លោកស្រឡាញ់មនុស្ស
«ខ្ញុំពេញចិត្តយ៉ាងខ្លាំងនឹងមនុស្សជាតិ»។—សុភាសិត ៨:៣១, ព.ថ.
១, ២. តើតាមរបៀបណាលោកយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះមនុស្សជាតិ?
បុត្រច្បងរបស់ព្រះគឺជាគំរូដ៏ល្អប្រសើរដែលបង្ហាញអំពីប្រាជ្ញាដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា ហើយលោកក៏ជា«មេជាង»របស់បិតាលោកដែរ។ សូមស្រមៃគិតថាលោកយេស៊ូសប្បាយចិត្តនិងស្កប់ចិត្តយ៉ាងណា កាលដែលបិតារបស់លោកបាន«ប្រតិស្ឋានផ្ទៃមេឃ»និង«បានកំណត់រាងឫសនៃផែនដី»។ ប៉ុន្តែក្នុងចំណោមអ្វីៗទាំងអស់ដែលបិតារបស់លោកបានបង្កើត លោកយេស៊ូ«ពេញចិត្តយ៉ាងខ្លាំងនឹងមនុស្សជាតិ»។ (សុភាសិត ៨:២២-៣១; ព.ថ.) មែនហើយ លោកបានស្រឡាញ់មនុស្សតាំងពីដើមដំបូង។
២ ក្រោយមក លោកយេស៊ូបានបង្ហាញភក្ដីភាពនិងសេចក្ដីស្រឡាញ់ចំពោះបិតារបស់លោក ហើយបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដល់មនុស្សទាំងអស់ដោយសុខចិត្តចាកចេញពីស្ថានសួគ៌មកផែនដីដើម្បីកើតជាមនុស្ស។ ដោយសេចក្ដីស្រឡាញ់ លោកយេស៊ូបានធ្វើដូច្នេះដើម្បីលោកអាចឲ្យជីវិតរបស់លោក«ជាថ្លៃលោះមនុស្សជាច្រើន»។ (ម៉ាថាយ ២០:២៨; ភីលីព ២:៥-៨) កាលដែលលោកយេស៊ូនៅផែនដី ព្រះបានឲ្យលោកនូវឫទ្ធានុភាពដើម្បីធ្វើអព្ភូតហេតុ។ ការអស្ចារ្យទាំងនោះបង្ហាញថាលោកយេស៊ូស្រឡាញ់មនុស្សយ៉ាងខ្លាំង ហើយក៏បង្ហាញអំពីអ្វីៗដ៏អស្ចារ្យដែលលោកនឹងធ្វើសម្រាប់មនុស្សជាតិនៅពេលឆាប់ៗខាងមុខនេះដែរ។
៣. តើយើងនឹងពិចារណាអ្វីនៅអត្ថបទនេះ?
៣ កាលដែលលោកយេស៊ូនៅផែនដី លោកក៏បានផ្សព្វផ្សាយ«ដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ»ដែរ។ (លូកា ៤:៤៣) លោកដឹងថារាជាណាចក្រនេះនឹងធ្វើឲ្យនាមរបស់បិតាលោកបានបរិសុទ្ធ ហើយក៏នឹងដោះស្រាយបញ្ហារបស់មនុស្សជាតិជារៀងរហូតផងដែរ។ កាលដែលលោកយេស៊ូផ្សព្វផ្សាយ លោកបានធ្វើអព្ភូតហេតុជាច្រើន។ ការអស្ចារ្យទាំងនោះបានបង្ហាញថាលោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សទាំងអស់។ ហេតុអ្វីនេះសំខាន់ចំពោះយើង? ពីព្រោះអ្វីដែលលោកបានធ្វើផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមនិងទំនុកចិត្តចំពោះអនាគត។ ដូច្នេះសូមឲ្យយើងពិចារណាអព្ភូតហេតុបួនដែលលោកយេស៊ូបានធ្វើ។
‹លោកមានឫទ្ធានុភាពដើម្បីធ្វើឲ្យមនុស្សជាសះស្បើយ›
៤. តើអ្វីបានកើតឡើងពេលលោកយេស៊ូបានជួបបុរសម្នាក់ដែលកើតជំងឺឃ្លង់?
៤ ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ លោកបានទៅស្រុកមួយឈ្មោះកាលីឡេ។ នៅក្រុងមួយនៅទីនោះ លោកបានជួបបុរសម្នាក់ដែលកើតជំងឺដ៏អាក្រក់ គឺជំងឺឃ្លង់។ (ម៉ាកុស ១:៣៩, ៤០) បុរសនោះមានជំងឺធ្ងន់ដល់ម្ល៉េះបានជាគ្រូពេទ្យលូកាបានរៀបរាប់អំពីគាត់ថា គាត់«កើតឃ្លង់ពេញខ្លួន»។ (លូកា ៥:១២) គម្ពីរចែងថាពេលបុរសដែលមានជំងឺនោះបានឃើញលោកយេស៊ូ គាត់បាន«ក្រាបក្បាលដល់ដី រួចអង្វរលោកថា៖ ‹លោកម្ចាស់ បើលោកចង់ធ្វើឲ្យខ្ញុំជាស្អាត លោកអាចធ្វើបាន›»។ បុរសនោះដឹងថាលោកយេស៊ូមានឫទ្ធានុភាពដើម្បីធ្វើឲ្យគាត់ជាសះស្បើយ ប៉ុន្តែគាត់ត្រូវដឹងថាលោកយេស៊ូចង់ធ្វើឲ្យគាត់ជាសះស្បើយ ឬយ៉ាងណា។ ហេតុអ្វី? ដោយសារបុរសនោះធ្លាប់ដឹងថាពួកផារិស៊ីមើលងាយមនុស្សកើតឃ្លង់។ ប៉ុន្តែតើលោកយេស៊ូបានគិតយ៉ាងណា? ពេលបុរសដែលទំនងជាមានស្បែករលួយរលេះ និងខូចដៃខូចជើងបានដើរមករកលោកយេស៊ូ តើលោកនឹងប្រព្រឹត្តយ៉ាងណា? បើអ្នកនៅក្នុងស្ថានភាពបែបនោះវិញ តើអ្នកនឹងធ្វើយ៉ាងណា?
៥. ហេតុអ្វីលោកយេស៊ូចង់ធ្វើឲ្យបុរសដែលកើតជំងឺឃ្លង់នោះជាសះស្បើយ?
៥ តាមមើលទៅ បុរសដែលមានជំងឺនោះមិនបានស្រែកថា«ខ្ញុំស្មោកគ្រោកៗ!»ដូចដែលច្បាប់របស់ម៉ូសេបានតម្រូវឡើយ។ (លេវីវិន័យ ១៣:៤៣-៤៦) ប៉ុន្តែ លោកយេស៊ូមិនបានខឹងនឹងបុរសនោះទេ ផ្ទុយទៅវិញលោកបានយកចិត្តទុកដាក់ចំពោះគាត់ ហើយចង់ជួយគាត់។ យើងមិនដឹងច្បាស់អំពីអ្វីដែលលោកយេស៊ូបានគិតនៅពេលនោះទេ ប៉ុន្តែយើងស្គាល់អារម្មណ៍របស់លោក។ លោកអាណិតបុរសនោះខ្លាំងដល់ម្ល៉េះបានជាលោកបានធ្វើអព្ភូតហេតុមួយ។ លោកបានពាល់បុរសនោះ ជាអ្វីដែលគ្មានអ្នកណាផ្សេងទៀតចង់ធ្វើឡើយ។ ដោយមានទំនុកចិត្តនិងសេចក្ដីមេត្ដាករុណា លោកយេស៊ូបានមានប្រសាសន៍ថា៖ «ខ្ញុំចង់ធ្វើឲ្យអ្នកជាស្អាតមែន។ សូមឲ្យជាស្អាតចុះ»។ ក្រោយមក «ជំងឺឃ្លង់បានបាត់ពីខ្លួនគាត់ទៅ»។ (លូកា ៥:១៣) ព្រះយេហូវ៉ាច្បាស់ជាបានឲ្យលោកយេស៊ូនូវឫទ្ធានុភាពដើម្បីធ្វើអព្ភូតហេតុដ៏អស្ចារ្យនេះ ហើយលោកចង់បង្ហាញថាលោកស្រឡាញ់មនុស្សយ៉ាងខ្លាំង។—លូកា ៥:១៧
៦. តើមានអ្វីគួរឲ្យចាប់អារម្មណ៍ស្តីអំពីអព្ភូតហេតុដែលលោកយេស៊ូបានធ្វើ ហើយតើការអស្ចារ្យទាំងនេះបង្ហាញអំពីអ្វី?
៦ ដោយមានឫទ្ធានុភាពរបស់ព្រះ លោកយេស៊ូអាចធ្វើអព្ភូតហេតុដ៏អស្ចារ្យជាច្រើន។ លោកមិនគ្រាន់តែធ្វើឲ្យមនុស្សដែលកើតជំងឺឃ្លង់បានជាសះស្បើយប៉ុណ្ណោះទេ។ លោកយេស៊ូក៏បានធ្វើឲ្យមនុស្សជាច្រើនដែលកើតជំងឺផ្សេងៗទៀតជាសះស្បើយដែរ។ គម្ពីរប្រាប់ថាបណ្ដាជនបាននឹកអស្ចារ្យក្នុងចិត្ត ពេលពួកគេបាន«ឃើញមនុស្សគកំពុងនិយាយ មនុស្សខ្វិនកំពុងដើរ ហើយមនុស្សងងឹតភ្នែកកំពុងមើលឃើញ»។ (ម៉ាថាយ ១៥:៣១) ពេលលោកយេស៊ូធ្វើឲ្យមនុស្សណាម្នាក់ជាសះស្បើយ លោកមិនត្រូវការមនុស្សដែលមានសុខភាពល្អមកបរិច្ចាគសរីរាង្គរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ លោកយេស៊ូមានឫទ្ធានុភាពដើម្បីធ្វើឲ្យអវយវៈដែលមានជំងឺជាសះស្បើយ។ ម្យ៉ាងទៀត លោកបានធ្វើឲ្យមនុស្សជាសះស្បើយភ្លាមៗ នៅពេលខ្លះសូម្បីតែពួកអ្នកដែលនៅឆ្ងាយពីលោក ក៏លោកធ្វើឲ្យពួកគេជាសះស្បើយភ្លាមៗដែរ។ (យ៉ូហាន ៤:៤៦-៥៤) តើកំណត់ហេតុដ៏អស្ចារ្យទាំងនេះបង្ហាញអំពីអ្វី? នេះបង្ហាញថាលោកយេស៊ូគ្រិស្តដែលជាស្តេចរបស់យើង មានឫទ្ធានុភាពនិងមានចិត្តចង់បំបាត់ចោលជំងឺទាំងអស់ជារៀងរហូត។ ពេលយើងរៀនអំពីរបៀបដែលលោកយេស៊ូបានប្រព្រឹត្តចំពោះមនុស្ស នោះផ្ដល់ឲ្យយើងនូវទំនុកចិត្តថាក្នុងពិភពលោកថ្មី លោក«នឹងមានសេចក្ដីអាណិតមេត្ដា ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត»។ (ទំនុកតម្កើង ៧២:១៣) ដោយសារលោកយេស៊ូពិតជាចង់ធ្វើឲ្យមនុស្សទាំងអស់ដែលរងទុក្ខជាសះស្បើយ នោះលោកនឹងធ្វើដូច្នេះ។
«ចូរងើបឡើង យកគ្រែស្នែងរបស់អ្នក ហើយដើរទៅ»
៧, ៨. សូមរៀបរាប់អំពីអ្វីដែលបានកើតឡើងមុនលោកយេស៊ូបានជួបបុរសដែលឈឺម្នាក់នៅអាងទឹកបេតសាថា។
៧ ប៉ុន្មានខែក្រោយពីលោកយេស៊ូបានធ្វើឲ្យបុរសដែលកើតជំងឺឃ្លង់នោះបានជាសះស្បើយ លោកបានធ្វើដំណើរពីស្រុកកាលីឡេទៅតំបន់យូឌា ហើយបន្តផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។ នៅទីនោះ ទំនងជាមានមនុស្សរាប់ពាន់នាក់ដែលបានឮដំណឹងដែលលោកយេស៊ូបានផ្សាយ ហើយដែលមានអារម្មណ៍ថាលោកស្រឡាញ់ពួកគេ។ លោកយេស៊ូពិតជាចង់សម្រាលទុក្ខមនុស្សក្រីក្រនិងមនុស្សដែលត្រូវគេជិះជាន់ ហើយផ្ដល់សេចក្ដីសង្ឃឹមឲ្យពួកគេ។—អេសាយ ៦១:១, ២; លូកា ៤:១៨-២១
៨ នៅខែណែសាន លោកយេស៊ូបានធ្វើដំណើរទៅក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យរំលង។ ក្រុងនោះមានមនុស្សកុះករដែលបានមកពិធីបុណ្យពិសេសនោះ។ នៅភាគខាងជើងនៃវិហារមានអាងទឹកមួយដែលបានត្រូវហៅថាបេតសាថា នៅទីនោះលោកយេស៊ូបានជួបបុរសម្នាក់ដែលមិនអាចដើរបាន។
៩, ១០. (ក) ហេតុអ្វីបណ្ដាជនទៅអាងទឹកបេតសាថា? (ខ) តើលោកយេស៊ូបានធ្វើអ្វីនៅអាងទឹកនោះ ហើយតើនេះបង្រៀនយើងអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)
៩ បណ្ដាជនដែលឈឺបានទៅបេតសាថា។ ហេតុអ្វី? ពីព្រោះពួកគេគិតថាមនុស្សឈឺអាចជាសះស្បើយបានដោយអព្ភូតហេតុ ប្រសិនបើពួកគេចូលក្នុងអាងទឹកនោះកាលដែលទឹកកំពុងកម្រើក។ សូមស្រមៃគិតថានៅទីនោះប្រាកដជាមានភាពច្របូកច្របល់យ៉ាងខ្លាំង ដោយសារមានមនុស្សជាច្រើនទាល់ច្រក អន្ទះសា និងអស់សង្ឃឹមដែលចង់ជាសះស្បើយ។ លោកយេស៊ូជាមនុស្សល្អឥតខ្ចោះ ហើយលោកច្បាស់ជាមិនត្រូវការការព្យាបាលទេ ដូច្នេះហេតុអ្វីលោកបាននៅទីនោះ? ដោយសារលោកស្រឡាញ់មនុស្ស។ ម្យ៉ាងទៀតគឺនៅទីនោះដែលលោកយេស៊ូបានជួបបុរសម្នាក់ដែលឈឺអស់រយៈពេលយូរជាងរយៈពេលដែលលោកយេស៊ូរស់នៅផែនដីទៅទៀត។—សូមអាន យ៉ូហាន ៥:៥-៩
លោកយេស៊ូបានស្វែងរកមនុស្សដែលត្រូវការជំនួយ
១០ លោកយេស៊ូបានសួរបុរសនោះថាគាត់ចង់ជាសះស្បើយ ឬយ៉ាងណា។ សូមស្រមៃគិតអំពីទុក្ខព្រួយរបស់បុរសនោះ ពេលគាត់បានប្រាប់លោកយេស៊ូថាគាត់ចង់ជាសះស្បើយ ប៉ុន្តែគាត់មិនអាចជាបាន ដោយសារគ្មានអ្នកណាជួយនាំគាត់ចូលក្នុងអាងទឹកនោះឡើយ។ បន្ទាប់មក លោកយេស៊ូបានប្រាប់បុរសនោះឲ្យធ្វើអ្វីដែលគាត់គិតថាមិនអាចទៅរួច ដោយប្រាប់គាត់ឲ្យយកគ្រែស្នែងរបស់គាត់ ហើយដើរទៅ។ ដូច្នេះបុរសនោះបានយកគ្រែស្នែងរបស់គាត់ ហើយចាប់ផ្ដើមដើរ! អព្ភូតហេតុនេះគឺជាភ័ស្តុតាងដ៏អស្ចារ្យដែលបង្ហាញអំពីអ្វីដែលលោកយេស៊ូនឹងធ្វើនៅក្នុងពិភពលោកថ្មី ហើយនេះក៏បង្ហាញដែរថាលោកមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះមនុស្ស។ លោកបានស្វែងរកមនុស្សដែលត្រូវការជំនួយ។ គំរូរបស់លោកយេស៊ូគួរតែជំរុញចិត្តយើងឲ្យបន្តស្វែងរកមនុស្សនៅក្នុងតំបន់ផ្សាយរបស់យើងដែលធ្លាក់ទឹកចិត្តដោយសារអ្វីៗដ៏អាក្រក់ដែលកំពុងកើតឡើងក្នុងពិភពលោកនេះ។
«តើអ្នកណាបានពាល់សម្លៀកបំពាក់ក្រៅរបស់ខ្ញុំ?»
១១. តើកំណត់ហេតុនៅម៉ាកុស ៥:២៥-៣៤ បង្ហាញយ៉ាងណាថាលោកយេស៊ូស្រឡាញ់មនុស្សដែលឈឺ?
១១ សូមអាន ម៉ាកុស ៥:២៥-៣៤។ ស្ត្រីម្នាក់បានរងទុក្ខពីជំងឺដែលគួរឲ្យខ្មាសអស់រយៈពេល១២ឆ្នាំ។ ជំងឺរបស់គាត់បានមានឥទ្ធិពលលើគ្រប់ផ្នែកក្នុងជីវិតរបស់គាត់ រួមទាំងការគោរពប្រណិប័តន៍របស់គាត់។ គាត់បានទៅជួបគ្រូពេទ្យជាច្រើននាក់ ហើយបានចំណាយលុយទាំងអស់របស់គាត់ដើម្បីឲ្យបានជាសះស្បើយ ប៉ុន្តែជំងឺរបស់គាត់កាន់តែធ្ងន់។ ថ្ងៃមួយ ស្ត្រីនោះនឹកឃើញវិធីផ្សេងដើម្បីឲ្យគាត់ជាសះស្បើយ ដូច្នេះគាត់បានដើរចូលទៅក្នុងចំណោមមនុស្សមួយក្រុមធំ ហើយបានពាល់សម្លៀកបំពាក់របស់លោកយេស៊ូ។ (លេវីវិន័យ ១៥:១៩, ២៥) ពេលលោកយេស៊ូដឹងថាមានថាមពលចេញពីខ្លួនលោក នោះលោកបានសួរថាអ្នកណាបានពាល់លោក។ ស្ត្រីនោះបាន«មកក្រាបនៅមុខលោកទាំងភ័យញាប់ញ័រ រួចបានជម្រាបលោកពីការពិតទាំងអស់»។ លោកយេស៊ូដឹងថាព្រះយេហូវ៉ាបានធ្វើឲ្យស្ត្រីនោះជាសះស្បើយ ដូច្នេះលោកបានមានប្រសាសន៍ទៅគាត់ដោយសប្បុរសថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាហើយ។ សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខចុះ ហើយសូមឲ្យនាងបានជាសះស្បើយពីជំងឺដែលបានធ្វើឲ្យរងទុក្ខ»។
១២. (ក) យោងទៅតាមអ្វីដែលយើងបានរៀន តើអ្នកនឹងរៀបរាប់យ៉ាងណាអំពីលោកយេស៊ូ? (ខ) តើលោកយេស៊ូបានទុកគំរូអ្វីសម្រាប់យើង?
១២ យើងពិតជាកក់ក្ដៅក្នុងចិត្ត ពេលដែលយើងឃើញថាលោកយេស៊ូមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះមនុស្ស ជាពិសេសចំពោះពួកអ្នកដែលឈឺ។ នេះគឺខុសគ្នាឆ្ងាយពីសាថាន ដែលព្យាយាមធ្វើឲ្យយើងជឿថាយើងគ្មានតម្លៃ ហើយគ្មានអ្នកណាស្រឡាញ់យើងនោះទេ។ ប៉ុន្តែ ការអស្ចារ្យរបស់លោកយេស៊ូបានបង្ហាញថាលោកពិតជាយកចិត្តទុកដាក់ចំពោះយើងនិងបញ្ហារបស់យើង។ យើងសប្បាយចិត្តដែលយើងមានស្តេចនិងសម្ដេចសង្ឃដែលមានសេចក្ដីស្រឡាញ់បែបនេះ! (ហេប្រឺ ៤:១៥) យើងប្រហែលជាពិបាកយល់អារម្មណ៍របស់បុគ្គលណាម្នាក់ដែលមានជំងឺអស់រយៈពេលជាយូរ ជាពិសេសបើយើងមិនឈឺ។ ប៉ុន្តែសូមគិតអំពីលោកយេស៊ូ ទោះជាលោកមិនដែលឈឺក្ដី លោកមានចិត្តមេត្ដាករុណាចំពោះមនុស្សដែលឈឺ។ សូមឲ្យយើងខំប្រឹងព្យាយាមអស់ពីសមត្ថភាពដើម្បីយកតម្រាប់លោកក្នុងការបង្ហាញសេចក្ដីស្រឡាញ់។—ពេត្រុសទី១ ៣:៨
‹លោកយេស៊ូស្រក់ទឹកភ្នែក›
១៣. តើការប្រោសឡាសាឲ្យរស់ឡើងវិញបង្ហាញអ្វីអំពីលោកយេស៊ូ?
១៣ ពេលលោកយេស៊ូឃើញអ្នកឯទៀតឈឺចាប់ លោកមានចិត្តអាណិតយ៉ាងខ្លាំង។ ជាឧទាហរណ៍ ពេលឡាសាដែលជាមិត្តរបស់លោកយេស៊ូបានស្លាប់ ហើយលោកបានឃើញការឈឺចាប់របស់ក្រុមគ្រួសារនិងមិត្តភក្ដិរបស់គាត់ នោះលោក«មានចិត្តក្ដុកក្ដួល» និង«រំជួលចិត្តយ៉ាងខ្លាំង»។ (សូមអាន យ៉ូហាន ១១:៣៣-៣៦) លោកយេស៊ូបានយំ សូម្បីតែលោកដឹងថាលោកនឹងប្រោសឡាសាឲ្យរស់ឡើងវិញក្ដី។ លោកមិនខ្មាសក្នុងការបង្ហាញអារម្មណ៍របស់លោកឡើយ។ លោកយេស៊ូស្រឡាញ់ឡាសានិងក្រុមគ្រួសាររបស់គាត់ខ្លាំងដល់ម្ល៉េះបានជាលោកបានប្រើឫទ្ធានុភាពរបស់ព្រះដើម្បីប្រោសឡាសាឲ្យមានជីវិតឡើងវិញ!—យ៉ូហាន ១១:៤៣, ៤៤
១៤, ១៥. (ក) តើអ្វីបង្ហាញថាព្រះយេហូវ៉ាចង់បំបាត់ចោលទុក្ខវេទនារបស់មនុស្សជាតិ? (ខ) តើយើងរៀនអ្វីពីពាក្យ«ផ្នូរដែលសម្រាប់ជាទីរំលឹក»?
១៤ គម្ពីររៀបរាប់ថាលោកយេស៊ូគឺដូចព្រះយេហូវ៉ាដែលជាបិតារបស់លោកបេះបិទ។ (ហេប្រឺ ១:៣) ដូច្នេះ ការអស្ចារ្យរបស់លោកយេស៊ូបង្ហាញថាព្រះយេហូវ៉ាក៏ចង់បំបាត់ចោលជំងឺ ការឈឺចាប់ និងសេចក្ដីស្លាប់ដែរ។ មិនយូរទៀត ព្រះយេហូវ៉ានិងលោកយេស៊ូនឹងប្រោសមនុស្សជាច្រើនថែមទៀតឲ្យមានជីវិតឡើងវិញ។ លោកយេស៊ូបានមានប្រសាសន៍ថា«នឹងមានវេលាមកដល់ ដែលអស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក»នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។—យ៉ូហាន ៥:២៨, ២៩
១៥ ពាក្យ«ផ្នូរដែលសម្រាប់ជាទីរំលឹក»ដែលលោកយេស៊ូបានប្រើបង្ហាញថានេះជាប់ទាក់ទងនឹងការនឹកចាំរបស់ព្រះ។ ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ដែលជាអ្នកបង្កើតសកលលោកទាំងមូលអាចចាំព័ត៌មានល្អិតល្អន់អំពីបុគ្គលជាទីស្រឡាញ់របស់យើងដែលបានស្លាប់ រួមទាំងបុគ្គលិកលក្ខណៈរបស់ពួកគេ។ (អេសាយ ៤០:២៦) ព្រះយេហូវ៉ាមិនគ្រាន់តែអាចចាំអំពីពួកគេប៉ុណ្ណោះទេ តែលោកចង់ចាំអំពីពួកគេ។ ការប្រោសឲ្យរស់ឡើងវិញដែលបានត្រូវរៀបរាប់ក្នុងគម្ពីរគឺជាគំរូដ៏អស្ចារ្យដែលបង្ហាញអំពីអ្វីដែលនឹងកើតឡើងនៅពិភពលោកថ្មី។
តើយើងអាចទាញមេរៀនអ្វីពីការអស្ចារ្យរបស់លោកយេស៊ូ?
១៦. តើអ្នកបម្រើជាច្រើនរបស់ព្រះនឹងមានឱកាសអ្វី?
១៦ បើយើងនៅស្មោះត្រង់ យើងអាចមានឱកាសរួចជីវិតពីគ្រាទុក្ខវេទនាជាខ្លាំង ហើយនេះជាអព្ភូតហេតុដ៏អស្ចារ្យមួយ! មិនយូរក្រោយពីសង្គ្រាមហាម៉ាគេដូន យើងនឹងឃើញការអស្ចារ្យជាច្រើនថែមទៀត។ នៅពេលនោះ មនុស្សគ្រប់រូបនឹងមានសុខភាពដ៏ល្អឥតខ្ចោះ។ (អេសាយ ៣៣:២៤; ៣៥:៥, ៦; ការបើកបង្ហាញ ២១:៤) សូមស្រមៃគិតថាអ្នកកំពុងមើលមនុស្សបោះចោលវ៉ែនតា ឈើច្រត់ រទេះពិការ និងជំនួយសម្រាប់អ្នកអន់ត្រចៀក។ ព្រះយេហូវ៉ាដឹងថាអស់អ្នកដែលរួចជីវិតពីសង្គ្រាមហាម៉ាគេដូនត្រូវតែមាំនិងមានសុខភាពល្អ ដោយសារពួកគេនឹងមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ ពួកគេគឺជាអ្នកដែលនឹងធ្វើឲ្យភពផែនដីដ៏សែនស្អាតរបស់យើងទៅជាសួនឧទ្យាន។—ទំនុកតម្កើង ១១៥:១៦
១៧, ១៨. (ក) ហេតុអ្វីលោកយេស៊ូបានធ្វើអព្ភូតហេតុ? (ខ) ហេតុអ្វីអ្នកគួរតែធ្វើអ្វីណាក៏ដោយដែលចាំបាច់ដើម្បីចូលក្នុងពិភពលោកថ្មីរបស់ព្រះ?
១៧ សព្វថ្ងៃនេះ «មនុស្សមួយក្រុមធំ»ទទួលការលើកទឹកចិត្តពេលពួកគេអានអំពីរបៀបដែលលោកយេស៊ូបានធ្វើឲ្យមនុស្សដែលឈឺជាសះស្បើយ។ (ការបើកបង្ហាញ ៧:៩) ការអស្ចារ្យទាំងនោះធ្វើឲ្យយើងមានសេចក្ដីសង្ឃឹមកាន់តែខ្លាំងចំពោះការជាសះស្បើយទាំងស្រុងនៅពេលអនាគត ហើយក៏បង្ហាញដែរថាបុត្រច្បងរបស់ព្រះស្រឡាញ់មនុស្សជាតិយ៉ាងខ្លាំង។ (យ៉ូហាន ១០:១១; ១៥:១២, ១៣) ចិត្តមេត្ដាករុណាដ៏ធំធេងរបស់លោកយេស៊ូបង្ហាញឲ្យឃើញអំពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះយេហូវ៉ាចំពោះអ្នកបម្រើម្នាក់ៗរបស់លោក។—យ៉ូហាន ៥:១៩
១៨ ពិភពលោកសព្វថ្ងៃនេះពោរពេញទៅដោយការឈឺចាប់ ទុក្ខវេទនា និងសេចក្ដីស្លាប់។ (រ៉ូម ៨:២២) ហេតុនេះហើយបានជាយើងត្រូវការពិភពលោកថ្មី។ នៅទីនោះ មនុស្សទាំងអស់នឹងមានសុខភាពល្អឥតខ្ចោះដូចអ្វីដែលព្រះបានសន្យា។ ម៉ាឡាគី ៤:២ ផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមដែលថាយើងនឹង«ចេញទៅលោតកញ្ឆេងដូចជាកូនគោដែលលែងចេញពីក្រោល» គឺយើងនឹងសប្បាយរីករាយ ព្រមទាំងរំភើបចិត្តដោយសារយើងបានជាសះស្បើយ ហើយរួចផុតពីភាពមិនល្អឥតខ្ចោះ។ សូមឲ្យការដឹងគុណរបស់យើងចំពោះព្រះយេហូវ៉ា និងជំនឿរបស់យើងទៅលើសេចក្ដីសន្យារបស់លោក ជំរុញចិត្តយើងឲ្យធ្វើអ្វីណាក៏ដោយដែលចាំបាច់ដើម្បីចូលទៅក្នុងពិភពលោកថ្មី។ យើងទទួលការលើកទឹកចិត្តដោយដឹងថាការអស្ចារ្យដែលលោកយេស៊ូបានធ្វើ គឺជាគំរូដែលបង្ហាញថានៅពេលអនាគតឆាប់ៗខាងមុខក្នុងអំឡុងការគ្រប់គ្រងរបស់លោក មនុស្សជាតិនឹងលែងមានការឈឺចាប់ទៀត!