តើអ្នកជា‹អ្នកចែកចាយនៃព្រះគុណ›ឬទេ?
«ខាងឯសេចក្ដីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្ដីរាប់អាន នោះឲ្យខំរាប់អានគេជាមុន»។—រ៉ូម ១២:១០
១. តើបណ្ដាំរបស់ព្រះបញ្ជាក់ប្រាប់យើងអំពីអ្វី?
បណ្ដាំរបស់ព្រះបញ្ជាក់ប្រាប់យើងម្ដងហើយម្ដងទៀតថា ព្រះយេហូវ៉ានឹងជួយយើងពេលដែលយើងធ្លាក់ទឹកចិត្តឬមានចិត្តសង្រេង។ ជាឧទាហរណ៍ សូមកត់សម្គាល់ពាក្យដែលធ្វើឲ្យយើងធូរអារម្មណ៍ដូចតទៅនេះ៖ «ព្រះយេហូវ៉ាទ្រង់គាំទ្រដល់អស់អ្នកដែលដួល ក៏លើកពួកអ្នកដែលត្រូវឱនឡើងវិញ»។ «ទ្រង់ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជា ក៏រុំរបួសឲ្យគេផង»។ (ទំនុក. ១៤៥:១៤; ១៤៧:៣) ម្យ៉ាងទៀត បិតានៅស្ថានសួគ៌របស់យើងអង្គទ្រង់ផ្ទាល់មានប្រសាសន៍ថា៖ «ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្ដាំឯង ដោយពោលនឹងឯងថា‹កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង›»។—អេសា. ៤១:១៣
២. តើព្រះយេហូវ៉ាផ្ដល់ការគាំទ្រដល់អ្នកបម្រើរបស់ទ្រង់យ៉ាងដូចម្ដេច?
២ ប៉ុន្តែ តើព្រះយេហូវ៉ាដែលគង់នៅស្ថានសួគ៌«កាន់ដៃ»របស់យើងយ៉ាងដូចម្ដេច? ពេលយើងឈឺចិត្ត តើទ្រង់‹លើកយើងឡើងវិញ›យ៉ាងដូចម្ដេច? ព្រះយេហូវ៉ាផ្ដល់ការគាំទ្របែបនេះតាមវិធីផ្សេងៗ។ ជាឧទាហរណ៍ ទ្រង់ផ្ដល់រាស្ត្ររបស់ទ្រង់នូវ«ឥទ្ធិឫទ្ធិដ៏លើសលប់»តាមរយៈសកម្មពលរបស់ទ្រង់។ (២កូ. ៤:៧; យ៉ូន. ១៤:១៦, ១៧) អ្នកបម្រើរបស់ព្រះក៏ត្រូវបានលើកទឹកចិត្ត ឬលើកឡើងដោយឫទ្ធានុភាពដែលមកពីបណ្ដាំរបស់ព្រះយេហូវ៉ាដែលទ្រង់បានបណ្ដាលឲ្យមនុស្សសរសេរ ពោលគឺគម្ពីរ។ (ហេ. ៤:១២) តើមានវិធីផ្សេងទៀតដែលព្រះយេហូវ៉ាពង្រឹងកម្លាំងចិត្តយើងទេ? យើងរកឃើញចម្លើយចំពោះសំណួរនេះនៅសៀវភៅពេត្រុសទី១។
«ព្រះគុណដ៏បែកជាច្រើនផ្លូវ»
៣. (ក) តើសាវ័កពេត្រុសបានសរសេរអ្វីស្តីអំពីសេចក្ដីល្បួង? (ខ) តើសៀវភៅពេត្រុសទី១ ជំពូកទី៤បានរៀបរាប់អំពីអ្វី?
៣ សាវ័កពេត្រុសបានសរសេរទៅកាន់អ្នកដែលបានរើសតាំងដោយសកម្មពលរបស់ព្រះថា ពួកគាត់មានហេតុល្អក្នុងការមានអំណរ ដោយសារពួកគាត់នឹងទទួលរង្វាន់ដ៏អស្ចារ្យ។ បន្ទាប់មកសាវ័កពេត្រុសបន្ថែមពាក្យថា៖ «សព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្ដិច ដោយកើតមានសេចក្ដីល្បួងផ្សេងៗ»។ (១ពេ. ១:១-៦) សូមកត់សម្គាល់ពាក្យ«ផ្សេងៗ»។ ពាក្យនេះបង្ហើបឲ្យដឹងថានឹងមានសេចក្ដីល្បួងខុសៗពីគ្នា។ ក៏ប៉ុន្តែ ពេត្រុសមិនគ្រាន់តែសរសេរប៉ុណ្ណោះទេ។ គាត់មិនទុកឲ្យបងប្អូនឆ្ងល់ថាពួកគាត់អាចឬមិនអាចស៊ូទ្រាំនឹងសេចក្ដីល្បួងផ្សេងៗនោះឡើយ។ ផ្ទុយទៅវិញ ពេត្រុសបញ្ជាក់ថាគ្រិស្តសាសនិកអាចដឹងប្រាកដថា ព្រះយេហូវ៉ានឹងជួយពួកគាត់ឲ្យស៊ូទ្រាំសេចក្ដីល្បួងនីមួយៗដែលខ្លួនប្រឈមមុខ មិនថាសេចក្ដីល្បួងបែបណាក៏ដោយ។ ការបញ្ជាក់អះអាងនោះត្រូវបានផ្ដល់នៅចុងសំបុត្ររបស់ពេត្រុស កាលគាត់លើករឿងដែលទាក់ទងនឹង«ចុងបំផុតនៃរបស់ទាំងអស់»។—១ពេ. ៤:៧
៤. ហេតុអ្វីបានជាពាក្យនៅក្នុងពេត្រុសទី១ ៤:១០ នាំឲ្យយើងធូរអារម្មណ៍?
៤ ពេត្រុសមានប្រសាសន៍ថា៖ «[ចូរ]ខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ»។ (១ពេ. ៤:១០) ចំពោះពាក្យដែលបានបកប្រែថា«ច្រើនផ្លូវ» ក្នុងភាសាដើមពេត្រុសបានប្រើពាក្យថា«ផ្សេងៗ»ដូចបានពិពណ៌នានៅវគ្គមុន។ បើនិយាយឲ្យចំទៅ ពេត្រុសចង់និយាយថា ‹មានសេចក្ដីល្បួងផ្សេងៗមែន តែគុណដ៏វិសេសលើសលប់របស់ព្រះក៏ត្រូវបានផ្ដល់តាមរបៀបផ្សេងៗដែរ›។ ហេតុអ្វីបានជាពាក្យនោះនាំឲ្យយើងធូរអារម្មណ៍? គឺដោយព្រោះពាក្យទាំងនោះបង្ហើបឲ្យដឹងថា ថ្វីបើយើងប្រឈមមុខសេចក្ដីល្បួងយ៉ាងណាក៏ដោយ នោះយើងតែងតែទទួលគុណដ៏វិសេសលើសលប់របស់ព្រះដែលនឹងជួយយើងឲ្យស៊ូទ្រាំបាន។ ប៉ុន្តែ យោងទៅតាមពាក្យរបស់ពេត្រុស តើអ្នកកត់សម្គាល់នូវរបៀបដែលគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ាត្រូវបានផ្ដល់ឲ្យយើងទេ? គឺត្រូវបានផ្ដល់តាមរយៈគ្រិស្តសាសនិកគ្នីគ្នា។
ចូរ«បំរើគ្នាទៅវិញទៅមក»
៥. (ក) តើគប្បីឲ្យគ្រិស្តសាសនិកម្នាក់ៗធ្វើអ្វី? (ខ) តើព្រះយេហូវ៉ាបានប្រគល់អ្វីឲ្យយើង?
៥ ក្នុងការនិយាយទៅកាន់សមាជិកទាំងឡាយនៃក្រុមជំនុំគ្រិស្តសាសនិក ពេត្រុសពោលថា៖ «មុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់គ្នាឲ្យអស់ពីចិត្ត»។ គាត់បានបន្ថែមថា៖ «[ចូរ]ខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួល»។ (១ពេ. ៤:៨, ១០) ដូច្នេះ សមាជិកគ្រប់គ្នាក្នុងក្រុមជំនុំត្រូវរួមចំណែកក្នុងការពង្រឹងកម្លាំងចិត្តបងប្អូនរួមជំនឿ។ ព្រះយេហូវ៉ាបានប្រគល់ឲ្យយើងនូវអ្វីមួយដ៏មានតម្លៃដែលជារបស់ផងទ្រង់ ហើយយើងមានភារកិច្ចក្នុងការចែកចាយបន្តទៅអ្នកឯទៀត។ បើដូច្នេះ តើព្រះយេហូវ៉ាបានប្រគល់អ្វីឲ្យយើង? ពេត្រុសប្រាប់ថាគឺ«អំណោយទាន»។ តើអំណោយទាននោះជាអ្វី? តើយើងអាចយកអំណោយទាននោះដើម្បី«បំរើគ្នាទៅវិញទៅមក»យ៉ាងដូចម្ដេច?
៦. តើពួកគ្រិស្តសាសនិកត្រូវបានប្រគល់ឲ្យអំណោយទានអ្វីខ្លះ?
៦ បណ្ដាំរបស់ព្រះចែងថា៖ «គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ»។ (យ៉ា. ១:១៧) ប្រាកដហើយ អំណោយទានទាំងឡាយដែលព្រះយេហូវ៉ាផ្ដល់ឲ្យរាស្ត្រទ្រង់ គឺជាការបង្ហាញគុណដ៏វិសេសលើសលប់របស់ទ្រង់។ អំណោយទានដ៏ល្អប្រសើរមួយដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើងគឺសកម្មពលបរិសុទ្ធរបស់ទ្រង់។ អំណោយទាននោះជួយយើងឲ្យបណ្ដុះលក្ខណៈសម្បត្ដិដែលផ្គាប់ចិត្តព្រះ ដូចជាសេចក្ដីស្រឡាញ់ គុណធម៌ និងចិត្តស្លូតបូត។ លក្ខណៈសម្បត្ដិបែបនេះជំរុញយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះបងប្អូនរួមជំនឿ ហើយប្រុងប្រៀបខ្លួនដើម្បីជួយពួកគាត់។ ប្រាជ្ញានិងចំណេះពិតក៏នៅក្នុងចំណោមអំណោយទានដ៏ល្អ ដែលយើងទទួលដោយសារមានសកម្មពលបរិសុទ្ធរបស់ព្រះ។ (១កូ. ២:១០-១៦; កា. ៥:២២, ២៣) តាមពិត យើងអាចចាត់ទុកកម្លាំងកាយ សមត្ថភាព និងកោសល្យរបស់យើងទាំងអស់ ជាអំណោយទានដែលយើងអាចប្រើដើម្បីសរសើរនិងលើកកិត្ដិយសព្រះដែលជាបិតានៅស្ថានសួគ៌។ ព្រះប្រទានភារកិច្ចឲ្យយើងប្រើសមត្ថភាពនិងលក្ខណៈសម្បត្ដិរបស់យើង ដើម្បីបង្ហាញគុណដ៏វិសេសលើសលប់របស់ព្រះដល់បងប្អូនរួមជំនឿ។
តើ«ខំបំរើគ្នា»យ៉ាងដូចម្ដេច?
៧. (ក) តើពាក្យ«តាមអំណោយទាន»ចង្អុលប្រាប់អំពីអ្វី? (ខ) តើគប្បីឲ្យយើងសួរខ្លួនឯងសំណួរអ្វីខ្លះ? ហើយហេតុអ្វី?
៧ ស្តីអំពីអំណោយទានដែលយើងបានទទួល ពេត្រុសក៏ពោលថា៖ «[ចូរ]ខំ . . . តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក»។ ពាក្យដែលថា«តាមអំណោយទាន»ចង្អុលប្រាប់ថាលក្ខណៈសម្បត្ដិនិងសមត្ថភាព មិនគ្រាន់តែផ្សេងគ្នាតាមប្រភេទប៉ុណ្ណោះឡើយ តែក៏តាមចំនួនដែរ។ មិនថាមានអំណោយទានណាក៏ដោយ បងប្អូនទាំងឡាយត្រូវបានដាស់តឿនឲ្យ«ខំ[ប្រើអំណោយទានណាដែលខ្លួនទទួលដើម្បី]បំរើគ្នាទៅវិញទៅមក»។ ម្យ៉ាងទៀត ឃ្លាដែលថា «[ចូរ]ខំ[ប្រើអំណោយទាន] . . . ដូចជាអ្នកចែកចាយយ៉ាងល្អ» ជាការបញ្ជាមួយ។ អាស្រ័យហេតុនេះ គប្បីឲ្យយើងសួរខ្លួនឯងថា ‹តើខ្ញុំពិតជាប្រើអំណោយទានដែលត្រូវបានប្រគល់មកខ្ញុំ ដើម្បីពង្រឹងកម្លាំងចិត្តបងប្អូនរួមជំនឿឬទេ?›។ (សូមពិនិត្យបន្ថែម ធីម៉ូថេទី១ ៥:៩, ១០) ‹ឬក៏តើខ្ញុំប្រើអំណោយទានដែលបានទទួលពីព្រះយេហូវ៉ាដើម្បីប្រយោជន៍ខ្លួន ប្រហែលជាប្រមូលទ្រព្យសម្បត្ដិ ឬដើម្បីមុខមាត់ធំដុំវិញទេ?›។ (១កូ. ៤:៧) ប្រសិនបើយើងប្រើអំណោយទានរបស់ខ្លួនក្នុងការ«បំរើគ្នាទៅវិញទៅមក» នោះយើងនឹងផ្គាប់ចិត្តព្រះយេហូវ៉ា។—សុ. ១៩:១៧; សូមអាន ហេព្រើរ ១៣:១៦
៨, ៩. (ក) សូមរៀបរាប់អំពីវិធីខ្លះៗដែលពួកគ្រិស្តសាសនិកនៅទូទាំងពិភពលោកបម្រើបងប្អូនរួមជំនឿ។ (ខ) តើបងប្អូនប្រុសស្រីក្នុងក្រុមជំនុំរបស់អ្នកជួយគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច?
៨ បណ្ដាំរបស់ព្រះរៀបរាប់អំពីវិធីផ្សេងៗដែលពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានបម្រើគ្នាទៅវិញទៅមក។ (សូមអាន រ៉ូម ១៥:២៥, ២៦; ធីម៉ូថេទី២ ១:១៦-១៨) ស្រដៀងគ្នាដែរ សព្វថ្ងៃនេះ គ្រិស្តសាសនិកពិតបានធ្វើតាមការបញ្ជាឲ្យប្រើអំណោយទានរបស់ខ្លួនចំពោះបងប្អូនរួមជំនឿ។ សូមពិចារណាវិធីខ្លះៗដែលពួកគាត់កំពុងតែធ្វើដូច្នោះ។
៩ បងប្រុសជាច្រើនចំណាយពេលច្រើនម៉ោងរៀងរាល់ខែដើម្បីរៀបចំសុន្ទរកថា។ នៅឯកិច្ចប្រជុំ ពេលពួកគាត់ពន្យល់ព័ត៌មានល្អខ្លះៗដែលបានមកពីការសិក្សាគម្ពីរដោយខ្លួនឯង នោះពាក្យរបស់ពួកគាត់ដែលប្រកបទៅដោយការយល់ធ្លុះ ជំរុញបងប្អូនទាំងអស់គ្នាក្នុងក្រុមជំនុំឲ្យចេះស៊ូទ្រាំ។ (១ធី. ៥:១៧) បងប្អូនប្រុសស្រីជាច្រើនត្រូវបានគេស្គាល់ថាជាអ្នកដែលបង្ហាញអារម្មណ៍កក់ក្ដៅនិងចិត្តអាណិតអាសូរដល់អ្នកជឿគ្នីគ្នា។ (រ៉ូម ១២:១៥) ជារឿយៗ បងប្អូនខ្លះទៅលេងអស់អ្នកដែលធ្លាក់ទឹកចិត្ត ព្រមទាំងអធិដ្ឋានជាមួយពួកគាត់ដែរ។ (១ថែ. ៥:១៤) បងប្អូនឯទៀត ចំណាយពេលសរសេរពាក្យដែលលើកទឹកចិត្តជូនបងប្អូនរួមជំនឿដែលកំពុងតែជួបប្រទះទុក្ខលំបាក។ ចំណែកអ្នកឯទៀត ពួកគាត់ជួយបងប្អូនដែលមានបញ្ហាសុខភាពឲ្យចូលរួមក្នុងកិច្ចប្រជុំក្រុមជំនុំ។ សាក្សីព្រះយេហូវ៉ារាប់ពាន់នាក់រួមចំណែកក្នុងការជួយបងប្អូនរួមជំនឿសាងសង់ឡើងវិញផ្ទះដែលបានបែកបាក់ដោយសារមហន្តរាយ។ បងប្អូនប្រុសស្រីបែបនេះបង្ហាញចិត្តថ្នាក់ថ្នមនិងផ្ដល់ជំនួយដោយយកចិត្តទុកដាក់ ហើយទង្វើទាំងអស់នេះគឺជាការសម្ដែងនៃ«ព្រះគុណដ៏បែកជាច្រើនផ្លូវ»។—សូមអាន ពេត្រុសទី១ ៤:១១
តើមួយណាសំខាន់ជាង?
១០. (ក) ប៉ុលយល់ដឹងអំពីទិដ្ឋភាពពីរយ៉ាងក្នុងកិច្ចបម្រើរបស់ខ្លួនចំពោះព្រះ តើទិដ្ឋភាពនោះជាអ្វី? (ខ) តើយើងយកតម្រាប់តាមប៉ុលសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
១០ អ្នកបម្រើរបស់ព្រះត្រូវបានប្រគល់អំណោយទានដែលមិនគ្រាន់តែប្រើចំពោះបងប្អូនរួមជំនឿតែប៉ុណ្ណោះឡើយ តែក៏មានសារដែលត្រូវតែជូនដល់អ្នកដទៃដែរ។ សាវ័កប៉ុលបានយល់ដឹងថាកិច្ចបម្រើរបស់ខ្លួនចំពោះព្រះយេហូវ៉ាមានទិដ្ឋភាពទាំងពីរនេះ។ គាត់បានសរសេរទៅកាន់ក្រុមជំនុំនៅទីក្រុងអេភេសូរអំពី«ការត្រួតត្រារបស់ព្រះគុណនៃព្រះ» ដែលត្រូវបានផ្ដល់ឲ្យគាត់ដើម្បីប្រយោជន៍ក្រុមជំនុំ។ (អេភ. ៣:២) ក៏ប៉ុន្តែ គាត់ក៏បាននិយាយថា៖ «តាមដែលព្រះទ្រង់ល្បងលឃើញថា គួរនឹងផ្ញើព្រះបន្ទូល[ឬ«ប្រគល់មុខងារផ្សាយដំណឹងល្អមកយើង»]»។ (១ថែ. ២:៤; ១ថស. ២:៤, ខ.ស.) ដូចប៉ុល យើងក៏យល់ដឹងថាយើងទទួលភារកិច្ចឲ្យបម្រើជាអ្នកផ្សាយអំពីរាជាណាចក្ររបស់ព្រះដែរ។ ដោយផ្សព្វផ្សាយយ៉ាងខ្នះខ្នែង នោះយើងព្យាយាមយកតម្រាប់តាមប៉ុល ដែលបានតាំងគំរូជាអ្នកផ្សាយដំណឹងល្អដោយឥតឈប់ឈរ។ (កិច្ច. ២០:២០, ២១; ១កូ. ១១:១) យើងដឹងថាការផ្សព្វផ្សាយសារអំពីរាជាណាចក្ររបស់ព្រះអាចសង្គ្រោះជីវិត។ ក៏ប៉ុន្តែ ទន្ទឹមគ្នាដែរ យើងក៏ខំប្រឹងយកតម្រាប់តាមប៉ុលដោយស្វែងរកឱកាសដើម្បី«ចែកអំណោយទានណាមួយខាងវិញ្ញាណ» ឬឲ្យពរពីព្រះដល់បងប្អូនរួមជំនឿ។—សូមអាន រ៉ូម ១:១១, ១២; ១០:១៣-១៥
១១. តើគប្បីឲ្យយើងចាត់ទុកភារកិច្ចផ្សព្វផ្សាយនិងពង្រឹងកម្លាំងចិត្តបងប្អូនរួមជំនឿយ៉ាងដូចម្ដេច?
១១ ស្តីអំពីកិច្ចការទាំងពីរយ៉ាងរបស់ពួកគ្រិស្តសាសនិក តើមួយណាដែលសំខាន់ជាង? ការសួរសំណួរបែបនេះគឺស្រដៀងនឹងការសួរសំណួរអំពីបក្សាបក្សី ពោលគឺ តើស្លាបមួយណារបស់បក្សាបក្សីដែលសំខាន់ជាង? ចម្លើយគឺច្បាស់ណាស់ថា បក្សាបក្សីត្រូវការស្លាបទាំងពីរដើម្បីហើរបាន។ ស្រដៀងគ្នាដែរ យើងត្រូវការរួមចំណែកក្នុងទិដ្ឋភាពទាំងពីរយ៉ាងនៃកិច្ចបម្រើព្រះ ដើម្បីបំពេញតម្រូវការរបស់យើងជាគ្រិស្តសាសនិក។ យ៉ាងនេះ យើងមិនចាត់ទុកភារកិច្ចឲ្យផ្សព្វផ្សាយដំណឹងល្អ និងការពង្រឹងកម្លាំងចិត្តបងប្អូនរួមជំនឿ ជាភារកិច្ចពីរដាច់ដោយឡែកពីគ្នាឡើយ។ ផ្ទុយទៅវិញ ដូចសាវ័កពេត្រុសនិងប៉ុល យើងចាត់ទុកថាភារកិច្ចទាំងពីរនោះជាប់ពាក់ព័ន្ធនឹងគ្នា។ តើជាប់ពាក់ព័ន្ធយ៉ាងដូចម្ដេច?
១២. តើយើងបម្រើដូចជាឧបករណ៍ក្នុងដៃរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១២ ក្នុងនាមជាអ្នកផ្សាយ យើងខំប្រឹងប្រើជំនាញណាដែលយើងមានក្នុងការបង្រៀន ដើម្បីឲ្យសារអំពីរាជាណាចក្ររបស់ព្រះមានអានុភាពលើចិត្តអ្នកដទៃ។ តាមវិធីនេះ យើងសង្ឃឹមថាយើងអាចជួយពួកគាត់ឲ្យក្លាយទៅជាសិស្សរបស់គ្រិស្ត។ យ៉ាងណាក៏ដោយ យើងក៏ប្រើសមត្ថភាពណាដែលយើងមានដើម្បីពង្រឹងកម្លាំងចិត្តបងប្អូនរួមជំនឿ តាមរយៈពាក្យដែលលើកទឹកចិត្តឬការប្រព្រឹត្តដែលផ្ដល់ជំនួយ។ ទាំងនេះជាការបង្ហាញនូវគុណដ៏វិសេសលើសលប់របស់ព្រះ។ (សុ. ៣:២៧; ១២:២៥) តាមវិធីនេះ យើងសង្ឃឹមថាយើងអាចជួយបងប្អូនឲ្យនៅរហូតជាសិស្សរបស់គ្រិស្ត។ ក្នុងកិច្ចផ្សព្វផ្សាយដល់សាធារណៈជន និងកិច្ចការ«បំរើគ្នាទៅវិញទៅមក» យើងមានកិត្ដិយសបម្រើដូចជាឧបករណ៍ក្នុងដៃរបស់ព្រះយេហូវ៉ា។—កា. ៦:១០
«ចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ»
១៣. ប្រសិនបើយើងមិន«បំរើគ្នាទៅវិញទៅមក» តើនឹងមានអ្វីកើតឡើង?
១៣ ប៉ុលបានដាស់តឿនបងប្អូនរួមជំនឿថា៖ «ខាងឯសេចក្ដីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្ដីរាប់អាន នោះឲ្យខំរាប់អានគេជាមុន»។ (រ៉ូម ១២:១០) ពិតមែន ការមានចិត្តថ្នាក់ថ្នមចំពោះបងប្អូនរួមជំនឿ ជំរុញយើងឲ្យបម្រើយ៉ាងអស់ពីចិត្តជាអ្នកដែលបានទទួលគុណដ៏វិសេសលើសលប់របស់ព្រះ។ យើងយល់ឃើញថា បើសាតាំងមានជោគជ័យក្នុងការរារាំងយើងពីការ«បំរើគ្នាទៅវិញទៅមក» នោះវានឹងនាំឲ្យសាមគ្គីភាពរបស់យើងទន់ខ្សោយ។ (កូល. ៣:១៤) ជាលទ្ធផល ការគ្មានសាមគ្គីភាពនឹងនាំឲ្យយើងគ្មានចិត្តខ្នះខ្នែងក្នុងកិច្ចផ្សព្វផ្សាយដែរ។ សាតាំងដឹងច្បាស់ថាវាត្រូវបញ្ឈប់តែមួយផ្នែកប៉ុណ្ណោះនៃកិច្ចបម្រើរបស់យើង ហាក់ដូចជាបង្ខូចស្លាបតែមួយរបស់បក្សាបក្សី ដើម្បីរារាំងយើងពីការបំពេញភារកិច្ចរបស់យើង។
១៤. តើអ្នកណាទទួលប្រយោជន៍ពេលដែលយើង«បំរើគ្នាទៅវិញទៅមក»? សូមលើកឧទាហរណ៍។
១៤ ការ«បំរើគ្នាទៅវិញទៅមក»មានប្រយោជន៍សម្រាប់អស់អ្នកដែលទទួលគុណដ៏វិសេសលើសលប់របស់ព្រះ និងអស់អ្នកដែលជាអ្នកផ្ដល់ផងដែរ។ (សុ. ១១:២៥) ជាឧទាហរណ៍ សូមគិតអំពីគូស្វាមីភរិយានៅរដ្ឋអ៊ីលីណយនាសហរដ្ឋអាម៉េរិក ឈ្មោះរ៉ែយ៉ាននិងរូនី។ ពេលពួកគាត់ដឹងថាខ្យល់ព្យុះដែលមានឈ្មោះកាទ្រីណា បានបំបាក់បំបែកខ្ទេចខ្ទីផ្ទះរបស់បងប្អូនរួមជំនឿអស់រាប់រយខ្នង នោះសេចក្ដីស្រឡាញ់ជាបងប្អូនជំរុញពួកគាត់ឲ្យលះបង់ការងារនិងផ្ទះរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ទិញនិងជួសជុលរថសណ្ដោងចាស់មួយដើម្បីអាចរស់នៅក្នុងបាន ព្រមទាំងធ្វើដំណើរ១.៤០០គីឡូម៉ែត្រទៅរដ្ឋល្វីហ្ស៍ស៊ីយ៉ានណា កន្លែងដែលមានខ្យល់ព្យុះនោះ។ ពួកគាត់រស់នៅទីនោះអស់រយៈពេលជាងមួយឆ្នាំ ហើយបានចំណាយពេល កម្លាំង និងធនធានរបស់ខ្លួនដើម្បីជួយបងប្អូនរួមជំនឿ។ បងរ៉ែយ៉ាន ដែលមានអាយុ២៩ឆ្នាំ ពោលថា៖ «ការរួមចំណែកក្នុងការផ្ដល់ជំនួយបាននាំឲ្យខ្ញុំមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះ។ ខ្ញុំបានឃើញរបៀបដែលព្រះយេហូវ៉ាថែរក្សារាស្ត្ររបស់ទ្រង់»។ គាត់បាននិយាយបន្ថែមថា៖ «ការធ្វើការជាមួយបងប្អូនវ័យចាស់បង្រៀនខ្ញុំច្រើនណាស់ក្នុងការថែទាំបងប្អូនរួមជំនឿ។ ខ្ញុំក៏បានយល់ឃើញថា យើងជាមនុស្សដែលមានវ័យក្មេងជាងអាចធ្វើកិច្ចការជាច្រើនក្នុងអង្គការរបស់ព្រះយេហូវ៉ា»។ រូនីដែលមានអាយុ២៥ឆ្នាំ កត់សម្គាល់ថា៖ «ខ្ញុំមានអំណរគុណដែលខ្ញុំអាចជួយបងប្អូន។ ខ្ញុំមិនដែលមានចិត្តសប្បាយជាងពេលនេះទេ។ ខ្ញុំដឹងថា ខ្ញុំនៅតែទទួលប្រយោជន៍ពីបទពិសោធន៍ដ៏អស្ចារ្យនេះ សូម្បីតែច្រើនឆ្នាំបានកន្លងទៅហើយក៏ដោយ»។
១៥. តើយើងមានមូលហេតុល្អអ្វីខ្លះដើម្បីបន្តប្រើអំណោយទានរបស់យើងក្នុងការបម្រើគ្នាទៅវិញទៅមកជាអ្នកចែកចាយនៃព្រះគុណ?
១៥ ប្រាកដហើយ ការស្ដាប់តាមបញ្ជារបស់ព្រះឲ្យផ្សព្វផ្សាយដំណឹងល្អ និងពង្រឹងកម្លាំងចិត្តបងប្អូនរួមជំនឿ នោះនាំឲ្យយើងគ្រប់គ្នាទទួលពរ។ អស់អ្នកដែលយើងជួយអាចបម្រើព្រះយេហូវ៉ាតទៅទៀត ហើយយើងមានអំណរយ៉ាងខ្លាំងដែលបានមកពីការឲ្យតែប៉ុណ្ណោះ។ (កិច្ច. ២០:៣៥) កាលដែលសមាជិកម្នាក់ៗយកចិត្តទុកដាក់យ៉ាងស្មោះចំពោះគ្នីគ្នា នោះក្រុមជំនុំទាំងមូលបង្កើននូវការបង្ហាញអារម្មណ៍កក់ក្ដៅ។ ម្យ៉ាងទៀត សេចក្ដីស្រឡាញ់ដែលយើងបង្ហាញគ្នាទៅវិញទៅមក នោះសម្គាល់យ៉ាងច្បាស់ថាយើងជាគ្រិស្តសាសនិកពិត។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូន. ១៣:៣៥) សំខាន់បំផុត កាលដែលអ្នកបម្រើព្រះយេហូវ៉ាសម្ដែងសេចក្ដីប្រាថ្នារបស់ទ្រង់ក្នុងការពង្រឹងកម្លាំងចិត្តអស់អ្នកដែលត្រូវការជំនួយ នោះនឹងលើកកិត្ដិយសព្រះយេហូវ៉ា ជាបិតាដែលចេះយកចិត្តទុកដាក់។ ហេតុនេះហើយបានជាយើងមានមូលហេតុល្អដើម្បីប្រើអំណោយទានរបស់យើងក្នុងការ«បំរើគ្នាទៅវិញទៅមក . . . ជាអ្នកចែកចាយយ៉ាងល្អនៃព្រះគុណ!»។ តើអ្នកនឹងធ្វើដូច្នេះជាបន្តឬទេ?—សូមអាន ហេព្រើរ ៦:១០
តើអ្នកចាំទេ?
• តើព្រះយេហូវ៉ាពង្រឹងកម្លាំងចិត្តអ្នកបម្រើរបស់ទ្រង់តាមរបៀបណាខ្លះ?
• តើព្រះយេហូវ៉ាបានប្រគល់អ្វីឲ្យយើង?
• តើយើងអាចបម្រើបងប្អូនរួមជំនឿតាមវិធីណាខ្លះ?
• តើអ្វីនឹងជំរុញយើងឲ្យប្រើអំណោយទាន ដើម្បី«បំរើគ្នាទៅវិញទៅមក»ជាបន្ត?
[រូបភាពនៅទំព័រ១៧]
តើអ្នកប្រើ«អំណោយទាន»របស់អ្នកដើម្បីបម្រើអ្នកដទៃ ឬដើម្បីប្រយោជន៍ខ្លួន?
[រូបភាពនៅទំព័រ១៨]
យើងផ្សព្វផ្សាយដំណឹងល្អដល់អ្នកដទៃ និងគាំទ្របងប្អូនរួមជំនឿ
[រូបភាពនៅទំព័រ១៩]
អ្នកផ្ដល់ជំនួយសមនឹងទទួលការសរសើរដោយសារស្មារតីលះបង់ប្រយោជន៍ខ្លួន