ព្រះយេហូវ៉ាតបឆ្លើយចំពោះការអធិដ្ឋានដែលស្មោះអស់ពីចិត្ត
«ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។—ទំនុក. ៨៣:១៨
១, ២. តើមនុស្សជាច្រើននាក់មានពិសោធន៍យ៉ាងណា? តើយើងអាចសួរសំណួរអ្វីខ្លះ?
ច្រើនឆ្នាំមុន ស្ត្រីម្នាក់បានកើតទុក្ខព្រួយយ៉ាងខ្លាំងពីសោកនាដកម្មដែលបានកើតឡើងនៅតំបន់របស់គាត់។ ដោយសារក្រុមគ្រួសារគាត់កាន់សាសនាកាតូលិករ៉ូម៉ាំងតាំងពីគាត់នៅតូចមក នោះគាត់សុំបព្វជិតឲ្យជួយគាត់ តែបព្វជិតនោះមិនព្រមនិយាយជាមួយគាត់ទេ។ ដូច្នេះគាត់បានអធិដ្ឋានទៅព្រះថា៖«ខ្ញុំមិនដឹងថាទ្រង់ជានរណាទេ . . . តែខ្ញុំដឹងជាប្រាកដថាមានទ្រង់មែន! សូមមេត្ដាជួយខ្ញុំឲ្យស្គាល់ទ្រង់ផង!»។ មិនយូរប៉ុន្មានក្រោយមក សាក្សីព្រះយេហូវ៉ាមកជួបគាត់ ហើយផ្ដល់ការសម្រាលទុក្ខនិងចំណេះដែលគាត់ខំស្វែងរក។ ពួកសាក្សីបង្រៀនគាត់ឲ្យស្គាល់នាមរបស់ព្រះ គឺជាយេហូវ៉ា។ គាត់មានចិត្តស្ញប់ស្ញែងយ៉ាងខ្លាំងដោយរៀនអំពីនាមរបស់ព្រះ។ គាត់បាននិយាយថា៖ «នេះជាព្រះដែលខ្ញុំចង់ស្គាល់តាំងពីក្មេងមកម្ល៉េះ!»។
២ មនុស្សជាច្រើនក៏មានចិត្តស្ងើចពេលរៀនអំពីនាមរបស់ព្រះដែរ។ ធម្មតា ពួកគេឃើញនាមរបស់ព្រះយេហូវ៉ាជាលើកដំបូង ពេលអានគម្ពីរនៅសៀវភៅទំនុកដំកើង ៨៣:១៨។ បទគម្ពីរនោះចែងថា៖ «ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។ តើអ្នកធ្លាប់ឆ្ងល់ពីមូលហេតុដែលគេសរសេរទំនុកទី៨៣ទេ? តើព្រឹត្ដិការណ៍ណាខ្លះដែលនឹងជំរុញមនុស្សគ្រប់រូបឲ្យទទួលស្គាល់ថាព្រះយេហូវ៉ាជាព្រះពិតតែមួយអង្គ? តើសព្វថ្ងៃយើងអាចរៀនអ្វីពីទំនុកនេះ? យើងនឹងពិចារណាសំណួរទាំងនោះក្នុងអត្ថបទនេះ។a
ឃុបឃិតគ្នាទាស់នឹងរាស្ត្ររបស់ព្រះយេហូវ៉ា
៣, ៤. តើអ្នកណាតែងបទទំនុកទី៨៣? តើគាត់ពិពណ៌នាអំពីការគំរាមកំហែងរបស់អ្នកណា?
៣ យោងទៅតាមពាក្យផ្ដើម ទំនុកដំកើងទី៨៣ជា «បទចំរៀងរបស់អេសាភ»។ អ្នកនិពន្ធបទចម្រៀងនេះប្រហែលជាកូនចៅរបស់អេសាភមកពីកុលសម្ព័ន្ធលេវី ជាអ្នកលេងភ្លេងដ៏ល្បីម្នាក់ក្នុងអំឡុងរាជ្យស្តេចដាវីឌ។ អ្នកតែងបទទំនុកដំកើងទី៨៣បានអង្វរព្រះយេហូវ៉ាឲ្យចាត់វិធានការដើម្បីលើកតម្កើងការគ្រប់គ្រង់របស់ទ្រង់ និងឲ្យគេស្គាល់នាមទ្រង់។ ទំនុកនេះពិតជាបានសរសេរក្រោយមរណភាពរបស់សាឡូម៉ូន។ ហេតុអ្វី? ដោយសារក្នុងអំឡុងរាជ្យរបស់ដាវីឌនិងសាឡូម៉ូន ស្តេចនៃស្រុកទីរ៉ុសមិនមែនជាសត្រូវរបស់ស្រុកអ៊ីស្រាអែលឡើយ។ ពេលទំនុកទី៨៣ត្រូវបានសរសេរហើយ នោះប្រជាជននៃទីក្រុងទីរ៉ុសបានក្លាយទៅជាអ្នកប្រឆាំង ព្រមទាំងពួតដៃគ្នាជាមួយសត្រូវឯទៀតរបស់អ៊ីស្រាអែល។
៤ អ្នកតែងបទទំនុកដំកើងបានរៀបរាប់ពីសាសន៍១០ដែលឃុបឃិតគ្នាដើម្បីកម្ទេចរាស្ត្ររបស់ព្រះចោល។ ពួកសត្រូវទាំងនោះមានទីលំនៅនៅជុំវិញស្រុកអ៊ីស្រាអែល ហើយមានឈ្មោះដូចតទៅ: «អស់ទាំងពួកសាសន៍អេដំម សាសន៍អ៊ីសម៉ាអែល សាសន៍ម៉ូអាប់ នឹងសាសន៍ហាការេន សាសន៍កេបាល សាសន៍អាំម៉ូន សាសន៍អាម៉ាលេក សាសន៍ភីលីស្ទីន ព្រមទាំងពួកអ្នកនៅស្រុកទីរ៉ុសផង ឯស្រុកអាសស៊ើរ បានពួតដៃជាមួយនឹងគេដែរ»។ (ទំនុក. ៨៣:៦-៨) តើទំនុកនេះសំដៅទៅលើព្រឹត្ដិការណ៍ណា? អ្នកខ្លះគិតថានេះសំដៅទៅលើការដែលស្រុកអាំម៉ូន ស្រុកម៉ូអាប់ និងប្រជាជននៅភ្នំសៀរនាសម័យយ៉ូសាផាតបានរួមដៃគ្នាទៅពាធាស្រុកអ៊ីស្រាអែល។ (២របា. ២០:១-២៦) អ្នកឯទៀតជឿថានេះសំដៅទៅលើការប្រទូស្តប្រឆាំងជាទូទៅដែលអ៊ីស្រាអែលទទួលពីសាសន៍ជិតខាង។
៥. តើគ្រិស្តសាសនិកនៅសព្វថ្ងៃនេះទទួលប្រយោជន៍អ្វីខ្លះពីទំនុកទី៨៣?
៥ យ៉ាងណាក៏ដោយ យើងឃើញច្បាស់ថាព្រះយេហូវ៉ាបានបណ្ដាលឲ្យសរសេរទំនុកនេះនៅពេលដែលសាសន៍អ៊ីស្រាអែលមានគ្រោះថ្នាក់។ ទំនុកទី៨៣ក៏លើកទឹកចិត្តអ្នកបម្រើរបស់ព្រះសព្វថ្ងៃនេះដែរ ពីព្រោះពួកគាត់បានប្រឈមមុខនឹងការប្រយុទ្ធជាបន្តបន្ទាប់ដោយសត្រូវដែលតាំងចិត្តបំផ្លាញពួកគាត់ចោល។ ម្យ៉ាងទៀត ទំនុកនេះពិតជាពង្រឹងចិត្តយើងនៅថ្ងៃឆាប់ៗខាងមុខ ពេលកុកនៃស្រុកម៉ាកុកនឹងរៀបចំពលទ័ពវាជាលើកចុងក្រោយបង្អស់ ដើម្បីកម្ទេចចោលអស់អ្នកដែលបម្រើព្រះដោយមានការដឹកនាំពីសកម្មពលរបស់ព្រះនិងសេចក្ដីពិត។—សូមអាន អេសេគាល ៣៨:២, ៨, ៩, ១៦
តើអ្នកតែងបទទំនុកដំកើងខ្វល់ខ្វាយបំផុតអំពីអ្វី?
៦, ៧. (ក) តើអ្នកតែងបទទំនុកដំកើងអធិដ្ឋានអំពីអ្វីនៅពាក្យផ្ដើមនៃទំនុកទី៨៣? (ខ) តើអ្នកតែងបទទំនុកដំកើងខ្វល់ខ្វាយអំពីអ្វីជាងគេ?
៦ សូមស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកតែងបទទំនុកដំកើង ដែលបង្ហាញពីអ្វីដែលគាត់មានក្នុងចិត្តថា៖ «ឱព្រះអង្គអើយ! សូមកុំឲ្យទ្រង់នៅស្ងៀមឡើយ ឱព្រះអង្គអើយ! សូមកុំឲ្យសំងំ ឬព្រងើយនៅឲ្យសោះ ដ្បិតមើល ពួកខ្មាំងសត្រូវទ្រង់ គេកំពុងតែអ៊ូអែ ហើយពួកអ្នកដែលស្អប់ទ្រង់ គេធ្វើក្រអឺតក្រអោង គេប្រឹក្សាគ្នាបង្កើតឧបាយទាស់នឹងរាស្ត្រទ្រង់ . . . ដ្បិតគេបានពិគ្រោះព្រមព្រៀងគ្នាហើយ គេបានតាំងសញ្ញាទាស់នឹងទ្រង់»។—ទំនុក. ៨៣:១-៣, ៥
៧ តើអ្នកតែងបទទំនុកដំកើងនេះខ្វល់ខ្វាយអំពីអ្វីជាងគេ? គាត់ពិតជាខ្វល់ខ្វាយយ៉ាងខ្លាំងអំពីសុវត្ថិភាពខ្លួននិងក្រុមគ្រួសារគាត់។ ប៉ុន្តែ ក្នុងសេចក្ដីអធិដ្ឋានគាត់ខ្វល់ខ្វាយបំផុតដែលពួកខ្មាំងសត្រូវមើលងាយនាមរបស់ព្រះយេហូវ៉ា ព្រមទាំងការគំរាមកំហែងសាសន៍ដែលជារាស្ត្ររបស់ទ្រង់។ សូមឲ្យយើងគ្រប់គ្នារក្សាទស្សនៈដែលបង្ហាញតុល្យភាពដូចគាត់ដែរ កាលដែលយើងស៊ូទ្រាំនៅថ្ងៃចុងក្រោយដ៏ពិបាករបស់ពិភពលោកនេះ។—សូមអាន ម៉ាថាយ ៦:៩, ១០
៨. តើសាសន៍ដែលឃុបឃិតគ្នាទាស់នឹងអ៊ីស្រាអែលមានគោលដៅអ្វី?
៨ អ្នកតែងបទទំនុកដំកើងបានដកស្រង់ពាក្យរបស់សត្រូវនៃសាសន៍អ៊ីស្រាអែលដែលថា៖ «ចូរយើងកាត់គេចេញ មិនឲ្យធ្វើជានគរទៀតបាន ហើយកុំឲ្យមានសេចក្ដីនឹកចាំពីឈ្មោះអ៊ីស្រាអែលទៀតឡើយ»។ (ទំនុក. ៨៣:៤) ប្រទេសទាំងនោះពិតជាស្អប់រាស្ត្ររើសតាំងរបស់ព្រះមែន! ប៉ុន្តែ ពួកគេឃុបឃិតគ្នាដោយមានបំណងចិត្តមួយទៀត។ ពួកគេលោភចង់បានទឹកដីរបស់អ៊ីស្រាអែល ហើយអួតថា៖ «ចូរយើងចាប់យកអស់ទាំងទីលំនៅរបស់ព្រះទុកជាកេរ្ដិ៍អាកររបស់យើងចុះ!»។ (ទំនុក. ៨៣:១២) តើសព្វថ្ងៃមានអ្វីដែលស្រដៀងនឹងនេះទេ? ពិតជាមានមែន!
«ទីលំនៅបរិសុទ្ធរបស់ទ្រង់»
៩, ១០. (ក) នៅសម័យបុរាណ តើទីលំនៅបរិសុទ្ធរបស់ព្រះជាអ្វី? (ខ) សព្វថ្ងៃនេះ តើពួកអ្នករើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌ និងពួក«ចៀមឯទៀត»ទទួលពរអ្វីខ្លះ?
៩ នៅសម័យបុរាណ ស្រុកសន្យាត្រូវបានហៅថាជាទីលំនៅបរិសុទ្ធរបស់ព្រះ។ ចូរនឹកចាំថា បន្ទាប់ពីទទួលសេចក្ដីសង្គ្រោះពីស្រុកអេស៊ីប នោះបណ្ដាជនអ៊ីស្រាអែលបានច្រៀងចម្រៀងជ័យជំនះថា៖ «ដោយសារសេចក្ដីសប្បុរសរបស់ទ្រង់ នោះទ្រង់បាននាំរាស្ត្រដែលទ្រង់លោះ គឺបាននាំគេទៅដល់ទីលំនៅបរិសុទ្ធរបស់ទ្រង់ ដោយព្រះបារមី»។ (និក្ខ. ១៥:១៣) ក្រោយមក«ទីលំនៅ»នោះមានវិហារដែលមានពួកសង្ឃ ព្រមទាំងទីក្រុងយេរូសាឡិមជារាជធានី។ បន្ថែមពីនេះ តាំងពីដាវីឌមកក៏មានស្តេចមួយចំនួនដែលឡើងគង់លើបល្ល័ង្កនៃព្រះយេហូវ៉ាដែរ។ (១របា. ២៩:២៣) ព្រះយេស៊ូបានហៅក្រុងយេរូសាឡិមយ៉ាងត្រឹមត្រូវថា «ជាក្រុងនៃស្តេចធំ»។—ម៉ាថ. ៥:៣៥
១០ ចុះនៅសព្វថ្ងៃនេះ? នៅឆ្នាំ៣៣ គ.ស. សាសន៍ថ្មីមួយបានកើតមក ពោលគឺ«សាសន៍អ៊ីស្រាអែលនៃព្រះ»។ (កា. ៦:១៦) សមាជិកនៃសាសន៍នោះ គឺជាអ្នកដែលបានរើសតាំងឲ្យឡើងទៅស្ថានសួគ៌ដែលជាបងប្អូនព្រះយេស៊ូ។ សាសន៍នោះបានបំពេញកិច្ចការដែលជនជាតិអ៊ីស្រាអែលមិនបានសម្រេច ពោលគឺធ្វើជាសាក្សីដល់នាមរបស់ព្រះ។ (អេសា. ៤៣:១០; ១ពេ. ២:៩) ព្រះយេហូវ៉ាបានសន្យានឹងសាសន៍ថ្មីនេះដូចទ្រង់បានសន្យាទៅសាសន៍អ៊ីស្រាអែលនៅសម័យបុរាណថា៖ «អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្រដល់អញ»។ (២កូ. ៦:១៦; លេវី. ២៦:១២) នៅឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យ«សាសន៍អ៊ីស្រាអែលនៃព្រះ»ដែលមិនទាន់ឡើងទៅស្ថានសួគ៌មានទំនាក់ទំនងពិសេសជាមួយនឹងទ្រង់ ហើយនៅពេលនោះពួកគាត់ទទួលយក«ស្រុក»មួយ។ ស្រុកនោះសំដៅទៅលើសកម្មភាពខាងកិច្ចបម្រើព្រះ ជាស្ថានភាពដែលប្រៀបដូចជាសួនមនោរម។ (អេសា. ៦៦:៨) បន្ទាប់ពីឆ្នាំ១៩៣០មក «ចៀមឯទៀត»ដែលមានចំនួនរាប់លាននាក់បានចូលរួបរួមជាមួយពួកគាត់។ (យ៉ូន. ១០:១៦) ដោយឃើញព្រះយេហូវ៉ាឲ្យពរដល់គ្រិស្តសាសនិកនៅសម័យនេះដើម្បីមានការរីកចម្រើន ព្រមទាំងការពារពួកគាត់ផង នោះបង្ហាញយ៉ាងច្បាស់ថា ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ។ (សូមអាន ទំនុកដំកើង ៩១:១, ២) នេះពិតជាធ្វើឲ្យសាតាំងខឹងខ្លាំងណាស់!
១១. តើពួកសត្រូវរបស់ព្រះនៅតែមានគោលដៅចម្បងអ្វី?
១១ ជាទូទៅនៅគ្រាចុងបញ្ចប់ សាតាំងបានញុះញង់ភ្នាក់ងាររបស់វានៅផែនដីឲ្យប្រឆាំងនឹងពួកអ្នករើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌ ហើយប្រឆាំងនឹងពួកចៀមឯទៀតដែលជាគូកនរបស់ពួកគាត់។ ការប្រឆាំងនេះបានកើតឡើងនៅទ្វីបអឺរ៉ុបខាងលិចក្រោមអំណាចរបស់ណាត្ស៊ី និងនៅទ្វីបអឺរ៉ុបខាងកើតក្រោមអំណាចរដ្ឋាភិបាលកុម្មុយនីស្តនៃសហភាពសូវៀត។ នៅប្រទេសជាច្រើនឯទៀតក៏មានការប្រឆាំងដែរ ហើយនឹងនៅតែមានតទៅទៀត ជាពិសេសក្នុងអំឡុងការពាធាចុងក្រោយរបស់កុកនៃស្រុកម៉ាកុក។ ក្នុងការពាធានោះ អ្នកប្រឆាំងប្រហែលជាលោភចង់រឹបអូសយកអចលនវត្ថុ និងទ្រព្យសម្បត្ដិនៃរាស្ត្ររបស់ព្រះយេហូវ៉ា ដូចដែលពួកសត្រូវធ្លាប់បានធ្វើពីមុន។ យ៉ាងណាក៏ដោយ គោលដៅចម្បងរបស់សាតាំងគឺបំបាក់បំបែកយើងជាក្រុមដើម្បីមិនឲ្យនរណាម្នាក់នឹកចាំពីឈ្មោះសាក្សីព្រះយេហូវ៉ាឡើយ។ តើព្រះយេហូវ៉ាធ្វើអ្វីស្តីអំពីមនុស្សដែលមានចិត្តរឹងទទឹងចំពោះការគ្រប់គ្រង់របស់ទ្រង់? សូមពិនិត្យមើលពាក្យរបស់អ្នកតែងបទទំនុកដំកើងម្ដងទៀត។
ជ័យជំនះពីបុរាណបញ្ជាក់ថាព្រះយេហូវ៉ានឹងមានជ័យជំនះ
១២-១៤. តើអ្នកតែងបទទំនុកដំកើងបានសរសេរអំពីជ័យជំនះពីរណាដែលកើតឡើងនៅជិតទីក្រុងមេគីដោ?
១២ សូមកត់សម្គាល់ថា អ្នកតែងបទទំនុកដំកើងមានជំនឿខ្លាំងទៅលើសមត្ថភាពរបស់ព្រះយេហូវ៉ាដើម្បីរារាំងផែនការនៃសាសន៍ដែលជាសត្រូវ។ ក្នុងទំនុកនោះគាត់បានរៀបរាប់ពីជ័យជំនះពីរដែលសាសន៍អ៊ីស្រាអែលមានលើពួកសត្រូវ នៅជិតទីក្រុងពីបុរាណឈ្មោះមេគីដោ។ នៅទីក្រុងនោះក៏មានច្រកភ្នំដែលមានឈ្មោះដូចគ្នាដែរ។ ក្នុងអំឡុងរដូវក្ដៅ បាតស្ទឹងគីសុនរីងស្ងួត ហើយក៏អាចឃើញបាតដ៏រីងស្ងួតនៃជ្រលងភ្នំដែរ។ ប៉ុន្តែ បន្ទាប់ពីភ្លៀងខ្លាំងនៅរដូវរងា នោះទឹកស្ទឹងជន់លិចទីវាលរាបតែម្ដង។ នេះទំនងជាមូលហេតុដែលគេហៅស្ទឹងនោះថា «ទឹកមេគីដោ»ដែរ។—ចៅ. ៤:១៣; ៥:១៩
១៣ ភ្នំម៉ូរេមានចម្ងាយប្រហែលជា១៥គីឡូម៉ែត្រពីជ្រលងភ្នំមេគីដោ។ នៅទីនោះនាសម័យគេឌាន កងទ័ពពួកម៉ាឌាន ពួកអាម៉ាលេក និងពួកមនុស្សពីស្រុកខាងកើតបានរួមគ្នាធ្វើសឹកសង្គ្រាមនឹងស្រុកអ៊ីស្រាអែល។ (ចៅ. ៧:១, ១២) កងទ័ពដ៏តូចរបស់គេឌានមានទាហានតែ៣០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែ ដោយមានជំនួយពីព្រះយេហូវ៉ា នោះពួកគាត់បានបង្ក្រាបសត្រូវដែលមានពលទ័ពធំ។ តើពួកគាត់បានបង្ក្រាបសត្រូវយ៉ាងដូចម្ដេច? ពួកគាត់បានធ្វើតាមការណែនាំរបស់ព្រះ ដោយឡោមព័ទ្ធទីតាំងទ័ពសត្រូវនៅពេលយប់ ហើយកាន់ក្អមដែលមានចន្លុះនៅខាងក្នុង។ ពេលគេឌានឲ្យសញ្ញាទៅកងទ័ពរបស់គាត់ ពួកគេបំបែកក្អម ហើយពេលនោះភ្លើងចន្លុះបានភ្លឺចិញ្ចាច។ ដំណាលគ្នាដែរ ពួកគេផ្លុំត្រែហើយស្រែកឡើងថា៖«នេះហើយជាដាវផងព្រះយេហូវ៉ា ហើយរបស់ផងគេឌានដែរ!»។ នេះបាននាំឲ្យកើតកោលាហលក្នុងពួកសត្រូវ ហើយគេក៏ចាប់ផ្ដើមសម្លាប់គ្នាឯង។ ពួកសត្រូវដែលនៅរស់រត់ទៅឆ្លងទន្លេយ័រដាន់ តែបណ្ដាជនអ៊ីស្រាអែលផ្សេងទៀតនាំគ្នាដេញតាមសម្លាប់ពួកសត្រូវ។ នៅទីបំផុត ទាហានពួកសត្រូវ១២០.០០០នាក់បានបាត់បង់ជីវិត។—ចៅ. ៧:១៩-២៥; ៨:១០
១៤ ភ្នំតាបោរមានចម្ងាយប្រហែលជា៦គីឡូម៉ែត្រពីភ្នំម៉ូរេ ស្ថិតនៅខាងនាយជ្រលងភ្នំមេគីដោ។ នៅភ្នំតាបោរ ចៅហ្វាយបារ៉ាកបានប្រមូលកងទ័ពអ៊ីស្រាអែល១០.០០០នាក់ ដើម្បីច្បាំងនឹងកងទ័ពរបស់ស្តេចស្រុកកាណានឈ្មោះយ៉ាប៊ីន ដែលសោយរាជ្យនៅក្រុងហាសោរ ហើយកងទ័ពនោះស្ថិតក្រោមអំណាចរបស់មេទ័ពឈ្មោះស៊ីសេរ៉ា។ កងទ័ពសាសន៍កាណានមានរទេះចម្បាំង៩០០គ្រឿង ហើយជាប់នឹងកង់មានដែកដ៏វែងនិងមុតលយចេញមក។ តែទ័ពអ៊ីស្រាអែលមិនសូវមានសស្ដ្រាវុធឡើយ ហើយក្នុងខណៈដែលពួកគេរៀបខ្លួននៅភ្នំតាបោរ នោះកងទ័ពរបស់ស៊ីសេរ៉ាត្រូវបានល្បួងឲ្យចូលទៅជ្រលងភ្នំ។ បន្ទាប់មក«ព្រះយេហូវ៉ាទ្រង់ក៏បំបាក់ទ័ពស៊ីសេរ៉ា នឹងអស់ទាំងរទេះរបស់លោក ព្រមទាំងពួកពលទាំងអស់»ដែរ។ ទំនងជាមានភ្លៀងធំភ្លាមៗដែលនាំឲ្យរទេះជាប់ផុងដោយសារទឹកស្ទឹងគីសុនជន់លិច។ កងទ័ពទាំងប៉ុន្មានរបស់ស៊ីសេរ៉ាក៏ស្លាប់អស់ដោយមុខដាវនៃបណ្ដាជនអ៊ីស្រាអែល។—ចៅ. ៤:១៣-១៦; ៥:១៩-២១
១៥. (ក) តើអ្នកតែងបទទំនុកដំកើងអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យធ្វើអ្វី? (ខ) តើឈ្មោះនៃសង្គ្រាមផ្ដាច់ព្រ័ត្ររបស់ព្រះរំលឹកយើងអំពីអ្វី?
១៥ អ្នកតែងបទទំនុកដំកើងអង្វរព្រះយេហូវ៉ាឲ្យធ្វើស្រដៀងគ្នាដល់សាសន៍ដែលចង់បំផ្លាញចោលស្រុកអ៊ីស្រាអែលនៅសម័យគាត់ដែរ។ គាត់អធិដ្ឋានថា៖ «សូមទ្រង់ធ្វើដល់គេ ដូចបានធ្វើដល់សាសន៍ម៉ាឌាន គឺដូចជាបានធ្វើដល់ស៊ីសេរ៉ា នឹងយ៉ាប៊ីន នៅត្រង់ស្ទឹងគីសុន ជាអ្នកដែលវិនាសទៅ នៅត្រង់អេនដោរ ហើយបានត្រឡប់ដូចជាលាមកនៅដី»។ (ទំនុក. ៨៣:៩, ១០) គួរឲ្យកត់សម្គាល់ថា សង្គ្រាមផ្ដាច់ព្រ័ត្ររបស់ព្រះហៅថាអើម៉ាគេដូន (ដែលមានន័យថា «ភ្នំនៃមេគីដោ») ហើយនេះជាសង្គ្រាមទាស់នឹងពិភពលោករបស់សាតាំង។ ឈ្មោះនេះរំលឹកយើងអំពីចម្បាំងដែលកើតឡើងនៅជិតភ្នំមេគីដោ។ ជ័យជំនះរបស់ព្រះយេហូវ៉ាក្នុងសង្គ្រាមពីបុរាណទាំងនោះ បានបង្កើនទំនុកចិត្តយើងឲ្យដឹងថា ទ្រង់នឹងឈ្នះជាក់ជាមិនខាននៅសង្គ្រាមអើម៉ាគេដូន។—វិវរ. ១៦:១៣-១៦
ចូរអធិដ្ឋានដើម្បីបញ្ជាក់ថាការគ្រប់គ្រង របស់ព្រះយេហូវ៉ាត្រឹមត្រូវ
១៦. សព្វថ្ងៃនេះ តើមុខរបស់អ្នកប្រឆាំងបានគ្រប«ដោយសេចក្ដីអៀនខ្មាស»យ៉ាងដូចម្ដេច?
១៦ ព្រះយេហូវ៉ាបានទប់ស្កាត់ការខំប្រឹងកម្ទេចចោលរាស្ត្រទ្រង់នៅទូទាំងផែនដីនា«ជាន់ក្រោយបង្អស់»។ (២ធី. ៣:១) ជាលទ្ធផល អ្នកប្រឆាំងត្រូវអាម៉ាស់មុខ។ ទំនុកដំកើង ៨៣:១៦ បានទាយទុកជាមុនដោយពាក្យថា៖ «សូមគ្របមុខគេដោយសេចក្ដីអៀនខ្មាស ដើម្បីឲ្យគេបានស្វែងរកព្រះនាមទ្រង់ ឱព្រះយេហូវ៉ាអើយ!»។ ពីប្រទេសមួយទៅប្រទេសមួយ អ្នកប្រឆាំងគ្មានជោគជ័យសោះក្នុងការបង្ក្រាបសាក្សីព្រះយេហូវ៉ា។ នៅប្រទេសទាំងនោះ អ្នកថ្វាយបង្គំព្រះពិតតែមួយបានស៊ូទ្រាំនិងកាន់ជំហរយ៉ាងរឹងមាំ។ នេះបានផ្ដល់សក្ខីភាពដល់អ្នកដែលមានចិត្តស្មោះ ហើយមនុស្សជាច្រើន‹បានស្វែងរកនាមព្រះយេហូវ៉ា›។ នៅប្រទេសមួយចំនួន ដែលពីមុនសាក្សីព្រះយេហូវ៉ាធ្លាប់ទទួលការប្រឆាំងយ៉ាងសាហាវ ឥឡូវមានមនុស្សរាប់ម៉ឺននាក់ ដល់ទៅរាប់សែននាក់ផងដែលកំពុងតែសរសើរព្រះយេហូវ៉ាដោយចិត្តរីករាយ។ នេះពិតជាជ័យជំនះដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា! ហើយពិតជានាំឲ្យសត្រូវរបស់ទ្រង់ខ្មាសមែន!—សូមអាន យេរេមា ១:១៩
១៧. តើមនុស្សជាតិប្រឈមមុខនឹងស្ថានការណ៍អ្វីដែលប្រកបទៅដោយគ្រោះថ្នាក់? តើយើងនឹងនឹកចាំពាក្យណាក្នុងពេលឆាប់ៗខាងមុខ?
១៧ យើងដឹងជាប្រាកដថាអ្នកប្រឆាំងនៅតែបៀតបៀនយើង។ យើងក៏បន្តផ្សាយដំណឹងល្អ សូម្បីតែដល់អ្នកប្រឆាំងក៏ដោយ។ (ម៉ាថ. ២៤:១៤, ២១) យ៉ាងណាក៏ដោយ ឱកាសដែលអ្នកប្រឆាំងមានដើម្បីកែប្រែនិងទទួលសេចក្ដីសង្គ្រោះ នោះជិតផុតហើយ។ ការធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធគឺសំខាន់ជាងការសង្គ្រោះមនុស្សជាតិទៅទៀត។ (សូមអាន អេសេគាល ៣៨:២៣) កាលណាប្រទេសទាំងឡាយរួបរួមគ្នាដើម្បីកម្ទេចរាស្ត្រទ្រង់ចោល នោះយើងនឹងនឹកចាំពាក្យអធិដ្ឋានរបស់អ្នកតែងបទទំនុកដំកើងដែលថា៖ «សូមឲ្យគេត្រូវខ្មាស ហើយភ័យស្លុតជាដរាប អើ សូមឲ្យគេត្រូវស្រឡាំងកាំង ហើយវិនាសទៅ»។—ទំនុក. ៨៣:១៧
១៨, ១៩. (ក) ស្តីអំពីអ្នកប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា តើនឹងមានអនាគតបែបណា? (ខ) តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការបង្ហាញមួយដងជាសម្រេច ថាការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ?
១៨ អ្នកដែលតាំងចិត្តប្រឆាំងការគ្រប់គ្រងរបស់ព្រះយេហូវ៉ានឹងវិនាសទៅគួរឲ្យអាម៉ាស់។ បណ្ដាំរបស់ព្រះបញ្ជាក់ឲ្យដឹងថាពួកអ្នកដែល«មិនស្ដាប់តាមដំណឹងល្អ» នោះនឹងត្រូវប្រហារជីវិតនៅឯសង្គ្រាមអើម៉ាគេដូន ហើយទទួល«សេចក្ដីហិនវិនាសអស់កល្បជានិច្ច»។ (២ថែ. ១:៧-៩) សេចក្ដីហិនវិនាសរបស់ពួកប្រឆាំង និងសេចក្ដីសង្គ្រោះនៃអស់អ្នកដែលថ្វាយបង្គំព្រះយេហូវ៉ា ជាទីសំអាងដែលបញ្ជាក់ថាព្រះយេហូវ៉ាជាព្រះពិតតែមួយអង្គ។ នៅក្នុងពិភពលោកថ្មីយើងនឹងនឹកចាំពីជ័យជំនះដ៏អស្ចារ្យនោះ។ «មនុស្សសុចរិតនឹងមនុស្សទុច្ចរិត»ដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ នោះនឹងរៀនអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។ (កិច្ច. ២៤:១៥) ក្នុងពិភពលោកថ្មី ពួកគាត់នឹងឃើញទីសំអាងជាក់ស្តែងពីប្រាជ្ញាដែលមកពីការរស់នៅក្រោមការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ហើយមនុស្សរាបសាក្នុងចំណោមពួកគាត់ នឹងឆាប់ជឿជាក់ថាព្រះយេហូវ៉ាជាព្រះពិតតែមួយប៉ុណ្ណោះ។
១៩ បិតាដ៏ជាទីស្រឡាញ់នៅឯស្ថានសួគ៌បានរៀបចំអនាគតដ៏អស្ចារ្យសម្រាប់អ្នកថ្វាយបង្គំដ៏ស្មោះត្រង់របស់ទ្រង់! នេះគួរជំរុញយើងឲ្យអធិដ្ឋានសូមព្រះយេហូវ៉ាឆាប់ឆ្លើយតបមួយដងជាសម្រេច ចំពោះសេចក្ដីអធិដ្ឋានរបស់អ្នកតែងបទទំនុកដំកើងដែលថា៖ «សូមឲ្យ[សត្រូវ]ត្រូវស្រឡាំងកាំង ហើយវិនាសទៅ ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។—ទំនុក. ៨៣:១៧, ១៨
[កំណត់សម្គាល់]
a មុននឹងពិនិត្យមើលអត្ថបទនេះ ពិតជាមានប្រយោជន៍បើអ្នកអានទំនុកទី៨៣ដើម្បីយល់ច្បាស់ពីសាច់រឿង។
តើអ្នកអាចពន្យល់បានទេ?
• តើសាសន៍អ៊ីស្រាអែលប្រឈមមុខនឹងស្ថានការណ៍បែបណា ពេលទំនុកទី៨៣ត្រូវបានសរសេរ?
• តើអ្នកតែងបទទំនុកទី៨៣ខ្វល់ខ្វាយបំផុតចំពោះអ្វី?
• សព្វថ្ងៃនេះ តើសាតាំងស្អប់អ្នកណាខ្លាំងជាងគេ?
• តើព្រះយេហូវ៉ានឹងឆ្លើយតបមួយដងជាសម្រេច ចំពោះសេចក្ដីអធិដ្ឋានដែលបានកត់ទុកនៅទំនុកដំកើងទី៨៣:១៨យ៉ាងដូចម្ដេច?
[រូបភាព/ផែនទីនៅទំព័រ១៨]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
តើចម្បាំងនៅជិតក្រុងមេគីដោពីបុរាណ ទាក់ទងនឹងអនាគតរបស់យើងយ៉ាងដូចម្ដេច?
ទន្លេគីសុន
ហារ៉ូសែតកូយីម
ភ្នំកើមែល
ជ្រលងភ្នំយេសរាល
ក្រុងមេគីដោ
ក្រុងត្អាណាក
ភ្នំគីលបោ
អណ្ដូងហារ៉ុឌ
ភ្នំម៉ូរេ
ក្រុងអេនដោរ
ភ្នំតាបោរ
សមុទ្រកាលីឡេ
ទន្លេយ័រដាន់
[រូបភាពនៅទំព័រ១៧]
តើអ្វីបានជំរុញចិត្តអ្នកតែងបទទំនុកដំកើងម្នាក់ឲ្យតែងសេចក្ដីអធិដ្ឋានដ៏ស្មោះអស់ពីចិត្ត?