តើអ្នកមានវិញ្ញាណអមតៈទេ?
សាវ័កប៉ុលបានសរសេរថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត»។ (ធីម៉ូថេទី២ ៣:១៦) ត្រូវហើយ ព្រះគម្ពីរជាសៀវភៅនៃសេចក្ដីពិត ដែលមកពីព្រះពិត គឺព្រះយេហូវ៉ា។—ទំនុកដំកើង ៨៣:១៨
ព្រះយេហូវ៉ាទ្រង់ជ្រាបនូវអ្វីដែលកើតឡើងដល់យើង ពេលដែលយើងស្លាប់ទៅ ពីព្រោះទ្រង់ជាអ្នកបង្កើតរបស់សព្វសារពើទាំងអស់ ដែលរួមបញ្ចូលមនុស្សជាតិផងដែរ។ (ហេព្រើរ ៣:៤; វិវរណៈ ៤:១១) ហើយនៅក្នុងព្រះគម្ពីរដែលជាព្រះបន្ទូលដែលទ្រង់បានបណ្ដាលឲ្យតែងនោះ ទ្រង់បានប្រទានឲ្យចម្លើយដ៏ពិតនិងដែលគាប់ចិត្តចំពោះសំនួរនានា ស្តីអំពីជីវិតក្រោយពីស្លាប់។
តើអ្វីទៅជាវិញ្ញាណ?
នៅក្នុងព្រះគម្ពីរពាក្យដែលបានបកប្រែជា«វិញ្ញាណ» មានន័យចំៗជា«ដង្ហើម»។ ក៏ប៉ុន្តែ នេះមិនត្រឹមតែទាក់ទងនឹងការដកដង្ហើមប៉ុណ្ណោះទេ។ ជាឧទាហរណ៍ យ៉ាកុបដែលជាអ្នករួមសរសេរព្រះគម្ពីរ ចែងថា៖ «រូបកាយដែលគ្មានវិញ្ញាណ ជារូបកាយស្លាប់»។ (យ៉ាកុប ២:២៦, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ដូច្នោះហើយ វិញ្ញាណជាអ្វីដែលធ្វើឲ្យរូបកាយមានចលនារស់រវើកបាន។
កម្លាំងនេះដែលធ្វើឲ្យរស់រវើក មិនគ្រាន់តែជាដង្ហើមឬខ្យល់ ដែលធ្វើដំណើរក្នុងសួតប៉ុណ្ណោះទេ។ ហេតុអ្វីបានជាមិនមែនអ៊ីចឹង? ពីព្រោះក្រោយពីការដកដង្ហើមឈប់ទៅ នោះជីវិតនៅតែមានក្នុងកោសិកាអស់មួយរយៈពេលខ្លី គឺ«អស់ពីរបីនាទី» យោងទៅតាមសព្វវចនាធិប្បាយសៀវភៅពិភពលោក។ ដោយមូលហេតុនេះ ការខំប្រឹងដើម្បីជួយធ្វើឲ្យរស់ឡើងវិញអាចបានជោគជ័យ។ ប៉ុន្តែ ក្រោយពីជីវិតបានរលត់សូន្យពីកោសិកាក្នុងរូបកាយ នោះការខំប្រឹងដើម្បីស្ដារជីវិតមកវិញ គឺឥតមានប្រយោជន៍ទេ។ ដង្ហើមទាំងអស់ក្នុងពិភពលោកនេះ ក៏មិនអាចស្ដារឡើងវិញនូវកោសិកាមួយវិញបានដែរ។ អ៊ីចឹងហើយ វិញ្ញាណជាកម្លាំងជីវិតដែលមើលមិនឃើញ ដែលរក្សាកោសិកានិងបុគ្គលនោះឲ្យនៅរស់។ កម្លាំងជីវិតនេះគឺបានទ្រទ្រង់ដោយការដកដង្ហើម។—យ៉ូប ៣៤:១៤, ១៥
តើវិញ្ញាណនេះមានសកម្មភាពតែនៅក្នុងមនុស្សជាតិទេឬ? ព្រះគម្ពីរជួយយើងឲ្យរកឃើញសេចក្ដីសន្និដ្ឋានត្រឹមត្រូវស្តីអំពីរឿងនេះ។ ស្តេចសាឡូម៉ូនដែលប្រកបដោយប្រាជ្ញាបានទទួលស្គាល់ថា មនុស្សនិងសត្វ«មានដង្ហើមជីវិតដូចគ្នាទាំងអស់» ហើយទ្រង់បានមានបន្ទូលសួរថា៖ «តើមានអ្នកណាដឹងបានថា វិញ្ញាណនៃមនុស្សឡើងទៅលើ ហើយវិញ្ញាណរបស់សត្វចុះទៅក្នុងដីវិញឬទេ?»។ (សាស្ដា ៣:១៩-២១) ដូច្នេះ ព្រះគម្ពីរចែងថា ទាំងមនុស្សទាំងសត្វក៏មានវិញ្ញាណ។ តើយ៉ាងដូចម្ដេចបានទៅ?
វិញ្ញាណឬក៏កម្លាំងជីវិត អាចប្រៀបប្រដូចទៅនឹងចរន្តអគ្គីសនីដែលធ្វើដំណើរក្នុងម៉ាស៊ីនមួយឬគ្រឿងអគ្គីសនីមួយ។ អគ្គីសនីដែលមើលមិនឃើញនេះ អាចយកមកប្រើដើម្បីធ្វើកិច្ចការផ្សេងៗ ស្រេចទៅលើគ្រឿងប្រដាប់ប្រដាដែលអាចធ្វើឲ្យដើរបាន។ ជាឧទាហរណ៍ ចង្ក្រានមួយធ្វើឡើងដើម្បីបង្កើតកំដៅ។ កុំព្យូទ័រមានដំណើរការដើម្បីធ្វើឲ្យទទួលបានពត៌មាននិងធ្វើលេខនព្វន្ត ហើយទូរទស្សន៍ដើម្បីបង្កើតរូបនិងសម្លេង។ ក៏ប៉ុន្តែ ចរន្តដែលរត់ដោយអគ្គីសនីមិនដែលក្លាយទៅជាមានទ្រង់ទ្រាយនៃគ្រឿងប្រដាប់ប្រដា ដែលអគ្គីសនីធ្វើឲ្យមានដំណើរការនោះទេ។ ចរន្តអគ្គីសនីនៅតែជាកម្លាំងដដែល។ ស្រដៀងគ្នាដែរ កម្លាំងជីវិតមិនអាចក្លាយទៅជាមានទ្រង់ទ្រាយណាមួយ នៃសត្តនិករដែលកម្លាំងនោះធ្វើឲ្យកំរើកឡើងនោះទេ។ កម្លាំងជីវិតឥតមានបុគ្គលិកលក្ខណៈ និងឥតមានសមត្ថភាពគិតគូរនោះឡើយ។ ទាំងមនុស្សនិងសត្វ«មានវិញ្ញាណដូចនឹងគ្នា»។ (សាស្ដា ៣:១៩, ព.ថ.) ដូច្នេះហើយ នៅពេលបុគ្គលម្នាក់ស្លាប់ទៅ វិញ្ញាណរបស់គាត់មិនចាកចេញទៅវិស័យមួយទៀត ដូចជាសត្តនិករវិញ្ញាណទេ។
បើអ៊ីចឹង តើស្ថានភាពនៃមនុស្សស្លាប់ជាអ្វី? ហើយតើអ្វីដែលកើតឡើងដល់វិញ្ញាណ ពេលដែលមនុស្សម្នាក់ស្លាប់ទៅ?
«ត្រូវត្រឡប់ទៅជាធូលីដីវិញ»
នៅពេលបុរសដំបូងគឺអ័ដាម ឥតបានស្ដាប់បង្គាប់បញ្ជារបស់ព្រះដោយចេតនា នោះព្រះយេហូវ៉ាបានមានបន្ទូលប្រាប់គាត់ថា៖ «ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។ (លោកុប្បត្តិ ៣:១៩) តើអ័ដាមបាននៅឯណា មុននឹងព្រះយេហូវ៉ាបានបង្កើតគាត់ពីធូលីដីនោះ? គាត់ឥតបាននៅកន្លែងណាទេ! គឺគ្មានគាត់តែម្ដង។ ដូច្នេះ នៅពេលដែលព្រះយេហូវ៉ាបានមានបន្ទូលថា អ័ដាមនឹង«ត្រឡប់ទៅជាដីវិញ» នោះទ្រង់ចង់មានន័យថា អ័ដាមនឹងត្រូវស្លាប់ហើយក្លាយទៅជាធាតុដីវិញ។ អ័ដាមនឹងមិនផ្លាស់ទៅជាវិស័យខាងវិញ្ញាណណាឡើយ។ ពេលស្លាប់ទៅ ម្ដងនេះគាត់នឹងទៅជាឥតមានជីវិត ឥតមានវត្តមានទៀត។ ទណ្ឌកម្មរបស់គាត់គឺជាសេចក្ដីស្លាប់ ការឥតមានជីវិត មិនមែនជាការផ្លាស់ទៅវិស័យណាមួយទៀតនោះទេ។—រ៉ូម ៦:២៣
ចុះយ៉ាងណាវិញ ចំពោះអ្នកឯទៀតដែលបានស្លាប់ទៅនោះ? ស្ថានភាពនៃមនុស្សស្លាប់ បានត្រូវបញ្ជាក់នៅសាស្ដា ៩:៥, ១០ ដែលអានថា៖ «មនុស្សស្លាប់ឥតដឹងអ្វីឡើយ . . . គ្មានទង្វើ គ្មានគម្រោង គ្មានតំរិះឬចំណេះដឹង នៅក្នុងផ្នូរ»។ (សេចក្ដីបកប្រែព្រះគម្ពីរម៉ូហ្វាត) ដូច្នេះ សេចក្ដីស្លាប់គឺជាភាពគ្មានជីវិត។ អ្នកតែងបទទំនុកដំកើងបានសរសេរថា ពេលដែលមនុស្សម្នាក់ស្លាប់ «វិញ្ញាណរបស់គាត់ចេញទៅ គាត់ក៏ត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គាត់ក៏សូន្យបាត់ដែរ»។—ទំនុកដំកើង ១៤៦:៤, ព.ថ
យ៉ាងច្បាស់ណាស់ ពួកអ្នកស្លាប់គ្មានជីវិត។ ពួកគេឥតដឹងអ្វីសោះឡើយ។ ពួកគេមិនអាចឃើញអ្នក ឮអ្នក ឬមិនអាចនិយាយរកអ្នកបានឡើយ។ ពួកគេមិនអាចជួយអ្នក ហើយក៏មិនអាចធ្វើទុក្ខទោសដល់អ្នកដែរ។ យ៉ាងប្រាកដណាស់ អ្នកមិនត្រូវខ្លាចមនុស្សស្លាប់ទេ។ ប៉ុន្តែ តើយ៉ាងដូចម្ដេចដែលវិញ្ញាណ«ចេញទៅ»ពីបុគ្គលម្នាក់ពេលគាត់ស្លាប់ទៅនោះ?
វិញ្ញាណ«ត្រឡប់ទៅឯព្រះ»
ព្រះគម្ពីរចែងថា ពេលបុគ្គលម្នាក់ស្លាប់ទៅ នោះ«វិញ្ញាណត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ»។ (សាស្ដា ១២:៧) តើនេះមានន័យថា វិញ្ញាណមែនទែនមួយរូបធ្វើដំណើរឆ្លងកាត់លំហអវកាស ហើយចូលទៅមុខព្រះមែនឬ? មិនមែនអ៊ីចឹងទេ! របៀបដែលព្រះគម្ពីរប្រើពាក្យ«ត្រឡប់» មិនតម្រូវឲ្យមានការធ្វើដំណើរពិតពីកន្លែងមួយទៅកន្លែងមួយទៀតឡើយ។ ជាឧទាហរណ៍ ពួកអ៊ីស្រាអែលដែលឥតមានចិត្តស្មោះត្រង់ បានត្រូវប្រាប់ថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បង្គាប់ថា ‹ចូរវិលមកឯអញវិញចុះ! នោះអញនឹងត្រឡប់មកឯឯងដែរ›»។ (ម៉ាឡាគី ៣:៧) ការ«ត្រឡប់»របស់ពួកអ៊ីស្រាអែលទៅឯព្រះយេហូវ៉ា មានន័យថាការបែរចេញពីដំណើរខុស និងធ្វើតាមផ្លូវដ៏សុចរិតរបស់ព្រះយេហូវ៉ាវិញ។ ហើយការ«ត្រឡប់»របស់ព្រះយេហូវ៉ាទៅសាសន៍អ៊ីស្រាអែល នេះមានន័យថា ទ្រង់បានមានស្មារតីដ៏អនុគ្រោះចំពោះរាស្ត្រទ្រង់វិញ។ ក្នុងករណីទាំងពីរនេះ ការ«ត្រឡប់»ទាក់ទងនឹងអាកប្បកិរិយា មិនមែនជាការផ្លាស់ទីកន្លែងមែនទែនពីតំបន់មួយទៅតំបន់មួយទៀតនោះទេ។
ស្រដៀងគ្នាដែរ ពេលស្លាប់ទៅ ក៏ឥតមានការផ្លាស់កន្លែងពីផែនដីទៅវិស័យខាងស្ថានសួគ៌ នៅពេលដែលវិញ្ញាណ«ត្រឡប់»ទៅឯព្រះនោះដែរ។ កាលណាកម្លាំងជីវិតនោះបាត់សូន្យពីបុគ្គលម្នាក់ នោះមានតែព្រះទេដែលមានសមត្ថភាពដើម្បីស្ដារឡើងវិញនូវកម្លាំងជីវិតដល់បុគ្គលនោះវិញ។ ដូច្នេះហើយ វិញ្ញាណ«ត្រឡប់ទៅឯព្រះ» ក្នុងន័យថា សេចក្ដីសង្ឃឹមដើម្បីរស់ម្ដងទៀតនៅអនាគតសំរាប់បុគ្គលនោះ គឺពឹងពាក់ទាំងស្រុងទៅលើព្រះ។
ជាឧទាហរណ៍ សូមពិនិត្យមើលអ្វីដែលព្រះគម្ពីរចែងអំពីការសោយទិវង្គតរបស់ព្រះយេស៊ូគ្រីស្ទ។ លូកាដែលជាអ្នកសរសេរសៀវភៅដំណឹងល្អមួយ រៀបរាប់ថា៖ «ព្រះយេស៊ូវស្រែកឡើងជាខ្លាំងថា ‹ឱព្រះវរបិតាអើយ! ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ›។ កាលមានបន្ទូលពាក្យទាំងនេះរួចហើយ នោះទ្រង់ផុតដង្ហើមទៅ»។ (លូកា ២៣:៤៦) កាលដែលវិញ្ញាណរបស់ព្រះយេស៊ូចាកចេញពីទ្រង់ទៅ នោះទ្រង់មិនបានធ្វើដំណើរមែនទែនទៅស្ថានសួគ៌នោះទេ។ ព្រះយេស៊ូមិនបានត្រូវប្រោសឲ្យរស់ឡើងវិញរហូតដល់ថ្ងៃទីបីឯណោះ។ ហើយគឺមាន៤០ថ្ងៃទៀតមុននឹងទ្រង់យាងឡើងទៅស្ថានសួគ៌នោះ។ (កិច្ចការ ១:៣, ៩) ក៏ប៉ុន្តែ ពេលទ្រង់សោយទិវង្គតទៅ ដោយប្រាកដក្នុងអង្គទ្រង់នោះ ព្រះយេស៊ូបានប្រគល់នូវវិញ្ញាណរបស់ទ្រង់ ក្នុងព្រះហស្តនៃព្រះវរបិតា ដោយទុកចិត្តទាំងស្រុងនឹងសមត្ថភាពរបស់ព្រះយេហូវ៉ា ដើម្បីស្ដារឲ្យទ្រង់មានជីវិតឡើងវិញ។
ត្រូវហើយ មានតែព្រះទេដែលអាចបណ្ដាលឲ្យបុគ្គលម្នាក់មានជីវិតឡើងវិញ។ (ទំនុកដំកើង ១០៤:៣០) នេះបានបើកនូវសេចក្ដីសង្ឃឹមយ៉ាងសម្បើមយ៉ាងណាទៅហ្ន៎!
សេចក្ដីសង្ឃឹមដ៏ពិតប្រាកដ
ព្រះគម្ពីរចែងថា៖ «មានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសំឡេងទ្រង់[ព្រះយេស៊ូ] ហើយនឹងចេញមក»។ (យ៉ូហាន ៥:២៨, ២៩) ត្រូវហើយ ព្រះយេស៊ូគ្រីស្ទបានសន្យាថា អស់អ្នកណាដែលស្ថិតនៅក្នុងការចងចាំរបស់ព្រះយេហូវ៉ា នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ ប្រាកដហើយ ក្នុងចំណោមពួកអ្នកនោះ នឹងមានអស់អ្នកដែលបានស្វះស្វែងរកដំណើរដ៏សុចរិតជាអ្នកបំរើព្រះយេហូវ៉ា។ ប៉ុន្តែ មនុស្សរាប់លាននាក់ឯទៀតបានស្លាប់ ដោយឥតបានបង្ហាញថាតើពួកគេនឹងអនុលោមតាមខ្នាតតម្រារបស់ព្រះឬក៏អត់។ ពួកគេប្រហែលជាឥតដឹងអំពីសេចក្ដីតម្រូវរបស់ព្រះយេហូវ៉ា ឬឥតមានពេលវេលាគ្រប់គ្រាន់ដើម្បីកែប្រែអ្វីដែលត្រូវការចាំបាច់នោះ។ ពួកបុគ្គលបែបនេះក៏នៅក្នុងសេចក្ដីចងចាំរបស់ព្រះដែរ ហើយទ្រង់នឹងប្រោសគេឲ្យរស់ឡើងវិញ ដ្បិតព្រះគម្ពីរចែងថា៖ «គឺថា ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។—កិច្ចការ ២៤:១៥
សព្វថ្ងៃនេះ ផែនដីគឺមានពេញទៅដោយសេចក្ដីស្អប់និងការប្រយុទ្ធគ្នា អំពើឃោរឃៅនិងការបង្ហូរឈាម ការធ្វើឲ្យខូចដល់បរិស្ថាននិងការមានជម្ងឺផ្សេងៗផងដែរ។ បើមនុស្សស្លាប់នឹងមានជីវិតរស់ឡើងវិញនៅលើផែនដីបែបនេះ នោះការមានសុភមង្គលណាមួយច្បាស់ជាមិនមានយូរទេ។ ក៏ប៉ុន្តែ ព្រះអាទិទេពបានសន្យាថា មិនយូរប៉ុន្មានទៀត ទ្រង់នឹងនាំសង្គមលោកីយ៍បច្ចុប្បន្ននេះ ដែលនៅក្នុងកណ្ដាប់ដៃរបស់អារក្សសាតាំង ឲ្យមកដល់ទីបញ្ចប់។ (សុភាសិត ២:២១, ២២; ដានីយ៉ែល ២:៤៤; យ៉ូហានទី១ ៥:១៩) នៅពេលនោះ សង្គមមនុស្សដ៏សុចរិត ដែលជា«ផែនដីថ្មី» នឹងជាហេតុការណ៍ពិតដ៏អស្ចារ្យមែន។—ពេត្រុសទី២ ៣:១៣
នៅពេលនោះ «ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា៖ ‹ខ្ញុំឈឺ› ទៀតឡើយ»។ (អេសាយ ៣៣:២៤) សូម្បីតែការរងទុក្ខដោយព្រោះមានសេចក្ដីស្លាប់ នោះនឹងត្រូវបំផ្លាញចោលដែរ ដ្បិតព្រះ«នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។ (វិវរណៈ ២១:៤) នេះជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យមែនហ្ន៎! ចំពោះអស់អ្នកដែល«នៅក្នុងផ្នូរ»។
នៅពេលដែលព្រះយេហូវ៉ាបោសសំអាតអំពើអាក្រក់ជួជាតិចេញពីផែនដីនេះ នោះទ្រង់នឹងមិនបំផ្លាញមនុស្សសុចរិតជាមួយនឹងពួកមនុស្សអាក្រក់ឡើយ។ (ទំនុកដំកើង ៣៧:១០, ១១; ១៤៥:២០) តាមការពិត «មនុស្ស១ហ្វូងយ៉ាងធំ . . . ពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»នឹងរួចរស់ជីវិតពី«គ្រាវេទនាយ៉ាងធំ» ដែលនឹងកំទេចចោលលោកីយ៍ដ៏អាក្រក់នេះ។ (វិវរណៈ ៧:៩-១៤) ដូច្នេះហើយមនុស្សមួយហ្វូងយ៉ាងធំនឹងមានវត្តមាន ដើម្បីស្វាគមន៍ពួកមនុស្សស្លាប់មកវិញ។
តើលោកអ្នកចង់ឃើញជាខ្លាំងនូវបុគ្គលស្ងួនភ្ងារបស់អ្នកម្ដងទៀតឬទេ? តើអ្នកចង់រស់នៅជារៀងរហូតនៅក្នុងសួនមនោរម្យលើផែនដីឬទេ? បើអ៊ីចឹង អ្នកត្រូវតែក្រេបយកចំណេះត្រឹមត្រូវអំពីបំណងព្រះហឫទ័យរបស់ព្រះ។ (យ៉ូហាន ១៧:៣) ព្រះយេហូវ៉ាមានបំណងព្រះហឫទ័យ«ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។—ធីម៉ូថេទី១ ២:៣, ៤
[រូបភាពនៅទំព័រ៤]
«ឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»
[រូបភាពនៅទំព័រ៥]
វិញ្ញាណ អាចប្រៀបប្រដូចទៅនឹង ចរន្តអគ្គីសនី
[រូបភាពនៅទំព័រ៧]
ដំណើររស់ឡើងវិញនឹងនាំឲ្យមានអំណរជាស្ថាពរ