ចូរខំព្យាយាមក្នុងកិច្ចការចំរូតនេះ!
«អស់អ្នកដែលសាបព្រោះ ដោយស្រក់ទឹកភ្នែក នោះនឹងបានច្រូតវិញ ដោយច្រៀងអរសប្បាយ»។—ទំនុកដំកើង ១២៦:៥
១. នៅសព្វថ្ងៃនេះ ហេតុអ្វីបានជាយើងត្រូវ«សូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់»?
ក្រោយពីដំណើរផ្សព្វផ្សាយលើកទីបីរបស់ព្រះយេស៊ូគ្រីស្ទនៅស្រុកកាលីឡេ នោះទ្រង់បានមានបន្ទូលប្រាប់សិស្សទ្រង់ថា៖ «ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ»។ (ម៉ាថាយ ៩:៣៧) នៅស្រុកយូដាក៏មានស្ថានការណ៍ដូចគ្នាដែរ។ (លូកា ១០:២) ដោយមានស្ថានការណ៍អ៊ីចឹងជិត២.០០០ឆ្នាំកន្លងទៅហើយ ចុះសព្វថ្ងៃនេះ តើមានស្ថានការណ៍យ៉ាងណាដែរ? ក្នុងកំឡុងឆ្នាំកិច្ចបំរើមុន នោះមានស្មរបន្ទាល់ព្រះយេហូវ៉ាជាង៦.០០០.០០០នាក់ បានខំព្យាយាមក្នុងកិច្ចការដែលប្រៀបដូចជាការច្រូត ក្នុងចំណោមមនុស្ស៦.០០០.០០០.០០០នាក់ នៅក្នុងពិភពលោកនេះ ដែលពួកគេជាច្រើនគឺ«ល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល»។ ដូច្នេះ សេចក្ដីដាស់តឿនរបស់ព្រះយេស៊ូឲ្យ«សូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់» ពាក្យនេះពិតជាមានប្រសិទ្ធភាពនៅសព្វថ្ងៃនេះ ហើយក៏ដូចជាសតវត្សមុនៗកន្លងទៅនេះដែរ។—ម៉ាថាយ ៩:៣៦, ៣៨
២. តើអ្វីដែលនាំឲ្យមនុស្សស្គាល់យើង?
២ ព្រះយេហូវ៉ាដែលជាចៅហ្វាយនៃចំរូត បានតបឆ្លើយនឹងសេចក្ដីអង្វរនេះឲ្យចាត់អ្នកច្រូតច្រើនទៀត។ ហើយជាអំណរមែនហ្ន៎! ដោយរួមចំណែកក្នុងកិច្ចការច្រូតដែលត្រូវដឹកនាំដោយព្រះ។ ទោះជាយើងមានចំនួនតិចបើប្រៀបធៀបនឹងសាសន៍នានាក៏ដោយ តែការរួមចំណែកដ៏ខ្នះខ្នែងក្នុងកិច្ចការផ្សព្វផ្សាយ និងការបញ្ចុះបញ្ចូលឲ្យមានសិស្ស នាំឲ្យមនុស្សក្នុងពិភពលោកស្គាល់យើង។ នៅក្នុងប្រទេសជាច្រើន គេបាននិយាយយ៉ាងច្រើនអំពីយើងតាមប្រព័ន្ធផ្សាយពត៌មាន។ ស្នូរកណ្ដឹងរោទ៍ក្នុងរឿងកុន ក្នុងទូរទស្សន៍ អាចឲ្យគេដឹងថា ស្មរបន្ទាល់ព្រះយេហូវ៉ាមកឯមាត់ទ្វារគេទៀតហើយ។ ត្រូវហើយ សកម្មភាពគ្រីស្ទានរបស់យើងក្នុងកិច្ចការដែលប្រៀបនឹងការច្រូតនេះ គឺល្បីល្បាញក្នុងសតវត្សទី២១នេះ។
៣. (ក) តើដូចម្ដេចដែលយើងដឹងថា មានគេកត់សម្គាល់នឹងកិច្ចការផ្សព្វផ្សាយសារព្រះរាជាណាចក្រនៅសតវត្សទីមួយ? (ខ) ហេតុអ្វីបានជាយើងអាចនិយាយថា ពួកទេវតាគាំទ្រកិច្ចបំរើរបស់យើង?
៣ លោកីយ៍ក៏បានកត់សម្គាល់កិច្ចការផ្សព្វផ្សាយព្រះរាជាណាចក្រនៅសតវត្សទីមួយដែរ និងបានបៀតបៀនពួកអ្នកប្រកាសដំណឹងល្អ។ ដូច្នេះហើយ សាវ័កប៉ុលបានសរសេរថា៖ «ខ្ញុំស្មានថា ព្រះទ្រង់បានដាក់យើងខ្ញុំ ដែលជាពួកសាវក ឲ្យនៅក្រោយបង្អស់ ហាក់ដូចជាបានដំរូវឲ្យត្រូវស្លាប់ដែរ ពីព្រោះយើងខ្ញុំបានត្រឡប់ជាទីដែលសំរាប់ឲ្យលោកីយបានមើលលេង គឺដល់ទាំងពួកទេវតា នឹងពួកមនុស្សផង»។ (កូរិនថូសទី១ ៤:៩) ស្រដៀងគ្នាដែរ ជាអ្នកប្រកាសសារព្រះរាជាណាចក្រដោយចិត្តឧស្សាហ៍ព្យាយាម ទោះជាមានការបៀតបៀនក៏ដោយ នោះនាំឲ្យលោកីយ៍ចាប់អារម្មណ៍នឹងយើង ហើយក៏មានភាពសំខាន់ដល់ពួកទេវតាដែរ។ វិវរណៈ ១៤:៦ចែងថា៖ «ខ្ញុំ[សាវ័កយ៉ូហាន]ក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្ដាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ»។ ត្រូវហើយ យើងមានការគាំទ្រពីពួកទេវតាក្នុងកិច្ចបំរើរបស់យើង គឺកិច្ចការចំរូតនេះហើយ!—ហេព្រើរ ១:១៣, ១៤
«មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា»
៤, ៥. (ក) តើព្រះយេស៊ូបានប្រទានឲ្យការព្រមានអ្វីដល់សិស្សទ្រង់? (ខ) ហេតុអ្វីបានជា«មនុស្សទាំងអស់នឹងស្អប់»ពួកអ្នកបំរើរបស់ព្រះនៅសព្វថ្ងៃនេះ?
៤ នៅពេលដែលពួកសាវ័ករបស់ព្រះយេស៊ូបានត្រូវចាត់ឲ្យទៅធ្វើជាអ្នកច្រូត ពួកគេបានធ្វើតាមសេចក្ដីបង្គាប់នេះដែលឲ្យ«ធ្វើជាអ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប»។ ព្រះយេស៊ូបានមានបន្ទូលទៀតថា៖ «ត្រូវឲ្យប្រយ័តនឹងមនុស្សលោក ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅពួកក្រុមជំនុំ ហើយនឹងវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំ អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅនៅមុខចៅហ្វាយខេត្ត ហើយនៅចំពោះស្តេច ដោយព្រោះខ្ញុំ ទុកជាទីបន្ទាល់ដល់លោកទាំងនោះ ហើយនឹងពួកសាសន៍ដទៃដែរ . . . មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ ប៉ុន្តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត អ្នកនោះនឹងបានសង្គ្រោះ»។—ម៉ាថាយ ១០:១៦-២២
៥ សព្វថ្ងៃនេះ«មនុស្សទាំងអស់នឹងស្អប់»យើង ពីព្រោះ«លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច» គឺអារក្សសាតាំង ដែលជាមេសត្រូវរបស់ព្រះនិងរាស្ត្ររបស់ទ្រង់។ (យ៉ូហានទី១ ៥:១៩) ពួកសត្រូវរបស់យើងសង្កេតឃើញភាពរីកចំរើនខាងវិញ្ញាណរបស់យើង តែបដិសេធថាមិនមែនមកពីព្រះយេហូវ៉ាឡើយ។ ពួកអ្នកប្រឆាំងឃើញទឹកមុខដ៏រីករាយរបស់យើង កាលដែលយើងចូលរួមក្នុងកិច្ចការចំរូតនេះដោយអំណរ។ ពួកគេនឹកអស្ចារ្យក្នុងចិត្តអំពីសាមគ្គីភាពរបស់យើង! តាមការពិត ពួកគេប្រហែលទទួលស្គាល់ទាំងទើសចិត្ត ពេលដែលគេធ្វើដំណើរទៅប្រទេសមួយទៀត និងឃើញថាស្មរបន្ទាល់ព្រះយេហូវ៉ានៅទីនោះ កំពុងតែធ្វើការដូចអ្វីដែលគេបានសង្កេតឃើញក្នុងប្រទេសរបស់គេដែរ។ ប្រាកដហើយ យើងដឹងថា នៅពេលដ៏សមរម្យ ព្រះយេហូវ៉ាដ៏ជាអ្នកគាំទ្រយើង និងជាប្រភពនៃសាមគ្គីភាពរបស់យើង នឹងធ្វើឲ្យពួកសត្រូវរបស់យើងស្គាល់ទ្រង់ជាក់ជាមិនខាន។—អេសេគាល ៣៨:១០-១២, ២៣
៦. តើយើងមានការធានារ៉ាប់រងយ៉ាងណា កាលដែលយើងធ្វើកិច្ចការចំរូតនេះ? ប៉ុន្តែ តើមានសំនួរអ្វី?
៦ ចៅហ្វាយនៃកិច្ចការចំរូតបានប្រគល់ឲ្យបុត្ររបស់ទ្រង់ គឺព្រះយេស៊ូគ្រីស្ទនូវ«គ្រប់ទាំងអំណាច . . . នៅលើស្ថានសួគ៌ ហើយលើផែនដីផង»។ (ម៉ាថាយ ២៨:១៨) ដូច្នេះហើយ ព្រះយេហូវ៉ាប្រើព្រះយេស៊ូដើម្បីដឹកនាំកិច្ចការច្រូតនេះ តាមរយៈពួកទេវតានៅស្ថានសួគ៌ និង‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›ជាអ្នកចាក់ប្រេងតាំងដែលកំពុងរស់នៅលើផែនដីនេះ។ (ម៉ាថាយ ២៤:៤៥-៤៧; វិវរណៈ ១៤:៦, ៧) ប៉ុន្តែ តើតាមរបៀបណា ដែលយើងអាចប្រឈមមុខនឹងការប្រឆាំងពីពួកសត្រូវ ហើយរក្សាឲ្យមានអំណរ កាលដែលយើងតស៊ូក្នុងកិច្ចការចំរូតនេះ?
៧. តើយើងខំរក្សាឲ្យមានទឹកចិត្តយ៉ាងណា ពេលមានគេប្រឆាំងឬគេបៀតបៀនយើងនោះ?
៧ នៅពេលដែលយើងជួបប្រទះការប្រឆាំង ឬការបៀតបៀនទាំងស្រុង ចូរឲ្យយើងស្វែងរកជំនួយពីព្រះ ដើម្បីឲ្យយើងអាចរក្សាឲ្យមានទឹកចិត្តដូចប៉ុលដែរ។ គាត់បានសរសេរថា៖ «កាលណាគេជេរ នោះយើងខ្ញុំឲ្យពរវិញ កាលណាគេបៀតបៀន នោះយើងខ្ញុំទ្រាំទ្រ កាលណាគេប្រមាថ នោះយើងខ្ញុំអង្វរដល់គេ»។ (កូរិនថូសទី១ ៤:១២, ១៣) ទឹកចិត្តបែបនេះ រួមបញ្ចូលនឹងកិច្ចបំរើសាធារណៈរបស់យើង ដែលធ្វើឡើងដោយការប៉ិនប្រសប់ ដែលជួនកាលអាចផ្លាស់ប្ដូរនូវអាកប្បកិរិយារបស់ពួកអ្នកប្រឆាំងរបស់យើង។
៨. តើបន្ទូលរបស់ព្រះយេស៊ូក្នុងម៉ាថាយ ១០:២៨ ធ្វើឲ្យមានទំនុកចិត្តយ៉ាងណា?
៨ សូម្បីតែមានការគំរាមកំហែងដល់ជីវិតក៏ដោយ នោះក៏មិនបន្ថយចិត្តខ្នះខ្នែងរបស់យើងជាអ្នកច្រូតឡើយ។ យើងប្រកាសសារព្រះរាជាណាចក្រដោយឥតភ័យខ្លាច និងដោយឥតលាក់លៀមដល់កំរិតណាដែលអាចធ្វើទៅបាន។ ហើយយើងទទួលការលើកទឹកចិត្តពីបន្ទូលរបស់ព្រះយេស៊ូនេះថា៖ «កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង នឹងរូបកាយវិនាសទៅក្នុងនរកផង»។ (ម៉ាថាយ ១០:២៨) យើងដឹងថា ព្រះវរបិតារបស់យើងដែលនៅស្ថានសួគ៌ ជាអ្នកប្រទានឲ្យជីវិត។ ទ្រង់ប្រទានរង្វាន់ដល់អស់អ្នកដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះទ្រង់ ហើយថែមទាំងដោយស្មោះត្រង់ខំព្យាយាមក្នុងកិច្ចការចំរូតនេះ។
សារមួយដែលសង្គ្រោះជីវិត
៩. តើមនុស្សខ្លះបានតបឆ្លើយយ៉ាងណានឹងពាក្យរបស់អេសេគាល? ហើយតើសព្វថ្ងៃនេះមានសភាពស្រដៀងគ្នាយ៉ាងណា?
៩ នៅពេលដែលព្យាការីអេសេគាលបានប្រកាសយ៉ាងអង់អាច នូវសាររបស់ព្រះយេហូវ៉ាដល់«សាសន៍ដែលរឹងចចេស» គឺជាព្រះរាជាណាចក្រនៃសាសន៍អ៊ីស្រាអែលនិងសាសន៍យូដា នោះបុគ្គលខ្លះបានពេញចិត្តពេលឮអ្វីដែលគាត់និយាយនោះ។ (អេសេគាល ២:៣) ព្រះយេហូវ៉ាបានមានបន្ទូលថា៖ «មើល! គេរាប់ឯងទុកដូចជាបទចំរៀង ដ៏ពីរោះនៃមនុស្សមានសំឡេងល្អ ហើយចេះលេងភ្លេងយ៉ាងប្រសប់ប៉ុណ្ណោះ ដ្បិតគេស្ដាប់អស់ទាំងពាក្យរបស់ឯង ប៉ុន្តែមិនប្រព្រឹត្តតាមទេ»។ (អេសេគាល ៣៣:៣២) ទោះជាគេចូលចិត្តនឹងពាក្យរបស់អេសេគាលក៏ដោយ តែគេមិនបានប្រព្រឹត្តតាមនោះទេ។ តើអ្វីកំពុងតែកើតឡើងនៅសព្វថ្ងៃនេះ? នៅពេលដែលអ្នកសំណល់ចាក់ប្រេងតាំងនិងគូកនរបស់គេ ប្រកាសយ៉ាងក្លាហាននូវសាររបស់ព្រះយេហូវ៉ា នោះអ្នកខ្លះចង់ឮអំពីពររបស់ព្រះរាជាណាចក្រ។ តែពួកគេមិនបានតបឆ្លើយដោយចិត្តអបអរ ឬដោយចង់ក្លាយទៅជាពួកសិស្ស និងចូលរួមក្នុងកិច្ចការចំរូតនេះទេ។
១០, ១១. នៅដើមសតវត្សទី២០ តើអ្វីបានត្រូវធ្វើដើម្បីប្រកាសអំពីសាររបស់យើងដែលអាចសង្គ្រោះជីវិតបាន ? តើបានមានលទ្ធផលយ៉ាងណា?
១០ ម្យ៉ាងវិញទៀត មនុស្សជាច្រើនបានតបឆ្លើយយ៉ាងល្អនឹងកិច្ចការចំរូតនេះ ហើយបានចូលរួមប្រកាសសាររបស់ព្រះ។ ជាក់ស្តែង នៅក្នុងកំឡុងមហាសន្និបាតដែលមានជាបន្តបន្ទាប់ ចាប់ពីឆ្នាំ១៩២២រហូតដល់ឆ្នាំ១៩២៨នោះ សារជំនុំជំរះលើរបបដ៏អាក្រក់ជួជាតិរបស់សាតាំង បានត្រូវប្រកាសយ៉ាងជាក់ច្បាស់។ បុស្តិ៍វិទ្យុបានផ្សាយនូវការប្រកាសទោសទាំងនេះ ដែលបានថ្លែងឡើងនៅសន្និបាតទាំងនោះ។ ក្រោយនោះមក រាស្ត្ររបស់ព្រះបានបោះពុម្ពនិងចែកចាយរាប់លានសន្លឹកនៃការប្រកាសនោះ។
១១ នៅដំណាច់ទសវត្សឆ្នាំ១៩៣០បែបបទមួយទៀតខាងការធ្វើបន្ទាល់ក៏មានឡើង នោះគឺជាក្បួនហែផ្សាយពត៌មាន។ មុនដំបូង រាស្ត្ររបស់ព្រះយេហូវ៉ាពាក់ផ្ទាំងប្រកាសជាប់ខ្លួន ដែលប្រាប់អំពីសុន្ទរកថាសាធារណៈ។ ក្រោយមក ពួកគេបានកាន់ផ្ទាំងប្រកាសដែលមានពាក្យស្លោក ដូចជា «សាសនាគឺជាអន្ទាក់និងជារបរទុច្ចរិត» ហើយក៏ដាក់ថែមទៀតថា«ចូរបំរើព្រះនិងព្រះគ្រីស្ទដែលជាស្តេច»។ នៅពេលដែលគេដើរតាមផ្លូវ នោះបានធ្វើឲ្យពួកអ្នកធ្វើដំណើរចាប់អារម្មណ៍នឹងគេ។ បងប្រុសម្នាក់ដែលបានចូលរួមយ៉ាងទៀងទាត់ក្នុងកិច្ចការផ្សាយ តាមផ្លូវដ៏កកស្ទះនៅទីក្រុងឡុងប្រទេសអង់គ្លេស បានមានប្រសាសន៍ថា៖ ‹ការធ្វើបន្ទាល់បែបនេះបានធ្វើឲ្យសាធារណជន យកចិត្តទុកដាក់យ៉ាងខ្លាំងនឹងស្មរបន្ទាល់ព្រះយេហូវ៉ា។ ហើយនេះធ្វើឲ្យស្មរបន្ទាល់មានចិត្តក្លាហាន›។
១២. បន្ថែមនឹងសារជំនុំជំរះរបស់ព្រះ តើយើងបានបង្ហាញពត៌មានអ្វីទៀតក្នុងកិច្ចបំរើផ្សាយ? ហើយតើអ្នកណាដែលមានសាមគ្គីភាពក្នុងការផ្សព្វផ្សាយដំណឹងល្អនេះ?
១២ កាលដែលយើងប្រកាសអំពីសារជំនុំជំរះរបស់ព្រះ យើងក៏បង្ហាញលក្ខណៈដ៏ល្អនៃសារខាងព្រះរាជាណាចក្រនេះដែរ។ ការធ្វើបន្ទាល់ដោយមានចិត្តដ៏អង់អាចក្លាហាននៅក្នុងពិភពលោកនេះ ជួយយើងឲ្យស្វែងរកពួកអ្នកដែលសមទទួល។ (ម៉ាថាយ ១០:១១) សមាជិកចុងក្រោយភាគច្រើននៃអ្នកចាក់ប្រេងតាំង បានតបឆ្លើយនឹងការហៅដ៏រំពងក្នុងកំឡុងទសវត្សនៃឆ្នាំ១៩២០ទៅឆ្នាំ១៩៣០។ រួចមក នៅឯមហាសន្និបាតមួយនៅឆ្នាំ១៩៣៥ ក៏មានពត៌មានដ៏អស្ចារ្យអំពីប្រសិទ្ធិពរនៅអនាគតចំពោះ«ហ្វូងធំ»មួយនៃ«ចៀមឯទៀត»ដែលនឹងរស់នៅលើផែនដីមនោរម្យ។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦) ពួកគេបានធ្វើតាមសារជំនុំជំរះរបស់ព្រះ ហើយមានសាមគ្គីភាពជាមួយនឹងពួកអ្នកចាក់ប្រេងតាំង ក្នុងការផ្សព្វផ្សាយដំណឹងល្អដែលសង្គ្រោះជីវិតនេះ។
១៣, ១៤. (ក) តើយើងអាចបានការសម្រាលទុក្ខអ្វី ពីទំនុកដំកើង ១២៦:៥, ៦? (ខ) បើសិនជាយើងបន្តសាបព្រោះនិងស្រោចទឹក តើអ្វីនឹងកើតឡើង?
១៣ អ្វីដែលសម្រាលទុក្ខយ៉ាងខ្លាំងដល់ពួកអ្នកច្រូតរបស់ព្រះ និងជាពិសេសដល់អ្នកដែលរងទុក្ខការបៀតបៀន គឺពាក្យនៅក្នុងទំនុកដំកើង ១២៦:៥, ៦ ដែលថា៖ «អស់អ្នកដែលសាបព្រោះ ដោយស្រក់ទឹកភ្នែក នោះនឹងបានច្រូតវិញ ដោយច្រៀងអរសប្បាយ ឯអ្នកដែលកណ្ដៀតពូជ សំរាប់សាបព្រោះចេញទៅទាំងយំ នោះប្រាកដជានឹងចូលមកវិញដោយអំណរ ព្រមទាំងយកកណ្ដាប់មកផង»។ ពាក្យរបស់អ្នកតែងបទទំនុកដំកើងអំពីការសាបព្រោះនិងការច្រូតនេះ បង្ហាញនូវព្រះទ័យទុកដាក់របស់ព្រះយេហូវ៉ា និងការប្រទានពរឲ្យពួកអ្នកសំណល់ ដែលបានត្រឡប់មកពីការជាប់ឃុំឃាំងនៅស្រុកបាប៊ីឡូនពីបុរាណ។ ពួកគេសប្បាយចិត្តណាស់ពេលបានរំដោះនោះ តែពួកគេក៏អាចយំដែរ ពេលសាបព្រោះលើដីដ៏សោះកក្រោះ ដែលមិនមានអ្នកណាភ្ជួររាស់អស់៧០ឆ្នាំហើយ ពេលដែលពួកគេបានជាប់ជានិរទេសជននៅបាប៊ីឡូននោះ។ ប៉ុន្តែ អស់អ្នកដែលបានទៅសាបព្រោះ និងធ្វើការសាងសង់បានទទួលផលផ្លែនិងការស្កប់ចិត្តពីការងាររបស់គេនោះ។
១៤ យើងអាចស្រក់ទឹកភ្នែកពេលជួបប្រទះសេចក្ដីទុក្ខលំបាក ឬពេលយើងឬអ្នកជឿគ្នីគ្នាកំពុងតែរងទុក្ខដោយសារសេចក្ដីសុចរិតនោះ។ (ពេត្រុសទី១ ៣:១៤) ក្នុងកិច្ចការចំរូតរបស់យើង មុនដំបូងយើងប្រហែលជាមានការពិបាក ពីព្រោះយើងហាក់ដូចជាគ្មានអ្វីដើម្បីបង្ហាញថាបានជោគជ័យ ចំពោះការខំប្រឹងក្នុងកិច្ចបំរើផ្សាយរបស់យើងទេ។ ប៉ុន្តែ បើយើងបន្តសាបព្រោះនិងស្រោចទឹក នោះព្រះនឹងធ្វើឲ្យនោះដុះឡើង ដែលតែងតែមានលើសជាងការសង្ឃឹមរបស់យើងទៅទៀត។ (កូរិនថូសទី១ ៣:៦) នេះគឺបានបង្ហាញឲ្យឃើញយ៉ាងល្អ ដោយលទ្ធផលនៃការចែកចាយព្រះគម្ពីរនិងប្រកាសនវត្ថុដែលមានមូលដ្ឋានពីបទគម្ពីរ។
១៥. សូមឲ្យឧទាហរណ៍មួយអំពីប្រយោជន៍ នៃប្រកាសនវត្ថុគ្រីស្ទានក្នុងកិច្ចការចំរូត។
១៥ សូមពិនិត្យមើលឧទាហរណ៍មួយអំពីបុរសម្នាក់ឈ្មោះជិម។ ពេលដែលម្ដាយរបស់គាត់ស្លាប់ទៅ ក្នុងចំណោមរបស់របររបស់ម្ដាយគាត់ គាត់បានរកឃើញសៀវភៅមួយក្បាលដែលមានចំណងជើងថា តើជីវិតបានកើតមានឡើងតាមរបៀបណា? តើតាមការវិវត្តន៍ ឬការបង្កើត?a គាត់អានសៀវភៅនោះទាំងចាប់អារម្មណ៍យ៉ាងខ្លាំង។ ពេលពិគ្រោះជាមួយស្មរបន្ទាល់ម្នាក់ ដែលមកជួបគាត់តាមផ្លូវ នោះជិមបានសុខចិត្តឲ្យគេមកជួបគាត់វិញ ហើយនេះក៏នាំឲ្យមានការសិក្សាព្រះគម្ពីរ។ ជិមបានរីកចំរើនយ៉ាងលឿនខាងវិញ្ញាណ បានថ្វាយខ្លួនជូនព្រះយេហូវ៉ា និងបានទទួលបុណ្យជ្រមុជទឹក។ គាត់បានប្រាប់សមាជិកឯទៀតក្នុងគ្រួសារ អំពីអ្វីដែលគាត់បានរៀន។ ជាលទ្ធផល បងស្រីនិងបងប្រុសគាត់បានក្លាយទៅជាស្មរបន្ទាល់ព្រះយេហូវ៉ាដែរ ហើយក្រោយមក ជិមទទួលឯកសិទ្ធិជាជនស្ម័គ្រចិត្តបំរើពេញពេលនៅឯបេតអែលនៅទីក្រុងឡុង។
ត្រូវគេបៀតបៀន តែនៅតែមានអំណរ
១៦. (ក) ហេតុអ្វីបានជោគជ័យម្ល៉េះក្នុងកិច្ចការចំរូត? (ខ) តើព្រះយេស៊ូបានប្រទានការព្រមានអ្វី ស្តីអំពីឥទ្ធិពលនៃដំណឹងល្អ? ប៉ុន្តែ តើយើងនិយាយជាមួយមនុស្សដោយមានអាកប្បកិរិយាយ៉ាងណា?
១៦ ហេតុអ្វីបានជោគជ័យម្ល៉េះក្នុងកិច្ចការចំរូតនេះ? ពីព្រោះពួកគ្រីស្ទានចាក់ប្រេងតាំងបានធ្វើតាមសេចក្ដីបង្គាប់របស់ព្រះយេស៊ូ ដែលថា៖ «ការអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសំដែងនៅទីភ្លឺ ហើយការអ្វី ដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែងប្រាប់ពីលើដំបូលផ្ទះវិញចុះ!»។ (ម៉ាថាយ ១០:២៧) ប៉ុន្តែ យើងក៏អាចយល់ថាមានការពិបាកដែរ ពីព្រោះព្រះយេស៊ូបានព្រមានថា៖ «បងប្អូននឹងបញ្ជូនគ្នាឲ្យត្រូវស្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូននឹងលើកគ្នាទាស់នឹងឪពុកម្ដាយ ព្រមទាំងសំឡាប់គាត់ផង»។ ព្រះយេស៊ូបានមានបន្ទូលទៀតថា៖ «កុំឲ្យស្មានថា ខ្ញុំមកនឹងតាំងឲ្យមានសេចក្ដីមេត្រីនៅផែនដីឡើយ ខ្ញុំមិនមែនមក ដើម្បីតាំងឲ្យមានសេចក្ដីមេត្រីទេ គឺឲ្យមានដាវវិញ»។ (ម៉ាថាយ ១០:២១, ៣៤) ព្រះយេស៊ូមិនបានមានបំណងបំបែកបំបាក់ក្រុមគ្រួសារគេទេ។ ប៉ុន្តែ ជួនកាលដំណឹងល្អមានអានុភាពបែបនោះ។ ពួកអ្នកបំរើព្រះសព្វថ្ងៃនេះក៏អ៊ីចឹងដែរ។ នៅពេលដែលយើងទៅលេងគ្រួសារនានា គឺយើងមិនមានបំណងដើម្បីនាំឲ្យមានការបែកបាក់គ្នានោះទេ។ យើងមានសេចក្ដីប្រាថ្នាឲ្យមនុស្សគ្រប់គ្នាទទួលយកដំណឹងល្អនេះ។ ដូច្នេះហើយ យើងខំនិយាយដល់សមាជិកទាំងអស់ក្នុងគ្រួសារ តាមរបៀបដ៏សប្បុរសនិងដែលយោគយល់ចិត្តគេ ទាំងធ្វើឲ្យសាររបស់យើងជាទីទាក់ទាញចិត្តដល់អ្នកដែល«ត្រូវបានជីវិតអស់កល្បជានិច្ច»។—កិច្ចការ ១៣:៤៨
១៧. តើពួកអ្នកដែលតម្កើងអធិបតេយ្យភាពរបស់ព្រះយេហូវ៉ា ខុសប្លែកពីគេយ៉ាងណា? ហើយតើអ្វីជាគំរូមួយអំពីរឿងនេះ?
១៧ សារព្រះរាជាណាចក្របានញែករំលែកអស់អ្នក ដែលតម្កើងអធិបតេយ្យភាពរបស់ព្រះ។ ជាឧទាហរណ៍ នៅក្នុងសម័យសង្គមនិយមទូទាំងប្រទេសអាល្លឺម៉ង់ ចូរពិនិត្យនូវរបៀបដែលពួកអ្នកថ្វាយបង្គំគ្នីគ្នារបស់យើង បានមានភាពខុសប្លែកពីគេ ពីព្រោះគេ‹ថ្វាយរបស់សេសារទៅសេសារ និងរបស់ព្រះទៅព្រះវិញ›។ (លូកា ២០:២៥) ផ្ទុយនឹងមេដឹកនាំសាសនា និងពួកអះអាងថាជាគ្រីស្ទាន ដែលរួមចំណែកនឹងសាសនានានាខាងពិភពគ្រីស្ទសាសនា នោះស្មរបន្ទាល់ព្រះយេហូវ៉ាបានកាន់ជំហរយ៉ាងមុតមាំ ដោយមិនព្រមបំពានលើគោលការណ៍ព្រះគម្ពីរឡើយ។ (អេសាយ ២:៤; ម៉ាថាយ ៤:១០; យ៉ូហាន ១៧:១៦) សាស្ដ្រាចារ្យ គ្រីស្ទីន ឃីង ដែលជាអ្នកនិពន្ធសៀវភៅរដ្ឋាភិបាលណាត្ស៊ីនិងសាសនាថ្មី បានកត់សម្គាល់ថា៖ «រដ្ឋាភិបាលណាត្ស៊ីមិនបានជោគជ័យចំពោះការបំបាក់ភាពស្មោះត្រង់របស់ស្មរបន្ទាល់ព្រះយេហូវ៉ាទេ។ ទោះជាគេបានសម្លាប់រាប់ពាន់នាក់ក៏ដោយ នោះកិច្ចការនេះនៅមានបន្ត ហើយនៅខែឧសភា ឆ្នាំ១៩៤៥ ស្មរបន្ទាល់ព្រះយេហូវ៉ានៅតែមានសកម្មភាព រីឯរដ្ឋសង្គមនិយមវិញឥតបាននៅគង់វង្សឡើយ»។
១៨. តើរាស្ត្ររបស់ព្រះយេហូវ៉ាមានអាកប្បកិរិយាយ៉ាងណា ទោះជាមានការបៀតបៀននោះ?
១៨ អ្វីដែលសំខាន់គឺជាអាកប្បកិរិយាដែលបានបង្ហាញដោយរាស្ត្ររបស់ព្រះយេហូវ៉ា ពេលដែលគេជួបប្រទះនឹងការបៀតបៀន។ កាលដែលពួកអាជ្ញាធរស្ញប់ស្ញែងនឹងជំនឿយើង ពួកគេបានសម្ដែងចិត្តអស្ចារ្យ ដែលយើងមិនចងគំនុំឬតូចចិត្តនឹងគេ។ ជាឧទាហរណ៍ ពួកអ្នករួចរស់ជីវិតដែលជាស្មរបន្ទាល់ដែលបានរស់រានមានជីវិតពីការប្រល័យពូជសាសន៍ តែងតែសម្ដែងអំណរនិងការសប្បាយ កាលដែលគេរំឭកឡើងវិញនូវបទពិសោធន៍របស់ពួកគេ។ ពួកគេដឹងថាព្រះយេហូវ៉ាបានប្រទានឲ្យគេនូវ«កម្លាំងដែលហួសពីធម្មតា»។ (កូរិនថូសទី២ ៤:៧, ព.ថ.) ពួកអ្នកចាក់ប្រេងតាំងក្នុងចំណោមយើងមានទំនុកចិត្តថា‹ឈ្មោះរបស់គេបានកត់ទុកនៅស្ថានសួគ៌វិញ›។ (លូកា ១០:២០) ការស៊ូទ្រាំរបស់គេនាំឲ្យមានសេចក្ដីសង្ឃឹម ដែលមិននាំទៅដល់ការធ្លាក់ទឹកចិត្ត ហើយពួកអ្នកច្រូតដ៏ស្មោះត្រង់ ដែលមានសេចក្ដីសង្ឃឹមខាងផែនដី ក៏មានជំនឿដ៏ស៊ប់ដែរ។—រ៉ូម ៥:៤, ៥
ការស៊ូទ្រាំក្នុងកិច្ចការចំរូត
១៩. តើវិធីណាខ្លះដែលមានប្រសិទ្ធិភាព ក្នុងកិច្ចបំរើគ្រីស្ទាន?
១៩ យើងមិនដឹងទេថា ព្រះយេហូវ៉ានឹងអនុញ្ញាតឲ្យយើងបន្តធ្វើកិច្ចការចំរូតនេះអស់រយៈប៉ុន្មានទៀតទេ។ ក្នុងពេលចន្លោះនោះ យើងគួរចងចាំថាពួកអ្នកច្រូត មានវិធីចំៗសំរាប់ធ្វើការរបស់គេ។ ស្រដៀងគ្នាដែរ យើងអាចដឹងប្រាកដថា សេចក្ដីស្មោះត្រង់ក្នុងការប្រើវិធីដែលបានសាកល្បងចំពោះការផ្សព្វផ្សាយ នឹងបានប្រសិទ្ធិភាពច្រើនជាង។ ប៉ុលបានប្រាប់ពួកគ្រីស្ទានគ្នីគ្នាថា៖ «ខ្ញុំទូន្មានដល់អ្នករាល់គ្នា ឲ្យយកដំរាប់តាមខ្ញុំចុះ»។ (កូរិនថូសទី១ ៤:១៦) នៅពេលដែលប៉ុលបានជួបពួកអ្នកចាស់ទុំនៅទីក្រុងអេភេសូរ ភូមិមីលេត នោះគាត់បានរំឭកគេថា គាត់ឥតបានខកខានបង្រៀនគេ«ពីផ្ទះ១ទៅផ្ទះ១»ទេ។ (កិច្ចការ ២០:២០, ២១) ធីម៉ូថេដែលជាមិត្តរបស់ប៉ុលបានរៀនធ្វើតាមវិធីរបស់សាវ័កនេះ ដូច្នេះហើយក៏អាចបង្រៀនពួកអ្នករស់នៅទីក្រុងកូរិនថូសអំពីនេះដែរ។ (កូរិនថូសទី១ ៤:១៧) ព្រះទ្រង់បានប្រទានពរលើវិធីបង្រៀនរបស់ប៉ុល ហើយទ្រង់ក៏នឹងប្រទានពរដល់ការព្យាយាមរបស់យើង ពេលយើងផ្សព្វផ្សាយដំណឹងល្អតាមសាធារណៈពីផ្ទះមួយទៅផ្ទះមួយ ពេលត្រឡប់ទៅជួបគេវិញ ពេលទៅសិក្សាជាមួយសិស្សព្រះគម្ពីរ និងពេលទៅជួបមនុស្សនៅកន្លែងណាក៏ដោយ។—កិច្ចការ ១៧:១៧
២០. តើតាមរបៀបណាដែលព្រះយេស៊ូបង្ហាញថា មានកិច្ចការចំរូតយ៉ាងច្រើនខាងវិញ្ញាណ? ហើយតើនេះបានសឲ្យឃើញពិតយ៉ាងណា ក្នុងឆ្នាំថ្មីៗនេះ?
២០ ក្រោយពីធ្វើបន្ទាល់នឹងស្ត្រីសាសន៍សាម៉ារី ជិតភូមិស៊ូខារនៅឆ្នាំ៣០ ស.យ. នោះព្រះយេស៊ូបានមានបន្ទូលអំពីការច្រូតខាងវិញ្ញាណ។ ទ្រង់បានមានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា៖ «ចូរងើបឡើងមើលទៅស្រែមើល ដ្បិតបានក្រហមល្មមច្រូតហើយ អ្នកណាដែលច្រូត នោះបានរង្វាន់ ក៏ប្រមូលផលសំរាប់ជីវិតដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអ្នកដែលព្រោះ នឹងអ្នកដែលច្រូត បានអរសប្បាយផងគ្នា»។ (យ៉ូហាន ៤:៣៤-៣៦) ប្រហែលជាព្រះយេស៊ូបានទតឃើញនូវអានុភាព ដែលបានមកពីការជួបស្ត្រីសាសន៍សាម៉ារីនោះ ពីព្រោះមនុស្សជាច្រើនបានមានជំនឿលើទ្រង់ ដោយសារសក្ខីភាពរបស់នាង។ (យ៉ូហាន ៤:៣៩) នៅក្នុងឆ្នាំថ្មីៗនេះ ប្រទេសផ្សេងៗបានលើកបំរាមចេញពីស្មរបន្ទាល់ព្រះយេហូវ៉ា ឬបានផ្ដល់នូវការទទួលស្គាល់ពេញច្បាប់។ អ៊ីចឹងហើយ នេះក៏បើកឲ្យមានកន្លែងថ្មីចំពោះការច្រូត។ ជាលទ្ធផល កិច្ចការចំរូតយ៉ាងច្រើនខាងវិញ្ញាណកំពុងតែមានដំណើរការ។ តាមការពិត ទូទាំងពិភពលោក គឺកំពុងតែទទួលបានពរយ៉ាងវិសេស កាលដែលយើងបន្តយ៉ាងរីករាយក្នុងកិច្ចការចំរូតខាងវិញ្ញាណ។
២១. ហេតុអ្វីបានជាយើងមានមូលហេតុឲ្យបន្តទៅមុខ ជាអ្នកច្រូតដ៏អរសប្បាយ?
២១ នៅពេលដែលស្រូវបានទុំ ហើយអាចច្រូតបាន នោះពួកអ្នកធ្វើការត្រូវធ្វើជាបន្ទាន់។ ពួកគេត្រូវតែធ្វើការដោយឥតបង្អែបង្អង់ឡើយ។ សព្វថ្ងៃនេះ យើងត្រូវតែខំប្រឹងធ្វើការ និងចេះដឹងនូវភាពបន្ទាន់ ពីព្រោះយើងកំពុងតែរស់នៅ‹គ្រាចុងបញ្ចប់›។ (ដានីយ៉ែល ១២:៤) ត្រូវហើយ យើងជួបប្រទះសេចក្ដីទុក្ខលំបាក ប៉ុន្តែមានកិច្ចការចំរូតដ៏ធំជាង ដែលពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ាមានច្រើនជាងមុនៗ។ ដូច្នេះហើយ នេះជាថ្ងៃសំរាប់អរសប្បាយ។ (អេសាយ ៩:៣) ដូច្នេះ ជាអ្នកដែលអរសប្បាយ សូមឲ្យយើងខំបន្តក្នុងកិច្ចការខាងចំរូតនេះ។
[កំណត់សម្គាល់]
a បានបោះពុម្ពនិងចែកចាយដោយស្មរបន្ទាល់ព្រះយេហូវ៉ា
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើចៅហ្វាយនៃកិច្ចការចំរូតបានតបឆ្លើយយ៉ាងដូចម្ដេច នឹងសេចក្ដីអង្វរឲ្យមានអ្នកធ្វើការច្រើននោះ?
• ទោះជា«មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា» តើយើងគួរតែរក្សាឲ្យមានទឹកចិត្តយ៉ាងណា?
• ហេតុអ្វីបានជាយើងអរសប្បាយ ទោះជាគេបានបៀតបៀនយើងក៏ដោយ?
• ដោយដឹងអំពីភាពបន្ទាន់នោះ ហេតុអ្វីបានជាយើងគួរតែខំព្យាយាមក្នុងកិច្ចការចំរូតនេះ?
[រូបភាពនៅទំព័រ២៦]
អស់អ្នកដែលធ្វើកិច្ចការចំរូតខាងវិញ្ញាណ មានការគាំទ្រពីពួកទេវតា
[រូបភាពនៅទំព័រ២៧]
ក្បួនហែផ្សាយពត៌មានបាននាំសារខាងព្រះរាជាណាចក្រទៅដល់មនុស្សជាច្រើន
[រូបភាពនៅទំព័រ២៧]
យើងបានដាំនិងស្រោចទឹក តែព្រះធ្វើឲ្យលូតលាស់ឡើង