សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
១៥ បងប្អូនអើយ ខ្ញុំចង់រំលឹកអំពីដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់ដល់អ្នករាល់គ្នា+ ជាដំណឹងដែលអ្នករាល់គ្នាព្រមទទួល ហើយកំពុងកាន់តាមនៅឡើយ។ ២ តាមរយៈដំណឹងល្អនោះ អ្នករាល់គ្នានឹងទទួលសេចក្ដីសង្គ្រោះ ប្រសិនបើអ្នករាល់គ្នានៅកាន់ខ្ជាប់តាមដំណឹងល្អដែលបានឮពីខ្ញុំ។ បើមិនដូច្នេះទេ អ្នករាល់គ្នាបានទៅជាអ្នកជឿដោយឥតប្រយោជន៍។
៣ ព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីដ៏សំខាន់បំផុត ជាសេចក្ដីដែលខ្ញុំក៏បានទទួលដែរ គឺថាគ្រិស្តបានស្លាប់ដើម្បីលោះយើងពីភាពខុសឆ្គង*ស្របទៅតាមបទគម្ពីរ+ ៤ ហើយថាលោកបានត្រូវបញ្ចុះ+ រួចបានត្រូវប្រោសឲ្យរស់ឡើងវិញ+នៅថ្ងៃទី៣+ស្របទៅតាមបទគម្ពីរ+ ៥ ហើយថាលោកបានលេចមកជួបកេផាស*+ រួចជួបសាវ័កទាំង១២នាក់។+ ៦ បន្ទាប់មក លោកលេចមកជួបបងប្អូនជាង៥០០នាក់នៅពេលតែមួយ។+ បងប្អូនភាគច្រើនពីចំណោមបងប្អូនទាំងនោះ នៅរស់រហូតដល់សព្វថ្ងៃនេះ តែពួកគាត់ខ្លះបានស្លាប់ហើយ។ ៧ ក្រោយមកទៀត លោកលេចមកជួបយ៉ាកុប+ រួចជួបសាវ័កទាំងអស់។+ ៨ ប៉ុន្តែក្រោយបង្អស់ លោកលេចមកជួបខ្ញុំ+ ដែលប្រៀបដូចជាកូនកើតមុនពេលកំណត់។
៩ ព្រោះក្នុងចំណោមពួកសាវ័ក ខ្ញុំជាអ្នកតូចជាងគេ ក៏មិនសមនឹងហៅថាសាវ័កដែរ ពីព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះ។+ ១០ ប៉ុន្តែ ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ ខ្ញុំមានមុខងារនេះ។ គុណដ៏វិសេសលើសលប់ដែលលោកមានចំពោះខ្ញុំ មិនបានទៅជាអសារឥតការទេ ព្រោះខ្ញុំបានធ្វើការនឿយហត់ជាងពួកគាត់ទាំងអស់ក្នុងកិច្ចបម្រើ។ ក៏ប៉ុន្តែ មិនមែនខ្ញុំទេ តែជាគុណដ៏វិសេសលើសលប់ដែលព្រះមានចំពោះខ្ញុំ។ ១១ ប៉ុន្តែ ទោះជាខ្ញុំឬពួកគាត់ក៏ដោយ យើងបានផ្សព្វផ្សាយតាមរបៀបនេះ ហើយនេះនាំឲ្យអ្នករាល់គ្នាជឿ។
១២ ប្រសិនបើយើងកំពុងផ្សព្វផ្សាយថាគ្រិស្តបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ+ ហេតុអ្វីបានជាអ្នករាល់គ្នាខ្លះនិយាយថាមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញ? ១៣ ប្រសិនបើមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញមែន នោះគ្រិស្តក៏មិនបានត្រូវប្រោសឲ្យរស់ឡើងវិញដែរ។ ១៤ ប៉ុន្តែ ប្រសិនបើគ្រិស្តមិនបានត្រូវប្រោសឲ្យរស់ឡើងវិញទេ នោះការផ្សព្វផ្សាយរបស់យើងច្បាស់ជាគ្មានប្រយោជន៍សោះ ហើយជំនឿរបស់អ្នកក៏គ្មានប្រយោជន៍ដែរ។ ១៥ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញ នោះព្រះក៏មិនបានប្រោសគ្រិស្តឲ្យរស់ឡើងវិញដែរ+ នេះមានន័យថាយើងបានពោលកុហកអំពីព្រះ+ កាលដែលយើងនិយាយថាព្រះបានប្រោសគ្រិស្តឲ្យរស់ឡើងវិញ។ ១៦ ព្រោះប្រសិនបើមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញ គ្រិស្តក៏មិនបានត្រូវប្រោសឲ្យរស់ឡើងវិញដែរ។ ១៧ ម្យ៉ាងទៀត ប្រសិនបើគ្រិស្តមិនបានត្រូវប្រោសឲ្យរស់ឡើងវិញ ជំនឿរបស់អ្នករាល់គ្នាគឺឥតប្រយោជន៍ទទេ ហើយការខុសឆ្គងរបស់អ្នករាល់គ្នាមិនបានត្រូវអភ័យទោសឲ្យឡើយ។+ ១៨ ឯពួកអ្នកកាន់តាមគ្រិស្តដែលស្លាប់ទៅ ក៏បានវិនាសសាបសូន្យរហូតទៅដែរ។+ ១៩ ប្រសិនបើយើងបានសង្ឃឹមលើគ្រិស្តក្នុងជីវិតនេះតែប៉ុណ្ណោះ យើងជាមនុស្សដែលគួរឲ្យអាណិតជាងគេ។
២០ ក៏ប៉ុន្តែ គ្រិស្តបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញមែន លោកជាផលដំបូងពីចំណោមពួកអ្នកដែលបានស្លាប់។+ ២១ ព្រោះសេចក្ដីស្លាប់គឺតាមរយៈបុរសម្នាក់+ ដូច្នេះការប្រោសឲ្យរស់ពីស្លាប់ឡើងវិញក៏តាមរយៈបុរសម្នាក់ដែរ។+ ២២ ព្រោះដូចទាំងអស់គ្នាកំពុងស្លាប់ដោយសារអាដាម+ នោះទាំងអស់គ្នាក៏នឹងត្រូវប្រោសឲ្យមានជីវិតឡើងវិញដោយសារគ្រិស្តដែរ។+ ២៣ ប៉ុន្តែ ម្នាក់ៗត្រូវប្រោសឲ្យមានជីវិតឡើងវិញតាមលំដាប់របស់ខ្លួនគឺ គ្រិស្តជាផលដំបូង+ បន្ទាប់មកក្នុងអំឡុងវត្តមានរបស់គ្រិស្ត ពួកអ្នកដែលជារបស់លោកនឹងត្រូវប្រោសឲ្យមានជីវិតឡើងវិញ។+ ២៤ បន្ទាប់មក នៅទីបំផុត លោកនឹងប្រគល់រាជាណាចក្រជូនព្រះជាបិតារបស់លោក ក្រោយពីលោកបានបំផ្លាញការគ្រប់គ្រង អំណាច និងឫទ្ធានុភាពទាំងអស់ឲ្យសាបសូន្យ។+ ២៥ ព្រោះលោកត្រូវគ្រប់គ្រងជាស្ដេច រហូតដល់ព្រះដាក់សត្រូវទាំងអស់នៅក្រោមបាតជើងលោក។+ ២៦ សត្រូវចុងក្រោយដែលជាសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ។+ ២៧ ព្រោះព្រះ«បានដាក់អ្វីៗទាំងអស់ឲ្យចុះចូលនៅក្រោមបាតជើងរបស់លោក»។+ ប៉ុន្តែ ពេលដែលគាត់*និយាយថា៖ ‹អ្វីៗទាំងអស់បានត្រូវធ្វើឲ្យចុះចូល›+ គឺជាក់ស្ដែងហើយថា នេះមិនរួមបញ្ចូលព្រះដែលបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលចំពោះលោកទេ។+ ២៨ ប៉ុន្តែ ក្រោយពីព្រះបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលចំពោះបុត្ររបស់លោក បុត្រនោះនឹងចុះចូលចំពោះព្រះដែលបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលចំពោះបុត្រនោះ+ ដើម្បីឲ្យព្រះធ្វើជាអ្វីៗទាំងអស់ដល់បុគ្គលគ្រប់រូប។+
២៩ បើមិនដូច្នោះទេ តើមានប្រយោជន៍អ្វីចំពោះពួកអ្នកដែលទទួលការជ្រមុជដើម្បីនឹងស្លាប់?+ ប្រសិនបើមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញទាល់តែសោះ ម្ដេចបានជាពួកគេទទួលការជ្រមុជដើម្បីនឹងស្លាប់? ៣០ ចុះហេតុអ្វីក៏យើងត្រូវប្រថុយនឹងគ្រោះថ្នាក់គ្រប់ពេលវេលាដែរ?+ ៣១ បងប្អូនអើយ ការដែលខ្ញុំប្រឈមមុខនឹងសេចក្ដីស្លាប់ជារៀងរាល់ថ្ងៃ នោះជារឿងពិត ដូចមោទនភាពដែលខ្ញុំមានចំពោះអ្នករាល់គ្នាក្នុងគ្រិស្តយេស៊ូជាម្ចាស់របស់យើងដែរ។ ៣២ ប្រសិនបើខ្ញុំបានតយុទ្ធជាមួយនឹងសត្វសាហាវនៅក្រុងអេភេសូរដូចអ្នកឯទៀត*+ តើមានប្រយោជន៍អ្វីដល់ខ្ញុំ? ប្រសិនបើមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញទេ «ចូរយើងពិសាអាហារពិសាស្រាទៅ ព្រោះថ្ងៃស្អែកយើងនឹងស្លាប់ហើយ»។+ ៣៣ កុំឲ្យអ្នកណាបំភាន់អ្នកឡើយ។ ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្តល្អ។*+ ៣៤ ចូរភ្ញាក់ខ្លួន ហើយប្រព្រឹត្តអំពើសុចរិត ហើយកុំប្រព្រឹត្តខុសឡើយ ព្រោះអ្នកខ្លះគ្មានចំណេះអំពីព្រះទេ។ ខ្ញុំនិយាយដូច្នេះ ដើម្បីធ្វើឲ្យអ្នករាល់គ្នាអៀនខ្មាស។
៣៥ ទោះជាយ៉ាងនោះក៏ដោយ អ្នកខ្លះនឹងសួរថា៖ «តើមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញយ៉ាងដូចម្ដេច? តើពួកគេនឹងមានរូបកាយបែបណា?»។+ ៣៦ មនុស្សឥតវិចារណញ្ញាណ! អ្វីដែលអ្នកបានសាបព្រោះ ត្រូវតែងាប់សិន ទើបមានជីវិតឡើងវិញបាន។ ៣៧ អ្វីដែលអ្នកសាបព្រោះ គឺជាគ្រាប់ប៉ុណ្ណោះ មិនមែនជារូបរាងនៃដើមដែលនឹងដុះឡើងនោះទេ ទោះជានោះជាគ្រាប់ស្រូវសាលីឬគ្រាប់ពូជផ្សេងទៀតក៏ដោយ។ ៣៨ ប៉ុន្តែ ព្រះធ្វើឲ្យមានរូបរាងតាមដែលលោកពេញចិត្ត ក៏ឲ្យរូបរាងដល់គ្រាប់នីមួយៗតាមពូជវា។ ៣៩ សាច់ទាំងអស់មិនមែនដូចគ្នាទេ មនុស្សជាតិមានសាច់ម្យ៉ាង សត្វជើងបួនមានសាច់ម្យ៉ាងទៀត សត្វស្លាបមានសាច់ម្យ៉ាង ហើយត្រីមានសាច់ម្យ៉ាងទៀត។ ៤០ មានរូបកាយសម្រាប់ស្ថានសួគ៌+ និងមានរូបកាយសម្រាប់ផែនដី+ តែសិរីរុងរឿងរបស់រូបកាយសម្រាប់ស្ថានសួគ៌គឺម្យ៉ាង ហើយសិរីរុងរឿងរបស់រូបកាយសម្រាប់ផែនដីគឺម្យ៉ាងទៀត។ ៤១ រស្មីរុងរឿងរបស់ដួងអាទិត្យគឺម្យ៉ាង ឯរស្មីរុងរឿងរបស់ដួងខែគឺម្យ៉ាងទៀត+ ហើយរស្មីរុងរឿងរបស់ផ្កាយគឺម្យ៉ាងទៀត។ តាមការពិត ផ្កាយនានាមានរស្មីរុងរឿងផ្សេងៗពីគ្នា។
៤២ ការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញក៏ដូច្នោះដែរ។ រូបកាយដែលបានត្រូវសាបព្រោះអាចខូចទៅ តែរូបកាយដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញមិនអាចខូចទៅបានទេ។+ ៤៣ រូបកាយដែលបានត្រូវសាបព្រោះដោយអាប់ឱនកិត្តិយស នឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយមានសិរីរុងរឿង។+ រូបកាយដែលបានត្រូវសាបព្រោះដោយមានភាពទន់ខ្សោយ នឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយមានឫទ្ធានុភាព។+ ៤៤ រូបកាយដែលបានត្រូវសាបព្រោះជាសាច់ឈាម នឹងត្រូវប្រោសឲ្យរស់ឡើងវិញជាវិញ្ញាណ។ ប្រសិនបើមានរូបកាយសាច់ឈាម ក៏មានរូបកាយវិញ្ញាណដែរ។ ៤៥ បទគម្ពីរចែងដូច្នេះថា៖ «អាដាមដែលជាមនុស្សដំបូង ក៏មានជីវិត*ឡើង»។+ ឯអាដាមចុងក្រោយបានទៅជាវិញ្ញាណដែលផ្ដល់ជីវិត។+ ៤៦ ទោះជាយ៉ាងនោះក៏ដោយ រូបកាយដំបូងមិនមែនជាវិញ្ញាណទេ តែជាសាច់ឈាម ហើយរូបកាយក្រោយមក ជាវិញ្ញាណ។ ៤៧ បុរសទី១មកពីផែនដី ហើយបានត្រូវធ្វើពីធូលីដី+ ឯបុរសទី២មកពីស្ថានសួគ៌។+ ៤៨ បុរសដែលបានត្រូវធ្វើពីធូលីដីគឺយ៉ាងណា ពួកអ្នកដែលបានត្រូវធ្វើពីធូលីដីក៏យ៉ាងនោះដែរ។ ឯបុរសដែលបានទៅស្ថានសួគ៌គឺយ៉ាងណា ពួកអ្នកដែលនៅស្ថានសួគ៌ក៏យ៉ាងនោះដែរ។+ ៤៩ ដូចយើងមានលក្ខណៈ*ដូចអ្នកដែលព្រះបានបង្កើតពីធូលីដី+ នោះយើងក៏នឹងមានលក្ខណៈ*ដូចអ្នកដែលបានមកពីស្ថានសួគ៌ដែរ។+
៥០ ក៏ប៉ុន្តែ ខ្ញុំសូមប្រាប់បងប្អូនថា មនុស្សដែលមានរូបកាយជាសាច់ឈាមមិនអាចទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ ហើយអ្វីដែលអាចខូចទៅ ក៏មិនអាចទទួលអ្វីដែលមិនអាចខូចជាមត៌កបានដែរ។ ៥១ មើល! ខ្ញុំប្រាប់អាថ៌កំបាំងដ៏ពិសិដ្ឋមួយដល់អ្នករាល់គ្នា៖ មិនមែនយើងទាំងអស់គ្នានឹងស្លាប់ទេ តែយើងទាំងអស់គ្នានឹងត្រូវផ្លាស់ប្រែ+ ៥២ ក្នុងមួយរំពេច គឺក្នុងមួយប៉ប្រិចភ្នែក ក្នុងអំឡុងពេលដែលត្រែចុងក្រោយបន្លឺឡើង។ ពីព្រោះត្រែនឹងបន្លឺឡើង+ រួចមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយមិនអាចខូចទៅបានឡើយ ហើយយើងនឹងត្រូវផ្លាស់ប្រែ។ ៥៣ ព្រោះអ្នកដែលអាចខូចរលួយ ត្រូវទៅជាអ្នកដែលមិនអាចខូចរលួយ+ ហើយអ្នកដែលអាចស្លាប់ ត្រូវទៅជាអមតៈ។+ ៥៤ ប៉ុន្តែ ពេលអ្នកដែលអាចខូចរលួយ ទៅជាអ្នកដែលមិនអាចខូចរលួយ ហើយអ្នកដែលអាចស្លាប់ ទៅជាអមតៈ នោះអ្វីដែលបទគម្ពីរចែងនឹងបានសម្រេច គឺថា៖ «សេចក្ដីស្លាប់បានបាត់ទៅជារៀងរហូត»។+ ៥៥ «សេចក្ដីស្លាប់អើយ តើជ័យជម្នះរបស់អ្នកនៅឯណា? សេចក្ដីស្លាប់អើយ តើទ្រនិចរបស់អ្នកនៅឯណា?»។+ ៥៦ ទ្រនិចដែលបណ្ដាលឲ្យស្លាប់គឺជាភាពខុសឆ្គង+ តែច្បាប់*ផ្ដល់ឲ្យភាពខុសឆ្គងមានអំណាច។+ ៥៧ ក៏ប៉ុន្តែ សូមអរគុណព្រះ ព្រោះលោកផ្ដល់ជ័យជម្នះឲ្យយើងតាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង!+
៥៨ ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ចូរពង្រឹងជំហរឲ្យមាំមួនឡើង+ និងមិនត្រូវរង្គោះរង្គើឡើយ ហើយចូរជាប់រវល់ជានិច្ចក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់+ ដោយដឹងថាកិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើទាំងនឿយហត់ក្នុងលោកម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ។+