នេះជាកន្លែងដែលយើងគោរពប្រណិប័តន៍ព្រះ
«ខ្ញុំនឹងពោរពេញទៅដោយសេចក្ដីខ្នះខ្នែងចំពោះកន្លែងគោរពបូជារបស់លោក»។—យ៉ូហាន ២:១៧
១, ២. (ក) នៅអតីតកាល តើអ្នកបម្រើព្រះយេហូវ៉ាគោរពប្រណិប័តន៍លោកនៅកន្លែងណាខ្លះ? (ខ) តើលោកយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះវិហាររបស់ព្រះយេហូវ៉ានៅក្រុងយេរូសាឡិម? (គ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
អ្នកបម្រើព្រះនៅអតីតកាលធ្លាប់មានកន្លែងដែលពួកគេគោរពប្រណិប័តន៍ព្រះ ហើយនៅសព្វថ្ងៃនេះក៏ដូចគ្នាដែរ។ ជាឧទាហរណ៍ ពេលអេបិលបានជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា គាត់ប្រហែលជាបានសង់ទីបូជាមួយ។ (លោកុប្បត្តិ ៤:៣, ៤) ណូអេ អាប្រាហាំ អ៊ីសាក យ៉ាកុប និងម៉ូសេបានសាងទីបូជា។ (លោកុប្បត្តិ ៨:២០; ១២:៧; ២៦:២៥; ៣៥:១; និក្ខមនំ ១៧:១៥) ព្រះយេហូវ៉ាបានប្រាប់ជនជាតិអ៊ីស្រាអែលឲ្យសង់ត្រសាល។ (និក្ខមនំ ២៥:៨) ក្រោយមក លោកបានបង្គាប់ពួកគេឲ្យសង់វិហារមួយ។ (ពង្សាវតារក្សត្រទី១ ៨:២៧, ២៩) ក្រោយពីរាស្ត្ររបស់ព្រះបានត្រឡប់មកពីនិរទេសនៅបាប៊ីឡូនវិញ ពួកគេបានជួបជុំគ្នាជាទៀងទាត់ក្នុងសាលាប្រជុំ។ (ម៉ាកុស ៦:២; យ៉ូហាន ១៨:២០; សកម្មភាព ១៥:២១) ម្យ៉ាងទៀត គ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានជួបជុំគ្នាក្នុងផ្ទះរបស់បងប្អូនរួមជំនឿ។ (សកម្មភាព ១២:១២; កូរិនថូសទី១ ១៦:១៩) សព្វថ្ងៃនេះ រាស្ត្ររបស់ព្រះយេហូវ៉ាជួបជុំគ្នានៅរាប់ម៉ឺនសាលប្រជុំទូទាំងពិភពលោក ជាកន្លែងដែលពួកគេគោរពប្រណិប័តន៍ព្រះយេហូវ៉ានិងរៀនអំពីលោក។
២ លោកយេស៊ូបានចាត់ទុកវិហាររបស់ព្រះយេហូវ៉ានៅក្រុងយេរូសាឡិមជាអ្វីដែលមានតម្លៃណាស់។ សេចក្ដីស្រឡាញ់ដែលលោកយេស៊ូមានចំពោះវិហារបានរំលឹកអ្នកកាន់តាមលោកអំពីពាក្យរបស់អ្នកតែងទំនុកតម្កើង ដែលថា៖ «ខ្ញុំនឹងពោរពេញទៅដោយសេចក្ដីខ្នះខ្នែងចំពោះកន្លែងគោរពបូជារបស់លោក»។ (យ៉ូហាន ២:១៧; ទំនុកតម្កើង ៦៩:៩) សាលប្រជុំមិនមែនដូច«វិហារនៃព្រះយេហូវ៉ា»ដែលជាដំណាក់ព្រះដែលនៅក្រុងយេរូសាឡិមទេ។ (របាក្សត្រទី២ ៥:១៣; ៣៣:៤) ប៉ុន្តែយើងគួរចាត់ទុកកន្លែងដែលយើងគោរពប្រណិប័តន៍ព្រះជាកន្លែងដ៏មានតម្លៃក្រៃលែង។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាគោលការណ៍គម្ពីរដែលបង្រៀនយើងអំពីរបៀបដែលយើងគួរប្រព្រឹត្តនៅសាលប្រជុំ របៀបថែទាំសាលប្រជុំ និងរបៀបដែលយើងអាចជួយបង់ថ្លៃសម្រាប់សាលប្រជុំa (សូមមើលកំណត់សម្គាល់)។
យើងបង្ហាញការគោរពចំពោះកិច្ចប្រជុំរបស់យើង
៣-៥. តើសាលប្រជុំជាកន្លែងអ្វី ហើយតើយើងគួរមានទស្សនៈយ៉ាងណាចំពោះកិច្ចប្រជុំរបស់យើង?
៣ សាលប្រជុំគឺជាកន្លែងសំខាន់ចម្បងដែលមនុស្សអាចជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ កិច្ចប្រជុំគឺជាអំណោយពីព្រះ ហើយក៏ជួយយើងពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងលោកដែរ។ នៅកិច្ចប្រជុំរបស់យើង អង្គការរបស់លោកផ្ដល់ឲ្យយើងនូវការលើកទឹកចិត្តនិងការណែនាំដែលយើងត្រូវការ។ គឺជាឯកសិទ្ធិដែលយើងទទួលសេចក្ដីអញ្ជើញពីព្រះយេហូវ៉ានិងបុត្ររបស់លោកឲ្យមកបរិភោគនៅ«តុរបស់ព្រះយេហូវ៉ា»រាល់សប្ដាហ៍។ (កូរិនថូសទី១ ១០:២១) យើងមិនត្រូវភ្លេចឲ្យសោះថានេះជាសេចក្ដីអញ្ជើញដ៏ពិសេស។
៤ ព្រះយេហូវ៉ាប្រាប់យើងយ៉ាងច្បាស់ថាលោកចង់ឲ្យយើងនៅកិច្ចប្រជុំដើម្បីគោរពប្រណិប័តន៍លោក ហើយលើកទឹកចិត្តគ្នាទៅវិញទៅមក។ (សូមអាន ហេប្រឺ ១០:២៤, ២៥) ដោយសារយើងគោរពព្រះយេហូវ៉ា យើងនឹងមិនខានចូលរួមកិច្ចប្រជុំឡើយ លើកលែងតែយើងពិតជាត្រូវធ្វើដូច្នេះ។ យើងបង្ហាញថាយើងឲ្យតម្លៃទៅលើកិច្ចប្រជុំពេលយើងរៀបចំសម្រាប់កិច្ចប្រជុំ ហើយចង់មានចំណែកក្នុងកិច្ចប្រជុំទាំងនោះ។—ទំនុកតម្កើង ២២:២២
៥ របៀបដែលយើងប្រព្រឹត្តនៅកិច្ចប្រជុំ និងរបៀបដែលយើងថែទាំសាលប្រជុំបង្ហាញថាយើងគោរពព្រះយេហូវ៉ាខ្លាំងយ៉ាងណា។ យើងចង់ឲ្យការប្រព្រឹត្តរបស់យើងនាំឲ្យនាមរបស់ព្រះយេហូវ៉ាទទួលការសរសើរ ហើយតាមធម្មតានាមរបស់លោកគឺនៅលើស្លាកសាលប្រជុំ។—សូមពិនិត្យបន្ថែម ពង្សាវតារក្សត្រទី១ ៨:១៧
៦. តើមនុស្សបាននិយាយអ្វីអំពីសាលប្រជុំរបស់យើងនិងពួកអ្នកនៅសាលប្រជុំ? (សូមមើលរូបភាពនៅដើមអត្ថបទ)
៦ ពេលយើងបង្ហាញការគោរពចំពោះសាលប្រជុំរបស់យើង អ្នកឯទៀតកត់សម្គាល់។ ជាឧទាហរណ៍ បុរសម្នាក់នៅប្រទេសតួកគីបាននិយាយថា៖ «ខ្ញុំកោតស្ងើចពេលខ្ញុំឃើញភាពស្អាតស្អំនិងរបៀបរៀបរយនៅសាលប្រជុំ។ មនុស្សនៅទីនោះស្លៀកពាក់ស្អាតបាត មានទឹកមុខញញឹម ហើយស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅ។ នេះធ្វើឲ្យខ្ញុំកោតស្ងើចជាខ្លាំង»។ បុរសនោះបានចាប់ផ្ដើមមកកិច្ចប្រជុំទាំងអស់ ហើយមិនយូរក្រោយមកបានទទួលការជ្រមុជទឹក។ នៅក្រុងមួយនាប្រទេសឥណ្ឌូណេស៊ី បងប្អូនបានអញ្ជើញអ្នកជិតខាងរបស់ពួកគាត់ អភិបាលក្រុង និងអាជ្ញាធរឯទៀតឲ្យមកមើលសាលប្រជុំថ្មី។ អភិបាលក្រុងបានកោតស្ងើចចំពោះគុណភាពនិងការរចនាប្លង់ ព្រមទាំងសួនដ៏ស្អាតរបស់អគារនោះ។ គាត់បាននិយាយថា៖ «សាលប្រជុំដ៏ស្អាតស្អំនេះឆ្លុះបញ្ចាំងអំពីជំនឿដ៏ពិតប្រាកដរបស់អ្នករាល់គ្នា»។
៧, ៨. ពេលយើងនៅសាលប្រជុំ តើតាមរបៀបណាយើងបង្ហាញថាយើងគោរពព្រះយេហូវ៉ា?
៧ ព្រះយេហូវ៉ាគឺជាអ្នកដែលអញ្ជើញយើងឲ្យមកកិច្ចប្រជុំ ហើយលោកយកចិត្តទុកដាក់ចំពោះរបៀបដែលយើងប្រព្រឹត្តនិងស្លៀកពាក់សម្អិតសម្អាងខ្លួនពេលយើងនៅទីនោះ។ ដូច្នេះ យើងត្រូវមានតុល្យភាព។ យើងមិនតឹងរ៉ឹងពេកស្តីអំពីការប្រព្រឹត្តដែលសមរម្យនៅកិច្ចប្រជុំទេ ហើយយើងក៏មិនប្រព្រឹត្តតាមចិត្តដូចពេលយើងនៅផ្ទះដែរ។ ព្រះយេហូវ៉ាចង់ឲ្យយើងនិងអ្នកឯទៀតដែលយើងអញ្ជើញមកសាលប្រជុំមានអារម្មណ៍ស្រួលនៅទីនោះ ប៉ុន្តែយើងមិនចង់បង្ហាញឲ្យសោះថាយើងមិនឲ្យតម្លៃទៅលើកិច្ចប្រជុំឡើយ។ នេះជាមូលហេតុដែលយើងមិនគួរស្លៀកពាក់ខ្ជីខ្ជា ឬសាមញ្ញពេក ហើយយើងក៏ប្រយ័ត្នមិនផ្ញើសារ និយាយ ឬបរិភោគនិងផឹកភេសជ្ជៈក្នុងអំឡុងកិច្ចប្រជុំដែរ។ ម្យ៉ាងទៀត ឪពុកម្ដាយគួរបង្រៀនកូនៗមិនឲ្យរត់ឬលេងនៅក្នុងសាលប្រជុំ។—សាស្ដា ៣:១
៨ ពេលលោកយេស៊ូឃើញមនុស្សលក់ដូរនៅវិហាររបស់ព្រះ លោកខឹងហើយបានបណ្ដេញពួកគេចេញពីវិហារ។ (យ៉ូហាន ២:១៣-១៧) នៅសាលប្រជុំរបស់យើង យើងគោរពប្រណិប័តន៍ព្រះយេហូវ៉ា និងរៀនអំពីលោក។ ដូច្នេះ បើយើងធ្វើកិច្ចការដែលជាប់ទាក់ទងនឹងជំនួញពេលយើងនៅទីនោះ គឺមិនសមត្រឹមត្រូវទេ។—សូមពិនិត្យបន្ថែម នេហេមា ១៣:៧, ៨
យើងជួយសង់សាលប្រជុំ
៩, ១០. (ក) តើរាស្ត្ររបស់ព្រះយេហូវ៉ាសង់សាលប្រជុំយ៉ាងដូចម្ដេច ហើយតើនេះមានលទ្ធផលយ៉ាងណា? (ខ) តើតាមរបៀបណាអង្គការរបស់ព្រះយេហូវ៉ាជួយក្រុមជំនុំដែលគ្មានលទ្ធភាពបង់ថ្លៃសង់សាលប្រជុំដោយខ្លួនឯង?
៩ រាស្ត្ររបស់ព្រះយេហូវ៉ាទូទាំងពិភពលោកខំប្រឹងយ៉ាងខ្លាំងដើម្បីសង់សាលប្រជុំ។ ពួកអ្នកស្ម័គ្រចិត្តដែលមិនទទួលប្រាក់ឈ្នួលជាអ្នកគូរប្លង់ សង់ និងជួសជុលសាលប្រជុំទាំងនោះ។ ជាលទ្ធផល ក្នុងអំឡុង១៥ឆ្នាំកន្លងទៅនេះ នៅទូទាំងពិភពលោកយើងបានសង់សាលប្រជុំដ៏ស្អាតជាង២៨.០០០ខ្នង ឬជាមធ្យមយើងសង់សាលប្រជុំប្រហែលប្រាំខ្នងជារៀងរាល់ថ្ងៃ។
១០ អង្គការរបស់ព្រះយេហូវ៉ាចាត់ចែងពួកអ្នកស្ម័គ្រចិត្ត ហើយប្រើវិភាគទានដើម្បីជួយសង់សាលប្រជុំនៅកន្លែងណាដែលត្រូវការ។ យើងធ្វើតាមគោលការណ៍គម្ពីរដែលថាពួកអ្នកដែលមានច្រើនជាងអាចជួយពួកអ្នកដែលខ្វះខាត។ (សូមអាន កូរិនថូសទី២ ៨:១៣-១៥) តើនេះមានលទ្ធផលយ៉ាងណា? សាលប្រជុំជាច្រើនបានត្រូវសង់សម្រាប់ក្រុមជំនុំផ្សេងៗដែលគ្មានលទ្ធភាពបង់ថ្លៃខ្លួនឯង។
១១. តើបងប្អូនខ្លះនិយាយអ្វីអំពីសាលប្រជុំថ្មីរបស់ពួកគេ ហើយតើនេះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា?
១១ បងប្អូននៅក្រុមជំនុំមួយនាប្រទេសកូស្ដារីកា បានសរសេរថា៖ «ពេលយើងឈរនៅមុខសាលប្រជុំរបស់យើង យើងមានអារម្មណ៍ថានេះដូចជាការយល់សប្ដិ! នេះជាអ្វីដ៏អស្ចារ្យ។ សាលប្រជុំដ៏ស្អាតរបស់យើងបានសង់ហើយទាំងស្រុងអស់រយៈពេលតែ៨ថ្ងៃប៉ុណ្ណោះ! កិច្ចការនេះអាចធ្វើឡើងបានដោយសារពរពីព្រះយេហូវ៉ា ការរៀបចំដែលមកពីអង្គការរបស់លោក និងការគាំទ្រពីបងប្អូនជាទីស្រឡាញ់របស់យើង។ កន្លែងគោរពប្រណិប័តន៍នេះគឺជាអំណោយដ៏មានតម្លៃដែលប្រៀបដូចជាត្បូងដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើង។ យើងមានអំណរជាខ្លាំង»។ យើងសប្បាយរីករាយកាលដែលឮបងប្អូនរបស់យើងអរគុណព្រះយេហូវ៉ាចំពោះអ្វីៗដែលលោកបានធ្វើសម្រាប់ពួកគេ។ ម្យ៉ាងទៀត យើងសប្បាយចិត្តដែលបងប្អូនទូទាំងពិភពលោកអាចមានសាលប្រជុំរបស់ខ្លួន។ យើងអាចឃើញច្បាស់ថា ព្រះយេហូវ៉ាកំពុងឲ្យពរទៅលើកិច្ចការសាងសង់សាលប្រជុំ ដោយសារកាលដែលសាលប្រជុំថ្មីបានត្រូវសង់រួច នោះក៏មានមនុស្សកាន់តែច្រើនថែមទៀតចាប់ផ្ដើមចូលរួមកិច្ចប្រជុំដើម្បីរៀនអំពីព្រះយេហូវ៉ាដែរ។—ទំនុកតម្កើង ១២៧:១
១២. តើអ្នកអាចជួយសង់សាលប្រជុំយ៉ាងដូចម្ដេច?
១២ តើអ្នកអាចជួយសង់សាលប្រជុំយ៉ាងដូចម្ដេច? ប្រហែលជាអ្នកអាចស្ម័គ្រចិត្តជួយក្នុងកិច្ចការនោះ។ ម្យ៉ាងទៀត យើងទាំងអស់គ្នាអាចជូនវិភាគទានដើម្បីជួយបង់ថ្លៃសង់សាលប្រជុំ។ ពេលយើងធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីគាំទ្រកិច្ចការនេះ យើងនឹងមានអំណរដែលមកពីការឲ្យគេ ហើយសំខាន់ជាងនេះទៅទៀត យើងសរសើរព្រះយេហូវ៉ា។ យើងធ្វើតាមគំរូរបស់រាស្ត្រព្រះនៅសម័យគម្ពីរដែលចង់ជូនវិភាគទានដើម្បីសង់កន្លែងគោរពប្រណិប័តន៍ព្រះ។—និក្ខមនំ ២៥:២; កូរិនថូសទី២ ៩:៧
យើងរក្សាសាលប្រជុំរបស់យើង ឲ្យស្អាតបាត
១៣, ១៤. តើគោលការណ៍គម្ពីរណាខ្លះបង្រៀនយើងអំពីការរក្សាសាលប្រជុំរបស់យើងឲ្យស្អាតបាតនិងមានរបៀបរៀបរយ?
១៣ ព្រះយេហូវ៉ាជាព្រះដែលស្អាតស្អំនិងបរិសុទ្ធ។ លោកជាព្រះដែលមានរបៀបរៀបរយ។ នេះជាមូលហេតុដែលយើងត្រូវរក្សាសាលប្រជុំរបស់យើងឲ្យស្អាតបាត និងមានរបៀបរៀបរយ។ (សូមអាន កូរិនថូសទី១ ១៤:៣៣, ៤០) ម្យ៉ាងទៀត ដើម្បីធ្វើជាមនុស្សស្អាតស្អំនិងបរិសុទ្ធដូចព្រះយេហូវ៉ា យើងមិនត្រឹមតែត្រូវរក្សាការគោរពប្រណិប័តន៍ ការគិតគូរ និងការប្រព្រឹត្តរបស់យើងឲ្យស្អាតស្អំទេ តែយើងក៏ត្រូវរក្សារូបកាយរបស់យើងឲ្យស្អាតបាតដែរ។—ការបើកបង្ហាញ ១៩:៨
១៤ ពេលយើងរក្សាសាលប្រជុំរបស់យើងឲ្យស្អាតបាតនិងមានរបៀបរៀបរយ យើងមានមោទនភាពអញ្ជើញអ្នកឯទៀតឲ្យមកកិច្ចប្រជុំរបស់យើង។ ម្យ៉ាងទៀត មនុស្សនឹងឃើញថាយើងពិតជាប្រព្រឹត្តតាមអ្វីដែលយើងផ្សព្វផ្សាយអំពីពិភពលោកថ្មីដ៏ស្អាតបាត។ ពួកគេនឹងឃើញថាយើងគោរពប្រណិប័តន៍ព្រះដ៏ស្អាតស្អំនិងបរិសុទ្ធដែលនឹងធ្វើឲ្យផែនដីក្លាយទៅជាសួនឧទ្យានដ៏សែនស្អាត។—អេសាយ ៦:១-៣; ការបើកបង្ហាញ ១១:១៨
១៥, ១៦. (ក) ហេតុអ្វីគឺមិនតែងតែស្រួលរក្សាសាលប្រជុំឲ្យស្អាតបាត? ហេតុអ្វីយើងត្រូវរក្សាសាលប្រជុំឲ្យបានស្អាត? (ខ) តើការសម្អាតសាលប្រជុំរបស់អ្នកបានត្រូវរៀបចំឡើងយ៉ាងដូចម្ដេច ហើយតើយើងម្នាក់ៗមានឯកសិទ្ធិអ្វី?
១៥ មនុស្សមានមតិខុសគ្នាអំពីការសម្អាត។ ហេតុអ្វី? នេះប្រហែលជាមកពីរបៀបដែលពួកគេបានត្រូវចិញ្ចឹមអប់រំ។ ម្យ៉ាងទៀត អ្នកខ្លះរស់នៅកន្លែងដែលសម្បូរដីហុយ ឬកន្លែងដែលមានផ្លូវកខ្វក់និងមានភក់។ អ្នកខ្លះទៀតមិនមានទឹកឬគ្រឿងសម្ភារសម្អាតគ្រប់គ្រាន់ឡើយ។ ប៉ុន្តែ ទោះជាយើងរស់នៅកន្លែងណា ឬមនុស្សនៅតំបន់យើងមានមតិយ៉ាងណាអំពីការសម្អាតក៏ដោយ យើងគួររក្សាសាលប្រជុំរបស់យើងឲ្យស្អាតបាត និងមានរបៀបរៀបរយ ដោយសារនេះគឺជាកន្លែងដែលយើងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។—ចោទិយកថា ២៣:១៤
១៦ បើយើងចង់ឲ្យសាលប្រជុំរបស់យើងស្អាត យើងត្រូវមានការរៀបចំ។ ពួកអ្នកចាស់ទុំធ្វើកាលវិភាគសម្រាប់ក្រុមជំនុំ ហើយធ្វើឲ្យប្រាកដថាតែងតែមានឧបករណ៍និងគ្រឿងសម្ភារសម្អាតគ្រប់គ្រាន់។ ពួកអ្នកចាស់ទុំក៏ចាត់ចែងកិច្ចការសម្អាតនេះដែរ ដើម្បីធ្វើឲ្យប្រាកដថាសាលប្រជុំស្អាតបាត។ កន្លែងខ្លះត្រូវសម្អាតក្រោយកិច្ចប្រជុំនីមួយៗ ប៉ុន្តែរបស់ផ្សេងទៀតមិនចាំបាច់សម្អាតជារៀងរាល់ដងនោះទេ។ យើងទាំងអស់គ្នាមានឯកសិទ្ធិចូលរួមសម្អាតសាលប្រជុំរបស់យើង។
យើងថែទាំសាលប្រជុំរបស់យើង
១៧, ១៨. (ក) តើយើងអាចរៀនអ្វីពីរបៀបដែលរាស្ត្រព្រះយេហូវ៉ានៅសម័យបុរាណបានថែទាំវិហារ? (ខ) ហេតុអ្វីយើងត្រូវថែទាំសាលប្រជុំរបស់យើង?
១៧ យើងក៏រក្សាសាលប្រជុំរបស់យើងឲ្យនៅល្អដែរដោយជួសជុលអ្វីៗដែលខូចខាត។ អ្នកបម្រើព្រះយេហូវ៉ានៅសម័យបុរាណក៏បានធ្វើដូច្នេះដែរ។ ជាឧទាហរណ៍ ក្នុងអំឡុងការគ្រប់គ្រងរបស់ស្តេចយ៉ូអាសនៅស្រុកយូដា បណ្ដាជនបានធ្វើវិភាគទានសម្រាប់វិហារ។ ស្តេចបានបង្គាប់ពួកសង្ឃឲ្យប្រើវិភាគទាននោះដើម្បីជួសជុលវិហារ ពេលដែលឃើញមានអ្វីខូចខាត។ (ពង្សាវតារក្សត្រទី២ ១២:៤, ៥) ជាង២០០ឆ្នាំក្រោយមក ស្តេចយ៉ូសៀសក៏បានប្រើវិភាគទានសម្រាប់វិហារដើម្បីបង់ថ្លៃជួសជុលវិហារនោះដែរ។—សូមអាន របាក្សត្រទី២ ៣៤:៩-១១
១៨ គណៈកម្មាធិការការិយាល័យសាខាខ្លះបានកត់សម្គាល់ថាមនុស្សនៅប្រទេសរបស់ពួកគេមិនសូវចេះរក្សាអគារឬគ្រឿងប្រដាប់ប្រដាឲ្យនៅល្អទេ។ នេះប្រហែលជាដោយសារនៅប្រទេសទាំងនោះមិនសូវមានមនុស្សដែលស្គាល់របៀបធ្វើកិច្ចការនេះ ឬប្រហែលជាពួកគេគ្មានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃជួសជុល។ ប៉ុន្តែ បើយើងមិនជួសជុលសាលប្រជុំរបស់យើងនៅពេលដែលត្រូវជួសជុលទេ នោះសាលប្រជុំនឹងមើលទៅមិនស្អាត ហើយមនុស្សឯទៀតនឹងកត់សម្គាល់។ សាលប្រជុំបែបនេះមិនមែនជាសាក្សីបញ្ជាក់យ៉ាងប្រសើរដល់មនុស្សទាំងនោះទេ។ ផ្ទុយទៅវិញ ពេលយើងធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីថែទាំសាលប្រជុំរបស់យើង យើងសរសើរព្រះយេហូវ៉ា ហើយយើងមិនប្រើលុយវិភាគទានរបស់បងប្អូនដោយឥតប្រយោជន៍ឡើយ។
១៩. តើអ្នកនឹងធ្វើអ្វីដើម្បីបង្ហាញថាអ្នកឲ្យតម្លៃចំពោះកន្លែងដែលអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា?
១៩ សាលប្រជុំគឺជាកន្លែងមួយដែលបានត្រូវប្រគល់ជូនព្រះយេហូវ៉ា នោះមិនមែនជាកន្លែងរបស់បុគ្គលណាម្នាក់ឬក្រុមជំនុំណាមួយទេ។ ដូចយើងបានពិចារណាក្នុងអត្ថបទនេះ គោលការណ៍គម្ពីរនឹងជួយយើងមានទស្សនៈត្រឹមត្រូវចំពោះកន្លែងដែលយើងគោរពប្រណិប័តន៍ព្រះ។ ដោយសារយើងគោរពព្រះយេហូវ៉ា យើងក៏បង្ហាញការគោរពចំពោះកិច្ចប្រជុំរបស់យើង ព្រមទាំងសាលប្រជុំដែរ។ យើងសប្បាយចិត្តធ្វើវិភាគទានដើម្បីសង់សាលប្រជុំ ហើយយើងខំប្រឹងថែទាំ ព្រមទាំងរក្សាសាលប្រជុំទាំងនោះឲ្យនៅស្អាត។ ដូចលោកយេស៊ូដែរ យើងបង្ហាញចិត្តខ្នះខ្នែងនិងឲ្យតម្លៃចំពោះកន្លែងដែលយើងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។—យ៉ូហាន ២:១៧
a អត្ថបទនេះបញ្ជាក់អំពីសាលប្រជុំ។ ប៉ុន្តែអ្វីដែលយើងនឹងពិចារណាក៏ទាក់ទងនឹងសាលសន្និបាតនិងកន្លែងឯទៀតដែលយើងប្រើដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែរ។