សៀវភៅម៉ាថាយ
៧ «ឈប់វិនិច្ឆ័យអ្នកឯទៀត+ ដើម្បីកុំឲ្យអ្នកទទួលការវិនិច្ឆ័យ ២ ព្រោះអ្នកវិនិច្ឆ័យអ្នកឯទៀតយ៉ាងណា អ្នកនឹងទទួលការវិនិច្ឆ័យយ៉ាងនោះដែរ+ ហើយអ្នកវាល់ឲ្យគេប៉ុនណា គេក៏នឹងវាល់ឲ្យអ្នកប៉ុណ្ណឹងដែរ។+ ៣ បើដូច្នេះ ហេតុអ្វីអ្នកមើលឃើញកម្ទេចក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមដែលនៅក្នុងភ្នែករបស់អ្នក?+ ៤ ហើយតើអ្នកអាចប្រាប់បងប្អូនបានយ៉ាងដូចម្ដេចថា៖ ‹សូមឲ្យខ្ញុំយកកម្ទេចចេញពីភ្នែករបស់បង› ពេលដែលអ្នកមានធ្នឹមក្នុងភ្នែកខ្លួនដូច្នេះ? ៥ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែករបស់អ្នកជាមុនសិន ទើបអ្នកអាចមើលឃើញច្បាស់ ហើយអ្នកអាចយកកម្ទេចចេញពីភ្នែករបស់បងប្អូនអ្នកបាន។
៦ «កុំឲ្យអ្វីដែលបរិសុទ្ធដល់ឆ្កែ ហើយកុំបោះគជ់ខ្យងរបស់អ្នកនៅមុខសត្វជ្រូកឡើយ+ ក្រែងវាជញ្ជ្រំគជ់ទាំងនោះ រួចបែរមកខ្វេះអ្នកវិញ។
៧ «ចូរសុំឥតឈប់ នោះអ្នកនឹងទទួល+ ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ ចូរគោះទ្វារឥតឈប់ នោះទ្វារនឹងត្រូវបើកឲ្យ។+ ៨ ពីព្រោះអស់អ្នកដែលសុំ នឹងទទួល+ ហើយអស់អ្នកដែលរក នឹងរកឃើញ ហើយចំពោះអស់អ្នកដែលគោះ ទ្វារនឹងត្រូវបើកឲ្យ។ ៩ ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំនំប៉័ង តើមានអ្នកណានឹងឲ្យដុំថ្មទៅកូន? ១០ ចុះបើកូនសុំត្រី តើមានអ្នកណានឹងឲ្យសត្វពស់ទៅកូន? ១១ ដូច្នេះ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សទុច្ចរិត ចេះឲ្យរបស់ល្អដល់កូន ទម្រាំតែបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ លោកប្រាកដជានឹងផ្ដល់អ្វីល្អៗ+ដល់អ្នកដែលសុំពីលោកច្រើនជាងនោះទៅទៀត!+
១២ «ម្ល៉ោះហើយ អ្នកចង់ឲ្យមនុស្សប្រព្រឹត្តយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្តយ៉ាងនោះចំពោះពួកគេដែរ។+ តាមពិត នេះជាខ្លឹមសារនៃសេចក្ដីបង្រៀននៅក្នុងច្បាប់ និងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ។+
១៣ «ចូរចូលតាមខ្លោងទ្វារតូច+ ពីព្រោះផ្លូវនិងខ្លោងទ្វារដែលនាំទៅដល់ការវិនាសជីវិត គឺធំហើយទូលាយផង ក៏មានមនុស្សច្រើនចូលតាមផ្លូវនោះ។ ១៤ រីឯផ្លូវដែលទៅឯជីវិត នោះចង្អៀត ក៏មានខ្លោងទ្វារតូចផង ហើយមានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ។+
១៥ «ចូរប្រយ័ត្នចំពោះពួកអ្នកប្រកាសទំនាយមិនពិត+ ដែលមកឯអ្នករាល់គ្នាដោយក្លែងខ្លួនជាសត្វចៀម។+ ប៉ុន្តែតាមពិត ពួកគេជាឆ្កែចចកដែលស្រេកឃ្លានជាខ្លាំង។+ ១៦ អ្នករាល់គ្នានឹងស្គាល់ពួកគេដោយផលផ្លែរបស់ពួកគេ។ មិនដែលមានអ្នកណាបេះផ្លែទំពាំងបាយជូរឬល្វាតូច*ពីដើមបន្លាទេ មែនទេ?+ ១៧ ស្រដៀងគ្នាដែរ ដើមឈើល្អ បង្កើតផលល្អ។ ប៉ុន្តែ ដើមឈើមិនល្អ បង្កើតផលមិនល្អ។+ ១៨ ដើមឈើល្អមិនអាចបង្កើតផលមិនល្អបានទេ។ ឯដើមឈើមិនល្អក៏មិនអាចបង្កើតផលល្អបានដែរ។+ ១៩ ដើមឈើណាដែលមិនបង្កើតផលល្អ ត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង។+ ២០ ដូច្នេះ អ្នករាល់គ្នាពិតជានឹងស្គាល់មនុស្សទាំងនោះ ដោយផលផ្លែរបស់ពួកគេ។+
២១ «មិនមែនអស់អ្នកដែលនិយាយមកខ្ញុំថា៖ ‹លោកម្ចាស់! លោកម្ចាស់!› នឹងចូលក្នុងរាជាណាចក្រស្ថានសួគ៌ឡើយ គឺមានតែអ្នកដែលធ្វើតាមបំណងប្រាថ្នានៃបិតារបស់ខ្ញុំដែលនៅស្ថានសួគ៌ប៉ុណ្ណោះដែលនឹងចូលបាន។+ ២២ នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា៖ ‹លោកម្ចាស់! លោកម្ចាស់!+ តើយើងមិនបានប្រកាសទំនាយតាងនាមលោក ហើយបណ្ដេញវិញ្ញាណកំណាចតាងនាមលោក ថែមទាំងធ្វើការជាច្រើនដែលប្រកបដោយឫទ្ធានុភាពតាងនាមលោកទេឬ?›។+ ២៣ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំនឹងប្រកាសប្រាប់ពួកគេជាសាធារណៈថា៖ ‹នែ! មនុស្សប្រព្រឹត្តប្រឆាំងច្បាប់! ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ! ចូរចេញឲ្យឆ្ងាយពីខ្ញុំទៅ!›។+
២៤ «ដូច្នេះ អស់អ្នកដែលឮសម្ដីរបស់ខ្ញុំហើយធ្វើតាម អ្នកទាំងនោះប្រៀបដូចជាមនុស្សចេះពិចារណា ដែលសង់ផ្ទះនៅលើថ្ម។+ ២៥ រួចមក ពេលភ្លៀងធ្លាក់ខ្លាំង ទឹកក៏ជន់ឡើង ហើយខ្យល់បក់បោកវាយសន្ធាប់មកលើផ្ទះនោះ តែផ្ទះនោះមិនបានបាក់ស្រុតទេ ពីព្រោះបានត្រូវសង់នៅលើថ្ម។ ២៦ ម្យ៉ាងទៀត អស់អ្នកណាដែលឮសម្ដីរបស់ខ្ញុំតែមិនធ្វើតាម អ្នកទាំងនោះប្រៀបដូចជាមនុស្សល្ងង់ខ្លៅ ដែលសង់ផ្ទះនៅលើខ្សាច់។+ ២៧ បន្ទាប់មក ពេលភ្លៀងធ្លាក់ខ្លាំង ទឹកក៏ជន់ឡើង ហើយខ្យល់បក់បោកវាយសន្ធាប់មកលើផ្ទះនោះ+ រួចក៏បាក់ស្រុតខូចអស់»។
២៨ ពេលដែលលោកយេស៊ូមានប្រសាសន៍ចប់ហើយ នោះបណ្ដាជនបានកោតស្ងើចក្រៃលែងអំពីវិធីបង្រៀនរបស់លោក+ ២៩ ពីព្រោះលោកមិនមែនបង្រៀនដូចពួកអ្នកជំនាញខាងច្បាប់ទេ តែលោកបង្រៀនក្នុងនាមជាអ្នកដែលមានអំណាចពីព្រះ។+