ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅអែសរ៉ា
សៀវភៅអែសរ៉ារៀបរាប់ព័ត៌មានជាបន្តពីសៀវភៅរបាក្សត្រទី២។ អែសរ៉ាជាសង្ឃហើយជាអ្នកសរសេរសៀវភៅនេះ។ គាត់ចាប់ផ្ដើមកំណត់ហេតុនេះ ដោយរៀបរាប់អំពីការចេញរាជក្រិត្យមួយរបស់ស្តេចស៊ីរូសនៃស្រុកពើស៊ី។ រាជក្រិត្យនោះអនុញ្ញាតឲ្យជននិរទេសជាតិយូដាដែលនៅសល់នៅបាប៊ីឡូនត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ។ កំណត់ហេតុនេះបញ្ចប់ដោយប្រាប់ថាលោកអែសរ៉ាចាត់វិធានការដើម្បីធ្វើវិសុទ្ធកម្មជនជាតិយូដាដែលបានធ្វើឲ្យខ្លួនស្មោកគ្រោកដោយរៀបការជាមួយនឹងមនុស្សក្នុងស្រុក។ សរុបទៅ សៀវភៅនេះមានរៀបរាប់អំពីព្រឹត្ដិការណ៍ដែលកើតឡើងក្នុងរយៈពេល៧០ឆ្នាំ ពោលគឺពីឆ្នាំ៥៣៧មុនគ.ស.ដល់ឆ្នាំ៤៦៨មុនគ.ស.។
លោកអែសរ៉ាសរសេរសៀវភៅនេះដោយមានគោលដៅយ៉ាងច្បាស់ ពោលគឺ ដើម្បីបង្ហាញនូវរបៀបព្រះយេហូវ៉ាបំពេញតាមសេចក្ដីសន្យារបស់ទ្រង់ ដោយរំដោះរាស្ត្រទ្រង់ចេញពីបាប៊ីឡូន និងស្ថាបនាការថ្វាយបង្គំពិតឡើងវិញនៅក្រុងយេរូសាឡិម។ ហេតុដូច្នេះហើយ លោកអែសរ៉ាប្រមូលអារម្មណ៍លើព្រឹត្ដិការណ៍ដែលទាក់ទងនឹងគោលបំណងនេះប៉ុណ្ណោះ។ សៀវភៅអែសរ៉ាគឺជាកំណត់ហេតុអំពីកសាងឡើងវិញនូវព្រះវិហារ និងអំពីរបៀបដែលការថ្វាយបង្គំព្រះយេហូវ៉ាត្រូវបានស្ថាបនាឡើងវិញ ទោះជាមានការប្រឆាំងនិងភាពឥតគ្រប់លក្ខណ៍នៃរាស្ត្រទ្រង់ក៏ដោយ។ កំណត់ហេតុនេះក៏មានប្រយោជន៍ដល់យើងគ្រប់ៗគ្នាពីព្រោះយើងក៏រស់នៅគ្រាស្ថាបនាឡើងវិញដែរ។ មនុស្សជាច្រើនកំពុងតែឡើងទៅឯ«ភ្នំនៃព្រះយេហូវ៉ា» ហើយ«មនុស្សនឹងស្គាល់ដល់សិរីល្អនៃព្រះយេហូវ៉ា»នៅពេញផែនដី។—អេសាយ ២:២, ៣; ហាបាគុក ២:១៤
ព្រះវិហារត្រូវបានកសាងឡើងវិញ
ជននិរទេសជាតិយូដាប្រមាណ៥០.០០០នាក់បានត្រឡប់ទៅក្រុងយេរូសាឡិមវិញតាមរាជក្រិត្យរបស់ស្តេចស៊ីរូស ដោយមានលោកសូរ៉ូបាបិលឬសេសបាសារជាអ្នកដឹកនាំ។ ជននិរទេសជាតិយូដាបានរៀបចំអាសនៈនៅកន្លែងដើមយ៉ាងឆាប់រហ័ស រួចចាប់ផ្ដើមថ្វាយតង្វាយថ្វាយព្រះយេហូវ៉ា។
ពួកអ៊ីស្រាអែលបានចាក់គ្រឹះនៃដំណាក់របស់ព្រះយេហូវ៉ានៅឆ្នាំបន្ទាប់។ ពួកសត្រូវរំខានដល់កិច្ចការកសាងនេះឥតឈប់ឈរ ហើយនៅទីបំផុតទទួលជោគជ័យ ដោយបង្កឲ្យមានក្រិត្យពីស្តេចដែលបញ្ជាឲ្យឈប់កិច្ចការកសាងនេះ។ ព្យាការីហាកាយនិងសាការីជំរុញទឹកចិត្តប្រជាជនដើម្បីឲ្យពួកគេចាប់ផ្ដើមកិច្ចការកសាងព្រះវិហារឡើងវិញ ទោះជាមានបំរាមក៏ដោយ។ ពួកសត្រូវមិនហ៊ានរំខានទៀត ដោយខ្លាចប្រព្រឹត្តល្មើសនឹងច្បាប់សាសន៍ពើស៊ីដែលពុំអាចលុបចោលបាន ហើយដែលជាច្បាប់ស្តេចស៊ីរូសបានចេញដំបូងនោះ។ ក្រោយស្តេចបង្គាប់ឲ្យស្រាវជ្រាវពីរឿងនេះក្នុងមន្ទីរលិខិតគេបានរកឃើញនូវបញ្ជារបស់ស្តេចស៊ីរូស«ពីដំណើរព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិម»។ (អែសរ៉ា ៦:៣) កិច្ចការកសាងព្រះវិហារមានដំណើរទៅមុខយ៉ាងល្អប្រសើររហូតដល់បានសង់ចប់។
ចំឡើយចំពោះសំណួរអំពីបទគម្ពីរ:
១:៣-៦—តើពួកអ៊ីស្រាអែលដែលមិនបានត្រឡប់ទៅស្រុកកំណើតវិញមានជំនឿខ្សោយឬទេ? មនុស្សខ្លះមិនបានត្រឡប់មកក្រុងយេរូសាឡិមវិញ ពីព្រោះពួកគេគិតតែពីទ្រព្យសម្បត្ដិ ឬមិនសូវមានអំណរចំពោះការថ្វាយបង្គំពិតទេ។ ប៉ុន្តែនេះមិនបានន័យថាមនុស្សគ្រប់គ្នាដូច្នេះឡើយ។ ដើម្បីត្រឡប់មកក្រុងយេរូសាឡិមវិញ ត្រូវចំណាយអស់បួនឬប្រាំខែដោយដើរ១.៦០០គីឡូម៉ែត្រ។ ម្យ៉ាងវិញទៀត ការរៀបចំកន្លែងរស់នៅក្នុងស្រុកដែលត្រូវចោលស្ងាត់អស់៧០ឆ្នាំ ថែមទាំងធ្វើកិច្ចការកសាងដំរូវឲ្យបុគ្គលនោះមានកំឡាំងកាយនិងកំឡាំងចិត្តយ៉ាងច្រើន។ ដូច្នេះហើយ បញ្ហាផ្សេងៗដូចជាជំងឺឈឺថ្កាត់ ភាពចាស់ជរា ឬភារកិច្ចក្នុងគ្រួសារច្បាស់ជាបានធ្វើឲ្យមនុស្សខ្លះគ្មានលទ្ធភាពត្រឡប់មកក្រុងយេរូសាឡិមវិញឡើយ។
២:៤៣—តើនេធីនិមជានរណា? អ្នកទាំងនេះមិនមែនជាកូនចៅអ៊ីស្រាអែលទេ ហើយពួកគេមានមុខងារបំរើនៅឯព្រះវិហារ។ ក្នុងចំណោមពួកនេធីនិមគឺមានកូនចៅសាសន៍គីបៀនពីសម័យយ៉ូស្វេ និងអ្នកឯទៀតដែល«ដាវីឌ នឹងអ្នកជាប្រធានបានថ្វាយសំរាប់ជួយការងារពួកលេវី»។—អែសរ៉ា ៨:២០
២:៥៥—តើពួកកូនចៅរបស់ពួកមហាតលិកនៃសាឡូម៉ូនជានរណាខ្លះ? អ្នកទាំងនេះជាជនសាសន៍ដទៃដែលបានទទួលឯកសិទ្ធិពិសេសក្នុងកិច្ចបំរើរបស់ព្រះយេហូវ៉ា។ ពួកគេប្រហែលជាមានមុខងារជាពួកស្ក្រែប ឬអ្នកចម្លងឯកសារនៅឯព្រះវិហារ ឬក៏មានមុខតំណែងចាត់ចែងកិច្ចការផ្សេងៗ។
២:៦១-៦៣—តើជននិរទេសជាតិយូដាដែលត្រឡប់មកក្រុងយេរូសាឡិមវិញ មានយូរីមនិងធូមីមជាប់ខ្លួនឬទេ ដែលបានត្រូវប្រើពេលត្រូវការចំឡើយពីព្រះយេហូវ៉ានោះ? អ្នកដែលអះអាងថាពួកគេមកពីវង្សត្រកូលពួកសង្ឃ តែរកមិនមានភស្តុតាងដែលបញ្ជាក់វង្សត្រកូលខ្លួន អាចបញ្ជាក់ថាពួកគេនិយាយពិតត្រឹមត្រូវតាមច្បាប់ដោយប្រើយូរីមនិងធូមីម។ អែសរ៉ាគ្រាន់តែចង់បញ្ជាក់ថាពួកគេអាចធ្វើដូច្នេះប៉ុណ្ណោះ។ បទគម្ពីរមិនរៀបរាប់ថាជនជាតិអ៊ីស្រាអែលបានប្រើយូរីមនិងធូមីមនៅពេលនោះឬក៏ក្រោយគ្រានោះឡើយ។ យោងទៅតាមទំនៀមទម្លាប់យូដា យូរីមនិងធូមីមបានបាត់បង់ទៅ ពេលដែលព្រះវិហារត្រូវកំទេចចោលនៅឆ្នាំ៦០៧មុនគ.ស.។
៣:១២—ហេតុអ្វីក៏«មនុស្សចាស់ដែលឃើញព្រះវិហារមុន»របស់ព្រះយេហូវ៉ាបានយំដូច្នេះ? បុរសទាំងនេះអាចចងចាំនូវភាពរុងរឿងនៃព្រះវិហារនេះដែលបានកសាងដោយស្តេចសាឡូម៉ូន។ គ្រឹះនៃព្រះវិហារថ្មីនេះដែលពួកគេឃើញគឺ«ដូចជាទទេសោះ»ចំពោះពួកគេ បើប្រៀបផ្ទឹមនឹងព្រះវិហារមុននោះ។ (ហាកាយ ២:២, ៣) តើការខំប្រឹងរបស់ពួកគេនឹងនាំឲ្យព្រះវិហារនេះមានភាពរុងរឿងដូចព្រះវិហារមុនឬទេ? ពួកគេច្បាស់ជាធ្លាក់ទឹកចិត្តហើយក៏បានយំទៅ។
៣:៨-១០; ៤:២៣, ២៤; ៦:១៥, ១៦—តើកិច្ចការកសាងព្រះវិហារនេះត្រូវការប៉ុន្មានឆ្នាំ? គ្រឹះនៃព្រះវិហារនេះត្រូវបានចាក់នៅឆ្នាំ៥៣៦មុនគ.ស.«ក្នុងឆ្នាំទី២ តាំងពីគេមកដល់»។ កិច្ចការកសាងនេះត្រូវបានឈប់នៅសម័យនៃស្តេចអើថាស៊ើកសេសនៅឆ្នាំ៥២២មុនគ.ស.។ បំរាមនេះបានបន្តរហូតដល់ឆ្នាំ៥២០មុនគ.ស. ជាឆ្នាំទីពីរនៃស្តេចដារីយុស។ នៅឆ្នាំទីប្រាំមួយនៃការសោយរាជ្យរបស់ស្តេចដារីយុស នោះព្រះវិហារបានត្រូវកសាងចប់ ឬនៅឆ្នាំ៥១៥មុនគ.ស. (សូមមើលប្រអប់ដែលមានចំណងជើងថា «បណ្ដាស្តេចពេស៊ីពីឆ្នាំ៥៧៣-៤៦៨មុនគ.ស.») ដូច្នេះហើយ កិច្ចការកសាងព្រះវិហារត្រូវការ២០ឆ្នាំ។
៤:៨–៦:១៨—ហេតុអ្វីក៏ខទាំងនេះត្រូវបានសរសេរជាភាសាអារ៉ាម? ខទាំងប៉ុន្មាននេះគឺភាគច្រើនមានលិខិតពីមន្ត្រីថ្វាយស្តេចនិងការតបឆ្លើយរបស់ស្តេចនោះ។ អែសរ៉ាបានចម្លងឯកសារទាំងនេះដែលត្រូវសរសេរជាភាសាអារ៉ាម ជាភាសានិយមប្រើនៅសម័យនោះសំរាប់ធ្វើពាណិជ្ជកម្មឬនយោបាយផងដែរ។ ផ្នែកផ្សេងៗទៀតក្នុងព្រះគម្ពីរ ដូចជាអែសរ៉ា ៧:១២-២៦ យេរេមា ១០:១១ និងដានីយ៉ែល ២:៤ខ–៧:២៨ ក៏ត្រូវបានសរសេរជាភាសាអារ៉ាមបុរាណនេះដែរ។
មេរៀនសំរាប់យើង:
១:២: សេចក្ដីដែលអេសាយបានទាយនៅ២០០ឆ្នាំមុន បានកើតឡើងមែន។ (អេសាយ ៤៤:២៨) ទំនាយទាំងប៉ុន្មាននៅក្នុងព្រះបន្ទូលរបស់ព្រះតែងសំរេចទាំងអស់។
១:៣-៦: ដូចជាជនជាតិអ៊ីស្រាអែលខ្លះបានបន្តរស់នៅបាប៊ីឡូន នោះសព្វថ្ងៃនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាដែលពុំអាចបំរើពេញពេល ឬបំរើនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង នៅតែគាំទ្រនិងលើកទឹកចិត្តអស់អ្នកដែលអាចធ្វើបាន ហើយធ្វើវិភាគទានគាំទ្រកិច្ចការផ្សព្វផ្សាយព្រះរាជាណាចក្រនិងការបង្កើតឲ្យមានសិស្ស។
៣:១-៦: នៅខែទីប្រាំពីរនៃឆ្នាំ៥៣៧មុនគ.ស. (ខែធីជ្រី ដែលត្រូវនឹងខែកញ្ញា/តុលា) នោះជននិរទេសដែលស្មោះត្រង់បានត្រឡប់មកវិញបានថ្វាយយញ្ញបូជាជាលើកដំបូង។ ស្តេចនេប៊ូក្នេសាបានចូលក្រុងយេរូសាឡិមនៅខែទីប្រាំ (ខែអាប ដែលត្រូវនឹងខែកក្កដា/សីហា)នៅឆ្នាំ៦០៧មុនគ.ស. ហើយបានចាប់ផ្ដើមដុតបំផ្លាញទីក្រុងនោះ។ (ពង្សាវតារក្សត្រទី២ ២៥:៨-១៧) ការហិនហោចនៃក្រុងយេរូសាឡិមអស់៧០ឆ្នាំត្រូវបានចប់ចំពេលដូចបានទាយទុកជាមុន។ (យេរេមា ២៥:១១; ២៩:១០) អ្វីៗក៏ដោយដែលព្រះបន្ទូលរបស់ព្រះយេហូវ៉ាចែងជាទំនាយ នោះបានសំរេចគ្រប់ទាំងអស់។
៤:១-៣: ពួកសំណល់ដែលមានចិត្តស្មោះត្រង់បានបដិសេធការស្នើសុំ ដែលដំរូវឲ្យពួកគាត់ធ្វើបក្សសម្ព័ន្ធសាសនាជាមួយនឹងពួកអ្នកថ្វាយបង្គំព្រះមិនពិត។ (និក្ខមនំ ២០:៥; ៣៤:១២) សព្វថ្ងៃនេះ អ្នកថ្វាយបង្គំរបស់ព្រះយេហូវ៉ាក៏មិនចូលរួមក្នុងការលាយឡំសាសនាដែរ។
៥:១-៧; ៦:១-១២: ព្រះយេហូវ៉ាអាចប្រើមធ្យោបាយផ្សេងៗដើម្បីឲ្យរាស្ត្ររបស់ទ្រង់ទទួលបានជោគជ័យ។
៦:១៤, ២២: ការចូលរួមដោយខ្នះខ្នែងក្នុងកិច្ចការរបស់ព្រះយេហូវ៉ា នាំឲ្យទ្រង់សព្វព្រះហឫទ័យនឹងយើង ហើយប្រទានពរដល់យើងដែរ។
៦:២១: ពួកសាសន៍សាម៉ារីដែលរស់នៅស្រុកយូដា និងជនដែលបានត្រឡប់មកវិញតែបានបណ្ដោយខ្លួនទៅតាមអានុភាពនៃសាសនាមិនពិត បានឃើញការរីកចំរើននៃកិច្ចការរបស់ព្រះយេហូវ៉ា។ នោះបានជំរុញទឹកចិត្តពួកគេឲ្យកែប្រែជីវិត។ យើងក៏ត្រូវចូលរួមយ៉ាងខ្នះខ្នែងក្នុងកិច្ចការរបស់ព្រះ រួមបញ្ចូលការប្រកាសអំពីព្រះរាជាណាចក្រដែរ មែនទេ?
លោកអែសរ៉ាមកដល់ក្រុងយេរូសាឡិម
ហាសិបឆ្នាំបានកន្លងទៅហើយតាំងតែពីដំណាក់របស់ព្រះយេហូវ៉ាដែលបានកសាងឡើងវិញត្រូវសម្ពោធនោះ។ ឆ្នាំនោះគឺ៤៦៨មុនគ.ស.។ លោកអែសរ៉ាបានចេញពីបាប៊ីឡូនទៅក្រុងយេរូសាឡិម ទាំងមានពួកសំណល់ដែលរួមដំណើរជាមួយនឹងគាត់ ហើយក៏បានយកប្រាក់វិភាគទានទៅដែរ។ តើគាត់នឹងឃើញអ្វីនៅក្រុងយេរូសាឡិម?
ពួកអ្នកជាប្រធានប្រាប់អែសរ៉ាថា៖ «ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ នឹងពួកលេវី មិនបានញែកខ្លួនចេញពីពួកអ្នកស្រុកនេះទេ គឺគេប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើម»។ ម្យ៉ាងវិញទៀត «ពួកអ្នកជាប្រធាន នឹងពួកចៅហ្វាយជាលេខ១ ក្នុងការរំលងនេះដែរ»។ (អែសរ៉ា ៩:១, ២) លោកអែសរ៉ាស្រងាកចិត្តណាស់។ លោកអែសរ៉ាត្រូវគេលើកទឹកចិត្ត«ឲ្យមានចិត្តក្លាហានឡើង ហើយសំរេចការទៅ»។ (អែសរ៉ា ១០:៤) លោកអែសរ៉ាចាត់វិធានការកែដំរូវ ហើយមនុស្សបានធ្វើតាម។
ចំឡើយចំពោះសំណួរអំពីបទគម្ពីរ:
៧:១, ៧, ១១—តើខទាំងអស់នេះសំដៅទៅអើថាស៊ើកសេសដែលបញ្ឈប់កិច្ចការកសាងឬទេ? មិនមែនទេ។ អើថាស៊ើកសេសគឺជាឈ្មោះឬឋានន្តរនៃស្តេចពីរអង្គនៃសាសន៍ពើស៊ី។ ស្តេចមួយគឺកោម៉ាតាឬបាឌីយ៉ាដែលបានបញ្ជាឲ្យឈប់កសាងព្រះវិហារនៅឆ្នាំ៥២២មុនគ.ស.។ អើថាស៊ើកសេសនៅសម័យរបស់អែសរ៉ាបានមកក្រុងយេរូសាឡិម គឺជាអើថាស៊ើកសេស ឡុងគីម៉ានូស។
៧:២៨–៨:២០—ហេតុអ្វីក៏ជនជាតិយូដាជាច្រើនមិនហ៊ានទៅក្រុងយេរូសាឡិមជាមួយនឹងអែសរ៉ា? ទោះជា៦០ឆ្នាំបានកន្លងទៅតាំងពីក្រុមដំបូងនៃជននិរទេសជាតិយូដាបានត្រឡប់មកស្រុកកំណើតក៏ពិតមែន តែមិនសូវមានមនុស្សរស់នៅក្រុងយេរូសាឡិមនៅឡើយ។ ការត្រឡប់ទៅក្រុងយេរូសាឡិមវិញ បានន័យថាពួកគេត្រូវស្ថាបនាជីវិតថ្មី ដែលមានកាលៈទេសៈដ៏ពិបាកនិងដែលមានគ្រោះថ្នាក់ទៀត។ ជនជាតិយូដាដែលមានជីវិតធូរធារនៅបាប៊ីឡូន ឃើញថាស្ថានភាពនៅក្រុងយេរូសាឡិមនៅសម័យនោះ មិនផ្ដល់នូវឱកាសដ៏ល្អឲ្យរកទ្រព្យសម្បត្ដិទេ។ មិនតែប៉ុណ្ណោះ ការធ្វើដំណើរទៅក្រុងយេរូសាឡិមក៏ជាដំណើរដែលប្រកបដោយគ្រោះថ្នាក់ដែរ។ ជននិរទេសដែលត្រឡប់ទៅវិញត្រូវមានជំនឿដ៏មាំមួនលើព្រះយេហូវ៉ា មានចិត្តខ្នះខ្នែងចំពោះការថ្វាយបង្គំពិត និងចិត្តក្លាហានដើម្បីផ្លាស់លំនៅទៅទីនោះ។ សូម្បីតែអែសរ៉ា ក៏ត្រូវបានពង្រឹងដោយសារព្រះយេហូវ៉ាបានដាក់ព្រះហស្តលើគាត់។ ដោយសារការលើកទឹកចិត្តពីលោកអែសរ៉ា នោះមាន១.៥០០គ្រួសារ ប្រហែលជាសរុបទៅមានចំនួន៦.០០០នាក់បានទៅជាមួយគាត់។ ក្រោយពីលោកអែសរ៉ាចាត់វិធានការផ្សេងៗទៀត នោះមានពួកលេវី៣៨នាក់ និងពួកនេធីនិម២២០នាក់ក៏បានទៅជាមួយដែរ។
៩:១, ២—តើការយកគ្នាជាប្ដីប្រពន្ធជាមួយនឹងពួកអ្នកស្រុកនោះមានគ្រោះថ្នាក់យ៉ាងណា? សាសន៍ដែលត្រូវស្ថាបនាឡើងវិញនោះ ត្រូវជាអ្នកការពារការថ្វាយបង្គំព្រះយេហូវ៉ារហូតដល់ព្រះមេស្ស៊ីយាងមកដល់។ ការយកគ្នាជាប្ដីប្រពន្ធជាមួយនឹងសាសន៍ដទៃដែលនៅស្រុកនេះគឺគំរាមកំហែងដល់ការថ្វាយបង្គំពិតយ៉ាងខ្លាំងណាស់។ ដោយសារមនុស្សខ្លះបានរៀបការជាមួយនឹងមនុស្សដែលថ្វាយបង្គំរូបព្រះ នោះនៅទីបំផុត សាសន៍ទាំងមូលអាចក្លាយទៅជាសាសន៍ដែលមិនបំរើព្រះវិញ។ ការថ្វាយបង្គំបរិសុទ្ធអាចសាបសូន្យបាត់ទៅ។ បើដូច្នេះ តើព្រះមេស្ស៊ីនឹងយាងមកតាមវង្សត្រកូលរបស់អ្នកណាទៅ? ហេតុដូច្នេះហើយ បានជាលោកអែសរ៉ាបានស្រងាកចិត្តពេលឃើញនូវអ្វីដែលបានកើតឡើង!
១០:៣, ៤៤—ហេតុអ្វីក៏ត្រូវបោះបង់ទាំងប្រពន្ធនិងកូន? បើទុកកូនឲ្យនៅ នោះប្រពន្ធដែលត្រូវបណ្ដេញចេញប្រហែលជានឹងមកវិញដោយសារកូន។ ម្យ៉ាងវិញទៀត កូនតូចៗត្រូវការឲ្យម្ដាយមើលថែរក្សា។
មេរៀនសំរាប់យើង:
៧:១០: លោកអែសរ៉ាទុកគំរូដ៏ល្អសំរាប់យើង ជាអ្នកដែលយកចិត្តទុកដាក់សិក្សានិងបង្រៀនព្រះបន្ទូលដោយប្រសិទ្ធភាព។ គាត់តែងអធិស្ឋានតាំងចិត្តស្វែងរកការណែនាំពីក្នុងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា។ កាលដែលអែសរ៉ាមើលក្រិត្យវិន័យរបស់ព្រះ នោះគាត់យកចិត្តទុកដាក់ជាទីបំផុតចំពោះអ្វីដែលព្រះយេហូវ៉ាមានបន្ទូល។ លោកអែសរ៉ាបានអនុវត្តតាមអ្វីដែលគាត់បានរៀន និងបានខំបង្រៀនអ្នកដទៃដែរ។
៧:១៣: ព្រះយេហូវ៉ាចង់បានអ្នកបំរើដែលស្ម័គ្រចិត្ត។
៧:២៧, ២៨; ៨:២១-២៣: អែសរ៉ាបានទុកចិត្តទៅលើព្រះយេហូវ៉ា បានអធិស្ឋានថ្វាយទ្រង់ដោយស្មោះមុននឹងធ្វើដំណើរដ៏យូរនិងប្រកបដោយគ្រោះថ្នាក់ទៅដល់ក្រុងយេរូសាឡិម។ ហើយគាត់ហ៊ានផ្សងគ្រោះថ្នាក់ដើម្បីសិរីរុងរឿងរបស់ព្រះ។ ហេតុដូច្នេះហើយ គាត់តាំងទុកគំរូដ៏ល្អសំរាប់យើងគ្រប់គ្នា។
៩:២: យើងត្រូវធ្វើតាមការដាស់តឿនឲ្យរៀបការតែ«ក្នុងព្រះអម្ចាស់»។—កូរិនថូសទី១ ៧:៣៩
៩:១៤, ១៥: ការសេពគប់មិនល្អអាចនាំឲ្យព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងយើង។
១០:២-១២, ៤៤: មនុស្សដែលយកប្រពន្ធដែលជាជនជាតិផ្សេងបានប្រែចិត្តដោយចិត្តរាបទាប ហើយកែដំរូវផ្លូវខុសរបស់ខ្លួន។ ចិត្តគំនិតនិងការប្រព្រឹត្តរបស់ពួកគេគឺគួរឲ្យសរសើរមែន។
ព្រះយេហូវ៉ាធ្វើតាមសេចក្ដីសន្យារបស់ទ្រង់
សៀវភៅអែសរ៉ាមានប្រយោជន៍សំរាប់យើងមែន! ព្រះយេហូវ៉ាបំពេញតាមសេចក្ដីសន្យារបស់ទ្រង់តាមត្រូវពេល ដើម្បីរំដោះរាស្ត្រទ្រង់ពីបាប៊ីឡូន និងស្ថាបនាការថ្វាយបង្គំពិតឡើងវិញនៅក្នុងក្រុងយេរូសាឡិម។ នេះពង្រឹងជំនឿយើងលើព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់ទ្រង់មែនទេ?
ចូរគិតនូវឧទាហរណ៍ផ្សេងៗដែលមានក្នុងសៀវភៅអែសរ៉ា។ ភក្ដីភាពដ៏ល្អប្រសើរចំពោះព្រះត្រូវបានបង្ហាញដោយអែសរ៉ា និងពួកសំណល់ដែលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីចូលរួមក្នុងការស្ថាបនាឡើងវិញនូវការថ្វាយបង្គំបរិសុទ្ធនៅក្រុងយេរូសាឡិម។ សៀវភៅនេះក៏បញ្ជាក់នូវជំនឿនៃពួកសាសន៍ដទៃដែលកោតខ្លាចព្រះ និងពួកអ្នកប្រព្រឹត្តខុសដែលមានចិត្តគំនិតរាបទាបហើយបានកែប្រែនោះ។ ប្រាកដហើយ ពាក្យរបស់អែសរ៉ាដែលត្រូវព្រះបណ្ដាលឲ្យតែង ផ្ដល់នូវភស្តុតាងយ៉ាងច្បាស់ថា«ព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង»។—ហេព្រើរ ៤:១២
[តារាង/រូបភាពនៅទំព័រ៨]
បណ្ដាស្តេចពេស៊ីពីឆ្នាំ៥៧៣-៤៦៨មុនគ.ស.
ស្តេចស៊ីរូស (អែសរ៉ា ១:១) បានសោយទិវង្គតនៅឆ្នាំ៥៣០មុនគ.ស.
ស្តេចកេមប៊ីសេសឬអ័ហាស៊ូរុស (អែសរ៉ា ៤:៦) ៥៣០-៥២២មុនគ.ស.
ស្តេចអើថាស៊ើកសេស កោម៉ាតា (អែសរ៉ា ៤:៧) ៥២២មុនគ.ស. (ត្រូវគេធ្វើឃាតក្រោយបាន
ឬបាឌីយ៉ា សោយរាជ្យត្រឹមតែប្រាំពីរខែ)
ស្តេចដារីយុសទី១ (អែសរ៉ា ៤:២៤) ៥២២-៤៨៦មុនគ.ស.
ស្តេចស៊ើកសេសឬអ័ហាស៊ូរុសa ៤៨៦-៤៧៥មុនគ.ស. (បានសោយរាជ្យជាមួយដារីយុសទី១
ពីឆ្នាំ៤៩៦-៤៨៦មុនគ.ស.
ស្តេចអើថាស៊ើកសេស ឡុងគីម៉ានូស (អែសរ៉ា ៧:១) ៤៧៥-៤២៤មុនគ.ស.
[កំណត់សម្គាល់]
a សៀវភៅអែសរ៉ាមិនរៀបរាប់អំពីស្តេចស៊ើកសេសឡើយ។ សៀវភៅនាងអេសធើរសំដៅលើទ្រង់ជាអ័ហាស៊ូរុស។
[រូបភាព]
អ័ហាស៊ូរុស
[រូបភាពនៅទំព័រ៨]
ស៊ីរូស
[រូបភាពនៅទំព័រ៨]
សិលាចារឹករបស់ស៊ីរូសបានចែង អំពីច្បាប់នៃការឲ្យជននិរទេសត្រឡប់ទៅស្រុកកំណើតខ្លួនវិញ
[អ្នកផ្ដល់សិទ្ធិ]
Cylinder: Photograph taken by courtesy of the British Museum
[រូបភាពនៅទំព័រ១១]
តើអ្នកដឹងនូវអ្វីដែលធ្វើឲ្យអែសរ៉ាទៅជាអ្នកបង្រៀនដែលមានប្រសិទ្ធភាពឬទេ?