អត្ថបទអំពីក្របទស្សនាវដ្ដី
ពេលមនុស្សជាទីស្រឡាញ់ស្លាប់
«ព្រះជ្រាបអ្វីដែលល្អបំផុតសម្រាប់គាត់ . . . កុំ . . . យំអី . . . អូន»។
មិត្តភក្ដិម្នាក់បាននិយាយពាក្យទាំងនេះប្រាប់ប៊ីប៊ី ពេលនាងនៅក្នុងពិធីបុណ្យសពឪពុកនាងដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ។
ប៊ីប៊ីជិតស្និទ្ធខ្លាំងណាស់ជាមួយនឹងឪពុក។ មិត្តភក្ដិនាងបាននិយាយពាក្យទាំងនោះក្នុងបំណងសម្រាលទុក្ខនាង តែបែរជាធ្វើឲ្យនាងកើតទុក្ខកាន់តែខ្លាំង។ ប៊ីប៊ីនិយាយប្រាប់ខ្លួនឯងម្ដងហើយម្ដងទៀតថា៖ «ការស្លាប់របស់ប៉ាខ្ញុំមិនមែនជាអ្វីដែលល្អបំផុតនោះទេ»។ ច្រើនឆ្នាំក្រោយមក ប៊ីប៊ីបានរៀបរាប់អំពីរឿងដែលបានកើតឡើងនោះក្នុងសៀវភៅមួយដែលនាងនិពន្ធ។ នេះបង្ហាញថានាងនៅតែកើតទុក្ខនៅឡើយ។
ប៊ីប៊ីយល់ឃើញថា អ្នកខ្លះត្រូវការពេលវេលាយូរដើម្បីធ្វើចិត្ត ជាពិសេសពេលបាត់បង់មនុស្សដែលជិតស្និទ្ធបំផុត។ គម្ពីរហៅសេចក្ដីស្លាប់ថាជា«សត្រូវចុងក្រោយ»។ (កូរិនថូសទី១ ១៥:២៦) សេចក្ដីស្លាប់អាចកើតឡើងពេលណាក៏បាន ហើយគ្មានអ្វីអាចរារាំងវាបានឡើយ វាច្រើនតែកើតឡើងពេលដែលយើងមិនបានត្រៀមខ្លួនសោះ ហើយកញ្ឆក់យកជីវិតមនុស្សជាទីស្រឡាញ់របស់យើងភ្លាមៗ។ គ្មានយើងណាម្នាក់អាចគេចផុតពីការឈឺចាប់ដែលមកពីសេចក្ដីស្លាប់បានទេ។ ដូច្នេះ ជាការធម្មតាដែលយើងមិនដឹងធ្វើយ៉ាងណា ពេលមនុស្សជាទីស្រឡាញ់បានស្លាប់។
អ្នកប្រហែលជាឆ្ងល់ថា ‹តើខ្ញុំត្រូវការពេលយូរប៉ុនណាដើម្បីធ្វើចិត្ត? តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីរសាយទុក្ខ? តើតាមរបៀបណាខ្ញុំអាចសម្រាលទុក្ខអ្នកដែលកើតទុក្ខ? តើមានសេចក្ដីសង្ឃឹមសម្រាប់មនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅឬទេ?›។