«អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ»
«អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើអ្នករាល់គ្នាធ្វើតាមបង្គាប់របស់ខ្ញុំ»។—យ៉ូន. ១៥:១៤
១, ២. (ក) តើមិត្តសម្លាញ់របស់លោកយេស៊ូមកពីមជ្ឈដ្ឋានណាខ្លះ? (ខ) ហេតុអ្វីសំខាន់ចាំបាច់ដែលយើងធ្វើជាមិត្តសម្លាញ់របស់លោកយេស៊ូ?
បុរស ដែលអង្គុយនៅបន្ទប់ខាងលើជាមួយលោកយេស៊ូមកពីមជ្ឈដ្ឋានផ្សេងៗ។ ពេត្រុសនិងអនទ្រេដែលជាបងប្អូនបង្កើត ធ្លាប់ជាអ្នកនេសាទ។ ម៉ាថាយជាអតីតអ្នកយកពន្ធ ដែលនេះជាមុខរបរមួយគួរឲ្យស្អប់ខ្ពើមចំពោះជនជាតិយូដា។ បុរសខ្លះទៀតដូចជាយ៉ាកុបនិងយ៉ូហាន ទំនងជាស្គាល់លោកយេស៊ូតាំងពីក្មេងមក។ បុរសឯទៀតដូចជាណាថាណែលជាដើម ប្រហែលជាស្គាល់លោកតែពីរបីឆ្នាំប៉ុណ្ណោះ។ (យ៉ូន. ១:៤៣-៥០) ប៉ុន្តែ បុរសទាំងអស់ដែលមានវត្តមាននៅរាត្រីធ្វើបុណ្យរំលងដ៏សំខាន់នៅក្រុងយេរូសាឡិមនោះ ជឿជាក់ថាលោកយេស៊ូជាមេស្ស៊ីដែលព្រះបានសន្យាចាត់ឲ្យមក ហើយជាបុត្ររបស់ព្រះដែលមានជីវិតរស់នៅ។ (យ៉ូន. ៦:៦៨, ៦៩) ពួកគាត់ពិតជាមានអារម្មណ៍ថាលោកយេស៊ូស្រឡាញ់ពួកគាត់ ពេលឮលោកមានប្រសាសន៍ថា៖ «ខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់ ពីព្រោះអ្វីៗទាំងអស់ដែលខ្ញុំបានឮពីបិតារបស់ខ្ញុំ ខ្ញុំបានប្រាប់អ្នករាល់គ្នា»។—យ៉ូន. ១៥:១៥
២ អ្វីដែលលោកយេស៊ូបានមានប្រសាសន៍ទៅកាន់ពួកសាវ័កស្មោះត្រង់នោះ សំដៅទៅពួកគ្រិស្តសាសនិកទាំងអស់សព្វថ្ងៃដែលបានត្រូវរើសតាំង បើនិយាយដោយប្រយោល។ បន្ថែមទៀតបើនិយាយឲ្យទូលាយវិញ នេះក៏សំដៅទៅលើ«ចៀមឯទៀត»ដែលជាគូកនរបស់ពួកគេ។ (យ៉ូន. ១០:១៦) មិនថាយើងមកពីមជ្ឈដ្ឋានណាក៏ដោយ យើងអាចមានកិត្ដិយសធ្វើជាមិត្តសម្លាញ់របស់លោកយេស៊ូ។ ចំណងមិត្តភាពរបស់យើងជាមួយលោកគឺសំខាន់ណាស់ ដោយសារធ្វើជាមិត្តរបស់លោកក៏ធ្វើឲ្យយើងទៅជាមិត្តរបស់ព្រះយេហូវ៉ាដែរ។ តាមពិត បើយើងមិនជិតស្និទ្ធជាមួយគ្រិស្ត នោះយើងក៏មិនអាចជិតស្និទ្ធជាមួយព្រះយេហូវ៉ាបានដែរ។ (សូមអាន យ៉ូហាន ១៤:៦, ២១) បើដូច្នេះ តើយើងត្រូវធ្វើអ្វីដើម្បីក្លាយទៅជាមិត្តសម្លាញ់របស់លោកយេស៊ូ ហើយរក្សាចំណងមិត្តភាពនោះឲ្យស្ថិតស្ថេរយូរអង្វែង? មុនយើងពិភាក្សាអំពីរឿងសំខាន់នេះ សូមឲ្យយើងពិនិត្យមើលគំរូរបស់លោកយេស៊ូក្នុងការធ្វើជាមិត្តល្អ ហើយអ្វីដែលយើងអាចរៀនដោយមើលរបៀបពួកអ្នកកាន់តាមបាននិយាយនិងប្រព្រឹត្តដោយសារមានមិត្តភាពជាមួយលោក។
លោកយេស៊ូជាមិត្តល្អ
៣. តើគេស្គាល់លោកយេស៊ូជាមនុស្សបែបណា?
៣ ស្តេចសាឡូម៉ូនដែលមានប្រាជ្ញាបានសរសេរថា៖ «អ្នកមាន . . . គេមានមិត្រសំឡាញ់ច្រើន»។ (សុភ. ១៤:២០) សម្ដីនោះបញ្ជាក់យ៉ាងសង្ខេបអំពីភាពទន់ខ្សោយរបស់មនុស្សមិនល្អឥតខ្ចោះ គឺមនុស្សច្រើនតែចងមិត្តភាពដោយហុតទឹកសម្លឹងកាក ជាជាងគិតពីអ្វីដែលខ្លួនអាចធ្វើជាប្រយោជន៍មិត្តវិញ។ លោកយេស៊ូមិនមានលក្ខណៈនេះទេ។ លោកមិនលម្អៀងទៅរកមនុស្សដែលមានទ្រព្យសម្បត្ដិឬមុខមាត់ឡើយ។ ពិតមែន លោកមានក្ដីស្រឡាញ់ចំពោះអ្នកគ្រប់គ្រងម្នាក់ដែលជាអ្នកមាន ហើយបានអញ្ជើញគាត់ឲ្យមកកាន់តាមលោក។ ប៉ុន្តែ លោកបានបង្គាប់គាត់ឲ្យទៅលក់អ្វីៗដែលគាត់មាន ហើយឲ្យដល់អ្នកក្រីក្រ។ (ម៉ាក. ១០:១៧-២២; លូក. ១៨:១៨, ២៣) នៅសម័យនោះ គេស្គាល់ទូទៅថា មិត្តភក្ដិរបស់លោកយេស៊ូជាមនុស្សសាមញ្ញធម្មតានិងជាមនុស្សដែលគេមើលងាយ មិនមែនជាអ្នកមាននិងជាអ្នកដែលលេចមុខលេចមាត់ទេ។—ម៉ាថ. ១១:១៩
៤. ហេតុអ្វីយើងអាចនិយាយថា មិត្តភក្ដិរបស់លោកយេស៊ូមានភាពទន់ខ្សោយ?
៤ ត្រូវហើយ មិត្តភក្ដិរបស់លោកយេស៊ូជាមនុស្សដែលមានភាពទន់ខ្សោយ។ ជួនកាល ពេត្រុសមិនមានទស្សនៈដូចព្រះ។ (ម៉ាថ. ១៦:២១-២៣) យ៉ាកុបនិងយ៉ូហានមានមហិច្ឆតាពេលសុំលោកយេស៊ូឲ្យពួកគេបានឋានៈធំក្នុងរាជាណាចក្ររបស់ព្រះ។ ការប្រព្រឹត្តរបស់ពួកគេនាំឲ្យពួកសាវ័កឯទៀតទាស់ចិត្ត ហើយរឿងស្តីអំពីអ្នកណាធំជាងគេ ជារឿងមួយដែលតែងតែនាំឲ្យពួកសាវ័កឈ្លោះគ្នា។ ប៉ុន្តែ ដោយអត់ធ្មត់ លោកយេស៊ូខំកែតម្រង់គំនិតរបស់មិត្តភក្ដិលោក ហើយមិនឆាប់ខឹងនឹងពួកគេទេ។—ម៉ាថ. ២០:២០-២៨
៥, ៦. (ក) ហេតុអ្វីបានជាលោកយេស៊ូនៅតែធ្វើជាមិត្តភក្ដិជាមួយពួកសាវ័ក១១នាក់? (ខ) ហេតុអ្វីបានជាលោកយេស៊ូលែងរាប់អានយ៉ូដាសជាមិត្ត?
៥ លោកយេស៊ូនៅតែធ្វើជាមិត្តភក្ដិជាមួយបុរសដែលមិនល្អឥតខ្ចោះទាំងនោះ តែនេះមិនមែនដោយសារលោកមើលស្រាលកំហុសឬមិនព្រមទទួលស្គាល់ភាពទន់ខ្សោយរបស់ពួកគេទេ។ ផ្ទុយទៅវិញ លោកបានសម្រេចចិត្តប្រមូលអារម្មណ៍ទៅលើបំណងល្អនិងគុណសម្បត្ដិល្អៗរបស់ពួកគេ។ ជាឧទាហរណ៍ ពេត្រុស យ៉ាកុប និងយ៉ូហានបានដេកលក់ ជាជាងជួយលោកយេស៊ូក្នុងគ្រាដ៏ពិបាកបំផុតរបស់លោក។ យើងពិតជាយល់អារម្មណ៍របស់លោកយេស៊ូ ដែលលោកខកចិត្តនឹងពួកគាត់។ ទោះជាយ៉ាងណាក៏ដោយ លោកបានឃើញថាពួកគាត់មានបំណងល្អ ហើយមានប្រសាសន៍ថា៖ «ចិត្តបានប្រុងប្រៀបជាស្រេចពិតមែន ប៉ុន្តែសាច់ឈាមគឺខ្សោយណាស់»។—ម៉ាថ. ២៦:៤១
៦ ផ្ទុយទៅវិញ លោកយេស៊ូបានលែងរាប់អានយ៉ូដាស អ៊ីស្ការីយ៉ុតជាមិត្ត។ ទោះជាសំបកក្រៅមើលទៅយ៉ូដាសដូចជាមិត្តរបស់លោកយេស៊ូក៏ដោយ តែលោកជ្រាបថាមិត្តដែលធ្លាប់ស្និទ្ធស្នាលនេះបានឲ្យចិត្តរបស់គាត់ទទួលឥទ្ធិពលអាក្រក់ហើយ។ ដោយព្រោះយ៉ូដាសបានទៅជាមិត្តរបស់ពិភពលោកនេះ គាត់បានក្លាយទៅជាសត្រូវរបស់ព្រះវិញ។ (យ៉ា. ៤:៤) ដូច្នេះ លោកយេស៊ូបានប្រាប់យ៉ូដាសឲ្យចេញពីបន្ទប់ដែលពួកគេធ្វើបុណ្យរំលងនោះ ក្រោយមកលោកបានប្រាប់ពួកសាវ័ក១១នាក់ដែលស្មោះត្រង់ថា ពួកគេជាមិត្តសម្លាញ់របស់លោក។—យ៉ូន. ១៣:២១-៣៥
៧, ៨. តើលោកយេស៊ូបង្ហាញក្ដីស្រឡាញ់ចំពោះមិត្តរបស់លោកយ៉ាងដូចម្ដេច?
៧ លោកយេស៊ូមិនផ្ចង់អារម្មណ៍ទៅលើកំហុសរបស់មិត្តសម្លាញ់ដែលស្មោះត្រង់នោះទេ តែបានធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ពួកគេ។ ជាឧទាហរណ៍ លោកបានអធិដ្ឋានទៅបិតារបស់លោកនៅស្ថានសួគ៌ឲ្យការពារពួកគេពេលមានទុក្ខលំបាក។ (សូមអាន យ៉ូហាន ១៧:១១) លោកយេស៊ូមិនដែលឲ្យពួកគេធ្វើអ្វីដែលហួសពីកម្លាំងរបស់ពួកគេទេ។ (ម៉ាក. ៦:៣០-៣២) ណាមួយទៀត លោកមិនគ្រាន់តែចាប់អារម្មណ៍ចង់ប្រាប់ពួកគេពីគំនិតរបស់លោកតែប៉ុណ្ណោះទេ តែក៏ចង់ស្ដាប់និងចង់យល់អំពីគំនិតនិងអារម្មណ៍របស់ពួកគេដែរ។—ម៉ាថ. ១៦:១៣-១៦; ១៧:២៤-២៦
៨ លោកយេស៊ូបានរស់ហើយស្លាប់ដើម្បីប្រយោជន៍មិត្តសម្លាញ់របស់លោក។ ពិតមែន លោកជ្រាបថាលោកត្រូវស្លាប់ដើម្បីបំពេញតម្រូវការនៃច្បាប់របស់ព្រះ ទើបអាចសមស្របតាមខ្នាតតម្រាយុត្ដិធម៌របស់បិតាលោកនៅស្ថានសួគ៌។ (ម៉ាថ. ២៦:២៧, ២៨; ហេ. ៩:២២, ២៨) ប៉ុន្តែ លោកយេស៊ូបានប្រគល់ជីវិតដើម្បីបង្ហាញក្ដីស្រឡាញ់របស់លោក។ លោកបានមានប្រសាសន៍ថា៖ «គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ច្រើនជាងអ្នកដែលលះបង់ជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួនឡើយ»។—យ៉ូន. ១៥:១៣
ក្នុងនាមជាមិត្តរបស់លោកយេស៊ូ តើអ្នកកាន់តាមលោកធ្វើយ៉ាងណា?
៩, ១០. តើមនុស្សប្រព្រឹត្តយ៉ាងណាចំពោះចិត្តសទ្ធារបស់លោកយេស៊ូ?
៩ លោកយេស៊ូមានចិត្តសទ្ធាក្នុងការប្រើធនធាន ពេលវេលា ហើយក្នុងការបង្ហាញមនោសញ្ចេតនាផងដែរ។ ជាលទ្ធផល មនុស្សមានភាពជិតស្និទ្ធជាមួយលោក ហើយសប្បាយចិត្តប្រើធនធានរបស់ខ្លួនដើម្បីបម្រើលោកវិញ។ (លូក. ៨:១-៣) ដោយបានពិសោធដោយផ្ទាល់ លោកអាចមានប្រសាសន៍ថា៖ «ចូរទម្លាប់ឲ្យគេ ហើយគេនឹងឲ្យអ្នករាល់គ្នា។ ពួកគេនឹងវាល់ឲ្យអ្នកនូវរង្វាល់មួយពេញ ទាំងសង្កត់ រលាក់ និងថែមឲ្យហៀរទៀត រួចចាក់ចូលថ្នក់អាវរបស់អ្នក។ ព្រោះអ្នកវាល់ឲ្យគេប៉ុណ្ណា នោះគេនឹងវាល់ឲ្យអ្នកប៉ុណ្ណឹងដែរ»។—លូក. ៦:៣៨
១០ មនុស្សខ្លះសេពគប់ជាមួយលោកដើម្បីកេងយកប្រយោជន៍ពីលោកតែប៉ុណ្ណោះ។ មិត្តមិនស្មោះត្រង់ទាំងនេះបោះបង់ចោលលោក ពេលពួកគេយល់ខុសពីអ្វីដែលលោកបានមានប្រសាសន៍។ ជាជាងទុកចិត្តនឹងលោកយេស៊ូពេលរឿងនេះកើតឡើង ពួកគេរហ័សសន្និដ្ឋានខុសហើយលែងកាន់តាមលោកតែម្ដង។ ផ្ទុយទៅវិញ ពួកសាវ័កមានភក្ដីភាពចំពោះលោក។ អ្នកដែលធ្វើជាមិត្តរបស់គ្រិស្តច្រើនតែជួបនឹងការសាកល្បង តែពួកគេខំអស់ពីសមត្ថភាពដើម្បីគាំទ្រលោកក្នុងពេលសប្បាយនិងពេលមានទុក្ខ។ (សូមអាន យ៉ូហាន ៦:២៦, ៥៦, ៦០, ៦៦-៦៨) នៅរាត្រីចុងក្រោយរបស់លោកយេស៊ូនៅផែនដី លោកបញ្ជាក់ពីទំហំនៃសេចក្ដីស្រឡាញ់របស់លោកចំពោះមិត្ត ដោយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបាននៅជាប់ជាមួយនឹងខ្ញុំ ពេលដែលខ្ញុំមានទុក្ខលំបាក»។—លូក. ២២:២៨
១១, ១២. តើលោកយេស៊ូបញ្ជាក់យ៉ាងណាឲ្យពួកអ្នកកាន់តាមលោកដឹងថា ពួកគេនៅតែមិត្តរបស់លោក? ហើយដោយដឹងដូចនេះ តើពួកគេបានធ្វើយ៉ាងណា?
១១ មិនយូរក្រោយពីពេលលោកយេស៊ូសរសើរអ្នកកាន់តាមលោកដោយសារពួកគេមានភក្ដីភាព នោះពួកគេបានបោះបង់ចោលលោក។ អស់មួយរយៈខ្លី ពួកគេឲ្យការខ្លាចមនុស្សគ្របសង្កត់ទៅលើក្ដីស្រឡាញ់ដែលពួកគេមានចំពោះគ្រិស្ត។ លោកយេស៊ូបានអភ័យទោសឲ្យពួកគេម្ដងទៀត។ ក្រោយពីលោកទទួលមរណភាព ហើយបានត្រូវប្រោសឲ្យរស់ឡើងវិញ នោះលោកបានលេចមកជួបពួកគេ ព្រមទាំងបញ្ជាក់ឲ្យពួកគេដឹងថាលោកនៅតែជាមិត្តរបស់ពួកគេ។ ម្យ៉ាងទៀត លោកបានប្រគល់កិច្ចការពិសិដ្ឋមួយឲ្យពួកគាត់ ពោលគឺ«បង្រៀនមនុស្សគ្រប់ជាតិសាសន៍»ឲ្យក្លាយទៅជាអ្នកកាន់តាមលោក ហើយធ្វើជាសាក្សីបញ្ជាក់អំពីលោក«រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (ម៉ាថ. ២៨:១៩; សកម្ម. ១:៨) តើពួកអ្នកកាន់តាមលោកយេស៊ូធ្វើយ៉ាងណាចំពោះបង្គាប់នេះ?
១២ ពួកអ្នកកាន់តាមរបស់លោកយេស៊ូបានខំប្រឹងអស់ពីកម្លាំងចិត្តកម្លាំងកាយដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។ ដោយមានការគាំទ្រពីសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា ពួកគេបានផ្សាយសេចក្ដីបង្រៀនរបស់ពួកគេពេញក្រុងយេរូសាឡិមក្នុងមួយរយៈពេលខ្លី។ (សកម្ម. ៥:២៧-២៩) សូម្បីតែមានគេគំរាមចង់សម្លាប់ក៏ដោយ ក៏នេះមិនបានបញ្ឈប់ពួកគេពីការធ្វើតាមបង្គាប់របស់លោកយេស៊ូស្តីអំពីការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ ក្នុងរយៈពេលតែម្ភៃសាមសិបឆ្នាំប៉ុណ្ណោះពីពេលពួកគេទទួលបង្គាប់របស់លោកយេស៊ូ នោះសាវ័កប៉ូលអាចសរសេរថា ដំណឹងល្អបានត្រូវប្រកាស«ក្នុងចំណោមមនុស្សទាំងអស់នៅក្រោមមេឃ»។ (កូឡ. ១:២៣) ត្រូវហើយ អ្នកកាន់តាមទាំងនេះរបស់លោកយេស៊ូបង្ហាញថា ពួកគេឲ្យតម្លៃចំពោះចំណងមិត្តភាពដែលពួកគេមានជាមួយលោក!
១៣. តើអ្នកកាន់តាមលោកយេស៊ូឲ្យក្ដីបង្រៀនរបស់លោកមានឥទ្ធិពលទៅលើពួកគេតាមវិធីណាខ្លះ?
១៣ មនុស្សដែលបានក្លាយទៅជាអ្នកកាន់តាមរបស់លោកយេស៊ូបានឲ្យក្ដីបង្រៀនរបស់លោកមានឥទ្ធិពលទៅលើជីវិតពួកគេ។ សម្រាប់មនុស្សជាច្រើន នេះមានន័យថាពួកគេត្រូវកែប្រែឲ្យខុសគ្នាឆ្ងាយពីមុនស្តីអំពីការប្រព្រឹត្តនិងបុគ្គលិកលក្ខណៈ។ អ្នកកាន់តាមថ្មីខ្លះៗរបស់លោកយេស៊ូធ្លាប់ជាអ្នករួមភេទជាមួយមនុស្សដែលមានភេទដូចគ្នា អ្នកផិតក្បត់ អ្នកប្រមឹកស្រា ឬជាចោរ។ (១កូ. ៦:៩-១១) មនុស្សឯទៀតត្រូវផ្លាស់ប្ដូរចិត្តគំនិតរបស់ខ្លួនចំពោះមនុស្សដែលមកពីសាសន៍ផ្សេង។ (សកម្ម. ១០:២៥-២៨) ទោះជាយ៉ាងណាក៏ដោយ ពួកគេបានស្ដាប់តាមលោកយេស៊ូ។ ពួកគេបានដោះចេញបុគ្គលិកលក្ខណៈចាស់ ហើយបានពាក់បុគ្គលិកលក្ខណៈថ្មី។ (អេភ. ៤:២០-២៤) ពួកគេបានស្គាល់ច្បាស់នូវ«ចិត្តគំនិតរបស់គ្រិស្ត» ថែមទាំងយល់ហើយយកតម្រាប់តាមរបៀបដែលលោកគិតនិងប្រព្រឹត្ត។—១កូ. ២:១៦
ចំណងមិត្តភាពជាមួយគ្រិស្តនៅបច្ចុប្បន្ន
១៤. តើលោកយេស៊ូបានសន្យាថា លោកនឹងធ្វើអ្វីក្នុងអំឡុង«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»?
១៤ ពួកគ្រិស្តសាសនិកជាច្រើននៅសតវត្សរ៍ទី១ធ្លាប់ស្គាល់លោកយេស៊ូ ឬបានឃើញលោកក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ យើងមិនមានឯកសិទ្ធិពិសេសជួបលោកយេស៊ូដូចពួកគេទេ។ ដូច្នេះ តើយើងអាចក្លាយទៅជាមិត្តសម្លាញ់របស់គ្រិស្តបានយ៉ាងណា? វិធីមួយគឺដោយស្ដាប់តាមការណែនាំដែលយើងទទួលពីក្រុមនៃខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ជាបងប្អូនរបស់គ្រិស្តដែលបានត្រូវរើសតាំងដោយសកម្មពលរបស់ព្រះ ហើយដែលរស់នៅផែនដីនៅឡើយ។ លោកយេស៊ូបានសន្យាថា ក្នុងអំឡុង«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក» នោះលោកនឹងតែងតាំងក្រុមនៃខ្ញុំបម្រើនេះឲ្យមើលការខុសត្រូវ«លើទ្រព្យសម្បត្ដិទាំងអស់របស់លោក»។ (ម៉ាថ. ២៤:៣, ៤៥-៤៧) សព្វថ្ងៃ មនុស្សភាគច្រើនដែលខំធ្វើជាមិត្តសម្លាញ់របស់គ្រិស្ត មិនរួមចំណែកក្នុងក្រុមនៃខ្ញុំបម្រើនេះទេ។ តើការប្រព្រឹត្តរបស់ពួកគេចំពោះការណែនាំពីក្រុមនៃខ្ញុំបម្រើដ៏ស្មោះត្រង់ មានអានុភាពយ៉ាងណាទៅលើមិត្តភាពរបស់ពួកគេជាមួយគ្រិស្ត?
១៥. តើអ្វីជួយសម្គាល់មនុស្សដែលមានលក្ខណៈដូចចៀមឬពពែ?
១៥ សូមអាន ម៉ាថាយ ២៥:៣១-៤០។ លោកយេស៊ូបានហៅអ្នកដែលស្ថិតក្នុងចំណោមក្រុមនៃខ្ញុំបម្រើដ៏ស្មោះត្រង់ថាបងប្អូនរបស់លោក។ ក្នុងរឿងប្រៀបប្រដូចអំពីការញែកចៀមចេញពីពពែ នោះលោកយេស៊ូបញ្ជាក់យ៉ាងច្បាស់ថា លោកចាត់ទុករបៀបដែលយើងប្រព្រឹត្តទៅលើបងប្អូនរបស់លោក គឺដូចជាយើងប្រព្រឹត្តទៅលើលោកផ្ទាល់។ តាមពិត អ្វីដែលសម្គាល់មនុស្សដែលមានលក្ខណៈដូចចៀមឬពពែ គឺរបៀបដែលគាត់ប្រព្រឹត្តទៅលើ«អ្នកតូចបំផុតក្នុងពួកបងប្អូនរបស់[លោក]»។ ដូច្នេះហើយ វិធីចម្បងមួយដែលអស់អ្នកមានក្ដីសង្ឃឹមរស់នៅផែនដីអាចបង្ហាញក្ដីប្រាថ្នាធ្វើជាមិត្តសម្លាញ់របស់គ្រិស្តគឺ ដោយគាំទ្រក្រុមនៃខ្ញុំបម្រើដ៏ស្មោះត្រង់។
១៦, ១៧. តើយើងអាចបង្ហាញថាយើងជាមិត្តសម្លាញ់របស់បងប្អូនគ្រិស្តយ៉ាងដូចម្ដេច?
១៦ ប្រសិនបើអ្នកសង្ឃឹមរស់នៅផែនដីក្រោមការគ្រប់គ្រងរបស់រាជាណាចក្រព្រះ តើអ្នកអាចបង្ហាញថាអ្នកជាមិត្តសម្លាញ់របស់បងប្អូនគ្រិស្តយ៉ាងដូចម្ដេច? សូមឲ្យយើងពិនិត្យមើលវិធីបីយ៉ាង។ ទី១ ដោយចូលរួមក្នុងកិច្ចផ្សព្វផ្សាយយ៉ាងស្មោះអស់ពីចិត្ត។ គ្រិស្តបានបង្គាប់បងប្អូនរបស់លោកឲ្យផ្សព្វផ្សាយដំណឹងល្អទូទាំងពិភពលោក។ (ម៉ាថ. ២៤:១៤) ក៏ប៉ុន្តែ នៅសព្វថ្ងៃ បងប្អូនរបស់គ្រិស្តដែលមិនទាន់ឡើងទៅស្ថានសួគ៌ពិបាកបំពេញភារកិច្ចនោះ បើគ្មានជំនួយពីពួកចៀមឯទៀតដែលជាគូកនរបស់ពួកគេ។ តាមពិត រាល់ដងដែលសមាជិកនៃពួកចៀមឯទៀតចូលរួមក្នុងកិច្ចផ្សព្វផ្សាយ នោះពួកគេជួយបងប្អូនរបស់គ្រិស្តឲ្យសម្រេចកិច្ចការពិសិដ្ឋនេះ។ ពេលយើងដែលជាមិត្តសម្លាញ់របស់ក្រុមនៃខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ផ្ដល់ជំនួយដល់ពួកគេ ពួកគេនិងគ្រិស្តឲ្យតម្លៃណាស់ចំពោះជំនួយនោះ។
១៧ វិធីទី២ដែលមនុស្សពីក្រុមចៀមឯទៀតអាចជួយបងប្អូនរបស់គ្រិស្ត គឺដោយគាំទ្រកិច្ចផ្សព្វផ្សាយតាមរយៈការផ្ដល់ថវិកា។ លោកយេស៊ូបានលើកទឹកចិត្តអ្នកកាន់តាមរបស់លោកឲ្យប្រើ«ទ្រព្យនៃពិភពលោកទុច្ចរិតនេះ»ប្រយោជន៍ឲ្យបានមិត្តភក្ដិ។ (លូក. ១៦:៩) យើងមិនអាចយកលុយទៅប្ដូរដើម្បីឲ្យបានមិត្តភាពជាមួយលោកយេស៊ូឬព្រះយេហូវ៉ាទេ។ ផ្ទុយទៅវិញ ដោយប្រើទ្រព្យសម្បត្ដិរបស់យើងដើម្បីចម្រើនផលប្រយោជន៍នៃរាជាណាចក្ររបស់ព្រះ នោះយើងបង្ហាញថាយើងជាមិត្តនិងសឲ្យឃើញក្ដីស្រឡាញ់របស់យើង មិនគ្រាន់តែតាមពាក្យសម្ដីប៉ុណ្ណោះទេ តែដោយ«ការប្រព្រឹត្តនិងដោយសេចក្ដីពិត»។ (១យ៉ូន. ៣:១៦-១៨) យើងជួយឧបត្ថម្ភជាលុយកាក់ ដោយចូលរួមក្នុងកិច្ចផ្សព្វផ្សាយ ដោយបរិច្ចាគលុយដើម្បីសាងសង់ឬថែទាំកន្លែងគោរពបូជារបស់យើង ហើយដោយផ្ដល់វិភាគទានសម្រាប់កិច្ចផ្សព្វផ្សាយទូទាំងពិភពលោក។ មិនថាយើងជូនវិភាគទានតិចឬច្រើនក៏ដោយ ទាំងព្រះយេហូវ៉ាទាំងលោកយេស៊ូពិតជាឲ្យតម្លៃពេលយើងផ្ដល់ដោយចិត្តសប្បាយ។—២កូ. ៩:៧
១៨. ហេតុអ្វីគប្បីឲ្យយើងស្ដាប់តាមការណែនាំរបស់ពួកអ្នកចាស់ទុំដែលមានមូលដ្ឋានលើគម្ពីរ?
១៨ វិធីទី៣ដែលយើងទាំងអស់គ្នាបញ្ជាក់ថាយើងជាមិត្តសម្លាញ់របស់គ្រិស្ត គឺដោយសហការគ្នាជាមួយពួកអ្នកចាស់ទុំក្នុងក្រុមជំនុំនិងធ្វើតាមការណែនាំរបស់ពួកគេ។ បុរសទាំងនេះបានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធក្រោមការណែនាំរបស់គ្រិស្ត។ (អេភ. ៥:២៣) សាវ័កប៉ូលបានសរសេរថា៖ «ចូរស្ដាប់បង្គាប់ហើយចុះចូលនឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នា»។ (ហេ. ១៣:១៧) ជួនកាល យើងប្រហែលជាពិបាកធ្វើតាមការណែនាំដែលពួកអ្នកចាស់ទុំឲ្យពីគម្ពីរ។ យើងទំនងជាដឹងអំពីភាពមិនល្អឥតខ្ចោះរបស់ពួកគាត់ ហើយនេះអាចធ្វើឲ្យយើងមានទស្សនៈខុសចំពោះដំបូន្មានរបស់ពួកគាត់។ ប៉ុន្តែ គ្រិស្តដែលជាប្រមុខនៃក្រុមជំនុំ ពេញចិត្តប្រើបុរសមិនល្អឥតខ្ចោះទាំងនេះ។ ដូច្នេះហើយ របៀបដែលយើងប្រព្រឹត្តតបចំពោះអំណាចរបស់ពួកគាត់ មានឥទ្ធិពលលើចំណងមិត្តភាពរបស់យើងជាមួយគ្រិស្ត។ ពេលយើងមិនប្រកាន់កំហុសរបស់ពួកអ្នកចាស់ទុំ ហើយធ្វើតាមការណែនាំរបស់ពួកគាត់ដោយរីករាយ នោះយើងបញ្ជាក់ថាយើងស្រឡាញ់គ្រិស្ត។
តើយើងអាចរកមិត្តល្អនៅឯណា?
១៩, ២០. ក្នុងក្រុមជំនុំ តើយើងអាចរកបានអ្វី? ហើយតើយើងនឹងពិភាក្សាអ្វីនៅអត្ថបទបន្ទាប់?
១៩ លោកយេស៊ូនៅតែថែរក្សាយើង មិនគ្រាន់តែតាមរយៈពួកអ្នកចាស់ទុំដែលប្រកបដោយក្ដីស្រឡាញ់ប៉ុណ្ណោះទេ តែលោកក៏ផ្ដល់ឲ្យយើងមានបងប្អូនរួមជំនឿក្នុងក្រុមជំនុំដែលប្រៀបដូចជាម្ដាយ និងបងប្អូនប្រុសស្រី។ (សូមអាន ម៉ាកុស ១០:២៩, ៣០) ពេលអ្នកចាប់ផ្ដើមសេពគប់ជាមួយបងប្អូនរួមជំនឿដែលមានក្នុងអង្គការរបស់ព្រះយេហូវ៉ា តើញាតិសន្ដានរបស់អ្នកមានអារម្មណ៍យ៉ាងណា? យើងសង្ឃឹមថា ពួកគាត់គាំទ្រការព្យាយាមរបស់អ្នកដើម្បីអ្នកមានភាពជិតស្និទ្ធជាមួយព្រះនិងគ្រិស្ត។ ប៉ុន្តែ លោកយេស៊ូបានព្រមានថា ជួនកាល«សត្រូវរបស់មនុស្ស នឹងមកពីពួកអ្នកដែលនៅក្នុងផ្ទះជាមួយនឹងពួកគេ»។ (ម៉ាថ. ១០:៣៦) ពិតជាធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលណាស់ដោយដឹងថា ក្នុងក្រុមជំនុំយើងអាចមានបងប្អូនរួមជំនឿដែលនឹងរួមសុខទុក្ខឬនៅជាប់ជាមួយយើងជាងបងប្អូនបង្កើតទៅទៀត!—សុភ. ១៨:២៤
២០ នៅទីបញ្ចប់នៃសំបុត្ររបស់ប៉ូលទៅក្រុមជំនុំនៅក្រុងរ៉ូម គាត់បានផ្ដាំសួរសុខទុក្ខបងប្អូនផ្សេងៗ ហើយនេះបញ្ជាក់ថា គាត់មានមិត្តភក្ដិជិតស្និទ្ធជាច្រើន។ (រ៉ូម ១៦:៨-១៦) សាវ័កយ៉ូហានបានសរសេរបញ្ចប់សំបុត្រទី៣របស់គាត់ដោយថា៖ «ខ្ញុំក៏សូមសួរសុខទុក្ខមិត្តម្នាក់ៗនៅទីនោះ»។ (៣យ៉ូន. ១៤) ច្បាស់ហើយ គាត់ក៏មានចំណងមិត្តភាពដែលស្ថិតស្ថេរយូរអង្វែងជាមួយបងប្អូនរួមជំនឿ។ តើយើងអាចធ្វើឲ្យមានមិត្តភាពជាមួយបងប្អូនរួមជំនឿ ហើយរក្សាឲ្យមានភាពជិតស្និទ្ធជាមួយគ្នា តាមគំរូរបស់លោកយេស៊ូនិងអ្នកកាន់តាមលោកនៅសម័យដើមយ៉ាងដូចម្ដេច? អត្ថបទបន្ទាប់នឹងពិភាក្សាចម្លើយចំពោះសំណួរនេះ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើលោកយេស៊ូទុកគំរូអ្វីឲ្យយើងស្តីអំពីការធ្វើជាមិត្តសម្លាញ់ល្អ?
• តើពួកអ្នកកាន់តាមរបស់លោកយេស៊ូប្រព្រឹត្តយ៉ាងណាដោយសារពួកគេមានមិត្តភាពជាមួយលោក?
• តើយើងអាចបញ្ជាក់ថាយើងជាមិត្តសម្លាញ់របស់គ្រិស្តយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ២១]
លោកយេស៊ូចាប់អារម្មណ៍នឹងអ្វីដែលមិត្តសម្លាញ់របស់លោកគិតហើយអារម្មណ៍របស់ពួកគេដែរ
[រូបភាពនៅទំព័រ២២]
តើយើងអាចបង្ហាញថា យើងចង់ធ្វើជាមិត្តសម្លាញ់របស់គ្រិស្តយ៉ាងណា?