ជំពូកទីប្រាំមួយ
ជួយបុត្រធីតាជាយុវវ័យរបស់អ្នកឲ្យចំរើនលូតលាស់ឡើង
១, ២. ក្នុងកំឡុងដែលវ័យនៅជំទង់ តើអាចមានការពិបាកនិងអាចមានអំណរអ្វីខ្លះ?
ការមានកូនជំទង់ម្នាក់នៅក្នុងផ្ទះ គឺខុសគ្នាឆ្ងាយណាស់ពីការមានកូនដែលមានអាយុប្រាំឆ្នាំ ឬដប់ឆ្នាំនោះ។ ក្នុងកំឡុងដែលមានវ័យជំទង់នោះនាំឲ្យមានការពិបាកហើយថែមទាំងមានបញ្ហាទៀតផង ក៏ប៉ុន្តែអាចនាំឲ្យមានអំណរនិងមានផលល្អផងដែរ។ គំរូទាំងឡាយដូចយ៉ូសែប ដាវីឌ យ៉ូសៀស និងធីម៉ូថេ បង្ហាញថាយុវជនអាចប្រព្រឹត្តដោយដឹងខុសត្រូវ និងមានទំនាក់ទំនងដ៏ល្អជាមួយព្រះយេហូវ៉ា។ (លោកុប្បត្តិ ៣៧:២-១១; សាំយូអែលទី១ ១៦:១១-១៣; ពង្សាវតារក្សត្រទី២ ២២:៣-៧; កិច្ចការ ១៦:១, ២) ក្មេងជំទង់ជាច្រើនសព្វថ្ងៃនេះក៏អាចប្រព្រឹត្តដូចនេះបានដែរ។ អ្នកប្រហែលជាស្គាល់ពួកគេខ្លះហើយ។
២ ក៏ប៉ុន្តែ ចំពោះអ្នកខ្លះ ក្នុងកំឡុងដែលមានវ័យជំទង់គឺច្របូកច្របល់ណាស់។ ពួកក្មេងជំទង់តែងតែមានអារម្មណ៍ប្រែប្រួលជានិច្ច។ ពួកក្មេងជំទង់ទាំងស្រីទាំងប្រុស គេប្រហែលជាចង់បានភាពពឹងពាក់លើខ្លួនឯងច្រើនជាង ហើយពួកគេប្រហែលជាអាចតូចចិត្តនឹងល័ក្ខខ័ណ្ឌដែលមាតាបិតារបស់ពួកគេដាក់កំរិតមកលើពួកគេនោះ។ ក៏ប៉ុន្តែពួកយុវវ័យទាំងនេះ គឺគ្មានការពិសោធន៍នៅឡើយទេ ហើយត្រូវការជំនួយដ៏ស្មោះស្ម័គ្រពីចិត្តនិងដោយអត់ធ្មត់ ថែមទាំងប្រកបទៅដោយសេចក្ដីស្រឡាញ់ពីមាតាបិតារបស់ពួកគេទៀតផង។ ត្រូវហើយ ក្នុងកំឡុងពេលដែលមានវ័យជំទង់អាចជាពេលដ៏រំភើបចិត្ត ប៉ុន្តែក៏អាចជាពេលដែលប្រកបទៅដោយការពិបាកយល់ចិត្តគ្នាផងដែរ ចំពោះមាតាបិតានិងកូនដែលនៅក្មេងជំទង់នោះ។ តើអាចជួយពួកក្មេងជំទង់ក្នុងកំឡុងវ័យទាំងនេះបានយ៉ាងណា?
៣. តើតាមរបៀបណាដែលមាតាបិតាអាចផ្ដល់ឲ្យកូនជំទង់របស់ខ្លួន នូវឱកាសដ៏ល្អបំផុតក្នុងជីវិត?
៣ មាតាបិតាដែលធ្វើតាមឱវាទព្រះគម្ពីរ នោះផ្ដល់ឲ្យបុត្រធីតាដែលមានវ័យជំទង់នូវលទ្ធភាពច្រើនបំផុត ឲ្យអាចមានដំណើរជីវិតដ៏ជោគជ័យឆ្លងកាត់សេចក្ដីទុក្ខលំបាក រហូតទៅដល់ភាពពេញវ័យដែលចេះស្គាល់ខុសត្រូវ។ នៅក្នុងប្រទេសទាំងឡាយនិងនៅគ្រប់សម័យ នោះមាតាបិតានិងពួកក្មេងជំទង់ ដែលបានអនុវត្តតាមគោលការណ៍ព្រះគម្ពីរ បានទទួលនូវប្រសិទ្ធិពរ។—ទំនុកដំកើង ១១៩:១
ការប្រស្រ័យទាក់ទងដែលទៀងត្រង់និងឥតលាក់លៀម
៤. ហេតុអ្វីបានជាការប្រឹក្សាដែលទុកចិត្តគឺសំខាន់ ជាពិសេសក្នុងកំឡុងពេលដែលមានវ័យជំទង់?
៤ ព្រះគម្ពីរចែងថា៖ «ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ»។ (សុភាសិត ១៥:២២) បើការប្រឹក្សាគឺចាំបាច់ពេលដែលកូនៗនៅក្មេងនោះទៅហើយ ចុះទំរាំដល់ពេលដែលមានវ័យជំទង់នោះ គឺច្បាស់ជាត្រូវការចាំបាច់ជាពិសេសទៅទៀតក្នុងកំឡុងពេលដែលពួកគេប្រហែលជាចំណាយពេលតិចបំផុតនៅផ្ទះ ហើយចំណាយពេលច្រើនជាងជាមួយមិត្តភក្ដិនៅសាលា និងគូកនឯទៀតៗដែរ។ ប្រសិនបើគ្មានការប្រឹក្សាដ៏គួរឲ្យទុកចិត្ត ដែលជាការប្រស្រ័យទាក់ទងដោយចិត្តទៀងត្រង់និងដោយឥតលាក់លៀមរវាងបុត្រធីតានិងមាតាបិតានោះទេ នោះពួកក្មេងជំទង់ៗអាចក្លាយទៅជាមនុស្សចម្លែកនៅក្នុងផ្ទះហើយ។ ដូច្នេះ តើការប្រស្រ័យទាក់ទងគ្នាអាចរក្សាបានយ៉ាងល្អដោយដូចម្ដេច?
៥. តើពួកយុវវ័យបានត្រូវលើកទឹកចិត្តឲ្យមានទស្សនៈយ៉ាងណា ចំពោះការប្រស្រ័យទាក់ទងជាមួយមាតាបិតារបស់ខ្លួន?
៥ ពួកយុវវ័យនិងអស់អ្នកជាមាតាបិតា ត្រូវតែបំពេញភារកិច្ចរបស់ពួកគេក្នុងរឿងនេះ។ ពិតមែន ដែលពួកយុវវ័យប្រហែលជាមានការពិបាកនឹងនិយាយជាមួយមាតាបិតារបស់ពួកគេ ជាងកាលដែលពួកគេនៅពីក្មេង។ យ៉ាងណាក៏ដោយ សូមចងចាំថា «ទីណាដែលឥតមានអ្នកប្រាជ្ញនាំមុខ នោះប្រជាជនរមែងដួលទៅ តែបើមានអ្នកប្រឹក្សាជាច្រើន នោះមានសេចក្ដីសុខវិញ»។ (សុភាសិត ១១:១៤) ពាក្យទាំងនេះជាប់ទាក់ទងនឹងមនុស្សគ្រប់គ្នា រួមទាំងចាស់ទាំងក្មេង។ ពួកក្មេងជំទង់ដែលដឹងអំពីរឿងនេះនឹងយល់ថា ពួកគេនៅតែត្រូវការការដឹកនាំដ៏ប៉ិនប្រសប់ ពីព្រោះពួកគេកំពុងតែប្រឈមមុខនឹងរឿងដ៏ស្មុគស្មាញជាងមុនៗទៅទៀត។ ពួកគេគួរទទួលស្គាល់ថា មាតាបិតាដែលជឿព្រះគឺមានសមត្ថភាពគ្រប់គ្រាន់ជាអ្នកឲ្យឱវាទ ពីព្រោះមាតាបិតាមានបទពិសោធន៍ច្រើនជាងក្នុងជីវិត និងបានបង្ហាញនូវការយកចិត្តទុកដាក់ដែលប្រកបដោយសេចក្ដីស្រឡាញ់អស់ជាច្រើនឆ្នាំមកហើយ។ ដូច្នេះហើយ នៅក្នុងគ្រានេះក្នុងជីវិតរបស់ពួកគេ ក្មេងជំទង់ៗដែលមានប្រាជ្ញានឹងមិនបែរចេញពីមាតាបិតារបស់ពួកគេនោះទេ។
៦. តើមាតាបិតាដែលមានប្រាជ្ញាថែមទាំងប្រកបដោយសេចក្ដីស្រឡាញ់ មានអាកប្បកិរិយាយ៉ាងណាពេលប្រស្រ័យទាក់ទងជាមួយកូនជំទង់ៗរបស់ខ្លួន?
៦ ការប្រស្រ័យទាក់ទងដោយឥតលាក់លៀម មានន័យថាមាតាបិតានឹងខំប្រឹងធ្វើយ៉ាងណាឲ្យមានពេលទំនេរ កាលណាកូនជំទង់របស់ខ្លួនត្រូវការនិយាយជាមួយគាត់នោះ។ ប្រសិនបើអ្នកជាមាតាឬបិតាម្នាក់ សូមធ្វើយ៉ាងណាឲ្យអ្នកមានពេលទំនេរទាំងស្ម័គ្រចិត្តប្រស្រ័យទាក់ទងជាមួយកូនជានិច្ច។ នេះប្រហែលជាមិនស្រួលនោះទេ។ ព្រះគម្ពីរចែងថាមាន«ពេលដែលគួរនៅស្ងៀម ហើយពេលសំរាប់និយាយ»។ (សាស្ដា ៣:៧) នៅពេលដែលកូនជំទង់របស់អ្នកមានអារម្មណ៍ថា នេះជាពេលនិយាយ នោះអាចជាពេលដែលអ្នកត្រូវនៅស្ងៀម។ ប្រហែលជាអ្នកបានទុកពេលវេលានោះដើម្បីធ្វើការសិក្សាផ្ទាល់ខ្លួន ការសំរាក ឬធ្វើកិច្ចការនៅឯផ្ទះ។ ប៉ុន្តែប្រសិនបើកូនជំទង់របស់អ្នកចង់និយាយជាមួយអ្នក សូមខំកែប្រែគម្រោងការរបស់អ្នក ហើយស្ដាប់កូនចុះ។ បើមិនដូច្នេះទេ កូនប្រហែលជាមិនសាកនិយាយជាមួយអ្នកម្ដងទៀតឡើយ។ សូមចងចាំនូវគំរូរបស់ព្រះយេស៊ូ។ នៅគ្រាមួយ ទ្រង់បានកំណត់ពេលដើម្បីសំរាក។ ប៉ុន្តែនៅពេលដែលពួកបណ្ដាជនបានផ្ដុំគ្នាមកស្ដាប់ទ្រង់ ទ្រង់បានទុកពេលសំរាកទៅលើកក្រោយវិញ ហើយក៏ចាប់ផ្ដើមបង្រៀនពួកគេទៅ។ (ម៉ាកុស ៦:៣០-៣៤) ក្មេងជំទង់ៗភាគច្រើនដឹងថា មាតាបិតារបស់ពួកគេគឺរវល់ណាស់ ក៏ប៉ុន្តែពួកគេត្រូវការនូវទំនុកចិត្តថា មាតាបិតារបស់ខ្លួនប្រុងប្រៀបជួយពួកគេជានិច្ចបើពួកគេត្រូវការនោះ។ ដូច្នោះហើយ សូមឲ្យមានពេលទំនេរនិងឲ្យមានចិត្តយោគយល់ផង។
៧. តើមាតាបិតាទាំងឡាយត្រូវតែជៀសវាងពីអ្វី?
៧ សូមខំនឹកឡើងវិញនូវគ្រាយុវភាពរបស់អ្នក ហើយសូមកុំភ្លេចលេងកំសាន្តជាមួយបុត្រធីតារបស់អ្នក! មាតាបិតាត្រូវចេះលេងកំសាន្ត ពេលដែលនៅជាមួយកូនៗ។ ពេលដែលទំនេរ តើមាតាបិតាចំណាយពេលនោះយ៉ាងដូចម្ដេច? ប្រសិនបើមាតាបិតាចង់ប្រើពេលទំនេររបស់ខ្លួនដើម្បីធ្វើអ្វីខ្លះ ដែលមិនមានក្រុមគ្រួសារចូលរួមជាមួយទេ នោះកូនជំទង់ៗរបស់គាត់នឹងឆាប់សង្កេតឃើញណាស់។ ប្រសិនបើបុត្រធីតាជំទង់ៗឲ្យតម្លៃទៅលើមិត្តភក្ដិនៅសាលា ជាជាងមាតាបិតារបស់ខ្លួន នោះពួកគេនឹងមានបញ្ហាជាពុំខាន។
ត្រូវប្រស្រ័យទាក់ទងអំពីអ្វី?
៨. តើការចេះអបអរចំពោះសេចក្ដីទៀងត្រង់ ការខិតខំប្រឹងប្រែង និងចរិយាត្រឹមត្រូវអាចធ្វើឲ្យជ្រួតជ្រាបដល់ចិត្តរបស់បុត្រធីតាយ៉ាងដូចម្ដេច?
៨ ប្រសិនបើមាតាបិតាមិនទាន់បានបង្រៀនបុត្រធីតារបស់ខ្លួន នូវការមានអំណរចំពោះសេចក្ដីទៀងត្រង់និងការខំប្រឹងធ្វើការ នោះពួកគេគួរបង្ហាត់បង្រៀនកូនក្នុងកំឡុងនៅជាយុវភាព។ (ថែស្សាឡូនីចទី១ ៤:១១; ថែស្សាឡូនីចទី២ ៣:១០) ហើយជាសំខាន់ដែលមាតាបិតាប្រាកដក្នុងចិត្តថា បុត្រធីតារបស់ខ្លួនជឿស៊ប់ទៅលើភាពសំខាន់នៃការរស់នៅស្អាតស្អំខាងសីលធម៌។ (សុភាសិត ២០:១១) មាតាឬបិតាបង្រៀនរឿងជាច្រើនខាងផ្នែកនេះ តាមរយៈគំរូរបស់ខ្លួន។ ដូចជាស្វាមីខ្លះៗដែលមិនមែនជាអ្នកជឿព្រះ អាច‹នឹងទាញចិត្តមកបាន ដោយសារកិរិយាល្អរបស់ភរិយាខ្លួន› នោះក្មេងជំទង់ក៏អាចរៀនអំពីគោលការណ៍ដ៏ត្រឹមត្រូវ តាមរយៈចរិយារបស់មាតាបិតារបស់ពួកគេបានដែរ។ (ប្រៀបមើល ពេត្រុសទី១ ៣:១) ប៉ុន្តែមានតែគំរូប៉ុណ្ណោះគឺមិនគ្រប់គ្រាន់ឡើយ ពីព្រោះបុត្រធីតាក៏ជួបប្រទះនឹងគំរូអាក្រក់ជាច្រើន និងការឃោសនាជាច្រើននៅខាងក្រៅផ្ទះដែលទាក់ទាញចិត្តរបស់ពួកគេ។ ដូច្នេះហើយ មាតាបិតាដែលស្រឡាញ់កូន ត្រូវតែដឹងអំពីទស្សនៈរបស់កូនជំទង់របស់ខ្លួន ចំពោះអ្វីដែលកូនឃើញនិងឮ ហើយនេះក៏តម្រូវឲ្យមានការសន្ទនាដែលមានន័យដែរ។—សុភាសិត ២០:៥
៩, ១០. ហេតុអ្វីក៏មាតាបិតាត្រូវតែបង្រៀនបុត្រធីតារបស់ខ្លួនអំពីរឿងខាងកាម? ហើយតើមាតាបិតាអាចធ្វើបែបនេះយ៉ាងដូចម្ដេច?
៩ ជាពិសេសនេះគឺពិតស្តីអំពីរឿងខាងកាម។ មាតាបិតាអើយ! តើអ្នកមានចិត្តអៀនខ្មាសក្នុងការពិគ្រោះអំពីរឿងខាងការរួមភេទ ជាមួយបុត្រធីតារបស់អ្នកឬទេ? ទោះជាមានចិត្តខ្មាសក៏ដោយ ចូរព្យាយាមពិគ្រោះអំពីរឿងនេះ ដ្បិតបុត្រធីតារបស់អ្នកនឹងប្រាកដជារៀន អំពីប្រធាននេះពីបុគ្គលណាម្នាក់មិនខាន។ ប្រសិនបើពួកគេមិនរៀនពីអ្នកទេ នោះគ្មានអ្នកណាដឹងថា បុត្រធីតារបស់អ្នកនឹងទទួលពត៌មានដ៏ខុសបែបណានោះទេ។ នៅក្នុងព្រះគម្ពីរ ព្រះយេហូវ៉ាមិនបានជៀសវាងក្នុងការប្រាប់ពីរឿងខាងកាមឡើយ ហើយមាតាបិតាក៏មិនគួរជៀសវាងពីប្រធាននេះដែរ។—សុភាសិត ៤:១-៤; ៥:១-២១
១០ គួរឲ្យមានអំណរគុណណាស់ ដែលព្រះគម្ពីរមានការណែនាំយ៉ាងច្បាស់លាស់ ស្តីអំពីការប្រព្រឹត្តចំពោះការរួមភេទ ហើយសមាគមប៉មយាមក៏បានបោះពុម្ពនៅពត៌មានជាច្រើនដែលបង្ហាញថា ការណែនាំទាំងនេះនៅតែមានប្រយោជន៍ក្នុងពិភពលោកទំនើបនេះដែរ។ សូមឆ្លៀតយកប្រយោជន៍ពីជំនួយនេះចុះ។ ជាឧទាហរណ៍ ម្ដេចក៏មិនពិនិត្យមើលឡើងវិញជាមួយបុត្រធីតារបស់អ្នក ក្នុងផ្នែក«ការរួមភេទនិងសីលធម៌» នៅក្នុងសៀវភៅសំនួរទាំងឡាយដែលយុវជនសួរ—ចម្លើយដែលមានប្រសិទ្ធិភាព? អ្នកប្រហែលជាមានការស្ងើចចិត្តដោយឃើញនូវលទ្ធផលដែលមកពីការអនុវត្តតាមយោបល់ទាំងនេះ។
១១. តើអ្វីជាវិធីដែលមានប្រសិទ្ធិភាពបំផុត ដែលមាតាបិតាបង្រៀនបុត្រធីតារបស់ខ្លួនឲ្យចេះបំរើព្រះយេហូវ៉ានោះ?
១១ តើអ្វីជាប្រធានដ៏សំខាន់បំផុត ដែលមាតាបិតានិងបុត្រធីតាគួរពិគ្រោះជាមួយគ្នា? សាវ័កប៉ុលបានសំដៅទៅប្រធាននេះ ពេលគាត់បានសរសេរថា៖ «ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។ (អេភេសូរ ៦:៤) កូនៗត្រូវខំរៀនអំពីព្រះយេហូវ៉ាជានិច្ច។ ជាពិសេស ពួកគេត្រូវការរៀនឲ្យចេះស្រឡាញ់ទ្រង់ និងពួកគេក៏គួរចង់បំរើទ្រង់ដែរ។ ចំពោះរឿងនេះ ក៏អាចបង្រៀនឲ្យបានច្រើនដោយគំរូដែរ។ ប្រសិនបើពួកក្មេងជំទង់ឃើញមាតាបិតារបស់ខ្លួនស្រឡាញ់ព្រះ‹អស់ពីចិត្ត អស់ពីព្រលឹងនិងអស់ពីគំនិតរបស់គាត់› ហើយនេះក៏បានបង្កើតផលដ៏ល្អក្នុងជីវិតរបស់មាតាបិតារបស់ពួកគេ នោះនឹងអាចមានអានុភាពលើកូនៗឲ្យធ្វើដូច្នេះដែរ។ (ម៉ាថាយ ២២:៣៧) ស្រដៀងគ្នាដែរ ប្រសិនបើយុវជនឃើញថា មាតាបិតារបស់ពួកគេមានទស្សនៈដ៏សមហេតុសមផលចំពោះវត្ថុទ្រព្យ ដោយទុកព្រះរាជាណាចក្រនៃព្រះឲ្យមានអាទិភាព នោះពួកគេក៏នឹងចង់បណ្ដុះបណ្ដាលឲ្យមានចិត្តគំនិតដូចនោះដែរ។—សាស្ដា ៧:១២; ម៉ាថាយ ៦:៣១-៣៣
១២, ១៣. តើគួរចងចាំចំណុចអ្វី បើចង់ឲ្យបានជោគជ័យចំពោះការសិក្សាជាគ្រួសារនោះ?
១២ ការសិក្សាព្រះគម្ពីររៀងរាល់សប្ដាហ៍ ជាជំនួយដ៏អស្ចារ្យក្នុងការនិយាយប្រាប់គោលការណ៍ខាងវិញ្ញាណដល់យុវជន។ (ទំនុកដំកើង ១១៩:៣៣, ៣៤; សុភាសិត ៤:២០-២៣) ការមានការសិក្សាបែបនេះជាទៀងទាត់ គឺត្រូវការជាចាំបាច់។ (ទំនុកដំកើង ១:១-៣) មាតាបិតានិងបុត្រធីតារបស់ខ្លួនគួរទទួលស្គាល់ថា ការសិក្សាក្នុងគ្រួសារគឺសំខាន់ជាងសកម្មភាពឯទៀត ដែលបានគ្រោងទុកនោះ មិនអាចធ្វើផ្ទុយពីនោះទេ។ បន្ថែមទៀត អាកប្បកិរិយាត្រឹមត្រូវគឺត្រូវការជាចាំបាច់ បើចង់ឲ្យការសិក្សាក្នុងគ្រួសារនោះមានផលប្រយោជន៍។ បិតាម្នាក់បានមានប្រសាសន៍ថា៖ «ចំណុចសំខាន់គឺឲ្យអ្នកដឹកនាំការសិក្សាធ្វើឲ្យមានបរិយាកាសដ៏ស្រួលនិងមិនតឹងរ៉ឹងពេក តែប្រកបដោយភាពថ្លៃថ្នូរក្នុងកំឡុងពេលសិក្សាជាគ្រួសារ ហើយនេះមិនមែនជាពេលលេងសើចដ៏ផ្ដេសផ្ដាសនោះទេ។ ការមានតុល្យភាពត្រឹមត្រូវ ប្រហែលជាមិនងាយស្រួលទេ ហើយជាញឹកញាប់ក្មេងៗនឹងត្រូវទទួលការកែតំរង់ចំពោះអាកប្បកិរិយា។ បើការសិក្សាឥតមានដំណើរការស្រួលពីរបីដង ចូរខំព្យាយាមនិងគិតទៅដល់លើកក្រោយ»។ បិតាដដែលនេះបាននិយាយថា មុនពេលចាប់ផ្ដើមការសិក្សាម្ដងៗ នោះគាត់បានអធិស្ឋានសុំចំៗនូវជំនួយពីព្រះយេហូវ៉ា ដើម្បីឲ្យអស់អ្នកដែលចូលរួមនោះមានទស្សនៈដ៏ត្រឹមត្រូវ។—ទំនុកដំកើង ១១៩:៦៦
១៣ ការនាំមុខក្នុងការសិក្សាជាគ្រួសារ គឺជាភារកិច្ចរបស់មាតាបិតាដែលជឿព្រះ។ ពិតមែន មាតាបិតាខ្លះប្រហែលជាមិនមានសមត្ថភាពធ្វើជាគ្រូបង្រៀនដ៏ល្អ ហើយក៏អាចជាការពិបាកចំពោះគាត់ឲ្យរកវិធីដើម្បីធ្វើឲ្យការសិក្សាជាគ្រួសារមានចំណាប់អារម្មណ៍ផងដែរ។ យ៉ាងណាក៏ដោយ បើអ្នកស្រឡាញ់កូនជំទង់របស់អ្នក នោះ«ដោយការប្រព្រឹត្ត នឹងសេចក្ដីពិត» ហើយតាមរបៀបដ៏រាបទាបនិងទៀងត្រង់ នោះអ្នកនឹងប្រាថ្នាជួយពួកគេឲ្យមានការរីកចំរើនខាងវិញ្ញាណ។ (យ៉ូហានទី១ ៣:១៨) យូរៗម្ដង ពួកគេអាចត្អូញត្អែរ ប៉ុន្តែពួកគេប្រហែលជាដឹងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់អ្នក ចំពោះសុខុមាលភាពរបស់ពួកគេ។
១៤. តើចោទិយកថា ១១:១៨, ១៩ អាចយកមកអនុវត្តយ៉ាងដូចម្ដេច ពេលនិយាយអំពីរឿងខាងវិញ្ញាណចំពោះកូនជំទង់ៗ?
១៤ ការសិក្សាជាគ្រួសារមិនមែនជាគ្រាតែមួយ ដែលត្រូវនិយាយអំពីរឿងដែលមានសារៈសំខាន់ខាងវិញ្ញាណនោះទេ។ តើអ្នកនៅចាំសេចក្ដីបង្គាប់របស់ព្រះយេហូវ៉ាដល់មាតាបិតាទាំងឡាយឬទេ? ទ្រង់បានមានបន្ទូលថា៖ «ដូច្នេះ ត្រូវឲ្យរក្សាអស់ទាំងពាក្យអញទាំងនេះទុកនៅក្នុងចិត្ត ក្នុងព្រលឹងឯងចុះ ហើយត្រូវឲ្យចងពាក្យទាំងនេះភ្ជាប់នៅដៃឯងទុកជាទីសំគាល់ នឹងសំរាប់ជាស្លាកនៅកណ្ដាលថ្ងាសឯង ត្រូវឲ្យបង្រៀនពាក្យទាំងនេះដល់ពួកកូនចៅឯង ដោយនិយាយប្រាប់ក្នុងកាលដែលឯងអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេកហើយក្រោកឡើងផង»។ (ចោទិយកថា ១១:១៨, ១៩; សូមមើល ចោទិយកថា ៦:៦, ៧) នេះមិនបានសេចក្ដីថា មាតាបិតាត្រូវតែផ្សព្វផ្សាយជាញឹកញយដល់បុត្រធីតារបស់ខ្លួននោះទេ។ ប៉ុន្តែ មេគ្រួសារដែលប្រកបដោយសេចក្ដីស្រឡាញ់ គួរតែវាងវៃក្នុងការរកឱកាសស្អាងទស្សនវិស័យខាងវិញ្ញាណរបស់ក្រុមគ្រួសារខ្លួន។
ការទូន្មានប្រដៅនិងសេចក្ដីគោរព
១៥, ១៦. (ក) តើការទូន្មានប្រដៅជាអ្វី? (ខ) តើអ្នកណាដែលទទួលខុសត្រូវក្នុងការផ្ដល់ឲ្យការទូន្មានប្រដៅ? ហើយតើអ្នកណាដែលមានភារកិច្ចធ្វើឲ្យប្រាកដថា បុត្រធីតារបស់ខ្លួនធ្វើតាមការទូន្មានប្រដៅនោះ?
១៥ ការទូន្មានប្រដៅជាការអប់រំដែលកែតំរង់ និងរួមបញ្ចូលការប្រស្រ័យទាក់ទងគ្នា។ ការទូន្មានប្រដៅទាក់ទងនឹងការកែតំរង់មិនមែនការដាក់ទោសទេ ទោះជាការដាក់ទោសនោះត្រូវការជាចាំបាច់ក៏ដោយ។ បុត្រធីតារបស់អ្នកត្រូវការទូន្មានប្រដៅ ពេលដែលពួកគេនៅក្មេង ហើយឥឡូវដែលពួកគេមានវ័យជំទង់ នោះពួកគេក៏ត្រូវការទូន្មានប្រដៅបែបផ្សេងទៀតដែរ ហើយប្រហែលជាត្រូវការច្រើនជាងមុនៗទៅទៀត។ ពួកក្មេងជំទង់ដែលមានប្រាជ្ញាដឹងថា នេះជាការពិតមែន។
១៦ ព្រះគម្ពីរចែងថា៖ «មនុស្សល្ងីល្ងើតែងតែស្អប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្ដាប់តាមសេចក្ដីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ»។ (សុភាសិត ១៥:៥) យើងរៀនបានច្រើនពីបទគម្ពីរនេះ។ ខនេះមានន័យថា ការទូន្មានប្រដៅនឹងត្រូវផ្ដល់ឲ្យ។ បើមិនផ្ដល់ឲ្យទេ នោះក្មេងជំទង់ម្នាក់នឹងមិន‹ស្ដាប់តាមការស្តីបន្ទោស›ឡើយ។ ព្រះយេហូវ៉ាប្រទានឲ្យភារកិច្ចក្នុងការទូន្មានប្រដៅដល់មាតាបិតា ជាពិសេសគឺបិតា។ ប៉ុន្តែ ភារកិច្ចចំពោះការស្ដាប់នូវដំបូន្មានទាំងនោះ គឺជាភារកិច្ចរបស់កូនជំទង់។ កូនជំទង់នឹងរៀនបានច្រើនតែធ្វើខុសតិច ប្រសិនបើពួកគេធ្វើតាមការទូន្មានប្រដៅដែលប្រកបដោយប្រាជ្ញារបស់មាតាបិតារបស់ខ្លួននោះ។ (សុភាសិត ១:៨) ព្រះគម្ពីរចែងថា៖ «អ្នកណាដែលមិនព្រមស្ដាប់ពាក្យប្រៀនប្រដៅ នឹងត្រូវក្រលំបាក ហើយអៀនខ្មាសទៅ តែអ្នកណាដែលព្រមស្ដាប់តាមសេចក្ដីបន្ទោសវិញ នោះនឹងបានកិត្ដិសព្ទ»។—សុភាសិត ១៣:១៨
១៧. តើមាតាបិតាត្រូវខំបង្ហាញតុល្យភាពណា ពេលដែលទូន្មានប្រដៅកូននោះ?
១៧ នៅពេលដែលទូន្មានប្រដៅកូនជំទង់ៗ នោះមាតាបិតាត្រូវមានតុល្យភាព។ មាតាបិតាគួរជៀសវាងពីការតឹងរ៉ឹងហួសហេតុពេក ដែលធ្វើឲ្យកូនៗខឹង ប្រហែលជាធ្វើឲ្យបាត់បង់នូវទំនុកចិត្តរបស់បុត្រធីតារបស់ខ្លួន។ (កូល៉ុស ៣:២១) ប៉ុន្តែមាតាបិតាមិនគួរបណ្ដែតបណ្ដោយកូនៗហួសហេតុពេក រហូតដល់កូនៗរបស់ខ្លួនខានបានទទួលការអប់រំដែលត្រូវការជាចាំបាច់នោះ។ ការបណ្ដែតបណ្ដោយហួសហេតុពេកអាចនាំឲ្យមានមហន្តរាយ។ សុភាសិត ២៩:១៧ ចែងថា៖ «ចូរស្តីប្រដៅកូនឯងចុះ! នោះវានឹងឲ្យឯងបានសំរាកចិត្ត អើ! វានឹងឲ្យឯងមានចិត្តរីករាយផង»។ ប៉ុន្តែ ខ២១ ចែងថា៖ «បើអ្នកទំរើសខ្ញុំបំរើខ្លាំងពេក កាលវានៅពីក្មេង ថ្ងៃក្រោយវានឹងមិនស្ដាប់បង្គាប់អ្នកឡើយ» [ព្រះគម្ពីរភាសាខ្មែរសម្រាយ]។ ទោះជាខនេះនិយាយអំពីអ្នកបំរើក៏ដោយ ប៉ុន្តែក៏អាចទាក់ទងនឹងកូនៗនៅក្នុងក្រុមគ្រួសារដែរ។
១៨. តើការទូន្មានប្រដៅជាទីសំអាងអំពីអ្វី? ហើយតើមាតាបិតាអាចជៀសវាងបញ្ហាអ្វី ដោយទូន្មានប្រដៅកូនជាទៀងទាត់នោះ?
១៨ ជាការពិតណាស់ ការទូន្មានប្រដៅត្រឹមត្រូវ ជាភស្តុតាងនៃសេចក្ដីស្រឡាញ់របស់មាតាបិតាដែលមានចំពោះបុត្រធីតារបស់ខ្លួន។ (ហេព្រើរ ១២:៦, ១១) ប្រសិនបើអ្នកជាមាតាឬបិតានោះអ្នកនឹងដឹងថា គឺជាការពិបាកក្នុងការរក្សាការទូន្មានប្រដៅឲ្យមានជាទៀងទាត់និងសមហេតុផល។ ដើម្បីឲ្យមានសន្ដិភាព គឺហាក់ដូចជាស្រួលជាង បើអនុញ្ញាតឲ្យក្មេងជំទង់ដ៏ចចេសធ្វើអ្វីៗតាមតែអំពើចិត្តរបស់ខ្លួននោះ។ ប៉ុន្តែនៅទីបំផុត មាតាឬបិតាដែលអនុញ្ញាតឲ្យកូនធ្វើតាមតែអំពើចិត្តនឹងទទួលផលនោះ ជាក្រុមគ្រួសារដែលពោរពេញទៅដោយភាពច្របូកច្របល់។—សុភាសិត ២៩:១៥; កាឡាទី ៦:៩
ធ្វើការនិងលេងកំសាន្ត
១៩, ២០. តើមាតាបិតាអាចប្រព្រឹត្តដោយប្រាជ្ញាយ៉ាងណា អំពីរឿងខាងការលេងកំសាន្តរបស់កូនជំទង់របស់ខ្លួន?
១៩ នៅសម័យបុរាណ ធម្មតាកូនៗបានតម្រូវឲ្យជួយធ្វើការក្នុងផ្ទះឬនៅឯស្រែចំការ។ សព្វថ្ងៃនេះ ពួកយុវវ័យមានពេលទំនេរច្រើន ដែលគ្មានអ្នកណាត្រួតពិនិត្យទេ។ ពិភពពាណិជ្ជកម្មផលិតអ្វីៗច្រើនមហិមាដើម្បីឲ្យយុវវ័យបង្គ្រប់ពេលវេលានោះ។ បន្ថែមនឹងបញ្ហានេះគឺថា ពិភពលោកនេះឥតសូវគិតអំពីខ្នាតតម្រាខាងសីលធម៌ក្នុងព្រះគម្ពីរទេ ហើយបញ្ហាទាំងនេះគឺល្មមឲ្យនាំទៅដល់គ្រោះថ្នាក់ហើយ។
២០ ដូច្នេះហើយ មាតាឬបិតាដ៏មានប្រាជ្ញារក្សាទុកសិទ្ធិ ដើម្បីធ្វើការសម្រេចយ៉ាងដាច់ខាតអំពីការលេងកំសាន្ត។ ប៉ុន្តែ សូមកុំភ្លេចថា កូនជំទង់នេះគឺកំពុងតែធំឡើងៗ។ ជាបណ្ដើរៗ កូននេះនឹងទំនងជាចង់ឲ្យមាតាបិតារបស់ខ្លួនចាត់ទុកខ្លួនជាមនុស្សពេញវ័យម្នាក់។ ដូច្នេះហើយ កាលដែលក្មេងជំទង់ធំឡើង នោះគឺប្រកបដោយប្រាជ្ញា បើមាតាឬបិតាអនុញ្ញាតឲ្យកូនមានសេរីភាពមួយកំរិតក្នុងការជ្រើសរើសការលេងកំសាន្តដោយខ្លួនឯង ឲ្យតែការជ្រើសរើសនោះបង្ហាញថាកូនកំពុងឈានឆ្ពោះទៅរកគំនិតចាស់ទុំខាងវិញ្ញាណ។ នៅពេលខ្លះ ក្មេងជំទង់នេះអាចសម្រេចចិត្តដែលមិនប្រកបដោយប្រាជ្ញាស្តីអំពីរឿងភ្លេង ការសេពគប់ជាដើម។ នៅពេលមានរឿងនេះកើតឡើង អ្នកដែលជាមាតាបិតាគួរពិគ្រោះរឿងនេះជាមួយកូនជំទង់របស់ខ្លួន ដើម្បីឲ្យអាចចេះរកការជ្រើសរើសល្អទៅអនាគត។
២១. តើភាពសមហេតុផលក្នុងការចំណាយពេលទៅលើការលេងកំសាន្តនឹងការពារក្មេងជំទង់យ៉ាងដូចម្ដេច?
២១ តើត្រូវចំណាយពេលប៉ុន្មានចំពោះការលេងកំសាន្ត? នៅក្នុងប្រទេសខ្លះ ពួកយុវវ័យបានជឿថា គេមានសិទ្ធទទួលការកំសាន្តដែលមិនចេះចប់។ ដូច្នេះហើយ ក្មេងជំទង់ម្នាក់ប្រហែលជាគ្រោងតារាងពេលវេលារបស់ពួកគេ ដើម្បីឲ្យពួកគេមាន‹ពេលកំសាន្ត›ជាបន្តបន្ទាប់។ គឺស្រេចទៅលើមាតាបិតាដែលត្រូវបង្រៀនគោលការណ៍ គឺថាកូនត្រូវចំណាយពេលវេលាក្នុងកិច្ចការផ្សេងទៀតដូចជា ការសេពគប់ជាមួយសមាជិកឯទៀតក្នុងក្រុមគ្រួសារ ការសិក្សាផ្ទាល់ខ្លួន ការចូលរួមជាមួយពួកអ្នកដែលមានគំនិតចាស់ទុំខាងវិញ្ញាណ ការចូលរួមកិច្ចប្រជុំគ្រីស្ទាន និងការងារក្នុងផ្ទះជាដើម។ ដោយធ្វើយ៉ាងនេះ«សេចក្ដីស្រើបស្រាលនៅជីវិតនេះ» មិនអាចខ្ទប់បាំងបន្ទូលរបស់ព្រះបានឡើយ។—លូកា ៨:១១-១៥
២២. តើការលេងកំសាន្តគួរមានតុល្យភាពនឹងអ្វី ក្នុងជីវិតរបស់ក្មេងជំទង់ម្នាក់?
២២ ស្តេចសាឡូម៉ូនបានមានបន្ទូលថា៖ «យើងដឹងហើយ ថាគ្មានអ្វីសំរាប់គេ ដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្ដីល្អដល់ខ្លួនអស់វេលាដែលមានជីវិតរស់នៅនោះទេ ហើយការដែលគ្រប់មនុស្សបានស៊ីហើយផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ទាំងការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទាននៃព្រះទេ»។ (សាស្ដា ៣:១២, ១៣) ជីវិតមួយដែលប្រកបទៅដោយតុល្យភាព ក៏រួមបញ្ចូលការអរសប្បាយផងដែរ។ ប៉ុន្តែការខំប្រឹងធ្វើការក៏ដូច្នេះដែរ។ ពួកក្មេងជំទង់ជាច្រើនសព្វថ្ងៃនេះ មិនដែលពិសោធនូវការសប្បាយចិត្តដែលមកពីការខំប្រឹងធ្វើការដោយខ្លួនឯង ឬក៏មានមោទនភាពចំពោះខ្លួន ដោយព្រោះបានដោះស្រាយបញ្ហាដោយខ្លួនឯងនោះទេ។ អ្នកខ្លះប្រហែលជាឥតដែលមានឱកាសដើម្បីរៀននូវមុខជំនាញឬវិជ្ជាជីវៈ ដែលអាចជួយគេឲ្យចិញ្ចឹមជីវិតនៅថ្ងៃក្រោយនោះទេ។ នេះហើយជាអ្វីដ៏ពិបាកបំផុតចំពោះមាតាបិតា។ តើអ្នកធ្វើយ៉ាងណាឲ្យប្រាកដថា កូនរបស់អ្នកនឹងមានឱកាសបែបនេះ? បើអ្នកអាចមានជ័យជំនះក្នុងការបង្រៀនកូនរបស់អ្នក ឲ្យចាត់ទុកការខំប្រឹងប្រែងធ្វើការជាអ្វីដ៏មានតម្លៃ ព្រមទាំងសប្បាយនឹងការខំប្រឹងប្រែងនោះដែរ នោះកូនរបស់អ្នកនឹងបណ្ដុះឲ្យមានទស្សនៈត្រឹមត្រូវ ដែលនឹងនាំឲ្យមានប្រយោជន៍អស់មួយជីវិតជាពុំខាន។
ពីក្មេងជំទង់ទៅមនុស្សពេញវ័យ
២៣. តើមាតាបិតាអាចលើកទឹកចិត្តកូនៗជំទង់របស់ខ្លួនយ៉ាងដូចម្ដេច?
២៣ ទោះជាពេលដែលអ្នកមានបញ្ហានឹងកូនជំទង់របស់អ្នកក៏ដោយ បទគម្ពីរនេះក៏នៅតែជាការពិតដែលថា៖ «សេចក្ដីស្រឡាញ់មិនដែលផុតឡើយ»។ (កូរិនថូសទី១ ១៣:៨) សូមកុំឈប់បង្ហាញសេចក្ដីស្រឡាញ់ដែលអ្នកប្រាកដជាមាននោះ។ សូមសួរខ្លួនអ្នកថា៖ ‹តើខ្ញុំសរសើរកូននិមួយៗរបស់ខ្ញុំទេ ពេលដែលពួកគេចេះដោះស្រាយបញ្ហាមួយបានសម្រេច ឬក៏ឈ្នះលើឧបសគ្គណាមួយនោះ? តើខ្ញុំឆ្លៀតឱកាសដើម្បីបង្ហាញសេចក្ដីស្រឡាញ់និងការអបអររបស់ខ្ញុំចំពោះកូនៗខ្ញុំ មុនដែលឱកាសនោះកន្លងទៅឬទេ?›។ ទោះជាជួនកាលមានការយល់ច្រឡំក៏ដោយ ប្រសិនបើកូនៗជំទង់របស់អ្នកជឿជាក់ក្នុងចិត្តថា អ្នកស្រឡាញ់ពួកគេ នោះពួកគេនឹងប្រហែលជាបង្ហាញសេចក្ដីស្រឡាញ់នោះដែរ។
២៤. តើគោលការណ៍មួយណាក្នុងបទគម្ពីរ ដែលពិតទូទៅចំពោះការចិញ្ចឹមកូន? ប៉ុន្តែតើអ្វីដែលត្រូវចងចាំនោះ?
២៤ ប្រាកដហើយ កាលដែលកូនៗធំពេញវ័យហើយ នៅទីបំផុត ពួកគេនឹងធ្វើការសម្រេចចិត្តដ៏សំខាន់ៗដោយខ្លួនឯង។ ក្នុងករណីខ្លះ មាតាបិតាប្រហែលជាមិនចូលចិត្តនឹងការសម្រេចចិត្តទាំងនោះទេ។ ចុះយ៉ាងណាវិញបើកូននោះសម្រេចចិត្តមិនបន្តបំរើព្រះយេហូវ៉ានោះ? នេះអាចកើតឡើងមែន។ សូម្បីតែបុត្រាខាងវិញ្ញាណខ្លះរបស់ព្រះយេហូវ៉ា ក៏បានបដិសេធចោលនូវឱវាទរបស់ទ្រង់ ហើយបានទៅជាអ្នកបះបោរដែរ។ (លោកុប្បត្តិ ៦:២; យូដាស ៦) បុត្រធីតារបស់អ្នកមិនមែនជាកុំព្យូទ័រ ដែលអាចដាក់បញ្ជាឲ្យប្រព្រឹត្តតាមរបៀបដែលយើងចង់បាននោះឡើយ។ ពួកគេជាបុគ្គលដែលមានចិត្តសេរី ដែលទទួលខុសត្រូវចំពោះព្រះយេហូវ៉ានូវសេចក្ដីសម្រេចដែលពួកគេធ្វើ។ ប៉ុន្តែ សុភាសិត ២២:៦ គឺជាការពិតទូទៅស្តីអំពីគោលការណ៍នេះដែលថា៖ «ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់»។
២៥. តើអ្វីជាវិធីដ៏ល្អបំផុត ចំពោះមាតាបិតាដើម្បីបង្ហាញកតញ្ញូដល់ព្រះយេហូវ៉ាដែលទ្រង់ប្រទានឲ្យឯកសិទ្ធិធ្វើជាមាតាបិតានោះ?
២៥ បើដូច្នេះ សូមបង្ហាញសេចក្ដីស្រឡាញ់ឲ្យបានច្រើនចំពោះបុត្រធីតារបស់អ្នក។ ចូរខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីធ្វើតាមគោលការណ៍ព្រះគម្ពីរ ក្នុងការចិញ្ចឹមអប់រំពួកគេ។ ចូរទុកគំរូដ៏ល្អនៃចរិយាមារយាទដែលបង្ហាញការកោតខ្លាចព្រះ។ ដោយធ្វើដូច្នេះ អ្នកនឹងឲ្យបុត្រធីតារបស់អ្នកនូវឱកាសដ៏ល្អបំផុត ដើម្បីឲ្យបានធំឡើងជាមនុស្សពេញវ័យ ដែលចេះទទួលខុសត្រូវ និងកោតខ្លាចព្រះផងដែរ។ ធ្វើជាគំរូបែបនេះជាវិធីដ៏ល្អបំផុត ចំពោះមាតាបិតាក្នុងការបង្ហាញកតញ្ញូចំពោះព្រះយេហូវ៉ា ដែលទ្រង់ប្រទានឲ្យឯកសិទ្ធិធ្វើជាមាតាបិតានោះ។