ជំពូកទី២៧
«ឱទ្រង់មានភាពល្អលើសលប់!»
១, ២. តើភាពល្អរបស់ព្រះគឺសឲ្យឃើញក្នុងអ្វីខ្លះ? ហើយតើព្រះគម្ពីរសង្កត់ធ្ងន់ទៅលើគុណសម្បត្ដិនេះយ៉ាងដូចម្ដេច?
មិត្តភក្ដិបីបួននាក់អង្គុយទទួលទានអាហារនៅខាងក្រៅ ជជែកគ្នាបណ្ដើរសើចបណ្ដើរដោយរីករាយជាមួយគ្នានឹងទេសភាពដ៏ល្អវិចិត្រនៅក្រោមពន្លឺស្រទន់នៃថ្ងៃលិច។ នៅតំបន់មួយផ្សេងទៀតឆ្ងាយពីនោះ កសិករម្នាក់មើលវាលដំណាំទាំងញញឹមដោយមានក្ដីពេញចិត្តពីព្រោះឃើញមានពពកខ្មៅដេរដាសពាសពេញហើយគ្រាប់ភ្លៀងក៏ចាប់ផ្ដើមធ្លាក់ជាតំណក់តូចៗបន្ដិចម្ដងៗ។ នៅកន្លែងមួយទៀត គូស្វាមីភរិយាកំពុងតែអរក្រៃលែងពេលឃើញកូនតូចរបស់ពួកគាត់ចាប់ផ្ដើមដើរតេះតះៗជាលើកដំបូង។
២ មិនថាពួកគេដឹងឬមិនដឹងក៏ដោយ ក៏មនុស្សទាំងនេះកំពុងតែទទួលប្រយោជន៍ពីអ្វីតែមួយ នោះគឺភាពល្អរបស់ព្រះយេហូវ៉ា។ មនុស្សជាច្រើនដែលកាន់សាសនាចូលចិត្តនិយាយថា«ព្រះអង្គល្អ» តែព្រះគម្ពីរសង្កត់ខ្លាំងជាងចំពោះចំណុចនេះ។ ព្រះគម្ពីរចែងថា៖«ឱទ្រង់មានភាពល្អលើសលប់!»។ (សាការី ៩:១៧, ព.ថ.) ប៉ុន្តែ មើលទៅដូចជាមានមនុស្សតិចណាស់ដែលពិតជាយល់អត្ថន័យនៃពាក្យនេះ។ តាមពិត តើភាពល្អរបស់ព្រះយេហូវ៉ារួមបញ្ចូលអ្វីខ្លះ? ហើយតើគុណសម្បត្ដិនេះរបស់ព្រះមានឥទ្ធិពលមកលើយើងម្នាក់ៗយ៉ាងណា?
លក្ខណៈដ៏វិសេសមួយនៃសេចក្ដីស្រឡាញ់របស់ព្រះ
៣, ៤. តើភាពល្អជាអ្វី? ហើយការនិយាយថា ភាពល្អរបស់ព្រះយេហូវ៉ាជាការសម្ដែងនូវសេចក្ដីស្រឡាញ់របស់ទ្រង់នោះ តើហេតុអ្វីការពណ៌នានេះគឺត្រឹមត្រូវបំផុត?
៣ ក្នុងភាសាជាច្រើននៅសម័យនេះ ពាក្យថា«ល្អ»មានអត្ថន័យរាក់ធម្មតាទេ។ ប៉ុន្តែ តាមការបញ្ជាក់ក្នុងព្រះគម្ពីរ អត្ថន័យពាក្យថាល្អគឺមិនរាក់ធម្មតាសោះឡើយ។ ភាគច្រើន ពាក្យនេះសំដៅលើគុណធម៌និងភាពប្រសើរផ្នែកសីលធម៌។ ដូច្នេះ យើងអាចនិយាយថា ព្រះយេហូវ៉ាពោរពេញទៅដោយភាពល្អ។ គុណសម្បត្ដិទាំងអស់របស់ទ្រង់ ដែលរួមទាំងតេជានុភាព យុត្ដិធម៌ និងប្រាជ្ញារបស់ទ្រង់ សុទ្ធតែល្អទាំងស្រុង។ យ៉ាងណាក៏ដោយ ការពណ៌នាដ៏ត្រឹមត្រូវបំផុតអំពីភាពល្អរបស់ព្រះយេហូវ៉ា គឺជាការពណ៌នាថាភាពល្អរបស់ព្រះយេហូវ៉ាជាការសម្ដែងមួយនូវសេចក្ដីស្រឡាញ់របស់ទ្រង់។ ហេតុអ្វីអាចនិយាយដូច្នេះបាន?
៤ ភាពល្អជាគុណសម្បត្ដិមួយដែលសម្ដែងដោយទង្វើនិងការប្រព្រឹត្តទៅលើអ្នកឯទៀត។ សាវ័កប៉ុលបង្ហាញថា ក្នុងចំណោមមនុស្សជាតិ ភាពល្អជាគុណសម្បត្ដិមួយដែលគួរឲ្យចូលចិត្តជាងភាពសុចរិតទៅទៀត។ (រ៉ូម ៥:៧) យើងដឹងជាក់ថាមនុស្សសុចរិតនឹងកាន់ខ្ជាប់យ៉ាងស្មោះភក្ដីតាមអ្វីដែលច្បាប់តម្រូវ ប៉ុន្តែមនុស្សល្អនឹងធ្វើច្រើនជាងនេះទៅទៀត។ មនុស្សល្អផ្ដើមរកវិធីជួយអ្នកឯទៀតបានផលប្រយោជន៍។ ក្រោយមកយើងនឹងរៀនដឹងថា ព្រះយេហូវ៉ាពិតជាល្អក្នុងន័យនេះ។ គឺច្បាស់ហើយដែលថា ភាពល្អនេះកើតចេញពីជំរៅនៃសេចក្ដីស្រឡាញ់របស់ទ្រង់ដែលកំណត់ពុំបាន។
៥-៧. ហេតុអ្វីព្រះយេស៊ូមិនព្រមឲ្យគេហៅទ្រង់«លោកគ្រូល្អ»? ហើយដោយធ្វើដូច្នេះ តើទ្រង់បញ្ជាក់សេចក្ដីពិតដ៏ជ្រាលជ្រៅអ្វី?
៥ គ្មាននរណាមានភាពល្អដូចព្រះយេហូវ៉ានោះទេ។ មិនយូរមុនដែលព្រះយេស៊ូសោយទិវង្គតនោះ បុរសម្នាក់បានមកទូលសួរទ្រង់សំនួរមួយដោយហៅទ្រង់«លោកគ្រូល្អ»។ ព្រះយេស៊ូបានតបឆ្លើយថា៖«ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អដូច្នេះ? គ្មានអ្នកណាល្អសោះ មានតែ១ គឺជាព្រះប៉ុណ្ណោះ»។ (ម៉ាកុស ១០:១៧, ១៨) ចម្លើយរបស់ព្រះយេស៊ូប្រហែលជាធ្វើឲ្យអ្នកឆ្ងល់ហើយ។ ហេតុអ្វីព្រះយេស៊ូបានកែបុរសនេះ? តើព្រះយេស៊ូមិនមែនជា«គ្រូល្អ»ទេឬ?
៦ តាមមើលទៅ បុរសនេះប្រើពាក្យថា«លោកគ្រូល្អ»ជាឋានន្តរដើម្បីលើកដំកើងព្រះយេស៊ូ។ ព្រះយេស៊ូបានបង្ហាញព្រះទ័យសុភាពរាបសាដោយលើកដំកើងព្រះវរបិតារបស់ទ្រង់នៅស្ថានសួគ៌វិញ ដែលទ្រង់គឺល្អបំផុត។ (សុភាសិត ១១:២) ប៉ុន្តែ ព្រះយេស៊ូក៏បានបញ្ជាក់នូវសេចក្ដីពិតដ៏ជ្រាលជ្រៅមួយដែរគឺ មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលទុកជាគំរូពីអ្វីដែលល្អ។ មានតែទ្រង់ទេដែលមានសិទ្ធិផ្ដាច់មុខក្នុងការសម្រេចថាអ្វីទៅដែលហៅថាល្អឬអាក្រក់នោះ។ អ័ដាមនិងអេវ៉ាបានខំប្រឹងដណ្ដើមយកសិទ្ធិនេះសំរាប់ខ្លួនឯងនៅពេលដែលពួកគេបះបោរដោយបរិភោគពីដើមដឹងខុសត្រូវ។ ព្រះយេស៊ូមិនមែនដូចអ័ដាមនិងអេវ៉ាទេ ដ្បិតទ្រង់បានបង្ហាញព្រះទ័យរាបទាបដោយទុកឲ្យព្រះវរបិតារបស់ទ្រង់ជាអ្នកកំណត់ខ្នាតតម្រាវិញ។
៧ ម្យ៉ាងទៀត ព្រះយេស៊ូជ្រាបថាអ្វីទាំងអស់ដែលពិតជាល្អ មានប្រភពពីព្រះយេហូវ៉ាមក។ ទ្រង់ប្រទាន‹គ្រប់ទាំងរបស់ល្អនិងអស់ទាំងអំណោយទានគ្រប់លក្ខណ៍›។ (យ៉ាកុប ១:១៧) យើងសូមពិចារណានូវរបៀបដែលភាពល្អរបស់ព្រះយេហូវ៉ាគឺឃើញជាក់ស្តែងក្នុងព្រះទ័យទូលាយរបស់ទ្រង់។
ភស្តុតាងដែលបញ្ជាក់ឲ្យឃើញភាពល្អអនេករបស់ព្រះយេហូវ៉ា
៨. តើព្រះយេហូវ៉ាបានបង្ហាញភាពល្អចំពោះមនុស្សជាតិទាំងឡាយយ៉ាងដូចម្ដេច?
៨ មនុស្សគ្រប់រូបដែលធ្លាប់រស់នៅលើផែនដីបានទទួលផលប្រយោជន៍ពីភាពល្អរបស់ព្រះយេហូវ៉ា។ ទំនុកដំកើង ១៤៥:៩ ចែងថា៖«ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់»។ (កំណែជាអក្សរទ្រេត) តើមានឧទាហរណ៍អ្វីខ្លះដែលបង្ហាញថាទ្រង់សម្ដែងភាពល្អដល់មនុស្សទាំងអស់? ព្រះគម្ពីរចែងថា៖«ទ្រង់មិនដែលលែងមានទីបន្ទាល់ ពីព្រះអង្គទ្រង់ទេ ដោយទ្រង់តែងតែផ្សាយព្រះគុណមក[ឬ«បានធ្វើល្អដល់អ្នក», ព.ថ.] គឺទ្រង់ប្រោសប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវដ៏សំបូរ ដើម្បីនឹងបំពេញចិត្តយើង ដោយអាហារ នឹងសេចក្ដីអំណរ»។ (កិច្ចការ ១៤:១៧) តើអ្នកធ្លាប់សប្បាយនៅពេលបរិភោគអាហារឈ្ងុយឆ្ងាញ់ឬទេ? បើព្រះយេហូវ៉ាមិនបានបង្ហាញភាពល្អដោយរៀបចំផែនដីនេះឲ្យមានទឹកមិនចេះអស់និងមាន«រដូវដ៏សំបូរ»ដើម្បីបង្កើតអាហារយ៉ាងបរិបូរ នោះយើងនឹងគ្មានម្ហូបអាហារអ្វីសោះ។ ព្រះយេហូវ៉ាមិនបានធ្វើល្អចំពោះតែអ្នកដែលស្រឡាញ់ទ្រង់ប៉ុណ្ណោះទេ តែចំពោះមនុស្សទាំងអស់។ ព្រះយេស៊ូបានមានបន្ទូលថា៖«ទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់នឹងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មក លើទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិតផង»។—ម៉ាថាយ ៥:៤៥
ព្រះយេហូវ៉ា«ប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវដ៏សំបូរ»
៩. តើផ្លែប៉ោមបង្ហាញឲ្យឃើញភាពល្អរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៩ មនុស្សជាច្រើនមិនទទួលស្គាល់នូវទំហំព្រះទ័យទូលាយដែលទ្រង់បង្ហាញចំពោះមនុស្សជាតិដោយដំណើរនៃព្រះអាទិត្យ ទឹកភ្លៀង និងរដូវដែលបង្កើតផលយ៉ាងសំបូរ។ ជាឧទាហរណ៍ សូមគិតពិចារណាអំពីផ្លែប៉ោម។ ទូទាំងតំបន់ដែលមានអាកាសធាតុត្រជាក់បង្គួរ ផ្លែប៉ោមជាផ្លែធម្មតាមួយ។ ប៉ុន្តែ ផ្លែនេះក៏ឆ្ងាញ់ទាំងមាត់ឆ្ងាញ់ទាំងភ្នែក ហើយពេញដោយទឹកត្រជាក់សំបូរជីវជាតិ។ តើអ្នកដឹងទេ ទូទាំងពិភពលោក ផ្លែប៉ោមមានប្រមាណ៧.៥០០ប្រភេទ ដែលមានពណ៌ផ្សេងៗដូចជាក្រហម ទឹកមាស លឿង និងបៃតង ហើយមានទំហំផ្សេងៗតាំងពីទំហំប៉ុនផ្លែទំពាំងបាយជូររហូតដល់ធំប៉ុនក្រូចថ្លុង។ បើអ្នកកាន់គ្រាប់តូចល្អិតមួយពីផ្លែប៉ោមក្នុងដៃ វាមើលទៅដូចជាមិនសូវអស្ចារ្យប៉ុន្មានទេ។ ប៉ុន្តែ គ្រាប់នេះដុះក្លាយទៅជាដើមមួយដ៏ស្អាតបណ្ដាច់។ (បទចំរៀងសាឡូម៉ូន ២:៣) រាល់រដូវផ្ការីក ដើមប៉ោមមានផ្ការីកស្គុសស្គាយត្រសុំត្រសាយ និងរាល់រដូវស្លឹកឈើជ្រុះវាបង្កើតផល។ វាបង្កើតផលជារៀងរាល់ឆ្នាំរហូតដល់៧៥ឆ្នាំ ដើមប៉ោមមួយធម្មតានឹងបង្កើតផលច្រើន ល្មមដាក់បាន២០ប្រអប់កាតុងដោយក្នុងមួយប្រអប់មានផ្លែ១៩គីឡូក្រាម!
១០, ១១. តើវិញ្ញាណផ្សេងៗរបស់យើងបង្ហាញឲ្យឃើញនូវភាពល្អរបស់ព្រះយ៉ាងដូចម្ដេច?
១០ ដោយសារព្រះយេហូវ៉ាល្អរកពណ៌នាពុំបាននោះ ទ្រង់បានប្រទានរូបកាយដ៏«គួរកោត គួរអស្ចារ្យ»មួយដល់យើង ដែលរូបកាយនោះត្រូវបង្កើតឲ្យមានវិញ្ញាណផ្សេងៗដែលជួយយើងអាចទទួលអារម្មណ៍ដឹងដោយវិញ្ញាណពីស្នាព្រះហស្តទាំងប៉ុន្មានរបស់ទ្រង់ហើយក៏អាចរីករាយនឹងរបស់ទាំងនោះដែរ។ (ទំនុកដំកើង ១៣៩:១៤) សូមគិតម្ដងទៀតអំពីទិដ្ឋភាពទាំងប៉ុន្មានដែលរៀបរាប់នៅដើមជំពូកនេះ។ តើពួកគេបានឃើញអ្វីដែលនាំឲ្យរីករាយនោះ? ពួកគេឃើញកូនតូចថ្ពាល់ឡើងក្រហមដោយសារសប្បាយចិត្តនោះ ក៏ឃើញទឹកភ្លៀងធ្លាក់មកលើវាលដំណាំ ហើយក៏ឃើញព្រះអាទិត្យអស្តង្គតបន្សល់ទុកពន្លឺពណ៌ក្រហម មាស និងស្វាយ។ ភ្នែកមនុស្សជាតិត្រូវបានបង្កើតឲ្យមានសមត្ថភាពមើលឃើញនូវ៣០០.០០០ពណ៌ផ្សេងៗ! តាមរយៈសោតវិញ្ញាណរបស់យើងៗអាចសម្គាល់អត្ថន័យបង្កប់ក្នុងតុងសម្លេងរបស់មនុស្សជាទីស្រឡាញ់ អាចស្ដាប់ខ្យល់បក់ប៉ះដើមឈើឮសូរល្វើយៗ និងអាចឮសូរសំណើចសប្បាយរបស់កូនតូចៗ។ ហេតុអ្វីយើងអាចរីករាយមើលឃើញនិងស្ដាប់ឮអ្វីៗទាំងនេះ? ព្រះគម្ពីរចែងថា៖«ការស្ដាប់ឮដោយត្រចៀក ហើយមើលឃើញដោយភ្នែក នោះគឺព្រះយេហូវ៉ាដែលបង្កើតទាំង២យ៉ាង»។ (សុភាសិត ២០:១២) ប៉ុន្តែនេះគ្រាន់តែជាវិញ្ញាណពីរប៉ុណ្ណោះ។
១១ ឃានវិញ្ញាណជាភស្តុតាងមួយទៀតដែលបញ្ជាក់ឲ្យឃើញភាពល្អរបស់ព្រះយេហូវ៉ា។ ច្រមុះរបស់មនុស្សអាចសម្គាល់ក្លិនបាន១០.០០០យ៉ាង។ សូមគិតអំពីក្លិនខ្លះៗ ដូចជាក្លិនឈ្ងុយនៃម្ហូបដែលអ្នកចូលចិត្តជាងគេ គន្ធពិដោរនៃផ្កា ក្លិនគំនរស្លឹកឈើ ហើយក្លិនផ្សែងតិចៗដែលហុយចេញពីភ្នក់ភ្លើងតូចមួយ។ ចំណែកកាយវិញ្ញាណរបស់អ្នកផ្ដល់សមត្ថភាពឲ្យដឹងនៅពេលខ្យល់បក់ត្រសៀកមកប៉ះផ្ទៃមុខអ្នក ពេលមនុស្សជាទីស្រឡាញ់ឱបអ្នកយ៉ាងកក់ក្ដៅ ហើយពេលកាន់ផ្លែឈើដែលមានសំបករលោងក្នុងដៃរបស់អ្នក។ នៅពេលអ្នកខាំមួយម៉ាត់ទៅ ជិវ្ហាវិញ្ញាណរបស់អ្នកចាប់ដំណើរការ។ អ្នករីករាយនឹងឱជារសចម្រុះពេលដែលអណ្ដាតអ្នកសម្គាល់រសជាតិផ្សេងៗដែលបង្កើតដោយសារធាតុគីមីដ៏សាំញ៉ាំក្នុងផ្លែនោះ។ ប្រាកដហើយ យើងពិតជាមានហេតុនិយាយអំពីព្រះយេហូវ៉ាដោយឧទានថា៖«ឱសេចក្ដីសប្បុរស[ឬ«សេចក្ដីល្អ», ព.ថ.]នៃទ្រង់ជាធំអម្បាលណាទៅ ដែលទ្រង់បានត្រៀមទុកសំរាប់អស់អ្នកដែលកោតខ្លាចដល់ទ្រង់!»។ (ទំនុកដំកើង ៣១:១៩) ប៉ុន្តែ តើព្រះយេហូវ៉ាបាន«ត្រៀមទុក»សេចក្ដីល្អសំរាប់អស់អ្នកដែលកោតខ្លាចទ្រង់យ៉ាងដូចម្ដេច?
ភាពល្អដែលផ្ដល់ប្រយោជន៍ជានិរន្តរ៍
១២. តើសំវិធានការសំខាន់បំផុតពីព្រះយេហូវ៉ាជាអ្វី? ហេតុអ្វី?
១២ ព្រះយេស៊ូបានមានបន្ទូលថា៖«មានសេចក្ដីចែងទុកមកដូច្នេះ ‹មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ›»។ (ម៉ាថាយ ៤:៤) ពិតណាស់ សំវិធានការខាងវិញ្ញាណពីព្រះយេហូវ៉ា អាចផ្ដល់ផលប្រយោជន៍ច្រើនជាងសំវិធានការសំរាប់រូបកាយ ដ្បិតសំវិធានការខាងវិញ្ញាណនាំទៅដល់ជីវិតជារៀងរហូត។ ក្នុងជំពូកទី៨ យើងបានរៀនដឹងថាព្រះយេហូវ៉ាបានប្រើតេជានុភាពបង្កើតសាជាថ្មីឡើងវិញនៅក្នុងកំឡុងថ្ងៃជាន់ក្រោយបង្អស់នេះដើម្បីបង្កើតសួនមនោរម្យខាងវិញ្ញាណមួយ។ លក្ខណៈសំខាន់មួយនៃសួនមនោរម្យខាងវិញ្ញាណនេះគឺមានម្ហូបអាហារខាងវិញ្ញាណបរិបូរ។
១៣, ១៤. (ក) តើព្យាការីអេសេគាលបានឃើញអ្វីក្នុងចក្ខុនិមិត្ត? តើនេះមានន័យអ្វីសំរាប់យើងសព្វថ្ងៃនេះ? (ខ) ចំពោះអ្នកដែលបំរើទ្រង់ដោយស្មោះភក្ដី តើព្រះយេហូវ៉ាប្រទានសំវិធានការដែលផ្ដល់ជីវិតអ្វីខ្លះ?
១៣ ទំនាយដ៏ធំមួយក្នុងព្រះគម្ពីរស្តីអំពីការបង្កើតសាជាថ្មីឡើងវិញនោះ ព្យាការីអេសេគាលឃើញចក្ខុនិមិត្តដែលព្រះវិហារត្រូវកសាងជាថ្មីឡើងវិញដោយមានភាពរុងរឿង។ មានអូរមួយហូរចេញពីព្រះវិហារនោះ ដោយកាន់តែធំនិងកាន់តែជ្រៅទៅៗ ទាល់តែបានក្លាយទៅជា«ទន្លេ»មួយ។ មិនថាទន្លេនោះហូរកាត់កន្លែងណាក៏ដោយ ក៏វាផ្ដល់ផលប្រយោជន៍ដែរ។ នៅច្រាំងទន្លេនោះមានដើមឈើជាច្រើនដែលផ្ដល់ជាអាហារនិងប្រោសឲ្យជា។ ហើយទន្លេនោះក៏បានធ្វើឲ្យសមុទ្រស្លាប់ដែលសុទ្ធតែអំបិលគ្មានសត្វរស់នៅនោះ ត្រឡប់ជាមានសត្វនៅវិញ! (អេសេគាល ៤៧:១-១២) ប៉ុន្តែ តើទាំងអស់នោះមានន័យដូចម្ដេច?
១៤ ចក្ខុនិមិត្តនេះមានន័យថា ព្រះយេហូវ៉ានឹងស្ថាបនាឡើងវិញនូវការរៀបចំសំរាប់ការថ្វាយបង្គំបរិសុទ្ធ ដែលត្រូវតំណាងដោយព្រះវិហារក្នុងចក្ខុនិមិត្តរបស់អេសេគាល។ ដូចជាទន្លេក្នុងចក្ខុនិមិត្តនោះ សំវិធានការរបស់ព្រះសំរាប់ផ្ដល់ឲ្យជីវិតនឹងមានកាន់តែច្រើនឡើងចំពោះរាស្ត្ររបស់ទ្រង់។ តាំងពីការស្ថាបនាឡើងវិញនូវការថ្វាយបង្គំបរិសុទ្ធនៅឆ្នាំ១៩១៩ នោះព្រះយេហូវ៉ាបានប្រទានពរទៅលើរាស្ត្រទ្រង់ដោយផ្ដល់សំវិធានការដែលផ្ដល់ឲ្យជីវិត។ តើយ៉ាងដូចម្ដេច? ព្រះគម្ពីរ ប្រកាសនវត្ថុដែលមានមូលដ្ឋានលើព្រះគម្ពីរ កិច្ចប្រជុំ និងមហាសន្និបាតសុទ្ធតែបាននាំសេចក្ដីពិតសំខាន់ៗទៅដល់មនុស្សរាប់លាននាក់។ តាមរយៈអ្វីៗទាំងនេះព្រះយេហូវ៉ាបានបង្រៀនមនុស្សអំពីសំវិធានការដ៏សំខាន់បំផុតដែលផ្ដល់ជីវិត គឺយញ្ញបូជាលោះរបស់ព្រះគ្រីស្ទ ដែលធ្វើឲ្យអស់អ្នកដែលពិតជាស្រឡាញ់និងកោតខ្លាចព្រះ ត្រូវចាត់ទុកថាស្អាតស្អំនៅចំពោះព្រះយេហូវ៉ានិងមានសេចក្ដីសង្ឃឹមទទួលបានជីវិតជារៀងរហូត។a ដូច្នេះ ក្នុងកំឡុងថ្ងៃជាន់ក្រោយបង្អស់ ពេលដែលរបបលោកីយ៍នេះមានទុរ្ភិក្សខាងវិញ្ញាណ នោះរាស្ត្រព្រះយេហូវ៉ាមានការជប់លៀងធំខាងវិញ្ញាណវិញ។—អេសាយ ៦៥:១៣
១៥. ក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះយេស៊ូ តើមនុស្សដែលស្មោះភក្ដីនឹងទទួលភាពល្អរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៥ ប៉ុន្តែ ទន្លេដែលអេសេគាលឃើញក្នុងចក្ខុនិមិត្តមិនឈប់ហូរនៅពេលរបបលោកីយ៍ចាស់នេះចប់នោះទេ។ ផ្ទុយទៅវិញ ទន្លេនោះនឹងហូរកាន់តែខ្លាំងទៅទៀតក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ។ នៅពេលនោះ តាមរយៈព្រះរាជាណាចក្ររបស់ព្រះមេស្ស៊ី ព្រះយេហូវ៉ានឹងផ្ដល់ផលប្រយោជន៍យ៉ាងពេញលេញដែលមកពីយញ្ញបូជារបស់ព្រះយេស៊ូ ដោយនាំមនុស្សជាតិទៅដល់ភាពគ្រប់ល័ក្ខណ៍បន្ដិចម្ដងៗ។ នៅពេលនោះយើងនឹងត្រេកអរនឹងភាពល្អរបស់ព្រះយេហូវ៉ាខ្លាំងណាស់!
លក្ខណៈផ្សេងទៀតនៃភាពល្អរបស់ព្រះយេហូវ៉ា
១៦. តើព្រះគម្ពីរបង្ហាញថាភាពល្អរបស់ព្រះយេហូវ៉ារួមបញ្ចូលគុណសម្បត្ដិឯទៀតយ៉ាងដូចម្ដេច? តើគុណសម្បត្ដិទាំងនោះមានអ្វីខ្លះ?
១៦ ភាពល្អរបស់ព្រះយេហូវ៉ារួមបញ្ចូលច្រើនជាងព្រះទ័យទូលាយរបស់ទ្រង់។ ព្រះបានមានបន្ទូលប្រាប់ម៉ូសេថា៖‹យើងនឹងឲ្យអស់ទាំងសេចក្ដីសប្បុរស[ឬ«ភាពល្អ», ព.ថ.]របស់យើងដើរកាត់នៅមុខអ្នក ព្រមទាំងប្រកាសពីព្រះនាមយេហូវ៉ានៅមុខអ្នកផង›។ ក្រោយមកកំណត់ហេតុនេះចែងថា៖ «ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស[ឬ«សន្ដោសប្រណី», ព.ថ.] ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ»។ (និក្ខមនំ ៣៣:១៩; ៣៤:៦) ដូច្នេះ ភាពល្អរបស់ព្រះយេហូវ៉ារួមបញ្ចូលគុណសម្បត្ដិល្អប្រសើរជាច្រើនឯទៀត។ យើងសូមពិចារណាគុណសម្បត្ដិពីរក្នុងចំណោមនេះ។
១៧. តើព្រះយេហូវ៉ាប្រព្រឹត្តយ៉ាងណាចំពោះមនុស្សឥតគ្រប់ល័ក្ខណ៍? ហើយតើគុណសម្បត្ដិមួយណាជំរុញព្រះទ័យទ្រង់ឲ្យប្រព្រឹត្តដូច្នេះ?
១៧ «សន្ដោសប្រណី»: គុណសម្បត្ដិនេះរបស់ព្រះយេហូវ៉ានាំឲ្យទ្រង់ប្រព្រឹត្តយ៉ាងគួរសមនិងស្រួលទាក់ទងចំពោះសត្តនិករដែលទ្រង់បង្កើត។ ជាជាងបង្ហាញអាកប្បកិរិយាម៉ឺងម៉ាត់ គ្មានអារម្មណ៍ ឬផ្ដាច់ការ ដូចមនុស្សឯទៀតដែលកាន់អំណាចនោះ ព្រះយេហូវ៉ាប្រព្រឹត្តដោយស្លូតនិងសប្បុរសវិញ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាមានបន្ទូលទៅកាន់អាប់រ៉ាមថា៖‹[សូម]អ្នកងើបភ្នែកឡើងឥឡូវ ហើយមើលពីកន្លែងអ្នកនោះ ទៅខាងជើងខាងត្បូង ខាងកើត ហើយខាងលិចចុះ›។ (លោកុប្បត្តិ ១៣:១៤) សេចក្ដីបកប្រែព្រះគម្ពីរជាច្រើនមិនដាក់ពាក្យ«សូម»នោះទេ។ ប៉ុន្តែ បណ្ឌិតព្រះគម្ពីរកត់សម្គាល់ថា ក្នុងភាសាហេព្រើរជាភាសាដើមនោះ មានពាក្យមួយដែលធ្វើឲ្យឃ្លានេះក្លាយពីការបង្គាប់ទៅជាសំណូមពរដ៏គួរសមវិញ។ មានបទគម្ពីរឯទៀតដែលមានពាក្យ«សូម»នេះដែរ។ (លោកុប្បត្តិ ៣១:១២; អេសេគាល ៨:៥) សូមគិតទៅមើល ព្រះមហាក្សត្រសកលលោកប្រើពាក្យ«សូម»ពេលមានបន្ទូលនឹងមនុស្សជាតិធម្មតា! ក្នុងរបបលោកីយ៍នេះដែលមានភាពគំរោះគំរើយ ការបង្ខិតបង្ខំ និងភាពឈ្លើយមិនចេះគួរសមមានជាធម្មតា នោះការគិតពិចារណាអំពីភាពស្លូតនិងការស្រួលទាក់ទងរបស់ព្រះយេហូវ៉ាជាព្រះរបស់យើងដែលសន្ដោសប្រណី ពិតជាធ្វើឲ្យយើងមានអារម្មណ៍ស្រួលណាស់ មែនទេ?
១៨. តើក្នុងន័យអ្វីដែលព្រះយេហូវ៉ា«មាន . . . សេចក្ដីទៀងត្រង់ ជាបរិបូរ»? ហើយហេតុអ្វីបន្ទូលនេះលើកទឹកចិត្តយើងឲ្យមានទំនុកចិត្ត?
១៨ «មាន . . . សេចក្ដីទៀងត្រង់ជាបរិបូរ»: ភាពមិនទៀងត្រង់បានទៅជាលក្ខណៈធម្មតាមួយរបស់លោកីយ៍សព្វថ្ងៃនេះ។ ប៉ុន្តែ ព្រះគម្ពីររំឭកយើងថា៖«ព្រះទ្រង់មិនមែនជាមនុស្ស ទ្រង់មិនចេះកុហកឡើយ»។ (ជនគណនា ២៣:១៩) បន្ថែមទៅទៀតនៅទីតុស ១:២ក្នុងសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធចែងថា៖«ព្រះ . . . កុហកពុំបានឡើយ»។ (កំណែជាអក្សរទ្រេត) ភាពល្អរបស់ព្រះយេហូវ៉ាមិនឲ្យទ្រង់កុហកឡើយ។ ដូច្នេះ សេចក្ដីសន្យាទាំងប៉ុន្មានរបស់ព្រះយេហូវ៉ាគឺគួរឲ្យទុកចិត្តទាំងស្រុង និងបន្ទូលទ្រង់តែងតែសម្រេចជាក់ជាមិនខាន។ ព្រះយេហូវ៉ាក៏ត្រូវហៅថា«ព្រះនៃសេចក្ដីពិត»។ (ទំនុកដំកើង ៣១:៥) ទ្រង់មិនគ្រាន់តែមិនព្រមមានបន្ទូលអ្វីដែលមិនពិតប៉ុណ្ណោះទេ ទ្រង់ថែមទាំងបើកសម្ដែងឲ្យឃើញសេចក្ដីពិតយ៉ាងច្រើនក្រៃលែង។ ទ្រង់មិនមែនជាបុគ្គលដែលលាក់គំនិតនោះទេ ផ្ទុយទៅវិញទ្រង់បង្ហាញព្រះទ័យទូលាយ ដោយបំភ្លឺការយល់ដឹងរបស់អ្នកបំរើស្មោះភក្ដីរបស់ទ្រង់នូវជំរៅប្រាជ្ញាដែលវាស់ស្ទង់មិនបាន។b ទ្រង់ក៏បង្រៀនពួកគេរបៀបរស់នៅសមស្របទៅតាមសេចក្ដីពិតដែលទ្រង់បើកសម្ដែង ដើម្បីជួយពួកគេ«ស្ថិតនៅជាប់នឹងសេចក្ដីពិត»។ (យ៉ូហានទី៣ ៣, ខ.ស.) ជាទូទៅ តើភាពល្អរបស់ព្រះយេហូវ៉ាគួរមានឥទ្ធិពលមកលើយើងម្នាក់ៗយ៉ាងណា?
«ត្រេកអរនឹងភាពល្អរបស់ព្រះយេហូវ៉ា»
១៩, ២០. (ក) តើសាតាំងបានខំបំផ្លាញនូវទំនុកចិត្តរបស់អេវ៉ាទៅលើភាពល្អរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? ហើយតើមានលទ្ធផលអ្វី? (ខ) តើភាពល្អរបស់ព្រះយេហូវ៉ាគួរមានឥទ្ធិពលយ៉ាងណាមកលើយើង? ហើយហេតុអ្វី?
១៩ នៅពេលសាតាំងល្បួងអេវ៉ានៅសួនច្បារអេដែននោះ វាចាប់ផ្ដើមដោយធ្វើឲ្យគាត់លែងទុកចិត្តទៅលើភាពល្អរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់អ័ដាមថា៖‹អ្នកនឹងបរិភោគផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត›។ ក្នុងចំណោមរាប់ពាន់ដើមដែលដុះលំអសួនច្បារនោះ មានតែមួយដើមគត់ដែលព្រះយេហូវ៉ាបានហាមមិនឲ្យបរិភោគ។ ប៉ុន្តែ សូមកត់សម្គាល់ពាក្យសាតាំងប្រើក្នុងសំនួរដែលវាសួរចំពោះអេវ៉ាថា៖ «តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ?»។ (លោកុប្បត្តិ ២:៩, ១៦; ៣:១) សាតាំងបានមួលបង្កាច់បន្ទូលរបស់ព្រះយេហូវ៉ាឲ្យអេវ៉ាគិតថាទ្រង់កំពុងតែលាក់នូវអ្វីដ៏ល្អ។ គួរឲ្យស្ដាយណាស់ វិធីសាស្ត្ររបស់សាតាំងបានជោគជ័យ។ អេវ៉ាក៏ដូចជាមនុស្សជាច្រើនបន្តបន្ទាប់ដែរ បានចាប់ផ្ដើមសង្ស័យទៅលើភាពល្អរបស់ព្រះ ដែលបានប្រទានអ្វីទាំងអស់ចំពោះគាត់។
២០ យើងដឹងពីសភាពលំបាកវេទនាដែលជាលទ្ធផលពីការសង្ស័យនេះ។ ដូច្នេះ ចូរយើងស្ដាប់តាមបន្ទូលនៅយេរេមា ៣១:១២ដែលមានក្នុងសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធចែងថា៖ «ពួកគេប្រាកដជានឹង . . . ត្រេកអរនឹងភាពល្អរបស់ព្រះយេហូវ៉ា»។ ភាពល្អរបស់ព្រះយេហូវ៉ាពិតជាគួរធ្វើឲ្យយើងត្រេកអរ។ យើងមិនចាំបាច់សង្ស័យទៅលើបំណងព្រះហឫទ័យរបស់ព្រះនៃយើងឡើយ ដ្បិតទ្រង់មានភាពល្អពោរពេញ។ យើងអាចទុកចិត្តទៅលើទ្រង់ទាំងស្រុង ដ្បិតទ្រង់ចង់តែឲ្យអ្នកដែលស្រឡាញ់ទ្រង់ទទួលផលប្រយោជន៍ល្អ។
២១, ២២. (ក) តើអ្នកចង់ប្រព្រឹត្តតបនឹងភាពល្អរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិចារណាគុណសម្បត្ដិអ្វីក្នុងជំពូកបន្ទាប់? ហើយតើនេះខុសគ្នាពីភាពល្អយ៉ាងដូចម្ដេច?
២១ ម្យ៉ាងទៀត នៅពេលយើងមានឱកាសប្រាប់អ្នកឯទៀតអំពីភាពល្អរបស់ព្រះ យើងក៏រីករាយដែរ។ ទំនុកដំកើង ១៤៥:៧បានចែងអំពីរាស្ត្រព្រះយេហូវ៉ាថា៖«គេនឹងបញ្ចេញសេចក្ដីដែលនឹកចាំពីព្រះហឫទ័យដ៏ល្អប្រសើរ»។ ជារៀងរាល់ថ្ងៃដែលយើងមានជីវិតរស់នៅ យើងទទួលប្រយោជន៍ពីភាពល្អរបស់ព្រះយេហូវ៉ា។ សូមឲ្យយើងទម្លាប់ខ្លួនអរព្រះគុណទ្រង់ជារៀងរាល់ថ្ងៃចំពោះភាពល្អរបស់ទ្រង់ ដោយទូលយ៉ាងជាក់លាក់ចុះ! ចូរគិតអំពីគុណសម្បត្ដិនេះ ដោយអរព្រះគុណដល់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ ហើយប្រាប់អ្នកឯទៀតអំពីគុណសម្បត្ដិនេះដែលជួយយើងទាំងអស់គ្នាឲ្យយកតម្រាប់តាមព្រះដ៏ល្អរបស់យើង។ ពេលដែលយើងស្វែងរកវិធីធ្វើល្អដូចព្រះយេហូវ៉ា នោះយើងនឹងចូលទៅជិតទ្រង់ជាង។ នៅពេលសាវ័កយ៉ូហានមានអាយុច្រើនហើយ គាត់សរសេរថា៖«អ្នកស្ងួនភ្ងាអើយ! ចូរត្រាប់តាមសេចក្ដីល្អ កុំឲ្យតាមសេចក្ដីអាក្រក់ឲ្យសោះ អ្នកណាដែលប្រព្រឹត្តល្អ នោះមកពីព្រះ»។—យ៉ូហានទី៣ ១១
២២ ភាពល្អរបស់ព្រះយេហូវ៉ាក៏ជាប់ទាក់ទងនឹងគុណសម្បត្ដិឯទៀតដែរ។ ជាឧទាហរណ៍ ព្រះ«មានសេចក្ដីសប្បុរស[«ដ៏ស្មោះ», ព.ថ.] . . . ជាបរិបូរ»ឬសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។ (និក្ខមនំ ៣៤:៦) ទ្រង់មិនបង្ហាញគុណសម្បត្ដិនេះចំពោះមនុស្សទាំងអស់នោះទេ ដ្បិតព្រះយេហូវ៉ាបង្ហាញនេះជាពិសេសចំពោះអ្នកបំរើដ៏ស្មោះភក្ដីរបស់ទ្រង់។ ក្នុងជំពូកបន្ទាប់ យើងនឹងរៀនរបៀបទ្រង់ធ្វើដូច្នេះ។
a គ្មានអ្វីដែលបង្ហាញឲ្យឃើញភាពល្អរបស់ព្រះយេហូវ៉ាដូចតម្លៃលោះទេ។ ក្នុងចំណោមបុគ្គលវិញ្ញាណរាប់លានរូបដែលព្រះយេហូវ៉ាអាចជ្រើសរើសបាននោះ ទ្រង់បានជ្រើសរើសព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ឲ្យមកសោយទិវង្គតដើម្បីយើង។
b គឺសមត្រឹមត្រូវដែលព្រះគម្ពីរបញ្ជាក់ទំនាក់ទំនងរវាងសេចក្ដីពិតនិងពន្លឺ។ អ្នកតែងបទទំនុកដំកើងបានច្រៀងថា«សូមផ្សាយពន្លឺនឹងសេចក្ដីពិតចេញមក»។ (ទំនុកដំកើង ៤៣:៣) ព្រះយេហូវ៉ាបញ្ចេញពន្លឺខាងវិញ្ញាណមកលើអស់អ្នកដែលសុខចិត្តឲ្យទ្រង់បង្រៀនឬបំភ្លឺការយល់ដឹងរបស់ពួកគេ។—កូរិនថូសទី២ ៤:៦; យ៉ូហានទី១ ១:៥