ជីវិតដែលគ្មានទីបញ្ចប់នៅផែនដី ជាក្ដីសង្ឃឹមព្រះផ្ដល់ឲ្យយើង
«អ្វីដែលព្រះបានបង្កើតបានត្រូវបណ្ដាលឲ្យមានជីវិតដែលជាអសារឥតការ . . . ដោយផ្ដល់សេចក្ដីសង្ឃឹម»។—រ៉ូម ៨:២០
ប្រហែលជាអ្នកនឹកចាំអំណរដែលអ្នកមានពេលរៀនជាលើកដំបូងថា មនុស្សនឹងលែងចាស់លែងស្លាប់ តែនឹងរស់ជារៀងរហូតនៅផែនដីវិញ។ (យ៉ូន. ១៧:៣; បប. ២១:៣, ៤) អ្នកប្រហែលជាចូលចិត្តប្រាប់អ្នកឯទៀតអំពីសេចក្ដីសង្ឃឹមនោះដែលមានមូលដ្ឋានលើបទគម្ពីរ។ យ៉ាងណាមិញ ក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់ជាផ្នែកសំខាន់នៃដំណឹងល្អដែលយើងផ្សាយ។ ក្ដីសង្ឃឹមនេះមានអានុភាពទៅលើទស្សនៈរបស់យើងចំពោះជីវិត។
២ ភាគច្រើន ពិភពគ្រិស្តសាសនាមិនបានបង្រៀនអំពីសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីទេ។ ទោះជាគម្ពីរបង្រៀនថាក្រោយរូបកាយស្លាប់ទៅ គ្មានផ្នែកណាមួយសោះដែលបន្តរស់ តែសាសនាភាគច្រើនបង្រៀនលទ្ធិដែលគ្មានមូលដ្ឋានលើបទគម្ពីរថា មនុស្សមានព្រលឹងអមតៈដែលរស់ក្រោយពេលយើងស្លាប់ ហើយក្រោយមកទៅកាន់សុគតិភព។ (អេស. ១៨:២០) អាស្រ័យហេតុនេះ មនុស្សជាច្រើនពិបាកជឿថា យើងអាចទទួលជីវិតដែលគ្មានទីបញ្ចប់នៅផែនដី។ ដូច្នេះយើងអាចសួរថា តើគម្ពីរពិតជាគាំទ្រសេចក្ដីសង្ឃឹមនោះទេ? បើគាំទ្រមែន តើព្រះបានបើកបង្ហាញឲ្យមនុស្សដឹងអំពីក្ដីសង្ឃឹមនេះជាលើកដំបូងនៅពេលណា?
«បានត្រូវបណ្ដាលឲ្យមានជីវិតដែលជាអសារឥតការ . . . ដោយផ្ដល់សេចក្ដីសង្ឃឹម»
៣ គោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់មនុស្សជាតិបានសឲ្យឃើញតាំងពីមនុស្សជាតិដំបូងត្រូវបានបង្កើតមក។ ព្រះបានបញ្ជាក់យ៉ាងច្បាស់ថា អាដាមអាចរស់ជារៀងរហូតបាន បើគាត់ចេះស្ដាប់បង្គាប់។ (លោ. ២:៩, ១៧; ៣:២២) កូនចៅអាដាមដែលរស់នៅមិនយូរក្រោយពីពេលគាត់បានត្រូវបណ្ដេញចេញពីសួនអេដែន បានឮក៏បានឃើញភ័ស្តុតាងជាក់ស្តែងដែលបញ្ជាក់ថា មនុស្សបានធ្វើខុសព្រមទាំងលែងមានភាពល្អឥតខ្ចោះ។ ពួកគេឃើញផ្លូវចេញចូលទៅសួនអេដែនបានត្រូវបិទ និងឃើញមនុស្សចាស់ទៅៗហើយស្លាប់។ (លោ. ៣:២៣, ២៤) យូរៗទៅ មនុស្សមានអាយុកាន់តែខ្លី។ អាដាមរស់នៅបាន៩៣០ឆ្នាំ។ សិមដែលជាអ្នករួចជីវិតពីទឹកជំនន់ បានរស់៦០០ឆ្នាំប៉ុណ្ណោះ ហើយកូនគាត់ឈ្មោះអាប៉ាក់សាឌបានរស់៤៣៨ឆ្នាំ។ ថេរ៉ាដែលជាឪពុករបស់អាប្រាហាំបានរស់នៅ២០៥ឆ្នាំ។ អាប្រាហាំបានរស់នៅ១៧៥ឆ្នាំ អ៊ីសាកដែលជាកូនរបស់គាត់១៨០ឆ្នាំ ហើយយ៉ាកុប១៤៧ឆ្នាំ។ (លោ. ៥:៥; ១១:១០-១៣, ៣២; ២៥:៧; ៣៥:២៨; ៤៧:២៨) ពេលមនុស្សឃើញថាអាយុគេកាន់តែខ្លី នោះពួកគេច្បាស់ជាយល់ថា មនុស្សលែងមានក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់ទៀត! តើពួកគេមានមូលហេតុជឿថា មនុស្សអាចទទួលជីវិតដែលគ្មានទីបញ្ចប់ម្ដងទៀតបានទេ?
៤ បណ្ដាំរបស់ព្រះចែងថា៖ «អ្វីដែលព្រះបានបង្កើត[គឺមនុស្សជាតិ]បានត្រូវបណ្ដាលឲ្យមានជីវិតដែលជាអសារឥតការ . . . ដោយផ្ដល់សេចក្ដីសង្ឃឹម»។ (រ៉ូម ៨:២០) តើសេចក្ដីសង្ឃឹមនេះជាអ្វី? ទំនាយដំបូងក្នុងគម្ពីរបានរៀបរាប់ថានឹងមាន«ពូជ»ដែល‹កិនក្បាលពស់›។ (សូមអាន លោកុប្បត្តិ ៣:១-៥, ១៥) ចំពោះមនុស្សស្មោះត្រង់ សេចក្ដីសន្យាដែលថានឹងមានពូជនោះ ផ្ដល់មូលដ្ឋានឲ្យពួកគេមានក្ដីសង្ឃឹមថា ព្រះនឹងមិនបោះបង់ចោលបំណងរបស់លោកសម្រាប់មនុស្សជាតិឡើយ។ ក្ដីសន្យានោះផ្ដល់មូលហេតុឲ្យបុរសដូចជាអេបិលនិងណូអេជឿថា ពរដែលអាដាមបានបាត់បង់ នោះព្រះនឹងផ្ដល់ឲ្យមនុស្សជាតិម្ដងទៀត។ បុរសទាំងនេះប្រហែលជាបានកត់សម្គាល់ថា ‹ការចឹកកែងជើងពូជ›នឹងមានការកំចាយឈាមផងដែរ។—លោ. ៤:៤; ៨:២០; ហេ. ១១:៤
៥ សូមពិចារណាអំពីអាប្រាហាំ។ ពេលព្រះពិសោធអាប្រាហាំដោយឲ្យគាត់បូជា«កូនប្រុសតែមួយរបស់គាត់» នោះគាត់«បម្រុងនឹងបូជាអ៊ីសាក»។ (ហេ. ១១:១៧) ហេតុអ្វីបានជាអាប្រាហាំសុខចិត្តធ្វើដូច្នេះ? (សូមអាន ហេប្រឺ ១១:១៩) គឺពីព្រោះគាត់ជឿទៅលើការប្រោសឲ្យរស់ឡើងវិញ! អាប្រាហាំមានហេតុឲ្យជឿទៅលើការប្រោសឲ្យរស់ឡើងវិញ។ យ៉ាងណាមិញ ទោះជាអាប្រាហាំជាមនុស្សវ័យចាស់ក៏ដោយ ព្រះយេហូវ៉ាបានធ្វើឲ្យគាត់មានសមត្ថភាពបន្តពូជម្ដងទៀត ហើយធ្វើឲ្យសារ៉ាដែលជាប្រពន្ធគាត់បង្កើតបានកូនប្រុសមួយ។ (លោ. ១៨:១០-១៤; ២១:១-៣; រ៉ូម ៤:១៩-២១) ម្យ៉ាងទៀត ព្រះយេហូវ៉ាបានសន្យាជាមួយអាប្រាហាំដែរ។ ព្រះបានមានប្រសាសន៍ទៅគាត់ថា៖ «ពូជឯងនឹងបានរាប់ដោយសារតែអ៊ីសាក»។ (លោ. ២១:១២) ដូច្នេះហើយ អាប្រាហាំមានមូលហេតុត្រឹមត្រូវដើម្បីសង្ឃឹមថា ព្រះនឹងប្រោសអ៊ីសាកឲ្យរស់ឡើងវិញ។
៦ ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងជាមួយអាប្រាហាំស្តីអំពីកូនចៅឬ«ពូជ»របស់គាត់។ ព្រះបានធ្វើដូច្នោះដោយព្រោះអាប្រាហាំមានជំនឿដ៏អស្ចារ្យ។ (សូមអាន លោកុប្បត្តិ ២២:១៨) ផ្នែកសំខាន់បំផុតនៃ«ពូជ»នោះគឺលោកយេស៊ូគ្រិស្ត។ (កាឡ. ៣:១៦) ព្រះយេហូវ៉ាបានប្រាប់អាប្រាហាំថា «ពូជ»របស់គាត់នឹងមានចំនួនច្រើន«សន្ធឹកដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ» ពោលគឺពូជនោះនឹងមានចំនួនដែលអាប្រាហាំមិនដឹង។ (លោ. ២២:១៧) ក៏ប៉ុន្តែ ក្រោយមក មនុស្សបានដឹងពីចំនួននៃពូជនោះ។ លោកយេស៊ូគ្រិស្តនិង១៤៤.០០០នាក់ ដែលនឹងគ្រប់គ្រងជាមួយលោកនៅក្នុងរាជាណាចក្ររបស់លោក នោះរួមគ្នាធ្វើជា«ពូជ»។ (កាឡ. ៣:២៩; បប. ៧:៤; ១៤:១) ដូច្នេះ «គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរ»តាមរយៈរាជាណាចក្រនៃមេស្ស៊ី។
៧ អាប្រាហាំមិនអាចយល់ពេញលេញពីសារៈសំខាន់នៃកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាធ្វើជាមួយគាត់។ យ៉ាងណាក្ដី គម្ពីរចែងថា៖ «គាត់រង់ចាំក្រុងដែលមានគ្រឹះដ៏ពិត»។ (ហេ. ១១:១០) ក្រុងនោះគឺរាជាណាចក្ររបស់ព្រះ។ អាប្រាហាំត្រូវរស់ម្ដងទៀត ទើបអាចទទួលពរពីរាជាណាចក្រនោះ។ គាត់អាចទទួលជីវិតដែលគ្មានទីបញ្ចប់បាន តាមរយៈការប្រោសឲ្យរស់ឡើងវិញ។ ណាមួយទៀត អ្នកដែលរួចរស់ជីវិតពីសង្គ្រាមហាម៉ាគេដូន ឬអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ក៏អាចទទួលជីវិតដែលគ្មានទីបញ្ចប់ដែរ។—បប. ៧:៩, ១៤; ២០:១២-១៤
«វិញ្ញាណដែលសណ្ឋិតនៅនឹងខ្ញុំ ក៏បណ្ដាលខ្ញុំ»
៨ យ៉ូសែបជាចៅទួតរបស់អាប្រាហាំ ហើយម៉ូសេជាអ្នកប្រកាសទំនាយម្នាក់ ក្នុងរវាងសម័យរបស់ពួកគាត់ទាំងពីរ នោះមានបុរសម្នាក់ឈ្មោះយ៉ូប។ ម៉ូសេប្រហែលជាអ្នកសរសេរសៀវភៅយ៉ូបក្នុងគម្ពីរ ហើយសៀវភៅនេះពន្យល់ហេតុដែលព្រះយេហូវ៉ាឲ្យយ៉ូបរងទុក្ខវេទនា និងពន្យល់ពីអ្វីដែលបានកើតឡើងដល់គាត់នៅទីបំផុត។ ក៏ប៉ុន្តែ សៀវភៅយ៉ូបមិនគ្រាន់តែជាកំណត់ហេតុអំពីទុក្ខលំបាករបស់បុគ្គលម្នាក់ប៉ុណ្ណោះទេ តែរៀបរាប់អំពីរឿងដែលទាក់ទងនឹងមនុស្សជាតិហើយទេវតាទាំងឡាយ។ សៀវភៅយ៉ូបឲ្យយល់ធ្លុះអំពីចំណុចថា ព្រះយេហូវ៉ាគ្រប់គ្រងដោយក្ដីសុចរិត ហើយបង្ហាញថាចិត្តស្មោះគ្រប់លក្ខណៈរបស់អស់អ្នកដែលបម្រើព្រះនៅផែនដីនិងក្ដីសង្ឃឹមរបស់ពួកគាត់ដើម្បីទទួលជីវិត នោះជាប់ពាក់ព័ន្ធនឹងរឿងដែលបានត្រូវលើកឡើងនៅសួនអេដែន។ ទោះបីយ៉ូបមិនយល់អំពីរឿងនេះក៏ពិតមែន តែគាត់មិនឲ្យមិត្តភក្ដិបីនាក់របស់គាត់ធ្វើឲ្យគាត់គិតថា គាត់មិនបានរក្សាចិត្តស្មោះគ្រប់លក្ខណៈឡើយ។ (យ៉ូប ២៧:៥) នេះគួរពង្រឹងជំនឿរបស់យើង ហើយជួយឲ្យយើងយល់ថា យើងអាចរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណៈនិងគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាបាន។
៩ ក្រោយពីមិត្តភក្ដិបីនាក់របស់យ៉ូបដែលជាអ្នកសម្រាលទុក្ខក្លែងក្លាយបាននិយាយអស់ហើយ នោះ«អេលីហ៊ូវជាកូនបារ៉ាគាល សាសន៍ប៊ូស គាត់ឆ្លើយ»ម្ដង។ តើអ្វីជំរុញទឹកចិត្តឲ្យគាត់និយាយ? គាត់ពោលថា៖ «ខ្ញុំមានពេញហើយដោយខសេចក្ដី ឯវិញ្ញាណដែលសណ្ឋិតនៅនឹងខ្ញុំក៏បណ្ដាលខ្ញុំ»។ (យ៉ូប ៣២:៥, ៦, ១៨) អេលីហ៊ូវបាននិយាយក្រោមការដឹកនាំរបស់ព្រះ ហើយអ្វីដែលគាត់បានប្រាប់នោះ បានត្រូវសម្រេចពេលយ៉ូបលែងមានទុក្ខលំបាកទៀត។ ក៏ប៉ុន្តែ ពាក្យរបស់គាត់ក៏នៅតែមានន័យសម្រាប់អ្នកឯទៀតដែរ ហើយផ្ដល់ក្ដីសង្ឃឹមដល់អស់អ្នកដែលរក្សាចិត្តស្មោះត្រង់ចំពោះព្រះ។
១០ ជួនកាល ព្រះយេហូវ៉ាផ្ដល់ព័ត៌មានដល់បុគ្គលម្នាក់ តែព័ត៌មាននោះក៏ជាប់ទាក់ទងនឹងមនុស្សជាតិទូទៅដែរ។ ស្តីអំពីចំណុចនេះ យើងអាចគិតអំពីទំនាយដែលដានីយ៉ែលបានប្រកាស។ ទំនាយនោះទាក់ទងនឹងសុបិនអំពីការកាប់ដើមធំមួយ ដែលជាសុបិនរបស់ស្តេចជនជាតិបាប៊ីឡូនឈ្មោះនេប៊ូក្នេសា។ (ដាន. ៤:១០-២៧) ទោះជាសុបិននោះបានត្រូវសម្រេចចំពោះនេប៊ូក្នេសាក៏ពិតមែន តែនោះក៏បានចង្អុលប្រាប់អំពីអ្វីដែលអស្ចារ្យជាង។ សុបិននោះបញ្ជាក់ថាការគ្រប់គ្រងរបស់ព្រះបានត្រូវតំណាងនៅផែនដីដោយរាជាណាចក្រដែលគ្រប់គ្រងដោយកូនចៅរបស់ស្តេចដាវីឌ ការគ្រប់គ្រងរបស់ព្រះនោះនឹងមានម្ដងទៀតក្រោយពី២.៥២០ឆ្នាំកន្លងផុតទៅ ដោយចាប់រាប់ពីឆ្នាំ៦០៧ មុនគ.ស.។ ព្រះចាប់ផ្ដើមបង្ហាញម្ដងទៀតថា លោកមានសិទ្ធិគ្រប់គ្រងផែនដី ពេលដែលតែងតាំងលោកយេស៊ូគ្រិស្តជាស្តេចនៅស្ថានសួគ៌នាឆ្នាំ១៩១៤។ សូមគិតអំពីរបៀបដែលការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ បន្ដិចទៀតនឹងបំពេញក្ដីសង្ឃឹមរបស់មនុស្សដែលស្ដាប់បង្គាប់!
«កុំឲ្យធ្លាក់ចុះក្នុងរណ្ដៅ»
១១ ពេលអេលីហ៊ូវឆ្លើយតបយ៉ូប គាត់បានរៀបរាប់អំពី«ទេវតា១ . . . ថ្លែងការគឺ១ក្នុង១ពាន់ សំរាប់នឹងបង្ហាញឲ្យមនុស្សស្គាល់ផ្លូវដែលត្រូវប្រព្រឹត្ត»។ ចុះបើទេវតាមួយនេះ«អធិស្ឋានដល់ព្រះ»ដើម្បីឲ្យព្រះ‹ប្រោសប្រណីដល់គេ›? អេលីហ៊ូវពោលថា៖ «ទ្រង់ប្រោសមេត្ដាដល់គេ ដោយបន្ទូលថា៖ ‹ចូរជួយឲ្យរួច កុំឲ្យធ្លាក់ចុះក្នុងរណ្ដៅឡើយ! ដ្បិតអញរកបានថ្លៃលោះគេហើយ យ៉ាងនោះសាច់គេនឹងបានស្រស់ជាងសាច់របស់កូនក្មេង ក៏នឹងប្រែទៅដូចកាលនៅក្មេងវិញ›»។ (យ៉ូប ៣៣:២៣-២៦) ពាក្យទាំងនេះបញ្ជាក់ថា ព្រះស្ម័គ្រចិត្តទទួល«ថ្លៃលោះ»ឬអ្វីដែលគ្របបាំងការខុសឆ្គងរបស់មនុស្សដែលកែប្រែចិត្ត។—យ៉ូប ៣៣:២៤
១២ អេលីហ៊ូវប្រហែលជាមិនយល់ពេញលេញនូវសារៈសំខាន់ថ្លៃលោះ ដូចអ្នកប្រកាសទំនាយក៏មិនយល់ពេញលេញពីអ្វីដែលពួកគេបានកត់ទុកដែរ។ (ដាន. ១២:៨; ១ពេ. ១:១០-១២) យ៉ាងណាក៏ដោយ ពាក្យរបស់អេលីហ៊ូវបង្ហាញក្ដីសង្ឃឹមដែលថា នៅថ្ងៃមួយព្រះនឹងទទួលថ្លៃលោះ ហើយរំដោះមនុស្សពីជរាភាពនិងក្ដីស្លាប់។ ពាក្យរបស់អេលីហ៊ូវបង្ហាញថា មនុស្សមានលទ្ធភាពបានជីវិតដែលគ្មានទីបញ្ចប់។ សៀវភៅយ៉ូបក៏បង្ហាញដែរថា នឹងមានការប្រោសឲ្យរស់ឡើងវិញ។—យ៉ូប ១៤:១៤, ១៥
១៣ សព្វថ្ងៃ ពាក្យរបស់អេលីហ៊ូវនៅតែមានន័យសម្រាប់ពួកគ្រិស្តសាសនិករាប់លាននាក់ដែលសង្ឃឹមនឹងរួចរស់ជីវិតពីការហិនវិនាសនៃរបៀបរបបពិភពលោកនេះ។ បងប្អូនវ័យចាស់ក្នុងចំណោមអ្នករួចរស់ជីវិតនោះ នឹងក្លាយទៅជាក្មេងវិញ។ (បប. ៧:៩, ១០, ១៤-១៧) ម្យ៉ាងទៀត មនុស្សស្មោះត្រង់នៅតែមានចិត្តរំភើបណាស់ដោយដឹងថា ពួកគាត់អាចឃើញអ្នកដែលបានរស់ឡើងវិញក្លាយទៅជាក្មេង។ ច្បាស់ហើយ ការទទួលជីវិតអមតៈនៅស្ថានសួគ៌សម្រាប់ពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំង ហើយជីវិតដែលគ្មានទីបញ្ចប់នៅផែនដីសម្រាប់«ចៀមឯទៀត»របស់លោកយេស៊ូ នោះអាស្រ័យទៅលើពួកគាត់មានជំនឿលើគ្រឿងបូជាដែលជាថ្លៃលោះរបស់គ្រិស្ត។—យ៉ូន. ១០:១៦; រ៉ូម ៦:២៣
លែងមានក្ដីស្លាប់នៅផែនដី
១៤ កូនចៅរបស់អាប្រាហាំបានទៅជាប្រទេសឯករាជ្យមួយ ពេលពួកគេចូលជាភាគីក្នុងកិច្ចព្រមព្រៀងជាមួយព្រះ។ ពេលព្រះយេហូវ៉ាផ្ដល់ច្បាប់ឲ្យពួកគាត់ លោកមានប្រសាសន៍ថា៖ «ត្រូវឲ្យឯងរាល់គ្នាកាន់តាមអស់ទាំងច្បាប់នឹងបញ្ញត្តទាំងប៉ុន្មានរបស់អញ បើអ្នកណាកាន់តាម នោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះឯង»។ (លេវី. ១៨:៥, កំណែជាអក្សរទ្រេត) ក៏ប៉ុន្តែ ដោយសារបណ្ដាជនអ៊ីស្រាអែលមិនបានធ្វើតាមច្បាប់ដែលមានខ្នាតតម្រាល្អឥតខ្ចោះ នោះពួកគាត់បានត្រូវបណ្ដាសាដោយច្បាប់នោះ ហើយត្រូវការអ្វីផ្សេងទៀតក្រៅពីច្បាប់ម៉ូសេដើម្បីរំដោះឲ្យរួចពីបណ្ដាសា។—សូមអាន កាឡាទី ៣:១៣
១៥ ព្រះយេហូវ៉ាបានដឹកនាំអ្នកសរសេរគម្ពីរឯទៀតក្រោយម៉ូសេ ឲ្យរៀបរាប់អំពីជីវិតដែលគ្មានទីបញ្ចប់។ (ទំនុក. ២១:៤; ៣៧:២៩) ជាឧទាហរណ៍ ដាវីឌដែលជាអ្នកតែងទំនុកតម្កើងបានរៀបរៀងទំនុកមួយអំពីសាមគ្គីភាពដែលមានក្នុងចំណោមអ្នកគោរពប្រណិប័តន៍ពិតនៅទីក្រុងស៊ីយ៉ូន ដោយថ្លែងថា៖ «នៅទីនោះព្រះយេហូវ៉ាបានប្រទានព្រះពរ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច[ឬជីវិតដែលគ្មានទីបញ្ចប់]»។—ទំនុក. ១៣៣:៣
១៦ ព្រះយេហូវ៉ាបានដឹកនាំអេសាយឲ្យប្រកាសទំនាយអំពីជីវិតដែលគ្មានទីបញ្ចប់នៅផែនដី។ (សូមអាន អេសាយ ២៥:៧, ៨) ភាពខុសឆ្គងនិងសេចក្ដីស្លាប់ប្រៀបដូចរបស់ដ៏ធ្ងន់មួយដែលគ្របសង្កត់មនុស្សជាតិធ្វើឲ្យថប់ដង្ហើមនិងរើមិនរួច។ ព្រះយេហូវ៉ាធានារាស្ត្ររបស់លោកថា ភាពខុសឆ្គងនិងសេចក្ដីស្លាប់នឹងត្រូវដកឬបំផ្លាញឲ្យសាបសូន្យ«ពីផែនដីទាំងមូលចេញ»។
១៧ សូមពិចារណាអំពីវិធីដែលបានរៀបរាប់ក្នុងច្បាប់ម៉ូសេស្តីអំពីពពែដែលគេបំបរបង់។ មួយដងក្នុងមួយឆ្នាំនៅថ្ងៃបុណ្យធួននឹងភាពខុសឆ្គង សម្ដេចសង្ឃបាន‹ដាក់ដៃទាំង២នៅលើក្បាលពពែ លន់តួពីអស់ទាំងសេចក្ដីទុច្ចរិតរបស់ពួកកូនចៅអ៊ីស្រាអែលទៅលើក្បាលពពែនោះ។ ឯពពែនោះត្រូវផ្ទុកអស់ទាំងសេចក្ដីទុច្ចរិតរបស់គេ លើខ្លួនចេញទៅឯទីដំបន់សូន្យស្ងាត់›។ (លេវី. ១៦:៧-១០, ២១, ២២) អេសាយបានប្រកាសទំនាយអំពីមេស្ស៊ីដែលនឹងលេចមក ហើយមានតួនាទីស្រដៀងនឹងពពែនោះ ព្រមទាំងដាក់«សេចក្ដីឈឺចាប់» «សេចក្ដីទុក្ខព្រួយ»និង«អំពើបាបរបស់មនុស្សជាច្រើន»លើខ្លួនលោក ហើយយ៉ាងនោះបើកឱកាសឲ្យមនុស្សអាចទទួលជីវិតដែលគ្មានទីបញ្ចប់។—សូមអាន អេសាយ ៥៣:៤-៦, ១២
១៨ ព្រះយេហូវ៉ាមានប្រសាសន៍ទៅរាស្ត្ររបស់លោកតាមរយៈអេសាយថា៖ «ពួកស្លាប់របស់ឯង គេនឹងរស់ទៀត គេនឹងរស់ឡើងវិញជាមួយនឹងសពរបស់អញ។ ឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ! ចូរភ្ញាក់ឡើងហើយច្រៀងចុះ! ដ្បិតទឹកសន្សើមរបស់ឯង ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ឯដីនឹងបញ្ចេញមនុស្សស្លាប់មក»។ (អេ. ២៦:១៩) បទគម្ពីរភាសាហេប្រឺបង្ហាញយ៉ាងច្បាស់ថា មនុស្សមានក្ដីសង្ឃឹមរស់ឡើងវិញ ហើយក៏មានក្ដីសង្ឃឹមរស់នៅផែនដី។ ជាឧទាហរណ៍ ពេលដានីយ៉ែលមានអាយុជិត១០០ឆ្នាំ ព្រះយេហូវ៉ាបានធានាគាត់ថា៖ «អ្នកនឹងត្រូវសំរាកទៅ តែនឹងបានឈរឡើងវិញ ដើម្បីទទួលចំណែករបស់អ្នកនៅគ្រាចុងបំផុត»។—ដាន. ១២:១៣
១៩ ម៉ាថាមានក្ដីសង្ឃឹមទៅលើការប្រោសឲ្យរស់ឡើងវិញ ហេតុនេះហើយបានជាគាត់អាចជម្រាបលោកយេស៊ូស្តីអំពីប្អូនប្រុសគាត់ដែលបានស្លាប់ថា៖ «ខ្ញុំដឹងថាគាត់នឹងរស់ឡើងវិញនៅថ្ងៃចុងក្រោយ»។ (យ៉ូន. ១១:២៤) តើសេចក្ដីបង្រៀនរបស់លោកយេស៊ូ ហើយសៀវភៅដែលអ្នកកាន់តាមលោកសរសេរក្រោមការដឹកនាំរបស់ព្រះ ផ្លាស់ប្ដូរក្ដីសង្ឃឹមនេះទេ? តើព្រះយេហូវ៉ានៅតែផ្ដល់ឲ្យមនុស្សនូវក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់នៅផែនដីទេ? យើងនឹងពិភាក្សាចម្លើយចំពោះសំណួរទាំងនេះនៅអត្ថបទបន្ទាប់។
តើអ្នកអាចពន្យល់បានទេ?
• តើមនុស្ស«បានត្រូវបណ្ដាលឲ្យមានជីវិតដែលជាអសារឥតការ» ដោយមានសេចក្ដីសង្ឃឹមអ្វី?
• តើអ្វីបង្ហាញថាអាប្រាហាំមានជំនឿទៅលើការប្រោសឲ្យរស់ឡើងវិញ?
• តើពាក្យដែលអេលីហ៊ូវនិយាយទៅកាន់យ៉ូបផ្ដល់ឲ្យមនុស្សមានក្ដីសង្ឃឹមអ្វី?
• ស្តីអំពីក្ដីសង្ឃឹមឲ្យរស់ឡើងវិញ ហើយជីវិតដែលគ្មានទីបញ្ចប់នៅផែនដី តើបទគម្ពីរភាសាហេប្រឺដៅបញ្ជាក់យ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
១, ២. (ក) ហេតុអ្វីបានជាក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់នៅផែនដីគឺសំខាន់សម្រាប់យើង? (ខ) ហេតុអ្វីមនុស្សជាច្រើនពិបាកជឿថា យើងអាចទទួលជីវិតដែលគ្មានទីបញ្ចប់នៅផែនដី?
៣. តាំងពីមនុស្សជាតិដំបូងត្រូវបានបង្កើតមក តើគោលបំណងរបស់ព្រះសម្រាប់មនុស្សជាតិបានសឲ្យឃើញយ៉ាងដូចម្ដេច?
៤. ហេតុអ្វីបានជាបុរសស្មោះត្រង់ពីសម័យបុរាណអាចជឿថា ពរដែលអាដាមបានបាត់បង់ ព្រះនឹងផ្ដល់ឲ្យមនុស្សជាតិម្ដងទៀត?
៥. តើអ្វីបង្ហាញថាអាប្រាហាំមានជំនឿទៅលើការប្រោសឲ្យរស់ឡើងវិញ?
៦, ៧. (ក) តើព្រះយេហូវ៉ាធ្វើកិច្ចព្រមព្រៀងអ្វីជាមួយអាប្រាហាំ? (ខ) តើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាជាមួយអាប្រាហាំផ្ដល់ក្ដីសង្ឃឹមឲ្យមនុស្សជាតិយ៉ាងដូចម្ដេច?
៨, ៩. ហេតុអ្វីសៀវភៅយ៉ូបមិនគ្រាន់តែជាកំណត់ហេតុអំពីទុក្ខលំបាករបស់បុគ្គលម្នាក់ប៉ុណ្ណោះ?
១០. តើអ្វីបង្ហាញថាជួនកាលព័ត៌មានដែលព្រះយេហូវ៉ាផ្ដល់ឲ្យបុគ្គលម្នាក់ក៏ជាប់ទាក់ទងនឹងមនុស្សជាតិទូទៅដែរ?
១១. តើពាក្យរបស់អេលីហ៊ូវបញ្ជាក់អ្វីអំពីព្រះ?
១២. តើពាក្យរបស់អេលីហ៊ូវផ្ដល់ក្ដីសង្ឃឹមអ្វីសម្រាប់មនុស្សជាតិ?
១៣. តើពាក្យរបស់អេលីហ៊ូវមានន័យអ្វីសម្រាប់ពួកគ្រិស្តសាសនិក?
១៤. តើអ្វីបង្ហាញថាបណ្ដាជនអ៊ីស្រាអែលត្រូវរំដោះឲ្យរួចពីបណ្ដាសានៃច្បាប់ម៉ូសេដើម្បីមានក្ដីសង្ឃឹមរស់ជារៀងរហូត?
១៥. តើដាវីឌបានត្រូវដឹកនាំដោយព្រះឲ្យសរសេរអំពីពរអ្វីនៅអនាគត?
១៦. តាមរយៈអេសាយ តើព្រះយេហូវ៉ាបានសន្យាអ្វីអំពីអនាគតរបស់«ផែនដីទាំងមូល»?
១៧. ក្នុងទំនាយអំពីមេស្ស៊ី តើតួនាទីអ្វីរបស់លោកបានបើកឱកាសឲ្យមនុស្សទទួលជីវិតគ្មានទីបញ្ចប់?
១៨, ១៩. តើសៀវភៅអេសាយ ២៦:១៩ និងដានីយ៉ែល ១២:១៣ ពន្យល់អំពីសេចក្ដីសង្ឃឹមអ្វី?
[រូបភាពនៅទំព័រ១០]
ពាក្យដែលអេលីហ៊ូវនិយាយទៅកាន់យ៉ូបផ្ដល់ក្ដីសង្ឃឹមថា មនុស្សនឹងត្រូវរំដោះពីជរាភាពនិងក្ដីស្លាប់
[រូបភាពនៅទំព័រ១២]
ព្រះបានធានាដានីយ៉ែលថា ‹គាត់នឹងឈរឡើងដើម្បីទទួលចំណែករបស់គាត់នៅគ្រាចុងបំផុត›