ព្រះយេហូវ៉ារំពៃមើលដើម្បីប្រយោជន៍យើង
«ព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»។—២របា. ១៦:៩
១. ហេតុអ្វីបានជាព្រះយេហូវ៉ាពិចារណាមើលយើង?
ព្រះយេហូវ៉ាជាបិតាដ៏ល្អឥតខ្ចោះ។ ទ្រង់ស្គាល់យើងច្បាស់ដល់ម្ល៉េះបានជាទ្រង់ជ្រាបសូម្បីតែពី«សេចក្ដីដែលយើងគិតដែរ»។ (១របា. ២៨:៩) ក៏ប៉ុន្តែ ទ្រង់មិនពិចារណាមើលយើងដើម្បីចាប់កំហុសទេ។ (ទំនុក. ១១:៤; ១៣០:៣) ផ្ទុយទៅវិញ ដោយមានក្ដីស្រឡាញ់ ទ្រង់ចង់ការពារយើងពីអ្វីដែលអាចបង្ខូចចំណងមេត្រីភាពរបស់យើងជាមួយនឹងទ្រង់ ឬបង្ខូចឱកាសដែលយើងមានដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់។—ទំនុក. ២៥:៨-១០, ១២, ១៣
២. តើព្រះយេហូវ៉ាប្រើកម្លាំងរបស់ទ្រង់ដើម្បីជួយអ្នកណា?
២ ព្រះយេហូវ៉ាមានអំណាចខ្លាំងក្លាបំផុត ហើយមើលឃើញអ្វីៗទាំងអស់។ អាស្រ័យហេតុនេះ ទ្រង់អាចជួយអ្នកបម្រើទ្រង់ដែលមានចិត្តភក្ដីនៅពេលណាដែលពួកគាត់សុំជំនួយ។ ណាមួយទៀត ទ្រង់ក៏អាចគាំទ្រពួកគាត់ពេលមានទុក្ខលំបាកដែរ។ របាក្សត្រទី២ ១៦:៩ ចែងថា៖ «ព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»។ សូមកត់សម្គាល់ថា ព្រះយេហូវ៉ាប្រើចេស្ដាឬកម្លាំងរបស់ទ្រង់ដើម្បីជួយអស់អ្នកដែលបម្រើទ្រង់ដោយអស់ពីចិត្ត ពោលគឺចិត្តដែលបរិសុទ្ធនិងបំណងចិត្តដែលស្មោះ។ ប៉ុន្តែ ចំពោះមនុស្សក្រឡេចក្រឡុចឬលាក់ពុត ទ្រង់មិនយកចិត្តទុកដាក់ឡើយ។—យ៉ូស. ៧:១, ២០, ២១, ២៥; សុ. ១:២៣-៣៣
ចូរដើរជាមួយនឹងព្រះចុះ!
៣, ៤. តើការ«ដើរជាមួយនឹងព្រះ»មានន័យអ្វី? តើមានគំរូណាក្នុងគម្ពីរដែលអាចជួយយើងឲ្យយល់អំពីការដើរជាមួយនឹងព្រះ?
៣ អ្នកបង្កើតសកលលោកដ៏ធំធេងអនុញ្ញាតឲ្យមនុស្សជាតិដើរជាមួយនឹងទ្រង់ក្នុងន័យធៀប។ មនុស្សជាច្រើនមិនជឿថាយើងអាចដើរជាមួយព្រះទេ តែនេះជាអ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើមែន! នៅសម័យគម្ពីរ លោកអេណុកនិងណូអេបាន«ដើរជាមួយនឹងព្រះ»។ (លោ. ៥:២៤; ៦:៩) លោកម៉ូសេក៏«បានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ»។ (ហេ. ១១:២៧) ស្តេចដាវីឌបានដើរជាមួយនឹងបិតានៅស្ថានសួគ៌របស់លោកដោយចិត្តរាបទាប។ ដាវីឌបាននិយាយថា៖ «ដោយព្រោះ[ព្រះយេហូវ៉ា]គង់នៅខាងស្ដាំទូលបង្គំ បានជាទូលបង្គំមិនត្រូវរង្គើឡើយ»។—ទំនុក. ១៦:៨
៤ ទោះបើយើងមិនអាចកាន់ដៃព្រះយេហូវ៉ានិងដើរជាមួយទ្រង់ក្នុងន័យត្រង់ៗក៏ដោយ តែក្នុងន័យធៀបយើងអាចធ្វើដូច្នេះមែន។ តើយ៉ាងដូចម្ដេច? លោកអេសាភដែលជាអ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «ទូលបង្គំនៅជាប់នឹងទ្រង់ជានិច្ច ទ្រង់បានកាន់ដៃស្ដាំនៃទូលបង្គំ។ ទ្រង់នឹងនាំទូលបង្គំ ដោយដំបូន្មានរបស់ទ្រង់»។ (ទំនុក. ៧៣:២៣, ២៤) បើនិយាយឲ្យស្រួលយល់ យើងដើរជាមួយនឹងព្រះពេលយើងធ្វើតាមដំបូន្មានរបស់ទ្រង់យ៉ាងដិតដល់។ យើងទទួលដំបូន្មាននោះតាមរយៈបណ្ដាំជាលាយលក្ខណ៍អក្សររបស់ទ្រង់ និងតាមរយៈ«អ្នកបំរើស្មោះត្រង់»។—ម៉ាថ. ២៤:៤៥; ២ធី. ៣:១៦
៥. តើព្រះយេហូវ៉ារំពៃមើលអ្នកស្មោះភក្ដីរបស់ទ្រង់ ដូចជាបិតាដែលប្រកបទៅដោយក្ដីស្រឡាញ់យ៉ាងដូចម្ដេច? ហើយតើគប្បីឲ្យយើងមានអារម្មណ៍យ៉ាងណាចំពោះទ្រង់?
៥ ព្រះយេហូវ៉ាស្រឡាញ់អ្នកដែលដើរជាមួយនឹងទ្រង់។ ហេតុនេះហើយបានជាទ្រង់រំពៃមើលពួកគាត់ បីបាច់ថែរក្សា ការពារ និងបង្រៀនពួកគាត់ដូចជាបិតាដែលរំពៃមើលកូនដោយក្ដីស្រឡាញ់។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវដែលឯងត្រូវដើរ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់»។ (ទំនុក. ៣២:៨) សូមសួរខ្លួនឯងថា ‹តើខ្ញុំអាចស្រមៃគិតថាខ្លួនកំពុងតែដើរជាមួយព្រះយេហូវ៉ាដោយកាន់ដៃទ្រង់ ស្ដាប់តាមការណែនាំរបស់ទ្រង់ដែលប្រកបដោយប្រាជ្ញា ព្រមទាំងដឹងថាភ្នែកទ្រង់កំពុងតែមើលខ្ញុំដោយក្ដីស្រឡាញ់ទេ? តើការដឹងថាទ្រង់កំពុងតែមើលខ្ញុំ មានអានុភាពមកលើចិត្តគំនិត ពាក្យសម្ដី និងការប្រព្រឹត្តរបស់ខ្ញុំឬទេ? ពេលខ្ញុំភ្លាត់ធ្វើខុស តើខ្ញុំគិតថាព្រះយេហូវ៉ាជាបិតាដែលមិនយកចិត្តទុកដាក់ និងតឹងរ៉ឹងទេ? ឬក៏តើខ្ញុំទទួលស្គាល់ថាទ្រង់ជាបិតាដែលស្រឡាញ់ ថ្នាក់ថ្នម និងចង់ជួយអ្នកដែលកែប្រែចិត្តដើម្បីឲ្យមានចំណងមេត្រីភាពជិតស្និទ្ធជាមួយនឹងទ្រង់ឡើងវិញទេ?›។—ទំនុក. ៥១:១៧
៦. តើអ្វីដែលព្រះយេហូវ៉ាអាចធ្វើ តែមាតាបិតាមនុស្សជាតិមិនអាចធ្វើ?
៦ ជួនកាល ប្រហែលជាព្រះយេហូវ៉ាជួយយើងមុនពេលដែលយើងចាប់ផ្ដើមធ្វើខុសផង។ ជាឧទាហរណ៍ យើងដឹងថាចិត្តជាគ្រឿងបញ្ឆោតមែន។ ដូច្នេះ ប្រហែលជាទ្រង់ឃើញថាចិត្តរបស់យើងចាប់ផ្ដើមចង់បានអ្វីដែលមិនសមរម្យ។ (យេ. ១៧:៩) ក្នុងស្ថានការណ៍បែបនោះ ទ្រង់អាចចាត់វិធានការឆាប់ជាងមាតាបិតាដែលជាមនុស្សជាតិទៅទៀត ដោយសារ«ត្របកព្រះនេត្រ»ទ្រង់អាចពិចារណាមើលអារម្មណ៍ដែលកប់ជ្រៅនៅក្នុងចិត្តយើង។ (ទំនុក. ១១:៤; ១៣៩:៤; យេ. ១៧:១០) សូមពិនិត្យមើលការតបឆ្លើយរបស់ព្រះចំពោះរឿងមួយដែលបានកើតឡើងក្នុងជីវិតរបស់បារូក ជាស្មៀននិងជាមិត្តជិតដិតរបស់អ្នកប្រកាសទំនាយម្នាក់ឈ្មោះយេរេមា។
បិតាដែលយកចិត្តទុកដាក់នឹងបារូក
៧, ៨. (ក) តើបារូកជានរណា? ហើយតើគាត់ប្រហែលជាចាប់ផ្ដើមមានសេចក្ដីប៉ងប្រាថ្នាបែបណាដែលមិនសមរម្យ? (ខ) តើព្រះយេហូវ៉ាបង្ហាញការយកចិត្តទុកដាក់ចំពោះបារូកដូចជាបិតាម្នាក់យ៉ាងដូចម្ដេច?
៧ បារូកជាស្មៀនដែលបានបម្រើយ៉ាងស្មោះត្រង់ជាមួយយេរេមាក្នុងការប្រកាសប្រាប់សេចក្ដីជំនុំជម្រះរបស់ព្រះយេហូវ៉ាដល់សាសន៍យូដា។ ហើយនេះបានក្លាយទៅជាភារកិច្ចដ៏ពិបាកមួយ។ (យេ. ១:១៨, ១៩) បារូកប្រហែលជាមកពីក្រុមគ្រួសារដែលមានឋានៈធំដុំ ហើយនៅពេលមួយក្នុងភារកិច្ចនោះ គាត់ចាប់ផ្ដើមស្វែងរក«ការយ៉ាងធំ»សម្រាប់ខ្លួន។ គាត់ប្រហែលជាចាប់ផ្ដើមយកបំណងចិត្តរបស់ខ្លួនជាធំ ឬមានចិត្តចង់បានសម្ភារៈកាន់តែច្រើនឡើង។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានឃើញថាគំនិតដ៏មានពិសពុល ចាប់ផ្ដើមចាក់ឫសនៅក្នុងចិត្តរបស់បារូក។ ព្រះយេហូវ៉ាមានប្រសាសន៍ភ្លាមៗទៅកាន់បារូកតាមរយៈយេរេមាថា៖ «ឯងបាននិយាយថា ‹ឥឡូវនេះ វរហើយខ្ញុំ ដ្បិតព្រះយេហូវ៉ា ទ្រង់បានបន្ថែមសេចក្ដីសោកសៅ ដល់សេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ខ្ញុំក៏ល្វើយទៅដោយថ្ងូរ ឥតមានសេចក្ដីសំរាកឡើយ›»។ បន្ទាប់មកទ្រង់បន្តថា៖ «ឯងស្វែងរកការយ៉ាងធំសំរាប់ខ្លួនឬ? កុំឡើយ!»។—យេ. ៤៥:១-៥
៨ ថ្វីបើព្រះយេហូវ៉ាប្រព្រឹត្តយ៉ាងម៉ឹងម៉ាត់ទៅលើបារូកក៏ពិតមែន តែទ្រង់មិនមែនប្រព្រឹត្តដោយកំហឹងឡើយ។ ផ្ទុយទៅវិញ ទ្រង់បានប្រព្រឹត្តដោយយកចិត្តទុកដាក់យ៉ាងស្មោះដូចជាបិតាដែលយកចិត្តទុកដាក់នឹងកូនដោយក្ដីស្រឡាញ់។ តាមមើលទៅ សូម្បីតែព្រះបានឃើញថាបារូកមានសេចក្ដីប្រាថ្នាដែលអាចនាំឲ្យមានគ្រោះថ្នាក់ក៏ដោយ តែបារូកមិនមានចិត្តអាក្រក់ឬចិត្តមិនស្មោះឡើយ។ ព្រះយេហូវ៉ាក៏ជ្រាបថា មិនយូរទៀតទីក្រុងយេរូសាឡិមនិងយូដានឹងត្រូវបំផ្លាញចោល ហើយទ្រង់មិនចង់ឲ្យបារូកធ្វើខុសនៅគ្រាដ៏សំខាន់នោះ។ អាស្រ័យហេតុនេះ ដើម្បីធ្វើឲ្យបារូកភ្ញាក់ខ្លួនឡើងវិញ នោះទ្រង់បានរំលឹកគាត់ថា ទ្រង់«នឹងនាំសេចក្ដីអាក្រក់មកលើគ្រប់ទាំងសាច់» ហើយបន្ថែមថាបើបារូកប្រព្រឹត្តដោយប្រាជ្ញា នោះគាត់នឹងបានរួចរស់ជីវិត។ (យេ. ៤៥:៥) បើនិយាយឲ្យចំទៅ គឺហាក់ដូចជាព្រះមានប្រសាសន៍ថា៖ ‹បារូកអើយ! សូមកុំភ្លេចឲ្យសោះពីអ្វីដែលនឹងកើតឡើងដល់យូដានិងទីក្រុងយេរូសាឡិមដែលធ្វើខុសនោះ។ ចូរស្ដាប់តាមហើយរួចរស់ជីវិតចុះ! ខ្ញុំនឹងការពារអ្នក›។ តាមមើលទៅ ពាក្យរបស់ព្រះយេហូវ៉ាមានឥទ្ធិពលទៅលើចិត្តបារូក ព្រោះឃើញថាបារូកបានកែប្រែចិត្តគំនិត ហើយបានរួចរស់ជីវិតពេលទីក្រុងយេរូសាឡិមបានត្រូវកម្ទេចចោល១៧ឆ្នាំក្រោយមក។
៩. ស្តីអំពីសំណួរក្នុងវគ្គនេះ តើអ្នកនឹងឆ្លើយដូចម្ដេច?
៩ ពេលដែលអ្នកជញ្ជឹងគិតអំពីកំណត់ហេតុស្តីពីបារូក សូមពិចារណាមើលសំណួរនិងបទគម្ពីរដូចតទៅនេះ: របៀបដែលព្រះបានប្រព្រឹត្តទៅលើបារូក តើបង្ហាញយ៉ាងណាអំពីព្រះយេហូវ៉ា និងអារម្មណ៍របស់ទ្រង់ចំពោះអ្នកបម្រើទ្រង់? (សូមអាន ហេព្រើរ ១២:៩) ដោយដឹងថាគ្រាដែលយើងកំពុងរស់នៅជាគ្រាលំបាក តើយើងអាចរៀនអ្វីពីដំបូន្មានរបស់ព្រះដល់បារូក និងពីប្រតិកម្មរបស់បារូក? (សូមអាន លូកា ២១:៣៤-៣៦) ដោយធ្វើតាមយេរេមា តើគ្រិស្តសាសនិកដែលជាអ្នកចាស់ទុំអាចបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកបម្រើរបស់ព្រះយ៉ាងដូចម្ដេច?—សូមអាន កាឡាទី ៦:១
ព្រះយេស៊ូស្រឡាញ់យើងដូចបិតាទ្រង់
១០. តើអ្វីបង្ហាញថាព្រះយេស៊ូមានសមត្ថភាពធ្វើជាអ្នកនាំមុខក្រុមជំនុំគ្រិស្តសាសនិក?
១០ ក្នុងអំឡុងសម័យមុនពួកគ្រិស្តសាសនិក ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះរាស្ត្រទ្រង់តាមរយៈអ្នកប្រកាសទំនាយ និងអ្នកបម្រើស្មោះភក្ដីឯទៀត។ សព្វថ្ងៃនេះ របៀបសំខាន់បំផុតដែលព្រះបានបង្ហាញសេចក្ដីស្រឡាញ់គឺតាមរយៈព្រះយេស៊ូគ្រិស្ត ដែលជាអ្នកនាំមុខក្រុមជំនុំគ្រិស្តសាសនិក។ (អេភ. ១:២២, ២៣) យ៉ាងនេះ ក្នុងសៀវភៅវិវរណៈ ព្រះយេស៊ូត្រូវបានពិពណ៌នាជាកូនចៀមដែលមាន«ភ្នែក៧ . . . ឯភ្នែកទាំងនោះគឺជាវិញ្ញាណទាំង៧របស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី»។ (វិវរ. ៥:៦) ត្រូវហើយ ព្រះយេស៊ូបានទទួលវិញ្ញាណឬសកម្មពលបរិសុទ្ធរបស់ព្រះយ៉ាងពេញលេញ ហេតុនោះបានជាទ្រង់មានសមត្ថភាពវែកញែកដ៏ល្អឥតខ្ចោះ។ ទ្រង់ក៏មើលឃើញអ្វីដែលមានក្នុងចិត្តយើង ព្រមទាំងជ្រាបពីអ្វីៗដែលកំពុងតែកើតឡើងដែរ។
១១. តើព្រះគ្រិស្តមានតួនាទីអ្វី? តើចិត្តគំនិតរបស់ទ្រង់ចំពោះយើងគឺដូចបិតាទ្រង់យ៉ាងដូចម្ដេច?
១១ ដូចព្រះយេហូវ៉ា ព្រះយេស៊ូមិនមែនជានគរបាលដែលគង់នៅស្ថានសួគ៌ឡើយ។ ទ្រង់ពិចារណាមើលចិត្តយើងដោយក្ដីស្រឡាញ់។ ឋានន្តរមួយរបស់ព្រះយេស៊ូគឺ«ព្រះវរបិតាដ៏គង់នៅអស់កល្ប» ហើយនេះរំលឹកយើងពីតួនាទីដែលទ្រង់មានក្នុងការផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ដល់អស់អ្នកដែលជឿលើទ្រង់។ (អេសា. ៩:៦) ម្យ៉ាងទៀត ជាអ្នកនាំមុខក្រុមជំនុំគ្រិស្តសាសនិក ព្រះគ្រិស្តអាចជំរុញចិត្តគ្រិស្តសាសនិកដែលមានចិត្តស្ម័គ្រនិងចិត្តគំនិតចាស់ទុំ ជាពិសេសពួកអ្នកចាស់ទុំ ដើម្បីផ្ដល់ការសម្រាលទុក្ខឬដំបូន្មានដល់អស់អ្នកដែលត្រូវការ។—១ថែ. ៥:១៤; ២ធី. ៤:១, ២
១២. (ក) តើសំបុត្រទៅកាន់ក្រុមជំនុំទាំង៧នៅសតវត្សរ៍ទី១បង្ហាញអ្វីអំពីព្រះយេស៊ូ? (ខ) តើពួកអ្នកចាស់ទុំសម្ដែងចិត្តគំនិតរបស់ព្រះគ្រិស្តចំពោះហ្វូងចៀមរបស់ព្រះយ៉ាងដូចម្ដេច?
១២ ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ព្រះគ្រិស្តចំពោះហ្វូងចៀម បានសឲ្យឃើញនៅក្នុងសំបុត្រដែលបានផ្ញើជូនចំពោះពួកអ្នកចាស់ទុំនៅក្រុមជំនុំទាំង៧នៅសតវត្សរ៍ទី១។ (វិវរ. ២:១–៣:២២) ក្នុងសំបុត្រនោះ ព្រះយេស៊ូបញ្ជាក់ថា ទ្រង់ដឹងអំពីការដែលកំពុងកើតឡើងនៅក្នុងក្រុមជំនុំនីមួយៗ និងអំពីទំហំនៃការយកចិត្តទុកដាក់ចំពោះអ្នកដែលកាន់តាមទ្រង់។ សព្វថ្ងៃនេះ ព្រះយេស៊ូធ្វើលើសជាងនេះទៅទៀតដោយសារអ្វីដែលត្រូវបានបើកសម្ដែងក្នុងសៀវភៅវិវរណៈ គឺបានសម្រេចនៅក្នុងអំឡុង«ថ្ងៃនៃព្រះអម្ចាស់»។a (វិវរ. ១:១០) ជាញឹកញយ សេចក្ដីស្រឡាញ់របស់ព្រះគ្រិស្តត្រូវបានសម្ដែងតាមរយៈពួកអ្នកចាស់ទុំ ដែលបម្រើជាគង្វាលនៃក្រុមជំនុំ។ ទ្រង់អាចជំរុញចិត្តអ្នកដែលជា«អំណោយទាន»ទាំងនេះឲ្យផ្ដល់ការសម្រាលទុក្ខ ការលើកទឹកចិត្ត ឬឲ្យដំបូន្មានពេលមានសេចក្ដីត្រូវការ។ (អេភ. ៤:៨; កិច្ច. ២០:២៨; សូមអាន អេសាយ ៣២:១, ២) តើអ្នកមានទស្សនៈថាការព្យាយាមរបស់ពួកអ្នកចាស់ទុំ ជារបៀបដែលព្រះគ្រិស្តយកចិត្តទុកដាក់នឹងអ្នកផ្ទាល់ទេ?
ជំនួយទាន់ពេល
១៣-១៥. តើព្រះប្រហែលជាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើងតាមរបៀបណា? សូមផ្ដល់ឧទាហរណ៍ខ្លះ។
១៣ តើអ្នកធ្លាប់អធិដ្ឋានអស់ពីចិត្តដើម្បីសុំជំនួយ ហើយបានទទួលជំនួយដោយសារគ្រិស្តសាសនិកដែលមានបទពិសោធន៍ច្រើនមកសួរសុខទុក្ខ និងលើកទឹកចិត្តអ្នកទេ? (យ៉ា. ៥:១៤-១៦) ឬប្រហែលជាអ្នកបានទទួលជំនួយតាមរយៈព័ត៌មានក្នុងសុន្ទរកថាមួយដែលបានថ្លែងនៅឯកិច្ចប្រជុំ ឬពីអ្វីដែលអ្នកបានអានពីសៀវភៅរបស់អង្គការយើង។ ជារឿយៗ ព្រះយេហូវ៉ាតបឆ្លើយការអធិដ្ឋានតាមរបៀបនេះ។ ជាឧទាហរណ៍ បន្ទាប់ពីអ្នកចាស់ទុំម្នាក់ថ្លែងសុន្ទរកថា បងស្រីម្នាក់បានទៅជួបគាត់។ ប៉ុន្មានសប្ដាហ៍មុន បងស្រីនោះបានជួបនឹងភាពអយុត្ដិធម៌ក្រៃលែង។ ជាជាងត្អូញត្អែរអំពីបញ្ហារបស់ខ្លួន បងស្រីបានប្រាប់ចំណុចខ្លះៗពីគម្ពីរដែលគាត់ពេញចិត្តក្នុងសុន្ទរកថា។ ចំណុចទាំងនោះទាក់ទងនឹងស្ថានការណ៍របស់គាត់ ហើយបានសម្រាលទុក្ខគាត់ណាស់។ គាត់ពិតជាសប្បាយចិត្តមែន! ដោយបានចូលរួមក្នុងកិច្ចប្រជុំនោះ។
១៤ ស្តីអំពីជំនួយដែលបានទទួលតាមរយៈសេចក្ដីអធិដ្ឋាន សូមពិចារណាមើលគំរូរបស់បុរសបីនាក់ដែលបានជាប់គុកជាមួយគ្នា។ ពេលនៅក្នុងគុក បុរសបីនាក់នោះបានរៀនសេចក្ដីពិតពីគម្ពីរ ហើយក្លាយជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក។ ដោយសារមានអំពើឃោរឃៅកើតឡើង នោះអាជ្ញាធរបានដាក់កម្រិតបន្ថែមទៀតទៅលើអ្នកជាប់គុកទាំងឡាយ។ នេះនាំឲ្យមានការប្រឆាំងបះបោរផ្ទុះឡើង។ ដើម្បីសម្ដែងភាពរឹងទទឹង អ្នកជាប់គុកបានសម្រេចចិត្តថា ថ្ងៃស្អែកក្រោយពីអាហារពេលព្រឹក ពួកគាត់នឹងមិនព្រមឲ្យចានបាយទៅអ្នកយាមវិញទេ។ ដូច្នេះ អ្នកផ្សាយបីនាក់ដែលមិនទាន់ទទួលការជ្រមុជទឹកនោះជួបប្រទះស្ថានការណ៍ដ៏ពិបាក។ ប្រសិនបើពួកគាត់ចូលដៃក្នុងការបះបោរ នោះពួកគាត់នឹងបំពានដំបូន្មានរបស់ព្រះយេហូវ៉ាដែលមាននៅសៀវភៅរ៉ូម ១៣:១។ បើមិនចូលដៃទេ នោះប្រហែលជាអ្នកជាប់គុកឯទៀតខឹងហើយធ្វើបាបពួកគាត់ទៅវិញ។
១៥ បុរសទាំងបីនាក់នោះមិនអាចទាក់ទងគ្នាទេ។ ដូច្នេះ ពួកគាត់អធិដ្ឋានដោយឡែកពីគ្នាសូមប្រាជ្ញាពីព្រះស្តីអំពីរឿងនេះ។ នៅពេលព្រឹកថ្ងៃស្អែក បុរសទាំងបីនាក់បានសម្រេចចិត្តដូចគ្នាស្តីអំពីដំណោះស្រាយ ពោលគឺពួកគាត់នឹងមិនទទួលអាហារពេលព្រឹកឡើយ។ ពេលអ្នកយាមមក បុរសទាំងបីនាក់នោះគ្មានចានឲ្យគេប្រមូលទេ។ ពួកគាត់ពិតជាសប្បាយចិត្តដោយ«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»បានជួយពួកគាត់!—ទំនុក. ៦៥:២
មិនបាច់ភ័យព្រួយចំពោះអនាគតឡើយ
១៦. តើការផ្សព្វផ្សាយបង្ហាញថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះមនុស្សដែលមានលក្ខណៈដូចចៀមយ៉ាងដូចម្ដេច?
១៦ ការផ្សព្វផ្សាយនៅទូទាំងពិភពលោកជាទីសំអាងមួយទៀត ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះយេហូវ៉ា ចំពោះអ្នកដែលមានចិត្តស្មោះត្រង់ ទោះជាពួកគាត់រស់នៅទីណាក៏ដោយ។ (លោ. ១៨:២៥) ជាញយដង តាមរយៈពួកទេវតា ព្រះយេហូវ៉ាអាចនាំអ្នកបម្រើរបស់ទ្រង់ឲ្យទៅជួបអ្នកដែលមានលក្ខណៈដូចចៀម សូម្បីតែពួកគាត់រស់នៅកន្លែងដែលដំណឹងល្អមិនទាន់បានផ្សាយក៏ដោយ។ (វិវរ. ១៤:៦, ៧) ជាឧទាហរណ៍ តាមរយៈទេវតាមួយរូប នោះព្រះណែនាំភីលីពដែលជាអ្នកផ្សាយដំណឹងល្អនៅសតវត្សរ៍ទី១ ឲ្យទៅរកមន្ត្រីជនជាតិអេចូពីម្នាក់ ព្រមទាំងពន្យល់បទគម្ពីរដល់គាត់ផង។ តើមានលទ្ធផលយ៉ាងណា? បុរសនោះទទួលដំណឹងល្អហើយក្លាយជាអ្នកកាន់តាមព្រះយេស៊ូដែលបានទទួលការជ្រមុជទឹក។b—យ៉ូន. ១០:១៤; កិច្ច. ៨:២៦-៣៩
១៧. ហេតុអ្វីបានជាយើងមិនគួរខ្វល់ខ្វាយហួសហេតុពេកអំពីអនាគត?
១៧ កាលដែលរបៀបរបបពិភពលោកនេះមកជិតដល់ទីបញ្ចប់ នោះយើងនៅតែមាន«សេចក្ដីទុក្ខ»ដែលត្រូវបានទាយមក។ (ម៉ាថ. ២៤:៨) ជាឧទាហរណ៍ តម្លៃម្ហូបអាហារប្រហែលជាឡើងថ្លៃយ៉ាងច្រើនដោយសារមានតម្រូវការកាន់តែច្រើន ធាតុអាកាសអាក្រក់ក្រៃលែងខុសពីធម្មតា ឬសេដ្ឋកិច្ចគ្មានស្ថិរភាព។ ប្រហែលជាពិបាករកការងារធ្វើ ហើយនិយោជិតត្រូវបានបង្ខំឲ្យធ្វើការច្រើនម៉ោងថែមទៀត។ ទោះជាមានអ្វីកើតឡើងក៏ដោយ អ្នកដែលចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាជាទី១ ព្រមទាំងរក្សាឲ្យមាន‹ភ្នែកល្អ› នោះមិនចាំបាច់ខ្វល់ខ្វាយហួសហេតុពេកទេ។ ពួកគាត់ដឹងថាព្រះស្រឡាញ់និងទំនុកបម្រុងពួកគាត់។ (ម៉ាថ. ៦:២២-៣៤) ជាឧទាហរណ៍ សូមពិនិត្យមើលរបៀបដែលព្រះយេហូវ៉ាផ្គត់ផ្គង់យេរេមានៅគ្រាបញ្ចប់នៃទីក្រុងយេរូសាឡិមដែលមានភាពចលាចលនៅឆ្នាំ៦០៧ មុនគ.ស.។
១៨. តើព្រះយេហូវ៉ាបង្ហាញឲ្យឃើញថាទ្រង់ស្រឡាញ់យេរេមាក្នុងអំឡុងការឡោមព័ទ្ធទីក្រុងយេរូសាឡិមយ៉ាងដូចម្ដេច?
១៨ ដំណាក់ការចុងក្រោយនៃការឡោមព័ទ្ធទីក្រុងយេរូសាឡិមដោយពួកបាប៊ីឡូន នោះយេរេមាបានត្រូវគេចាប់ដាក់នៅជាប់ក្នុងទីលានគុក។ តើគាត់នឹងបានម្ហូបពីណាមក? បើគាត់មិនជាប់គុក គាត់អាចរកម្ហូបដោយខ្លួនឯងបាន។ ប៉ុន្តែ គាត់ត្រូវតែពឹងទៅលើមនុស្សខាងក្រៅដើម្បីទទួលម្ហូប ហើយភាគច្រើនមនុស្សទាំងនោះស្អប់គាត់! យ៉ាងណាក៏ដោយ យេរេមាមិនមែនទុកចិត្តទៅលើមនុស្សឡើយ គាត់នៅតែទុកចិត្តទៅលើព្រះដែលសន្យាថានឹងទំនុកបម្រុងគាត់។ តើព្រះយេហូវ៉ាធ្វើតាមសេចក្ដីសន្យារបស់ទ្រង់ទេ? ពិតជាធ្វើតាមមែន! ទ្រង់បានផ្ដល់ឲ្យយេរេមាជារៀងរាល់ថ្ងៃនូវ«នំប៉័ង១ដុំ . . . ដរាបដល់នំប៉័ងទាំងប៉ុន្មាននៅទីក្រុងបានអស់ហើយ»។ (យេ. ៣៧:២១) យេរេមា ព្រមទាំងបារូក អេបេឌមេលេក និងអ្នកបម្រើឯទៀតរបស់ព្រះបានរួចរស់ជីវិតពីគ្រាដែលមានទុរ្ភិក្ស ជំងឺ និងសេចក្ដីស្លាប់។—យេ. ៣៨:២; ៣៩:១៥-១៨
១៩. ទោះជាមានអ្វីកើតឡើងនៅថ្ងៃមុខក៏ដោយ តើយើងគួរតាំងចិត្តធ្វើអ្វី?
១៩ ត្រូវហើយ «ព្រះនេត្រនៃព្រះអម្ចាស់ តែងទតមកលើមនុស្សសុចរិត ឯព្រះកាណ៌ទ្រង់ក៏ផ្ទៀងស្ដាប់ពាក្យទូលអង្វររបស់គេ»។ (១ពេ. ៣:១២) តើអ្នកសប្បាយចិត្តដែលបិតានៅស្ថានសួគ៌រំពៃមើលអ្នកទេ? ដោយដឹងថាទ្រង់រំពៃមើលដើម្បីប្រយោជន៍អ្នក តើនេះនាំឲ្យអ្នកមានអារម្មណ៍សុខសាន្តនិងសុវត្ថិភាពឬទេ? បើដូច្នេះ សូមតាំងចិត្តបន្តដើរជាមួយនឹងព្រះ ទោះជាមានអ្វីកើតឡើងក៏ដោយ។ យើងអាចប្រាកដថាព្រះយេហូវ៉ាតែងតែពិចារណាមើលអ្នកបម្រើរបស់ទ្រង់ដែលមានចិត្តស្មោះភក្ដីទាំងអស់។—ទំនុក. ៣២:៨; សូមអាន អេសាយ ៤១:១៣
[កំណត់សម្គាល់]
a ទោះបើសំបុត្រទាំងនោះទាក់ទងជាចម្បងនឹងពួកអ្នករើសតាំងដែលកាន់តាមព្រះគ្រិស្តក៏ពិតមែន តែជាគោលការណ៍ក៏ទាក់ទងនឹងអ្នកបម្រើព្រះទាំងអស់គ្នា។
b ឧទាហរណ៍មួយទៀតដែលបង្ហាញពីការណែនាំរបស់ព្រះគឺនៅក្នុងសៀវភៅកិច្ចការ ១៦:៦-១០។ កំណត់ហេតុនោះបានរៀបរាប់ថា «ព្រះវិញ្ញាណបរិសុទ្ធទ្រង់ឃាត់»ប៉ុលនិងគូកនរបស់គាត់ មិនឲ្យផ្សាយនៅស្រុកអាស៊ីនិងស្រុកប៊ីធូនាឡើយ។ ផ្ទុយទៅវិញ ពួកគាត់ត្រូវបានហៅឲ្យទៅផ្សាយនៅស្រុកម៉ាសេដូន ពីព្រោះនៅទីនោះមានមនុស្សរាបទាបជាច្រើនដែលស្ដាប់តាមដំណឹងល្អ។
តើអ្នកអាចពន្យល់ទេ?
• តើយើងអាចបង្ហាញថាយើងកំពុងតែ«ដើរជាមួយនឹងព្រះ»យ៉ាងដូចម្ដេច?
• តើព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដល់បារូកយ៉ាងដូចម្ដេច?
• ជាអ្នកនាំមុខក្រុមជំនុំនៃពួកគ្រិស្តសាសនិក តើព្រះយេស៊ូបានបង្ហាញលក្ខណៈដូចបិតាទ្រង់យ៉ាងដូចម្ដេច?
• ក្នុងអំឡុងគ្រាដ៏ពិបាកនេះ តើយើងអាចបង្ហាញថាយើងទុកចិត្តទៅលើព្រះតាមរបៀបណាខ្លះ?
[រូបភាពនៅទំព័រ១៥]
ដូចយេរេមាបានប្រព្រឹត្តដល់បារូក សព្វថ្ងៃនេះគ្រិស្តសាសនិកដែលជាអ្នកចាស់ទុំបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់របស់ព្រះយេហូវ៉ា
[រូបភាពនៅទំព័រ១៦]
តើព្រះយេហូវ៉ាអាចជួយយើងទាន់ពេលយ៉ាងដូចម្ដេច?