ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅលោកុប្បត្តិ—ផ្នែកទី១
ពាក្យ«លោកុប្បត្តិ»ឬ«ឧប្បត្ដិនៃលោក»មានន័យថា«កំណើតនៃលោក»។ ពាក្យនេះគឺជាចំណងជើងសមណាស់ ដ្បិតសៀវភៅលោកុប្បត្តិរៀបរាប់អំពីកំនកំណើតសកលលោក របៀបផែនដីត្រូវបានរៀបចំដើម្បីជាលំនៅមនុស្សជាតិ ហើយរបៀបមនុស្សជាតិកើតនៅលើផែនដី។ លោកម៉ូសេបានសរសេរសៀវភៅនេះនៅទីរហោស្ថានស៊ីណាយ ហើយគាត់ប្រហែលជាបានសរសេរចប់នៅឆ្នាំ១៥១៣មុនស.យ.។
សៀវភៅលោកុប្បត្តិរៀបរាប់ឲ្យដឹងអំពីលោកីយ៍ដែលមានមុនទឹកជំនន់ អំពីអ្វីដែលបានកើតឡើងនៅដើមយុគសម័យថ្មីបន្ទាប់ពីទឹកជំនន់ ហើយក៏ឲ្យដឹងអំពីទំនាក់ទំនងរបស់ព្រះយេហូវ៉ាជាមួយលោកអ័ប្រាហាំ អ៊ីសាក យ៉ាកុប និងយ៉ូសែប។ អត្ថបទនេះនឹងពិចារណាគោលសំខាន់ៗពីលោកុប្បត្តិ ១:១–១១:៩ ដែលរៀបរាប់នូវព្រឹត្ដិការណ៍ដើមដំបូងរហូតដល់ពេលព្រះយេហូវ៉ាចាប់ផ្ដើមទាក់ទងនឹងលោកអ័ប្រាហាំដែលជាបុព្វបុរសជនជាតិអ៊ីស្រាអែល។
លោកីយ៍ដែលមានមុនទឹកជំនន់
ពាក្យដំបូងនៃលោកុប្បត្តិដែលថា«កាលដើមដំបូងឡើយ» សំដៅទៅលើអតីតកាល នៅគ្រាមួយរាប់កោដិឆ្នាំមុន។ ព្រឹត្ដិការណ៍ដែលបានកើតឡើងក្នុង«ថ្ងៃ»ទាំងប្រាំមួយ ឬក៏គ្រាទាំងប្រាំមួយពេលដែលព្រះបានបង្កើតរបស់ផ្សេងៗ ត្រូវពណ៌នាដោយរៀបរាប់អ្វីដែលមនុស្សម្នាក់នឹងអាចមើលឃើញប្រសិនបើគាត់បាននៅលើផែនដីនាគ្រានោះ។ ព្រះបានបង្កើតមនុស្សជាតិមុនថ្ងៃទីប្រាំមួយចប់។ ទោះជាមិនយូរក្រោយមកមនុស្សបាត់បង់សួនមនោរម្យដោយសារការមិនស្ដាប់បង្គាប់ក៏ពិតមែន ក៏ព្រះយេហូវ៉ានៅតែប្រទានឲ្យសេចក្ដីសង្ឃឹម។ ទំនាយទីមួយក្នុងព្រះគម្ពីរចែងអំពី«ពូជ»មួយដែលនឹងបំបាត់បាបចោលហើយកិនក្បាលរបស់សាតាំង។
ក្នុងកំឡុង១៦សតវត្សបន្តបន្ទាប់ សាតាំងទទួលបានជោគជ័យក្នុងការបំបែរមនុស្សគ្រប់រូបចេញពីព្រះ លើកលែងតែមនុស្សស្មោះភក្ដីប៉ុន្មាននាក់ ដូចអេបិល ហេណុក និងណូអេជាដើម។ ជាឧទាហរណ៍ កាអ៊ីនធ្វើឃាតអេបិលជាប្អូនប្រុសរបស់គាត់ ដែលជាមនុស្សសុចរិត។ ក្រោយមក «គេចាប់តាំងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា» ដែលតាមមើលទៅសំដៅលើការអំពាវនាវតាមរបៀបដែលបង្ខូចព្រះនាមរបស់ទ្រង់។ លោកឡាមេកសម្ដែងឲ្យឃើញនូវចិត្តគំនិតឃោរឃៅរបស់មនុស្សនៅសម័យនោះ ដោយតែងកំណាព្យមួយអំពីគាត់សម្លាប់កំលោះម្នាក់ ទាំងអះអាងថានោះគឺដើម្បីការពារខ្លួនប៉ុណ្ណោះ។ សភាពការណ៍ទៅជាអាក្រក់លើសដើមពេលពួកទេវតាដែលជាកូនព្រះមិនស្ដាប់បង្គាប់មកយកស្ត្រីជាមនុស្សជាតិធ្វើប្រពន្ធ ហើយបង្កើតកូនហៅថានីហ្វីលីមដែលជាមនុស្សរូបធំសម្បើមនិងមានចិត្តសាហាវ។ យ៉ាងណាក៏ដោយ ណូអេសង់ទូកមួយ ព្រមទាំងព្រមានមនុស្សយ៉ាងក្លាហានអំពីទឹកជំនន់ដែលជិតមកដល់ ហើយគាត់និងក្រុមគ្រួសាររបស់គាត់បានរួចរស់ជីវិតពីការបំផ្លិចបំផ្លាញនៃទឹកជំនន់នោះ។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
១:១៦—តើព្រះអាចធ្វើឲ្យមានពន្លឺយ៉ាងដូចម្ដេចនៅថ្ងៃទីមួយ បើមិនទាន់ធ្វើតួពន្លឺទាល់តែថ្ងៃទីបួន? ពាក្យភាសាហេព្រើរដែលបកប្រែថា«ធ្វើ»នៅខ១៦មិនមែនជាពាក្យដូចគ្នានឹងពាក្យដែលបានបកប្រែថា«បង្កើត»នៅលោកុប្បត្តិ ជំពូកទី១ ខ១, ២១, និង២៧ទេ។ «ផ្ទៃមេឃ»ដែលមានតួពន្លឺនោះត្រូវបានបង្កើតតាំងពីយូរមុនដែល«ថ្ងៃទី១»ចាប់ផ្ដើមម្ល៉េះ។ ប៉ុន្តែ ពន្លឺនៃតួទាំងនោះមិនបានភ្លឺរហូតដល់ផ្ទៃផែនដីទេ។ នៅថ្ងៃទីមួយ «ពន្លឺក៏មានឡើង»ដោយសារលើផែនដីចាប់ផ្ដើមឃើញពន្លឺតិចៗដែលភ្លឺកាត់ស្រទាប់ពពក។ ដូច្នេះពេលនោះ ផែនដីដែលកំពុងតែវិល ចាប់ផ្ដើមមានថ្ងៃផងមានយប់ផង។ (លោកុប្បត្តិ ១:១-៣, ៥) ប៉ុន្តែ ប្រភពនៃពន្លឺនោះ នៅតែមើលមិនទាន់ឃើញពីផែនដីទេ។ ក៏ប៉ុន្តែ ក្នុងគ្រាទីបួននៃការបង្កើត មានការកែប្រែដ៏ធំមួយ។ ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយត្រូវបានធ្វើឲ្យមានពន្លឺ«បំភ្លឺមកលើផែនដី»។ (លោកុប្បត្តិ ១:១៧) «ទ្រង់ធ្វើ»តួពន្លឺទាំងនេះ ក្នុងន័យថា ឥឡូវអាចមើលឃើញតួពន្លឺពីផែនដីបាន។
៣:៨—តើព្រះយេហូវ៉ាបានមានបន្ទូលជាមួយនឹងអ័ដាមដោយអង្គទ្រង់ផ្ទាល់ឬទេ? ព្រះគម្ពីរឲ្យដឹងថា ពេលដែលព្រះមានបន្ទូលជាមួយនឹងមនុស្ស ទ្រង់ច្រើនតែមានបន្ទូលតាមរយៈទេវតា។ (លោកុប្បត្តិ ១៦:៧-១១; ១៨:១-៣, ២២-២៦; ១៩:១; ពួកចៅហ្វាយ ២:១-៤; ៦:១១-១៦, ២២; ១៣:១៥-២២) មេនាំពាក្យរបស់ព្រះគឺជាព្រះរាជបុត្រាតែមួយរបស់ទ្រង់ ដែលហៅថា«ព្រះបន្ទូល»។ (យ៉ូហាន ១:១) ព្រះទំនងជាបានមានបន្ទូលជាមួយនឹងអ័ដាមនិងអេវ៉ាតាមរយៈ«ព្រះបន្ទូល»។—លោកុប្បត្តិ ១:២៦-២៨; ២:១៦; ៣:៨-១៣
៣:១៧—តើក្នុងន័យអ្វីដែលដីត្រូវបណ្ដាសា? ហើយតើដីត្រូវបណ្ដាសាអស់រយៈពេលប៉ុន្មាន? បណ្ដាសាលើដី បានន័យថាការដាំដុះនឹងពិបាកណាស់។ បណ្ដាសានោះធ្វើឲ្យដីដុះបន្លាហើយនិងអញ្ចាញ បាននាំឲ្យកូនចៅអ័ដាមពិបាកដល់ម្ល៉េះដែលលោកឡាមេក ឪពុករបស់លោកណូអេបាននិយាយអំពី«សេចក្ដីនឿយហត់របស់ដៃយើង ដោយព្រោះដីដែលព្រះយេហូវ៉ាបានដាក់បណ្ដាសា»។ (លោកុប្បត្តិ ៥:២៩) បន្ទាប់ពីទឹកជំនន់ ព្រះយេហូវ៉ាប្រទានពរលើណូអេនិងកូនប្រុសៗរបស់គាត់ និងមានបន្ទូលអំពីគោលបំណងរបស់ទ្រង់ដែលចង់ឲ្យពួកគាត់ចំរើនឡើងពេញពាសផែនដី។ (លោកុប្បត្តិ ៩:១) តាមមើលទៅ បណ្ដាសារបស់ព្រះនៅលើដីត្រូវបានដកចោល។—លោកុប្បត្តិ ១៣:១០
៤:១៥—តើព្រះយេហូវ៉ាបាន«ដៅចំណាំកាអ៊ីន»យ៉ាងដូចម្ដេច? ព្រះគម្ពីរមិនចែងថា សញ្ញាចំណាំមួយត្រូវបានដៅលើរូបកាយរបស់កាអ៊ីនទេ។ ការដៅចំណាំនោះ ទំនងជាក្រិត្យវិន័យផ្លូវការមួយ ដែលអ្នកឯទៀតបានស្គាល់និងគោរពតាម ហើយជាក្រិត្យវិន័យដែលបានបង្កើតក្នុងបំណងហាមឃាត់មនុស្សកុំឲ្យសម្លាប់កាអ៊ីនជាការសងសឹក។
៤:១៧—តើកាអ៊ីនបានប្រពន្ធពីណាមក? អ័ដាម«បង្កើតបានកូនជាប្រុសជាស្រី»។ (លោកុប្បត្តិ ៥:៤) ដូច្នេះ កាអ៊ីនបានយកប្អូនស្រីឬក៏ក្មួយស្រីម្នាក់របស់គាត់ជាប្រពន្ធ។ ក្រោយមក ច្បាប់ដែលព្រះប្រទានដល់ជនជាតិអ៊ីស្រាអែលបានហាមឃាត់ការរៀបការជាមួយនឹងបងប្អូនប្រុសស្រីរបស់ខ្លួន។—លេវីវិន័យ ១៨:៩
៥:២៤—តើយ៉ាងដូចម្ដេចដែលព្រះបាន‹ទទួលយកហេណុកទៅ›? តាមមើលទៅ មានគេចង់សម្លាប់ហេណុក តែព្រះមិនបានអនុញ្ញាតឲ្យហេណុករងការឈឺចាប់ក្នុងកណ្ដាប់ដៃពួកសត្រូវទេ។ សាវ័កប៉ុលបានសរសេរថា៖ «ហេណុកបានឡើងទៅលើ មិនបានឃើញសេចក្ដីស្លាប់ឡើយ»។ (ហេព្រើរ ១១:៥) នេះមិនបានន័យថាព្រះយកហេណុកទៅស្ថានសួគ៌ឲ្យរស់នៅទីនោះទេ។ ព្រះយេស៊ូគឺជាបុគ្គលទីមួយដែលឡើងទៅស្ថានសួគ៌។ (យ៉ូហាន ៣:១៣; ហេព្រើរ ៦:១៩, ២០) ហេណុក«បានឡើងទៅលើ មិនបានឃើញសេចក្ដីស្លាប់» ប្រហែលជាមានន័យថា ព្រះបានធ្វើឲ្យគាត់ឃើញចក្ខុនិមិត្តមួយដែលជាទំនាយ រួចបានបញ្ចប់ជីវិតហេណុកនៅពេលដែលគាត់កំពុងតែឃើញចក្ខុនិមិត្តនោះ។ ក្នុងករណីនេះ ហេណុកមិនបានរងការឈឺចាប់ឬក៏«ឃើញសេចក្ដីស្លាប់»ក្នុងកណ្ដាប់ដៃពួកសត្រូវទេ។
៦:៦—ហេតុអ្វីអាចនិយាយថាព្រះយេហូវ៉ា«ស្ដាយ»ដែលទ្រង់បង្កើតមនុស្សជាតិ? ពាក្យភាសាហេព្រើរដែលបកប្រែថា «ស្ដាយ» សំដៅលើការដូរគំនិតឬក៏បំណង។ ព្រះយេហូវ៉ាគឺគ្រប់ល័ក្ខណ៍ ដូច្នេះនេះមិនមានន័យថាទ្រង់បង្កើតមនុស្ស រួចមកស្ដាយថាមិនគួរបង្កើតមនុស្សទេ។ ក៏ប៉ុន្តែ ទ្រង់បានប្រែគំនិតទ្រង់ស្តីអំពីតំណមនុស្សមុនទឹកជំនន់។ ព្រះបានប្រែក្លាយពីអ្នកបង្កើតមនុស្ស ទៅជាអ្នកបំផ្លាញមនុស្សវិញ ដោយសារទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតរបស់ពួកគេ។ មូលហេតុដែលទ្រង់បានសង្គ្រោះមនុស្សជាតិខ្លះបង្ហាញថាការស្ដាយរបស់ទ្រង់គឺចំពោះតែមនុស្សទុច្ចរិតប៉ុណ្ណោះ។—ពេត្រុសទី២ ២:៥, ៩
៧:២—តើអ្វីជាមូលដ្ឋានសំរាប់ការវិនិច្ឆ័យថាសត្វណាស្អាត សត្វណាមិនស្អាតនោះ? តាមមើលទៅ មូលដ្ឋានសំរាប់ការវិនិច្ឆ័យនេះទាក់ទងនឹងសត្វណាដែលអាចត្រូវថ្វាយជាដង្វាយក្នុងការថ្វាយបង្គំ មិនមែនសត្វណាដែលអាចបរិភោគបានឬមិនអាចបរិភោគនោះទេ។ មុនទឹកជំនន់ មនុស្សមិនបរិភោគសាច់សត្វទេ។ ការចាត់ទុកសត្វខ្លះ«ស្អាត»និងខ្លះ«មិនស្អាត»ជាអាហារ មានតែក្នុងក្រិត្យវិន័យលោកម៉ូសេ ហើយក៏លែងមានវិញនៅពេលក្រិត្យវិន័យនោះត្រូវបំបាត់ចោល។ (កិច្ចការ ១០:៩-១៦; អេភេសូរ ២:១៥) តាមមើលទៅ ណូអេដឹងថាសត្វណាគឺសមសំរាប់ថ្វាយជាដង្វាយដល់ព្រះយេហូវ៉ាក្នុងការថ្វាយបង្គំ។ ពេលគាត់ចេញពីទូកមក ភ្លាមៗនោះគាត់«ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ក៏យកសត្វជើង៤ពីសត្វដ៏ស្អាតគ្រប់មុខ ហើយពីសត្វស្លាបស្អាតគ្រប់មុខ មកថ្វាយជាដង្វាយដុតលើអាសនានោះ»។—លោកុប្បត្តិ ៨:២០
៧:១១—តើទឹកដែលបានជន់លិចពិភពលោកបានមកពីណា? ក្នុងកំឡុង«ថ្ងៃ»ទីពីរឬគ្រាទីពីរនៃការបង្កើត ជាថ្ងៃដែល«ប្រឡោះ»ត្រូវបានធ្វើនោះ គឺមានទឹក«ក្រោមប្រឡោះ» ហើយក៏មានទឹក«នៅលើប្រឡោះ»ដែរ។ (លោកុប្បត្តិ ១:៦, ៧) ទឹកនៅពី«ក្រោមប្រឡោះ»គឺជាទឹកដែលនៅលើផែនដីហើយ។ ចំណែកទឹកដែល«នៅលើប្រឡោះ»គឺជាចំហាយទឹកជាច្រើនដែលអណ្ដែតត្រសែតនៅទីខ្ពស់លើផែនដី និងរួមធ្វើជា«រន្ធទឹកនៅទីជំរៅធំ»។ ទឹកនោះបានធ្លាក់មកលើផែនដីនៅសម័យលោកណូអេ។
មេរៀនសំរាប់យើង:
១:២៦: ដោយសារយើងត្រូវបានបង្កើតឲ្យមានភាពដូចព្រះ នោះមនុស្សជាតិមានសមត្ថភាពបង្ហាញគុណសម្បត្ដិដូចព្រះដែរ។ យើងពិតជាគួរព្យាយាមបណ្ដុះឲ្យមានគុណសម្បត្ដិផ្សេងៗដូចសេចក្ដីស្រឡាញ់ មេត្ដាករុណា ចិត្តសប្បុរស ភាពល្អ និងចិត្តអត់ធ្មត់ ដូចព្រះដែលបានបង្កើតយើងដែរ។
២:២២-២៤: អាពាហ៍ពិពាហ៍ជាការរៀបចំរបស់ព្រះ។ ចំណងអាពាហ៍ពិពាហ៍គឺពិសិដ្ឋនិងអចិន្ត្រៃយ៍ ហើយប្ដីជាមេគ្រួសារ។
៣:១-៥, ១៦-២៣: សុភមង្គលរបស់យើងអាស្រ័យលើយើងទទួលស្គាល់អធិបតីភាពរបស់ព្រះយេហូវ៉ាក្នុងជីវិតខ្លួន។
៣:១៨, ១៩; ៥:៥; ៦:៧; ៧:២៣: បន្ទូលរបស់ព្រះយេហូវ៉ាតែងតែកើតឡើងជាពិត។
៤:៣-៧: ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងដង្វាយរបស់អេបិលពីព្រោះគាត់ជាបុរសសុចរិតដែលមានជំនឿ។ (ហេព្រើរ ១១:៤) ផ្ទុយពីអេបិល កាអ៊ីនគ្មានជំនឿទេ ហើយការប្រព្រឹត្តរបស់គាត់បង្ហាញថាគាត់គ្មានជំនឿ។ ការប្រព្រឹត្តរបស់កាអ៊ីនសុទ្ធតែអាក្រក់ ដោយរួមមានការច្រណែន ការស្អប់ និងឃាតកម្ម។ (យ៉ូហានទី១ ៣:១២) ម្យ៉ាងទៀត គាត់ប្រហែលជាមិនសូវគិតអំពីដង្វាយរបស់គាត់ ហើយគ្រាន់តែថ្វាយដង្វាយជាការបង្គ្រប់កិច្ចប៉ុណ្ណោះ។ ដង្វាយដែលយើងថ្វាយចំពោះព្រះយេហូវ៉ាជាសេចក្ដីសរសើរនោះ គួរអស់ពីចិត្តហើយត្រូវថ្វាយដោយចិត្តគំនិតត្រឹមត្រូវនិងការប្រព្រឹត្តល្អ មែនទេ?
៦:២២: ទោះជាត្រូវការជាច្រើនឆ្នាំដើម្បីសង់ទូកក៏ដោយ ក៏ណូអេបានធ្វើតាមសេចក្ដីបង្គាប់របស់ព្រះដែរ។ ហេតុនេះ ណូអេនិងក្រុមគ្រួសាររបស់គាត់ត្រូវបានសង្គ្រោះពេលដែលមានទឹកជំនន់។ ព្រះយេហូវ៉ាមានបន្ទូលដល់យើងតាមរយៈព្រះបន្ទូលជាលាយល័ក្ខណ៍អក្សរ និងតាមរយៈអង្គការរបស់ទ្រង់។ ពេលយើងស្ដាប់បង្គាប់នោះយើងទទួលប្រយោជន៍។
៧:២១-២៤: ព្រះយេហូវ៉ាមិនបំផ្លាញមនុស្សសុចរិតជាមួយមនុស្សទុច្ចរិតទេ។
មនុស្សជាតិឈានចូលយុគសម័យថ្មី
ដោយសារពិភពលោកមុនទឹកជំនន់លែងមានទៀត នោះមនុស្សជាតិឈានចូលក្នុងយុគសម័យថ្មី។ មនុស្សមានសេចក្ដីអនុញ្ញាតឲ្យបរិភោគសាច់ តែត្រូវបង្គាប់ឲ្យចៀសវាងពីឈាម។ ព្រះយេហូវ៉ាប្រទានសេចក្ដីអនុញ្ញាតឲ្យកាត់ទោសប្រហារជីវិតមនុស្សណាដែលជាឃាតករ ហើយទ្រង់ធ្វើកិច្ចព្រមព្រៀងដោយតាំងទីសម្គាល់ជាឥន្ទធនូ ដោយសន្យាមិននាំឲ្យមានទឹកជំនន់ទៀត។ កូនប្រុសបីនាក់របស់ណូអេទៅជាបុព្វបុរសនៃមនុស្សជាតិទាំងឡាយ ប៉ុន្តែចៅទួតរបស់ណូអេ ឈ្មោះនីមរ៉ុឌទៅជា«ព្រានព្រៃខ្លាំងពូកែនៅចំពោះ[ឬ«ប្រឆាំងនឹង», ព.ថ.]ព្រះយេហូវ៉ា»។ ជាជាងពង្រាយគ្នាឲ្យពេញផែនដី មនុស្សសម្រេចចិត្តកសាងទីក្រុងមួយឈ្មោះបាបិល ហើយប៉មមួយដើម្បីឲ្យបានកេរ្ដិ៍ឈ្មោះ។ បំណងរបស់ពួកគេត្រូវរាំងស្កាត់នៅពេលព្រះយេហូវ៉ាបំភាន់ភាសារបស់គេនិងកំចាត់កំចាយគេទៅគ្រប់ក្នុងផែនដី។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
៨:១១—បើដើមឈើទាំងអស់ខូចដោយសារទឹកជំនន់ តើសត្វព្រាបនោះបានពាំស្លឹកដើមអូលីវនោះពីណាមក? ចម្លើយអាចមានពីរយ៉ាង។ ដោយសារដើមអូលីវគឺមាំណាស់ វាអាចនៅរស់ក្រោមទឹកអស់ប៉ុន្មានខែក្នុងកំឡុងទឹកកំពុងជន់នោះ។ នៅពេលទឹកជំនន់ស្រកទៅ នោះដើមអូលីវដែលធ្លាប់នៅក្រោមទឹក នឹងនៅលើដីគោកម្ដងទៀត ហើយអាចលូតស្លឹកបាន។ ស្លឹកដើមអូលីវដែលសត្វព្រាបបានយកទៅឲ្យណូអេក៏អាចមកពីកូនឈើមួយដែលលូតក្រោយទឹកជំនន់ស្រកទៅ។
៩:២០-២៥—ហេតុអ្វីបានជាណូអេដាក់បណ្ដាសាកាណាន? កាណានទំនងជាមានទោសកំហុសដោយបានធ្វើអ្វីដ៏អាសអាភាសទៅលើណូអេជាជីតារបស់គាត់។ ទោះបីហាំជាឪពុកកាណានបានឃើញអំពើនេះក៏ដោយ គាត់មិនបានធ្វើអន្តរាគមន៍ទេ ផ្ទុយទៅវិញ តាមមើលទៅគាត់បានដើរផ្សាយពីរឿងនោះវិញ។ ក៏ប៉ុន្តែ កូនពីរនាក់ទៀតរបស់ណូអេ សិមនិងយ៉ាផែតបានបិទបាំងកេរខ្មាសរបស់ឪពុកខ្លួន។ ហេតុនេះពួកគាត់បានទទួលពរ ប៉ុន្តែកាណានបានទទួលបណ្ដាសាវិញ ហើយហាំបានទទួលផលអាក្រក់ដោយសារកូនរបស់គាត់ត្រូវអាម៉ាស់មុខ។
១០:២៥—តើផែនដីត្រូវ«បែកគ្នា»នៅសម័យលោកផាលេកយ៉ាងដូចម្ដេច? ផាលេកបានរស់នៅឆ្នាំ២២៦៩មុនស.យ.ដល់២០៣០មុនស.យ.។ គឺ«នៅជាន់អ្នកនោះ»ដែលព្រះយេហូវ៉ាបានធ្វើឲ្យមានការបែកគ្នាយ៉ាងធំក្នុងចំណោមមនុស្សដោយបំភាន់ភាសារបស់ពួកជាងសំណង់នៅបាបិល ហើយដោយកំចាត់កំចាយពួកគេទៅគ្រប់លើផែនដី។ (លោកុប្បត្តិ ១១:៩) យ៉ាងនេះ«ផែនដី[ឬមនុស្សដែលរស់នៅផែនដី]បានបែកគ្នា»នៅជំនាន់ផាលេក។
មេរៀនសំរាប់យើង:
៩:១; ១១:៩: គ្មានមនុស្សជាតិណាម្នាក់ដែលអាចរាំងស្កាត់គោលបំណងរបស់ព្រះយេហូវ៉ាបានឡើយ។
១០:១-៣២: ជំពូកទី៥និងជំពូកទី១០ដែលជាកំណត់ហេតុពីរស្តីអំពីពង្សាវតាមនុស្សជាតិទាក់ទងនឹងទឹកជំនន់ ហើយបញ្ជាក់ពីទំនាក់ទំនងរវាងមនុស្សជាតិទាំងឡាយនឹងកូនបីនាក់របស់ណូអេ។ សាសន៍អាស៊ីរី សាសន៍ខាល់ដេ សាសន៍ហេព្រើរ សាសន៍ស៊ីរី និងកុលសម្ព័ន្ធខ្លះរបស់សាសន៍អារ៉ាបគឺជាកូនចៅរបស់សិម។ សាសន៍អេចូពី សាសន៍អេស៊ីប សាសន៍កាណាន ហើយកុលសម្ព័ន្ធខ្លះនៅទ្វីបអាព្រិចនិងរបស់សាសន៍អារ៉ាបគឺជាកូនចៅរបស់ហាំ។ សាសន៍ឥណ្ឌូអឺរ៉ុបគឺជាកូនចៅរបស់យ៉ាផែត។ មនុស្សជាតិទាំងឡាយគឺជាបងប្អូននឹងគ្នា ហើយកើតមកមានភាពស្មើគ្នានៅចំពោះព្រះ។ (កិច្ចការ ១៧:២៦) សេចក្ដីពិតនេះត្រូវតែមានឥទ្ធិពលទៅលើទស្សនៈដែលយើងមានចំពោះអ្នកឯទៀតនិងរបៀបយើងប្រព្រឹត្តទៅលើពួកគេ។
ព្រះបន្ទូលរបស់ព្រះអាចបញ្ចេញឥទ្ធិពលយ៉ាងពូកែ
កំណត់ហេតុតែមួយគត់អំពីប្រវត្ដិសាស្ត្រដើមរបស់មនុស្សជាតិគឺមានក្នុងផ្នែកទីមួយនៃសៀវភៅលោកុប្បត្តិ។ ក្នុងកំណត់ហេតុនេះ យើងអាចយល់ធ្លុះនូវគោលបំណងរបស់ព្រះក្នុងការបង្កើតមនុស្សនៅលើផែនដី។ ពិតជាធ្វើឲ្យមានទំនុកចិត្តមែនដោយឃើញថាមនុស្សជាតិដូចនីមរ៉ុឌមិនអាចរារាំងការសម្រេចនៃគោលបំណងនោះទេ ទោះជាព្យាយាមយ៉ាងណាក៏ដោយ!
ពេលដែលអ្នកអានអំនានប្រចាំសប្ដាហ៍ដើម្បីរៀបចំសាលាកិច្ចបំរើព្រះធិបតេយ្យ ការពិចារណាពត៌មានក្រោមចំណងជើង«ចម្លើយចំពោះសំនួរអំពីបទគម្ពីរ»នឹងជួយអ្នកយល់បទគម្ពីរខ្លះដែលពិបាកយល់។ ការពន្យល់នៅខាងក្រោមពាក្យដែលថា«មេរៀនសំរាប់យើង»នឹងបង្ហាញនូវរបៀបអ្នកអាចទទួលប្រយោជន៍ពីអំនានព្រះគម្ពីរសំរាប់សប្ដាហ៍នោះ។ នៅពេលដែលអាចប្រើបាន ពត៌មាននោះអាចយកជាមូលដ្ឋានក្នុងសុន្ទរកថាសំរាប់សេចក្ដីត្រូវការតាមតំបន់ក្នុងប្រជុំអប់រំកិច្ចបំរើ។ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាពិតជារស់នៅហើយអាចមានឥទ្ធិពលដ៏ពូកែក្នុងជីវិតរបស់យើង។—ហេព្រើរ ៤:១២