ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិកកំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី២-៨ ខែមីនា
w១២-E ១/១ ទំ. ២៣ វ. ៤-៦
ហេតុអ្វីព្រះបានសុំអាប្រាហាំឲ្យជូនកូនប្រុសរបស់គាត់ជាគ្រឿងបូជា?
ព្រះយេហូវ៉ាដឹងថាអ៊ីសាកមានតម្លៃខ្លាំងប៉ុនណាចំពោះអាប្រាហាំ។ ព្រះក៏មានអារម្មណ៍បែបនេះដែរចំពោះលោកយេស៊ូដែលជាបុត្ររបស់លោក។ ព្រះយេហូវ៉ាស្រឡាញ់លោកយេស៊ូខ្លាំងណាស់បានជាលោកមានប្រសាសន៍ពីស្ថានសួគ៌ពីរដង ហើយហៅលោកយេស៊ូថាជា«បុត្រដ៏ជាទីស្រឡាញ់របស់ខ្ញុំ»។—ម៉ាកុស ១:១១; ៩:៧
យើងដឹងថាសំណូមពររបស់ព្រះច្បាស់ជាធ្វើឲ្យអាប្រាហាំកើតទុក្ខក្រៃលែង ស្រដៀងគ្នាដែរយើងពិបាកស្រមៃគិតអំពីទំហំនៃការឈឺចាប់របស់ព្រះយេហូវ៉ានៅពេលដែលលោកមើលបុត្រជាទីស្រឡាញ់របស់លោកត្រូវរងទុក្ខ ហើយស្លាប់។ នេះពិតជាការឈឺចាប់ដ៏ខ្លាំងបំផុតដែលលោកមិនធ្លាប់មានពីមុនមក ហើយនឹងមិនមានដូច្នេះទៀតឡើយ។
យើងត្រូវចាំថាព្រះយេហូវ៉ាបានឃាត់អាប្រាហាំកុំឲ្យបូជាកូនរបស់គាត់។ ព្រះយេហូវ៉ាបានជួយអាប្រាហាំឲ្យរួចផុតពីការឈឺចាប់ដ៏ខ្លាំងបំផុតដែលឪពុកម្ដាយអាចជួបប្រទះ ដោយលោកការពារអ៊ីសាកពីសេចក្ដីស្លាប់។ ប៉ុន្តែព្រះយេហូវ៉ាមិនបានរារាំង«កុំឲ្យបុត្ររបស់លោករងទុក្ខតែបានប្រគល់បុត្រលោកផ្ទាល់ដើម្បីយើងទាំងអស់គ្នា»។ (រ៉ូម ៨:៣២) ហេតុអ្វីព្រះយេហូវ៉ាសុខចិត្តឆ្លងកាត់រឿងខ្លោចផ្សាបែបនេះ? លោកបានធ្វើដូច្នេះដើម្បីឲ្យ«យើងអាចបានជីវិត»។ (យ៉ូហានទី១ ៤:៩) ខនេះរំលឹកយើងអំពីសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះចំពោះយើង ហើយពិតជាជំរុញចិត្តយើងឲ្យចង់បង្ហាញសេចក្ដីស្រឡាញ់ចំពោះលោកវិញមែនទេ?
it-1-E ទំ. ៨៥៣ វ. ៥-៦
សមត្ថភាពដឹងទុកជាមុនអំពីអនាគត ការដឹងជាមុន
ព្រះសម្រេចថាពេលណាលោកចង់ដឹងអំពីអនាគត។ កំណត់ហេតុមួយចំនួនបង្ហាញថាព្រះពិនិត្យមើលស្ថានភាពដែលកំពុងតែកើតឡើងជាមុនសិន ទើបលោកធ្វើការសម្រេចចិត្តដោយមានមូលដ្ឋានលើការត្រួតពិនិត្យរបស់លោក។
លោកុប្បត្តិ ១១:៥-៨ រៀបរាប់ថាព្រះបានពិនិត្យមើលផែនដីនិងស្ថានភាពនៅទីក្រុងបាបិល ហើយនៅពេលនោះសម្រេចថាលោកនឹងចាត់វិធានការបែបណាដើម្បីបញ្ឈប់គម្រោងសាងសង់ដ៏ទុច្ចរិតនៅទីនោះ។ ក្រោយពីអំពើអាក្រក់បានកើនឡើងនៅក្រុងសូដុមនិងក្រុងកូម៉ូរ៉ា ព្រះយេហូវ៉ាបានប្រាប់អាប្រាហាំថា លោកបានសម្រេចចិត្តចុះទៅពិនិត្យមើលទីក្រុងនោះ (តាមរយៈបបណ្ដាទេវតារបស់លោក) ដើម្បី«ឲ្យដឹង បើគេបានប្រព្រឹត្ដិដូចជាសំរែកដែលអញបានឮនោះឬទេ បើមិនមែនទេ នោះអញនឹងបានដឹង»។ (លោ. ១៨:២០-២២; ១៩:១) ព្រះធ្លាប់មានប្រសាសន៍ថា‹លោកស្គាល់អាប្រាហាំ› ប៉ុន្តែក្រោយអាប្រាហាំបានហៀបនឹងសម្លាប់កូនប្រុសគាត់ធ្វើជាគ្រឿងបូជា ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែ១នេះនឹងអញសោះ»។—លោ. ១៨:១៩; ២២:១១, ១២; សូមពិនិត្យបន្ថែម នេហ. ៩:៧, ៨; កាឡ. ៤:៩
ថ្ងៃទី១៦-២២ ខែមីនា
it-1-E ទំ. ១២៤២
យ៉ាកុប
អេសាវគឺជាអ្នកដើរប្រមាញ់សត្វ ជាមនុស្សនៅទីវាល រីឯយ៉ាកុបវិញ គម្ពីរចែងថាគាត់ជា«មនុស្សរមទម នៅតែក្នុងត្រសាល» ជាអ្នកឃ្វាលហ្វូងសត្វម្នាក់ដែលមានជីវិតស្ងៀមស្ងាត់ ហើយតែងតែជួយធ្វើកិច្ចការសម្រាប់ក្រុមគ្រួសារ ដូច្នេះម្ដាយរបស់គាត់ស្រឡាញ់គាត់ខ្លាំងជាងគេ។—លោ. ២៥:២៧, ២៨
it-1-E ទំ. ៨៣៥
កូនច្បង
តាំងពីដើមឡើយ កូនប្រុសច្បងតែងតែទទួលឯកសិទ្ធិដែលកូនប្រុសឯទៀតមិនបានទទួលនៅក្នុងគ្រួសារ ហើយគាត់នឹងស្នងតំណែងជាប្រមុខនៃគ្រួសារ។ គាត់ទទួលមរតកពីរចំណែកនៃទ្រព្យសម្បត្តិទាំងអស់របស់ឪពុកគាត់។
it-2-E ទំ. ២៤៥ វ. ៦
ការកុហក
ទោះជាគម្ពីរផ្ដន្ទាទោសការនិយាយភូតភរក្ដី តែនេះមិនមានន័យថាបុគ្គលម្នាក់មានកាតព្វកិច្ចប្រាប់រឿងទាំងអស់ទៅកាន់មនុស្សដែលគ្មានសិទ្ធិដឹងរឿងនោះឡើយ។ លោកយេស៊ូគ្រិស្តបានទូន្មានថា៖ «កុំឲ្យអ្វីដែលបរិសុទ្ធដល់ឆ្កែ ហើយកុំបោះគជ់ខ្យងរបស់អ្នកនៅមុខសត្វជ្រូកឡើយ ក្រែងវាជញ្ជ្រំគជ់ទាំងនោះ រួចបែរមកខ្វេះអ្នកវិញ»។ (ម៉ាថ. ៧:៦) ហេតុនេះហើយបានជាពេលខ្លះលោកយេស៊ូមិនបាននិយាយអ្វីទាំងអស់ឬឆ្លើយចំៗនូវសំណួរណាដែលលោកដឹងថានឹងអាចបង្កឲ្យមានគ្រោះថ្នាក់។ (ម៉ាថ. ១៥:១-៦; ២១:២៣-២៧; យ៉ូន. ៧:៣-១០) ដោយមានមូលហេតុដូចគ្នានោះ អាប្រាហាំ អ៊ីសាក រ៉ាហាបនិងអេលីសេបានបង្វែងដានឬមិនឲ្យអ្នកដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ាដឹងរឿងទាំងអស់ទេ។—លោ. ១២:១០-១៩; ជំ. ២០; ២៦:១-១០; យ៉ូស. ២:១-៦; យ៉ា. ២:២៥; ២ព. ៦:១១-២៣
ថ្ងៃទី ២៣-២៩ ខែមីនា
w០៤-E ១៥/៤ ទំ. ១១ វ. ៤-៥
រេបិកាជាស្ត្រីដែលកោតខ្លាចព្រះ
គម្ពីរមិនបានចែងថាអ៊ីសាកដឹងថាអេសាវត្រូវបម្រើយ៉ាកុបទេ។ ទោះជាយ៉ាងណាក៏ដោយ រេបិកានិងយ៉ាកុបដឹងថាយ៉ាកុបមានសិទ្ធិទទួលពរនោះ។ រេបេកាបានចាត់វិធានការពេលនាងឮថាអ៊ីសាកមានបំណងជូនពរដល់អេសាវពេលដែលអេសាវយកម្ហូបទៅឲ្យគាត់។ នាងបានបង្គាប់យ៉ាកុបឲ្យយកកូនពពែពីរក្បាលរបស់នាងមក។ នាងនឹងរៀបចំម្ហូបដែលប្ដីរបស់នាងពេញចិត្ត បន្ទាប់មកយ៉ាកុបត្រូវតែបន្លំខ្លួនជាអេសាវដើម្បីទទួលបានពរនោះ។ យ៉ាកុបមិនយល់ព្រមធ្វើដូច្នេះទេ។ គាត់ប្រហែលជាគិតថាឪពុករបស់គាត់នឹងដឹងថាគាត់បានបន្លំខ្លួន ហើយដាក់បណ្ដាសាគាត់វិញ! តែរេបិកាបានជំរុញយ៉ាកុបដោយនិយាយថា៖ «កូនអើយ សូមឲ្យសេចក្ដីបណ្ដាសានោះធ្លាក់មកលើអញវិញចុះ»។ ក្រោយមកនាងធ្វើម្ហូប ហើយរៀបចំខ្លួនឲ្យយ៉ាកុប រួចឲ្យគាត់ចូលទៅរកប្ដីរបស់នាង។—លោកុប្បត្តិ ២៧:១-១៧
គម្ពីរមិនប្រាប់អំពីមូលហេតុដែលរេបិកាបានប្រព្រឹត្តបែបនេះឡើយ។ មនុស្សជាច្រើនផ្ដន្ទាទោសអ្វីដែលនាងបានធ្វើ តែគម្ពីរមិនបានចែងដូច្នោះទេ។ អ៊ីសាកក៏មិនស្ដីបន្ទោសនាងដែរពេលដែលគាត់ដឹងថាយ៉ាកុបបានទទួលពរនោះ។ ផ្ទុយទៅវិញ អ៊ីសាកបានបញ្ជាក់ថាគាត់យល់ស្រប។ (លោកុប្បត្តិ ២៧:២៩; ២៨:៣, ៤) រេបិកាដឹងអ្វីដែលព្រះយេហូវ៉ាបានទាយទុកស្ដីអំពីកូនប្រុសទាំងពីររបស់នាង។ ដូច្នេះនាងបានធ្វើឲ្យប្រាកដថាយ៉ាកុបទទួលពរដែលគាត់មានសិទ្ធិទទួល ហើយនេះគឺសមស្របតាមគោលបំណងរបស់ព្រះយេហូវ៉ា។—រ៉ូម ៩:៦-១៣
w០៧-E ១/១០ ទំ. ៣១ វ. ២-៣
សំណួរពីអ្នកអាន
គម្ពីរមិនបានចែងល្អិតល្អន់អំពីមូលហេតុដែលរេបិកានិងយ៉ាកុបបានប្រព្រឹត្តដូច្នេះទេ តែគម្ពីរបានបង្ហាញថាស្ថានភាពនោះបានកើតឡើងភ្លាមៗ។ យើងគួរកត់សម្គាល់ថាបណ្ដាំរបស់ព្រះមិនបានដោះសារឬផ្ដន្ទាទោសអ្វីដែលរេបិកានិងយ៉ាកុបបានធ្វើនោះឡើយ ដូច្នេះយើងមិនអាចយកកំណត់ហេតុនេះមកគាំទ្រការនិយាយកុហកនិងការបោកបញ្ឆោតអ្នកឯទៀតទេ។ ប៉ុន្តែគម្ពីរបានផ្ដល់ព័ត៌មានបន្ថែមទៀតស្ដីអំពីស្ថានភាពនោះ។
កំណត់ហេតុក្នុងគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថាយ៉ាកុបមានសិទ្ធិទទួលពរពីឪពុករបស់គាត់ មិនមែនអេសាវទេ។ មុនពេលនោះ យ៉ាកុបបានទិញសិទ្ធិជាកូនច្បងពីបងប្រុសភ្លោះរបស់គាត់រួចទៅហើយ។ អេសាវបានបង្ហាញចិត្តអកតញ្ញូដោយលក់សិទ្ធិនោះដើម្បីបានអាហារតែមួយពេលមកចម្អែតក្រពះខ្លួន។ គាត់«បានមើលងាយអំណាចមរដកនៃបងច្បងរបស់ខ្លួន»។ (លោកុប្បត្តិ ២៥:២៩-៣៤) ដូច្នេះពេលយ៉ាកុបទៅជួបឪពុករបស់គាត់ គាត់បានសុំពរដែលជារបស់គាត់រួចទៅហើយ។
it-1-E ទំ. ៣៤១ វ. ៦
ពរ
នៅសម័យបុរាណ ឪពុកតែងតែជូនពរកូនប្រុសរបស់គាត់មុនពេលគាត់ស្លាប់។ ការទទួលពរគឺសំខាន់ ហើយមានតម្លៃខ្លាំងណាស់ចំពោះកូនៗ។ អ៊ីសាកបានឲ្យពរដល់យ៉ាកុប ដោយគិតថាគាត់ជាអេសាវដែលកូនច្បង។ ពរដែលអ៊ីសាកបានឲ្យដល់យ៉ាកុបគឺដើម្បីឲ្យគាត់ទទួលបានការពេញចិត្តពីព្រះ និងមានភាពចម្រុងចម្រើនជាងអេសាវដែលជាបងរបស់គាត់។ ដោយសារអ៊ីសាកងងឹតភ្នែកនិងមានវ័យចំណាស់ គាត់ប្រាកដជាបានសុំព្រះយេហូវ៉ាឲ្យធ្វើតាមសំណូមពររបស់គាត់។ (លោ. ២៧:១-៤, ២៣-២៩; ២៨:១, ៦; ហេ. ១១:២០; ១២:១៦, ១៧) ក្រោយមកអ៊ីសាកបានបញ្ជាក់ថាពរនោះគឺជារបស់យ៉ាកុបមែន។—លោ. ២៨:១-៤
ថ្ងៃទី៣០ ខែមីនា–ថ្ងៃទី៥ ខែមេសា
w០៣-E ១៥/១០ ទំ. ២៩ វ. ៦
យ៉ាកុបឲ្យតម្លៃទៅលើអ្វីដែលពិសិដ្ឋ
មុនពេលរៀបការ ការភ្ជាប់ពាក្យតម្រូវឲ្យកូនកំលោះជូនលុយឬអំណោយឯទៀតដល់ក្រុមគ្រួសាររបស់កូនក្រមុំ។ ក្រោយមកក្រិត្យវិន័យម៉ូសេបានកំណត់តម្លៃប្រាក់៥០ហ្សេគិលសម្រាប់ស្រីក្រមុំបរិសុទ្ធ។ យ៉ាកុបគ្មានលទ្ធភាពបង់ប្រាក់ទាំងអស់ទេ។ ដូច្នេះគាត់បានស្នើរសុំធ្វើការឲ្យឡាបាន់អស់រយៈពេល៧ឆ្នាំ។ ដោយសារប្រាក់ឈ្នួលរបស់កម្មករគឺរវាងកន្លះហ្សេគិលទៅមួយហ្សេគិលក្នុងមួយខែ (ពី៤២ទៅ៨៤ហ្សេគិលក្នុងអំឡុងពេលប្រាំពីរឆ្នាំ) នេះមានន័យថាយ៉ាកុបបានជូនអំណោយដែលមានតម្លៃថ្លៃដល់ឡាបាន់ដើម្បីរៀបការជាមួយរ៉ាជែល។ ឡាបាន់យល់ព្រមទទួលអំណោយនេះ។—លោកុប្បត្តិ ២៩:១៩
w០៧-E ១/១០ ទំ. ៨-៩
បងប្អូនស្រីមានទុក្ខពីរនាក់ដែល«បានបង្កើតពួកគ្រួអ៊ីស្រាអែលឡើង»
តើលេអាព្យាយាមបោកបញ្ឆោតយ៉ាកុប ឬតើនាងគ្រាន់តែព្យាយាមស្ដាប់បង្គាប់ឪពុករបស់នាង? តើរ៉ាជែលនៅឯណានៅពេលនោះ? តើនាងដឹងអំពីអ្វីដែលបានកើតឡើងឬទេ? ហើយបើនាងដឹង តើនាងមានអារម្មណ៍យ៉ាងណាទៅ? តើនាងអាចប្រឆាំងគោលបំណងរបស់ឪពុកនាងបានទេ? គម្ពីរមិនបានផ្ដល់ចម្លើយចំពោះសំណួរទាំងនេះទេ។ ទោះជារ៉ាជែលនិងលេអាគិតយ៉ាងណាអំពីរឿងនេះក៏ដោយ ផែនការរបស់ពួកគេបានធ្វើឲ្យយ៉ាកុបខឹងយ៉ាងខ្លាំង។ យ៉ាកុបបាននិយាយទៅកាន់ឡាបាន់ថា៖ «ខ្ញុំបានបំរើលោកឪពុក . . . ដើម្បីឲ្យបានតែរ៉ាជែលមែនឬមិនមែន? ហេតុអ្វីបានជាបញ្ឆោតខ្ញុំដូច្នេះ?»។ ឡាបាន់បានឆ្លើយតបថា៖ «នៅស្រុកយើងនេះ គេមិនដែលឲ្យប្អូនមុនបងដូច្នោះទេ ចូរឯងនៅគ្រប់១អាទិត្យនឹងនាងនេះសិន រួចសឹមយើងឲ្យនាងនោះទៅឯងដែរ ទុកជាឈ្នួលការដែលឯងនឹងបំរើអញ៧ឆ្នាំទៀត»។—លោកុប្បត្តិ ២៩:២៥-២៧
it-2-E ទំ. ៣៤១ វ. ៣
អាពាហ៍ពិពាហ៍
ពិធីអបអរសាទរ។ នៅសម័យបុរាណ ការរៀបអាពាហ៍ពិពាហ៍មិនមានកម្មវិធីផ្លូវការទេ ក៏ប៉ុន្តែមានការអបអរសាទរដែលនាំឲ្យសប្បាយរីករាយនៅស្រុកអ៊ីស្រាអែល។ នៅថ្ងៃរៀបអាពាហ៍ពិពាហ៍ពេលកូនក្រមុំនៅផ្ទះ នាងតែងតែធ្វើការរៀបចំជាច្រើន។ មុនដំបូងនាងងូតទឹក ហើយលាបខ្លួនដោយប្រើគ្រឿងក្រអូប។ (សូមពិនិត្យបន្ថែម រស់. ៣:៣; អេស. ២៣:៤០) រួចមកនាងគ្របខ្លួនដោយស្បៃម្យ៉ាងដែលធ្វើឡើងពីក្រណាត់ស្ដើងដែលវែងពីក្បាលដល់ចុងជើង។ (អេ. ៣:១៩, ២៣) នេះជួយយើងឲ្យយល់អំពីមូលហេតុដែលឡាបាន់អាចបោកបញ្ឆោតយ៉ាកុបបានយ៉ាងងាយស្រួល ហើយមិនឲ្យយ៉ាកុបដឹងថាឡាបាន់បានយកលេអាឲ្យគាត់ជំនួសរ៉ាជែលទេ។ (លោ. ២៩:២៣, ២៥) រេបិកាបានពាក់ស្បៃបាំងមុខពេលដែលនាងទៅជួបអ៊ីសាក។ (លោ. ២៤:៦៥) នេះតំណាងការចុះចូលរបស់កូនក្រមុំចំពោះកូនកំលោះ និងចំពោះអំណាចរបស់គាត់។—១កូ. ១១:៥, ១០
it-1-E ទំ. ៥០
កូនចិញ្ចឹម
រ៉ាជែលនិងលេអាចាត់ទុកកូនៗរបស់ខ្ញុំបម្រើពួកគាត់ថាដូចជាកូនប្រុសដែលពួកគាត់បាន«បង្កើត . . . ដាក់នៅភ្លៅ»ខ្លួនផ្ទាល់។ (លោ. ៣០:៣-៨, ១២, ១៣, ២៤) កូនទាំងនោះបានទទួលមរតកដូចជាកូនឯទៀតរបស់ប្រពន្ធស្របច្បាប់របស់យ៉ាកុបដែរ។ ពួកគេគឺជាកូនបង្កើតរបស់យ៉ាកុប ហើយដោយសារខ្ញុំបម្រើស្រីៗគឺជាកម្មសិទ្ធិរបស់ប្រពន្ធគាត់ ដូច្នេះរ៉ាជែលនិងលេអាអាចយកកូនទាំងនោះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។