ពួកអ្នកដែលរាប់ជាគួរនឹងរួមចំណែកក្នុងរាជាណាចក្ររបស់ព្រះ
«នោះជាភស្តុតាងពីសេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានរាប់ជាគួរនឹងនគរព្រះ»។—២ថែ. ១:៥
១, ២. ស្តីអំពីការជំនុំជម្រះ តើព្រះយេហូវ៉ាមានគោលបំណងអ្វី? តើព្រះយេហូវ៉ាបានតម្រូវឲ្យអ្នកណាធ្វើការជំនុំជម្រះ?
នៅប្រហែលជាឆ្នាំ៥០គ្រិស្តសករាជ សាវ័កប៉ុលបានទៅលេងទីក្រុងអាថែន។ នៅទីនោះ គាត់មិនពេញចិត្តសោះចំពោះការថ្វាយបង្គំរូបព្រះដែលមានជាទូទៅ ហើយនេះជំរុញគាត់ឲ្យផ្សព្វផ្សាយដល់ពួកគេដោយប៉ិនប្រសប់។ មុនប៉ុលបានបញ្ចប់សេចក្ដីដែលគាត់ថ្លែងនោះ គាត់ប្រកាសសារមួយដែលច្បាស់ជាបានធ្វើឲ្យអ្នកស្ដាប់ភ្ញាក់ផ្អើល។ ប៉ុលមានប្រសាសន៍ថា៖ «ឥឡូវនេះ [ព្រះ]ត្រាស់បង្គាប់ដល់មនុស្សទាំងអស់នៅគ្រប់អន្លើឲ្យប្រែចិត្តវិញ ពីព្រោះទ្រង់បានដាក់កំណត់ថ្ងៃដែលទ្រង់នឹងជំនុំជំរះលោកីយដោយយុត្ដិធម៌ ដោយសារមនុស្សម្នាក់ដែលទ្រង់បានដំរូវរួចហើយ ព្រមទាំងដាក់ភស្តុតាងសំញែងយ៉ាងជាក់លាក់ដល់មនុស្សទាំងឡាយ ដោយទ្រង់ប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»។—កិច្ច. ១៧:៣០, ៣១
២ គឺសំខាន់ណាស់! ឲ្យយើងរំពឹងគិតអំពីចំណុចនេះដែលថា ព្រះយេហូវ៉ាបានកំណត់ថ្ងៃដែលទ្រង់នឹងជំនុំជម្រះមនុស្សជាតិនៅពេលអនាគត។ នៅទីក្រុងអាថែន ប៉ុលមិនបានថ្លែងប្រាប់ឈ្មោះនៃអ្នកដែលព្រះយេហូវ៉ាបានតម្រូវឬតែងតាំងឲ្យធ្វើការជំនុំជម្រះទេ។ ប៉ុន្តែ យើងដឹងថាព្រះយេហូវ៉ាបានប្រគល់កិច្ចការនោះដល់ព្រះយេស៊ូគ្រិស្តដែលបានរស់ពីស្លាប់ឡើងវិញ។ ពេលព្រះយេស៊ូកាត់ក្ដី មនុស្សអាចរួចរស់ជីវិតឬក៏ត្រូវស្លាប់ទៅវិញ។
៣. ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើកិច្ចព្រមព្រៀងជាមួយអ័ប្រាហាំ? សមស្របទៅនឹងកិច្ចព្រមព្រៀងនោះ តើអ្នកណាខ្លះមានតួនាទីសំខាន់ក្នុងការបំពេញគោលបំណងរបស់ព្រះយេហូវ៉ា?
៣ ថ្ងៃឬគ្រាដែលព្រះយេស៊ូនឹងជំនុំជម្រះមនុស្សជាតិ មានរយៈពេល១.០០០ឆ្នាំ។ ក្នុងនាមជាអ្នកតំណាងព្រះយេហូវ៉ា ព្រះយេស៊ូនឹងមានអំណាចជំនុំជម្រះក្នុងអំឡុងគ្រានោះ ហើយពេលដំណាលគ្នាក៏មានមុខតំណែងជាស្តេចក្នុងរាជាណាចក្ររបស់ព្រះ។ ប៉ុន្តែ ព្រះយេស៊ូមិនកាន់អំណាចតែម្នាក់ឯងទេ។ ព្រះយេហូវ៉ាក៏ជ្រើសរើសមនុស្សមួយចំនួនដើម្បីគ្រប់គ្រងជាមួយនឹងព្រះយេស៊ូ ព្រមទាំងធ្វើការជំនុំជម្រះក្នុងអំឡុងគ្រាមួយពាន់ឆ្នាំនោះ។ (សូមពិនិត្យបន្ថែម លូកា ២២:២៩, ៣០) ជិត៤.០០០ឆ្នាំមុន ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងជាមួយលោកអ័ប្រាហាំដែលជាអ្នកបម្រើស្មោះត្រង់របស់ទ្រង់។ ទង្វើនោះក៏មានទំនាក់ទំនងនឹងថ្ងៃជំនុំជម្រះរបស់ព្រះយេហូវ៉ាដែរ។ (សូមអាន លោកុប្បត្តិ ២២:១៧, ១៨) តាមមើលទៅ កិច្ចព្រមព្រៀងនោះមានសុពលភាពចាប់តាំងពីឆ្នាំ១៩៤៣ មុនគ.ស.។ នៅសម័យនោះ អ័ប្រាហាំមិនអាចយល់យ៉ាងពេញលេញអំពីឥទ្ធិពលដែលកិច្ចព្រមព្រៀងនោះនឹងមានទៅលើមនុស្សជាតិទាំងឡាយទេ។ ក៏ប៉ុន្តែ នៅសព្វថ្ងៃនេះ យើងអាចយល់ថា កិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាជាមួយអ័ប្រាហាំ សំដៅទៅលើពូជរបស់គាត់ ហើយពូជនោះមានតួនាទីសំខាន់ក្នុងការបំពេញគោលបំណងរបស់ព្រះយេហូវ៉ា ស្តីអំពីការជំនុំជម្រះមនុស្សលោក។
៤, ៥. (ក) តើអ្នកណាជាតួអង្គសំខាន់ជាងគេក្នុងពូជរបស់អ័ប្រាហាំ? តើតួអង្គនោះមានប្រសាសន៍យ៉ាងណាអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា? (ខ) តើមនុស្សមានលទ្ធភាពរួមចំណែកក្នុងរាជាណាចក្ររបស់ព្រះយេហូវ៉ាតាំងពីពេលណា?
៤ ក្រោយៗមក ព្រះយេស៊ូបានលេចមកជាតួអង្គសំខាន់ជាងគេក្នុងពូជរបស់អ័ប្រាហាំ ហើយនៅឆ្នាំ២៩ គ.ស. ព្រះយេហូវ៉ាបានតែងតាំងព្រះយេស៊ូដោយសកម្មពលបរិសុទ្ធរបស់ទ្រង់ ហើយព្រះយេស៊ូបានក្លាយទៅជាព្រះមេស្ស៊ីឬព្រះគ្រិស្ត។ (កា. ៣:១៦) បន្ទាប់មក អស់បីឆ្នាំកន្លះព្រះយេស៊ូបានផ្សាយដំណឹងល្អដល់ជនជាតិយូដា ស្តីអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា។ ក្រោយពីគេបានចាប់លោកយ៉ូហានដែលជាអ្នកជ្រមុជទឹកទៅដាក់គុក នោះព្រះយេស៊ូបញ្ជាក់ថា មនុស្សមួយចំនួនអាចមានសេចក្ដីសង្ឃឹមនឹងរួមចំណែកក្នុងរាជាណាចក្ររបស់ព្រះយេហូវ៉ា។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «តាំងតែពីគ្រាយ៉ូហានបាទីស្ទ[«ដែលជាអ្នកជ្រមុជទឹក»] ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផង»។—ម៉ាថ. ១១:១២; ព.ថ.
៥ គួរឲ្យចាប់អារម្មណ៍ថា មុនព្រះយេស៊ូរៀបរាប់អំពីពួកអ្នកដែលអាច«ចាប់»ឬរួមចំណែកក្នុងនគរដែលជារាជាណាចក្ររបស់ព្រះនៅឯស្ថានសួគ៌ ទ្រង់មានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្ដាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហានបាទីស្ទទេ ប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌ នោះធំជាងគាត់ហើយ»។ (ម៉ាថ. ១១:១១) ហេតុអ្វី? ពីព្រោះនៅពេលនោះ មនុស្សស្មោះត្រង់មិនទាន់មានលទ្ធភាពរួមចំណែកក្នុងរាជាណាចក្ររបស់ព្រះយេហូវ៉ានៅឡើយ។ សេចក្ដីសង្ឃឹមនោះបានប្រគល់ដល់ពួកគេនៅបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស. ពេលព្រះយេហូវ៉ាចាក់សកម្មពលបរិសុទ្ធមកលើពួកគេ។ រីឯយ៉ូហានដែលជាអ្នកជ្រមុជទឹក គាត់បានស្លាប់មុនឆ្នាំនោះទៅទៀត។—កិច្ច. ២:១-៤
ពូជអ័ប្រាហាំរាប់ជាសុចរិត
៦, ៧. (ក) តើពូជរបស់អ័ប្រាហាំមានលក្ខណៈ«ដូចផ្កាយនៅលើមេឃ»យ៉ាងដូចម្ដេច? (ខ) តើអ័ប្រាហាំបានទទួលពរអ្វីខ្លះ? ស្រដៀងគ្នាដែរ តើពូជរបស់អ័ប្រាហាំអាចទទួលពរអ្វីខ្លះ?
៦ ព្រះយេហូវ៉ាបានសន្យាដល់អ័ប្រាហាំថា ពូជរបស់គាត់នឹងមានកាន់តែច្រើនឡើង រហូតដល់មានលក្ខណៈ«ដូចផ្កាយនៅលើមេឃ» ហើយដូចខ្សាច់នៅមាត់សមុទ្រ។ (លោ. ១៣:១៦; ២២:១៧) នេះមានន័យថា នៅសម័យរបស់អ័ប្រាហាំ គ្មាននរណាអាចដឹងប្រាកដថា ពូជរបស់គាត់មានគ្នាប៉ុន្មាននាក់ទេ។ ប៉ុន្តែ នៅទីបំផុត ព្រះយេហូវ៉ាជម្រាបឲ្យមនុស្សដឹងនូវចំនួនពិតប្រាកដនៃពួកអ្នកដែលតែងតាំងជាពូជពិសេសរបស់អ័ប្រាហាំ។ ពូជនោះនឹងរួមគ្នាមានចំនួន១៤៤.០០០នាក់ ថែមទាំងព្រះយេស៊ូផង។—វិវរ. ៧:៤; ១៤:១
៧ ក្នុងបណ្ដាំរបស់ព្រះយេហូវ៉ា យើងអានកំណត់ហេតុស្តីអំពីជំនឿរបស់អ័ប្រាហាំថា៖ «គាត់ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្ដីជំនឿនោះ ទុកជាសេចក្ដីសុចរិតដល់គាត់»។ (លោ. ១៥:៥, ៦) តាមការពិត គ្មានមនុស្សណាសោះដែលមានលក្ខណៈសុចរិតទាំងស្រុង។ (យ៉ា. ៣:២) យ៉ាងណាក្ដី ដោយសារអ័ប្រាហាំមានជំនឿអស្ចារ្យនោះ ព្រះយេហូវ៉ាបានប្រព្រឹត្តលើគាត់ហាក់ដូចជាគាត់ជាមនុស្សសុចរិត ព្រមទាំងហៅគាត់ថា ជាសម្លាញ់របស់ទ្រង់ផង។ (អេសា. ៤១:៨) អស់អ្នកដែលតែងតាំងជាពូជពិសេសរបស់អ័ប្រាហាំរួមគ្នាជាមួយព្រះយេស៊ូ បានរាប់ជាសុចរិត។ អាស្រ័យហេតុនោះ ពួកគាត់ទទួលពរច្រើនជាងអ័ប្រាហាំទៅទៀត។
៨. តើពូជរបស់អ័ប្រាហាំអាចទទួលពរអ្វីខ្លះ?
៨ ព្រះយេហូវ៉ាចាត់ទុកពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ជាមនុស្សសុចរិត ពីព្រោះពួកគាត់មានជំនឿទៅលើការបូជារបស់ព្រះយេស៊ូដែលប្រោសលោះមនុស្សជាតិ។ (រ៉ូម ៣:២៤, ២៨) ព្រះយេហូវ៉ារាប់ពួកគាត់ជាមនុស្សសុចរិតរួចពីបាបហើយ ដូច្នេះពួកគាត់អាចទទួលសកម្មពលបរិសុទ្ធរបស់ទ្រង់ ដើម្បីតែងតាំងពួកគាត់ជាកូនទ្រង់ និងជាបងប្អូនរបស់ព្រះយេស៊ូគ្រិស្តផងដែរ។ (យ៉ូន. ១:១២, ១៣) ពួកគាត់រួមចំណែកក្នុងកិច្ចព្រមព្រៀងថ្មី ហើយក៏រួមគ្នាជាជនជាតិថ្មីមួយ ពោលគឺ «សាសន៍អ៊ីស្រាអែលនៃព្រះ»។ (កា. ៦:១៦; លូ. ២២:២០) ពួកគាត់ពិតជាមានឯកសិទ្ធិពិសេសមែន! ដោយសារព្រះយេហូវ៉ាបានតែងតាំងពួកគ្រិស្តសាសនិកទាំងនោះដោយសកម្មពលរបស់ទ្រង់ ពួកគាត់លែងមានសេចក្ដីសង្ឃឹមរស់រហូតនៅលើផែនដីហើយ។ ពួកគាត់លះបង់ឱកាសទទួលជីវិតដែលគ្មានទីបញ្ចប់នៅឯផែនដី ដើម្បីទទួលអំណរដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន ពោលគឺ ការរួមចំណែកជាមួយព្រះយេស៊ូក្នុងអំឡុងថ្ងៃជំនុំជម្រះ និងឯកសិទ្ធិគ្រប់គ្រងជាមួយនឹងទ្រង់នៅឯស្ថានសួគ៌។—សូមអាន រ៉ូម ៨:១៧
៩, ១០. (ក) តើពួកគ្រិស្តសាសនិកបានទទួលសកម្មពលរបស់ព្រះយេហូវ៉ាជាលើកដំបូង នៅពេលណា? ក្រោយនោះមក តើពួកគាត់បានជួបប្រទះអ្វីខ្លះ? (ខ) តើព្រះយេហូវ៉ាផ្ដល់ជំនួយអ្វីខ្លះដល់ពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌?
៩ នៅបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស. មនុស្សស្មោះត្រង់មួយចំនួនបានទទួលឯកសិទ្ធិរួមចំណែកជាអ្នកគ្រប់គ្រងជាមួយនឹងព្រះយេស៊ូក្នុងអំឡុងថ្ងៃជំនុំជម្រះ។ សិស្សប្រមាណ១២០នាក់របស់ព្រះយេស៊ូបានទទួលឬជ្រមុជក្នុងសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា។ ដូច្នេះ ពួកគាត់ជាគ្រិស្តសាសនិកមុនគេបង្អស់ដែលបានតែងតាំងឲ្យឡើងទៅស្ថានសួគ៌។ យ៉ាងណាក៏ដោយ ការទទួលសកម្មពលរបស់ព្រះយេហូវ៉ា គ្រាន់តែជាជំហានដំបូងដើម្បីរួមចំណែកក្នុងរាជាណាចក្ររបស់ទ្រង់។ ចាប់ពីពេលនោះតទៅ ពួកគាត់ត្រូវតែរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា ទោះបើសាតាំងល្បួងនិងធ្វើទុក្ខដល់ពួកគាត់យ៉ាងណាក៏ដោយ។ ពួកគាត់ត្រូវតែស្មោះត្រង់រហូតដល់ទីមរណៈ ទើបអាចទទួលជីវិតនៅឯស្ថានសួគ៌ ដែលប្រៀបដូចជាមកុដ។—វិវរ. ២:១០
១០ ព្រះយេហូវ៉ាក៏បានជួយពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ឲ្យមានភាពស្មោះត្រង់ដែរ ដោយផ្ដល់ដំបូន្មាននិងការលើកទឹកចិត្តដល់ពួកគាត់ តាមរយៈបណ្ដាំរបស់ទ្រង់និងក្រុមជំនុំនៃពួកគ្រិស្តសាសនិក។ ជាឧទាហរណ៍ ចំពោះពួកគ្រិស្តសាសនិកនៅទីក្រុងថែស្សាឡូនីច ដែលបានតែងតាំងដោយសកម្មពលរបស់ព្រះយេហូវ៉ា សាវ័កប៉ុលសរសេរថា៖ «យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានិមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាននឹងកំសាន្តចិត្តផង ហើយទាំងធ្វើបន្ទាល់ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់»។—១ថែ. ២:១១, ១២
១១. ដើម្បីជួយ«សាសន៍អ៊ីស្រាអែលនៃព្រះ» តើព្រះយេហូវ៉ាបណ្ដាលឲ្យមនុស្សខ្លះសរសេរអ្វី?
១១ ក្នុងអំឡុងប្រមាណ៦០ឆ្នាំក្រោយពេលដែលពួកគ្រិស្តសាសនិកដំបូងបានតែងតាំងដើម្បីរួមចំណែកក្នុងរាជាណាចក្ររបស់ព្រះយេហូវ៉ា ទ្រង់សម្រេចចិត្តបណ្ដាលឲ្យមនុស្សខ្លះសរសេរប្រវត្ដិរូបរបស់ព្រះយេស៊ូ ដើម្បីឲ្យមានរបាយការណ៍មួយជាលាយលក្ខណ៍អក្សរ ដែលមនុស្សអាចមើលតៗគ្នា ស្តីអំពីរបៀបដែលព្រះយេស៊ូបានប្រាស្រ័យទាក់ទងនិងទូន្មានពួកគ្រិស្តសាសនិកដែលបានតែងតាំងនៅសតវត្សរ៍ទីមួយ។ យ៉ាងនេះ ព្រះយេហូវ៉ាបណ្ដាលឲ្យពួកគេសរសេរបទគម្ពីរភាសាក្រិច ដូចទ្រង់បានបណ្ដាលឲ្យមនុស្សខ្លះសរសេរបទគម្ពីរភាសាហេព្រើរនៅសម័យមុននោះទៅទៀត។ ដំបូងមក បទគម្ពីរភាសាហេព្រើរបានសរសេរចំពោះជនជាតិអ៊ីស្រាអែល ក្នុងអំឡុងពេលដែលពួកគេមានចំណងមិត្តភាពពិសេសជាមួយនឹងព្រះយេហូវ៉ា។ រីឯបទគម្ពីរភាសាក្រិចរបស់ពួកគ្រិស្តសាសនិកវិញ នេះបានសរសេរជាពិសេសចំពោះអស់អ្នកដែលបានតែងតាំងជាកូនរបស់ព្រះយេហូវ៉ា និងជាបងប្អូនរបស់ព្រះគ្រិស្ត ពោលគឺ «សាសន៍អ៊ីស្រាអែលនៃព្រះ»។ នេះមិនបានសេចក្ដីថា ជនជាតិដទៃមិនអាចទទួលប្រយោជន៍ពីការសិក្សាបទគម្ពីរភាសាហេព្រើរនោះឡើយ។ ដូចគ្នាដែរ គ្រិស្តសាសនិកដែលមិនបានតែងតាំងឲ្យរួមចំណែកក្នុងរាជាណាចក្ររបស់ព្រះយេហូវ៉ា ក៏ទទួលប្រយោជន៍ច្រើនលើសលប់ពីការពិនិត្យមើលនិងការអនុវត្តតាមដំបូន្មានក្នុងបទគម្ពីរភាសាក្រិចរបស់ពួកគ្រិស្តសាសនិក។—សូមអាន ធីម៉ូថេទី២ ៣:១៥-១៧
១២. តើប៉ុលរំលឹកពួកគ្រិស្តសាសនិកដែលបានតែងតាំងឲ្យឡើងទៅស្ថានសួគ៌អំពីអ្វី?
១២ ពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទីមួយបានរាប់ជាសុចរិត ហើយបានទទួលសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាទុកជាការតែងតាំងដើម្បីរួមចំណែកក្នុងរាជាណាចក្ររបស់ទ្រង់នៅឯស្ថានសួគ៌។ ទោះបើព្រះយេហូវ៉ាបានតែងតាំងពួកគាត់ក្ដី កាលនៅផែនដីនៅឡើយ ពួកគាត់មិនទាន់មានអំណាចគ្រប់គ្រងលើគ្រិស្តសាសនិកឯទៀតដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ទេ។ តាមមើលទៅ គ្រិស្តសាសនិកខ្លះនៅសម័យដើម ភ្លេចថាពួកគាត់មិនទាន់ជាស្តេចទេ ហើយចង់បានមុខមាត់ធំដុំក្នុងក្រុមជំនុំ។ ជាលទ្ធផល នេះបានជំរុញប៉ុលឲ្យសរសេរថា៖ «អ្នករាល់គ្នាឆ្អែតហើយ ក៏ជាអ្នកមានផង! កាលឥតពីយើងខ្ញុំ នោះអ្នករាល់គ្នាបានសោយរាជ្យឡើង ហើយខ្ញុំក៏សុខចិត្តឲ្យអ្នករាល់គ្នាបានសោយរាជ្យដែរ ដើម្បីឲ្យយើងខ្ញុំបានសោយរាជ្យជាមួយគ្នា»។ (១កូ. ៤:៨) អាស្រ័យហេតុនេះ ប៉ុលបានរំលឹកដល់ពួកអ្នកតែងតាំងនៅសម័យគាត់ថា៖ «មិនមែនថា យើងខ្ញុំធ្វើជាម្ចាស់លើសេចក្ដីជំនឿរបស់អ្នករាល់គ្នាទេ គឺធ្វើជាគូកនជួយឲ្យអ្នករាល់គ្នាបានសេចក្ដីអំណរវិញ»។—២កូ. ១:២៤
ការបង្គ្រប់ចំនួន ស្របទៅតាមបទទំនាយ
១៣. ក្រោយឆ្នាំ៣៣ គ.ស. តើការតែងតាំងអ្នកដែលត្រូវឡើងទៅស្ថានសួគ៌មានដំណើរការយ៉ាងដូចម្ដេច?
១៣ គ្រិស្តសាសនិក១៤៤.០០០នាក់ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ មិនបានជ្រើសរើសគ្រប់ចំនួននៅសតវត្សរ៍ទីមួយឡើយ។ ក្នុងអំឡុងគ្រាដែលសាវ័កខ្លះរបស់ព្រះយេស៊ូនៅរស់ ព្រះយេហូវ៉ាបានតែងតាំងមនុស្សមួយចំនួនដើម្បីរួមចំណែកក្នុងរាជាណាចក្ររបស់ទ្រង់។ ប៉ុន្តែ តាមមើលទៅ ក្នុងអំឡុងពេលប៉ុន្មានរយឆ្នាំក្រោយមក គឺរហូតមកដល់សម័យនេះ ចំនួនពួកអ្នកដែលបានតែងតាំងមានតិចទេ។ (ម៉ាថ. ២៨:២០) នៅទីបំផុត ក្រោយព្រះយេស៊ូបានឡើងសោយរាជ្យនៅឆ្នាំ១៩១៤ ព្រឹត្ដិការណ៍បានប្រែប្រួលយ៉ាងឆាប់។
១៤, ១៥. នៅសព្វថ្ងៃនេះ តើការតែងតាំងអ្នកដែលនឹងឡើងទៅស្ថានសួគ៌បានធ្វើឡើងយ៉ាងដូចម្ដេច?
១៤ មុនដំបូង ព្រះយេស៊ូបានបោសសម្អាតស្ថានសួគ៌ ដោយទម្លាក់អស់អ្នកដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាចេញ។ (សូមអាន វិវរណៈ ១២:១០, ១២) រួចមក ព្រះយេស៊ូផ្ដោតអារម្មណ៍ទៅលើកិច្ចការប្រមូលអស់អ្នកដែលនឹងបង្គ្រប់ចំនួន១៤៤.០០០នាក់ ដែលនឹងរួមចំណែកក្នុងរាជរដ្ឋាភិបាលរបស់ទ្រង់។ តាមមើលទៅ មិនយូរប៉ុន្មានក្រោយឆ្នាំ១៩៣០ ចំនួននោះជិតគ្រប់ហើយ ពីព្រោះមនុស្សភាគច្រើននៅសម័យនោះ ដែលជឿតាមដំណឹងល្អដែលបានផ្សាយមក មិនមានសេចក្ដីប្រាថ្នាចង់ឡើងទៅស្ថានសួគ៌ទេ។ វិញ្ញាណឬសកម្មពលរបស់ព្រះយេហូវ៉ាមិនបានធ្វើបន្ទាល់ឬផ្ដល់សក្ខីភាពថា ពួកគេជាកូនរបស់ទ្រង់ឡើយ។ (សូមពិនិត្យបន្ថែម រ៉ូម ៨:១៦) ផ្ទុយទៅវិញ ពួកគេទទួលស្គាល់ថា ពួកគេមានលក្ខណៈដូចជា«ចៀមឯទៀត» ដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតក្នុងសួនមនោរមនៅផែនដី។ (យ៉ូន. ១០:១៦) ដូច្នេះ ក្រោយឆ្នាំ១៩៣៥ ពួកអ្នកផ្សាយបានផ្ដោតអារម្មណ៍ទៅលើកិច្ចការប្រមូល«មនុស្ស១ហ្វូងយ៉ាងធំ»ឲ្យមក ជាពួកអ្នកដែលសាវ័កយ៉ូហានបានឃើញក្នុងគំនិតថា នឹងរួចរស់ជីវិតពី«គ្រាវេទនាយ៉ាងធំ»។—វិវរ. ៧:៩, ១០, ១៤
១៥ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីឆ្នាំ១៩៣០ ព្រះយេហូវ៉ាបានតែងតាំងអ្នកជឿមួយចំនួនឲ្យឡើងទៅស្ថានសួគ៌ដែរ។ ម្ដេចក៏នៅតែមានការតែងតាំងថ្មីៗទៀត? ក្នុងករណីខ្លះ ប្រហែលជាអ្នកតែងតាំងថ្មីនោះត្រូវជំនួសអ្នកដែលបានតែងតាំងពីមុន តែមិនស្មោះត្រង់ទៅវិញ។ (សូមពិនិត្យបន្ថែម វិវរណៈ ៣:១៦) សូម្បីតែប៉ុលក៏បានរៀបរាប់អំពីអ្នកខ្លះដែលគាត់ស្គាល់ ថាបានលាចេញពីជំនឿពិត។ (ភី. ៣:១៧-១៩) តើព្រះយេហូវ៉ានឹងត្រាស់ហៅអ្នកណាជំនួសពួកគេ? តាមការពិត នេះគឺស្រេចទៅលើទ្រង់ទាំងស្រុង។ យ៉ាងណាក្ដី ជាការសមហេតុសមផលដែលព្រះយេហូវ៉ានឹងមិនតែងតាំងអ្នកដែលទើបតែបានរួមជំនឿទេ តែទ្រង់នឹងជ្រើសរើសអ្នកដែលបានបង្ហាញចិត្តភក្ដីចំពោះទ្រង់ បានមួយរយៈល្មមហើយ។ យ៉ាងនេះ អ្នកតែងតាំងថ្មីនោះមានលក្ខណៈប្រហាក់ប្រហែលនឹងសិស្សរបស់ព្រះយេស៊ូ ដែលទ្រង់មានប្រសាសន៍ទៅកាន់ពេលទ្រង់ប្រារព្ធពិធីបុណ្យរំលឹក។a—លូ. ២២:២៨
១៦. តើមានមូលហេតុអ្វីខ្លះឲ្យយើងត្រេកអរចំពោះអ្នកដែលបានតែងតាំងដើម្បីឡើងទៅស្ថានសួគ៌? តើយើងអាចមានទំនុកចិត្តបែបណា?
១៦ ប៉ុន្តែ តាមមើលទៅ អ្នកខ្លះដែលបានតែងតាំងបន្ទាប់ពីឆ្នាំ១៩៣០ មិនមែនជំនួសអ្នកដែលមិនស្មោះត្រង់ទេ។ គឺតាមពិត មើលទៅដូចជាព្រះយេហូវ៉ាបានកំណត់ឲ្យគ្រិស្តសាសនិកខ្លះដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ រស់នៅជាមួយនឹងយើងក្នុងអំឡុងគ្រាចុងក្រោយនៃពិភពលោកនេះ ដរាបដល់ពេលដែល«បាប៊ីឡូនដ៏ជាធំ»វិនាសទៅ។ (វិវរ. ១៧:៥) យើងអាចមានទំនុកចិត្តថា ស្របទៅតាមកំណត់ពេលរបស់ព្រះយេហូវ៉ា នៅទីបំផុត ពួក១៤៤.០០០នាក់នឹងបានគ្រប់ចំនួន ហើយគ្រប់គ្រងក្នុងរាជរដ្ឋាភិបាលរបស់ទ្រង់មែន។ យើងក៏អាចទុកចិត្តទៅលើបណ្ដាំរបស់ព្រះយេហូវ៉ាដែលទាយថា មនុស្សមួយហ្វូងយ៉ាងធំដែលចេះតែមានគ្នាកាន់តែច្រើនឡើងៗ ក៏នឹងរក្សាភាពស្មោះត្រង់ផងដែរ។ មិនយូរប៉ុន្មានទៀត មនុស្សមួយហ្វូងនោះនឹង«ចេញពីគ្រាវេទនាយ៉ាងធំ» ដែលនឹងមានមកលើពិភពលោករបស់សាតាំង។ រួចមក ពួកគេនឹងចូលទៅក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ាដោយអំណរ។
អ្នកគ្រប់គ្រងស្ទើរតែទាំងអស់បានឡើងទៅស្ថានសួគ៌ហើយ!
១៧. យោងទៅតាមថែស្សាឡូនីចទី១ ៤:១៥-១៧ និងវិវរណៈ ៦:៩-១១ ដោយសារគ្រិស្តសាសនិកដែលព្រះយេហូវ៉ាតែងតាំងបានរក្សាចិត្តស្មោះត្រង់រហូតដល់ទីមរណៈ តើពួកគាត់បានទៅជាយ៉ាងណាឥឡូវនេះ?
១៧ ចាប់តាំងពីឆ្នាំ៣៣ គ.ស. គ្រិស្តសាសនិករាប់ម៉ឺននាក់ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ បានបង្ហាញថាពួកគាត់មានជំនឿខ្លាំង ហើយក៏បានស៊ូទ្រាំរហូតដល់ទីមរណៈ។ តាមមើលទៅ មិនយូរប៉ុន្មានក្រោយព្រះយេស៊ូមានវត្តមាននាសម័យនេះ គ្រិស្តសាសនិកទាំងនោះបានរាប់ជាគួរនឹងរួមចំណែកក្នុងរាជាណាចក្ររបស់ព្រះយេហូវ៉ា ហើយបានទទួលរង្វាន់នោះរួចទៅហើយ។—សូមអាន ថែស្សាឡូនីចទី១ ៤:១៥-១៧; វិវរណៈ ៦:៩-១១
១៨. (ក) ចំពោះពួកអ្នកដែលបានតែងតាំងហើយ តែមិនទាន់ទទួលមរណភាពនៅឡើយ តើពួកគាត់មិនសង្ស័យអំពីអ្វី? (ខ) តើពួកចៀមឯទៀតមានទស្សនៈយ៉ាងណាចំពោះបងប្អូនគ្រិស្តសាសនិកដែលបានតែងតាំងឲ្យឡើងទៅស្ថានសួគ៌?
១៨ រីឯពួកអ្នកដែលបានតែងតាំងហើយ តែមិនទាន់ទទួលមរណភាពនៅឡើយ ពួកគាត់មិនសង្ស័យទាល់តែសោះថា បើពួកគាត់ស្មោះត្រង់ជានិច្ច ពួកគាត់ក៏នឹងទទួលរង្វាន់នៅពេលឆាប់ៗខាងមុខនេះដែរ។ ចៀមឯទៀតរាប់លាននាក់ចេះតែពិនិត្យមើលគំរូរបស់បងប្អូនដែលបានតែងតាំងឲ្យឡើងទៅស្ថានសួគ៌ ហើយឃើញថាពួកគាត់តែងតែស្មោះត្រង់។ ដូច្នេះ ពួកចៀមឯទៀតឯកភាពនឹងពាក្យរបស់សាវ័កប៉ុល ដែលបានរៀបរាប់អំពីអ្នកតែងតាំងនៅទីក្រុងថែស្សាឡូនីចថា៖ «យើងខ្ញុំអួតពីអ្នករាល់គ្នានៅក្នុងអស់ទាំងពួកជំនុំនៃព្រះ ពីដំណើរសេចក្ដីខ្ជាប់ខ្ជួននឹងសេចក្ដីជំនឿរបស់អ្នករាល់គ្នា ដែលមានក្នុងសេចក្ដីបៀតបៀននឹងសេចក្ដីទុក្ខលំបាកទាំងប៉ុន្មានដែលអ្នករាល់គ្នារងទ្រាំ។ នោះជាភស្តុតាងពីសេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានរាប់ជាគួរនឹងនគរព្រះ ដែលអ្នករាល់គ្នាកំពុងតែរងទុក្ខដោយព្រោះនគរនោះឯង»។ (២ថែ. ១:៣-៥) មិនថាគ្រិស្តសាសនិកតែងតាំងចុងក្រោយគេបង្អស់ ទទួលមរណភាពនៅពេលណាក៏ដោយ ពេលនោះឯង រាជរដ្ឋាភិបាលរបស់ព្រះយេហូវ៉ានៅស្ថានសួគ៌នឹងមានសមាជិកគ្រប់ចំនួន។ នៅគ្រានោះ គ្រប់គ្នានៅស្ថានសួគ៌ ហើយនៅផែនដីផង នឹងត្រេកអរជាខ្លាំងណាស់!
[កំណត់សម្គាល់]
a សូមមើលទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៩៨ ទំព័រ៣០ វគ្គ១០។
តើអ្នកអាចពន្យល់បានទេ?
• តើព្រះយេហូវ៉ាមានប្រសាសន៍អ្វីខ្លះនឹងអ័ប្រាហាំ ដែលមានទំនាក់ទំនងទៅនឹងថ្ងៃជំនុំជម្រះរបស់ទ្រង់?
• ហេតុអ្វីក៏អ័ប្រាហាំបានរាប់ជាសុចរិត?
• ដោយសារពូជរបស់អ័ប្រាហាំបានរាប់ជាសុចរិត តើពួកគាត់អាចទទួលប្រយោជន៍អ្វីខ្លះ?
• តើគ្រិស្តសាសនិកទាំងឡាយមិនសង្ស័យអំពីអ្វី?
[រូបភាពនៅទំព័រ២៥]
នៅបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស. ព្រះយេហូវ៉ាបានចាប់ផ្ដើមជ្រើសរើសអ្នកឯទៀតដែលនឹងរួមចំណែកក្នុងពូជរបស់លោកអ័ប្រាហាំ
[រូបភាពនៅទំព័រ២៦]
នៅគ្រាចុងក្រោយនេះ ពួកចៀមឯទៀតត្រេកអរណាស់! ចំពោះគ្រិស្តសាសនិកដែលមិនទាន់ឡើងទៅស្ថានសួគ៌