ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៤-១០ ខែកក្កដា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី២ ១៨-១៩
«បាស៊ីលឡាយជាគំរូស្ដីអំពីចិត្តសុភាព»
w០៧-E ១៥/៧ ទំ.១៤ វ.៥
បាស៊ីលឡាយជាបុគ្គលដែលទទួលស្គាល់កម្រិតសមត្ថភាពរបស់ខ្លួន
ដាវីឌពិតជាមានចិត្តដឹងគុណយ៉ាងខ្លាំងចំពោះជំនួយពីបាស៊ីលឡាយ។ ដាវីឌមិនគ្រាន់តែចង់បង្ហាញចិត្តដឹងគុណចំពោះគាត់ដោយគ្រាន់តែផ្ដល់សម្ភារប៉ុណ្ណោះទេ ព្រោះបាស៊ីលឡាយជាអ្នកមានរួចទៅហើយ។ តែដាវីឌប្រហែលចង់ឲ្យគាត់ធ្វើជាមន្ត្រីជំនិតម្នាក់ ដោយសារតែគុណសម្បត្តិដ៏ល្អប្រសើររបស់គាត់។ ការបម្រើជាមន្ត្រីម្នាក់ពិតជានាំឲ្យគាត់មានកិត្តិយស ហើយនេះក៏នឹងនាំឲ្យគាត់មានចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយស្ដេចផងដែរ។
w០៧-E ១៥/៧ ទំ.១៤ វ.៧
បាស៊ីលឡាយជាបុគ្គលដែលទទួលស្គាល់កម្រិតសមត្ថភាពរបស់ខ្លួន
មូលហេតុមួយដែលបាស៊ីលឡាយបានសម្រេចចិត្តបែបនេះគឺដោយសារតែគាត់មានអាយុច្រើន ហើយគាត់ក៏ទទួលស្គាល់កម្រិតសមត្ថភាពរបស់ខ្លួនដែរ។ បាស៊ីលឡាយប្រហែលជាដឹងថាគាត់មិនអាចរស់យូរទៀតបាននោះទេ។ (ចម្រៀងសរសើរព្រះ ៩០:១០) គាត់បានធ្វើអ្វីទាំងអស់ដែលគាត់អាចធ្វើបានដើម្បីគាំទ្រដាវីឌ ប៉ុន្តែគាត់ក៏ទទួលស្គាល់ដែរថាដោយសារគាត់ចាស់ហើយ ដូច្នេះគាត់មិនអាចធ្វើច្រើនដូចពីមុនទេ។ បាស៊ីលឡាយមិនបានអនុញ្ញាតឲ្យការគិតពីកិត្តិយសនិងមុខមាត់ដែលមកពីការធ្វើជាមន្ត្រីជំនិតរបស់ដាវីឌ ធ្វើឲ្យគាត់មិនគិតពីកម្រិតសមត្ថភាពរបស់ខ្លួនឯងនោះទេ។ ខុសពីអាប់សាឡំដែលមានមហិច្ឆតា បាស៊ីលឡាយបានបង្ហាញថាគាត់មានប្រាជ្ញានិងចិត្តសុភាព។—សុភាសិត ១១:២
w០៧-E ១៥/៧ ទំ.១៥ វ.១-២
បាស៊ីលឡាយជាបុគ្គលដែលទទួលស្គាល់កម្រិតសមត្ថភាពរបស់ខ្លួន
កំណត់ហេតុរបស់បាស៊ីលឡាយលើកបញ្ជាក់អំពីការមានតុល្យភាព។ ក្នុងន័យម្យ៉ាង យើងមិនគួរបដិសេធឯកសិទ្ធិណាមួយឬគេចវេះពីការឈានទៅមុន ដោយសារតែយើងចង់មានជីវិតស្ងប់ស្ងាត់ ឬក៏គិតថាខ្លួនមិនអាចបំពេញភារកិច្ចទាំងនោះបាននោះទេ។ ព្រះអាចជួយបំពេញការខ្វះខាតរបស់យើង បើយើងពឹងផ្អែកទៅលើលោកដោយសុំកម្លាំងនិងប្រាជ្ញាពីលោក។—ភីលីព ៤:១៣; យ៉ាកុប ៤:១៧; ពេត្រុសទី១ ៤:១១
ក្នុងន័យម្យ៉ាងទៀត យើងត្រូវចេះកត់សម្គាល់កម្រិតសមត្ថភាពរបស់យើង។ ជាឧទាហរណ៍ ប្រហែលជាគ្រិស្តសាសនិកម្នាក់ពិតជារវល់ខ្លាំងក្នុងកិច្ចបម្រើព្រះ។ គាត់ដឹងថាបើគាត់ទទួលយកឯកសិទ្ធិថែមទៀត នោះគាត់នឹងជួបការពិបាក ដូចជាគាត់មិនអាចបំពេញតួនាទីរបស់ខ្លួនក្នុងការផ្គត់ផ្គង់ក្រុមគ្រួសារជាដើម។ ក្នុងស្ថានភាពដូចនេះ បើគាត់មិនទទួលយកឯកសិទ្ធិថែមទៀតនៅពេលនោះ គាត់បង្ហាញថាគាត់ជាមនុស្សដែលមានចិត្តសុភាពនិងសមហេតុផល។—ភីលីព ៤:៥; ធីម៉ូថេទី១ ៥:៨
ថ្ងៃទី១១-១៧ ខែកក្កដា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី២ ២០-២១
«ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីយុត្តិធម៌»
it-1-E ទំ.៩៣២ វ.១
គីបៀន
អស់ជាច្រើនសតវត្សរ៍ទៅហើយ អ្នកក្រុងគីបៀនសម័យបុរាណបានបន្តរស់នៅជាប្រជាជាតិមួយ ទោះបីជាស្ដេចសុលមានគម្រោងចង់បំផ្លាញពួកគេចោលក្ដី។ ទោះជាយ៉ាងនោះក៏ដោយ អ្នកក្រុងគីបៀនបានរង់ចាំដោយចិត្តអត់ធ្មត់ដើម្បីឲ្យព្រះយេហូវ៉ាលាតត្រដាងភាពអយុត្តិធម៌នេះ។ លោកបានធ្វើដូច្នេះក្នុងអំឡុងរាជ្យរបស់ស្ដេចដាវីឌនៅពេលដែលមានការអត់ឃ្លានបីឆ្នាំ។ ក្រោយពីដាវីឌបានអធិដ្ឋានសួរព្រះយេហូវ៉ា ហើយដឹងថារឿងនេះជាប់ទាក់ទងនឹងទោសឈាម នោះគាត់ក៏ទៅសួរអ្នកក្រុងគីបៀនអំពីអ្វីដែលគាត់អាចធ្វើដើម្បីអាចទូទាត់កំហុសនោះ។ អ្នកក្រុងគីបៀនបានឆ្លើយយ៉ាងត្រឹមត្រូវដោយនិយាយថារឿងនេះមិន«ទាក់ទងនឹងមាសប្រាក់ទេ» ព្រោះយោងទៅតាមច្បាប់ គ្មានអ្វីអាចលោះឃាតករបាននោះទេ។ (ជប. ៣៥:៣០, ៣១) ពួកគេក៏ដឹងដែរថា ពួកគេមិនអាចសម្លាប់បុគ្គលណាម្នាក់បានដោយមិនមានច្បាប់នោះទេ។ ដូច្នេះ ពួកគេមិនបានធ្វើអ្វីសោះរហូតទាល់តែដាវីឌសួរពួកគេថែមទៀត ហើយពួកគេបានសុំសម្លាប់«កូនប្រុស»របស់សុល។ ការដែលទោសឈាមបានត្រូវធ្លាក់ទៅលើសុលនិងក្រុមគ្រួសាររបស់គាត់បង្ហាញថា ទោះបីជាសុលជាអ្នកនាំមុខក្នុងការសម្លាប់អ្នកក្រុងគីបៀនក៏ដោយ ប៉ុន្តែ«កូនប្រុស»របស់សុលក៏ប្រហែលជាបានរួមចំណែកក្នុងរឿងនេះដែរ។ (២សាំ. ២១:១-៩) បើដូច្នេះមែន នេះមិនមានន័យថាកូនប្រុសត្រូវតែស្លាប់ដើម្បីសងទោសរបស់ឪពុកខ្លួននោះទេ (បច. ២៤:១៦) ប៉ុន្តែ នេះគឺទាក់ទងនឹងការបង្ហាញភាពយុត្តិធម៌ដែលស្របទៅនឹងច្បាប់ដែលថា៖ «ត្រូវសងជីវិតនឹងជីវិត»។—បច. ១៩:២១
ថ្ងៃទី១៨-២៤ ខែកក្កដា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី២ ២២
«ចូរពឹងព្រះយេហូវ៉ាដើម្បីជួយអ្នក»
w១០-E ១/៦ ទំ.២៦ វ.៤-៦
«លោកបង្ហាញភក្ដីភាព»
សូមយើងពិចារណាពាក្យសម្ដីរបស់ដាវីឌ។ ក្នុងភាសាហេប្រឺឃ្លា«បង្ហាញភក្ដីភាព»ក៏មានន័យថា«បង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីសប្បុរស»ផងដែរ។ ភក្ដីភាពពិតគឺមានប្រភពពីសេចក្ដីស្រឡាញ់។ ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ានៅជាប់នឹងអស់អ្នកដែលមានភក្ដីភាពចំពោះលោក។
សូមកត់សម្គាល់ដែរថា ភក្ដីភាពមិនគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះទេ តែជំរុញឲ្យមានសកម្មភាព។ ដាវីឌឃើញដោយផ្ទាល់ថាព្រះយេហូវ៉ាបានបង្ហាញភក្ដីភាពចំពោះគាត់។ ក្នុងអំឡុងគ្រាដ៏ពិបាកបំផុតក្នុងជីវិតរបស់ដាវីឌ ព្រះយេហូវ៉ាបានចាត់វិធានការដើម្បីជួយ ការពារ ហើយណែនាំគាត់ដែលជាស្ដេចដ៏ស្មោះត្រង់។ ដោយចិត្តដឹងគុណ ដាវីឌបានសរសើរព្រះយេហូវ៉ាដោយសារលោកបានសង្គ្រោះគាត់ឲ្យរួច«ពីកណ្ដាប់ដៃពួកសត្រូវទាំងអស់»របស់គាត់។—សាំយូអែលទី២ ២២:១
តើពាក្យរបស់ដាវីឌមានអត្ថន័យយ៉ាងណាចំពោះយើង? ព្រះយេហូវ៉ាមិនប្រែប្រួលឬផ្លាស់ប្ដូរនោះទេ។ (យ៉ាកុប ១:១៧) លោកមិនកែប្រែខ្នាតតម្រារបស់លោកឡើយ ហើយលោកតែងតែធ្វើតាមពាក្យសន្យារបស់លោក។ ក្នុងចម្រៀងសរសើរព្រះមួយបទ ដាវីឌបានសរសេរថា៖ «ព្រះយេហូវ៉ា . . . នឹងមិនបោះបង់អ្នកដែលមានភក្ដីភាពចំពោះលោកទេ»។—ចម្រៀងសរសើរព្រះ ៣៧:២៨
ថ្ងៃទី២៥-៣១ ខែកក្កដា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី២ ២៣-២៤
«តើអ្វីដែលអ្នកផ្ដល់ឲ្យព្រះគឺជាគ្រឿងបូជាដែរឬទេ?»
it-1-E ទំ.១៤៦
អារ៉ោណា
តាមមើលទៅអារ៉ោណាបានប្រគល់ទីលានបញ្ជាន់ស្រូវ សត្វគោ និងឈើដើម្បីធ្វើអុសសម្រាប់គ្រឿងបូជាជូនទៅដាវីឌដោយឥតគិតថ្លៃ ប៉ុន្តែដាវីឌបដិសេធហើយចង់បង់ពេញតម្លៃ។ កំណត់ហេតុនៅសាំយូអែលទី២ ២៤:២៤ បង្ហាញថាដាវីឌបានទិញទីលានបញ្ជាន់ស្រូវ និងសត្វគោក្នុងតម្លៃប្រាក់៥០ហ្សេគិល (១១០ដុល្លារ)។ ប៉ុន្តែ កំណត់ហេតុក្នុងប្រវត្តិហេតុទី១ ២១:២៥ ប្រាប់ថា ដាវីឌបានបង់មាសចំនួន៦០០ហ្សេគិល (៧៧.០០០ដុល្លារ) ដើម្បីទិញទីតាំងនោះ។ អ្នកសរសេរសៀវភៅសាំយូអែលទី២បានសរសេរអ្វីដែលទាក់ទងនឹងការទិញទីតាំងនៃទីបូជា និងសម្ភារដែលត្រូវធ្វើឡើងសម្រាប់គ្រឿងបូជា ដូច្នេះតាមមើលទៅតម្លៃដែលគាត់បានកត់ទុកបានប្រាប់តែអំពីការទិញអ្វីទាំងនេះប៉ុណ្ណោះ។ រីឯអ្នកសរសេរសៀវភៅប្រវត្តិហេតុទី១វិញ បានរៀបរាប់អំពីរឿងដែលទាក់ទងនឹងការសាងសង់វិហារនៅកន្លែងនោះ ហើយបូកបញ្ចូលតម្លៃនៃការទិញទីតាំង ជាមួយនឹងតម្លៃនៃការសាងសង់វិហារ។ (១ប្រ. ២២:១-៦; ២ប្រ. ៣:១) ដោយសារតែទីធ្លានៃវិហារគឺធំណាស់ ដូច្នេះមើលទៅមាសចំនួន៦០០ហ្សេគិលបានត្រូវយកទៅទិញទីធ្លាខាងក្រៅទីលានតូចដែលដាវីឌបានទិញដំបូងដើម្បីសាងសង់ទីបូជា។
ថ្ងៃទី១-៧ ខែសីហា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី១ ១-២
«តើអ្នករៀនពីកំហុសរបស់ខ្លួនដែរឬទេ?»
it-2-E ទំ.៩៨៧ វ.៤
សាឡូម៉ូន
ពេលឮសំឡេងតន្ត្រីនៅគីហុន និងសំឡេងបណ្ដាជនស្រែកថា៖ «សូមឲ្យស្ដេចសាឡូម៉ូនមានអាយុយឺនយូរ» អាដូនីយ៉ានិងអស់អ្នកដែលរួមដៃបះបោរជាមួយគាត់បានរត់ភៀសខ្លួនដោយភ័យស្លុតនិងច្របូកច្របល់។ ដោយសារសាឡូម៉ូនមិនសងសឹកពេលគាត់ឡើងគ្រងរាជ្យ នេះបង្ហាញអំពីអនាគតដ៏សុខសាន្តក្រោមការគ្រប់គ្រងរបស់គាត់។ បើសាឡូម៉ូនជាអ្នកចង់បះបោរហើយអាដូនីយ៉ាជាស្ដេចវិញ សាឡូម៉ូនប្រហែលជានឹងត្រូវស្លាប់ជាមិនខាន។ អាដូនីយ៉ាបានភៀសខ្លួនទៅទីបូជា ដូច្នេះសាឡូម៉ូនបានចាត់មនុស្សឲ្យទៅនាំគាត់ចុះពីទីបូជាដើម្បីមកជួបគាត់។ សាឡូម៉ូនប្រាប់អាដូនីយ៉ាថាគាត់អាចបន្តរស់លុះត្រាតែគាត់មិនធ្វើអ្វីអាក្រក់ ហើយក្រោយមកសាឡូម៉ូនឲ្យគាត់ទៅលំនៅរបស់គាត់វិញ។—១បស. ១:៤១-៥៣
it-1-E ទំ.៤៩
អាដូនីយ៉ា
ក្រោយដាវីឌបានស្លាប់ អាដូនីយ៉ាបានទៅជួបបាតសេបាដើម្បីឲ្យនាងទៅសុំសាឡូម៉ូនឲ្យប្រគល់អាប៊ីសាក ដែលជាគិលានុបដ្ឋាយិកានិងជាអ្នកកំដររបស់ដាវីឌ មកធ្វើជាប្រពន្ធរបស់គាត់។ ពាក្យរបស់អាដូនីយ៉ាដែលថា៖ «អំណាចជាស្ដេចគួរតែជារបស់ខ្ញុំ ហើយបណ្ដាជនទាំងអស់ក្នុងស្រុកអ៊ីស្រាអែលរំពឹងថាខ្ញុំនឹងក្លាយជាស្ដេច»បង្ហាញថាគាត់មានអារម្មណ៍ថាគាត់មិនបានអ្វីដែលគាត់មានសិទ្ធិទទួលទេ ទោះជាគាត់ទទួលស្គាល់ថារឿងនេះគឺជាបំណងប្រាថ្នារបស់ព្រះក៏ដោយ។ (១បស. ២:១៣-២១) ទោះជាមើលទៅអាដូនីយ៉ាបានធ្វើសំណូមពរនេះដោយសារតែគាត់ចង់ទទួលសំណងដោយសារគាត់មិនបានគ្រងរាជ្យក៏ដោយ ប៉ុន្តែតាមពិត គាត់ប្រហែលជានៅតែមានមហិច្ឆតាចង់ធ្វើជាស្ដេច ដោយសារតាមច្បាប់ក្នុងប្រទេសនៅភាគខាងលិចសម័យបុរាណ ក្រោយស្ដេចស្លាប់ទៅ ប្រពន្ធឬមហេសីរបស់ស្ដេចនោះនឹងទៅជាប្រពន្ធរបស់ស្ដេចបន្ទាប់។ (សូមពិនិត្យបន្ថែម ២សាំ. ៣:៧; ១៦:២១) ដោយយល់ដូច្នេះ សាឡូម៉ូនបានបញ្ជាបេនណាយ៉ាឲ្យទៅប្រហារជីវិតអាដូនីយ៉ាភ្លាមៗ។—១បស. ២:២២-២៥
ថ្ងៃទី១៥-២១ ខែសីហា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី១ ៥-៦
«ពួកគេសាងសង់ដោយសារសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា»
w១១-E ១/២ ទំ.១៥
តើលោកអ្នកដឹងឬទេ?
ដើមស៊ីដារដែលដុះនៅតំបន់ភ្នំលីបង់បានត្រូវគេស្គាល់ថាមិនឆាប់ពុក ស្រស់ស្អាត និងមានក្លិនក្រអូប ហើយធន់នឹងសត្វល្អិត។ ដូច្នេះ សាឡូម៉ូនបានប្រើសម្ភារដែលមានគុណភាពល្អបំផុតដើម្បីសង់វិហារ។ នៅសព្វថ្ងៃនេះ នៅលើភ្នំលីបង់ ដើមស៊ីដារមានកាន់តែតិចតួចទៅៗ។
it-1-E ទំ.៤២៤
ដើមស៊ីដារ
ការប្រើដើមស៊ីដារជាច្រើនក្នុងការសាងសង់តម្រូវឲ្យមានកម្មករច្រើនដើម្បីកាត់ដើមនោះ ដឹកជញ្ជូនវាទៅក្រុងទីរ៉ុស ឬក្រុងស៊ីដូនតាមសមុទ្រមេឌីទែរ៉ានេ ដោយយកដើមឈើទាំងនោះធ្វើជាក្បូន ហើយប្រហែលបញ្ជូនវាទៅក្រុងយ៉ុបប៉ាដោយបណ្ដែតតាមទឹក។ ក្រោយមក គេអូសឈើទាំងនោះមកលើគោកនៅក្រុងយេរូសាឡិម។ ការរៀបចំនេះបានធ្វើឡើងដោយសារកិច្ចព្រមព្រៀងរវាងសាឡូម៉ូននិងហ៊ីរ៉ាម។ (១បស. ៥:៦-១៨; ២ប្រ. ២:៣-១០) ក្រោយមក ការដឹកជញ្ជូនឈើនៅតែបន្តរហូតទាល់តែគេនិយាយអំពីសាឡូម៉ូនថា គាត់ធ្វើឲ្យ‹មានឈើស៊ីដារច្រើនសន្ធឹកដូចជាដើមល្វាព្រៃ›ក្នុងអំឡុងការគ្រប់គ្រងរបស់គាត់។—១បស. ១០:២៧; សូមពិនិត្យបន្ថែម អេ. ៩:៩, ១០
it-2-E ទំ.១.០៧៧ វ.១
វិហារ
ពេលរៀបចំកិច្ចការសាងសង់ ស្ដេចសាឡូម៉ូនបានកែនបុរស៣០.០០០នាក់ពីបណ្ដាជនអ៊ីស្រាអែល ដើម្បីចាត់ឲ្យពួកគេទៅតំបន់ភ្នំលីបង់តាមវេន គឺមួយខែ១០.០០០នាក់ ហើយមានពេលពីរខែអាចស្នាក់នៅផ្ទះ។ (១បស. ៥:១៣, ១៤) គាត់យកកម្មករចំនួន៧០.០០០នាក់ពីចំណោម«ជនបរទេស»ក្នុងទឹកដីរបស់គាត់ ហើយយកអ្នកដាប់ថ្មនៅភ្នំចំនួន៨០.០០០នាក់។ (១បស. ៥:១៥; ៩:២០, ២១; ២ប្រ. ២:២) សាឡូម៉ូនបានតែងតាំងបុរសចំនួន៥៥០នាក់ជាមេលើពួកអ្នកត្រួតពិនិត្យកិច្ចការ ហើយ៣.៣០០នាក់ជាអ្នកជំនួយ។ (១បស. ៥:១៦; ៩:២២, ២៣) តាមមើលទៅ ក្នុងចំណោមមនុស្សទាំងអស់នេះ មាន២៥០នាក់គឺជាជនជាតិអ៊ីស្រាអែល ហើយ៣.៦០០នាក់គឺជា«ជនបរទេស»ក្នុងស្រុកអ៊ីស្រាអែល។—២ប្រ. ២:១៧, ១៨
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
g-E ៥/១២ ទំ.១៧; ប្រអប់
គម្ពីរគឺជាសៀវភៅដែលមានទំនាយពិតប្រាកដ ផ្នែកទី១
តែងតែសម្រេចនៅពេលត្រឹមត្រូវ
ឧទាហរណ៍មួយអំពីរបៀបដែលទំនាយក្នុងគម្ពីរបានសម្រេចនៅពេលដែលត្រឹមត្រូវគឺនៅបណ្ដាស្ដេចទី១ ៦:១ ដែលសំដៅទៅលើពេលដែលសាឡូម៉ូនចាប់ផ្ដើមសាងសង់វិហារនៅក្រុងយេរូសាឡិម។ យើងអានថា៖ «សាឡូម៉ូនបានចាប់ផ្ដើមសង់វិហាររបស់ព្រះយេហូវ៉ា នៅឆ្នាំទី៤៨០[ពោលគឺគ្រប់៤៧៩ឆ្នាំ] ក្រោយពីជនជាតិអ៊ីស្រាលអែលចេញពីស្រុកអេហ្ស៊ីប គឺនៅខែស៊ីវ (ជាខែទី២) ក្នុងឆ្នាំទី៤នៃការគ្រប់គ្រងរបស់គាត់»។
ប្រវត្តិសាស្ត្រក្នុងគម្ពីរបានបង្ហាញឲ្យដឹងថា ឆ្នាំទី៤នៃការគ្រប់គ្រងរបស់សាឡូម៉ូនគឺត្រូវនឹងឆ្នាំ១០៣៤មុនគ.ស.។ បើសិនជាយើងរាប់ថយ៤៧៩ឆ្នាំ នោះត្រូវនឹងឆ្នាំ១៥១៣មុនគ.ស. ដែលត្រូវជាឆ្នាំដែលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេហ្ស៊ីប។
ថ្ងៃទី២២-២៨ ខែសីហា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី១ ៧
«មេរៀនដែលយើងអាចរៀនពីសសរទាំងពីរ»
it-1-E ទំ.៣៤៨
បូអូស ទី២
សសរស្ពាន់ដ៏ធំមួយដែលនៅទិសខាងជើងនៃវិហារដ៏រុងរឿងរបស់សាឡូម៉ូនមានឈ្មោះថាបូអូស ដែលប្រហែលជាមានន័យថា«ដោយកម្លាំងខ្លាំងក្លា»។ ចំណែកឯសសរស្ពាន់ដ៏ធំមួយទៀតដែលនៅទិសខាងត្បូងមានឈ្មោះថាយ៉ាគីន ដែលមានន័យថា«សូមឲ្យ[ព្រះយេហូវ៉ា]តាំងឡើងយ៉ាងមាំ»។ ដូច្នេះ ការដាក់ពាក្យទាំងពីរនេះភ្ជាប់ជាមួយគ្នា ហើយអានពីស្ដាំមកឆ្វេងបង្ហាញនូវអត្ថន័យដែលថា៖ ‹សូមឲ្យ[ព្រះយេហូវ៉ា]តាំង[វិហារ]ឡើងយ៉ាងមាំ ដោយកម្លាំងខ្លាំងក្លា›។—១បស. ៧:១៥-២១
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.២៦៣
ការងូតទឹក
ការសម្អាតរូបកាយគឺជាតម្រូវការសម្រាប់អស់អ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែលជាព្រះដ៏បរិសុទ្ធ។ នេះបានត្រូវបញ្ជាក់តាមរយៈការរៀបចំសម្រាប់ត្រសាលរបស់ព្រះ និងក្រោយមកការបំពេញកិច្ចបម្រើក្នុងវិហារ។ ក្រោយសម្ដេចសង្ឃអេរ៉ុននិងកូនប្រុសៗបានត្រូវតែងតាំងជាសង្ឃ ពួកគាត់ត្រូវលាងជម្រះកាយមុននឹងស្លៀកសម្លៀកបំពាក់សម្រាប់សង្ឃ។ (ដច. ២៩:៤-៩; ៤០:១២-១៥; ចល. ៨:៦, ៧) ដើម្បីសម្អាតដៃនិងជើង នោះពួកសង្ឃប្រើទឹកដែលមកពីអាងទឹកមួយដែលធ្វើពីស្ពាន់ដែលនៅទីធ្លានៃត្រសាល ហើយនៅឯវិហាររបស់សាឡូម៉ូន ពួកគេប្រើអាងទឹកដ៏ធំមួយធ្វើពីស្ពាន់។ (ដច. ៣០:១៨-២១; ៤០:៣០-៣២; ២ប្រ. ៤:២-៦) នៅក្នុងថ្ងៃជម្រះការខុសឆ្គង សម្ដេចសង្ឃត្រូវងូតទឹកពីរដង។ (ចល. ១៦:៤, ២៣, ២៤) អស់អ្នកដែលត្រូវយកពពែអាសេសែល យកគ្រឿងបូជាដែលនៅសល់ និងយកសត្វគោជាគ្រឿងបូជាចេញទៅខាងក្រៅជំរំ នោះពួកគេត្រូវតែងូតទឹកសម្អាតខ្លួនហើយបោកសម្លៀកបំពាក់របស់ខ្លួនជាមុនសិនទើបអាចចូលក្នុងជំរំវិញបាន។—ចល. ១៦:២៦-២៨; ជប. ១៩:២-១០
ថ្ងៃទី២៩ ខែសីហា–ថ្ងៃទី៤ ខែកញ្ញា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.១.០៦០ វ.៤
ស្ថានសួគ៌
សាឡូម៉ូនដែលជាអ្នកសង់វិហារនៅក្រុងយេរូសាឡិមបាននិយាយថា៖ «សូម្បីតែមេឃនិងលំហអាកាសដ៏ធំធេង»ក៏មិនធំល្មមសម្រាប់ជាលំនៅរបស់ព្រះដែរ។ (១បស. ៨:២៧) តំណែងរបស់ព្រះយេហូវ៉ាជាអ្នកបង្កើតផ្ទៃមេឃនិងស្ថានសួគ៌គឺខ្ពស់ជាងអ្វីទាំងអស់ ហើយ«មានតែនាមរបស់លោកប៉ុណ្ណោះដែលខ្ពង់ខ្ពស់បំផុត។ លោករុងរឿងថ្កុំថ្កើងលើផែនដីនិងសួគ៌ា»។ (ចសព. ១៤៨:១៣) ព្រះយេហូវ៉ាអាចវាស់មេឃនិងលំហអាកាសដោយងាយស្រួល ដូចបុគ្គលម្នាក់ដែលអាចវាស់អ្វីមួយបានដោយប្រើចំអាមដៃរបស់គាត់។ (អេ. ៤០:១២) ពាក្យរបស់សាឡូម៉ូនមិនមានន័យថាព្រះមិននៅកន្លែងណាមួយនោះទេ ហើយក៏មិនមានន័យថាព្រះគឺនៅគ្រប់ទីកន្លែងដែរ។ យើងដឹងដូច្នេះដោយសារសាឡូម៉ូនបាននិយាយអំពីព្រះយេហូវ៉ាថា លោកស្ដាប់មនុស្ស«ពីទីអាស្រ័យនៅរបស់លោកនៅស្ថានសួគ៌»។—១បស. ៨:៣០, ៣៩