ចូរសម្រាលទុក្ខអស់អ្នកដែលសោយសោក
«ព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំ . . . ឲ្យកំសាន្តចិត្ត[ឬ«សម្រាលទុក្ខ»]នៃអស់អ្នកណាដែលសោយសោក»។—អេ. ៦១:១, ២; ព.ថ.
១. តើលោកយេស៊ូបានធ្វើអ្វីចំពោះអស់អ្នកដែលសោយសោក? ហើយហេតុអ្វី?
លោកយេស៊ូគ្រិស្តបានមានប្រសាសន៍ថា៖ «អាហាររបស់ខ្ញុំ គឺខ្ញុំធ្វើតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការដែលលោកបានផ្ដល់ឲ្យ»។ (យ៉ូន. ៤:៣៤) ក្នុងការបំពេញភារកិច្ចដែលព្រះប្រគល់ឲ្យ លោកយេស៊ូបានឆ្លុះបញ្ចាំងអំពីគុណសម្បត្ដិដ៏ប្រសើរថ្លៃថ្លារបស់បិតាលោក។ គុណសម្បត្ដិទាំងនេះគឺជាសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះយេហូវ៉ាចំពោះមនុស្សជាតិ។ (១យ៉ូន. ៤:៧-១០) សាវ័កប៉ូលបានកត់សម្គាល់ការបង្ហាញសេចក្ដីស្រឡាញ់បែបនោះពេលគាត់ហៅព្រះយេហូវ៉ាថា ជា«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»។ (២កូ. ១:៣) លោកយេស៊ូបានបញ្ជាក់អំពីសេចក្ដីស្រឡាញ់បែបនេះ ពេលលោកបានធ្វើអ្វីដែលទាយទុកក្នុងទំនាយរបស់អេសាយ។ (សូមអាន អេសាយ ៦១:១, ២) លោកយេស៊ូបានអានទំនាយនេះក្នុងសាលាប្រជុំនៅក្រុងណាសារ៉ែត ហើយថាពាក្យក្នុងទំនាយនោះគឺទាក់ទងនឹងលោក។ (លូក. ៤:១៦-២១) ក្នុងកិច្ចបម្រើទាំងមូលរបស់លោក លោកយេស៊ូបានសម្រាលទុក្ខអស់អ្នកដែលសោយសោក ហើយក៏បានលើកទឹកចិត្តនិងធ្វើឲ្យពួកគេមានសេចក្ដីសុខសាន្តក្នុងចិត្ត។
២, ៣. ហេតុអ្វីពួកអ្នកកាន់តាមលោកយេស៊ូត្រូវតែយកតម្រាប់តាមលោកក្នុងការសម្រាលទុក្ខអ្នកឯទៀត?
២ ពួកអ្នកកាន់តាមលោកយេស៊ូទាំងអស់ត្រូវតែយកតម្រាប់តាមលោកដោយចេះសម្រាលទុក្ខអស់អ្នកដែលសោយសោក។ (១កូ. ១១:១) ប៉ូលបាននិយាយថា៖ «ចូរបន្តសម្រាលទុក្ខគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក»។ (១ថែ. ៥:១១) ជាពិសេស យើងត្រូវសម្រាលទុក្ខអ្នកឯទៀត ដោយសារមនុស្សជាតិកំពុងរស់នៅក្នុង‹គ្រាចុងក្រោយបង្អស់ដែលលំបាកណាស់›។ (២ធី. ៣:១) មនុស្សល្អកាន់តែច្រើនឡើងៗនៅទូទាំងពិភពលោក ត្រូវតែរស់នៅក្នុងចំណោមពួកអ្នកដែលមានពាក្យសម្ដីនិងការប្រព្រឹត្តដែលបណ្ដាលឲ្យពួកគេមានទុក្ខកង្វល់ ឈឺចិត្ត និងសោកសៅ។
៣ ដូចគម្ពីរបានទាយទុក ក្នុងគ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកនេះ មនុស្សជាច្រើននឹង«ស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតបំប៉ោង ក្រអឺតក្រទម ជាអ្នកជេរប្រមាថ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មិនស្មោះត្រង់ គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស មិនព្រមស្រុះស្រួលគ្នា ជាអ្នកបង្កាច់បង្ខូច មិនចេះទប់ចិត្ត កាចសាហាវ មិនស្រឡាញ់គុណធម៌ ជាអ្នកក្បត់ ធ្វើតាមទំនើងចិត្ត មានមោទនភាពហួសហេតុពេក ស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ»។ ចិត្តគំនិតបែបនេះកំពុងតែអាក្រក់ជាងមុនទៅទៀត ព្រោះ‹មនុស្សទុច្ចរិតព្រមទាំងជនបោកប្រាស់កាន់តែអាក្រក់ទៅៗ›។—២ធី. ៣:២-៤, ១៣
៤. សព្វថ្ងៃនេះ តើមានអ្វីកើតឡើងចំពោះស្ថានភាពក្នុងពិភពលោកយើង?
៤ ពាក្យទាំងនេះមិនគួរធ្វើឲ្យយើងភ្ញាក់ផ្អើលឡើយ ព្រោះបណ្ដាំរបស់ព្រះបានបញ្ជាក់យ៉ាងច្បាស់ថា៖«ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច»។ (១យ៉ូន. ៥:១៩) «ពិភពលោកទាំងមូល»រួមមានប្រព័ន្ធនយោបាយ សាសនា និងពាណិជ្ជកម្ម ថែមទាំងប្រព័ន្ធឃោសនាផងដែរ។ គ្មានអ្វីដែលគួរឲ្យសង្ស័យទេ ដែលមេកំណាចសាថានបានត្រូវហៅយ៉ាងត្រឹមត្រូវថា ជា«អ្នកគ្រប់គ្រងពិភពលោកនេះ» និងជា«ព្រះនៃរបៀបរបបពិភពលោកនេះ»។ (យ៉ូន. ១៤:៣០; ២កូ. ៤:៤) ស្ថានភាពដែលមាននៅទូទាំងពិភពលោកកាន់តែយ៉ាប់ទៅៗ ពីព្រោះសាថានមានកំហឹងយ៉ាងខ្លាំង ដោយដឹងថាវាមានពេលនៅសល់តែបន្ដិចបន្តួច មុននឹងព្រះយេហូវ៉ាបំផ្លាញវា។ (បប. ១២:១២) ការដឹងថាការអត់ធ្មត់របស់ព្រះចំពោះសាថាននិងរបៀបរបបដ៏អាក្រក់របស់វាជិតត្រូវបញ្ចប់ ហើយថាការចោទប្រកាន់ដែលទាក់ទងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ានឹងត្រូវបានដោះស្រាយ នោះពិតជាសម្រាលទុក្ខយើងមែន!—លោ. ជំពូកទី៣; យ៉ូប ជំពូកទី២
ដំណឹងល្អកំពុងផ្សព្វផ្សាយ នៅទូទាំងពិភពលោក
៥. តើទំនាយអំពីកិច្ចការផ្សព្វផ្សាយកំពុងសម្រេចនៅគ្រាចុងក្រោយបង្អស់យ៉ាងដូចម្ដេច?
៥ ក្នុងអំឡុងគ្រាដ៏ពិបាកនៃប្រវត្ដិសាស្ត្រមនុស្សជាតិ អ្វីដែលលោកយេស៊ូបានទាយទុកពិតជាបានសម្រេចមែន។ លោកមានប្រសាសន៍ថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។ (ម៉ាថ. ២៤:១៤) នៅទូទាំងពិភពលោក កិច្ចការផ្សព្វផ្សាយដំណឹងល្អរបស់សាក្សីព្រះយេហូវ៉ាកំពុងតែរីកចម្រើននៅគ្រប់ទីកន្លែងក្នុងចំនួនដែលមិនធ្លាប់មានពីមុនមក។ សព្វថ្ងៃនេះ សាក្សីព្រះយេហូវ៉ាជាង៧.៥០០.០០០នាក់ ដែលចូលរួមក្នុង១០៧.០០០ក្រុមជំនុំនៅទូទាំងពិភពលោក កំពុងផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ ដូចលោកយេស៊ូបានធ្វើដែរ។ (ម៉ាថ. ៤:១៧) ជាលទ្ធផល កិច្ចការផ្សព្វផ្សាយនៅសព្វថ្ងៃនេះ បានជួយសម្រាលទុក្ខអស់អ្នកដែលសោយសោក។ គ្រាន់តែពីរឆ្នាំថ្មីៗកន្លងទៅនេះ មនុស្សចំនួន៥៧០.៦០១នាក់បានទទួលការជ្រមុជទឹកធ្វើជាសាក្សីព្រះយេហូវ៉ា!
៦. តើអ្នកគិតយ៉ាងណាអំពីទំហំនៃកិច្ចការផ្សព្វផ្សាយរបស់យើង?
៦ យើងអាចយល់អំពីទំហំនៃកិច្ចការផ្សព្វផ្សាយដោយកត់សម្គាល់ថា សព្វថ្ងៃនេះសាក្សីព្រះយេហូវ៉ាកំពុងបកប្រែ និងចែកចាយសៀវភៅដែលមានមូលដ្ឋានលើគម្ពីរជាង៥០០ភាសា។ ក្នុងប្រវត្ដិសាស្ត្ររបស់មនុស្សជាតិ មិនធ្លាប់មានអ្វីកើតឡើងដូច្នេះទេ! ទោះជាសាថានកំពុងគ្រប់គ្រងលើពិភពលោកនេះក៏ដោយ រាស្ត្ររបស់ព្រះយេហូវ៉ាកំពុងមានសកម្មភាពក្នុងកិច្ចផ្សព្វផ្សាយ ហើយក៏កំពុងតែរីកចម្រើនផងដែរ។ នេះមិនអាចកើតឡើងបានទេ បើគ្មានជំនួយនិងការណែនាំពីសកម្មពលរបស់ព្រះ។ ម្យ៉ាងទៀត ដោយសារដំណឹងល្អកំពុងផ្សព្វផ្សាយនៅទូទាំងពិភពលោក នោះមនុស្សដែលស្ដាប់តាមដំណឹងអំពីរាជាណាចក្រនេះ អាចទទួលការសម្រាលទុក្ខដូចរាស្ត្ររបស់លោកដែរ។
សម្រាលទុក្ខបងប្អូនរួមជំនឿ
៧. (ក) ហេតុអ្វីយើងមិនរំពឹងឲ្យព្រះយេហូវ៉ាបំបាត់ចោលទុក្ខកង្វល់ទាំងអស់ដែលមាននៅសព្វថ្ងៃនេះ? (ខ) តើយើងអាចដឹងយ៉ាងដូចម្ដេចថា យើងអាចស៊ូទ្រាំនឹងការបៀតបៀន និងទុក្ខវេទនា?
៧ ក្នុងពិភពលោកដែលពោរពេញទៅដោយអំពើអាក្រក់ និងទុក្ខវេទនា យើងប្រាកដជាជួបប្រទះនូវស្ថានភាពខ្លះដែលធ្វើឲ្យយើងមានទុក្ខកង្វល់។ យើងមិនអាចសង្ឃឹមថាព្រះនឹងបំបាត់ចោលទុក្ខកង្វល់ទាំងអស់ មុនលោកបំផ្លាញរបៀបរបបនៃពិភពលោកនេះទេ។ កាលដែលយើងរង់ចាំឲ្យព្រះធ្វើដូច្នេះ យើងនឹងជួបការបៀតបៀនដែលគម្ពីរបានទាយទុក ហើយនេះនឹងល្បងលយើងថា តើយើងមានចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះយេហូវ៉ា និងគាំទ្រសិទ្ធិគ្រប់គ្រងរបស់លោកឬយ៉ាងណា? (២ធី. ៣:១២) ក៏ប៉ុន្តែ ដោយមានជំនួយ និងការសម្រាលទុក្ខពីបិតានៅស្ថានសួគ៌ យើងអាចធ្វើដូចគ្រិស្តសាសនិកដែលព្រះរើសតាំងនៅក្រុងថែស្សាឡូនិចពីសម័យបុរាណដែលបានឆ្លងកាត់ការបៀតបៀននិងទុក្ខវេទនាដោយមានជំនឿនិងការស៊ូទ្រាំ។—សូមអាន ថែស្សាឡូនិចទី២ ១:៣-៥
៨. តើគម្ពីរបានបញ្ជាក់យ៉ាងណាថាព្រះយេហូវ៉ាបានសម្រាលទុក្ខរាស្ត្ររបស់លោក?
៨ យើងជឿជាក់ថាព្រះយេហូវ៉ាពិតជាសម្រាលទុក្ខអ្នកបម្រើលោកជាមិនខាន។ ជាឧទាហរណ៍ ពេលដែលមហាក្សត្រីយេសិបិលគំរាមចង់សម្លាប់អេលីយ៉ាដែលជាអ្នកប្រកាសទំនាយ នោះគាត់បានបាត់បង់ចិត្តក្លាហាន ហើយរត់ទៅលាក់ខ្លួន ថែមទាំងបាននិយាយថាគាត់ចង់ស្លាប់ទៀតផង។ ប៉ុន្តែ ជាជាងស្តីបន្ទោសដល់អេលីយ៉ា ព្រះយេហូវ៉ាបានសម្រាលទុក្ខគាត់ ហើយបានឲ្យគាត់នូវចិត្តក្លាហានក្នុងការបំពេញភារកិច្ចរបស់គាត់ជាអ្នកប្រកាសទំនាយ។ (១ព. ១៩:១-២១) នៅសតវត្សរ៍ទី១ ព្រះយេហូវ៉ាក៏បានផ្ដល់ឲ្យរាស្ត្ររបស់លោកមានការសម្រាលទុក្ខដូចនេះដែរចំពោះបងប្អូនក្នុងក្រុមជំនុំគ្រិស្តសាសនិក។ ជាឧទាហរណ៍ គម្ពីរចែងថា៖ «ក្រុមជំនុំទាំងមូលនៃតំបន់យូឌា ស្រុកកាលីឡេ និងស្រុកសាម៉ារីមានសេចក្ដីសុខសាន្តមួយគ្រា ហើយបានត្រូវពង្រឹងឲ្យមាំមួនឡើង»។ ម្យ៉ាងទៀត ពួកគេក៏«រស់នៅដោយកោតខ្លាចព្រះយេហូវ៉ា និងសមស្របតាមការសម្រាលទុក្ខពីសកម្មពលបរិសុទ្ធ ព្រមទាំងបានចម្រើនឡើងជានិច្ច»។ (សកម្ម. ៩:៣១) យើងពិតជាមានអំណរណាស់ ដោយសារយើងក៏មាន«ការសម្រាលទុក្ខពីសកម្មពលបរិសុទ្ធ»ដែរ!
៩. ហេតុអ្វីការរៀនអំពីលោកយេស៊ូអាចសម្រាលទុក្ខយើង?
៩ ក្នុងនាមជាគ្រិស្តសាសនិក យើងបានត្រូវសម្រាលទុក្ខដោយការរៀន និងការធ្វើតាមគំរូរបស់លោកយេស៊ូ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អស់អ្នកដែលធ្វើការនឿយហត់ហើយមានបន្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំ ពីព្រោះខ្ញុំស្លូត ក៏មានចិត្តរាបទាបផង នោះអ្នករាល់គ្នានឹងមានកម្លាំងចិត្តឡើងវិញ។ ពីព្រោះនឹមរបស់ខ្ញុំស្រួលពាក់ ហើយបន្ទុកខ្ញុំក៏ស្រាល»។ (ម៉ាថ. ១១:២៨-៣០) ការរៀនអំពីរបៀបដ៏ល្អដែលលោកប្រព្រឹត្តចំពោះមនុស្ស និងការធ្វើតាមគំរូដ៏ល្អទាំងនោះ អាចជួយបន្ធូរការតានតឹងចិត្តរបស់យើងបាន។
១០, ១១. ក្នុងក្រុមជំនុំ តើអ្នកណាខ្លះអាចជួយសម្រាលទុក្ខបងប្អូន?
១០ យើងក៏អាចទទួលការសម្រាលទុក្ខពីបងប្អូនរួមជំនឿដែរ។ ជាឧទាហរណ៍ សូមពិចារណាអំពីរបៀបដែលពួកអ្នកចាស់ទុំក្នុងក្រុមជំនុំជួយបងប្អូនដែលមានជំនឿខ្សោយ។ យ៉ាកុបបានសរសេរថា៖ «តើមានអ្នកណាឈឺក្នុងចំណោមអ្នករាល់គ្នាទេ? ចូរឲ្យអ្នកនោះហៅបុរសចាស់ទុំក្នុងក្រុមជំនុំមក ហើយឲ្យពួកគាត់អធិដ្ឋានឲ្យអ្នកនោះ»។ តើមានលទ្ធផលយ៉ាងណា? គឺ«សេចក្ដីអធិដ្ឋានដែលបានត្រូវពោលដោយជំនឿនឹងធ្វើឲ្យអ្នកដែលមិនស្រួលខ្លួនបានជាសះស្បើយ ហើយព្រះយេហូវ៉ានឹងធ្វើឲ្យអ្នកនោះមានសុខភាពល្អឡើងវិញ។ ម្យ៉ាងទៀត ប្រសិនបើអ្នកនោះបានប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះនឹងទទួលការអភ័យទោស»។ (យ៉ា. ៥:១៤, ១៥) ប៉ុន្តែ បងប្អូនឯទៀតក្នុងក្រុមជំនុំក៏អាចជួយផ្ដល់ការសម្រាលទុក្ខដែរ។
១១ បងប្អូនស្រីៗស្រួលនិយាយជាមួយគ្នាអំពីបញ្ហាផ្សេងៗ។ ជាពិសេសបងស្រីវ័យចាស់ ដែលមានបទពិសោធន៍ច្រើនជាងអាចជូនឱវាទចំពោះប្អូនស្រីដែលមានវ័យក្មេងជាង។ បងស្រីទាំងនេះដែលមានភាពចាស់ទុំប្រហែលជាធ្លាប់ឆ្លងកាត់ស្ថានភាពស្រដៀងគ្នានៅក្នុងជីវិតរបស់ពួកគាត់។ ការចេះយល់អារម្មណ៍ និងលក្ខណៈជាស្ត្រីរបស់ពួកគាត់អាចជួយយ៉ាងច្រើន។ (សូមអាន ទីតុស ២:៣-៥) មែនហើយ ពួកអ្នកចាស់ទុំនិងបងប្អូនឯទៀតអាច«និយាយសម្រាលទុក្ខពួកអ្នកដែលធ្លាក់ទឹកចិត្ត»ដែលមានក្នុងចំណោមបងប្អូនរបស់យើង ហើយពួកគាត់ក៏គួរធ្វើដូច្នេះដែរ។ (១ថែ. ៥:១៤, ១៥) បន្ថែមទៅទៀត ជាការល្អឲ្យយើងចាំជានិច្ចថាព្រះអាច«សម្រាលទុក្ខយើងពីសេចក្ដីវេទនាសព្វបែបយ៉ាង ដើម្បីឲ្យយើងអាចសម្រាលទុក្ខពួកអ្នកដែលមានសេចក្ដីវេទនា ទោះជាបែបណាក៏ដោយ»។—២កូ. ១:៤
១២. ហេតុអ្វីជាការសំខាន់ឲ្យយើងទៅកិច្ចប្រជុំ?
១២ វិធីដ៏សំខាន់មួយដើម្បីទទួលការសម្រាលទុក្ខគឺដោយទៅកិច្ចប្រជុំ ដែលនៅទីនោះមានការពិគ្រោះបទគម្ពីរដែលអាចលើកទឹកចិត្តយើង។ គម្ពីរចែងអំពីយូដាស និងស៊ីឡាសថា ពួកគាត់«បានលើកទឹកចិត្តបងប្អូនដោយថ្លែងសុន្ទរកថាជាច្រើននិងបានពង្រឹងកម្លាំងចិត្តពួកគាត់»។ (សកម្ម. ១៥:៣២) មុននិងក្រោយកិច្ចប្រជុំ យើងអាចសន្ទនាជាមួយបងប្អូនក្នុងក្រុមជំនុំដែលជាអ្វីដ៏លើកទឹកចិត្ត។ ដូច្នេះ បើយើងរងទុក្ខដោយសារមានទុក្ខកង្វល់ខ្លះៗ សូមកុំឲ្យយើងញែកខ្លួនចេញពីក្រុមជំនុំឡើយ ព្រោះការធ្វើដូច្នេះមិនអាចធ្វើឲ្យយើងធូរស្បើយបានទេ។ (សុភ. ១៨:១) ផ្ទុយទៅវិញ ជាការល្អឲ្យយើងធ្វើតាមឱវាទរបស់ប៉ូលដែលព្រះបានដឹកនាំគាត់ឲ្យសរសេរថា៖ «ចូរយើងគិតអំពីគ្នាទៅវិញទៅមក ដើម្បីបំផុសទឹកចិត្តឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ មិនមែនដោយគេចវេះពីការប្រជុំគ្នា ដូចអ្នកខ្លះមានទម្លាប់គេចវេះនោះទេ ប៉ុន្តែដោយលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយធ្វើដូច្នេះកាន់តែខ្លាំងឡើងពេលដែលអ្នករាល់គ្នាឃើញថ្ងៃនោះកាន់តែខិតចូលមកដល់»។—ហេ. ១០:២៤, ២៥
ទទួលការសម្រាលទុក្ខពីបណ្ដាំរបស់ព្រះ
១៣, ១៤. សូមបង្ហាញអំពីរបៀបដែលបទគម្ពីរអាចសម្រាលទុក្ខយើង។
១៣ មិនថាយើងជាគ្រិស្តសាសនិកដែលបានជ្រមុជទឹកហើយ ឬជាអ្នកដែលទើបតែចាប់ផ្ដើមរៀនអំពីព្រះ និងគោលបំណងរបស់លោកក្ដី យើងអាចទទួលការសម្រាលទុក្ខដែលមានក្នុងបណ្ដាំរបស់លោក។ ប៉ូលបានសរសេរថា៖ «អ្វីៗទាំងអស់ដែលបានត្រូវសរសេរទុកជាមុន បានត្រូវសរសេរទុកដើម្បីណែនាំយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹម តាមរយៈការស៊ូទ្រាំរបស់យើង និងការសម្រាលទុក្ខពីបទគម្ពីរ»។ (រ៉ូម ១៥:៤) គម្ពីរបរិសុទ្ធអាចសម្រាលទុក្ខយើង ហើយក៏ធ្វើឲ្យយើង«មានសមត្ថភាពពេញលេញ និងត្រៀមលក្ខណៈសព្វគ្រប់ដើម្បីធ្វើការល្អគ្រប់យ៉ាង»ដែរ។ (២ធី. ៣:១៦, ១៧) យើងអាចស្គាល់សេចក្ដីពិតអំពីគោលបំណងរបស់ព្រះ និងមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យសម្រាប់ពេលអនាគត ដោយអាននិងសិក្សាបណ្ដាំរបស់ព្រះ និងសៀវភៅនានាដែលមានមូលដ្ឋានលើគម្ពីរ។ បើយើងធ្វើដូច្នេះយើងអាចទទួលការសម្រាលទុក្ខនិងប្រយោជន៍ឯទៀតដែលមកពីគម្ពីរ។
១៤ លោកយេស៊ូបានទុកគំរូល្អដល់យើងក្នុងការប្រើបទគម្ពីរដើម្បីលើកទឹកចិត្ត និងសម្រាលទុក្ខអ្នកឯទៀត។ ជាឧទាហរណ៍ នៅពេលមួយ ក្នុងអំឡុងពេលដែលលោករស់ឡើងវិញ លោកបាន«ពន្យល់បទគម្ពីរយ៉ាងអស់សេចក្ដី»ដល់អ្នកកាន់តាមពីរនាក់របស់លោក។ កាលដែលលោកកំពុងមានប្រសាសន៍ទៅពួកគេ នោះពួកគេបានរំភើបចិត្តយ៉ាងខ្លាំង។ (លូក. ២៤:៣២) ក្នុងការធ្វើតាមគំរូដ៏ល្អរបស់លោកយេស៊ូ សាវ័កប៉ូលបាន«យកបទគម្ពីរមកជជែកវែកញែក»។ នៅទីក្រុងបេរៀ ពួកអ្នកដែលស្ដាប់គាត់បាន«ទទួលបណ្ដាំរបស់ព្រះដោយក្ដីរំភើប ក៏បានពិនិត្យមើលបទគម្ពីររាល់ថ្ងៃ»។ (សកម្ម. ១៧:២, ១០, ១១) ដូច្នេះ ជាការសំខាន់ណាស់ដែលយើងអានគម្ពីររាល់ថ្ងៃ ហើយទទួលប្រយោជន៍ពីគម្ពីរ និងសៀវភៅដែលអង្គការយើងបោះពុម្ព ព្រោះអ្វីៗទាំងនោះបានត្រូវរៀបចំឡើងដើម្បីសម្រាលទុក្ខយើង ហើយក៏ផ្ដល់នូវសេចក្ដីសង្ឃឹមដល់យើងក្នុងគ្រាដ៏ច្របូកច្របល់នេះដែរ!
វិធីផ្សេងទៀតដែលយើងអាចសម្រាលទុក្ខបងប្អូនរួមជំនឿ
១៥, ១៦. តើមានអ្វីខ្លះដែលយើងអាចធ្វើដើម្បីជួយនិងសម្រាលទុក្ខបងប្អូនរួមជំនឿរបស់យើង?
១៥ យើងអាចជួយនិងសម្រាលទុក្ខបងប្អូនរួមជំនឿតាមវិធីជាច្រើន។ ជាឧទាហរណ៍ យើងប្រហែលជាអាចជួយទៅផ្សារទិញម្ហូបឲ្យបងប្អូនដែលឈឺឬមានវ័យចាស់។ យើងអាចជួយធ្វើកិច្ចការផ្ទះ ហើយនេះបង្ហាញថាយើងយកចិត្តទុកដាក់ចំពោះពួកគាត់។ (ភី. ២:៤) យើងក៏អាចសរសើរបងប្អូនរបស់យើងចំពោះគុណសម្បត្ដិដ៏ល្អ ដូចជាសេចក្ដីស្រឡាញ់ ភាពប៉ិនប្រសប់ ចិត្តក្លាហាន និងជំនឿរបស់ពួកគាត់ជាដើម។
១៦ ក្នុងការសម្រាលទុក្ខបងប្អូនដែលមានវ័យចាស់ យើងអាចទៅលេងពួកគាត់ ហើយស្ដាប់យ៉ាងយកចិត្តទុកដាក់ទៅលើអ្វីដែលពួកគាត់ប្រាប់យើងអំពីបទពិសោធន៍ដែលពួកគាត់ធ្លាប់ឆ្លងកាត់ និងអំពីពរជាច្រើនដែលពួកគាត់ទទួលក្នុងការបម្រើព្រះយេហូវ៉ា។ នេះក៏ប្រហែលជាអ្វីដែលលើកទឹកចិត្ត និងសម្រាលទុក្ខយើងដែរ! យើងអាចអានគម្ពីរឬសៀវភៅរបស់អង្គការយើងជាមួយពួកគាត់។ យើងប្រហែលជាអាចពិចារណាអំពីអត្ថបទក្នុងទស្សនាវដ្ដីប៉មយាមឬសៀវភៅដែលយើងប្រើក្នុងការសិក្សាគម្ពីរជាក្រុមជំនុំសម្រាប់សប្ដាហ៍នោះ។ យើងអាចមើលឌីវីឌីរបស់អង្គការយើងជាមួយនឹងពួកគាត់។ ក្រោយមក យើងក៏ប្រហែលជាអាចអាន ឬរៀបរាប់បទពិសោធន៍ខ្លះដែលគួរឲ្យលើកទឹកចិត្តក្នុងសៀវភៅរបស់យើងដែរ។
១៧, ១៨. ក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ហេតុអ្វីយើងអាចដឹងប្រាកដថាលោកនឹងគាំទ្រ ហើយសម្រាលទុក្ខយើង?
១៧ បើយើងដឹងថាបងប្អូនណាម្នាក់ត្រូវការការសម្រាលទុក្ខ នោះយើងអាចអធិដ្ឋានអំពីគាត់ដែរ។ (រ៉ូម ១៥:៣០; កូឡ. ៤:១២) កាលដែលយើងផ្ទាល់ខំស៊ូទ្រាំនឹងបញ្ហាក្នុងជីវិត ហើយព្យាយាមសម្រាលទុក្ខបងប្អូនឯទៀត នោះយើងអាចមានជំនឿនិងទំនុកចិត្តដូចអ្នកតែងទំនុកតម្កើងដែលបានច្រៀងថា៖«ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ»។ (ទំនុក. ៥៥:២២) ប្រាកដហើយ ព្រះយេហូវ៉ានឹងតែងតែសម្រាលទុក្ខ ហើយគាំទ្រយើងដែលជាអ្នកបម្រើដ៏ស្មោះត្រង់របស់លោក។
១៨ ព្រះបានប្រាប់អ្នកគោរពប្រណិប័តន៍លោកនៅសម័យបុរាណថា៖ «អញគឺអញនេះហើយ ជាអ្នកដែលកំសាន្តចិត្ត[ឬ«សម្រាលទុក្ខ»]ឯងរាល់គ្នា»។ (អេ. ៥១:១២; ព.ថ.) ព្រះយេហូវ៉ាក៏នឹងប្រព្រឹត្តដូច្នេះដែរចំពោះយើង ហើយលោកនឹងឲ្យពរដល់ពាក្យសម្ដីនិងការប្រព្រឹត្តដ៏ល្អរបស់យើង កាលដែលយើងសម្រាលទុក្ខអស់អ្នកដែលសោយសោក។ មិនថាយើងមានសេចក្ដីសង្ឃឹមនៅស្ថានសួគ៌ឬនៅផែនដីក្ដី យើងម្នាក់ៗអាចទទួលការសម្រាលទុក្ខពីពាក្យរបស់ប៉ូលដែលគាត់សរសេរទៅឲ្យបងប្អូនដែលបានត្រូវរើសតាំងដូចគាត់ថា៖ «លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងនិងព្រះដែលជាបិតារបស់យើងដែលបានស្រឡាញ់យើង ព្រមទាំងផ្ដល់ឲ្យមានការសម្រាលទុក្ខជារៀងរហូតនិងសេចក្ដីសង្ឃឹមដ៏អស្ចារ្យ តាមរយៈគុណដ៏វិសេសលើសលប់ សូមឲ្យលោកសម្រាលទុក្ខអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាមាំមួនឡើងក្នុងគ្រប់ពាក្យសម្ដីល្អនិងការល្អទាំងអស់»។—២ថែ. ២:១៦, ១៧
តើអ្នកនៅចាំឬទេ?
• តើកិច្ចការរបស់យើងក្នុងការសម្រាលទុក្ខអស់អ្នកដែលសោយសោកមានទំហំប៉ុណ្ណា?
• តើយើងអាចធ្វើអ្វីខ្លះដើម្បីសម្រាលទុក្ខអ្នកឯទៀត?
• តើគម្ពីរបង្ហាញយ៉ាងណាថាព្រះយេហូវ៉ាសម្រាលទុក្ខរាស្ត្ររបស់លោក?
[រូបភាពនៅទំព័រ២៧]
តើអ្នកចូលរួមក្នុងការសម្រាលទុក្ខ អស់អ្នកដែលសោយសោកឬទេ?
[រូបភាពនៅទំព័រ២៩]
បងប្អូនទាំងចាស់ទាំងក្មេងអាចលើកទឹកចិត្តគ្នាទៅវិញទៅមក