ប្រវត្តិហេតុទី២
៣៤ ពេលយ៉ូសៀស+បានទៅជាស្ដេច គាត់មានអាយុ៨ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល៣១ឆ្នាំ។+ ២ គាត់បានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាពេញចិត្ត ហើយគាត់បានដើរតាមគន្លងរបស់ដាវីឌជាបុព្វបុរសរបស់គាត់ ឥតងាករេឡើយ។*
៣ នៅឆ្នាំទី៨នៃរាជ្យយ៉ូសៀស កាលដែលគាត់នៅក្មេងនៅឡើយ គាត់បានចាប់ផ្ដើមស្វែងរកព្រះរបស់ដាវីឌ។+ ក្រោយមក នៅឆ្នាំទី១២ គាត់បានចាប់ផ្ដើមសម្អាតក្រុងយេរូសាឡិមនិងស្រុកយូដា+ ដោយបំបាត់ចោលនូវទីខ្ពស់ពិសិដ្ឋ+ និងបង្គោលឈើពិសិដ្ឋ* ព្រមទាំងរូបចម្លាក់នានា+ និងរូបព្រះដែលធ្វើពីលោហៈទាំងអស់។ ៤ បន្ថែមទៅទៀត គាត់បានរំលំទីបូជាទាំងប៉ុន្មានរបស់ព្រះបាល ហើយកាប់បំផ្លាញជើងតាំងសម្រាប់ដុតគ្រឿងក្រអូបដែលនៅលើទីបូជាទាំងនោះ។ គាត់ក៏បានបំបាក់បង្គោលឈើពិសិដ្ឋ* និងរូបចម្លាក់នានា ថែមទាំងរូបព្រះដែលធ្វើពីលោហៈទៀតផង។ រួចគាត់ក៏វាយបំបែកឲ្យហ្មត់ខ្ទេចខ្ទីអស់ទៅ។ បន្ទាប់មក គាត់បានយកកម្ទេចទាំងនោះទៅបាចនៅលើផ្នូរពួកអ្នកដែលធ្លាប់ជូនគ្រឿងបូជាដល់រូបទាំងនោះ។+ ៥ គាត់ថែមទាំងយកឆ្អឹងខ្មោចរបស់ពួកសង្ឃទៅដុតលើទីបូជារបស់ពួកគេ។+ យ៉ាងនេះ គាត់បានសម្អាតក្រុងយេរូសាឡិមនិងស្រុកយូដាទាំងមូល។
៦ ឯនៅក្នុងក្រុងនានាក្នុងទឹកដីម៉ាណាសេ ទឹកដីអេប្រាអ៊ីម+ ទឹកដីស៊ីម្មាន រហូតដល់ទឹកដីណែបថាលី និងកន្លែងបាក់បែកដែលនៅជុំវិញក្រុងទាំងនោះ ៧ គាត់ក៏បានរំលំទីបូជាទាំងប៉ុន្មាន ហើយបំផ្លាញបង្គោលឈើពិសិដ្ឋ និងវាយបំបែករូបចម្លាក់+ឲ្យហ្មត់ខ្ទេចខ្ទីអស់ទៅ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បានកាប់បំផ្លាញជើងតាំងសម្រាប់ដុតគ្រឿងក្រអូបឲ្យអស់ពីស្រុកអ៊ីស្រាអែល។+ រួចមក គាត់បានត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
៨ នៅឆ្នាំទី១៨នៃរាជ្យយ៉ូសៀស ក្រោយពីគាត់បានសម្អាតវិហារនិងទឹកដីទាំងមូលរួចរាល់ហើយ គាត់ក៏ចាត់សាផាន+ជាកូនអាសាលៀ ម៉ាអាសៀជាអភិបាលក្រុង និងយ៉ូអាជាអ្នកកត់ត្រាត្រូវជាកូនយ៉ូអាហាស ឲ្យទៅជួសជុលវិហារព្រះយេហូវ៉ាជាព្រះរបស់គាត់ឡើងវិញ។+ ៩ ដូច្នេះ ពួកគេក៏ទៅជួបហ៊ីលគីយ៉ាជាសម្ដេចសង្ឃ ហើយឲ្យគាត់នូវប្រាក់ដែលបណ្ដាជនយកមកជូនព្រះនៅឯវិហារ គឺប្រាក់ដែលពួកលេវីជាអ្នកយាមទ្វារបានទទួលពីបណ្ដាជនដែលមកពីកុលសម្ព័ន្ធម៉ាណាសេ កុលសម្ព័ន្ធអេប្រាអ៊ីម និងពីកុលសម្ព័ន្ធឯទៀតក្នុងស្រុកអ៊ីស្រាអែល+ ព្រមទាំងពីបណ្ដាជនដែលមកពីកុលសម្ព័ន្ធយូដា កុលសម្ព័ន្ធបេនយ៉ាមីន និងពីអ្នកក្រុងយេរូសាឡិម។ ១០ រួចមក ពួកគេបានប្រគល់ប្រាក់នោះឲ្យដល់ពួកអ្នកមើលការខុសត្រូវក្នុងការជួសជុលវិហារព្រះយេហូវ៉ា។ បន្ទាប់មក អ្នកទាំងនោះបានប្រើប្រាក់នោះដើម្បីជួសជុលវិហារព្រះយេហូវ៉ាឡើងវិញ។ ១១ អ្នកទាំងនោះក៏បានប្រគល់ប្រាក់ដល់ជាងចម្លាក់និងជាងសំណង់ដើម្បីឲ្យពួកគេទិញថ្មដាប់ ហើយទិញឈើយកមកធ្វើជាផ្ទោង*និងធ្នឹមសម្រាប់សង់អគារដែលបណ្ដាស្ដេចស្រុកយូដាបានទុកឲ្យខូចបង់។+
១២ ពួកគេបានធ្វើការនោះយ៉ាងស្មោះត្រង់។+ ឯពួកលេវីដែលបានត្រូវតែងតាំងឲ្យធ្វើជាអ្នកត្រួតពិនិត្យមាន យ៉ាហាតនិងអូបាឌាជាកូនចៅមេរេរ៉ាយ+ ព្រមទាំងសាការីនិងមេស៊ូឡាមជាកូនចៅកូហាត។+ ចំណែកពួកលេវីឯទៀតដែលពូកែលេងភ្លេង+ ១៣ ពួកគេមើលការខុសត្រូវលើកម្មករលីសែង និងកម្មករឯទៀតដែលធ្វើការគ្រប់យ៉ាង។ ឯពួកលេវីខ្លះទៀត ពួកគេជាលេខាធិការ ជាអាជ្ញាធរ និងជាអ្នកយាមទ្វារ។+
១៤ នៅថ្ងៃមួយ ពេលគេកំពុងប្រមូលប្រាក់ដែលបណ្ដាជនយកមកជូននៅវិហារព្រះយេហូវ៉ា+ ហ៊ីលគីយ៉ាជាសម្ដេចសង្ឃបានរកឃើញសៀវភៅច្បាប់+ដែលព្រះយេហូវ៉ាបានឲ្យតាមរយៈម៉ូសេ។+ ១៥ នៅពេលនោះ ហ៊ីលគីយ៉ាជាសម្ដេចសង្ឃបានប្រាប់សាផានជាលេខាធិការថា៖ «ខ្ញុំបានរកឃើញសៀវភៅច្បាប់នៅក្នុងវិហារព្រះយេហូវ៉ា»។ រួចហ៊ីលគីយ៉ាបានប្រគល់សៀវភៅនោះទៅឲ្យសាផាន។ ១៦ បន្ទាប់មក សាផានបានចូលទៅជួបស្ដេច ហើយជម្រាបថា៖ «ពួកអ្នកបម្រើរបស់លោកកំពុងធ្វើកិច្ចការដែលលោកបានបង្គាប់ហើយ។ ១៧ ពួកគេបានប្រមូលប្រាក់ពីវិហារព្រះយេហូវ៉ា រួចប្រគល់ដល់ពួកអ្នកមើលការខុសត្រូវក្នុងការជួសជុលវិហារនិងដល់ពួកជាង»។ ១៨ ខណៈនោះ សាផានក៏បានប្រាប់ស្ដេចដែរថា៖ «ហ៊ីលគីយ៉ាជាសង្ឃបានរកឃើញសៀវភៅមួយ ហើយគាត់បានប្រគល់ឲ្យខ្ញុំ»។+ រួចមក សាផានបានអានសៀវភៅនោះឲ្យស្ដេចស្ដាប់។+
១៩ ពេលដែលស្ដេចបានឮពាក្យក្នុងសៀវភៅនោះ គាត់ក៏ចាប់ហែកអាវ។+ ២០ ពេលនោះ ស្ដេចបានបង្គាប់ហ៊ីលគីយ៉ា អាហាយខាម+ជាកូនសាផាន អាប់ដូនជាកូនមីកាយ៉ា សាផានជាលេខាធិការ និងអាសាយ៉ាជាអ្នកបម្រើរបស់ស្ដេចថា៖ ២១ «សូមអស់លោកទៅសួរព្រះយេហូវ៉ា ឲ្យខ្ញុំនិងបណ្ដាជនទាំងអស់ដែលនៅសេសសល់ក្នុងស្រុកយូដានិងស្រុកអ៊ីស្រាអែលផង ថាសេចក្ដីទាំងប៉ុន្មានក្នុងសៀវភៅដែលទើបតែរកឃើញនោះមានន័យយ៉ាងណា។ ព្រះយេហូវ៉ាខឹងនឹងយើងជាខ្លាំងហើយ ព្រោះបុព្វបុរសរបស់យើងមិនបានធ្វើតាមប្រសាសន៍របស់ព្រះយេហូវ៉ា ដោយកាន់តាមបញ្ញត្តិទាំងប៉ុន្មានដែលបានត្រូវកត់ទុកក្នុងសៀវភៅនោះទេ»។+
២២ ដូច្នេះ ហ៊ីលគីយ៉ានិងអស់អ្នកដែលស្ដេចបានចាត់ ក៏បានទៅជួបហ៊ូលដាជាស្ត្រីប្រកាសទំនាយ។+ ហ៊ូលដាគឺជាប្រពន្ធសាលូមដែលជាអ្នកមើលខុសត្រូវខាងសម្លៀកបំពាក់ ត្រូវជាកូនធីកវ៉ា និងជាចៅហាហាក់។ នាងរស់នៅក្នុងសង្កាត់ថ្មីក្នុងក្រុងយេរូសាឡិម។ ពេលទៅដល់ទីនោះ ពួកគេបានសួរនាងតាមពាក្យដែលស្ដេចបង្គាប់។+ ២៣ នាងក៏ឆ្លើយតបថា៖ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានមានប្រសាសន៍ថា៖ ‹ចូរទៅប្រាប់អ្នកដែលបានចាត់អ្នករាល់គ្នាឲ្យមកឯខ្ញុំវិញថា៖ ២៤ «ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ ‹ខ្ញុំនឹងនាំឲ្យមានអន្តរាយនៅទីនេះ រួមទាំងបណ្ដាជនក្នុងស្រុកនេះ+ ស្របតាមពាក្យ*ទាំងប៉ុន្មានក្នុងសៀវភៅ+ដែលគេបានអានឲ្យស្ដេចស្រុកយូដាស្ដាប់។ ២៥ ព្រោះពួកគេបានលះចោលខ្ញុំ+ ហើយបានដុតគ្រឿងបូជា*ជូនព្រះឯទៀត។ ការប្រព្រឹត្តរបស់ពួកគេបានបណ្ដាលឲ្យខ្ញុំខឹងជាខ្លាំង។+ ដូច្នេះ ខ្ញុំនឹងបំផ្លាញក្រុងនេះឲ្យសាបសូន្យ ប្រៀបដូចជាភ្លើងកំពុងឆាបឆេះដែលពន្លត់មិនបានឡើយ›»។+ ២៦ ចំណែកឯស្ដេចស្រុកយូដាដែលបានចាត់អ្នករាល់គ្នាឲ្យមកសួរព្រះយេហូវ៉ា សូមទៅប្រាប់គាត់វិញថា៖ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានមានប្រសាសន៍ថា៖ ‹អ្នកបានឮពាក្យក្នុងសៀវភៅនោះហើយ។+ ២៧ អ្នកបានបន្ទន់ចិត្តនិងមានចិត្តរាបទាបនៅចំពោះព្រះ កាលដែលអ្នកបានឮពាក្យដែលខ្ញុំទាស់នឹងក្រុងនេះ ព្រមទាំងទាស់នឹងបណ្ដាជនក្នុងក្រុងនេះ។ ម្យ៉ាងទៀត អ្នកបានបន្ទាបខ្លួន ហើយហែកអាវ ថែមទាំងយំនៅចំពោះខ្ញុំ។ ខ្ញុំក៏បានឮអ្នកដែរ។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ២៨ ហេតុនេះ អ្នកនឹងមិនឃើញអន្តរាយដែលខ្ញុំនឹងនាំមកលើក្រុងនេះឡើយ។ អ្នកនឹងស្លាប់ដោយសុខសាន្ត ហើយនឹងត្រូវបញ្ចុះជាមួយនឹងបុព្វបុរសរបស់អ្នក›»›»។+
ក្រោយពីស្ដាប់រួច ពួកគេក៏នាំពាក្យទាំងនោះទៅជម្រាបស្ដេចវិញ។ ២៩ ពេលដែលស្ដេចបានឮពាក្យទាំងនោះ ស្ដេចបានចាត់គេឲ្យទៅអញ្ជើញបុរសចាស់ទុំទាំងអស់នៅក្រុងយេរូសាឡិម និងពីស្រុកយូដាទាំងមូល ឲ្យមកជួបគាត់។+ ៣០ បន្ទាប់មក ស្ដេចបានឡើងទៅឯវិហារព្រះយេហូវ៉ាជាមួយនឹងពួកអ្នកស្រុកយូដា រួមទាំងអ្នកដែលរស់នៅក្រុងយេរូសាឡិម និងបណ្ដាសង្ឃ ព្រមទាំងពួកលេវី ពោលគឺគ្រប់គ្នាទាំងអស់ ចាប់ពីអ្នកតូចរហូតដល់អ្នកធំ។ រួចមក ស្ដេចបានអានសៀវភៅនៃកិច្ចព្រមព្រៀង ដែលគេបានរកឃើញក្នុងវិហារព្រះយេហូវ៉ា ឲ្យពួកគេស្ដាប់។+ ៣១ ស្ដេចបានឈរនៅកន្លែងគាត់ ហើយបានធ្វើកិច្ចព្រមព្រៀង*+ជាមួយនឹងព្រះយេហូវ៉ា ថាគាត់នឹងដើរតាមព្រះយេហូវ៉ា ហើយកាន់តាមច្បាប់ បញ្ញត្តិ និងសេចក្ដីរំលឹកទាំងប៉ុន្មានរបស់លោកយ៉ាងអស់ពីកម្លាំងកាយចិត្ត+ ដោយខំព្យាយាមធ្វើតាមពាក្យក្នុងកិច្ចព្រមព្រៀងដែលបានត្រូវកត់ទុកក្នុងសៀវភៅនោះ។+ ៣២ បន្ថែមទៅទៀត គាត់បានណែនាំឲ្យបណ្ដាជនទាំងអស់នៅក្រុងយេរូសាឡិមនិងនៅទឹកដីបេនយ៉ាមីនឲ្យធ្វើតាមកិច្ចព្រមព្រៀងនោះដែរ។ អ្នកក្រុងយេរូសាឡិមបានប្រព្រឹត្តស្របតាមកិច្ចព្រមព្រៀងដែលពួកគេបានធ្វើជាមួយនឹងព្រះនៃបុព្វបុរសរបស់ពួកគេ។+ ៣៣ បន្ទាប់មក យ៉ូសៀសបានបំបាត់ចោលរូបព្រះដ៏គួរឲ្យស្អប់ខ្ពើម ចេញអស់ពីស្រុកអ៊ីស្រាអែល។+ គាត់បានបំផុសទឹកចិត្តបណ្ដាជនអ៊ីស្រាអែលទាំងអស់ឲ្យបម្រើព្រះយេហូវ៉ាជាព្រះរបស់ពួកគេ។ ក្នុងអំឡុងពេលដែលគាត់នៅរស់ បណ្ដាជនមិនបានបែរចេញពីព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់ពួកគេទេ។