ដើមកំណើត
១ កាលដើមដំបូងឡើយ ព្រះបានបង្កើតមេឃ*និងផែនដី។+
២ ដំបូង ផែនដីមិនទាន់មានរូបរាងច្បាស់លាស់ទេ ហើយនៅទទេ។ មានតែភាពងងឹតគ្របលើទឹកដ៏ជ្រៅ*+ ហើយឫទ្ធានុភាពរបស់ព្រះ+មានចលនានៅលើផ្ទៃទឹកនោះ។+
៣ បន្ទាប់មក ព្រះបានមានប្រសាសន៍ថា៖ «ចូរឲ្យមានពន្លឺ»។ ពេលនោះ ពន្លឺក៏មានឡើង។+ ៤ ក្រោយនោះ ព្រះបានឃើញថាពន្លឺនោះល្អ ហើយលោកក៏ញែកពន្លឺចេញពីភាពងងឹត។ ៥ ព្រះបានហៅពន្លឺថាថ្ងៃ តែហៅភាពងងឹតថាយប់+ ហើយក៏មានល្ងាចមានព្រឹកឡើង គឺថ្ងៃទី១។
៦ បន្ទាប់មក ព្រះបានមានប្រសាសន៍ថា៖ «ចូរឲ្យមានលំហ+នៅរវាងទឹក ដើម្បីញែកទឹកចេញពីគ្នា»។+ ៧ ដូច្នេះ ព្រះបានធ្វើលំហ ដើម្បីញែកទឹកមួយផ្នែកឲ្យនៅខាងក្រោមលំហអាកាស ហើយមួយផ្នែកទៀតឲ្យនៅលើលំហអាកាស។+ នោះក៏កើតឡើងដូច្នោះ។ ៨ ព្រះបានហៅលំហអាកាសនោះថាមេឃ។ រួចក៏មានល្ងាចមានព្រឹកឡើង គឺថ្ងៃទី២។
៩ បន្ទាប់មក ព្រះបានមានប្រសាសន៍ថា៖ «ចូរឲ្យទឹកនៅក្រោមមេឃប្រមូលផ្ដុំនៅកន្លែងមួយ ហើយចូរឲ្យទីគោកផុសឡើង»។+ នោះក៏កើតឡើងដូច្នោះ។ ១០ ព្រះបានហៅទីគោកនោះថាដី+ ហើយហៅទឹកដែលបានប្រមូលផ្ដុំនោះថាសមុទ្រ។*+ រួចមក ព្រះបានឃើញថាអ្វីទាំងនោះគឺល្អ។+ ១១ បន្ទាប់មក ព្រះបានមានប្រសាសន៍ថា៖ «ចូរឲ្យដីដុះស្មៅ និងរុក្ខជាតិដែលមានគ្រាប់តាមពូជ ព្រមទាំងដើមឈើដែលមានផ្លែតាមពូជដែរ ហើយផ្លែនោះត្រូវមានគ្រាប់»។ នោះក៏កើតឡើងដូច្នោះ។ ១២ ដូច្នេះ ដីចាប់ផ្ដើមដុះស្មៅ និងរុក្ខជាតិដែលមានគ្រាប់+ ព្រមទាំងដើមឈើដែលមានផ្លែនិងគ្រាប់ ទៅតាមពូជរបស់វានីមួយៗ។ រួចមក ព្រះបានឃើញថាអ្វីទាំងនោះគឺល្អ ១៣ ហើយក៏មានល្ងាចមានព្រឹកឡើង គឺថ្ងៃទី៣។
១៤ បន្ទាប់មក ព្រះបានមានប្រសាសន៍ថា៖ «ចូរឲ្យមានតួពន្លឺ+នៅលើមេឃ ដើម្បីញែកថ្ងៃនិងយប់ចេញពីគ្នា+ ហើយតួពន្លឺនោះនឹងធ្វើជាសញ្ញាសម្គាល់ សម្រាប់រដូវកាល សម្រាប់ថ្ងៃនិងឆ្នាំ។+ ១៥ តួពន្លឺនោះជាពន្លឺនៅលើមេឃ ដើម្បីបំភ្លឺផែនដី»។ នោះក៏កើតឡើងដូច្នោះ។ ១៦ ដូច្នេះ ព្រះបានធ្វើតួពន្លឺធំពីរ មួយដែលភ្លឺខ្លាំងជាង សម្រាប់បំភ្លឺនៅពេលថ្ងៃ+ មួយដែលភ្លឺតិចជាង សម្រាប់បំភ្លឺនៅពេលយប់ ហើយលោកក៏បានធ្វើផ្កាយទាំងឡាយដែរ។+ ១៧ យ៉ាងនេះ ព្រះបានដាក់តួពន្លឺទាំងនោះនៅលើមេឃ ដើម្បីបំភ្លឺផែនដី ១៨ ថែមទាំងដើម្បីកាន់កាប់ថ្ងៃនិងយប់ ហើយដើម្បីញែកពន្លឺចេញពីភាពងងឹត។+ រួចព្រះបានឃើញថាអ្វីទាំងនោះគឺល្អ ១៩ ហើយក៏មានល្ងាចមានព្រឹកឡើង គឺថ្ងៃទី៤។
២០ បន្ទាប់មក ព្រះបានមានប្រសាសន៍ថា៖ «ចូរឲ្យមានសត្វជាច្រើននៅក្នុងទឹក ហើយឲ្យមានសត្វស្លាបហោះហើរនៅលើមេឃ»។+ ២១ ដូច្នេះ ព្រះបានបង្កើតសត្វធំៗសម្បើមនៅក្នុងសមុទ្រ និងសត្វទាំងឡាយរស់រវើកនៅក្នុងទឹក តាមពូជរបស់វានីមួយៗ។ លោកក៏បង្កើតសត្វស្លាបគ្រប់ប្រភេទ តាមពូជវាដែរ ហើយព្រះបានឃើញថាអ្វីទាំងនោះគឺល្អ។ ២២ រួចព្រះបានឲ្យពរពួកវា ដោយមានប្រសាសន៍ថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើងឲ្យមានពេញក្នុងសមុទ្រចុះ+ ហើយចូរឲ្យសត្វស្លាបមានចំនួនជាច្រើនឡើងនៅផែនដីដែរ»។ ២៣ នោះក៏មានល្ងាចមានព្រឹកឡើង គឺថ្ងៃទី៥។
២៤ បន្ទាប់មក ព្រះបានមានប្រសាសន៍ថា៖ «ចូរឲ្យមានសត្វផ្សេងៗតាមពូជ គឺសត្វលូនវារ សត្វស្រុក និងសត្វព្រៃនៅផែនដី»។+ នោះក៏កើតឡើងដូច្នោះ។ ២៥ ដូច្នេះ ព្រះបានសូនធ្វើសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ និងសត្វលូនវារតាមពូជដែរ។ រួចព្រះបានឃើញថាអ្វីទាំងនោះគឺល្អ។
២៦ បន្ទាប់មក ព្រះបានមានប្រសាសន៍ថា៖ «ចូរយើង+ធ្វើមនុស្សឲ្យមានភាពដូចយើង+និងមានលក្ខណៈដូចយើង+ ហើយឲ្យពួកគេកាន់កាប់លើត្រីក្នុងសមុទ្រ សត្វហើរលើអាកាស សត្វស្រុក និងសត្វលូនវារគ្រប់ប្រភេទ ព្រមទាំងផែនដីទាំងមូល»។+ ២៧ ដូច្នេះ ព្រះបានបង្កើតមនុស្សឲ្យមានភាពដូចលោក។ លោកបានបង្កើតពួកគេជាប្រុសជាស្រីឲ្យមានលក្ខណៈដូចលោក។+ ២៨ បន្ថែមទៅទៀត ព្រះបានឲ្យពរពួកគេ ហើយមានប្រសាសន៍ថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ+ ហើយចូរគ្រប់គ្រងផែនដី+ ព្រមទាំងកាន់កាប់+លើត្រីក្នុងសមុទ្រ សត្វហើរនៅលើអាកាស និងសត្វទាំងឡាយដែលនៅផែនដី»។
២៩ បន្ទាប់មក ព្រះបានមានប្រសាសន៍ថា៖ «ខ្ញុំឲ្យដល់អ្នកនូវរុក្ខជាតិដែលមានគ្រាប់ ព្រមទាំងដើមឈើហូបផ្លែដែលមានគ្រាប់ នៅផែនដីទាំងមូល។ រុក្ខជាតិទាំងនេះជាអាហារដល់អ្នក។+ ៣០ រីឯសត្វព្រៃ និងសត្វហើរលើអាកាស ព្រមទាំងសត្វទាំងអស់នៅផែនដី ខ្ញុំឲ្យរុក្ខជាតិខៀវខ្ចីគ្រប់ប្រភេទជាអាហារដល់ពួកវា»។+ នោះក៏កើតឡើងដូច្នោះ។
៣១ ក្រោយមក ព្រះបានឃើញថាអ្វីទាំងអស់ដែលលោកបានបង្កើត គឺសុទ្ធតែល្អប្រពៃ+ ហើយក៏មានល្ងាចមានព្រឹកឡើង គឺថ្ងៃទី៦។