ជំពូកទី២
«ព្រះពេញចិត្ត»អំណោយរបស់ពួកគេ
គោលចំណុច: ប្រវត្តិនៃការរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ពិត
១-៣. (ក) តើយើងនឹងពិចារណាសំណួរអ្វីខ្លះ? (ខ) ក្នុងការគោរពប្រណិប័តន៍ពិត តើមានចំណុចសំខាន់បួនយ៉ាងអ្វីខ្លះ? (សូមមើលរូបភាពនៅដើមអត្ថបទ)
អេបិលកំពុងពិនិត្យមើលហ្វូងចៀមរបស់គាត់យ៉ាងយកចិត្តទុកដាក់។ គាត់បានចិញ្ចឹមពួកវាតាំងពីតូចៗដោយសេចក្ដីស្រឡាញ់។ ឥឡូវគាត់បានជ្រើសរើសពួកវាខ្លះ រួចយកមកសម្លាប់ជូនជាគ្រឿងបូជានិងជាអំណោយដល់ព្រះ។ ការជូនគ្រឿងបូជានេះជាការគោរពប្រណិប័តន៍។ តើព្រះយេហូវ៉ាព្រមទទួលគ្រឿងបូជាពីមនុស្សមិនល្អឥតខ្ចោះឬទេ?
២ សាវ័កប៉ូលបានត្រូវដឹកនាំឲ្យសរសេរអំពីអេបិលថា៖ «លោកពេញចិត្តអំណោយរបស់គាត់»។ ប៉ុន្តែ ព្រះយេហូវ៉ាមិនព្រមទទួលគ្រឿងបូជារបស់កាអ៊ីនទេ។ (សូមអាន ហេប្រឺ ១១:៤) នេះនាំឲ្យមានសំណួរដែលយើងត្រូវពិចារណា។ ហេតុអ្វីព្រះព្រមទទួលការគោរពប្រណិប័តន៍ពីអេបិល តែមិនព្រមទទួលពីកាអ៊ីន? តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់កាអ៊ីន និងអេបិល និងពីអ្នកឯទៀតដែលបានត្រូវរៀបរាប់នៅហេប្រឺជំពូកទី១១? ចម្លើយនៃសំណួរទាំងនេះនឹងជួយយើងឲ្យយល់កាន់តែច្បាស់អំពីអ្វីដែលទាក់ទងនឹងការគោរពប្រណិប័តន៍ពិត។
៣ ពេលយើងពិនិត្យមើលត្រួសៗនៃកំណត់ហេតុពីសម័យអេបិលដល់សម័យអេសេគាល សូមកត់សម្គាល់នូវចំណុចសំខាន់បួនយ៉ាងដែលត្រូវការជាចាំបាច់ ដើម្បីឲ្យព្រះព្រមទទួលការគោរពប្រណិប័តន៍ពីយើង។ ទី១ អ្នកទទួលត្រូវតែជាព្រះយេហូវ៉ា។ ទី២ គុណភាពត្រូវតែល្អបំផុត។ ទី៣ គឺត្រូវជូនតាមរបៀបដែលព្រះពេញចិត្ត។ ទី៤ បំណងចិត្តរបស់អ្នកដែលគោរពប្រណិប័តន៍ត្រូវតែបរិសុទ្ធ។
ហេតុអ្វីព្រះមិនព្រមទទួលការគោរពប្រណិប័តន៍ពីកាអ៊ីន?
៤, ៥. តើអ្វីនាំឲ្យកាអ៊ីនសន្និដ្ឋានថាអ្នកទទួលអំណោយរបស់គាត់គឺព្រះយេហូវ៉ា?
៤ សូមអាន ដើមកំណើត ៤:២-៥។ កាអ៊ីនបានដឹងថាអ្នកទទួលអំណោយរបស់គាត់ គឺជាព្រះយេហូវ៉ា។ កាអ៊ីនមានពេលនិងឱកាសជាច្រើនដើម្បីរៀនអំពីព្រះយេហូវ៉ា។ គាត់និងអេបិលប្អូនគាត់ប្រហែលមានអាយុជិត១០០ឆ្នាំ នៅពេលដែលពួកគាត់ជូនអំណោយដល់ព្រះ។a កាលដែលពួកគាត់ធំឡើង ពួកគាត់ច្បាស់ជាស្គាល់សួនអេដែន ហើយប្រហែលជាបានឃើញសួនដ៏ស្រស់ស្អាតនោះពីចម្ងាយ។ ពួកគាត់ច្បាស់ជាបានឃើញចេរូប៊ីនឈរការពារច្រកចូលសួន។ (ដក. ៣:២៤) ឪពុកម្ដាយរបស់ពួកគាត់ច្បាស់ជាបានប្រាប់ពួកគាត់ថាព្រះយេហូវ៉ាបានបង្កើតជីវិតទាំងឡាយ ហើយក៏បានប្រាប់អំពីគោលបំណងដើមរបស់ព្រះសម្រាប់មនុស្សជាតិ ដែលមានស្ថានភាពខុសគ្នាឆ្ងាយពីអ្វីដែលពួកគាត់កំពុងជួបប្រទះ ពោលគឺទៅជាចាស់ជរា ហើយក្រោយមកស្លាប់។ (ដក. ១:២៤-២៨) ការដឹងអំពីរឿងនេះ ប្រហែលជានាំឲ្យកាអ៊ីនសន្និដ្ឋានថាគាត់គួរជូនអំណោយដល់ព្រះ។
៥ តើមានមូលហេតុអ្វីទៀតដែលបានជំរុញកាអ៊ីនឲ្យជូនគ្រឿងបូជាដល់ព្រះ? ព្រះយេហូវ៉ាបានប្រកាសទុកជាមុនថានឹងមាន«ពូជ»មួយកើតមក។ ពូជនោះនឹងកិនក្បាល«សត្វពស់»ដែលបានល្បួងអេវ៉ាឲ្យធ្វើការសម្រេចចិត្តដែលនាំឲ្យមានលទ្ធផលខ្លោចផ្សា។ (ដក. ៣:៤-៦, ១៤, ១៥) ដោយសារកាអ៊ីនជាកូនច្បង គាត់ប្រហែលជាគិតថាគាត់ជា«ពូជ»ដែលបានត្រូវសន្យានោះ។ (ដក. ៤:១) បន្ថែមទៅទៀត ព្រះយេហូវ៉ាមិនបានឈប់ប្រាស្រ័យទាក់ទងជាមួយមនុស្សដែលមានភាពខុសឆ្គងទេ។ ទោះជាក្រោយពីអាដាមបានធ្វើខុសក៏ដោយ ព្រះបានមានប្រសាសន៍ទៅកាន់គាត់ តាមមើលទៅតាមរយៈទេវតាមួយរូប។ (ដក. ៣:៨-១០) ព្រះយេហូវ៉ាក៏បានមានប្រសាសន៍ទៅកាន់កាអ៊ីនក្រោយពីគាត់ជូនគ្រឿងបូជាដែរ។ (ដក. ៤:៦) ដោយគ្មានការសង្ស័យ កាអ៊ីនបានដឹងថាព្រះយេហូវ៉ាសមនឹងទទួលការគោរពប្រណិប័តន៍។
៦, ៧. តើគុណភាពនៃគ្រឿងបូជា និងរបៀបដែលកាអ៊ីនជូនគ្រឿងបូជាគឺមិនត្រឹមត្រូវឬ? សូមពន្យល់។
៦ បើដូច្នេះ ហេតុអ្វីព្រះយេហូវ៉ាមិនពេញចិត្តនឹងគ្រឿងបូជារបស់កាអ៊ីន? តើគ្រឿងបូជារបស់គាត់មិនមានគុណភាពល្អឬ? គម្ពីរមិនបានរៀបរាប់អំពីរឿងនេះទេ។ គម្ពីរគ្រាន់តែចែងថាកាអ៊ីនបានយក«ភោគផលខ្លះពីចម្ការ»។ ក្រោយមក ព្រះយេហូវ៉ាបានបញ្ជាក់នៅក្នុងច្បាប់ដែលលោកបានឲ្យដល់ម៉ូសេថាលោកពេញចិត្តគ្រឿងបូជាបែបនោះដែរ។ (ជប. ១៥:៨, ៩) បន្ថែមទៅទៀត សូមគិតអំពីស្ថានភាពនៅដើមប្រវត្តិសាស្ត្រមនុស្សជាតិ។ នៅពេលនោះ មនុស្សបរិភោគតែបន្លែនិងរុក្ខជាតិប៉ុណ្ណោះ។ (ដក. ១:២៩) ដោយសារដីនៅខាងក្រៅសួនអេដែនបានរងបណ្ដាសាពីព្រះ នោះកាអ៊ីនត្រូវធ្វើការយ៉ាងនឿយហត់ដើម្បីបានភោគផលជូនជាគ្រឿងបូជា។ (ដក. ៣:១៧-១៩) ដូច្នេះ គាត់បានជូនគ្រឿងបូជាជាភោគផលដែលទ្រទ្រង់ជីវិត និងដែលមកពីការនឿយហត់របស់គាត់! ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាមិនបានពេញចិត្តនឹងគ្រឿងបូជារបស់កាអ៊ីនទេ។
៧ តើរបៀបដែលកាអ៊ីនជូនគ្រឿងបូជាគឺមិនត្រឹមត្រូវឬ? តើគាត់មិនបានជូនតាមរបៀបដែលព្រះពេញចិត្តឬ? តាមមើលទៅ មិនមែនដូច្នោះទេ។ ហេតុអ្វី? ព្រោះពេលព្រះយេហូវ៉ាមិនព្រមទទួលគ្រឿងបូជារបស់កាអ៊ីន លោកមិនបានបន្ទោសថាគាត់ជូនតាមរបៀបដែលមិនត្រឹមត្រូវឡើយ។ តាមការពិត គម្ពីរមិនបានចែងអំពីរបៀបដែលកាអ៊ីននិងអេបិលជូនគ្រឿងបូជានោះទេ។ បើដូច្នេះ តើមានបញ្ហាអ្វី?
៨, ៩. (ក)ហេតុអ្វីព្រះយេហូវ៉ាមិនពេញចិត្តនឹងកាអ៊ីន ឬគ្រឿងបូជារបស់គាត់? (ខ) ស្ដីអំពីអ្វីដែលគម្ពីរចែងអំពីកាអ៊ីននិងអេបិល តើអ្នកបានរកឃើញចំណុចអ្វីដែលគួរឲ្យចាប់អារម្មណ៍?
៨ ពាក្យដែលព្រះដឹកនាំសាវ័កប៉ូលឲ្យសរសេរទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ បង្ហាញថាពេលកាអ៊ីនជូនគ្រឿងបូជាទៅព្រះ គាត់គ្មានបំណងចិត្តបរិសុទ្ធទេ។ កាអ៊ីនខ្វះជំនឿ។ (ហេ. ១១:៤; ១យ៉ូន. ៣:១១, ១២) ហេតុនេះហើយបានជាព្រះយេហូវ៉ាមិនពេញចិត្តកាអ៊ីន មិនគ្រាន់តែគ្រឿងបូជារបស់គាត់ប៉ុណ្ណោះទេ។ (ដក. ៤:៥-៨) ព្រះយេហូវ៉ាជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់។ ដូច្នេះ លោកព្យាយាមកែតម្រង់កាអ៊ីនដែលជាកូនរបស់លោកដោយសប្បុរស។ ប៉ុន្តែ កាអ៊ីនមិនព្រមទទួលជំនួយពីព្រះយេហូវ៉ាទេ។ ចិត្តរបស់កាអ៊ីនពេញទៅដោយការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង ពោលគឺ«ការស្អប់គ្នា ការឈ្លោះប្រកែកគ្នា ការច្រណែន»។ (កាឡ. ៥:១៩, ២០) ចិត្តអាក្រក់របស់កាអ៊ីន ធ្វើឲ្យចំណុចល្អក្នុងការគោរពប្រណិប័តន៍របស់គាត់ទៅជាឥតប្រយោជន៍។ គំរូរបស់គាត់បង្រៀនយើងថាការគោរពប្រណិប័តន៍ពិត មិនគ្រាន់តែជាការបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ាតែសម្បកក្រៅប៉ុណ្ណោះទេ តែត្រូវស្មោះអស់ពីចិត្ត។
៩ គម្ពីររៀបរាប់ប្រាប់យើងជាច្រើនអំពីកាអ៊ីន យើងអាចអានអំពីប្រសាសន៍របស់ព្រះយេហូវ៉ាទៅកាន់គាត់ និងអំពីចម្លើយរបស់គាត់។ យើងថែមទាំងស្គាល់ឈ្មោះកូនៗរបស់គាត់ និងដឹងអំពីអ្វីៗដែលពួកគេបានធ្វើ។ (ដក. ៤:១៧-២៤) ចំណែកឯអេបិលវិញ គម្ពីរមិនបានរៀបរាប់អំពីកូនៗរបស់គាត់ និងអ្វីដែលគាត់បាននិយាយឡើយ។ ទោះជាយ៉ាងនោះក៏ដោយ ការប្រព្រឹត្តរបស់អេបិលនៅតែផ្ដល់មេរៀនដល់យើងនៅសព្វថ្ងៃនេះ។ តើតាមរបៀបណា?
អេបិលទុកគំរូសម្រាប់ការគោរពប្រណិប័តន៍ពិត
១០. តើតាមរបៀបណាអេបិលបានទុកគំរូសម្រាប់ការគោរពប្រណិប័តន៍ពិត?
១០ អេបិលបានជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា ដោយដឹងថាមានតែលោកប៉ុណ្ណោះសមនឹងទទួល។ គ្រឿងបូជារបស់គាត់មានគុណភាពល្អបំផុត ព្រោះគាត់បានយក«កូនសត្វដំបូងមួយចំនួនពីហ្វូងសត្វរបស់គាត់»។ គម្ពីរមិនបានចែងថាគាត់បានជូនគ្រឿងបូជានៅលើទីបូជាឬនៅកន្លែងណាមួយទេ។ ទោះជាយ៉ាងនោះក្ដី យើងដឹងថារបៀបដែលគាត់ជូនគ្រឿងបូជាច្បាស់ជាធ្វើឲ្យព្រះពេញចិត្ត។ ប៉ុន្តែ អ្វីដែលធ្វើឲ្យគ្រឿងបូជារបស់គាត់ពិសេស គឺបំណងចិត្តរបស់គាត់ ហើយសូម្បីតែជាង៦.០០០ឆ្នាំក្រោយមក ក៏គំរូរបស់គាត់នៅតែផ្ដល់មេរៀនដល់យើងនៅសព្វថ្ងៃដែរ។ អ្វីដែលជំរុញចិត្តគាត់ គឺជំនឿលើព្រះយេហូវ៉ានិងសេចក្ដីស្រឡាញ់ចំពោះខ្នាតតម្រាដ៏សុចរិតរបស់លោក។ ហេតុអ្វីយើងដឹង?
១១. ហេតុអ្វីលោកយេស៊ូរៀបរាប់ថាអេបិលជាមនុស្សសុចរិត?
១១ ដំបូង សូមពិចារណាអ្វីដែលលោកយេស៊ូបានមានប្រសាសន៍អំពីអេបិលជាបុរសដែលលោកស្គាល់យ៉ាងច្បាស់។ ពេលអេបិលនៅរស់ លោកយេស៊ូនៅស្ថានសួគ៌។ លោកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកូនប្រុសម្នាក់នេះរបស់អាដាម។ (សុភ. ៨:២២, ៣០, ៣១; យ៉ូន. ៨:៥៨; កូឡ. ១:១៥, ១៦) ដូច្នេះ លោកយេស៊ូអាចនិយាយថាអេបិលជាមនុស្សសុចរិត ដោយសារលោកជាសាក្សីដែលបានឃើញផ្ទាល់ភ្នែក។ (ម៉ាថ. ២៣:៣៥) មនុស្សសុចរិតគឺជាអ្នកដែលទទួលស្គាល់ថា ព្រះយេហូវ៉ាមានសិទ្ធិកំណត់ខ្នាតតម្រាស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បង្ហាញដោយពាក្យសម្ដីនិងការប្រព្រឹត្តដែលថាគាត់យល់ស្របនឹងខ្នាតតម្រាទាំងនោះ។ (សូមពិនិត្យបន្ថែម លូកា ១:៥, ៦) ដើម្បីមានកេរ្តិ៍ឈ្មោះជាមនុស្សសុចរិត គឺត្រូវការពេលវេលា។ ដូច្នេះ មុនអេបិលជូនគ្រឿងបូជាដល់ព្រះ គាត់មានទម្លាប់រួចហើយក្នុងការរស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។ ការធ្វើដូច្នោះមិនមែនស្រួលទេ។ គាត់ប្រហែលជាមិនបានទទួលឥទ្ធិពលល្អពីកាអ៊ីនដែលជាបងប្រុសរបស់គាត់ទេ ព្រោះចិត្តរបស់កាអ៊ីនបានទៅជាអាក្រក់។ (១យ៉ូន. ៣:១២) ឯម្ដាយរបស់គាត់វិញ មិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ាទេ ហើយឪពុកគាត់ក៏បានបះបោរប្រឆាំងនឹងលោកដែរ ព្រោះគាត់ចង់ធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ (ដក. ២:១៦,១៧; ៣:៦) អេបិលពិតជាក្លាហានមែន ដែលបានជ្រើសរើសគន្លងជីវិតខុសពីក្រុមគ្រួសាររបស់គាត់ទាំងស្រុង!
១២. តើកាអ៊ីននិងអេបិលខុសគ្នាត្រង់ណា?
១២ បន្ទាប់មក សូមកត់សម្គាល់នូវរបៀបដែលសាវ័កប៉ូល បញ្ជាក់អំពីទំនាក់ទំនងរវាងជំនឿនិងសេចក្ដីសុចរិត។ ប៉ូលសរសេរថា៖ «ដោយសារជំនឿអេបិលបានជូនគ្រឿងបូជាដែលមានតម្លៃខ្ពស់ជាងគ្រឿងបូជារបស់កាអ៊ីន ហើយដោយសារជំនឿ ព្រះបានបញ្ជាក់ថាគាត់ជាមនុស្សសុចរិត»។ (ហេ. ១១:៤) ពាក្យរបស់ប៉ូលបញ្ជាក់ថាអេបិលខុសពីកាអ៊ីន គឺដោយសារគាត់មានជំនឿដ៏ស្មោះចំពោះព្រះយេហូវ៉ា និងស្រឡាញ់របៀបដែលលោកប្រព្រឹត្តតាំងពីយូរមកហើយ។ អ្វីទាំងនោះបានជំរុញចិត្តរបស់គាត់។
១៣. តើគំរូរបស់អេបិលបង្រៀនយើងអ្វីខ្លះ?
១៣ គំរូរបស់អេបិលបង្រៀនយើងថាការគោរពប្រណិប័តន៍ពិត អាចមានលុះត្រាតែផុសចេញពីបំណងចិត្តបរិសុទ្ធ គឺចិត្តដែលពេញទៅដោយជំនឿទៅលើព្រះយេហូវ៉ា និងការយល់ស្របទាំងស្រុងនឹងខ្នាតតម្រាសុចរិតរបស់លោក។ បន្ថែមទៅទៀត យើងរៀនថាការគោរពប្រណិប័តន៍ពិត មិនគ្រាន់តែជាការបង្ហាញភក្ដីភាពតែម្ដងប៉ុណ្ណោះទេ តែមានច្រើនជាងនោះទៅទៀត ពោលគឺទាក់ទងនឹងការប្រព្រឹត្តនិងជីវិតរបស់យើង។
អ្នកបម្រើព្រះនៅសម័យបុរាណបំពេញតាមចំណុចសំខាន់ទាំងបួន
១៤. ហេតុអ្វីព្រះយេហូវ៉ាព្រមទទួលគ្រឿងបូជារបស់ណូអេ អាប្រាហាំ និងយ៉ាកុប?
១៤ អេបិលជាមនុស្សមិនល្អឥតខ្ចោះទី១ដែលគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ា តែគាត់មិនមែនជាបុគ្គលចុងក្រោយទេ។ សាវ័កប៉ូលបានរៀបរាប់អំពីអ្នកឯទៀតដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបដែលលោកពេញចិត្ត ដូចជាណូអេ អាប្រាហាំ និងយ៉ាកុប។ (សូមអាន ហេប្រឺ ១១:៧, ៨, ១៧-២១) ពួកគាត់ម្នាក់ៗបានជូនគ្រឿងបូជាដល់ព្រះយេហូវ៉ានៅពេលណាមួយក្នុងជីវិតរបស់ពួកគាត់ ហើយព្រះបានពេញចិត្តអំណោយរបស់ពួកគាត់។ ហេតុអ្វី? ពីព្រោះពួកគាត់មិនគ្រាន់តែបង្ហាញភក្ដីភាពតាមទម្លាប់នោះទេ តែពួកគាត់បំពេញតាមតម្រូវការទាំងបួននៃការគោរពប្រណិប័តន៍ពិត។ សូមពិចារណាគំរូរបស់ពួកគាត់។
១៥, ១៦. តើតាមរបៀបណាណូអេបំពេញតាមតម្រូវការទាំងបួននៃការគោរពប្រណិប័តន៍ពិត?
១៥ ក្រោយអាដាមស្លាប់អស់រយៈពេល១២៦ឆ្នាំ ណូអេបានកើតមក។ ប៉ុន្តែ គាត់ធំឡើងនៅក្នុងពិភពលោកដែលពេញទៅដោយការគោរពប្រណិប័តន៍មិនពិត។b (ដក. ៦:១១) ក្នុងចំណោមក្រុមគ្រួសារទាំងអស់ដែលរស់នៅផែនដីមុនទឹកជំនន់ មានតែណូអេនិងក្រុមគ្រួសាររបស់គាត់ប៉ុណ្ណោះ ដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបដែលលោកពេញចិត្ត។ (២ពេ. ២:៥) ក្រោយរួចជីវិតពីទឹកជំនន់ ណូអេបានបង្ហាញចិត្តកតញ្ញូដោយសង់ទីបូជាមួយ។ នោះគឺជាទីបូជាដំបូងដែលបានត្រូវកត់ទុកក្នុងគម្ពីរ។ ក្រោយសង់រួច គាត់បានជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា។ តាមរយៈទង្វើដ៏ស្មោះអស់ពីចិត្តនេះ ណូអេបានបង្ហាញយ៉ាងច្បាស់ដល់ក្រុមគ្រួសារគាត់ និងមនុស្សជាតិដែលជាកូនចៅរបស់គាត់ថា ព្រះយេហូវ៉ាគឺជាបុគ្គលតែមួយគត់ដែលសមនឹងទទួលការគោរពប្រណិប័តន៍។ ក្នុងចំណោមសត្វទាំងអស់ដែលណូអេមានសម្រាប់ជូនជាគ្រឿងបូជា គាត់បានយក«សត្វស្លាបខ្លះ និងសត្វឯទៀតដែលស្អាតបរិសុទ្ធ»ទៅជូនជាគ្រឿងបូជា។ (ដក. ៨:២០) សត្វទាំងនោះមានគុណភាពល្អបំផុត ព្រោះព្រះយេហូវ៉ាផ្ទាល់បានប្រកាសថាស្អាតបរិសុទ្ធ។—ដក. ៧:២
១៦ ណូអេបានដុតគ្រឿងបូជាទាំងនេះលើទីបូជាដែលគាត់បានសង់។ តើព្រះពេញចិត្តនឹងរបៀបដែលគាត់គោរពប្រណិប័តន៍ដូចនេះទេ? ពិតជាពេញចិត្ត។ កំណត់ហេតុគម្ពីររៀបរាប់ថា ព្រះយេហូវ៉ាពេញចិត្តនឹងក្លិនឈ្ងុយពីគ្រឿងបូជានោះ ហើយលោកបានឲ្យពរណូអេនិងកូនប្រុសៗរបស់គាត់។ (ដក. ៨:២១; ៩:១) ប៉ុន្តែ ជាចម្បងព្រះយេហូវ៉ាទទួលគ្រឿងបូជានោះ ដោយសារណូអេមានបំណងចិត្តល្អ។ គ្រឿងបូជាទាំងនោះគឺជាការបញ្ជាក់មួយទៀត ដែលថាណូអេមានជំនឿយ៉ាងខ្លាំងទៅលើព្រះយេហូវ៉ា ហើយគាត់ស្រឡាញ់របៀបដែលលោកប្រព្រឹត្ត។ ដោយសារណូអេតែងតែស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយលើកតម្កើងខ្នាតតម្រារបស់លោក គម្ពីរចែងថាគាត់បាន«ដើរជាមួយនឹងព្រះពិត»។ ជាលទ្ធផល ណូអេមានកេរ្តិ៍ឈ្មោះជាមនុស្សសុចរិតជារៀងរហូត។—ដក. ៦:៩; អេគ. ១៤:១៤; ហេ. ១១:៧
១៧, ១៨. តើតាមរបៀបណាអាប្រាហាំបំពេញតាមតម្រូវការទាំងបួននៃការគោរពប្រណិប័តន៍ពិត?
១៧ នៅជុំវិញអាប្រាហាំពោរពេញទៅដោយការគោរពប្រណិប័តន៍មិនពិត។ អាប្រាហាំរស់នៅក្រុងអឺជាក្រុងដែលមានវិហារមួយសម្រាប់គោរពបូជាព្រះចន្ទ ហៅថាណាណា។c នៅពេលមួយ សូម្បីតែឪពុករបស់អាប្រាហាំក៏គោរពបូជាព្រះមិនពិតដែរ។ (យ៉ូស. ២៤:២) ទោះជាយ៉ាងនោះក៏ដោយ អាប្រាហាំបានសម្រេចចិត្តគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ គាត់ទំនងជាបានរៀនអំពីព្រះពិត តាមរយៈសិមជាបុព្វបុរសរបស់គាត់ដែលជាកូនរបស់ណូអេ។ ពួកគាត់រស់នៅគ្រាដំណាលគ្នាអស់រយៈពេល១៥០ឆ្នាំ។
១៨ ក្នុងមួយជីវិតដ៏វែងរបស់អាប្រាហាំ គាត់បានជូនគ្រឿងបូជាជាច្រើន។ ប៉ុន្តែ គាត់តែងតែជូនគ្រឿងបូជាទាំងនោះដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ ព្រោះលោកជាបុគ្គលដែលសមនឹងទទួល។ គ្រឿងបូជាទាំងនោះជាផ្នែកនៃការគោរពប្រណិប័តន៍ពិត។ (ដក. ១២:៨; ១៣:១៨; ១៥:៨-១០) តើអាប្រាហាំសុខចិត្តជូនព្រះយេហូវ៉ានូវគ្រឿងបូជាដែលមានគុណភាពល្អបំផុតឬទេ? យើងនឹងឃើញច្បាស់ថាអាប្រាហាំសុខចិត្តធ្វើដូច្នេះមែន ពេលគាត់សុខចិត្តជូនអ៊ីសាកជាកូនជាទីស្រឡាញ់របស់គាត់ជាគ្រឿងបូជា។ នៅពេលនោះព្រះយេហូវ៉ាបានប្រាប់យ៉ាងជាក់លាក់អំពីរបៀបដែលអាប្រាហាំត្រូវជូនអ៊ីសាកជាគ្រឿងបូជា។ (ដក. ២២:១, ២) អាប្រាហាំសុខចិត្តធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាយ៉ាងដិតដល់ តែព្រះយេហូវ៉ាជាអ្នកបញ្ឈប់អាប្រាហាំពីការសម្លាប់អ៊ីសាកកូនគាត់។ (ដក. ២២:៩-១២) ព្រះយេហូវ៉ាព្រមទទួលការគោរពប្រណិប័តន៍របស់អាប្រាហាំ ដោយសារអាប្រាហាំបានជូនគ្រឿងបូជាដោយបំណងចិត្តបរិសុទ្ធ។ ប៉ូលបានសរសេរថា«អាប្រាហាំបានជឿព្រះយេហូវ៉ា» «ហើយគាត់បានត្រូវចាត់ទុកជាមនុស្សសុចរិត»។—រ៉ូម ៤:៣
១៩, ២០. តើតាមរបៀបណាយ៉ាកុបបំពេញតាមតម្រូវការទាំងបួននៃការគោរពប្រណិប័តន៍ពិត?
១៩ ក្នុងជីវិតរបស់យ៉ាកុប គាត់ច្រើនតែរស់នៅស្រុកកាណាន ជាស្រុកដែលព្រះយេហូវ៉ាបានសន្យាឲ្យអាប្រាហាំនិងកូនចៅរបស់គាត់។ (ដក. ១៧:១, ៨) ស្រុកនោះគឺពោរពេញទៅដោយការគោរពប្រណិប័តន៍មិនពិតដ៏គួរឲ្យស្អប់ខ្ពើម។ ហេតុនេះហើយបានជាព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ស្រុកនោះនឹងខ្ជាក់ពួកគេចេញ»។ (ចល. ១៨:២៤, ២៥) ពេលយ៉ាកុបអាយុ៧៧ឆ្នាំ គាត់បានចាកចេញពីស្រុកកាណាន ហើយរៀបការ ក្រោយមកត្រឡប់មកវិញជាមួយនឹងក្រុមគ្រួសារដ៏ធំ។ (ដក. ២៨:១, ២; ៣៣:១៨) ប៉ុន្តែ សមាជិកខ្លះក្នុងក្រុមគ្រួសាររបស់គាត់បានទទួលឥទ្ធិពលពីការគោរពប្រណិប័តន៍មិនពិត។ ទោះជាយ៉ាងនោះក៏ដោយ ពេលព្រះយេហូវ៉ាប្រាប់យ៉ាកុបឲ្យទៅបេតអែល ហើយសង់ទីបូជានៅទីនោះ យ៉ាកុបបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ ដំបូងគាត់បានប្រាប់ក្រុមគ្រួសារគាត់ថា៖ «ចូរប្រមូលរូបព្រះរបស់ជនជាតិដទៃយកទៅបោះចោល រួចសម្អាតខ្លួន»។ បន្ទាប់មក គាត់បានធ្វើតាមការណែនាំពីព្រះយ៉ាងស្មោះត្រង់។—ដក. ៣៥:១-៧
២០ យ៉ាកុបបានសង់ទីបូជាមួយចំនួននៅក្នុងស្រុកដែលព្រះបានសន្យា តែអ្នកដែលទទួលការគោរពប្រណិប័តន៍ពីគាត់ គឺតែងតែព្រះយេហូវ៉ាជានិច្ច។ (ដក. ៣៥:១៤; ៤៦:១) គុណភាពនៃគ្រឿងបូជារបស់គាត់គឺល្អបំផុត របៀបដែលគាត់គោរពប្រណិប័តន៍លោកគឺត្រឹមត្រូវ ហើយបំណងចិត្តរបស់គាត់គឺបរិសុទ្ធ។ មូលហេតុដែលយើងដឹងដូច្នេះ គឺដោយសារគម្ពីរចែងអំពីយ៉ាកុបថា គាត់ជា«មនុស្សដែលគ្មានកន្លែងបន្ទោស»។ នេះជាពាក្យដែលរៀបរាប់អំពីពួកអ្នកដែលទទួលការពេញចិត្តពីព្រះ។ (ដក. ២៥:២៧; កំ.ស.) តាមរយៈរបៀបរស់នៅពេញមួយជីវិតរបស់គាត់ យ៉ាកុបបានទុកគំរូដ៏ល្អប្រសើរដល់ជនជាតិអ៊ីស្រាអែលដែលនឹងកើតពីគាត់ក្រោយមក។—ដក. ៣៥:៩-១២
២១. តាមរយៈគំរូរបស់ពួកអ្នកបម្រើស្មោះត្រង់នៅសម័យបុរាណ តើយើងអាចរៀនអ្វីខ្លះទាក់ទងនឹងការគោរពប្រណិប័តន៍ពិត?
២១ តាមរយៈគំរូរបស់ពួកអ្នកបម្រើព្រះនៅសម័យបុរាណ តើយើងអាចរៀនអ្វីខ្លះទាក់ទងនឹងការគោរពប្រណិប័តន៍ពិត? ដូចពួកគាត់ដែរ នៅជុំវិញយើងមានមនុស្សដែលអាចបង្វែរយើងពីការបង្ហាញភក្ដីភាពផ្ដាច់មុខដល់ព្រះយេហូវ៉ា សូម្បីតែសមាជិកក្រុមគ្រួសារយើងក៏អាចធ្វើដូច្នេះដែរ។ ដើម្បីយកឈ្នះការបង្ខិតបង្ខំបែបនេះយើងត្រូវបណ្ដុះឲ្យមានជំនឿរឹងមាំទៅលើព្រះយេហូវ៉ា ហើយជឿជាក់ថាខ្នាតតម្រាដ៏សុចរិតរបស់លោកគឺល្អបំផុត។ យើងបង្ហាញជំនឿដោយស្ដាប់បង្គាប់ព្រះយេហូវ៉ា និងដោយចំណាយពេលវេលា កម្លាំង ព្រមទាំងធនធានរបស់យើងដើម្បីបម្រើលោក។ (ម៉ាថ. ២២:៣៧-៤០; ១កូ. ១០:៣១) ពេលយើងគោរពប្រណិប័តន៍ព្រះយេហូវ៉ាអស់ពីសមត្ថភាពតាមរបៀបដែលលោកតម្រូវ និងដោយបំណងចិត្តដ៏បរិសុទ្ធ នោះលោកចាត់ទុកយើងជាមនុស្សសុចរិត។ ការដឹងដូច្នេះ ពិតជាលើកទឹកចិត្តយើងណាស់!—សូមអាន យ៉ាកុប ២:១៨-២៤
ប្រជាជាតិដែលលើកស្ទួយការគោរពប្រណិប័តន៍ពិត
២២-២៤. ស្ដីអំពីគ្រឿងបូជារបស់ជនជាតិអ៊ីស្រាអែល តើច្បាប់ម៉ូសេបញ្ជាក់ចំៗយ៉ាងណាអំពីអ្នកទទួល អំពីគុណភាព និងអំពីរបៀបជូន?
២២ ព្រះយេហូវ៉ាបានឲ្យច្បាប់និងបញ្ញត្តិដល់កូនចៅរបស់យ៉ាកុប ដើម្បីឲ្យពួកគេដឹងច្បាស់អំពីអ្វីដែលលោកតម្រូវពីពួកគេ។ បើពួកគេស្ដាប់បង្គាប់ព្រះយេហូវ៉ា ពួកគេនឹងក្លាយជា«ទ្រព្យវិសេស» និងទៅជា«ប្រជាជាតិបរិសុទ្ធរបស់លោក»។ (ដច. ១៩:៥, ៦) សូមកត់សម្គាល់អំពីរបៀបដែលច្បាប់ម៉ូសេលើកបញ្ជាក់អំពីចំណុចសំខាន់បួនយ៉ាងនៃការគោរពប្រណិប័តន៍ពិត។
២៣ ព្រះយេហូវ៉ាប្រាប់យ៉ាងច្បាស់ថាអ្នកណាគួរទទួលការគោរពប្រណិប័តន៍ពីបណ្ដាជនអ៊ីស្រាអែល។ ព្រះយេហូវ៉ាប្រកាសថា៖ «អ្នករាល់គ្នាមិនត្រូវគោរពប្រណិប័តន៍ព្រះផ្សេងទៀតក្រៅពីខ្ញុំទេ»។ (ដច. ២០:៣-៥) គ្រឿងបូជាដែលពួកគេជូនលោកត្រូវតែមានគុណភាពខ្ពស់បំផុត។ ជាឧទាហរណ៍ សត្វជាគ្រឿងបូជាត្រូវតែល្អឥតខ្ចោះនិងមានកាយសម្បទាពេញលក្ខណៈ។ (ចល. ១:៣; បច. ១៥:២១; សូមពិនិត្យបន្ថែម ម៉ាឡាគី ១:៦-៨) ពួកលេវីបានទទួលប្រយោជន៍ពីអំណោយដែលបណ្ដាជនយកមកជូនព្រះយេហូវ៉ា តែពួកគេផ្ទាល់ក៏ត្រូវជូនគ្រឿងបូជាដែរ។ អ្វីដែលពួកគេជូនត្រូវតែមកពី«ចំណែកដែលល្អបំផុត»ដែលពួកគេបានទទួល។ (ជប. ១៨:២៩) ស្ដីអំពីរបៀបគោរពប្រណិប័តន៍ បណ្ដាជនអ៊ីស្រាអែលបានទទួលការណែនាំចំៗអំពីអ្វីដែលពួកគេត្រូវជូន ទីកន្លែងដែលជូន និងរបៀបដែលត្រូវជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា។ ពួកគេបានទទួលច្បាប់ជាង៦០០ប្រការដើម្បីណែនាំការប្រព្រឹត្តរបស់ពួកគេ ហើយពួកគេបានត្រូវរំលឹកថាចូរ«ធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាឲ្យបានដិតដល់ ហើយមិនត្រូវបែរទៅខាងឆ្វេងឬខាងស្ដាំឡើយ»។—បច. ៥:៣២
២៤ តើកន្លែងដែលបណ្ដាជនអ៊ីស្រាអែលជូនគ្រឿងបូជាគឺពិតជាសំខាន់ឬ? ពិតជាសំខាន់មែន។ ព្រះយេហូវ៉ាបានបង្គាប់រាស្ត្ររបស់លោកឲ្យសង់ត្រសាលមួយ ហើយត្រសាលនោះបានក្លាយទៅជាកន្លែងសំខាន់សម្រាប់ការគោរពប្រណិប័តន៍ពិត។ (ដច. ៤០:១-៣, ២៩, ៣៤) នៅគ្រានោះ បើបណ្ដាជនអ៊ីស្រាអែលចង់ឲ្យព្រះយេហូវ៉ាទទួលគ្រឿងបូជារបស់ពួកគេ ពួកគេត្រូវយកទៅជូននៅត្រសាលនោះ។d—បច. ១២:១៧, ១៨
២៥. ស្ដីអំពីគ្រឿងបូជា តើអ្វីសំខាន់បំផុត? សូមពន្យល់។
២៥ ប៉ុន្តែ អ្វីដែលសំខាន់ជាងនោះទៅទៀត គឺជាបំណងចិត្តរបស់បណ្ដាជនអ៊ីស្រាអែលក្នុងការជូនអំណោយជាគ្រឿងបូជា! បុគ្គលនោះត្រូវជូនដោយផុសចេញពីសេចក្ដីស្រឡាញ់អស់ពីដួងចិត្តចំពោះព្រះយេហូវ៉ា និងចំពោះខ្នាតតម្រារបស់លោក។ (សូមអាន ការបំភ្លឺច្បាប់ ៦:៤-៦) ពេលបណ្ដាជនអ៊ីស្រាអែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាការបង្គ្រប់កិច្ចប៉ុណ្ណោះ នោះព្រះយេហូវ៉ាមិនទទួលគ្រឿងបូជារបស់ពួកគេទេ។ (អេ. ១:១០-១៣) តាមរយៈអេសាយជាអ្នកប្រកាសទំនាយ ព្រះយេហូវ៉ាបង្ហាញថាមនុស្សមិនអាចបញ្ឆោតលោកដោយបង្ហាញភក្ដីភាពមិនស្មោះនោះទេ ព្រោះលោកមានប្រសាសន៍ថា៖ «បណ្ដាជននេះ . . . គោរពខ្ញុំតែបបូរមាត់ទេ តែចិត្តរបស់ពួកគេបានឃ្លាតឆ្ងាយពីខ្ញុំវិញ»។—អេ. ២៩:១៣
ការគោរពប្រណិប័តន៍នៅឯវិហារ
២៦. នៅដើមដំបូង តើវិហារដែលសាឡូម៉ូនបានសាងសង់ទាក់ទងយ៉ាងណានឹងការគោរពប្រណិប័តន៍ពិត?
២៦ អស់ជាច្រើនសតវត្សរ៍ក្រោយពីបណ្ដាជនអ៊ីស្រាអែលបានរស់នៅលើទឹកដីដែលព្រះបានសន្យា ស្ដេចសាឡូម៉ូនបានសង់កន្លែងគោរពប្រណិប័តន៍ពិតដែលប្រសើរជាងត្រសាលជំនុំនោះឆ្ងាយណាស់។ (១បស. ៧:៥១; ២ប្រ. ៣:១, ៦, ៧) អ្នកដែលទទួលគ្រឿងបូជាដែលត្រូវជូននៅឯវិហារ គឺព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។ សាឡូម៉ូននិងរាស្ត្ររបស់គាត់បានជូនគ្រឿងបូជាយ៉ាងច្រើនដែលមានគុណភាពខ្ពស់ ហើយបានជូនតាមរបៀបដែលមានក្នុងការណែនាំពីច្បាប់របស់ព្រះ។ (១បស. ៨:៦៣) វិហារនេះបានត្រូវសាងសង់ដោយប្រើធនធានច្រើនក្រៃលែង ហើយក៏បានត្រូវជូនគ្រឿងបូជាយ៉ាងច្រើនសន្ធឹក។ ទោះជាយ៉ាងនោះក៏ដោយ នេះមិនមែនជាអ្វីដែលធ្វើឲ្យព្រះយេហូវ៉ាទទួលការគោរពប្រណិប័តន៍នៅឯវិហារនោះទេ។ អ្វីដែលសំខាន់ចំពោះលោកគឺជាបំណងចិត្តរបស់អ្នកដែលជូនគ្រឿងបូជានោះ។ សាឡូម៉ូនបានបញ្ជាក់អំពីចំណុចនោះនៅឯពិធីសម្ពោធន៍វិហារ។ គាត់បានប្រាប់ថា៖ «សូមអ្នករាល់គ្នាមានភក្ដីភាពផ្ដាច់មុខ[ឬចិត្តស្មោះ]ចំពោះព្រះយេហូវ៉ាជាព្រះរបស់យើង ដោយកាន់តាមច្បាប់និងបញ្ញត្តិរបស់លោក ដូចអ្នករាល់គ្នាកំពុងធ្វើនៅថ្ងៃនេះដែរ»។—១បស. ៨:៥៧-៦១
២៧. តើបណ្ដាស្ដេចអ៊ីស្រាអែលនិងរាស្ត្ររបស់ពួកគេបានធ្វើអ្វី? ហើយតើព្រះយេហូវ៉ាបានធ្វើយ៉ាងណា?
២៧ គួរឲ្យសោកស្ដាយណាស់ បណ្ដាជនអ៊ីស្រាអែលមិនបានបន្តធ្វើតាមឱវាទដ៏ប្រកបដោយប្រាជ្ញារបស់ស្ដេចសាឡូម៉ូនទេ។ ពួកគេមិនបានបំពេញតាមតម្រូវការណាមួយ ឬតម្រូវការផ្សេងទៀតនៃការគោរពប្រណិប័តន៍ពិតឡើយ។ បណ្ដាស្ដេចអ៊ីស្រាអែលនិងរាស្ត្ររបស់ពួកគេ បានបណ្ដាលឲ្យចិត្តរបស់ខ្លួនទៅជាខូចអាក្រក់។ ពួកគេលែងមានជំនឿលើព្រះយេហូវ៉ា ហើយបោះបង់ចោលខ្នាតតម្រាដ៏សុចរិតរបស់លោក។ ប៉ុន្តែ ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាបានចាត់ពួកអ្នកប្រកាសទំនាយរបស់លោកម្ដងហើយម្ដងទៀតឲ្យទៅកែតម្រង់ពួកគេ ហើយព្រមានពួកគេអំពីផលពិបាកដែលមកពីការប្រព្រឹត្តរបស់ខ្លួន។ (យេ. ៧:១៣-១៥, ២៣-២៦) ក្នុងចំណោមពួកអ្នកប្រកាសទំនាយទាំងនោះ មានអេសេគាលជាអ្នកប្រកាសទំនាយដ៏ស្មោះត្រង់។ គាត់បានរស់នៅគ្រាដ៏ពិបាកក្នុងប្រវត្តិសាស្ត្រនៃការគោរពប្រណិប័តន៍ពិត។
អេសេគាលឃើញការគោរពប្រណិប័តន៍ពិតបានត្រូវបង្ខូច
២៨, ២៩. តើយើងដឹងអ្វីខ្លះអំពីអេសេគាល? (សូមមើលប្រអប់«ជីវិតរបស់អេសេគាលនិងគ្រាដែលគាត់រស់នៅ»)
២៨ អេសេគាលបានស្គាល់យ៉ាងច្បាស់អំពីការគោរពប្រណិប័តន៍នៅឯវិហារដែលសាឡូម៉ូនបានសាងសង់ ព្រោះឪពុករបស់គាត់ជាសង្ឃ ហើយទំនងជាមានវេនបម្រើនៅឯវិហារ។ (អេគ. ១:៣) នៅគ្រាដែលអេសេគាលនៅក្មេង គាត់ប្រហែលជាសប្បាយណាស់។ ឪពុករបស់គាត់ច្បាស់ជាបង្រៀនគាត់អំពីព្រះយេហូវ៉ានិងច្បាប់ម៉ូសេ។ ការពិត ប្រហែលនៅពេលអេសេគាលកើតមក «សៀវភៅច្បាប់»បានត្រូវរកឃើញនៅក្នុងវិហារ។e នៅគ្រានោះ យ៉ូសៀសជាស្ដេចល្អកំពុងគ្រប់គ្រង។ ក្រោយពីយ៉ូសៀសបានឮពាក្យនៅក្នុងសៀវភៅច្បាប់នោះ គាត់បានត្រូវជំរុញចិត្តឲ្យលើកស្ទួយការគោរពប្រណិប័តន៍ពិតថែមទៀត។—២បស. ២២:៨-១៣
២៩ ដូចពួកបុរសស្មោះត្រង់ដែលរស់នៅមុនគាត់ អេសេគាលបានបំពេញតាមតម្រូវការទាំងបួននៃការគោរពប្រណិប័តន៍ពិត។ សៀវភៅអេសេគាលបង្ហាញថាគាត់បានបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ ហើយគាត់តែងតែបម្រើលោកអស់ពីសមត្ថភាព ព្រមទាំងធ្វើតាមបង្គាប់ព្រះយេហូវ៉ាជានិច្ចតាមរបៀបដែលលោកតម្រូវ។ អេសេគាលបានធ្វើដូចនេះ ដោយសារគាត់មានជំនឿយ៉ាងស្មោះអស់ពីចិត្ត។ ប៉ុន្តែ មនុស្សនៅជំនាន់គាត់ ភាគច្រើនធ្វើផ្ទុយពីគាត់។ កាលដែលគាត់ធំឡើង គាត់ក៏ធ្លាប់ស្ដាប់ទំនាយដែលយេរេមាបានប្រកាសទុកជាមុនដែរ។ យេរេមាបានចាប់ផ្ដើមកិច្ចបម្រើរបស់គាត់នៅឆ្នាំ៦៤៧ មុនគ.ស ហើយគាត់បានព្រមានយ៉ាងខ្នះខ្នែងនូវការវិនិច្ឆ័យពីព្រះយេហូវ៉ាដែលនឹងមកនៅថ្ងៃខាងមុខ។
៣០. (ក) តើទំនាយក្នុងសៀវភៅអេសេគាលបើកបង្ហាញអំពីអ្វីខ្លះ? (ខ) តើទំនាយមានន័យអ្វី? ហើយតើយើងគួរយល់យ៉ាងណាអំពីលក្ខណៈនៃសៀវភៅអេសេគាល? (សូមមើលប្រអប់«ការពន្យល់ទំនាយអេសេគាល»)
៣០ អ្វីដែលព្រះបានដឹកនាំអេសេគាលឲ្យសរសេរបង្ហាញថារាស្ត្ររបស់ព្រះបានឃ្លាតឆ្ងាយយ៉ាងណាពីការបម្រើលោក។ (សូមអាន អេសេគាល ៨:៦) ពេលដែលព្រះយេហូវ៉ាប្រៀនប្រដៅជនជាតិយូដា អេសេគាលក៏បានត្រូវចាប់យកទៅធ្វើជាខ្ញុំបម្រើនៅបាប៊ីឡូនដែរ។ (២បស. ២៤:១១-១៧) ទោះជាយ៉ាងនោះក៏ដោយ នេះមិនមែនមានន័យថាព្រះដាក់ទោសគាត់ទេ ព្រោះព្រះយេហូវ៉ាមានភារកិច្ចឲ្យគាត់ធ្វើ ដើម្បីបង្ហាញរាស្ត្ររបស់លោកដែលបានត្រូវនិរទេស។ ការបើកបង្ហាញដ៏អស្ចារ្យនិងទំនាយផ្សេងៗដែលអេសេគាលបានកត់ទុក បានបង្ហាញឲ្យឃើញនូវរបៀបនៃការគោរពប្រណិប័តន៍ពិតនឹងត្រូវរៀបចំឡើងវិញនៅក្រុងយេរូសាឡិម។ មិនត្រឹមតែប៉ុណ្ណោះ ការបើកបង្ហាញនិងទំនាយទាំងនោះ ជួយយើងឲ្យដឹងទុកជាមុនអំពីរបៀបការគោរពប្រណិប័តន៍ពិតនឹងត្រូវរៀបចំឡើងវិញទាំងស្រុងសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ា។
៣១. តើសៀវភៅនេះនឹងជួយយើងឲ្យធ្វើអ្វី?
៣១ នៅក្នុងផ្នែកបន្តបន្ទាប់នៃសៀវភៅនេះ យើងនឹងឃើញមួយផ្នែកតូចនៃស្ថានសួគ៌ដែលជាលំនៅរបស់ព្រះយេហូវ៉ា ហើយស្វែងយល់អំពីរបៀបដែលការគោរពប្រណិប័តន៍ពិតលែងបរិសុទ្ធ ព្រមទាំងរៀនអំពីរបៀបដែលព្រះយេហូវ៉ាការពាររាស្ត្ររបស់លោក និងរៀបចំពួកគេឡើងវិញ ហើយឃើញទុកជាមុនអំពីពេលដែលមនុស្សទាំងអស់គោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ក្នុងជំពូកបន្ទាប់ យើងនឹងពិចារណាអំពីការបើកបង្ហាញឲ្យឃើញក្នុងគំនិតជាលើកដំបូងដែលអេសេគាលបានកត់ទុក នោះនឹងជួយយើងឲ្យស្រមៃគិតអំពីព្រះយេហូវ៉ានិងអង្គការផ្នែកនៅស្ថានសួគ៌របស់លោក ដោយបញ្ជាក់ថាមានតែលោកប៉ុណ្ណោះ ដែលសមទទួលការគោរពប្រណិប័តន៍ពិត។
a តាមមើលទៅ មិនយូរក្រោយពីអាដាមនិងអេវ៉ាបានត្រូវបណ្ដេញពីសួនអេដែន អេវ៉ាបានពពោះអេបិល។ (ដក. ៤:១, ២) ដើមកំណើត ៤:២៥ចែងថា ព្រះបានប្រគល់សេត«ជំនួសអេបិល»។ ក្រោយពីអេបិលបានត្រូវសម្លាប់យ៉ាងឃោរឃៅ អាដាមមានកូនម្នាក់ទៀតឈ្មោះសេត ហើយពេលនោះគាត់មានអាយុ១៣០ឆ្នាំ។ (ដក. ៥:៣) ដូច្នេះ អេបិលប្រហែលជាមានអាយុ១០០ឆ្នាំ ពេលកាអ៊ីនបានសម្លាប់គាត់។
b ដើមកំណើត ៤:២៦ចែងថា នៅគ្រាអេណុសដែលជាចៅអាដាម«បណ្ដាជនចាប់ផ្ដើមហៅនាមព្រះយេហូវ៉ា»។ ប៉ុន្តែ តាមមើលទៅពួកគេធ្វើដូច្នេះតាមរបៀបដែលមិនគោរពទេ ហើយប្រហែលប្រើនាមព្រះយេហូវ៉ាទាក់ទងនឹងរូបព្រះមិនពិត។
c ព្រះណាណាក៏មានឈ្មោះថា ស៊ីនដែរ គេជឿថាព្រះនោះមានភេទប្រុស។ ទោះជាអ្នកក្រុងអឺ បានគោរពបូជាព្រះជាច្រើនក៏ដោយ វិហារនិងទីបូជាផ្សេងៗនៅក្នុងក្រុងនោះបានត្រូវធ្វើឡើងជាចម្បងសម្រាប់ជូនដល់ព្រះណាណា។
d ក្រោយពីហឹបពិសិដ្ឋបានត្រូវយកចេញពីត្រសាលជំនុំ តាមមើលទៅព្រះយេហូវ៉ាព្រមទទួលគ្រឿងបូជាដែលបានត្រូវជូននៅកន្លែងផ្សេងៗទៀតដែរ។—១សាំ. ៤:៣, ១១; ៧:៧-៩; ១០:៨; ១១:១៤, ១៥; ១៦:៤, ៥; ១ប្រ. ២១:២៦-៣០
e តាមមើលទៅអេសេគាលមានអាយុ៣០ឆ្នាំ ពេលដែលគាត់ចាប់ផ្ដើមធ្វើជាអ្នកប្រកាសទំនាយនៅឆ្នាំ៦១៣ មុនគ.ស.។ ដូច្នេះ គាត់ប្រហែលជាបានកើតនៅឆ្នាំ៦៤៣ មុនគ.ស.។ (អេគ. ១:១) យ៉ូសៀសបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ៦៥៩ មុន គ.ស. ហើយសៀវភៅច្បាប់(ប្រហែលជាច្បាប់ដើម)បានត្រូវរកឃើញទំនងជានៅឆ្នាំទី១៨នៃរាជ្យរបស់គាត់ ឬប្រហែលជារវាងឆ្នាំ៦៤២ដល់៦៤១ មុនគ.ស.។