ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីពីរ
យើងដឹងទុកជាមុនថា យើងត្រូវមានទុក្ខលំបាកនិងជួបការល្បងល ដោយសារយើងបម្រើព្រះយេហូវ៉ា។ សាវ័កប៉ុលធ្លាប់សរសេរថា៖ «ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្ដិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ»។ (ធីម៉ូថេទី២ ៣:១២) តើអ្វីនឹងជួយឲ្យយើងស៊ូទ្រាំទុក្ខលំបាកនិងការបៀតបៀន ដើម្បីបញ្ជាក់ថាយើងបម្រើព្រះដោយចិត្តស្មោះគ្រប់លក្ខណ៍នោះ?
ប៉ែកទីពីរក្នុងប៉ែកទាំងប្រាំនៃសៀវភៅទំនុកដំកើង អាចជួយឲ្យយើងស៊ូទ្រាំបាន។ ទំនុកទី៤២ដល់៧២ឲ្យដឹងថា យើងត្រូវទុកចិត្តព្រះយេហូវ៉ាទាំងស្រុង ហើយរៀនឲ្យចេះអត់ធ្មត់រង់ចាំឲ្យទ្រង់សង្គ្រោះយើង ទើបយើងអាចស៊ូទ្រាំនឹងទុក្ខលំបាកបាន។ នេះជាមេរៀនសំខាន់ណាស់! សូម្បីតែសព្វថ្ងៃនេះក៏ដោយ ព័ត៌មានក្នុងទំនុកដំកើងប៉ែកទីពីរក៏ដូចជាបទគម្ពីរឯទៀតក្នុងព្រះគម្ពីរដែរ ដ្បិតនោះ«រស់នៅ ហើយពូកែផង»។—ហេព្រើរ ៤:១២
ព្រះយេហូវ៉ា«ជាទីពឹងជ្រក ក៏ជាកំឡាំង»របស់យើង
បុរសម្នាក់ពីកុលសម្ព័ន្ធលេវីជាឈ្លើយសឹកនៅស្រុកឆ្ងាយមួយ។ គាត់ស្រណោះស្រណោកព្រះវិហាររបស់ព្រះយេហូវ៉ា ជាកន្លែងដែលគាត់ធ្លាប់ទៅថ្វាយបង្គំ ហើយពោលពាក្យលួងលោមចិត្តខ្លួនឯងឲ្យបំបាត់ទុក្ខព្រួយ។ គាត់ពោលថា៖ «ឱព្រលឹងអញអើយ! ហេតុអ្វីបានជាត្រូវបង្អោនចុះ ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះចុះ!»។ (ទំនុកដំកើង ៤២:៥, ១១; ៤៣:៥) ខនេះមានច្រើនដងក្នុងទំនុកទី៤២និង៤៣។ ហេតុនេះទំនុកទី៤២និង៤៣ត្រូវចាត់ទុកជាទំនុកតែមួយវិញ។ ទំនុកទី៤៤ជាការទូលអង្វរសុំជំនួយសម្រាប់ស្រុកយូដាដែលកំពុងតែមានវិបត្ដិ ប្រហែលនៅសម័យស្តេចហេសេគា ពេលដែលសាសន៍អាស៊ើប៉ុនប៉ងរុករានទន្ទ្រានស្រុក។
ទំនុកទី៤៥ជាដែលរៀបរាប់អំពីពិធីរៀបអាពាហ៍ពិពាហ៍របស់ស្តេចមួយអង្គ គឺជាទំនាយអំពីព្រះមេស្ស៊ីដែលជាស្តេច។ ទំនុកនោះជាទំនាយអំពីព្រះមេស្ស៊ីដែលជាស្តេច។ ទំនុកទាំងបីបន្ទាប់ពីនោះ បញ្ជាក់ថាព្រះយេហូវ៉ា«ជាទីពឹងជ្រក ក៏ជាកំឡាំង» «ជាមហាក្សត្រយ៉ាងធំលើផែនដីទាំងមូល» និង«ជាទីពឹង»។ (ទំនុកដំកើង ៤៦:១; ៤៧:២; ៤៨:៣) ទំនុកទី៤៩រៀបរាប់យ៉ាងពីរោះស្ដាប់ឲ្យដឹងថាគ្មានមនុស្សណាម្នាក់ «អាចលោះបងប្អូនខ្លួន»បានឡើយ។ (ទំនុកដំកើង ៤៩:៧) ទំនុកទាំង៨ដំបូងនៃទំនុកដំកើងប៉ែកទីពីរត្រូវគេចាត់ទុកជាស្នាដៃរបស់កូនប្រុសៗរបស់លោកកូរេ។ រីឯទំនុកទី៥០វិញ នោះជាទំនុករបស់លោកអេសាភ។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៤៤:១៩—តើ«ទីរបស់ឆ្កែព្រៃ»សំដៅទៅលើអ្វី? អ្នកតែងទំនុកនេះប្រហែលជាសំដៅទៅលើសមរភូមិ ដោយសារនៅទីនោះខ្មោចទាហានទៅជាចំណីរបស់ឆ្កែព្រៃ។
៤៥:១៣, ១៤ក—តើអ្នកណាជា«បុត្រីនៃស្តេច»ដែលនឹងត្រូវ«នាំ . . . មកថ្វាយព្រះករុណា»? បុត្រីនេះរបស់ព្រះយេហូវ៉ាដែលជា «ស្តេចនៃអស់ទាំងកល្ប»។ (ធីម៉ូថេទី១ ១:១៧) បុត្រីនេះតំណាងក្រុមអ្នកចាក់ប្រេងតាំង១៤៤.០០០នាក់ពេលទទួលសិរីរុងរឿងនៅស្ថានសួគ៌។ ព្រះយេហូវ៉ាទទួលពួកគាត់ជាបុត្រទ្រង់ដោយ តែងតាំងពួកគាត់ដោយវិញ្ញាណ។ (រ៉ូម ៨:១៦) «បុត្រី»នេះរបស់ព្រះយេហូវ៉ា ដែលត្រូវ«តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី» នឹងត្រូវនាំទៅឯប្ដី គឺជាស្តេចដែលជាព្រះមេស្ស៊ី។—វិវរណៈ ២១:២
៤៥:១៤ខ, ១៥—តើ«ពួកព្រហ្មចារី»តំណាងអ្នកណា? ពួកគេតំណាង«មនុស្ស១ហ្វូងយ៉ាងធំ»ជាអ្នកថ្វាយបង្គំពិត ដែលរួបរួមជាមួយនិងជួយពួកអ្នកចាក់ប្រេងតាំងដែលនៅសល់។ ដោយសារពួកគេរួចរស់ជីវិត«ចេញពីគ្រាវេទនាយ៉ាងធំមក» នោះពួកគេនឹងនៅលើផែនដីពេលដែលអាពាហ៍ពិពាហ៍របស់ស្តេចដែលជាព្រះមេស្ស៊ីកើតឡើងនៅស្ថានសួគ៌។ (វិវរណៈ ៧:៩, ១៣, ១៤) នៅគ្រានោះ ពួកគេនឹង«មានសេចក្ដីរីករាយសប្បាយ»។
៤៥:១៦—តើក្នុងន័យអ្វីដែលស្តេចនឹងមានព្រះរាជបុត្រជំនួសឪពុក? នៅពេលព្រះយេស៊ូប្រសូតនៅផែនដី ទ្រង់មានឪពុកឬបុព្វបុរសជាមនុស្ស។ ពួកគេនឹងទៅជាព្រះរាជបុត្រារបស់ទ្រង់ ពេលដែលទ្រង់ប្រោសឲ្យពួកគេរស់ឡើងវិញក្នុងកំលុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ទ្រង់។ ពួកគេខ្លះនឹងរួមចំណែកជាមួយអ្នកដែលត្រូវតែងតាំងជា«ចៅហ្វាយនៅគ្រប់លើផែនដី»។
៥០:២—ហេតុអ្វីបានជាខនេះរៀបរាប់ថាទីក្រុងយេរូសាឡិម«មានលំអដ៏គ្រប់លក្ខណ៍»? នេះមិនមែនដោយសារសោភណភាពនៃទីក្រុងនោះទេ។ លម្អរបស់ទីក្រុងយេរូសាឡិមគឺដោយសារព្រះយេហូវ៉ាប្រើទីក្រុងនោះដើម្បីសម្រេចគោលបំណងរបស់ទ្រង់ ហើយបានប្រទានកិត្ដិយសដល់ទីក្រុងឲ្យធ្វើជាទីតាំងព្រះវិហាររបស់ទ្រង់និងរាជធានីរបស់ស្តេចដែលទ្រង់តែងតាំង។
មេរៀនសម្រាប់យើង:
៤២:១-៣: បុរសពីកុលសម្ព័ន្ធលេវីបានដង្ហក់រកឬប្រាថ្នារកព្រះយេហូវ៉ា ដូចជាសត្វក្ដាន់ញីប្រាថ្នារកទឹកនៅទីហួតហែង។ ដោយសារគាត់មិនអាចថ្វាយបង្គំព្រះយេហូវ៉ានៅឯដំណាក់របស់ទ្រង់ នោះបុរសនោះបានពិបាកចិត្តរហូតដល់‹ទឹកភ្នែករបស់គាត់បានទៅជាអាហារគាត់ទាំងថ្ងៃទាំងយប់› គឺថាគាត់លែងចង់បរិភោគ។ យើងក៏គួរបណ្ដុះឲ្យមានការអបអរយ៉ាងខ្លាំងចំពោះការថ្វាយបង្គំព្រះយេហូវ៉ាជាមួយអ្នកជឿគ្នីគ្នាដែរ មែនទេ?
៤២:៤, ៥, ១១; ៤៣:៣-៥: ប្រសិនបើយើងត្រូវនៅឆ្ងាយពីក្រុមជំនុំអស់មួយរយៈ ដោយសារមូលហេតុណាដែលយើងជៀសពុំបាននោះ ការនឹកចាំអំពីអំណរដែលយើងធ្លាប់មានពេលបានចូលរួមជាមួយក្រុមជំនុំអាចផ្ដល់កម្លាំងចិត្តឲ្យយើង។ ពិតមែនថា នៅដើមដំបូងការគិតអំពីរឿងនេះប្រហែលជានឹងធ្វើឲ្យយើងរឹតតែពិបាកចិត្ត តែការនឹកចាំរឿងទាំងនោះក៏នឹងរំលឹកយើងថា ព្រះយេហូវ៉ាជាទីពឹងជ្រករបស់យើង ហើយយើងត្រូវរង់ចាំទទួលសេចក្ដីសង្គ្រោះអំពីទ្រង់។
៤៦:១-៣: មិនថាយើងជួបនឹងទុក្ខលំបាកអ្វីក៏ដោយ យើងត្រូវមានទំនុកចិត្តទាំងស្រុងថា ព្រះ«ជាទីពឹងជ្រក ក៏ជាកំឡាំង»របស់យើង។
៥០:១៦-១៩: អ្នកណាដែលនិយាយពាក្យភូតភរបោកបញ្ឆោតគ្មានសិទ្ធិតំណាងព្រះឡើយ។
៥០:២០: ជាជាងប្រញាប់ដើរប្រាប់ពីកំហុសអ្នកដទៃ យើងអត់ឱនទោសរួចបំភ្លេចកំហុសនោះ។—កូល៉ុស ៣:១៣
«ព្រលឹងខ្ញុំអើយ! ចូរនៅស្ងៀមចាំតែព្រះចុះ!»
ទំនុកទាំងនេះចាប់ផ្ដើមដោយសេចក្ដីអធិស្ឋានដ៏ស្មោះអស់ពីព្រះទ័យរបស់ស្តេចដាវីឌ ក្រោយទ្រង់ប្រព្រឹត្តបាបជាមួយនាងបាតសេបា។ ទំនុកទី៥២ដល់៥៧បញ្ជាក់ថា ព្រះយេហូវ៉ានឹងប្រោសឲ្យរួចនូវអស់អ្នកដែលផ្ទេរបន្ទុកលើទ្រង់ ហើយរង់ចាំទទួលសេចក្ដីសង្គ្រោះអំពីទ្រង់។ ដូចត្រូវបញ្ជាក់ក្នុងទំនុកទី៥៨-៦៤នោះ ស្តេចដាវីឌទុកព្រះយេហូវ៉ាជាទីពឹងជ្រករបស់ទ្រង់។ ទ្រង់ច្រៀងថា៖ «ព្រលឹងខ្ញុំអើយ! ចូរនៅស្ងៀមចាំតែព្រះចុះ! ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ នោះមកតែពីទ្រង់ទេ»។—ទំនុកដំកើង ៦២:៥
ភាពស្និទ្ធស្នាលជាមួយព្រះដែលសង្គ្រោះយើង គួរជំរុញឲ្យ«ច្រៀងពីកិត្ដិយសនៃព្រះនាមទ្រង់»។ (ទំនុកដំកើង ៦៦:២) នៅទំនុកទី៦៥ ព្រះយេហូវ៉ាបានត្រូវសរសើរជាព្រះដែលទំនុកបម្រុងយើងដោយព្រះទ័យទូលាយ។ នៅទំនុកទី៦៧និង៦៨ទ្រង់បានត្រូវសរសើរជាព្រះដែលជួយសង្គ្រោះ ហើយនៅទំនុកទី៧០និង៧១ ទ្រង់ជាអ្នកប្រោសឲ្យរួច។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៥១:១២—ក្នុងសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ បន្ទូលរបស់ដាវីឌក្នុងខនេះត្រូវបកប្រែថា «សូមទប់ទល់ទូលបង្គំដោយចិត្តព្រមតាម»។ នេះមិនសំដៅទៅលើព្រះយេហូវ៉ាមានព្រះទ័យព្រមតាមការទូលអង្វរឲ្យជួយដាវីឌឡើយ តែនេះសំដៅទៅលើចិត្តគំនិតរបស់ដាវីឌ។ ដាវីឌកំពុងតែសុំព្រះប្រទានឲ្យមានក្ដីប៉ងប្រាថ្នាធ្វើអ្វីដ៏ត្រឹមត្រូវ។
៥៣:១—តើក្នុងន័យអ្វីដែលបុគ្គលដែលមិនព្រមជឿថាមានព្រះគឺ«ល្ងង់ខ្លៅ»? ពាក្យល្ងង់ខ្លៅក្នុងខនេះមិនសំដៅទៅលើអ្នកអវិជ្ជាឡើយ តែសំដៅទៅលើអ្នកដែលគ្មានសីលធម៌វិញ។ យើងយល់ដូច្នេះដោយទំនុកដំកើង ៥៣:១-៤ ដែលបញ្ជាក់ថាពួកគេប្រព្រឹត្តដោយអសីលធម៌នោះ។
៥៨:៣-៥—តើមនុស្សទុច្ចរិតប្រៀបបាននឹងសត្វពស់យ៉ាងដូចម្ដេចខ្លះ? សេចក្ដីភូតភរដែលមនុស្សទុច្ចរិតនិយាយអំពីអ្នកឯទៀត គឺដូចជាពិសរបស់សត្វពស់ ដ្បិតអ្វីពួកគេនិយាយធ្វើឲ្យខូចកេរ្ដិ៍ឈ្មោះល្អរបស់អ្នកឯទៀត។ មនុស្សទុច្ចរិតមិនស្ដាប់ការណែនាំឬការប្រដៅពីអ្នកឯទៀត ដូចជា«ពស់វែកដំឡង់ ដែលបិទត្រចៀក»។
៥៨:៧—តើមនុស្សទុច្ចរិត«រលាយហូរទៅដូចជាទឹក»យ៉ាងដូចម្ដេច? ដាវីឌប្រហែលជាបានគិតអំពីផ្លូវទឹកក្នុងជ្រលងភ្នំខ្លះនៅស្រុកសន្យា។ បើភ្លៀងធ្លាក់ខ្លាំង នោះអាចធ្វើឲ្យផ្លូវទឹកជន់ជោរឡើង ប៉ុន្តែទឹកនោះក៏ឆាប់ស្រកបាត់ទៅ។ ដាវីឌកំពុងតែអធិស្ឋានសុំឲ្យមនុស្សទុច្ចរិតបាត់ទៅយ៉ាងឆាប់។
៦៨:១៣—តើ«ស្លាបដូចជាព្រាបដែលស្រោបដោយប្រាក់ ហើយរោមក៏ស្រោបដោយមាសលឿង»សំដៅទៅលើអ្វី? សត្វព្រាបខ្លះមានរោមពណ៌ខៀវលាយប្រផេះ ហើយពេលត្រូវពន្លឺថ្ងៃក៏ផ្នែកខ្លះនៃរោមវាប្រែពណ៌ឲ្យឃើញផ្លេកៗដូចដែក។ ដាវីឌប្រហែលជាប្រដូចពួកទាហានអ៊ីស្រាអែលដែលត្រឡប់មកវិញក្រោយដណ្ដើមបានជ័យជំនះពីសត្រូវ ទៅនឹងសត្វព្រាបបែបនោះដែលមានកម្លាំងរឹងមាំនិងមើលទៅឃើញហាក់ដូចជាមានពន្លឺចែងចាំង។ បណ្ឌិតខ្លះបានបញ្ចេញមតិមួយថា ការពណ៌នានេះក៏អាចសំដៅទៅលើស្នាដៃសិល្បៈមួយដែលពួកគេបានដណ្ដើមយកចាប់ជារបឹប។ ទោះជាយ៉ាងណាក៏ដោយ ដាវីឌបានសំដៅទៅជ័យជំនះដែលព្រះយេហូវ៉ាបានប្រោសឲ្យរាស្ត្រទ្រង់មានលើសត្រូវរបស់ពួកគេ។
៦៨:១៨—តើអ្នកណាជា«អំណោយទានសំរាប់ចែកឲ្យដល់មនុស្ស»? ពួកគេជាបុរសដែលបានត្រូវចាប់ជាឈ្លើយសឹកក្នុងកំលុងការដណ្ដើមយកស្រុកសន្យា។ ក្រោយមក បុរសទាំងនេះបានត្រូវតម្រូវឲ្យជួយពួកកុលសម្ព័ន្ធលេវីក្នុងកិច្ចការរបស់ពួកគេ។—អែសរ៉ា ៨:២០
៦៨:៣០—តើសំណូមពរឲ្យព្រះ«ស្តីបន្ទោសដល់សត្វ ដែលនៅកណ្ដាលដើមត្រែង»មានន័យអ្វី? ដាវីឌបានប្រដូចសត្រូវរបស់រាស្ត្រព្រះយេហូវ៉ាទៅនឹងសត្វ ហើយបានសុំទ្រង់បន្ទោសឬឃាត់កុំឲ្យពួកគេធ្វើទុក្ខរាស្ត្រទ្រង់។
៦៩:២៣—តើឃ្លាថា‹ធ្វើឲ្យចង្កេះរបស់ពួកសត្រូវញ័រជានិច្ច›មានន័យអ្វី? សាច់ដុំនៅចង្កេះគឺចាំបាច់សម្រាប់ធ្វើការធ្ងន់ដូចជាការលីសែង។ ចង្កេះដែលញ័រនាំឲ្យយល់ន័យថាបុគ្គលនោះបាត់បង់កម្លាំង។ ដាវីឌបានអធិស្ឋានសុំឲ្យសត្រូវរបស់គាត់បាត់បង់កម្លាំងទៅ។
មេរៀនសម្រាប់យើង:
៥១:១-៤, ១៧: បាបរបស់យើងមិនចាំបាច់ជាហេតុផ្ដាច់ចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ាឡើយ។ ប្រសិនបើយើងប្រែចិត្ត យើងអាចជឿជាក់ថា ទ្រង់នឹងបង្ហាញសេចក្ដីមេត្ដាករុណា។
៥១:៥, ៧-១០: ប្រសិនបើយើងប្រព្រឹត្តអំពើបាប យើងអាចសុំអង្វរព្រះយេហូវ៉ាឲ្យអត់ឱនទោសយើងដោយសារភាពឥតគ្រប់លក្ខណ៍របស់យើង។ យើងក៏អាចអធិស្ឋានសុំឲ្យទ្រង់សម្អាតយើង ពង្រឹងយើងឡើងវិញ ហើយភាពទោរទន់ទៅរកអំពើបាបចេញពីចិត្តរបស់យើង ហើយធ្វើឲ្យយើងមានចិត្តត្រឹមត្រូវវិញ។
៥១:១៨: បាបរបស់ដាវីឌមានផលប៉ះពាល់អាក្រក់ដល់សាសន៍អ៊ីស្រាអែលទាំងមូល។ ដូច្នេះគាត់បានអធិស្ឋានសុំទ្រង់សម្ដែងព្រះហឫទ័យល្អចំពោះស៊ីយ៉ូន។ នៅពេលដែលយើងធ្វើអំពើបាបធ្ងន់ នោះច្រើនតែនាំឲ្យមានការដៀលត្មិះដល់ក្រុមជំនុំនិងព្រះនាមព្រះយេហូវ៉ា។ យើងត្រូវអធិស្ឋានសុំព្រះដោះស្រាយបញ្ហាដែលយើងបានបង្កឡើង។
៥២:៨: យើងអាចប្រៀបដូចជា«ដើមអូលីវខៀវខ្ចីនៅក្នុងដំណាក់ព្រះ»ឬមានភាពជិតស្និទ្ធនឹងព្រះយេហូវ៉ាហើយបង្កើតផលក្នុងកិច្ចបម្រើរបស់ទ្រង់ ដោយស្ដាប់បង្គាប់ទ្រង់និងដោយព្រមធ្វើតាមការកែតម្រង់របស់ទ្រង់—ហេព្រើរ ១២:៥, ៦
៥៥:៤, ៥, ១២-១៤, ១៦-១៨: ដាវីឌបានឈឺព្រះទ័យណាស់ពេលអាប់សាឡំមដែលជាព្រះរាជបុត្រារបស់ទ្រង់ខំដណ្ដើមយករាជ្យ ហើយអ័ហ៊ីថូផែលដែលជាទីប្រឹក្សាដែលដាវីឌទុកចិត្តបានបែរជាក្បត់ទ្រង់វិញ។ ក៏ប៉ុន្តែនោះមិនបានធ្វើឲ្យដាវីឌលែងទុកចិត្តព្រះយេហូវ៉ាឡើយ។ យើងមិនគួរអនុញ្ញាតឲ្យការតានតឹងចិត្តធ្វើឲ្យទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ាទៅជាខ្សោយឡើយ។
៥៥:២២: តើយើងផ្ទេរបន្ទុករបស់យើងលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច? យើងធ្វើដូច្នេះដោយ (១) អធិស្ឋានទូលទ្រង់អំពីបញ្ហានោះ (២) ដោយពឹងលើព្រះបន្ទូលទ្រង់និងអង្គការរបស់ទ្រង់សម្រាប់ជំនួយនិងការណែនាំ ហើយ(៣) ដោយខំប្រឹងព្យាយាមដោះស្រាយបញ្ហានោះ។—សុភាសិត ៣:៥, ៦; ១១:១៤; ១៥:២២; ភីលីព ៤:៦, ៧
៥៦:៨: ព្រះយេហូវ៉ាមិនត្រឹមតែជ្រាបអំពីកាលៈទេសៈរបស់យើង តែទ្រង់ក៏ជ្រាបពីឥទ្ធិពលដែលកាលៈទេសៈនោះមានលើចិត្តរបស់យើងដែរ។
៦២:១១: ព្រះមិនទទួលថាមពលពីប្រភពណាមួយឡើយ។ ទ្រង់ជាប្រភពថាមពលឬឫទ្ធានុភាព។ ‹ឫទ្ធានុភាពសំរេចនៅលើទ្រង់›។
៦៣:៣: ‹សេចក្ដីសប្បុរសនៃព្រះ នោះវិសេសជាងជីវិត› ពីព្រោះបើគ្មានសេចក្ដីសប្បុរសពីទ្រង់នោះ ជីវិតយើងគ្មានន័យឬគោលបំណងឡើយ។ យកល្អយើងបណ្ដុះឲ្យមានមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។
៦៣:៦: យប់ស្ងាត់ជាពេលល្អប្រសើរសម្រាប់ការរំពឹងគិត។
៦៤:២-៤: ការនិយាយដើមអាចបំផ្លាញកេរ្ដិ៍ឈ្មោះរបស់អ្នកដែលគ្មានទោសកំហុស។ យើងមិនគួរស្ដាប់ការនិយាយដើមក៏មិនគួរយកសម្ដីនោះទៅប្រាប់អ្នកឯទៀតដែរ។
៦៩:៤: ដើម្បីរក្សាឲ្យមានមេត្រីភាព ជួនកាលយើងត្រូវ«សង»ដោយសុំទោសអ្នកដទៃ ទោះបើយើងមិនគិតថាយើងមានកំហុសក៏ដោយ។
៧០:១-៥: ព្រះយេហូវ៉ាព្រះសណ្ដាប់ពេលយើងទូលអង្វរទ្រង់សុំជំនួយ។ (ថែស្សាឡូនីចទី១ ៥:១៧; យ៉ាកុប ១:១៣; ពេត្រុសទី២ ២:៩) ប្រហែលជាព្រះមិនបញ្ឈប់ការល្បងលនោះ ប៉ុន្តែទ្រង់ប្រទានប្រាជ្ញាឲ្យប្រឈមមុខបញ្ហានោះ ហើយក៏ប្រទានកម្លាំងឲ្យស៊ូទ្រាំដែរ។ ទ្រង់នឹងមិនឲ្យយើងជួបសេចក្ដីល្បួងណាដែលហួសកម្លាំងយើងឡើយ។—កូរិនថូសទី១ ១០:១៣; ហេព្រើរ ១០:៣៦; យ៉ាកុប ១:៥-៨
៧១:៥, ១៧: ដាវីឌបានបណ្ដុះឲ្យមានចិត្តក្លាហាននិងកម្លាំងចិត្តរឹងមាំដោយយកព្រះយេហូវ៉ាជាទីទុកចិត្តពេលនៅក្មេង សូម្បីតែមុនបានតយុទ្ធជាមួយកូលីយ៉ាតក៏ដោយ។ (សាំយូអែលទី១ ១៧:៣៤-៣៧) យុវជនយុវនារីគប្បីរៀនឲ្យចេះពឹងផ្អែកលើព្រះយេហូវ៉ាក្នុងគ្រប់រឿងទាំងអស់។
«សូមឲ្យផែនដីទាំងស្រុងបានពេញដោយសិរីល្អនៃទ្រង់»
ចម្រៀងចុងក្រោយក្នុងទំនុកដំកើងប៉ែកទីពីរគឺទំនុកទី៧២។ ទំនុកនោះរៀបរាប់អំពីការគ្រប់គ្រងរបស់សាឡូម៉ូន ដែលបង្ហាញទុកជាមុនអំពីស្ថានភាពដែលនឹងមានក្រោមការគ្រប់គ្រងរបស់ព្រះមេស្ស៊ី។ ទំនុកនោះរៀបរាប់អំពីពរអស្ចារ្យណាស់! ដូចជាសន្ដិភាពដ៏បរិបូរ លែងមានការជិះជាន់និងអំពើហិង្សា និងស្រូវជាបរិបូរដែរ! តើយើងនឹងនៅក្នុងចំណោមអ្នកដែលទទួលពរទាំងនេះនិងពរឯទៀតពីព្រះរាជាណាចក្រព្រះទេ? យើងអាចនៅក្នុងចំណោមពួកគេមែន ប្រសិនបើយើងប្រព្រឹត្តដូចអ្នកតែងទំនុកដំកើង ហើយព្រមរង់ចាំព្រះយេហូវ៉ា ដោយយកទ្រង់ជាទីពឹងជ្រកនិងកម្លាំងរបស់យើង។
«ពាក្យអធិស្ឋានរបស់ដាវីឌ . . . ចប់តែប៉ុណ្ណោះ» ដោយចែងថា៖ «សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះតែ១អង្គដែលធ្វើការអស្ចារ្យ សូមឲ្យព្រះនាមដ៏រុងរឿងរបស់ទ្រង់បានប្រកបដោយព្រះពរ នៅអស់កល្បជានិច្ច សូមឲ្យផែនដីទាំងស្រុងបានពេញដោយសិរីល្អនៃទ្រង់ អាម៉ែនៗ»។ (ទំនុកដំកើង ៧២:១៨-២០) សូមឲ្យយើងសរសើរព្រះយេហូវ៉ាអស់ពីចិត្តនិងលើកតម្កើងព្រះនាមរុងរឿងរបស់ទ្រង់ផងដែរ។
[រូបភាពនៅទំព័រ៩]
តើអ្នកដឹងថា«បុត្រីនៃស្តេច»តំណាងអ្នកណាទេ?
[រូបភាពនៅទំព័រ១០, ១១]
ទីក្រុងយេរូសាឡិមត្រូវហៅថា ក្រុងដែល«មានលំអដ៏គ្រប់លក្ខណ៍»។ តើអ្នកដឹងមូលហេតុអ្វីទេ?