ពរពីព្រះយេហូវ៉ាធ្វើឲ្យយើងទៅជាមាន
១ ការជោគជ័យរបស់មនុស្សម្នាក់ ច្រើនតែត្រូវវាយតម្លៃដោយមើលប្រាក់ខែរបស់គាត់។ ម្ល៉ោះហើយបានជាមនុស្សគិតស្មានថា អ្នកដែលមានលុយគឺមានសុភមង្គលនិងមានចិត្តស្កប់ស្កល់ជាងគេ។ ក៏ប៉ុន្តែ មនុស្សដែលគិតថាលុយអាចទិញមកនូវសុភមង្គលគឺយល់ច្រឡំធំហើយ។ (សាស្ដា ៥:១២) គ្មានអំណរជាស្ថាពរសំរាប់អស់អ្នកដែល«ចង់ធ្វើជាអ្នកស្តុកស្តម្ភ»ខាងវត្ថុទ្រព្យនោះទេ។ (ធីម៉ូថេទី១ ៦:៩) ផ្ទុយទៅវិញ អ្នកបំរើរបស់ព្រះយេហូវ៉ាមានអំណរពិតប្រាកដនិងគឺជាអ្នកដែលមានច្រើនជាងគេបំផុតក្នុងលោកីយ៍។ (សុភាសិត ១០:២២; វិវរណៈ ២:៩) ម្ដេចក៏ដូច្នេះ?
២ ភស្តុតាងដែលបញ្ជាក់ពីភោគទ្រព្យរបស់យើង: យើងមានការយល់ដឹងធ្លុះជ្រៅយ៉ាងច្រើនខាងវិញ្ញាណនិងការយល់ដឹងខាងព្រះបន្ទូលរបស់ព្រះ ជាព្រះគម្ពីរ។ តាមរយៈអង្គការរបស់ទ្រង់នៅលើផែនដី ព្រះយេហូវ៉ាបង្រៀនយើងជានិច្ចអំពីអង្គទ្រង់និងព្រះរាជបុត្រារបស់ទ្រង់ ដើម្បីឲ្យមានប្រយោជន៍ជាស្ថាពរដល់យើង។ ការយល់ដឹងដ៏ត្រឹមត្រូវឲ្យយើងមានលទ្ធភាពចូលទៅជិតនឹងព្រះយេហូវ៉ា និងមានទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយនឹងទ្រង់។ (យ៉ាកុប ៤:៨) ការចេះវិនិច្ឆ័យសម្រេចខុសត្រូវ និងការប្រព្រឹត្តតាមច្បាប់របស់ព្រះជួយការពារយើងពីជម្ងឺនិងគ្រោះថ្នាក់។ យើងមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងជួយផ្គត់ផ្គង់យើង ហើយជាលទ្ធផលនឹងនាំឲ្យយើងមានភាពស្កប់ចិត្តពីព្រះនិងមានគំនិតស្ងប់រំងាប់។—ម៉ាថាយ ៦:៣៣
៣ យើងមានសន្ដិភាពនិងសាមគ្គីភាពក្នុងភាតរភាពខាងវិញ្ញាណរបស់យើង ដោយព្រោះយើងបណ្ដុះបណ្ដាលផលផ្លែនៃព្រះវិញ្ញាណរបស់ព្រះ។ ដោយយើងត្រូវជាប់ចំណងជាសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ នោះយើងមិនចាំបាច់មានអារម្មណ៍ថាព្រះឬក៏បងប្អូនរបស់យើងបានបោះបង់យើងចោលពេលយើងប្រឈមគ្រោះថ្នាក់។—កាឡាទី ៦:១០
៤ ជីវិតរបស់យើងមានន័យខ្លឹមសារពិតប្រាកដនិងមានគោលបំណង។ យើងចាត់ទុកការចូលរួមកិច្ចផ្សព្វផ្សាយដំណឹងល្អទូទាំងផែនដីនេះ ជាឯកសិទ្ធិដ៏វិសេសវិសាលមួយ។ នេះនាំឲ្យយើងមានអំណរដ៏ស្ថាពរ ពេលដែលយើងជួយអ្នកឯទៀតឲ្យមានទំនាក់ទំនងដ៏ល្អជាមួយព្រះ និងបំរើជាមួយគ្នានឹងយើងដោយសាមគ្គីភាពក្នុងការថ្វាយបង្គំដ៏បរិសុទ្ធ។ កិច្ចបំរើរបស់យើងជារតនសម្បត្ដិដ៏មានតម្លៃក្រៃលែង និងនាំកិត្ដិយសដល់ព្រះយេហូវ៉ា ថែមទាំងបំពេញចិត្តយើងដោយបានជួយធ្វើឲ្យព្រះនាមទ្រង់បានបរិសុទ្ធ។ យើងរក្សាឲ្យមានអាកប្បកិរិយាខាងគំនិតដ៏វិជ្ជមានដោយដឹងថា សេចក្ដីសង្ឃឹមរបស់យើងចំពោះអនាគតនឹងត្រូវសម្រេចនៅឆាប់ៗខាងមុខនេះ។
៥ ការបង្ហាញថាយើងដឹងគុណ: សូមឲ្យយើងមានកតញ្ញូធម៌ជានិច្ចចំពោះពរពីព្រះយេហូវ៉ា ដែលពិតជាធ្វើឲ្យយើងទៅជាអ្នកមានជាងគេបំផុតនៅលើផែនដីនេះ។ (សុភាសិត ២២:៤) ការឆ្លៀតពេលជារៀងរាល់ថ្ងៃដើម្បីរំពឹងគិតពីអ្វីដែលយើងមាន នោះជំរុញទឹកចិត្តយើងឲ្យអរព្រះគុណព្រះយេហូវ៉ាចំពោះសេចក្ដីស្រឡាញ់ដ៏ទូលំទូលាយរបស់ទ្រង់ និងបន្តក្នុងភក្ដីភាពដាច់មុខជូនទ្រង់។