សៀវភៅម៉ាថាយ
២៨ បន្ទាប់ពីថ្ងៃឈប់សម្រាក ពេលដែលថ្ងៃចាប់ផ្ដើមរះនៅថ្ងៃដំបូងនៃសប្ដាហ៍ ម៉ារៀម៉ាក់ដាឡេននិងម៉ារៀមួយទៀតបានទៅមើលកន្លែងបញ្ចុះសពនោះ។+
២ មើល! មុនពេលនោះដីបានរញ្ជួយយ៉ាងខ្លាំង ព្រោះទេវតារបស់ព្រះយេហូវ៉ា*បានចុះពីស្ថានសួគ៌មក ហើយទៅប្រមៀលថ្មនោះចេញ រួចអង្គុយលើថ្មនោះ។+ ៣ អាការក្រៅរបស់ទេវតានោះដូចផ្លេកបន្ទោរ ហើយសម្លៀកបំពាក់របស់គាត់គឺសស្គុស។+ ៤ ឯពួកអ្នកយាមវិញ ដោយសារភ័យខ្លាចទេវតានោះ ពួកគេញ័ររន្ធត់ដល់ម្ល៉េះបានជាពួកគេនៅស្ងៀមឥតកម្រើកដូចជាមនុស្សស្លាប់។
៥ ប៉ុន្តែ ទេវតានោះបានតបទៅស្ត្រីទាំងពីរនាក់ថា៖ «កុំខ្លាចឡើយ ខ្ញុំដឹងថាពួកនាងកំពុងរកលោកយេស៊ូដែលគេបានព្យួរ។+ ៦ លោកមិននៅទីនេះទេ ព្រោះលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ ដូចលោកបានមានប្រសាសន៍។+ សូមមកមើលកន្លែងដែលគេបានដាក់សពរបស់លោក។ ៧ រួចចូរប្រញាប់ទៅប្រាប់ពួកអ្នកកាន់តាមលោកថា លោកបានត្រូវប្រោសឲ្យរស់ឡើងវិញហើយ ព្រោះមើល! លោកនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។+ អ្នករាល់គ្នានឹងឃើញលោកនៅទីនោះ។ មើល! ខ្ញុំបានប្រាប់អ្នកហើយ»។+
៨ ដូច្នេះ ពួកនាងក៏ប្រញាប់ចាកចេញពីទីបញ្ចុះសពទាំងភ័យផងទាំងត្រេកអរក្រៃលែងផង ដើម្បីរត់ទៅប្រាប់ពួកអ្នកកាន់តាមលោក។+ ៩ ខណៈនោះ លោកយេស៊ូបានជួបពួកនាង ហើយពោលថា៖ «សួស្ដី!»។ ពួកនាងបានចូលទៅជិតឱបជើងលោក រួចលំឱនកាយគោរពលោក។ ១០ លោកយេស៊ូមានប្រសាសន៍ទៅពួកនាងថា៖ «កុំខ្លាចឡើយ! ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំ ដើម្បីឲ្យពួកគាត់ទៅស្រុកកាលីឡេ ហើយពួកគាត់នឹងឃើញខ្ញុំនៅទីនោះ»។
១១ កាលដែលពួកនាងកំពុងធ្វើដំណើរទៅ នោះពួកអ្នកយាមខ្លះ+បានចូលទៅក្នុងក្រុង រាយការណ៍ប្រាប់ពួកសង្ឃនាយកអំពីអ្វីៗទាំងអស់ដែលបានកើតឡើង។ ១២ ក្រោយពីអ្នកទាំងនោះបានប្រជុំពិភាក្សាគ្នាជាមួយនឹងពួកបុរសចាស់ទុំហើយ នោះពួកគេក៏ឲ្យកាក់ប្រាក់មួយចំនួនល្មមដល់ពួកទាហាន ១៣ រួចប្រាប់ថា៖ «ចូរនិយាយថា៖ ‹ពួកអ្នកកាន់តាមគាត់បានមកទាំងយប់ ហើយលួចសពគាត់ពេលដែលយើងកំពុងដេកលក់›+ ១៤ ហើយបើរឿងនេះលេចឮដល់អភិបាល យើងនឹងពន្យល់ប្រាប់*គាត់ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយបារម្ភ»។ ១៥ ដូច្នេះ ពួកទាហានបានយកកាក់ប្រាក់ទាំងនោះ ហើយធ្វើតាមបង្គាប់ពួកគេ។ រួចរឿងនោះបានត្រូវផ្សាយសុសសាយក្នុងចំណោមជនជាតិយូដា រហូតមកដល់សព្វថ្ងៃនេះ។
១៦ ក៏ប៉ុន្តែ អ្នកកាន់តាមលោកទាំង១១នាក់បានចូលស្រុកកាលីឡេ+ រួចទៅឯភ្នំដែលលោកយេស៊ូបានកំណត់ឲ្យទៅ។+ ១៧ ពេលដែលពួកគាត់ឃើញលោក នោះពួកគាត់បានលំឱនកាយគោរព តែអ្នកខ្លះបានសង្ស័យថាមិនមែនលោកទេ។ ១៨ លោកយេស៊ូក៏ចូលទៅជិត ហើយមានប្រសាសន៍ទៅពួកគាត់ថា៖ «ខ្ញុំបានទទួលគ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី។+ ១៩ ដូច្នេះ ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយជាអ្នកកាន់តាមខ្ញុំ+ ហើយជ្រមុជទឹកឲ្យពួកគេ+ ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមឫទ្ធានុភាពបរិសុទ្ធរបស់លោក ២០ ព្រមទាំងបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។+ មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។*+