តើអ្នកលើកកិត្ដិយសគេជាមុនទេ?
«ខាងឯសេចក្ដីរាប់អាន[ឬ«លើកកិត្ដិយស»] នោះឲ្យខំរាប់អាន[ឬ«លើកកិត្ដិយស»]គេជាមុន»។—រ៉ូម ១២:១០; ខ.ស.
១. នៅប្រទេសជាច្រើន តើមនុស្សកម្របង្ហាញអ្វី?
តាមទំនៀមទម្លាប់នៃប្រទេសខ្លះៗ ក្មេងៗត្រូវតែគោរពមនុស្សពេញវ័យដោយលុតជង្គង់នៅចំពោះមុខពួកគាត់។ នេះគឺដោយសារក្មេងៗមិនត្រូវខ្ពស់ជាងអ្នកដែលមានអាយុច្រើនជាងឡើយ។ នៅសហគមន៍ទាំងនេះ បើកូនក្មេងបែរខ្នងដាក់មនុស្សពេញវ័យ នោះគេក៏គិតថាមិនជាការបង្ហាញការគោរពឡើយ។ ទោះបីវប្បធម៌នីមួយៗមានរបៀបបង្ហាញការគោរពខុសៗពីគ្នាក៏ពិតមែន តែការបង្ហាញការគោរពបែបនេះរំលឹកយើងអំពីក្រឹត្យវិន័យលោកម៉ូសេ។ ក្នុងក្រឹត្យវិន័យលោកម៉ូសេមានបញ្ជាដែលថា៖ «ត្រូវឲ្យឯងក្រោកឡើងឈរ[ដើម្បីបង្ហាញការគោរព]នៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចំរើន»។ (លេវី. ១៩:៣២) គួរឲ្យសោកស្ដាយ នៅកន្លែងជាច្រើន កម្រមានណាស់មនុស្សដែលចេះលើកកិត្ដិយសដល់អ្នកឯទៀត។ តាមពិតសព្វថ្ងៃនេះ ការគ្មានសេចក្ដីគោរពក្លាយជារឿងធម្មតាទៅហើយ។
២. តើបណ្ដាំរបស់ព្រះបង្គាប់ឲ្យយើងគោរពអ្នកណាខ្លះ?
២ បណ្ដាំរបស់ព្រះឲ្យតម្លៃខ្ពស់ដល់ការបង្ហាញសេចក្ដីគោរព។ បណ្ដាំនោះបង្គាប់ឲ្យយើងគោរពព្រះយេហូវ៉ានិងព្រះយេស៊ូ។ (យ៉ូន. ៥:២៣) យើងក៏ត្រូវបានបង្គាប់ឲ្យគោរពសមាជិកក្រុមគ្រួសារ អ្នកជឿគ្នីគ្នា ព្រមទាំងមនុស្សខ្លះៗនៅក្រៅក្រុមជំនុំដែរ។ (រ៉ូម ១២:១០; អេភ. ៦:១, ២; ១ពេ. ២:១៧) តើយើងអាចលើកកិត្ដិយសដល់ព្រះយេហូវ៉ាតាមរបៀបណាខ្លះ? តើយើងអាចលើកកិត្ដិយសឬបង្ហាញការគោរពយ៉ាងជ្រាលជ្រៅដល់បងប្អូនរួមជំនឿយ៉ាងដូចម្ដេច? សូមឲ្យយើងពិចារណាសំណួរទាំងនេះនិងសំណួរខ្លះទៀតដែលទាក់ទងនឹងរឿងនោះ។
ចូរលើកកិត្ដិយសព្រះយេហូវ៉ានិងនាមរបស់ទ្រង់
៣. តើអ្វីជាវិធីសំខាន់មួយដើម្បីលើកកិត្ដិយសព្រះយេហូវ៉ា?
៣ វិធីសំខាន់មួយដើម្បីលើកកិត្ដិយសព្រះយេហូវ៉ាគឺដោយបង្ហាញការគោរពយ៉ាងត្រឹមត្រូវចំពោះនាមរបស់ទ្រង់។ យ៉ាងណាមិញ យើងជា«រាស្ត្រ១ពួក . . . [ដែលបាន]ទុកសំរាប់ព្រះនាមទ្រង់»។ (កិច្ច. ១៥:១៤) យើងពិតជាមានកិត្ដិយសមែន! ដោយកាន់តាមនាមព្រះយេហូវ៉ាដែលជាព្រះដ៏មានអំណាចខ្លាំងក្លាបំផុត។ មីកាជាអ្នកប្រកាសទំនាយបាននិយាយថា៖ «នោះទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើងជាដរាបរៀងតទៅវិញ»។ (មីកា ៤:៥) យើង«ប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា» ដោយខំប្រឹងរស់នៅតាមរបៀបដែលលើកកិត្ដិយសព្រះយេហូវ៉ា និងនាមទ្រង់ជារៀងរាល់ថ្ងៃ។ ប៉ុលបានរំលឹកគ្រិស្តសាសនិកនៅទីក្រុងរ៉ូមថា បើយើងមិនរស់នៅសមស្របតាមដំណឹងល្អដែលយើងផ្សាយ នោះយើងអាច«ប្រមាថ»ដល់នាមរបស់ព្រះ នឹងបង្ខូចកេរ្ដិ៍ឈ្មោះល្អរបស់ទ្រង់ផង។—រ៉ូម ២:២១-២៤
៤. តើអ្នកមានទស្សនៈយ៉ាងណាចំពោះឯកសិទ្ធក្នុងការផ្សាយអំពីព្រះយេហូវ៉ា?
៤ យើងក៏អាចលើកកិត្ដិយសព្រះយេហូវ៉ាដោយកិច្ចផ្សព្វផ្សាយដែរ។ ព្រះយេហូវ៉ាធ្លាប់អញ្ជើញសាសន៍អ៊ីស្រាអែលឲ្យធ្វើជាសាក្សីរបស់ទ្រង់ ប៉ុន្តែពួកគេមិនបានធ្វើតាមតួនាទីនោះឡើយ។ (អេសា. ៤៣:១-១២) ជាញឹកញយ សាសន៍អ៊ីស្រាអែលបានបះបោរប្រឆាំងនឹងព្រះយេហូវ៉ា ហើយក៏នាំឲ្យទ្រង់«ព្រួយព្រះហឫទ័យ»។ (ទំនុក. ៧៨:៤០) នៅទីបំផុត ព្រះយេហូវ៉ាលែងពេញចិត្តទាល់តែសោះនឹងសាសន៍អ៊ីស្រាអែល។ ប៉ុន្តែ សព្វថ្ងៃនេះយើងដឹងគុណដោយមានឯកសិទ្ធផ្សព្វផ្សាយអំពីព្រះយេហូវ៉ា និងនាំឲ្យអ្នកដទៃស្គាល់នាមទ្រង់។ យើងផ្សព្វផ្សាយដោយសារយើងស្រឡាញ់ទ្រង់ ហើយយើងពិតជាចង់ឲ្យនាមរបស់ទ្រង់បានបរិសុទ្ធ។ ដោយស្គាល់សេចក្ដីពិតអំពីបិតានៅស្ថានសួគ៌ និងគោលបំណងរបស់ទ្រង់ នោះនាំឲ្យយើងមានចិត្តចង់ផ្សាយអំពីទ្រង់ មែនទេ? យើងមានអារម្មណ៍ដូចសាវ័កប៉ុលពេលគាត់មានប្រសាសន៍ថា៖ «ដ្បិតខ្ញុំជាប់ក្នុងសេចក្ដីបង្ខំ បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ!»។—១កូ. ៩:១៦
៥. តើការមានជំនឿទៅលើព្រះយេហូវ៉ាជាប់ពាក់ព័ន្ធនឹងការគោរពទ្រង់យ៉ាងដូចម្ដេច?
៥ ដាវីឌដែលជាអ្នកតែងបទទំនុកដំកើងបានថ្លែងថា៖ «ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់ ដ្បិតឱព្រះយេហូវ៉ាអើយ! ទ្រង់មិនបានបោះបង់ចោលពួកអ្នក ដែលស្វែងរកទ្រង់ឡើយ»។ (ទំនុក. ៩:១០) ប្រសិនបើយើងពិតជាស្គាល់ព្រះយេហូវ៉ា និងបង្ហាញការគោរពចំពោះអ្វីដែលនាមទ្រង់តំណាង នោះយើងនឹងទុកចិត្តលើទ្រង់ដូចអ្នកបម្រើស្មោះភក្ដីរបស់ទ្រង់ពីសម័យបុរាណ។ ការទុកចិត្តនិងជំនឿបែបនេះទៅលើព្រះយេហូវ៉ាជាវិធីមួយទៀតដែលយើងលើកកិត្ដិយសដល់ទ្រង់។ សូមកត់សម្គាល់របៀបដែលបណ្ដាំរបស់ព្រះបង្ហាញឲ្យដឹងថា ការទុកចិត្តព្រះយេហូវ៉ា ព្រមទាំងការគោរពទ្រង់ជាប់ពាក់ព័ន្ធនឹងគ្នា។ ពេលសាសន៍អ៊ីស្រាអែលនៅសម័យបុរាណមិនបានទុកចិត្តលើព្រះយេហូវ៉ា នោះទ្រង់សួរម៉ូសេថា៖ «តើជនទាំងឡាយនេះ នឹងនៅតែមើលងាយអញ ដល់កាលណាទៀត? តើដល់កាលណាទៀតដែលគេនៅតែមិនជឿដល់អញ ទោះបើឃើញអស់ទាំងទីសំគាល់ ដែលអញបានធ្វើនៅកណ្ដាលគេជាច្រើនម្ល៉េះផង?»។ (ជន. ១៤:១១, កំណែជាអក្សរទ្រេត) ផ្ទុយទៅវិញ យើងអាចបង្ហាញថាយើងគោរពព្រះយេហូវ៉ា ដោយទុកចិត្តលើទ្រង់ដើម្បីការពារនិងជួយយើងឲ្យចេះស៊ូទ្រាំក្នុងគ្រាមានទុក្ខលំបាក។
៦. តើអ្វីដែលនាំយើងឲ្យបង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ា?
៦ ព្រះយេស៊ូបានបង្ហាញថាការគោរពព្រះយេហូវ៉ាត្រូវតែផុសចេញពីចិត្ត។ ពេលព្រះយេស៊ូមានប្រសាសន៍ទៅកាន់អ្នកដែលមិនមានចិត្តស្មោះក្នុងការថ្វាយបង្គំ នោះទ្រង់បានដកស្រង់ពាក្យរបស់ព្រះយេហូវ៉ាថា៖ «បណ្ដាជននេះ គេគោរពប្រតិបត្ដិដល់អញតែបបូរមាត់ទេ ឯចិត្តគេ នោះនៅឆ្ងាយពីអញណាស់»។ (ម៉ាថ. ១៥:៨) ការគោរពព្រះយេហូវ៉ាយ៉ាងស្មោះ គឺផុសចេញពីសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដដែលយើងមានចំពោះទ្រង់។ (១យ៉ូន. ៥:៣) ម្យ៉ាងទៀត យើងក៏ចងចាំសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែរដែលថា៖ «អស់អ្នកណាដែលលើកដំកើងអញ នោះអញនឹងដំកើងអ្នកនោះឡើងដែរ»។—១សាំ. ២:៣០
អ្នកនាំមុខក្នុងក្រុមជំនុំបង្ហាញការគោរពដល់អ្នកឯទៀត
៧. (ក) ហេតុអ្វីគប្បីឲ្យបងប្រុសៗដែលមានភារកិច្ចក្នុងក្រុមជំនុំឲ្យកិត្ដិយសដល់បងប្អូនដែលពួកគាត់ថែរក្សា? (ខ) តើប៉ុលបង្ហាញការគោរពដល់បងប្អូនរួមជំនឿយ៉ាងដូចម្ដេច?
៧ សាវ័កប៉ុលបានដាស់តឿនបងប្អូនរួមជំនឿថា៖ «ខាងឯសេចក្ដីរាប់អាន[ឬ«លើកកិត្ដិយស»] នោះឲ្យខំរាប់អាន[ឬ«លើកកិត្ដិយស»]គេជាមុន»។ (រ៉ូម ១២:១០; ខ.ស.) គប្បីឲ្យបងប្រុសៗដែលមានភារកិច្ចក្នុងក្រុមជំនុំ តាំងគំរូឬឲ្យកិត្ដិយសបងប្អូនដែលពួកគាត់ថែរក្សាដល់«គេជាមុន»។ ស្តីអំពីរឿងនេះ អ្នកដែលមានភារកិច្ចច្រើនក្នុងក្រុមជំនុំគួរធ្វើតាមគំរូរបស់សាវ័កប៉ុល។ (សូមអាន ថែស្សាឡូនីចទី១ ២:៧, ៨) បងប្អូនក្នុងក្រុមជំនុំដែលសាវ័កប៉ុលបានទៅជួប នោះដឹងថាប៉ុលនឹងមិនសុំឲ្យពួកគាត់ធ្វើអ្វីដែលខ្លួនមិនព្រមធ្វើឡើយ។ ប៉ុលបានបង្ហាញការគោរពចំពោះបងប្អូនរួមជំនឿ ហើយបងប្អូនរួមជំនឿក៏គោរពគាត់វិញដែរ។ ពេលប៉ុលនិយាយថា៖ «ដូច្នេះ ខ្ញុំទូន្មានដល់អ្នករាល់គ្នាឲ្យយកដំរាប់តាមខ្ញុំចុះ!» នោះយើងអាចជឿជាក់ថា ដោយសារគំរូដ៏ល្អរបស់ប៉ុល នោះបងប្អូនជាច្រើននាក់ពិតជាស្ម័គ្រចិត្តត្រាប់តាមគាត់មែន!—១កូ. ៤:១៦
៨. (ក) តើអ្វីជាវិធីសំខាន់មួយដែលព្រះយេស៊ូបង្ហាញការគោរពដល់សិស្សរបស់ទ្រង់? (ខ) សព្វថ្ងៃនេះ តើពួកអ្នកត្រួតពិនិត្យអាចយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច?
៨ វិធីមួយទៀតបងប្រុសដែលមានភារកិច្ចអាចបង្ហាញការគោរពចំពោះបងប្អូនដែលគាត់ថែរក្សា គឺដោយពន្យល់ពីមូលហេតុពេលគាត់សុំឬណែនាំឲ្យបងប្អូនធ្វើអ្វីមួយ។ ដោយធ្វើដូច្នេះគាត់យកតម្រាប់តាមព្រះយេស៊ូ។ ជាឧទាហរណ៍ ពេលទ្រង់ប្រាប់សិស្សឲ្យអធិដ្ឋានដើម្បីមានអ្នកច្រូតច្រើនជាង ទ្រង់បានប្រាប់ពីមូលហេតុ។ ទ្រង់មានប្រសាសន៍ថា៖ «ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ។ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់»។ (ម៉ាថ. ៩:៣៧, ៣៨, កំណែជាអក្សរទ្រេត) ស្រដៀងគ្នាដែរ ពេលទ្រង់ប្រាប់សិស្សឲ្យ«ចាំយាម» នោះទ្រង់ផ្ដល់មូលហេតុ។ ទ្រង់មានប្រសាសន៍ថា៖ «ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ»។ (ម៉ាថ. ២៤:៤២, កំណែជាអក្សរទ្រេត) ជាញឹកញយ ព្រះយេស៊ូមិនគ្រាន់តែប្រាប់សិស្សពីអ្វីដែលពួកគាត់គួរតែធ្វើប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រាប់ពីហេតុដែលពួកគាត់គួរធ្វើដែរ។ តាមរបៀបនេះ ទ្រង់បានបង្ហាញកិត្ដិយសនិងការគោរពចំពោះពួកគាត់។ នេះពិតជាគំរូល្អឲ្យគ្រិស្តសាសនិកដែលជាអ្នកត្រួតពិនិត្យយកតម្រាប់តាមមែន!
ចូរគោរពក្រុមជំនុំរបស់ព្រះយេហូវ៉ា និងការណែនាំដែលមកពីក្រុមជំនុំ
៩. កាលណាយើងបង្ហាញការគោរពដល់ក្រុមជំនុំនៃពួកគ្រិស្តសាសនិក និងអ្នកដែលតំណាងក្រុមជំនុំ តើយើងក៏បង្ហាញការគោរពដល់អ្នកណាដែរ? សូមពន្យល់។
៩ ដើម្បីលើកកិត្ដិយសព្រះយេហូវ៉ា យើងក៏ត្រូវលើកកិត្ដិយសក្រុមជំនុំនៃពួកគ្រិស្តសាសនិកដែលមាននៅទូទាំងពិភពលោក ព្រមទាំងអ្នកដែលតំណាងក្រុមជំនុំដែរ។ កាលណាយើងធ្វើតាមដំបូន្មានដែលមានមូលដ្ឋានលើគម្ពីរពីអ្នកបម្រើស្មោះត្រង់ នោះយើងបង្ហាញការគោរពដល់អង្គការរបស់ព្រះយេហូវ៉ា និងការណែនាំដែលមកពីអង្គការដែរ។ ក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ សាវ័កយ៉ូហានបានបន្ទោសអស់អ្នកដែលមិនបង្ហាញការគោរពចំពោះអ្នកដែលបានតែងតាំង។ (សូមអាន យ៉ូហានទី៣ ៩-១១) ពាក្យសម្ដីរបស់យ៉ូហានបង្ហាញឲ្យដឹងថា ពួកនោះមិនគ្រាន់តែគ្មានសេចក្ដីគោរពចំពោះអ្នកត្រួតពិនិត្យម្នាក់ៗទេ។ ប៉ុន្តែ ក៏គ្មានសេចក្ដីគោរពចំពោះសេចក្ដីបង្រៀននិងការណែនាំពីអ្នកត្រួតពិនិត្យដែរ។ គួរឲ្យរីករាយណាស់ ដែលគ្រិស្តសាសនិកភាគច្រើនមិនមានចិត្តបែបនោះឡើយ។ តាមមើលទៅ កាលដែលពួកសាវ័កនៅរស់ ពួកគាត់រាប់អានគ្នាដូចបងដូចប្អូន ហើយបានបង្ហាញសេចក្ដីគោរពយ៉ាងជ្រាលជ្រៅដល់អស់អ្នកដែលនាំមុខក្នុងក្រុមជំនុំ។—ភី. ២:១២
១០, ១១. ហេតុអ្វីបានជាមិនខុសដែលអ្នកខ្លះមានអំណាចនៅក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិក? សូមពន្យល់ពីបទគម្ពីរ។
១០ ដោយសារព្រះយេស៊ូបានប្រាប់សិស្សទ្រង់ថា៖ «អ្នករាល់គ្នា . . . ជាបងប្អូននឹងគ្នាទាំងអស់» នោះអ្នកខ្លះបានគិតថាមិនគួរមានអំណាចគ្រប់គ្រងក្នុងក្រុមជំនុំទេ។ (ម៉ាថ. ២៣:៨) យ៉ាងណាក៏ដោយ ទាំងបទគម្ពីរភាសាហេព្រើរនិងភាសាក្រិចមានគំរូជាច្រើនអំពីបុរសដែលព្រះផ្ដល់អំណាចឲ្យ។ ប្រវត្ដិសាស្ត្រនៃពួកចៅហ្វាយ ស្តេច និងបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែលពីបុរាណ បានបង្ហាញទីសំអាងយ៉ាងជាក់ស្តែងថាព្រះយេហូវ៉ាផ្ដល់ការណែនាំតាមរយៈអ្នកតំណាងរបស់ទ្រង់។ កាលណាបណ្ដាជនមិនលើកកិត្ដិយសយ៉ាងត្រឹមត្រូវដល់អស់អ្នកដែលត្រូវបានតែងតាំងដោយព្រះ នោះព្រះយេហូវ៉ាទូន្មានប្រដៅពួកគេ។—២ពង្ស. ១:២-១៧; ២:១៩, ២៣, ២៤
១១ ស្រដៀងគ្នាដែរ ពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ទទួលស្គាល់អំណាចរបស់ពួកសាវ័ក។ (កិច្ច. ២:៤២) ជាឧទាហរណ៍ ប៉ុលបានផ្ដល់ការណែនាំដល់បងប្អូនក្នុងក្រុមជំនុំ។ (១កូ. ១៦:១; ១ថែ. ៤:២) យ៉ាងណាក្ដី ប៉ុលក៏បានស្ម័គ្រចិត្តចុះចូលនឹងអស់អ្នកដែលមានអំណាចលើគាត់ដែរ។ (កិច្ច. ១៥:២២; កា. ២:៩, ១០) ប្រាកដហើយ ប៉ុលមានទស្សនៈត្រឹមត្រូវអំពីអំណាចក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិក។
១២. ពីគំរូក្នុងគម្ពីរតើយើងអាចទាញមេរៀនពីរយ៉ាងអ្វីស្តីអំពីអំណាច?
១២ យើងអាចទាញមេរៀនពីរយ៉ាងស្តីអំពីអំណាច។ ទី១ គឺសមស្របនឹងបទគម្ពីរដែលឲ្យ«អ្នកបំរើស្មោះត្រង់» តែងតាំងបុរសតាមរយៈគណៈអភិបាលដើម្បីមានភារកិច្ចក្នុងក្រុមជំនុំ ព្រមទាំងតែងតាំងបុរសខ្លះៗដើម្បីមានអំណាចគ្រប់គ្រងលើបុរសឯទៀតដែលត្រូវបានតែងតាំងនោះ។ (ម៉ាថ. ២៤:៤៥-៤៧; ១ពេ. ៥:១-៣) ទី២ គប្បីឲ្យយើងគ្រប់គ្នារួមទាំងបុរសដែលត្រូវបានតែងតាំង ផ្ដល់កិត្ដិយសដល់អស់អ្នកដែលមានអំណាចលើយើង។ ដូច្នេះ តើយើងអាចផ្ដល់កិត្ដិយសដល់អស់អ្នកដែលមានភារកិច្ចត្រួតពិនិត្យក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិកនៅទូទាំងពិភពលោកតាមរបៀបណាខ្លះ?
ចូរគោរពពួកអ្នកធ្វើដំណើរត្រួតពិនិត្យ
១៣. សព្វថ្ងៃនេះ តើយើងអាចបង្ហាញការគោរពចំពោះអ្នកតំណាងក្រុមជំនុំនៃពួកគ្រិស្តសាសនិកយ៉ាងដូចម្ដេច?
១៣ ប៉ុលបាននិយាយថា៖ «បងប្អូនអើយ! យើងខ្ញុំអង្វរអ្នករាល់គ្នាថា ចូរចំណាំឲ្យស្គាល់ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នា នឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយនឹងពួកអ្នកដែលទូន្មានដែរ។ ដើម្បីឲ្យបានរាប់អានជាខ្លាំង ចំពោះពួកអ្នកយ៉ាងនោះ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះការដែលគេធ្វើ។ ចូរនៅជាមួយគ្នាដោយមេត្រីចុះ!»។ (១ថែ. ៥:១២, ១៣) ពួកអ្នកធ្វើដំណើរត្រួតពិនិត្យពិតជា«ពួកអ្នកដែលខំធ្វើកិច្ចការ»ឬពួកអ្នកដែលធ្វើការយ៉ាងនឿយហត់មែន។ ដូច្នេះហើយ សូមឲ្យយើង«រាប់អានជាខ្លាំង»ឬឲ្យតម្លៃខ្ពស់ដល់ពួកគាត់។ វិធីមួយដែលយើងអាចឲ្យតម្លៃខ្ពស់លើពួកគាត់គឺដោយធ្វើតាមដំបូន្មានរបស់ពួកគាត់យ៉ាងស្មោះអស់ពីចិត្ត។ កាលណាអ្នកធ្វើដំណើរត្រួតពិនិត្យរៀបរាប់អំពីការណែនាំពីអ្នកបម្រើស្មោះត្រង់ នោះ«ប្រាជ្ញាដែលមកពីស្ថានលើ»នឹងជំរុញយើងឲ្យមាន«ចិត្តទន់»ដើម្បីធ្វើតាមការណែនាំនោះ។—យ៉ា. ៣:១៧
១៤. តើក្រុមជំនុំបង្ហាញថាមានសេចក្ដីគោរពពិតប្រាកដចំពោះពួកអ្នកធ្វើដំណើរត្រួតពិនិត្យយ៉ាងដូចម្ដេច? ហើយធ្វើដូច្នេះនាំឲ្យមានលទ្ធផលអ្វី?
១៤ ចុះយ៉ាងណាបើយើងត្រូវបានបង្គាប់ឲ្យធ្វើអ្វីដែលខុសពីរបៀបដែលយើងធ្លាប់ធ្វើ? ការបង្ហាញសេចក្ដីគោរពជួនកាលតម្រូវឲ្យយើងជៀសវាងពីការជំទាស់នឹងសេចក្ដីបង្គាប់នោះដោយមានចិត្តគំនិតដូចជា «យើងមិនធ្វើដូច្នេះទេនៅទីនេះ» ឬ«ប្រហែលជាអាចធ្វើបាននៅកន្លែងផ្សេងមែន ប៉ុន្តែមិនអាចធ្វើបានក្នុងក្រុមជំនុំយើងទេ»។ ផ្ទុយទៅវិញ យើងខំប្រឹងធ្វើតាមសេចក្ដីបង្គាប់នោះ។ ដោយចងចាំថាក្រុមជំនុំជារបស់ផងព្រះយេហូវ៉ា ហើយព្រះយេស៊ូជាអ្នកនាំមុខក្រុមជំនុំ នោះនឹងជួយយើងឲ្យធ្វើតាមការណែនាំជាមិនខាន។ កាលណាក្រុមជំនុំទទួលការណែនាំដោយអំណរពីអ្នកធ្វើដំណើរត្រួតពិនិត្យ ព្រមទាំងអនុវត្តតាម នោះបង្ហាញពីការគោរពជាពិតប្រាកដ។ សាវ័កប៉ុលបានសរសើរបងប្អូនគ្រិស្តសាសនិកនៅទីក្រុងកូរិនថូស ដោយសារពួកគាត់គោរពហើយធ្វើតាមការណែនាំដែលទីតុសបានផ្ដល់ជូនពេលទៅសួរសុខទុក្ខពួកគាត់។ (២កូ. ៧:១៣-១៦) ដូចគ្នាដែរ សព្វថ្ងៃនេះយើងអាចជឿជាក់ថា ការស្ម័គ្រចិត្តអនុវត្តតាមការណែនាំពីពួកអ្នកធ្វើដំណើរត្រួតពិនិត្យ នោះនាំឲ្យយើងមានអំណរកាន់តែច្រើនឡើងក្នុងកិច្ចផ្សព្វផ្សាយ។—សូមអាន កូរិនថូសទី២ ១៣:១១
«ចូរគោរពមនុស្សគ្រប់ៗរូប»
១៥. តើយើងអាចបង្ហាញការគោរពចំពោះបងប្អូនរួមជំនឿតាមរបៀបណាខ្លះ?
១៥ ប៉ុលបានសរសេរថា៖«កុំឲ្យស្តីបន្ទោសដល់មនុស្សចាស់ៗឡើយ ចូរទូន្មានគាត់ទុកដូចជាឪពុកចុះ! ហើយមនុស្សដែលក្មេងជាងអ្នក នោះទុកដូចជាប្អូនវិញ។ ឯស្ត្រីចាស់ៗទុកដូចជាម្ដាយ ហើយពួកស្ត្រីដែលក្មេងជាងអ្នក ទុកដូចជាប្អូនដែរ ដោយសេចក្ដីបរិសុទ្ធសព្វគ្រប់។ ចូរគោរពដល់ពួកស្ត្រីដែលពិតជាមេម៉ាយមែន»។ (១ធី. ៥:១-៣) ត្រូវហើយ បណ្ដាំរបស់ព្រះដាស់តឿនយើងឲ្យលើកកិត្ដិយសបងប្អូនគ្រប់គ្នាក្នុងក្រុមជំនុំ។ ចុះយ៉ាងណាបើមានការទាស់ទែងគ្នារវាងយើងនិងបងប្អូនរួមជំនឿ? តើនេះនឹងរារាំងយើងពីការបង្ហាញសេចក្ដីគោរពចំពោះបងប្អូនរួមជំនឿទេ? ឬក៏តើយើងអាចកែប្រែចិត្តគំនិតរបស់យើងដោយទទួលស្គាល់លក្ខណៈសម្បត្ដិល្អជាគ្រិស្តសាសនិករបស់គាត់បានទេ? ជាពិសេស គប្បីឲ្យបងប្អូនដែលមានអំណាចរក្សាទស្សនៈដែលប្រកបដោយសេចក្ដីគោរពចំពោះបងប្អូនរួមជំនឿដោយមិន«ប្រើអំណាចជិះជាន់ . . . ដល់ហ្វូងចៀម»ឡើយ។ (១ពត្រ. [១ពេ.] ៥:៣, ខ.ស.) ប្រាកដហើយ ក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិកដែលត្រូវសម្គាល់ដោយសេចក្ដីស្រឡាញ់ដ៏ស្មោះអស់ពីចិត្តដែលសមាជិកមានចំពោះគ្នីគ្នា យើងមានឱកាសជាច្រើនដើម្បីលើកកិត្ដិយសគ្នាទៅវិញទៅមក។—សូមអាន យ៉ូហាន ១៣:៣៤, ៣៥
១៦, ១៧. (ក) ហេតុអ្វីក៏សំខាន់ឲ្យយើងគោរពអ្នកប្រឆាំងនិងអ្នកដែលយើងជួបក្នុងកិច្ចផ្សព្វផ្សាយ? (ខ) តើយើងអាច«គោរពមនុស្សគ្រប់ៗរូប»យ៉ាងដូចម្ដេច?
១៦ ពិតមែន! យើងមិនគ្រាន់តែបង្ហាញការគោរពចំពោះអ្នកដែលនៅក្នុងក្រុមជំនុំតែប៉ុណ្ណោះទេ។ ប៉ុលបានសរសេរទៅគ្រិស្តសាសនិកនៅសម័យគាត់ថា៖ «កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់»។ (កា. ៦:១០) ការអនុវត្តតាមគោលការណ៍នោះពិតជាពិបាក បើអ្នករួមការងារឬរួមថ្នាក់ប្រព្រឹត្តមិនល្អមកលើយើង។ ពេលមានរឿងនេះកើតឡើង យើងត្រូវនឹកចាំពាក្យដែលថា៖ «កុំឲ្យក្ដៅចិត្ត ដោយព្រោះមនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ»។ (ទំនុក. ៣៧:១) ការធ្វើតាមដំបូន្មាននោះនឹងជួយយើងឲ្យប្រព្រឹត្តដោយបង្ហាញការគោរព សូម្បីតែដល់អ្នកប្រឆាំងផង។ ស្រដៀងគ្នាដែរ ពេលយើងកំពុងតែចូលរួមក្នុងកិច្ចបម្រើផ្សាយ ការចេះដាក់ខ្លួននឹងជួយយើងឲ្យតបឆ្លើយ«ដោយសុភាពហើយកោតខ្លាច»ដល់មនុស្សគ្រប់រូប។ (១ពេ. ៣:១៥) សូម្បីតែអាការក្រៅនិងសម្លៀកបំពាក់របស់យើងក៏អាចបង្ហាញថាយើងគោរពដល់អស់អ្នកដែលយើងជួបពេលផ្សព្វផ្សាយដែរ។
១៧ ត្រូវហើយ មិនថាយើងកំពុងទាក់ទងជាមួយបងប្អូនរួមជំនឿឬអ្នកនៅក្រៅក្រុមជំនុំក្ដី យើងចង់ព្យាយាមអនុវត្តតាមការដាស់តឿនដែលថា៖«ចូររាប់អានដល់មនុស្សទាំងអស់[ឬ«គោរពមនុស្សគ្រប់ៗរូប»] ហើយស្រឡាញ់បងប្អូន កោតខ្លាចដល់ព្រះ ព្រមទាំងគោរពប្រតិបត្ដិដល់ស្តេចផង»។—១ពេ. ២:១៧; ១ពត្រ. ២:១៧, ខ.ស.
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើអ្នកអាចបង្ហាញការគោរពដ៏ត្រឹមត្រូវយ៉ាងដូចម្ដេចចំពោះ:
• ព្រះយេហូវ៉ា?
• អ្នកចាស់ទុំក្រុមជំនុំនិងអ្នកធ្វើដំណើរត្រួតពិនិត្យ?
• សមាជិកនីមួយៗក្នុងក្រុមជំនុំ?
• អស់អ្នកដែលយើងជួបពេលផ្សព្វផ្សាយ?
[រូបភាពនៅទំព័រ២៣]
ពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានគោរពតាមការដឹកនាំរបស់គណៈអភិបាល
[រូបភាពនៅទំព័រ២៤]
អ្នកចាស់ទុំនៅគ្រប់ប្រទេស ឲ្យកិត្ដិយសដល់អ្នកធ្វើដំណើរត្រួតពិនិត្យដែលត្រូវបានតែងតាំងដោយគណៈអភិបាល