ក្រុងយេរូសាឡិមមួយដែលសមតាមឈ្មោះ
«រីករាយឡើងជាដរាប ចំពោះការដែលអញបង្កើតនោះ ដ្បិតមើល អញនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ»។—អេសាយ ៦៥:១៨
១. តើលោកអែសរ៉ា មានអារម្មណ៍យ៉ាងណាចំពោះទីក្រុងដ៏រើសតាំងរបស់ព្រះ?
ជាកូនសិស្សដែលយកចិត្តទុកដាក់នឹងបន្ទូលរបស់ព្រះ នោះអែសរ៉ា ជាសង្ឃម្នាក់សាសន៍យូដា លោកបានស្រឡាញ់ជាទីបំផុតនូវទំនាក់ទំនងដែលក្រុងយេរូសាឡិមធ្លាប់មាន ជាមួយនឹងការថ្វាយបង្គំបរិសុទ្ធរបស់ព្រះយេហូវ៉ា។ (ចោទិយកថា ១២:៥; អែសរ៉ា ៧:២៧) សេចក្ដីស្រឡាញ់របស់លោកចំពោះទីក្រុងរបស់ព្រះនេះ បានត្រូវបង្ហាញឲ្យឃើញក្នុងផ្នែកនៃព្រះគម្ពីរដែលព្រះបានបណ្ដាលឲ្យលោកសរសេរ គឺរបាក្សត្រទី១និងទី២ ព្រមទាំងសៀវភៅអែសរ៉ា។ ក្នុងឯកសារប្រវត្ដិសាស្ត្រទាំងនេះ នោះឈ្មោះក្រុងយេរូសាឡិមមានជិត២៥ភាគរយ នៃ៨០០ដង ដែលមានក្នុងព្រះគម្ពីរទាំងមូល។
២. តើតាមរបៀបណាដែលអែសរ៉ា ជួនកាលបានកត់ទុកឈ្មោះនៃក្រុងយេរូសាឡិម ហើយតើនេះមានសារៈសំខាន់យ៉ាងណាដែរ?
២ ក្នុងភាសាហេព្រើរនៃព្រះគម្ពីរ «ក្រុងយេរូសាឡិម» គឺអាចយល់បានតាមបែបបទភាសាហេព្រើរ ដែលហៅថាទ្វេភាគ។ បែបបទជាទ្វេភាគបានត្រូវប្រើជាញឹកញាប់ សំរាប់វត្ថុដែលមានជាគូ ដូចជាភ្នែក ត្រចៀក ដៃ និងជើង។ ក្នុងបែបបទជាទ្វេភាគនេះ ឈ្មោះក្រុងយេរូសាឡិម អាចចាត់ទុកជា ទំនាយនៃសន្ដិភាពដែលរាស្ត្ររបស់ព្រះនឹងមានក្នុងន័យជាពីរ—ខាងវិញ្ញាណនិងខាងវត្ថុ។ បទគម្ពីរទាំងប៉ុន្មានមិនបានសម្ដែងប្រាប់ ថាតើអែសរ៉ាបានយល់ពេញលេញនឹងរឿងនោះទេ។ ប៉ុន្តែ ជាសង្ឃម្នាក់ លោកបានខំប្រឹងអស់ពីសមត្ថភាពដើម្បីជួយពួកយូដា ឲ្យមានសន្ដិភាពជាមួយនឹងព្រះ។ ហើយប្រាកដជាលោកបានខំប្រឹងធ្វើការមែន ដើម្បីឲ្យក្រុងយេរូសាឡិមសមតាមឈ្មោះរបស់វា ដែលន័យថា «របស់ [ឬក៏ គ្រឹះ]នៃសន្ដិភាពដែលមានពីរយ៉ាង»។—អែសរ៉ា ៧:៦
៣. តើមានប៉ុន្មានឆ្នាំកន្លងទៅហើយ មុននឹងយើងបានត្រូវដឹងអំពីសកម្មភាពរបស់អែសរ៉ាម្ដងទៀត ហើយតើយើងឃើញលោកក្នុងកាលៈទេសៈបែបណា?
៣ ព្រះគម្ពីរមិនចែងប្រាប់ថា អែសរ៉ាបាននៅកន្លែងណាទេ ក្នុងគ្រា១២ឆ្នាំដែលបានចន្លោះរវាងទស្សនកិច្ចរបស់លោកទៅក្រុងយេរូសាឡិម និងការមកដល់របស់នេហេមា ក្នុងទីក្រុងនេះ។ ស្ថានភាពដ៏មិនល្អខាងវិញ្ញាណក្នុងសាសន៍នេះនៅគ្រានោះ បង្ហាញថាលោកអែសរ៉ា មិនបាននៅទីក្រុងនោះទេ។ ប៉ុន្តែ យើងឃើញអែសរ៉ា កំពុងបំរើជាសង្ឃដ៏ស្មោះត្រង់ម្ដងទៀតក្នុងក្រុងយេរូសាឡិម បន្ដិចក្រោយពីកំផែងក្រុងនោះបានកសាងហើយ។
ថ្ងៃប្រជុំដ៏អស្ចារ្យ
៤. តើថ្ងៃទីមួយក្នុងខែប្រាំពីររបស់ប្រទេសអ៊ីស្រាអែលមានសារៈសំខាន់យ៉ាងណា?
៤ កំផែងនៃក្រុងយេរូសាឡិមបានត្រូវសង់ចប់ ទាន់ពេលនឹងខែទិស៊្រី ដែលជាខែពិសេសខាងពិធីបុណ្យ ហើយជាខែទីប្រាំពីរតាមប្រក្រតិទិនរបស់ប្រទេសអ៊ីស្រាអែល។ ថ្ងៃទីមួយក្នុងខែទិស៊្រី បានជាថ្ងៃជប់លៀងពិសេសខាងព្រះចន្ទខ្នើតដែលបានហៅថា បុណ្យនៃការផ្លុំត្រែ។ នៅថ្ងៃនោះ ពួកសង្ឃបានផ្លុំត្រែ កាលដែលកំពុងថ្វាយយញ្ញបូជាជូនព្រះយេហូវ៉ា។ (ជនគណនា ១០:១០; ២៩:១) ថ្ងៃនេះបានត្រូវប្រដាប់ពួកអ៊ីស្រាអែលសំរាប់ថ្ងៃធួនបាបដែលមានរៀងរាល់ឆ្នាំ គឺនៅថ្ងៃទី១០ ខែទិស៊្រី ហើយនិងបុណ្យដ៏រីករាយនៃការប្រមូល ចាប់ពីថ្ងៃទី១៥ទៅថ្ងៃទី២១ ក្នុងខែដដែលនេះ។
៥. (ក) តើតាមរបៀបណាដែលអែសរ៉ា និងនេហេមា បានយកប្រយោជន៍ពី‹ថ្ងៃទីមួយក្នុងខែទីប្រាំពីរ›? (ខ) ហេតុអ្វីក៏ពួកអ៊ីស្រាអែលបានយំយែក?
៥ នៅ‹ថ្ងៃដំបូងខែទីប្រាំពីរ› នោះ«បណ្ដាជនទាំងឡាយ»បានមកជួបជុំគ្នា ហើយមើលទៅ ប្រហែលជាបានត្រូវលើកទឹកចិត្តដោយលោកនេហេមា និងលោកអែសរ៉ា។ ពួកបុរស និងពួកស្ត្រី ព្រមទាំង«អស់អ្នកដែលល្មមនឹងស្ដាប់បាន»ក៏បានចូលរួមដែរ។ ដូច្នេះ កូនក្មេងៗក៏មានវត្តមានហើយប្រុងស្ដាប់ដែរ កាលដែលលោកអែសរ៉ាបានឈរនៅលើទីថ្កល់ ហើយអានមើលក្រិត្យវិន័យនោះ«ចាប់តាំងពីព្រលឹម ដរាបដល់ថ្ងៃត្រង់»។ (នេហេមា ៨:១-៤) យូរៗម្ដង នោះពួកលេវីក៏បានជួយបណ្ដាជនឲ្យយល់នូវអ្វីដែលបានអាននោះ។ នេះបានជំរុញពួកអ៊ីស្រាអែលឲ្យយំយែក កាលដែលគេដឹងថា ពួកគេនិងពួកឰយុកោរបស់គេ បានខ្វះខាតយ៉ាងច្រើនក្នុងការគោរពតាមក្រិត្យវិន័យរបស់ព្រះនោះ។—នេហេមា ៨:៥-៩
៦, ៧. តើពួកគ្រីស្ទានអាចរៀនអ្វីខ្លះ ពីអ្វីដែលនេហេមាបានធ្វើដើម្បីឲ្យពួកយូដាឈប់ពីការយំនោះ?
៦ ប៉ុន្តែ នេះមិនមែនជាគ្រាយំដោយសោកសង្រេងនោះទេ។ នេះគឺជាពេលធ្វើបុណ្យវិញ ហើយបណ្ដាជនទើបតែសង់កំផែងក្រុងយេរូសាឡិមបានចប់។ ដូច្នេះ លោកនេហេមា ក៏បានជួយពួកគេឲ្យមានទឹកចិត្តត្រឹមត្រូវ ដោយមានប្រសាសន៍ថា៖ «ចូរទៅចុះ ចូរបរិភោគរបស់ចំងាញ់ នឹងគ្រឿងបង្អែមទៅ ហើយជូនខ្លះដល់អ្នកណាដែលគ្មានអ្វីរៀបឲ្យផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ ដល់ព្រះអម្ចាស់នៃយើងរាល់គ្នា ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា»។ ដោយគោរព នោះ«ពួកជនក៏នាំគ្នាទៅបរិភោគភោជន៍ ព្រមទាំងជូនជំនូនដល់គេ ហើយតាំងចិត្តអរសប្បាយឡើងជាខ្លាំង ដោយព្រោះបានយល់ន័យសេចក្ដីទាំងប៉ុន្មាន ដែលបានថ្លែងប្រាប់ដល់ខ្លួន»។—នេហេមា ៨:១០-១២
៧ រាស្ត្ររបស់ព្រះសព្វថ្ងៃនេះ អាចរៀនបានច្រើនពីដំណើររឿងនេះ។ ពួកអ្នកដែលមានឯកសិទ្ធិធ្វើអត្ថាធិប្បាយនៅកិច្ចប្រជុំនិងសន្និបាត នោះគួរចាំជាប់ក្នុងគំនិតនូវដំណើររឿងនេះ។ ក្រៅពីឲ្យឱវាទដ៏កែតម្រង់ជាចាំបាច់ តែគ្រាបែបនេះបង្ហាញនូវផលប្រយោជន៍និងពរ ដោយសារការធ្វើតាមសេចក្ដីតម្រូវរបស់ព្រះ។ រាស្ត្ររបស់ព្រះបានត្រូវផ្ដល់ឲ្យនូវសេចក្ដីសរសើរចំពោះកិច្ចការល្អ ដែលបានធ្វើ ហើយការលើកទឹកចិត្តដើម្បីឲ្យបានស៊ូទ្រាំ។ ពួកគេត្រូវចេញពីកិច្ចប្រជុំដោយមានចិត្តរីករាយ ដោយព្រោះការលើកទឹកចិត្តដែលគេបានទទួលពីបន្ទូលរបស់ព្រះ។—ហេព្រើរ ១០:២៤, ២៥
ការប្រជុំដ៏សប្បាយមួយទៀត
៨, ៩. នៅថ្ងៃទីពីរក្នុងខែប្រាំពីរ តើមានកិច្ចប្រជុំដ៏ពិសេសអ្វី ហើយមានលទ្ធផលយ៉ាងណាចំពោះរាស្ត្ររបស់ព្រះ?
៨ នៅថ្ងៃទីពីរក្នុងខែដ៏ពិសេសនេះ «នោះពួកអ្នកជាកំពូលលើវង្សរបស់ឪពុកក្នុងពួកជន ព្រមទាំងពួកសង្ឃ នឹងពួកលេវី ក៏មូលគ្នាមកឯស្មៀនអែសរ៉ា ដើម្បីផ្ចង់ចិត្តស្ដាប់ពាក្យក្នុងក្រិត្យវិន័យ»។ (នេហេមា ៨:១៣) លោកអែសរ៉ា មានគុណវុឌ្ឍិបង្រៀនក្នុងកិច្ចប្រជុំនេះ ពីព្រោះលោក«បានតាំងចិត្តស្វែងរកក្នុងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាម ហើយបង្ហាត់បង្រៀនតាមបញ្ញត្ត នឹងសេចក្ដីយុត្ដិធម៌ក្នុងពួកអ៊ីស្រាអែល»។ (អែសរ៉ា ៧:១០) ប្រាកដហើយ កិច្ចប្រជុំនេះបានចង្អុលប្រាប់នូវចំណុចណាដែលរាស្ត្ររបស់ព្រះ ត្រូវការធ្វើតាមឲ្យបានដិតដល់តាមកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ។ អ្វីដែលគេត្រូវប្រុងស្មារតីជាបន្ទាន់ នោះគឺការត្រូវរៀបចំឲ្យបានល្អដើម្បីធ្វើបុណ្យបារាំ ដែលនឹងមានខាងមុខនោះ។
៩ បុណ្យដែលមានរយៈមួយសប្ដាហ៍នេះ បានត្រូវធ្វើឡើងតាមផ្លូវត្រឹមត្រូវ ដែលបណ្ដាជនទាំងឡាយបានស្នាក់នៅទីជម្រកបណ្ដោះអាសន្ន ដែលបានធ្វើឡើងពីមែកឈើផ្សេងៗ។ ពួកបណ្ដាជនធ្វើបារាំនៅលើដំបូលដ៏រាបស្មើរបស់ផ្ទះគេរៀងខ្លួន នៅទីធ្លាផ្ទះគេ នៅទីលានព្រះវិហារ ព្រមទាំងនៅទីធ្លាសាធារណៈក្នុងក្រុងយេរូសាឡិមផង។ (នេហេមា ៨:១៥, ១៦) នេះជាឱកាសដ៏ល្អម្ល៉េះហ្ន៎ ក្នុងការមកជួបជុំគ្នា ហើយអានមើលក្រិត្យវិន័យរបស់ព្រះឲ្យគេស្ដាប់នោះ! (ប្រៀបធៀប ចោទិយកថា ៣១:១០-១៣) នេះបានត្រូវធ្វើឡើងរៀងរាល់ថ្ងៃ «ចាប់តាំងពីថ្ងៃដំបូង ដរាបដល់ថ្ងៃចុងបំផុត» ហើយជាលទ្ធផល រាស្ត្ររបស់ព្រះមាន«សេចក្ដីរីករាយកើតឡើងជាខ្លាំង»។—នេហេមា ៨:១៧, ១៨
យើងមិនត្រូវធ្វេសប្រហែសនូវដំណាក់របស់ព្រះ
១០. ហេតុអ្វីក៏ការប្រជុំដ៏ពិសេសមួយបានត្រូវរៀបចំឡើង នៅថ្ងៃទី២៤ក្នុងខែប្រាំពីរ?
១០ គឺមានពេលនិងកន្លែងត្រឹមត្រូវ ដើម្បីកែតម្រូវនូវគុណវិបត្ដិដ៏ធ្ងន់ធ្ងរក្នុងចំណោមរាស្ត្ររបស់ព្រះ។ តាមប្រមើលទៅ ដោយដឹងថា នេះជាគ្រានឹងធ្វើបែបនេះ នោះលោកអែសរ៉ា និងលោកនេហេមា បានរៀបចំសំរាប់កាន់ត្រណម នៅថ្ងៃទី២៤ ក្នុងខែទិស៊្រី។ ម្ដងនេះទៀត ក្រិត្យវិន័យរបស់ព្រះក៏បានត្រូវអានឲ្យស្ដាប់ដែរ ហើយពួកបណ្ដាជនក៏បានសារភាពអំពីអំពើបាបរបស់គេ។ រួចមក ពួកលេវីក៏បានពិនិត្យមើលសាឡើងវិញនូវការទាក់ទងយ៉ាងមេត្ដាករុណារបស់ព្រះ ជាមួយនឹងរាស្ត្រដ៏រឹងទទឹងរបស់ទ្រង់ ហើយបានសម្ដែងការសរសើរយ៉ាងល្អដល់ព្រះយេហូវ៉ា ហើយបាន«ចុះសញ្ញាមាំមួន» ដែលមានពួកមេ ពួកលេវីនិងពួកសង្ឃ ជាអ្នកបោះត្រាចំពោះកិច្ចសន្យានោះ។—នេហេមា ៩:១-៣៨
១១. តើពួកយូដាបានតាំងចិត្តធ្វើតាម«សញ្ញាមាំមួន»អ្វី?
១១ ពួកបណ្ដាជនជាទូទៅបានស្បថថា នឹងសម្រេចតាម«សញ្ញាមាំមួន»ដែលបានកត់ទុកនោះ។ ពួកគេនឹង«កាន់តាមក្រិត្យវិន័យរបស់ព្រះ»។ ហើយពួកគេយល់ស្របនឹងមិនរៀបអាពាហ៍ពិពាហ៍ជាមួយនឹង«សាសន៍ទាំងប៉ុន្មានដែលនៅក្នុងស្រុក»ទេ។ (នេហេមា ១០:២៨-៣០) ម្យ៉ាងវិញទៀត ពួកយូដាបានតាំងចិត្តធ្វើតាមថ្ងៃឈប់សំរាក ហើយធ្វើវិភាគទានខាងប្រាក់កាសប្រចាំឆ្នាំ ដើម្បីគាំទ្រការថ្វាយបង្គំពិត ហើយផ្ដល់ឧសសំរាប់នឹងដុតនៅលើអាសនា និងផ្ដល់កូនច្បងពីហ្វូងគោ ហ្វូងចៀមរបស់គេ និងផលដំបូងពីស្រែចំការ មកឯបន្ទប់ទទួលទានអាហានៅក្នុងព្រះវិហាររបស់ព្រះ។ យ៉ាងច្បាស់ណាស់ ពួកគេបានតាំងចិត្ត‹មិនព្រមធ្វេសប្រហែសនូវដំណាក់របស់ព្រះឡើយ›។—នេហេមា ១០:៣២-៣៩
១២. តើការឥតធ្វេសប្រហែសដំណាក់របស់ព្រះសព្វថ្ងៃនេះ ទាក់ទងអ្វីខ្លះ?
១២ សព្វថ្ងៃនេះ រាស្ត្ររបស់ព្រះយេហូវ៉ាត្រូវតែប្រយ័ត្ន កុំឲ្យធ្វេសប្រហែសនូវឯកសិទ្ធិរបស់គេ ជា‹ការថ្វាយកិច្ចបំរើបរិសុទ្ធ›នៅក្នុងទីធ្លានៃព្រះវិហារខាងវិញ្ញាណដ៏ឧត្តមរបស់ព្រះយេហូវ៉ា។ (វិវរណៈ ៧:១៥) នេះគឺទាក់ទងនឹងសេចក្ដីអធិស្ឋានដ៏អស់ពីចិត្តជារឿយៗ សុំឲ្យមានការរីកចំរើនដល់ការថ្វាយបង្គំរបស់ព្រះយេហូវ៉ា។ ការរស់នៅដែលស្របតាមនឹងសេចក្ដីអធិស្ឋានបែបនេះ តម្រូវឲ្យរៀបចំសំរាប់កិច្ចប្រជុំគ្រីស្ទាន និងការចូលរួមក្នុងការប្រជុំនោះដែរ ព្រមទាំងការចូលរួមផ្សាយដំណឹងល្អ និងការជួយពួកអ្នកដែលចាប់អារម្មណ៍ ដោយត្រឡប់ទៅជួបគេវិញ ហើយបើអាចធ្វើទៅបាន នោះការចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយពួកគេ។ មនុស្សជាច្រើននាក់ដែលមិនចង់ធ្វេសប្រហែសនូវដំណាក់របស់ព្រះ ក៏ផ្ដល់វិភាគទានជាប្រាក់កាសឲ្យគាំទ្រកិច្ចការផ្សាយនេះ និងសំរាប់ការថែរក្សាកន្លែងថ្វាយបង្គំពិត។ យើងក៏អាចជួយគាំទ្រនូវការសង់កន្លែងជួបជុំគ្នាដែលត្រូវការជាបន្ទាន់ ព្រមទាំងមើលថែរក្សាកន្លែងនោះឲ្យបានស្អាតបាតដែរ។ របៀបដ៏សំខាន់មួយដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះដំណាក់ខាងវិញ្ញាណរបស់ព្រះ គឺដោយធ្វើឲ្យមានភាពសុខសាន្តក្នុងចំណោមពួកអ្នកជឿគ្នីគ្នា ហើយដោយជួយអ្នកណាដែលត្រូវការជំនួយខាងវត្ថុនិងខាងវិញ្ញាណដែរ។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; ហេព្រើរ ១៣:១៥, ១៦
ពិធីសម្ពោធដ៏សប្បាយរីករាយ
១៣. តើរឿងដ៏សំខាន់អ្វីដែលត្រូវការពិនិត្យមើល មុននឹងកំផែងរបស់ក្រុងយេរូសាឡិមអាចសម្ពោធឡើង ហើយតើមនុស្សជាច្រើនបានទុកគំរូដ៏ល្អយ៉ាងណា?
១៣ «សញ្ញាមាំមួន»ដែលបានបោះត្រានៅសម័យរបស់នេហេមា បានប្រដាប់រាស្ត្រពីបុរាណរបស់ព្រះ សំរាប់ថ្ងៃសម្ពោធនូវកំផែងនៃទីក្រុងយេរូសាឡិម។ ប៉ុន្តែ មានរឿងជាបន្ទាន់មួយទៀត ដែលត្រូវការពិនិត្យមើល។ ឥឡូវនេះដោយមានកំផែងដ៏ធំព័ទ្ធជុំវិញគេ ព្រមទាំងមានទ្វារ១២នោះ ក្រុងយេរូសាឡិមក៏ត្រូវការមនុស្សមួយចំនួនច្រើនដែរ។ ទោះជាមានពួកអ៊ីស្រាអែលខ្លះបានរស់នៅទីនោះក៏ដោយ «ទីក្រុងក៏ធំទូលាយណាស់ តែបណ្ដាជនមានគ្នាតិចពេក»។ (នេហេមា ៧:៤) ដើម្បីនឹងដោះស្រាយបញ្ហានេះ បណ្ដាជន«ចាប់ឆ្នោតយក១នាក់ក្នុង១០ ឲ្យមកនៅក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធដែរ»។ ការប្រព្រឹត្តដ៏សុខចិត្តតាមរបៀបរៀបចំនេះ បានជំរុញបណ្ដាជនឲ្យជូនពរ«ដល់មនុស្សទាំងប៉ុន្មាន ដែលប្រគល់ខ្លួន ឲ្យមកនៅក្រុងយេរូសាឡិម ដោយស្ម័គ្រពីចិត្ត»។ (នេហេមា ១១:១, ២) នេះជាគំរូដ៏ល្អមែនសំរាប់ពួកអ្នកថ្វាយបង្គំពិតសព្វថ្ងៃនេះ ដែលមានកាលៈទេសៈអនុញ្ញាតឲ្យគេរើទៅកន្លែងដែលត្រូវការច្រើនជាង នូវជំនួយពីពួកគ្រីស្ទានដែលមានគំនិតចាស់ទុំ!
១៤. តើមានអ្វីបានកើតឡើងនៅថ្ងៃធ្វើពិធីសម្ពោធនៃកំផែងក្រុងយេរូសាឡិម?
១៤ ការរៀបចំដ៏សំខាន់ក៏បានចាប់ផ្ដើមឡើង សំរាប់ថ្ងៃដ៏ធំដើម្បីធ្វើសម្ពោធនៃកំផែងក្រុងយេរូសាឡិម។ ពួកអ្នកលេងភ្លេងនិងអ្នកចំរៀងបានត្រូវមកជួបជុំគ្នា ពីទីក្រុងផ្សេងៗនៃស្រុកយូដា។ ពួកទាំងនេះបានត្រូវរៀបចំឡើងជាពីរក្រុមដែលពោលពាក្យអរព្រះគុណ ហើយមានដង្ហែនៅពីក្រោយដែរ។ (នេហេមា ១២:២៧-៣១, ៣៦, ៣៨) ក្រុមអ្នកចំរៀងនិងដង្ហែបានចាប់ផ្ដើមពីកន្លែងណាមួយលើកំផែងយ៉ាងឆ្ងាយបំផុតពីព្រះវិហារ ប្រហែលពីទ្វារច្រកភ្នំ ហើយហែតាមទិសផ្ទុយពីគ្នាទៅជួបគ្នានៅឯដំណាក់របស់ព្រះ។ «នៅថ្ងៃនោះ គេក៏ថ្វាយដង្វាយយ៉ាងសន្ធឹក ហើយមានសេចក្ដីរីករាយ ពីព្រោះព្រះទ្រង់បានធ្វើឲ្យគេអរសប្បាយយ៉ាងខ្លាំង ឯពួកស្រីៗនឹងកូនក្មេង ក៏សប្បាយព្រមគ្នា ដល់ម្ល៉េះបានជាសេចក្ដីអំណរដែលមាននៅក្រុងយេរូសាឡិម បានឮផ្សាយទៅឆ្ងាយ»។—នេហេមា ១២:៤៣
១៥. ហេតុអ្វីក៏ពិធីសម្ពោធកំផែងក្រុងយេរូសាឡិម មិនមែនជាមូលហេតុចំពោះអំណរជាអចិន្ត្រៃយ៍នោះ?
១៥ ព្រះគម្ពីរមិនប្រាប់ពីថ្ងៃណាដែលគេបានធ្វើបុណ្យដ៏សប្បាយនេះទេ។ គ្រានេះប្រាកដជាពិសេសមែន ប្រហែលជាទីអតិបរមានៃការកសាងឡើងវិញនូវក្រុងយេរូសាឡិម។ ពិតហើយ គឺមានកិច្ចការកសាងជាច្រើនដែលត្រូវធ្វើនៅក្នុងទីក្រុងនោះ។ ក្រោយមក ពលរដ្ឋនៃក្រុងយេរូសាឡិមបានបាត់បង់ជំហរដ៏ល្អខាងវិញ្ញាណរបស់គេ។ ឧទាហរណ៍ នៅពេលដែលនេហេមា បានទៅលេងទីក្រុងនេះនៅលើកទីពីរ នោះលោកបានឃើញថា ដំណាក់របស់ព្រះបានត្រូវគេធ្វេសប្រហែស ហើយពួកអ៊ីស្រាអែលក៏បានរៀបការជាមួយស្ត្រីពាហិរជនម្ដងទៀតដែរ។ (នេហេមា ១៣:៦-១១, ១៥, ២៣) ស្ថានភាពដ៏អាក្រក់នេះបានត្រូវកត់ទុកបញ្ជាក់ ដោយព្យាការីម៉ាឡាគី។ (ម៉ាឡាគី ១:៦-៨; ២:១១; ៣:៨) ដូច្នេះពិធីសម្ពោធកំផែងក្រុងយេរូសាឡិម មិនមែនជាមូលហេតុសំរាប់អំណរជាអចិន្ត្រៃយ៍នោះទេ។
មូលហេតុសំរាប់អំណរជារៀងរហូតតទៅ
១៦. តើព្រឹត្ដិការណ៍ដ៏អតិបរមាអ្វី ដែលរាស្ត្ររបស់ព្រះនឹងទន្ទឹងរង់ចាំនោះ?
១៦ សព្វថ្ងៃនេះ រាស្ត្ររបស់ព្រះទន្ទឹងចាំគ្រា នៅពេលដែលព្រះនឹងមានជ័យជំនះលើពួកសត្រូវទាំងអស់របស់ទ្រង់។ នេះនឹងត្រូវចាប់ផ្ដើមឡើង ដោយមានសេចក្ដីហិនវិនាសលើ«បាប៊ីឡូនដ៏ជាធំ» ដែលជាទីក្រុងជាអត្ថប្បដិរូបដែលរួមបញ្ចូលសាសនាមិនពិតទាំងអស់។ (វិវរណៈ ១៨:២, ៨) សេចក្ដីហិនវិនាសដល់សាសនាមិនពិត នឹងសម្គាល់នូវដំណាក់ទីមួយនៃសេចក្ដីវេទនាជាខ្លាំងដែលនឹងមាននៅខាងមុខនេះ។ (ម៉ាថាយ ២៤:២១, ២២) នៅខាងមុខយើងនេះ គឺនឹងមានព្រឹត្ដិការណ៍ដ៏សំខាន់មែន ជាការរៀបអាពាហ៍ពិពាហ៍នៅស្ថានសួគ៌ រវាងព្រះអម្ចាស់ព្រះយេស៊ូគ្រីស្ទជាមួយនឹងប្រពន្ធថ្មោងថ្មីរបស់ទ្រង់ គឺពួក១៤៤.០០០នាក់ ដែលជាពលរដ្ឋ«ក្រុងយេរូសាឡិមថ្មី»។ (វិវរណៈ ១៩:៧; ២១:២) យើងមិនអាចនិយាយបានថា ការរៀបអាពាហ៍ពិពាហ៍នោះនៅស្ថានសួគ៌នឹងបានបំពេញនោះទេ ប៉ុន្តែគឺប្រាកដជាព្រឹត្ដិការណ៍ដ៏សប្បាយរីករាយជាមិនខានហើយ។—សូមមើល ប៉មយាម ១៥ សីហា ១៩៩០ ទំព័រ ៣០-៣១។
១៧. តើយើងដឹងយ៉ាងណាអំពីទីបំពេញនូវក្រុងយេរូសាឡិមថ្មី?
១៧ យើងដឹងថា ទីបង្គ្រប់ក្រុងយេរូសាឡិមថ្មីគឺជិតដល់ហើយ។ (ម៉ាថាយ ២៤:៣, ៧-១៤; វិវរណៈ ១២:១២) មិនដូចទីក្រុងយេរូសាឡិមនៅលើផែនដី នោះទីក្រុងនៅស្ថានសួគ៌នឹងមិនមែនជាមូលហេតុដែលធ្វើឲ្យតូចចិត្តនោះទេ។ នេះគឺពីព្រោះ ពលរដ្ឋក្រុងនោះ បានត្រូវចាក់ប្រេងតាំងដោយវិញ្ញាណ បានត្រូវល្បងល ហើយជាពួកកាន់តាមព្រះគ្រីស្ទដែលបានត្រូវសំរង។ ពេលដែលបានស្មោះត្រង់រហូតនឹងស្លាប់ នោះគេម្នាក់ៗនឹងបានបង្ហាញជាស្រេចហើយ ថានឹងស្មោះត្រង់ជារៀងរហូតតទៅ ដល់ព្រះមហាក្សត្រសកលលោក គឺព្រះយេហូវ៉ា។ នេះគឺមានសារៈសំខាន់ណាស់ចំពោះមនុស្សលោកទាំងអស់ គឺទាំងមនុស្សនៅរស់និងមនុស្សស្លាប់ផង!
១៨. ហេតុអ្វីក៏យើងត្រូវ«មានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាប»?
១៨ ចូរពិចារណាមើលនូវអ្វីនឹងកើតឡើង នៅពេលដែលក្រុងយេរូសាឡិមថ្មី ប្រុងស្មារតីមកឯមនុស្សលោក ដែលអនុវត្តជំនឿលើយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ សាវ័កយ៉ូហានបានសរសេរថា៖ «មើល រោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ។ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។ (វិវរណៈ ២១:២-៤) ម្យ៉ាងវិញទៀត ព្រះនឹងប្រើរបៀបរៀបចំនេះ ដែលមានសភាពដូចទីក្រុង ឲ្យលើកមនុស្សឲ្យបានគ្រប់ល័ក្ខណ៍។ (វិវរណៈ ២២:១, ២) នេះជាមូលហេតុដ៏អស្ចារ្យមែន ក្នុងការ‹មានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាប ចំពោះការដែលព្រះកំពុងបង្កើតឥឡូវនេះ›!—អេសាយ ៦៥:១៨
១៩. តើអ្វីជាសួនមនោរម្យខាងវិញ្ញាណ ដែលពួកគ្រីស្ទានបានត្រូវប្រមូលឲ្យចូលទៅនោះ?
១៩ យ៉ាងណាក៏ដោយ មនុស្សលោកដែលប្រែចិត្ត មិនចាំបាច់រង់ចាំរហូតដល់ពេលនោះ ដើម្បីនឹងទទួលជំនួយពីព្រះនោះទេ។ នៅឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានចាប់ផ្ដើមប្រមូលពួកសមាជិកចុងក្រោយនៃពួក១៤៤.០០០នាក់ ឲ្យចូលក្នុងសួនមនោរម្យខាងវិញ្ញាណ ដែលជាទីពោរពេញទៅដោយផលផ្លែនៃវិញ្ញាណរបស់ព្រះ ដូចជា សេចក្ដីស្រឡាញ់ អំណរអរ និងសន្ដិភាព។ (កាឡាទី ៥:២២, ២៣) លក្ខណៈដ៏អស្ចារ្យមួយក្នុងសួនមនោរម្យខាងវិញ្ញាណនេះ គឺជាជំនឿរបស់អស់អ្នករស់នៅដែលបានត្រូវចាក់ប្រេងតាំង ដែលមានផលដ៏អស្ចារ្យខាងការនាំមុខផ្សាយដំណឹងល្អ នៃសារព្រះរាជាណាចក្ររបស់ព្រះទូទាំងផែនដី។ (ម៉ាថាយ ២១:៤៣; ២៤:១៤) ជាលទ្ធផល «ចៀមឯទៀត»ដែលមានចំនួនជិតប្រាំមួយលាននាក់ ដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី ក៏បានត្រូវឲ្យចូលក្នុងសួនមនោរម្យខាងវិញ្ញាណនេះដែរ ហើយក៏សប្បាយរីករាយនឹងកិច្ចការដ៏មានផលនេះ។ (យ៉ូហាន ១០:១៦) គេបានមានគុណវុឌ្ឍិចំពោះរឿងនេះ ដោយថ្វាយខ្លួនជូនព្រះយេហូវ៉ា មានមូលដ្ឋានលើជំនឿរបស់គេទៅលើយញ្ញបូជាលោះរបស់រាជបុត្រាទ្រង់ ដែលជាព្រះយេស៊ូគ្រីស្ទ។ ការចូលរួមជាមួយនឹងពួកដែលនឹងធ្វើជាសមាជិកនៃក្រុងយេរូសាឡិមថ្មី គឺបាននាំឲ្យមានពរជាច្រើនពិតមែន។ ដូច្នេះហើយ ដោយការទាក់ទងជាមួយពួកគ្រីស្ទានចាក់ប្រេងតាំង នោះព្រះយេហូវ៉ាបានចាក់គ្រឹះដ៏មុតមាំចំពោះ«ផែនដីថ្មី» ជាសង្គមមនុស្សដែលកោតខ្លាចព្រះ ដែលនឹងបានផែនដីជាមរតក នៅក្រោមការចាត់ចែងនៃព្រះរាជាណាចក្រនៅស្ថានសួគ៌។—អេសាយ ៦៥:១៧; ពេត្រុសទី២ ៣:១៣
២០. តើតាមរបៀបណាដែលក្រុងយេរូសាឡិមថ្មីនឹងធ្វើតាមអត្ថន័យនៃឈ្មោះនោះ?
២០ ស្ថានភាពដ៏ក្សេមក្សាន្តដែលរាស្ត្ររបស់ព្រះយេហូវ៉ា កំពុងតែមាននៅឥឡូវនេះក្នុងសួនមនោរម្យខាងវិញ្ញាណរបស់គេ នោះមិនយូរប៉ុន្មានទៀតនឹងមានជាពិតក្នុងសួនមនោរម្យដ៏មែនទែននៅលើផែនដី។ នេះនឹងកើតឡើងនៅពេលដែលក្រុងយេរូសាឡិមថ្មីចុះពីស្ថានសួគ៌មកឲ្យពរមនុស្សលោក។ តាមរបៀបពីរយ៉ាង នោះរាស្ត្ររបស់ព្រះនឹងមានស្ថានភាពដ៏ក្សេមក្សាន្ត ដែលបានសន្យាមកនៅអេសាយ ៦៥:២១-២៥។ ដែលមានឯកភាពក្នុងការថ្វាយបង្គំព្រះយេហូវ៉ាក្នុងសួនមនោរម្យខាងវិញ្ញាណ នោះពួកចាក់ប្រេងតាំង ដែលមិនទាន់យកកន្លែងរបស់ខ្លួនក្នុងក្រុងយេរូសាឡិមនៅស្ថានសួគ៌នៅឡើយ ហើយនិងពួក«ចៀមឯទៀត»គឺកំពុងតែទទួលសន្ដិភាពដែលព្រះប្រទានឲ្យ។ ហើយសន្ដិភាពនេះនឹងមានក្នុងសួនមនោរម្យដែរ នៅពេលដែល«ព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:១០) ត្រូវហើយ ទីក្រុងដ៏រុងរឿងនៅស្ថានសួគ៌របស់ទ្រង់ នឹងសម្ដែងឲ្យឃើញថាបានសមតាមឈ្មោះក្រុងយេរូសាឡិមមែន ដែលជា‹គ្រឹះនៃសន្ដិភាពដែលមានពីរយ៉ាង›។ ជាអស់កល្បជានិច្ច ទីក្រុងនេះនឹងបានស្ថិតស្ថេរ ហើយផ្ដល់ការសរសើរឲ្យព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើង គឺព្រះយេហូវ៉ា ហើយដល់ព្រះយេស៊ូគ្រីស្ទ ដែលជាស្តេចដ៏ជាប្ដីថ្មោងថ្មី។
តើអ្នកនៅចាំឬទេ?
◻ តើបានត្រូវសម្រេចអ្វី នៅពេលដែលនេហេមា បានប្រមូលបណ្ដាជនក្នុងក្រុងយេរូសាឡិម?
◻ តើពួកយូដាពីបុរាណត្រូវតែធ្វើអ្វី ដើម្បីកុំឲ្យធ្វេសប្រហែសដំណាក់របស់ព្រះ ហើយតើយើងបានតម្រូវឲ្យធ្វើអ្វី?
◻ តើតាមរបៀបណាដែល«ក្រុងយេរូសាឡិម» មានការទាក់ទងក្នុងការនាំឲ្យមានអំណរនិងសន្ដិភាពជាស្ថាពរនោះ?