‹ចូរប្រដាប់កាយដោយការអត់ធន់›
«ចូរប្រដាប់កាយ ដោយចិត្តក្ដួលអាណិត . . . និង[ការអត់ធន់, ព.ថ.]»។—កូល៉ុស ៣:១២
១. ចូរប្រាប់ពីគំរូល្អមួយស្តីពីការអត់ធន់។
លោករេជីសដែលរស់នៅប្រទេសបារាំងប៉ែកនិរតី បានទទួលបុណ្យជ្រមុជទឹកជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់នៅឆ្នាំ១៩៥២។ អស់ជាច្រើនឆ្នាំមកហើយ ភរិយារបស់លោកខិតខំពេញទំហឹងដើម្បីបង្អាក់គាត់ក្នុងការបំរើព្រះយេហូវ៉ា។ នាងបានព្យាយាមទម្លុះកង់ម៉ូតូគាត់ ដើម្បីកុំឲ្យគាត់ទៅកិច្ចប្រជុំ ហើយនៅពេលមួយនាងរហូតដល់ដើរតាមរេជីស ពេលគាត់ដើរផ្សព្វផ្សាយព្រះគម្ពីរពីផ្ទះមួយទៅផ្ទះមួយដោយចំអកធ្វើត្រាប់តាមគាត់ ពេលគាត់កំពុងតែនិយាយជាមួយម្ចាស់ផ្ទះអំពីដំណឹងល្អនៃព្រះរាជាណាចក្រ។ លោករេជីសបានបន្តអត់ធន់ ទោះជាមានការប្រឆាំងឥតឈប់ឈរក្ដី។ ហេតុនេះហើយបានជារេជីសគឺជាគំរូល្អសំរាប់គ្រីស្ទានទាំងឡាយ ដោយព្រោះព្រះយេហូវ៉ាតម្រូវឲ្យអ្នកដែលថ្វាយបង្គំទ្រង់ មានការអត់ធន់ចំពោះអ្នកឯទៀត។
២. តើពាក្យក្រិចដែលបកប្រែថា«អត់ធន់»នោះ មានន័យត្រង់ៗជាអ្វី? ហើយតើពាក្យនោះសំដៅទៅលើអ្វី?
២ ពាក្យភាសាក្រិចដែលមានន័យថា«អត់ធន់»មានន័យត្រង់ៗថា«ប្រវែងនៃវិញ្ញាណ»។ សេចក្ដីបកប្រែព្រះគម្ពីរជាភាសាខ្មែរបកប្រែពាក្យនេះថា«អំណត់»១ដង «ការអត់ធន់»៤ដង និង«អត់ធ្មត់»៩ដង។ ពាក្យភាសាហេព្រើរនិងភាសាក្រិចដែលត្រូវបកប្រែជា«អត់ធន់»នោះ សំដៅទៅលើចិត្តអត់ធ្មត់ ការទ្រាំទ្រ ហើយការយឺតនឹងខឹង។
៣. នៅសតវត្សទីមួយ តើទស្សនៈរបស់ជនគ្រីស្ទានអំពីការអត់ធន់គឺខុសគ្នាយ៉ាងណាពីទស្សនៈរបស់សាសន៍ក្រិច?
៣ សាសន៍ក្រិចនៅសតវត្សទីមួយមិនធ្លាប់ចាត់ទុកការអត់ធន់ជាគុណសម្បត្ដិដ៏ល្អមួយនោះទេ។ ក្រុមទស្សនវិទូស្ទូអិកមិនដែលប្រើពាក្យនេះសោះ។ យោងទៅតាមលោកវីល្លៀម បាខ្លេ ដែលជាបណ្ឌិតព្រះគម្ពីរម្នាក់ គាត់បកស្រាយថាការអត់ធន់«គឺខុសផ្ទុយពីគុណធម៌សាសន៍ក្រិច»ដែលធ្លាប់អួតថា«គេមិនព្រមប្រណីឲ្យអ្នកណាដែលដៀលត្មះគេឬធ្វើបាបគេនោះឡើយ»។ គាត់បន្តដោយប្រាប់ថា៖ «ចំពោះសាសន៍ក្រិច អ្នកជើងខ្លាំងគឺជាអ្នកដែលសុខចិត្តធ្វើអ្វីៗក៏ដោយដើម្បីសងសឹក។ ចំពោះគ្រីស្ទានវិញ អ្នកខ្លាំងគឺជាអ្នកដែលមិនសងសឹក សូម្បីតែពេលគាត់មានសមត្ថភាពធ្វើទៅបានក្ដី»។ ថ្វីបើសាសន៍ក្រិចប្រហែលជាធ្លាប់ចាត់ទុកការអត់ធន់ជាភាពទន់ខ្សោយក៏ដោយ តែករណីនេះគឺដូចជាករណីដទៃទៀតដែរ អ្វីដែលមនុស្សចាត់ទុកជា«សេចក្ដីល្ងង់ល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងមនុស្ស ហើយសេចក្ដីកំសោយរបស់ព្រះ ក៏មានកំឡាំងលើសជាងមនុស្សដែរ»។—កូរិនថូសទី១ ១:២៥
គំរូពីការអត់ធន់ដែលព្រះគ្រីស្ទបានទុកឲ្យ
៤, ៥. តើព្រះយេស៊ូបានផ្ដល់គំរូដ៏ប្រសើរអ្វីស្តីពីការអត់ធន់?
៤ បន្ទាប់ពីព្រះយេហូវ៉ាទៅ ព្រះយេស៊ូគ្រីស្ទជាគំរូដ៏ល្អប្រសើរបំផុតពីការអត់ធន់។ ការចេះទប់ចិត្តរបស់ព្រះយេស៊ូពេលត្រូវគេគាបសង្កត់ នេះពិតជាអ្វីដ៏អស្ចារ្យមែន។ មានទំនាយអំពីទ្រង់ដែលថា៖ «ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ»។—អេសាយ ៥៣:៧
៥ ក្នុងកំឡុងកិច្ចបំរើរបស់ព្រះយេស៊ូនៅលើផែនដីនោះ ទ្រង់បានអត់ធន់យ៉ាងអស្ចារ្យណាស់ហ្ន៎! ទ្រង់បានទ្រាំទ្រនឹងការដេញដោលពីសត្រូវរបស់ទ្រង់និងការដៀលត្មះពីអ្នកប្រឆាំង។ (ម៉ាថាយ ២២:១៥-៤៦; ពេត្រុសទី១ ២:២៣) ទ្រង់មានព្រះទ័យអត់ធ្មត់នឹងអ្នកកាន់តាមទ្រង់ សូម្បីតែពេលគេឈ្លោះគ្នាអំពីរឿងថា អ្នកណាធំជាងគេក្ដី។ (ម៉ាកុស ៩:៣៣-៣៧; ១០:៣៥-៤៥; លូកា ២២:២៤-២៧) នៅវេលាយប់ដែលគេក្បត់ទ្រង់នោះ ព្រះយេស៊ូក៏បានទប់ព្រះទ័យដល់កំរិតដ៏គួរឲ្យកោតស្ងើចមែន ពេលពេត្រុសនិងយ៉ូហានបានដេកលក់ទៅ ក្រោយដែលទ្រង់ទើបតែបានបង្គាប់គេឲ្យ«ចាំយាម!»។—ម៉ាថាយ ២៦:៣៦-៤១
៦. តើប៉ុលទទួលប្រយោជន៍អ្វីពីការអត់ធន់របស់ព្រះយេស៊ូ? ហើយតើយើងរៀនអ្វីពីនោះ?
៦ ក្រោយព្រះយេស៊ូសោយទិវង្គតនិងត្រូវប្រោសឲ្យរស់ឡើងវិញនោះ ទ្រង់បន្តអត់ធន់។ សាវ័កប៉ុលយល់ច្បាស់អំពីរឿងនេះ ដោយព្រោះពីដើមគាត់ធ្លាប់បៀតបៀនជនគ្រីស្ទាន។ ប៉ុលសរសេរថា៖ «ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ ដោយហេតុនោះបានជាទ្រង់អាណិតមេត្ដាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទបានសំដែងចេញ គ្រប់ទាំងសេចក្ដីអត់ធន់របស់ទ្រង់ក្នុងខ្លួនខ្ញុំ ដែលជាអ្នកលេខ១នោះ ឲ្យខ្ញុំបានធ្វើជាក្បួនដល់ពួកអ្នក ដែលនឹងជឿដល់ទ្រង់ ប្រយោជន៍ឲ្យគេបានជីវិតអស់កល្បជានិច្ច»។ (ធីម៉ូថេទី១ ១:១៥, ១៦) មិនថាយើងធ្លាប់ជាមនុស្សបែបណានៅអតីតកាលក្ដី បើសិនជាយើងជឿទៅលើព្រះយេស៊ូ ទ្រង់នឹងអត់ធន់នឹងយើង តែទ្រង់នៅតែតម្រូវឲ្យយើង«ប្រព្រឹត្តបែបសំណំនឹងការប្រែចិត្ត»។ (កិច្ចការ ២៦:២០; រ៉ូម ២:៤) សារដែលព្រះគ្រីស្ទបានប្រទានចំពោះក្រុមជំនុំទាំងប្រាំពីរនៅភូមិភាគអាស៊ីមីន័របង្ហាញថា ថ្វីបើទ្រង់អត់ធន់យ៉ាងណាក៏ដោយ ទ្រង់នៅតែតម្រូវឲ្យគេរីកចំរើនទៅទៀត។—វិវរណៈ ជំពូក២និង៣
ផលផ្លែមួយនៃវិញ្ញាណ
៧. តើអ្វីជាទំនាក់ទំនងរវាងការអត់ធន់និងវិញ្ញាណបរិសុទ្ធ?
៧ នៅជំពូកទីប្រាំនៃសំបុត្ររបស់ប៉ុលទៅកាន់អ្នកនៅកាឡាទីនោះ គាត់លើកបញ្ជាក់ភាពខុសគ្នារវាងការប្រព្រឹត្តខាងសាច់ឈាមនិងផលផ្លែនៃវិញ្ញាណ។ (កាឡាទី ៥:១៩-២៣) ដោយព្រោះការអត់ធន់គឺជាគុណសម្បត្ដិមួយរបស់ព្រះយេហូវ៉ា នោះទ្រង់ជាប្រភពនៃគុណសម្បត្ដិនេះ ហើយលក្ខណៈនេះក៏ជាផលផ្លែមួយនៃវិញ្ញាណទ្រង់។ (និក្ខមនំ ៣៤:៦, ៧) ការអត់ធន់ជាគុណសម្បត្ដិទីបួនក្នុងការពណ៌នារបស់ប៉ុលអំពីផលផ្លែនៃវិញ្ញាណ ជាមួយគ្នានឹង«សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព . . . សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត»។ (កាឡាទី ៥:២២, ២៣) ម្ល៉ោះហើយបានជា ពេលអ្នកបំរើព្រះយេហូវ៉ាមានចិត្តអត់ធ្មត់ឬក៏អត់ធន់ដូចទ្រង់ដូច្នេះ នោះគឺដោយមានអានុភាពពីវិញ្ញាណបរិសុទ្ធ។
៨. តើអ្វីនឹងជួយយើងបណ្ដុះបណ្ដាលផលផ្លែនៃវិញ្ញាណបរិសុទ្ធ រួមទាំងការអត់ធន់?
៨ ក៏ប៉ុន្តែ នេះមិនបានសេចក្ដីថាព្រះយេហូវ៉ាបង្ខំមនុស្សម្នាក់ឲ្យបណ្ដោយតាមឥទ្ធិពលនៃវិញ្ញាណទ្រង់នោះទេ។ យើងត្រូវអនុលោមតាមឥទ្ធិពលនោះវិញ។ (កូរិនថូសទី២ ៣:១៧; អេភេសូរ ៤:៣០) យើងអនុញ្ញាតឲ្យវិញ្ញាណមានអានុភាពទៅលើជីវិតរបស់យើង ដោយបណ្ដុះបណ្ដាលផលផ្លែនៃវិញ្ញាណនោះក្នុងកិច្ចការគ្រប់បែបយ៉ាងរបស់យើង។ ក្រោយប៉ុលបញ្ជាក់អំពីការប្រព្រឹត្តខាងសាច់ឈាមនិងផលផ្លែនៃវិញ្ញាណ នោះប៉ុលនិយាយបន្ថែមថា៖ «បើសិនជាយើងរស់ដោយនូវព្រះវិញ្ញាណ នោះត្រូវដើរដោយព្រះវិញ្ញាណដែរ។ កុំឲ្យច្រឡំឡើយ នឹងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ អ្នកណាដែលព្រោះខាងឯសាច់ឈាមរបស់ខ្លួន នឹងច្រូតបានសេចក្ដីពុករលួយពីសាច់ឈាមនោះឯង តែអ្នកណាដែលព្រោះខាងឯព្រះវិញ្ញាណ នោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ»។ (កាឡាទី ៥:២៥; ៦:៧, ៨) បើសិនជាយើងចង់ជោគជ័យក្នុងការបណ្ដុះបណ្ដាលឲ្យចេះអត់ធន់នោះ យើងក៏ត្រូវបណ្ដុះបណ្ដាលឲ្យមានផលផ្លែដែលនៅសល់ប៉ុន្មានទៀតដែលព្រះវិញ្ញាណបរិសុទ្ធបង្កើតក្នុងជនគ្រីស្ទាន។
‹សេចក្ដីស្រឡាញ់តែងតែអត់ធន់›
៩. តើអ្វីប្រហែលជាមូលហេតុដែលប៉ុលប្រាប់អ្នកនៅកូរិនថូសថា‹សេចក្ដីស្រឡាញ់តែងតែអត់ធន់›នោះ?
៩ ប៉ុលពន្យល់ពីទំនាក់ទំនងពិសេសរវាងសេចក្ដីស្រឡាញ់និងការអត់ធន់ ដោយនិយាយថា៖ «សេចក្ដីស្រឡាញ់តែងតែ[អត់ធន់]»។ (កូរិនថូសទី១ ១៣:៤) លោកអាលបឺត បាន្ស ដែលជាបណ្ឌិតខាងព្រះគម្ពីរ បានលើកឡើងថា ប៉ុលដាក់ទម្ងន់ទៅលើចំណុចនេះដោយសារមានការប្រកួតប្រជែងគ្នានិងការទាស់ទែងគ្នាក្នុងក្រុមជំនុំគ្រីស្ទាននៅទីក្រុងកូរិនថូស។ (កូរិនថូសទី១ ១:១១, ១២) លោកបាន្សបញ្ជាក់ថា៖ «ពាក្យដែលត្រូវប្រើទីនេះ[ដែលមានន័យថាអត់ធន់] គឺខុសគ្នាដាច់ស្រឡះពីការប្រព្រឹត្តយ៉ាងរហ័សរហួន ឬសំដីនិងគំនិតក្ដៅក្រហាយ និងចិត្តមួម៉ៅជាដើម។ ពាក្យនោះសំដៅទៅលើសតិអារម្មណ៍ដែលអាចទ្រាំយ៉ាងយូរកំពុងតែត្រូវគេជិះជាន់ឬចាក់រុក»។ សេចក្ដីស្រឡាញ់និងការអត់ធន់នៅតែចំរើនមេត្រីភាពក្នុងក្រុមជំនុំគ្រីស្ទាន។
១០. (ក) តើយ៉ាងដូចម្ដេចដែលសេចក្ដីស្រឡាញ់ជួយយើងអត់ធន់? ហើយតើសាវ័កប៉ុលជូនឱវាទណាចំពោះរឿងនេះ? (ខ) តើបណ្ឌិតព្រះគម្ពីរម្នាក់បានបញ្ជាក់យ៉ាងណាអំពីការអត់ធន់និងសេចក្ដីសប្បុរសរបស់ព្រះ? (សូមមើលសម្គាល់ហេតុខាងលើ)
១០ «សេចក្ដីស្រឡាញ់តែងតែ[អត់ធន់] ហើយក៏សប្បុរស . . . មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង»។ ដូច្នេះ តាមវិធីជាច្រើនយ៉ាងនោះ សេចក្ដីស្រឡាញ់ជួយយើងអត់ធន់។a (កូរិនថូសទី១ ១៣:៤, ៥) សេចក្ដីស្រឡាញ់ផ្ដល់សមត្ថភាពឲ្យយើងទ្រាំទ្រគ្នាទៅវិញទៅមក ហើយនឹកចាំថាយើងទាំងអស់គ្នាគឺឥតគ្រប់ល័ក្ខណ៍និងមានកំហុស។ នេះជួយយើងចេះគិតដល់អារម្មណ៍អ្នកដទៃនិងអត់ឱនទោសគេទៀតផង។ សាវ័កប៉ុលជំរុញយើងឲ្យដើរបែប«មានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់ ហើយខំប្រឹងរក្សាសេចក្ដីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្ដីមេត្រី ទុកជាចំណងផង»។—អេភេសូរ ៤:១-៣
១១. ហេតុអ្វីបានជាសំខាន់ ជាពិសេសគ្រីស្ទានដែលរួបរួមគ្នាជាសហគមន៍ត្រូវអត់ធន់នឹងគ្នាទៅវិញទៅមកនោះ?
១១ បើសិនជាគ្រីស្ទានទាំងឡាយដែលរួបរួមគ្នាជាសហគមន៍ចេះអត់ធន់គ្នាទៅវិញទៅមក នេះនឹងបង្កើនមេត្រីភាពនិងសុភមង្គលរបស់គេ មិនថាគេនៅក្នុងក្រុមជំនុំ ផ្ទះបេតអែល ផ្ទះសាសនទូត ក្រុមជាងសំណង់ ឬសាលាគ្រីស្ទានណាក៏ដោយ។ យូរម្ដងៗអាចមានបញ្ហាកើតឡើងដែលលលេងជាមួយយើង ដោយសារយើងម្នាក់ៗរមែងមានបុគ្គលិកលក្ខណៈនិងចំណង់ចំណូលចិត្តខុសៗគ្នា ភាពខុសគ្នាខាងការចិញ្ចឹមអប់រំ សុភាវធម៌ និងសូម្បីតែខាងអនាម័យទៀតផង។ បញ្ហានេះក៏អាចមានក្នុងក្រុមគ្រួសារផងដែរ។ គឺចាំបាច់ដែលយើងយឺតនឹងខឹង។ (សុភាសិត ១៤:២៩; ១៥:១៨; ១៩:១១) ទាំងអស់គ្នាត្រូវអត់ធន់និងអត់ទ្រាំយ៉ាងអត់ធ្មត់ ដោយសង្ឃឹមថានឹងមានការកែប្រែដ៏ល្អនោះ។—រ៉ូម ១៥:១-៦
ការអត់ធន់ជួយយើងស៊ូទ្រាំ
១២. ហេតុអ្វីបានជាការអត់ធន់គឺសំខាន់ ពេលដែលមានបញ្ហាមកប្រឡងប្រណាំងការអត់ធន់របស់យើង?
១២ ការអត់ធន់ជួយយើងស៊ូទ្រាំនឹងកាលៈទេសៈដ៏លំបាក ទោះជាមើលទៅដូចជាពុំមានទីបញ្ចប់ឬដំណោះស្រាយភ្លាមៗនោះក៏ដោយ។ លោករេជីសដែលបទពិសោធន៍របស់លោកបានត្រូវរៀបរាប់ខាងលើនោះ បានធ្វើដូច្នេះដែរ។ អស់ជាច្រើនឆ្នាំ ភរិយារបស់គាត់បានប្រឆាំងមិនចង់ឲ្យគាត់បំរើព្រះយេហូវ៉ាទេ។ ក៏ប៉ុន្តែ នៅថ្ងៃមួយ នាងនិយាយទៅកាន់គាត់ទាំងស្រក់ទឹកភ្នែកថា៖ «អូនដឹងថានេះជាសេចក្ដីពិតហើយ។ សូមជួយអូនផង។ អូនចង់សិក្សាព្រះគម្ពីរ»។ ជាយថាហេតុនោះ នាងទទួលបុណ្យជ្រមុជទឹកជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់។ លោករេជីសរ៉ាយរ៉ាប់ថា៖ «នេះជាភស្តុតាងថា ព្រះយេហូវ៉ាបានប្រទានពរក្នុងឆ្នាំទាំងប៉ុន្មានដែលខ្ញុំបានពុះពារ អត់ធ្មត់ និងស៊ូទ្រាំ»។ ការអត់ធន់របស់គាត់បានកើតផលល្អមែន។
១៣. តើអ្វីបានជួយប៉ុលស៊ូទ្រាំ? ហើយតើដូចម្ដេចដែលគំរូរបស់គាត់អាចជួយយើងស៊ូទ្រាំបាន?
១៣ នៅសតវត្សទី១ ស.យ. សាវ័កប៉ុលគឺជាគំរូដ៏ប្រសើរស្តីពីការអត់ធន់។ (កូរិនថូសទី២ ៦:៣-១០; ធីម៉ូថេទី១ ១:១៦) មុនមរណភាពរបស់ប៉ុលនោះ ពេលគាត់កំពុងតែទូន្មានយុវសហការីរបស់គាត់ឈ្មោះធីម៉ូថេ គឺប៉ុលព្រមានថាគ្រីស្ទានទាំងអស់នឹងជួបប្រទះការល្បងលជាមិនខាន។ ប៉ុលលើកបញ្ជាក់ពីគំរូរបស់គាត់ផ្ទាល់និងបានប្រាប់ពីគុណសម្បត្ដិគ្រីស្ទានណាដែលជាចាំបាច់ទើបអាចស៊ូទ្រាំបាន។ ប៉ុលសរសេរថា៖ «តែចំណែកអ្នក អ្នកបានស្គាល់គ្រប់សេចក្ដីដែលខ្ញុំបង្រៀន កិរិយាដែលប្រព្រឹត្ត នឹងបំណងចិត្ត សេចក្ដីជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ ព្រមទាំងការដែលគេបៀតបៀនដល់ខ្ញុំ នឹងសេចក្ដីទុក្ខលំបាករបស់ខ្ញុំដែរ ជាការដែលកើតដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម នឹងក្រុងលីស្ដ្រា ក៏ស្គាល់សេចក្ដីបៀតបៀនជាយ៉ាងណា ដែលខ្ញុំទ្រាំទ្រនោះដែរ តែក្នុងការទាំងនោះ ព្រះអម្ចាស់ទ្រង់បានប្រោសឲ្យខ្ញុំរួចវិញ ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្ដិដល់ព្រះ[ដោយកាន់តាមព្រះយេស៊ូ] នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ»។ (ធីម៉ូថេទី២ ៣:១០-១២; កិច្ចការ ១៣:៤៩-៥១; ១៤:១៩-២២) ដើម្បីស៊ូទ្រាំ យើងទាំងអស់គ្នាត្រូវការជំនឿ សេចក្ដីស្រឡាញ់ និងការអត់ធន់។
ត្រូវប្រដាប់ខ្លួនដោយការអត់ធន់
១៤. តើប៉ុលប្រៀបធៀបគុណសម្បត្ដិរបស់ព្រះទៅនឹងអ្វី? ហើយតើគាត់ជូនឱវាទអ្វីចំពោះគ្រីស្ទាននៅទីក្រុងកូល៉ុស?
១៤ សាវ័កប៉ុលបានប្រៀបការអត់ធន់និងគុណសម្បត្ដិឯទៀតរបស់ព្រះ គឺធៀបនឹងសំលៀកបំពាក់ដែលគ្រីស្ទានម្នាក់ត្រូវពាក់ក្រោយដែលបានដោះចោលនូវការប្រព្រឹត្តនៃ‹បុគ្គលិកលក្ខណៈចាស់›ចេញរួចហើយ។ (កូល៉ុស ៣:៥-១០) គាត់សរសេរថា៖ «ចូរប្រដាប់កាយ ដោយចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ! ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ! ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ ចូរបន្ថែមទាំងសេចក្ដីស្រឡាញ់ថែមទៀត ជាចំណងនៃ សេចក្ដីគ្រប់លក្ខណ៍»។—កូល៉ុស ៣:១២-១៤
១៥. ពេលជនគ្រីស្ទាន‹ប្រដាប់ខ្លួន›ទៅដោយការអត់ធន់និងគុណសម្បត្ដិឯទៀតដូចព្រះ តើមានលទ្ធផលអ្វី?
១៥ ពេលសមាជិកក្រុមជំនុំ‹ប្រដាប់ខ្លួន›ដោយចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត ការអត់ធន់ និងសេចក្ដីស្រឡាញ់ នោះគេអាចដោះស្រាយបញ្ហានិងឈានទៅរកការរីកចំរើនដោយសាមគ្គីភាពក្នុងកិច្ចបំរើព្រះយេហូវ៉ា។ ជាពិសេស ជនគ្រីស្ទានដែលជាអ្នកត្រួតពិនិត្យត្រូវចេះអត់ធន់។ គ្រាខ្លះគាត់ប្រហែលជាត្រូវប្រដៅតម្រង់គ្រីស្ទានម្នាក់ទៀត ក៏ប៉ុន្តែ មានវិធីផ្សេងៗដែលគាត់អាចធ្វើដូច្នេះបាន។ ប៉ុលបានពណ៌នាអំពីទស្សនៈប្រសើរបំផុត ពេលគាត់សរសេរទៅកាន់ធីម៉ូថេថា៖ «ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ នឹងសេចក្ដីប្រៀនប្រដៅគ្រប់យ៉ាង»។ (ធីម៉ូថេទី២ ៤:២) ចៀមរបស់ព្រះយេហូវ៉ាពិតមែនត្រូវថែរក្សាជានិច្ចដោយការអត់ធន់ ដោយសេចក្ដីថ្លៃថ្នូរនិងដោយថ្នាក់ថ្នមទៀតផង។—ម៉ាថាយ ៧:១២; ១១:២៨; កិច្ចការ ២០:២៨, ២៩; រ៉ូម ១២:១០
«[អត់ធន់]ចំពោះមនុស្សទាំងអស់»
១៦. កាលបើយើង‹អត់ធន់ចំពោះមនុស្សទាំងអស់›តើអាចបានលទ្ធផលអ្វី?
១៦ ដោយព្រោះព្រះយេហូវ៉ាបានអត់ធន់នឹងមនុស្សជាតិដូច្នេះ នោះយើងក៏មានកាតព្វកិច្ច«[អត់ធន់]ចំពោះមនុស្សទាំងអស់»ផងដែរ។ (ថែស្សាឡូនីចទី១ ៥:១៤) នេះតម្រូវឲ្យអត់ធ្មត់នឹងសមាជិកក្រុមគ្រួសារ អ្នកជិតខាង សហការីសហការិនី និងមិត្តរួមថ្នាក់ដែលគេមិនមែនជាស្មរបន្ទាល់ឡើយ។ ស្មរបន្ទាល់ខ្លះបានទ្រាំនឹងការចំអកឬការប្រឆាំងចំមុខ ពីមនុស្សផ្សេងៗនៅកន្លែងធ្វើការឬនៅសាលារៀន ជួនកាលអស់ជាច្រើនឆ្នាំ ហើយដោយធ្វើដូច្នេះគេបាននាំឲ្យមនុស្សជាច្រើនលែងប្រកាន់ចំពោះគេទៀត។ (កូល៉ុស ៤:៥, ៦) សាវ័កពេត្រុសបានសរសេរថា៖ «ប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នាទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ»។—ពេត្រុសទី១ ២:១២
១៧. តើយើងអាចយកតម្រាប់តាមសេចក្ដីស្រឡាញ់និងការអត់ធន់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេចបាន? ហើយហេតុអ្វីយើងគួរធ្វើដូច្នេះ?
១៧ ការអត់ធន់របស់ព្រះយេហូវ៉ានឹងនាំឲ្យមនុស្សរាប់លាននាក់ទទួលសេចក្ដីសង្គ្រោះ។ (ពេត្រុសទី២ ៣:៩, ១៥) បើសិនជាយើងយកតម្រាប់តាមសេចក្ដីស្រឡាញ់និងការអត់ធន់របស់ព្រះយេហូវ៉ា នោះយើងនឹងបន្តផ្សព្វផ្សាយដំណឹងល្អពីព្រះរាជាណាចក្ររបស់ព្រះដោយចិត្តអត់ធ្មត់ និងបង្រៀនអ្នកដទៃឲ្យចុះចូលនឹងការគ្រប់គ្រងរបស់ព្រះគ្រីស្ទក្រោមព្រះរាជាណាចក្រ។ (ម៉ាថាយ ២៨:១៨-២០; ម៉ាកុស ១៣:១០) បើសិនជាយើងឈប់ផ្សព្វផ្សាយ នោះហាក់បីដូចជាយើងចង់ដាក់ដែនកំណត់ទៅលើការអត់ធន់របស់ព្រះយេហូវ៉ា និងមិនបានទទួលស្គាល់គោលបំណងនៃការអត់ធន់របស់ទ្រង់ គឺជាការនាំឲ្យមនុស្សប្រែចិត្តវិញនោះទេ។—រ៉ូម ២:៤
១៨. តើប៉ុលបានអធិស្ឋានយ៉ាងណាសំរាប់ជនគ្រីស្ទាននៅទីក្រុងកូល៉ុស?
១៨ ប៉ុលបានសរសេរសំបុត្រមួយទៅកាន់បណ្ដាគ្រីស្ទាននៅទីក្រុងកូល៉ុសនៅភូមិភាគអាស៊ីមីន័រថា៖ «ហេតុនោះ ចាប់តាំងពីថ្ងៃ ដែលយើងខ្ញុំឮនិយាយ នោះយើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូម ឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា នឹងចំណេះខាងឯវិញ្ញាណ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំង[ពេញព្រះហឫទ័យទ្រង់ទាំងស្រុង, ព.ថ.] ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង ដោយបានគ្រប់ទាំងព្រះចេស្ដាចំរើនកំឡាំង តាមឫទ្ធិបារមីដ៏ឧត្តមរបស់ទ្រង់ ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ»។—កូល៉ុស ១:៩-១១
១៩, ២០. (ក) តើយើងអាចជៀសវាងយ៉ាងដូចម្ដេច ពីការចាត់ទុកការអត់ធន់របស់ព្រះយេហូវ៉ាជាការពិបាកមួយ? (ខ) តើយើងនឹងទទួលប្រយោជន៍អ្វីខ្លះពីការអត់ធន់?
១៩ ការអត់ធន់ឬអត់ធ្មត់ដែលមានតទៅទៀតរបស់ព្រះយេហូវ៉ា នឹងមិនក្លាយជាការពិបាកសំរាប់យើងទេ បើសិនជាយើង«ស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់»គឺថា«ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៤) យើងនឹងបន្ត«បង្កើតផលក្នុងគ្រប់ទាំងការល្អ»ជាពិសេសក្នុងការផ្សព្វផ្សាយ«ដំណឹងល្អនេះ ដែលសំដែងពីនគរ»។ (ម៉ាថាយ ២៤:១៤) បើសិនជាយើងបន្តធ្វើដូច្នេះ ព្រះយេហូវ៉ាបន្តធ្វើឲ្យ«ព្រះចេស្ដាចំរើនកំឡាំង»យើង ដើម្បីឲ្យយើងមានសមត្ថភាព«ចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ»។ ដោយធ្វើដូច្នេះ យើងនឹង«ដើរបែបគួរនឹង[ព្រះយេហូវ៉ា]»ហើយយើងថែមទាំងនឹងមានសេចក្ដីសុខក្នុងចិត្តគំនិតដោយដឹងថា យើងកំពុងតែ«ពេញព្រះហឫទ័យទ្រង់ទាំងស្រុង»។
២០ ចូរឲ្យយើងមានជំនឿយ៉ាងស៊ប់ថា ការអត់ធន់របស់ព្រះយេហូវ៉ាគឺប្រកបទៅដោយប្រាជ្ញា។ នេះគឺដើម្បីជួយឲ្យយើងទទួលសេចក្ដីសង្គ្រោះ ហើយក៏ជាសេចក្ដីសង្គ្រោះចំពោះអ្នកដែលស្ដាប់តាមការផ្សព្វផ្សាយនិងការបង្រៀនរបស់យើង។ (ធីម៉ូថេទី១ ៤:១៦) ការបណ្ដុះបណ្ដាលផលផ្លែនៃវិញ្ញាណបរិសុទ្ធ នោះសេចក្ដីស្រឡាញ់ សុភាព សេចក្ដីសប្បុរស សំឡូត និងការដឹងខ្នាតនឹងជួយយើងអត់ធន់ដោយអំណរ។ យើងនឹងអាចរស់នៅដោយសុខជាមួយសមាជិកក្រុមគ្រួសាររបស់យើង ព្រមទាំងបងប្អូនប្រុសស្រីរបស់យើងក្នុងក្រុមជំនុំ។ ការអត់ធន់ក៏នឹងជួយយើងអត់ធ្មត់នឹងអ្នកដែលធ្វើការជាមួយយើងឬមិត្តរួមថ្នាក់យើង។ ហើយការអត់ធន់របស់យើងនឹងមានគោលបំណង គឺជាការសង្គ្រោះអ្នកដែលធ្វើខុស និងការលើកដំកើងព្រះដែលជាតួអង្គនៃការអត់ធន់គឺព្រះយេហូវ៉ា។
[កំណត់សម្គាល់]
a បណ្ឌិតព្រះគម្ពីរម្នាក់ឈ្មោះ លោកគ័រដុនហ្វី បានសរសេរអំពីសំដីប៉ុលដែលថា«សេចក្ដីស្រឡាញ់តែងតែ[អត់ធន់]និងសប្បុរស» ដោយពន្យល់ថា៖ «តាមទ្រឹស្តីសាសនារបស់ប៉ុល គុណសម្បត្ដិទាំងនោះ[ការអត់ធន់និងសេចក្ដីសប្បុរស] តំណាងផ្នែកពីរយ៉ាងនៃព្រះទ័យរបស់ព្រះចំពោះមនុស្សជាតិ(រ៉ូម ២:៤)។ ការទ្រាំទ្រដោយសេចក្ដីស្រឡាញ់របស់ព្រះសឲ្យឃើញដោយទ្រង់ទប់មិនបញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ទៅលើការបះបោររបស់មនុស្សជាតិឡើយ តែម្យ៉ាងទៀត សេចក្ដីសប្បុរសរបស់ទ្រង់គឺសឲ្យឃើញដោយសេចក្ដីមេត្ដាករុណាយ៉ាងក្រៃលែងរបស់ទ្រង់។ ហេតុនេះហើយបានជា ការពណ៌នារបស់ប៉ុលអំពីសេចក្ដីស្រឡាញ់ គឺចាប់ផ្ដើមដោយពណ៌នាអំពីព្រះ តាមរយៈព្រះគ្រីស្ទបានទ្រាំទ្រនិងប្រព្រឹត្តយ៉ាងសប្បុរសចំពោះអ្នកដែលគួរឲ្យកាត់ទោស»។
តើអ្នកអាចពន្យល់បានទេ?
• តើយ៉ាងដូចម្ដេចដែលព្រះគ្រីស្ទគឺជាគំរូមួយដ៏ប្រសើរពីការអត់ធន់?
• តើអ្វីអាចជួយយើងឲ្យបណ្ដុះចិត្តអត់ធន់បាន?
• តើការអត់ធន់ជួយក្រុមគ្រួសារ សហគមន៍គ្រីស្ទាន និងអ្នកចាស់ទុំយ៉ាងដូចម្ដេច?
• តើការអត់ធន់នឹងផ្ដល់ប្រយោជន៍ដល់យើងនឹងអ្នកឯទៀតយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៦]
សូម្បីតែពេលព្រះយេស៊ូកំពុងតែ ស្ថិតក្រោមការគាបសង្កត់ក្ដី ទ្រង់នៅតែអត់ធ្មត់ នឹងអ្នកកាន់តាមទ្រង់
[រូបភាពនៅទំព័រ១៧]
គ្រីស្ទានដែលជាអ្នកត្រួតពិនិត្យបាន ត្រូវដាស់តឿនឲ្យទុកគំរូដ៏ល្អពីការអត់ធន់ ពេលទាក់ទងបងប្អូនរបស់គេ
[រូបភាពនៅទំព័រ១៨]
បើសិនជាយើងយកតម្រាប់តាមសេចក្ដីស្រឡាញ់និងការអត់ធន់របស់ព្រះយេហូវ៉ា នោះយើងនឹង បន្តផ្សព្វផ្សាយដំណឹងល្អ
[រូបភាពនៅទំព័រ១៩]
ប៉ុលបានអធិស្ឋានឲ្យ គ្រីស្ទានទាំងឡាយ‹អត់ធន់ដោយអំណរ›