សៀវភៅម៉ាថាយ
២៣ រួចមក លោកយេស៊ូមានប្រសាសន៍ទៅបណ្ដាជននិងអ្នកកាន់តាមលោកថា៖ ២ «ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីបានតាំងខ្លួនអង្គុយនៅកន្លែងរបស់ម៉ូសេ។ ៣ ដូច្នេះ ចូរធ្វើតាម ហើយកាន់តាមអ្វីៗទាំងអស់ដែលពួកគេប្រាប់អ្នករាល់គ្នាចុះ។ ប៉ុន្តែ កុំប្រព្រឹត្តដូចពួកគេឡើយ ពីព្រោះពួកគេមិនធ្វើតាមអ្វីដែលពួកគេប្រាប់នោះទេ។+ ៤ ពួកគេចងបន្ទុកយ៉ាងធ្ងន់ ហើយដាក់លើស្មារបស់មនុស្ស។+ ប៉ុន្តែ ពួកគេមិនសុខចិត្តយកម្រាមដៃមកលើកបន្តិចសោះ។+ ៥ ការប្រព្រឹត្តទាំងអស់របស់ពួកគេ គឺដើម្បីឲ្យមនុស្សមើលឃើញតែប៉ុណ្ណោះ+ ព្រោះប្រអប់តូចៗសម្រាប់ដាក់បទគម្ពីរ ដែលពួកគេពាក់ជាគ្រឿងការពារនោះ ពួកគេយកមកពង្រីកឲ្យធំ+ ហើយក៏ធ្វើឲ្យរំយោលនៅជាយអាវរបស់ពួកគេវែងដែរ។+ ៦ ពេលដែលពិសាភោជនាហារ ពួកគេចូលចិត្តអង្គុយនៅកន្លែងលេចមុខលេចមាត់ជាងគេ ហើយក៏ចូលចិត្តអង្គុយនៅមុខគេក្នុងសាលាប្រជុំដែរ។+ ៧ ពួកគេចង់ឲ្យមនុស្សជម្រាបសួរ បង្ហាញការគោរពចំពោះពួកគេនៅផ្សារ ថែមទាំងចង់ឲ្យមនុស្សហៅពួកគេថារ៉ាប៊ី។* ៨ ប៉ុន្តែអ្នករាល់គ្នាវិញ កុំឲ្យអ្នកណាហៅអ្នកថារ៉ាប៊ីឡើយ ពីព្រោះអ្នកមានគ្រូតែមួយទេ+ ហើយអ្នករាល់គ្នាជាបងប្អូននឹងគ្នា។ ៩ ម្យ៉ាងទៀត កុំហៅអ្នកណានៅផែនដីថាបិតា*ឡើយ ពីព្រោះបិតារបស់អ្នកមានតែមួយទេ+ ហើយលោកស្ថិតនៅស្ថានសួគ៌។ ១០ កុំឲ្យអ្នកណាហៅអ្នកថា‹អ្នកដឹកនាំ›ឡើយ ពីព្រោះអ្នករាល់គ្នាមានអ្នកដឹកនាំតែមួយទេ គឺគ្រិស្ត។ ១១ ប៉ុន្តែ អ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នាវិញ។+ ១២ អ្នកណាដែលតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ+ តែអ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើង។+
១៣ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នកបិទទ្វាររាជាណាចក្រស្ថានសួគ៌នៅមុខមនុស្ស។ អ្នករាល់គ្នាមិនចូល ហើយអ្នកដែលកំពុងចូល ក៏អ្នករាល់គ្នាមិនឲ្យចូលដែរ។+ ១៤ *——
១៥ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា!+ ពីព្រោះអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវទឹកនិងតាមផ្លូវគោក ដើម្បីនាំមនុស្សម្នាក់ឲ្យដូរសាសនា* រួចពេលដែលអ្នកនោះដូរសាសនាហើយ អ្នករាល់គ្នាបែរជាធ្វើឲ្យអ្នកនោះសមនឹងទទួលទោសនៅក្នុងកេហេណា*ច្រើនជាងអ្នករាល់គ្នាទ្វេដង។
១៦ «ពួកអ្នកដឹកនាំដែលងងឹតភ្នែកអើយ! អ្នករាល់គ្នានឹងត្រូវវេទនា!+ ពីព្រោះអ្នកនិយាយថា៖ ‹បើអ្នកណាស្បថដោយយកវិហារជាសាក្សី ហើយមិនធ្វើតាមសម្បថ នោះមិនមែនជាការខុសទេ។ តែអ្នកណាដែលស្បថដោយយកមាសរបស់វិហារជាសាក្សី អ្នកនោះត្រូវធ្វើតាមសម្បថ›។+ ១៧ មនុស្សងងឹតភ្នែកនិងល្ងង់ខ្លៅអើយ! តើអ្វីសំខាន់ជាង? មាស ឬក៏វិហារដែលបានធ្វើឲ្យមាសនោះបរិសុទ្ធ? ១៨ បន្ថែមទៀត អ្នករាល់គ្នានិយាយថា៖ ‹បើអ្នកណាស្បថដោយយកទីបូជាជាសាក្សី ហើយមិនធ្វើតាមសម្បថ នោះមិនមែនជាការខុសទេ។ ប៉ុន្តែ អ្នកណាដែលស្បថដោយយកគ្រឿងបូជាលើទីបូជាជាសាក្សី អ្នកនោះត្រូវធ្វើតាមសម្បថ›។ ១៩ មនុស្សងងឹតភ្នែកអើយ! តើអ្វីសំខាន់ជាង? គ្រឿងបូជា ឬក៏ទីបូជាដែលធ្វើឲ្យគ្រឿងបូជានោះបរិសុទ្ធ? ២០ ដូច្នេះ អ្នកណាដែលស្បថដោយយកទីបូជាជាសាក្សី អ្នកនោះកំពុងស្បថដោយយកទីបូជា ព្រមទាំងអ្វីៗទាំងអស់នៅលើទីបូជាជាសាក្សីហើយ។ ២១ ឯអ្នកណាដែលស្បថដោយយកវិហារជាសាក្សី អ្នកនោះកំពុងស្បថដោយយកវិហារ ព្រមទាំងលោកដែលអាស្រ័យនៅទីនោះជាសាក្សីដែរ។+ ២២ រីឯអ្នកណាដែលស្បថដោយយកស្ថានសួគ៌ជាសាក្សី អ្នកនោះកំពុងស្បថដោយយកបល្ល័ង្ករបស់ព្រះ ព្រមទាំងលោកដែលអង្គុយលើបល្ល័ង្កនោះជាសាក្សីហើយ។
២៣ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នករាល់គ្នាឲ្យ១ភាគ១០នៃជីរអង្កាម ឌីល និងខាមិន*+ តែមិនអើពើសោះចំពោះគោលការណ៍ដែលសំខាន់ជាងក្នុងច្បាប់* គឺយុត្តិធម៌+ សេចក្ដីមេត្តាករុណា+ និងសេចក្ដីស្មោះត្រង់។ អ្វីៗទាំងនេះហើយដែលអ្នករាល់គ្នាត្រូវធ្វើជាដាច់ខាត តែអ្វីៗឯទៀតនោះក៏មិនត្រូវលះចោលដែរ។+ ២៤ មនុស្សងងឹតភ្នែកអើយ!+ អ្នករាល់គ្នាត្រងសត្វសុចចេញ+ តែលេបសត្វអូដ្ឋវិញ!+
២៥ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នករាល់គ្នាលាងពែងនិងលាងចានតែខាងក្រៅប៉ុណ្ណោះ+ ឯខាងក្នុងវិញពេញទៅដោយភាពលោភលន់*+ និងការបំពេញតាមបំណងប្រាថ្នារបស់ខ្លួន។+ ២៦ ផារិស៊ីងងឹតភ្នែកអើយ! ចូរសម្អាតខាងក្នុងពែងនិងចានជាមុនសិន ដើម្បីឲ្យខាងក្រៅបានស្អាតដែរ។
២៧ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា!+ ពីព្រោះអ្នករាល់គ្នាគឺប្រៀបដូចជាទីបញ្ចុះសព ដែលលាបកំបោរស។+ ខាងក្រៅមើលទៅឃើញស្អាតមែន តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងអ្វីៗសព្វបែបយ៉ាងដែលស្មោកគ្រោក។ ២៨ ស្រដៀងគ្នាដែរ តាមទស្សនៈមនុស្ស អ្នករាល់គ្នាមើលទៅដូចជាសុចរិតមែន តែចិត្តអ្នករាល់គ្នាពោរពេញទៅដោយពុតត្បុត និងការប្រឆាំងច្បាប់វិញ។+
២៩ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា!+ ពីព្រោះអ្នករាល់គ្នាធ្វើទីបញ្ចុះសពសម្រាប់ពួកអ្នកប្រកាសទំនាយ ហើយក៏តុបតែងទីបញ្ចុះសពរបស់មនុស្សសុចរិតដែរ+ ៣០ រួចអ្នកនិយាយថា៖ ‹បើយើងបានរស់នៅសម័យបុព្វបុរសរបស់យើង នោះយើងមិនរួមដៃជាមួយនឹងពួកគាត់ក្នុងការសម្លាប់ពួកអ្នកប្រកាសទំនាយទេ›។ ៣១ ដោយសារអ្នករាល់គ្នាបាននិយាយដូច្នេះ នោះអ្នករាល់គ្នាកំពុងបញ្ជាក់ថា អ្នកជាកូនរបស់ពួកអ្នកដែលបានសម្លាប់ពួកអ្នកប្រកាសទំនាយ។+ ៣២ បើដូច្នេះ ចូរបង្ហើយកិច្ចការដែលបុព្វបុរសរបស់អ្នករាល់គ្នាបានចាប់ផ្ដើមចុះ។
៣៣ «ពូជពស់មានពិសអើយ!+ តើអ្នករាល់គ្នាអាចគេចផុតពីការផ្ដន្ទាទោសឲ្យទៅកេហេណា*យ៉ាងដូចម្ដេចបាន?+ ៣៤ ហេតុនេះ ខ្ញុំកំពុងចាត់ពួកអ្នកប្រកាសទំនាយ+ ពួកអ្នកប្រាជ្ញ និងពួកអ្នកបង្រៀនមកឯអ្នករាល់គ្នា។+ អ្នកនឹងសម្លាប់ពួកគេខ្លះ+ ហើយព្យួរពួកគេខ្លះលើបង្គោលឈើ ក៏នឹងវាយពួកគេខ្លះទៀតដោយរំពាត់ខ្សែតី+នៅក្នុងសាលាប្រជុំ ព្រមទាំងបៀតបៀនពួកគេ+ពីក្រុងមួយទៅក្រុងមួយ។ ៣៥ យ៉ាងនេះ អ្នករាល់គ្នានឹងត្រូវទទួលទោសចំពោះការសម្លាប់មនុស្សសុចរិតទាំងអស់នៅផែនដី តាំងពីការសម្លាប់អេបិលដែលជាមនុស្សសុចរិត+ រហូតដល់សាការីជាកូនរបស់បារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់នៅខាងមុខវិហារជិតទីបូជា។+ ៣៦ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ការទាំងអស់នេះនឹងកើតឡើងចំពោះមនុស្សជំនាន់នេះ។
៣៧ «ក្រុងយេរូសាឡិម ក្រុងយេរូសាឡិមអើយ! គឺនាងហើយដែលបានសម្លាប់ពួកអ្នកប្រកាសទំនាយ ហើយបានគប់ដុំថ្មសម្លាប់ពួកអ្នកដែលព្រះបានចាត់មកឯនាង!+ ច្រើនដងហើយដែលខ្ញុំចង់ប្រមូលកូនរបស់នាងមក ដូចមេមាន់ក្រុងកូនក្រោមស្លាបវា។ ប៉ុន្តែ អ្នករាល់គ្នាមិនព្រមសោះ។+ ៣៨ មើល! វិហារ*នេះនឹងត្រូវបោះបង់ចោល ហើយទុកឲ្យអ្នករាល់គ្នាវិញ។+ ៣៩ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះទៅ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត រហូតដល់អ្នករាល់គ្នានិយាយថា៖ ‹អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា* មានពរហើយ!›»។+