះគម្ពីរដែលព្រះបានបណ្ដាលមកនោះ យើងបានសម្រាលចិត្តពីគំរូជាច្រើននៃពួកអ្នកបំរើដ៏ស្មោះត្រង់ក្នុងសម័យដើម ថ្វីបើពួកគេបានស៊ូទ្រាំនឹងវិបត្ដិភ័យជាច្រើនក្ដី ពួកគេនៅតែមានសុភមង្គលជានិច្ច។ លោកយ៉ាកុបសរសេរថា៖ «បងប្អូនអើយ ចូរយកពួកហោរា ដែលបានទាយដោយនូវព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីសេចក្ដីទុក្ខលំបាក នឹងពីសេចក្ដីអត់ធ្មត់ចុះ មើល យើងហៅពួកអ្នកដែលទ្រាំទ្រ ថាជាអ្នកមាន[សុភមង្គល]»។ (យ៉ាកុប ៥:១០, ១១) ព្រះគម្ពីរសន្យាថា«ឥទ្ធិឫទ្ធិដ៏លើសលប់» នឹងជួយយើងឲ្យស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាក។ ព្រះយេហូវ៉ាក៏ប្រទានពរឲ្យយើងនូវសេចក្ដីសង្ឃឹមនៃដំណើររស់ឡើងវិញដែរ។ (កូរិនថូសទី២ ១:៨-១០; ៤:៧) ដោយអានព្រះគម្ពីររៀងរាល់ថ្ងៃ ហើយរំពឹងគិតអំពីសេចក្ដីសន្យាទាំងនេះ យើងនឹងពង្រឹងជំនឿនិងការប្ដេជ្ញារបស់យើង ឲ្យរង់ចាំដ៏អត់ធ្មត់លើព្រះ។—ទំនុកដំកើង ៤២:៥
១៨. (ក) ក្នុងកូរិនថូសទី២ ១:៣, ៤ តើបានលើកទឹកចិត្តយើងឲ្យធ្វើអ្វី? (ខ) តើតាមរបៀបណាដែលពួកអ្នកត្រួតពិនិត្យគ្រីស្ទាន បង្ហាញថាគេជាប្រភពនៃការសម្រាលទុក្ខនិងការត្រជាក់ត្រជុំនោះ?
១៨ ថែមពីលើនេះទៀត ព្រះយេហូវ៉ាបានប្រទានសួនមនោរម្យខាងវិញ្ញាណដល់យើង ដែលយើងអាចទទួលសេចក្ដីស្រឡាញ់ដ៏ស្មោះពីបងប្អូនប្រុសស្រីគ្រីស្ទានរបស់យើង។ យើងម្នាក់ៗមានមុខនាទី ក្នុងការសម្រាលទុក្ខគ្នាទៅវិញទៅមក។ (កូរិនថូសទី២ ១:៣, ៤) ពួកអ្នកត្រួតពិនិត្យគ្រីស្ទាន ជាពិសេសក៏អាចជាប្រភពដ៏ធំ នៃការសម្រាលទុក្ខនិងការត្រជាក់ត្រជុំ។ (អេសាយ ៣២:២) ជា«អំណោយទានដល់មនុស្ស» ពួកគេបានត្រូវចាត់ឲ្យលើកទឹកចិត្តពួកអ្នកដែលរងទុក្ខលំបាក ឲ្យ«ជួយកំសាន្ត ដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត» និងឲ្យ«គាំពារពួកអ្នកដែលខ្សោយ»។ (អេភេសូរ ៤:៨, ១១, ១២; ថែស្សាឡូនីចទី១ ៥:១៤) ពួកអ្នកចាស់ទុំបានត្រូវលើកទឹកចិត្តឲ្យប្រើទស្សនាវដ្ដី ប៉មយាម និង ភ្ញាក់រឭក! ព្រមទាំងប្រកាសនវត្ថុឯទៀតដែលបានផ្ដល់មកដោយ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥-៤៧) ប្រកាសនវត្ថុទាំងនេះមានឱវាទជាច្រើនដែលមានមូលដ្ឋានលើព្រះគម្ពីរ ដែលអាចជួយយើងឲ្យដោះស្រាយ—ព្រមទាំងបង្ការ—បញ្ហាខ្លះៗដែលធ្វើឲ្យយើងមានការទុក្ខព្រួយ។ សូមឲ្យយើងធ្វើតាមគំរូរបស់ព្រះយេហូវ៉ា ដោយសម្រាលទុក្ខនិងលើកទឹកចិត្តគ្នាទៅវិញទៅមក ពេលមានសេចក្ដីទុក្ខលំបាក!
១៩. (ក) តើអ្វីនឹងជួយយើងឲ្យជៀសវាងពីវិបត្ដិភ័យខ្លះៗ? (ខ) នៅទីបំផុត តើយើងត្រូវទុកចិត្តលើអ្នកណា ហើយតើអ្វីដែលនឹងជួយយើងឲ្យប្រឈមមុខនឹងសេចក្ដីទុក្ខលំបាក?
១៩ កាលដែលយើងខិតចូលជ្រៅឡើងៗក្នុងថ្ងៃជាន់ក្រោយបង្អស់ ហើយស្ថានភាពនៃរបបលោកីយ៍នេះកាន់តែអាក្រក់ឡើងនោះ ពួកគ្រីស្ទានខំអស់ពីសមត្ថភាព ដើម្បីជៀសវាងពីវិបត្ដិភ័យទាំងឡាយ។ (សុភាសិត ២២:៣) ការមានវិនិច្ឆ័យល្អ គំនិតវាងវៃ និងចំណេះពីគោលការណ៍ព្រះគម្ពីរ អាចជួយយើងឲ្យសម្រេចចិត្តដ៏ប្រាជ្ញា។ (សុភាសិត ៣:២១, ២២) យើងស្ដាប់តាមបន្ទូលរបស់ព្រះយេហូវ៉ា ហើយគោរពធ្វើតាម ដើម្បីជៀសវាងកំហុសដែលមិនចាំបាច់មាន។ (ទំនុកដំកើង ៣៨:៤) ប៉ុន្តែ យើងដឹងថា ទោះជាយើងខំប្រឹងធ្វើយ៉ាងណាក៏ដោយ ក៏យើងមិនអាចបំបាត់សេចក្ដីទុក្ខលំបាកពីជីវិតរបស់យើងបានទាំងអស់ឡើយ។ ក្នុងរបបលោកីយ៍នេះ មនុស្សសុចរិតជាច្រើនបានប្រឈមមុខនឹងវិបត្ដិភ័យដ៏ខ្លាំង។ ប៉ុន្តែ យើងអាចដោះស្រាយនឹងសេចក្ដីទុក្ខលំបាករបស់យើង ដោយមានការទុកចិត្តទាំងស្រុង ថា«ព្រះយេហូវ៉ាទ្រង់នឹងមិនចោលរាស្ត្រទ្រង់ឡើយ»។ (ទំនុកដំកើង ៩៤:១៤) ហើយយើងដឹងថា របបលោកីយ៍នេះនិងសេចក្ដីសោកទុក្ខរបស់វា មិនយូរប៉ុន្មានទៀត នឹងសាបសូន្យទៅ។ ដូច្នេះ សូមឲ្យយើងប្ដេជ្ញាកុំឲ្យ«ណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ»។—កាឡាទី ៦:៩
តើយើងបានរៀនអ្វីខ្លះ?
◻ តើសេចក្ដីទុក្ខលំបាកអ្វីដែលបានត្រូវពិសោធដោយបងប្អូនគ្រីស្ទានទាំងឡាយ?
◻ តើឧទាហរណ៍ណាខ្លះក្នុងព្រះគម្ពីរ ដែលជួយយើងឲ្យយល់ថាវិបត្ដិភ័យទាំងឡាយ មិនមែនជាទីសំអាងនៃការមិនសព្វព្រះហឫទ័យពីព្រះយេហូវ៉ា?
◻ តើព្រះយេហូវ៉ាមានព្រះទ័យដូចម្ដេច អំពីវិបត្ដិភ័យជាច្រើនដែលបានត្រូវរងទុក្ខដោយរាស្ត្រទ្រង់?
◻ តើមានអំណោយទានអ្វីខ្លះពីព្រះយេហូវ៉ា ដែលជួយយើងឲ្យស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាក?
[រូបភាពនៅទំព័រ១០]
ដាវីឌ ណាបោត និងយ៉ូសែប ជាមនុស្សបីនាក់ដែលបានរងទុក្ខវិបត្ដិភ័យជាច្រើន