ជំពូកទី២២
រាជាណាចក្រធ្វើឲ្យបំណងប្រាថ្នារបស់ព្រះសម្រេចនៅផែនដី
១, ២. (ក) ហេតុអ្វីពេលខ្លះយើងពិបាកគិតថាសួនឧទ្យាននឹងមានពិតប្រាកដ? (ខ) តើអ្វីអាចជួយយើងឲ្យពង្រឹងជំនឿទៅលើសេចក្ដីសន្យារបស់ព្រះ?
បងប្រុសស្មោះត្រង់ម្នាក់មកដល់សាលប្រជុំទាំងនឿយហត់និងតានតឹងចិត្ត។ នៅកន្លែងធ្វើការ គាត់មានចៅហ្វាយកាច ថែមទាំងមានការតានតឹងចិត្តដែលមកពីការពិបាកថែរក្សាក្រុមគ្រួសារ ហើយគាត់ក៏ខ្វល់អំពីជំងឺរបស់ប្រពន្ធគាត់ដែរ។ កាលដែលភ្លេងសម្រាប់ចម្រៀងដំបូងចាប់ផ្ដើម គាត់មានអារម្មណ៍ធូរស្រាល ដោយសារគាត់សប្បាយចិត្តនៅសាលប្រជុំជាមួយនឹងបងប្អូន។ ចម្រៀងនោះគឺអំពីសេចក្ដីសង្ឃឹមរស់នៅក្នុងសួនឧទ្យាន ហើយពាក្យក្នុងចម្រៀងលើកទឹកចិត្តគាត់ឲ្យស្រមៃឃើញខ្លួននៅទីនោះ។ តាំងពីដំបូង គាត់ស្រឡាញ់បទនោះ ហើយកាលដែលគាត់ច្រៀងជាមួយនឹងក្រុមគ្រួសាររបស់គាត់នៅសាលប្រជុំ សេចក្ដីសង្ឃឹមនោះចាប់ផ្ដើមសម្រាលទុក្ខគាត់។
២ តើអ្នកធ្លាប់មានអារម្មណ៍ដូច្នោះដែរឬទេ? យើងភាគច្រើនធ្លាប់មាន។ ប៉ុន្តែ បើនិយាយឲ្យពិតទៅ ជីវិតក្នុងពិភពលោកនេះអាចធ្វើឲ្យយើងពិបាកគិតថាសួនឧទ្យាននឹងមានពិតប្រាកដ។ យើងរស់នៅ‹គ្រាលំបាកណាស់› ហើយពិភពលោកនេះគ្មានអ្វីដូចសួនឧទ្យានសោះ។ (២ធី. ៣:១) តើអ្វីអាចជួយយើងឲ្យជឿជាក់ថា អ្វីដែលយើងសង្ឃឹមនឹងកើតឡើងយ៉ាងពិតប្រាកដ? ហេតុអ្វីយើងអាចប្រាកដថា មិនយូរទៀតរាជាណាចក្ររបស់ព្រះនឹងគ្រប់គ្រងមនុស្សជាតិទាំងឡាយ? សូមពិចារណាអំពីទំនាយខ្លះពីព្រះយេហូវ៉ាដែលរាស្ត្ររបស់លោកបានឃើញកើតឡើងនៅសម័យបុរាណ។ រួចមកយើងនឹងពិចារណាអំពីរបៀបដែលទំនាយទាំងនោះនិងទំនាយផ្សេងទៀតកំពុងកើតឡើងយ៉ាងអស្ចារ្យនៅសព្វថ្ងៃនេះ។ ក្រោយបង្អស់ ដោយសារជំនឿរបស់យើងបានត្រូវពង្រឹង នោះយើងនឹងពិចារណាអំពីរបៀបដែលទំនាយទាំងនោះទាក់ទងនឹងអនាគតរបស់យើង។
របៀបដែលព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីសន្យារបស់លោកនៅសម័យបុរាណ
៣. តើសេចក្ដីសន្យាអ្វីបានសម្រាលទុក្ខជនជាតិយូដាដែលជានិរទេសជននៅក្រុងបាប៊ីឡូន?
៣ សូមគិតអំពីជីវិតរបស់ជនជាតិយូដាដែលជាឈ្លើយសឹកនៅក្រុងបាប៊ីឡូននាសតវត្សទី៦ មុនគ.ស.។ ពួកគេជាច្រើននាក់និងកូនរបស់ពួកគេបានធំឡើងជានិរទេសជន។ ជីវិតរបស់ពួកគេគឺពិបាក។ ជនជាតិបាប៊ីឡូនបានចំអកមើលងាយជំនឿរបស់ពួកគេទៅលើព្រះយេហូវ៉ា។ (ទំនុក. ១៣៧:១-៣) អស់រាប់សិបឆ្នាំ ជនជាតិយូដាមានសេចក្ដីសង្ឃឹមមួយដក់ជាប់ក្នុងចិត្ត គឺព្រះយេហូវ៉ាបានសន្យាថាលោកនឹងប្រមូលរាស្ត្ររបស់លោកនាំទៅស្រុកកំណើតវិញ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថាស្ថានភាពនៅទីនោះនឹងល្អក្រៃលែង។ លោកថែមទាំងបានប្រដូចស្រុកយូដាដែលបានត្រូវរៀបចំឡើងវិញទៅនឹងសួនអេដែន! (សូមអាន អេសាយ ៥១:៣) យើងអាចឃើញច្បាស់ថា សេចក្ដីសន្យាទាំងនោះគឺដើម្បីពង្រឹងទំនុកចិត្តរាស្ត្ររបស់ព្រះ និងជួយបំបាត់ការសង្ស័យដែលធ្វើឲ្យពួកគេធ្លាក់ទឹកចិត្ត។ តើទំនាយទាំងនោះបានជួយពួកគេយ៉ាងដូចម្ដេច? សូមពិចារណាទំនាយខ្លះ។
៤. តើព្រះយេហូវ៉ាបានធ្វើអ្វីដើម្បីពង្រឹងទំនុកចិត្តជនជាតិយូដាថា ពួកគេនឹងមានសន្ដិសុខនៅស្រុករបស់ពួកគេ?
៤ សន្ដិសុខ: និរទេសជនទាំងនោះនឹងមិនត្រឡប់ទៅសួនឧទ្យានពិតប្រាកដមួយទេ តែនឹងត្រឡប់ទៅស្រុកឆ្ងាយមួយដែលបានត្រូវទុកចោលអស់៧០ឆ្នាំ ហើយជាស្រុកមួយដែលពួកគេភាគច្រើនមិនធ្លាប់ឃើញទេ។ នៅសម័យនោះ ស្រុកផ្សេងៗដែលរៀបរាប់ក្នុងគម្ពីរគឺសម្បូរទៅដោយសត្វតោ ឆ្កែចចក ខ្លារខិន និងសត្វសាហាវឯទៀត។ ហេតុនេះ មេគ្រួសារប្រហែលជាឆ្ងល់ថា‹តើខ្ញុំអាចការពារប្រពន្ធកូនរបស់ខ្ញុំយ៉ាងដូចម្ដេច? ចុះហ្វូងចៀមនិងហ្វូងគោរបស់ខ្ញុំ តើខ្ញុំអាចការពារវាយ៉ាងណា?›។ ជាការធម្មតាដែលពួកគេមានចម្ងល់បែបនេះ។ ដូច្នេះ សូមគិតអំពីសេចក្ដីសន្យារបស់ព្រះនៅអេសាយ ១១:៦-៩ ហើយស្រមៃគិតថានោះបានសម្រាលទុក្ខពួកគេយ៉ាងណាទៅ។ (សូមអាន) តាមរយៈពាក្យដ៏ពីរោះនោះ ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តជនជាតិអ៊ីស្រាអែលថា ពួកគេនិងហ្វូងសត្វរបស់ពួកគេនឹងមានសុវត្ថិភាព។ សត្វតោនឹងស៊ីចំបើងក្នុងន័យថា វានឹងមិនស៊ីហ្វូងគោហ្វូងចៀមរបស់ជនជាតិអ៊ីស្រាអែលទេ។ អ្នកស្មោះត្រង់នឹងមិនចាំបាច់ខ្លាចសត្វទាំងនោះឡើយ។ ព្រះយេហូវ៉ាសន្យាថារាស្ត្ររបស់លោកនឹងមានសុវត្ថិភាពនៅស្រុកយូដា សូម្បីតែនៅក្នុងព្រៃនិងនៅតំបន់ស្ងាត់ជ្រងំក៏ពួកគេនឹងមានសុវត្ថិភាពដែរ។—អេស. ៣៤:២៥
៥. តើទំនាយអ្វីដែលបានជួយនិរទេសជនមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងផ្ដល់យ៉ាងបរិបូរនូវអ្វីដែលពួកគេត្រូវការ?
៥ ភាពសម្បូរសប្បាយ: ពួកគេប្រហែលជាមានកង្វល់ផ្សេងទៀត ដូចជា‹តើខ្ញុំអាចរកស្បៀងអាហារឲ្យក្រុមគ្រួសារខ្ញុំនៅស្រុកនោះបានឬទេ? តើយើងនឹងរស់នៅឯណា? តើខ្ញុំអាចមានការងារធ្វើ ហើយតើការងារនោះនឹងប្រសើរជាងជីវិតជានិរទេសជនគួរឲ្យធុញទ្រាន់ក្រោមអំណាចអ្នកដែលវាយយកស្រុកយើងឬ?›។ តាមរយៈទំនាយផ្សេងៗ ព្រះយេហូវ៉ាបានបង្ហាញថាលោកយល់អារម្មណ៍របស់ពួកគេ ដោយឆ្លើយសំណួរទាំងនោះដែរ។ ព្រះយេហូវ៉ាបានសន្យាថា រាស្ត្ររបស់លោកដែលស្ដាប់បង្គាប់នឹងទទួលទឹកភ្លៀងជាទៀងទាត់ ជាលទ្ធផល ដីនឹងបង្កើតអាហារ«មានឱជារស ហើយសម្បូរផង»។ (អេ. ៣០:២៣) ស្តីអំពីជម្រកនិងការងារដែលគាប់ចិត្ត ព្រះយេហូវ៉ាបានសន្យានឹងរាស្ត្ររបស់លោកថា៖ «មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ»។ (អេ. ៦៥:២១, ២២) ជីវិតរបស់ពួកគេនឹងប្រសើរជាងឆ្ងាយណាស់ បើប្រៀបនឹងជីវិតជានិរទេសជននៅក្រុងបាប៊ីឡូន ដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ប៉ុន្តែចុះយ៉ាងណាបញ្ហាធំជាង គឺបញ្ហាដែលនាំឲ្យពួកគេបានត្រូវនិរទេសនៅដើមដំបូង?
៦. អស់មួយរយៈពេលយូរ តើរាស្ត្ររបស់ព្រះបានមានបញ្ហាអ្វី ហើយតើព្រះយេហូវ៉ាបានសន្យាអ្វីចំពោះពួកគេ?
៦ ការគោរពប្រណិប័តន៍ព្រះ: ជាយូរមុននឹងរាស្ត្ររបស់ព្រះបានត្រូវនិរទេស ពួកគេបានលែងគោរពប្រណិប័តន៍ព្រះយ៉ាងត្រឹមត្រូវ។ តាមទស្សនៈរបស់ព្រះ គឺហាក់ដូចជាពួកគេឈឺធ្ងន់។ តាមរយៈអេសាយ ព្រះយេហូវ៉ាបានបញ្ជាក់អំពីរាស្ត្រលោកថា៖ «គ្រប់ទាំងក្បាលក៏ឈឺ គ្រប់ទាំងចិត្តបានល្វើយផង»។ (អេ. ១:៥) គឺហាក់ដូចជាពួកគេងងឹតភ្នែកហើយថ្លង់ ពីព្រោះពួកគេមិនព្រមស្ដាប់ឱវាទរបស់ព្រះយេហូវ៉ា ហើយបានបិទភ្នែកចំពោះការបំភ្លឺពីលោក។ (អេ. ៦:១០; យេ. ៥:២១; អេស. ១២:២) បើពួកគេមានបញ្ហាដូចគ្នាក្រោយពីត្រឡប់ទៅស្រុកវិញ ពួកគេនឹងគ្មានសេចក្ដីសុខ ហើយព្រះនឹងលែងពេញចិត្តពួកគេទៀត មែនទេ? សេចក្ដីសន្យារបស់ព្រះយេហូវ៉ាច្បាស់ជាបានធ្វើឲ្យពួកគេមានសេចក្ដីសង្ឃឹម។ សេចក្ដីសន្យានោះថា៖ «នៅគ្រានោះ មនុស្សត្រចៀកថ្លង់នឹងឮព្រះបន្ទូលក្នុងគម្ពីរ ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ពីក្នុងសភាពជាងងឹត ហើយសូន្យសុង»។ (អេ. ២៩:១៨) ព្រះយេហូវ៉ានឹងជួយរាស្ត្ររបស់លោកដែលបានទទួលការប្រដៅ ហើយបានប្រែចិត្តនោះ ឲ្យគោរពប្រណិប័តន៍លោកតាមរបៀបត្រឹមត្រូវវិញ។ ដរាបណាពួកគេបានស្ដាប់បង្គាប់លោក ដរាបនោះលោកនឹងផ្ដល់ការណែនាំនិងការបំភ្លឺដែលសង្គ្រោះជីវិត។
៧. តើសេចក្ដីសន្យារបស់ព្រះចំពោះរាស្ត្ររបស់លោកបានកើតឡើងយ៉ាងដូចម្ដេច ហើយហេតុអ្វីនោះគួរពង្រឹងជំនឿរបស់យើង?
៧ តើព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីសន្យារបស់លោកឬទេ? កំណត់ហេតុប្រវត្ដិសាស្ត្រជួយឆ្លើយសំណួរនេះ។ ជនជាតិយូដាដែលបានត្រឡប់ទៅស្រុករបស់ពួកគេវិញ បានទទួលពរពីព្រះ គឺសន្ដិសុខ ភាពសម្បូរសប្បាយ និងបានគោរពប្រណិប័តន៍លោកតាមរបៀបត្រឹមត្រូវ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានការពារពួកគេពីប្រទេសជិតខាងដែលខ្លាំងជាងនិងមានគ្នាច្រើនជាងពួកគេ។ សត្វសាហាវមិនបានស៊ីហ្វូងសត្វរបស់ពួកគេទេ។ ពិតមែនតែរាស្ត្ររបស់ព្រះមិនបានឃើញទំនាយអំពីសួនឧទ្យានដែលសរសេរដោយអេសាយ យេរេមានិងអេសេគាលកើតឡើងទាំងអស់ទេ ប៉ុន្តែអ្វីដែលពួកគេបានឃើញគឺអស្ចារ្យណាស់ ហើយគឺចំនឹងអ្វីដែលពួកគេត្រូវការនៅពេលនោះ។ កាលដែលយើងពិចារណាអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើដើម្បីរាស្ត្ររបស់លោកនៅសម័យបុរាណ នោះនឹងពង្រឹងជំនឿរបស់យើង។ នៅសម័យបុរាណ ពេលទំនាយនោះបានកើតឡើងក្នុងមួយកម្រិតជាលើកដំបូង នោះគួរឲ្យរំភើបចិត្តណាស់។ បើដូច្នេះ ពេលដែលទំនាយនោះកើតឡើងក្នុងកម្រិតធំជាង តើនោះនឹងអស្ចារ្យយ៉ាងណាទៅ? សូមពិចារណាអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យើងនៅសព្វថ្ងៃនេះ។
ព្រះយេហូវ៉ាបានចាប់ផ្ដើមធ្វើតាមសេចក្ដីសន្យារបស់លោកនៅសម័យយើង
៨. តើរាស្ត្ររបស់ព្រះមាន«ស្រុក»បែបណាសព្វថ្ងៃនេះ?
៨ សព្វថ្ងៃនេះ រាស្ត្ររបស់ព្រះមិនមែនជាជនជាតិតែមួយនៅក្នុងដែនកំណត់នៃទឹកដីតែមួយឡើយ។ ក៏ប៉ុន្តែចំពោះព្រះ គ្រិស្តសាសនិកដែលបានត្រូវរើសតាំងជាប្រជាជាតិមួយ ពោលគឺ«អ៊ីស្រាអែលនៃព្រះ»។ (កាឡ. ៦:១៦) គ្រិស្តសាសនិកដែលជា«ចៀមឯទៀត» រួបរួមជាមួយនឹងពួកគេក្នុង«ស្រុក»មួយ ពោលគឺស្ថានភាពមួយដែលឲ្យពួកគេគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយសាមគ្គីភាព។ ការគោរពប្រណិប័តន៍នោះមានឥទ្ធិពលលើអ្វីៗទាំងអស់ដែលពួកគេធ្វើ។ (យ៉ូន. ១០:១៦; អេ. ៦៦:៨) តើព្រះយេហូវ៉ាឲ្យ«ស្រុក»បែបណាដល់យើង? គឺជា«ស្រុក»ដែលប្រៀបដូចជាសួនឧទ្យាន។ ក្នុង«ស្រុក»នេះ សេចក្ដីសន្យារបស់ព្រះស្តីអំពីស្ថានភាពដូចសួនអេដែនបានកើតឡើងយ៉ាងអស្ចារ្យ។ សូមគិតអំពីឧទាហរណ៍ខ្លះ។
៩, ១០. (ក) នៅសព្វថ្ងៃនេះ តើទំនាយនៅអេសាយ ១១:៦-៩ កំពុងកើតឡើងយ៉ាងដូចម្ដេច? (ខ) ក្នុងចំណោមរាស្ត្ររបស់ព្រះ តើមានភ័ស្តុតាងអ្វីដែលបញ្ជាក់ថាយើងមានសេចក្ដីសុខសាន្ត?
៩ សន្ដិសុខ: ក្នុងទំនាយដែលបានត្រូវកត់ទុកនៅអេសាយ ១១:៦-៩ មានការបញ្ជាក់អំពីសន្ដិភាពរវាងសត្វសាហាវនិងមនុស្ស ព្រមទាំងសត្វស្រុករបស់ពួកគេ។ ក្នុងចំណោមរាស្ត្ររបស់ព្រះ តើទំនាយនោះបានកើតឡើងសព្វថ្ងៃនេះឬ? ពិតជាបានកើតឡើងមែន! នៅខ៩ យើងរៀនមូលហេតុដែលសត្វទាំងនោះមិនធ្វើទុក្ខ គឺពីព្រោះ«គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ»។ ប៉ុន្តែតើការ«ស្គាល់ព្រះយេហូវ៉ា»ធ្វើឲ្យសត្វសាហាវពិតប្រាកដប្រែជាស្លូតវិញឬ? មិនមែនទេ។ ចុះមនុស្សវិញ? ពេលមនុស្សស្គាល់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយរៀនប្រព្រឹត្តដោយសន្ដិវិធីដូចលោក ចំណេះនោះធ្វើឲ្យពួកគេកែប្រែ។ ហេតុនេះក្នុងចំណោមបងប្អូនរួមជំនឿនៅសព្វថ្ងៃនេះ យើងឃើញថាទំនាយនោះកំពុងកើតឡើង។ នេះធ្វើឲ្យយើងរំភើបចិត្តណាស់! ក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ អ្នកកាន់តាមគ្រិស្តកំពុងរៀនបោះបង់ចោលលក្ខណៈសាហាវឃោរឃៅរបស់ពួកគេ ហើយរស់នៅដោយសន្ដិភាពជាមួយនឹងបងប្អូនរួមជំនឿ។
១០ ជាឧទាហរណ៍ ក្នុងសៀវភៅនេះយើងបានពិចារណាអំពីសារៈសំខាន់នៃអព្យាក្រឹតភាពជាគ្រិស្តសាសនិក ដោយរៀនអំពីគោលការណ៍គម្ពីរដែលជាមូលដ្ឋានសម្រាប់គោលជំហររបស់យើង ថែមទាំងរៀនអំពីការបៀតបៀនដែលយើងបានប្រឈមមុខដោយសារគោលជំហរនោះ។ គួរឲ្យកត់សម្គាល់ថា ក្នុងពិភពលោកដ៏ឃោរឃៅនេះ មាន«ប្រជាជាតិ»មួយដែលមិនព្រមចូលរួមប្រើអំពើហិង្សាទេ ទោះជាមានគេគំរាមសម្លាប់ក៏ដោយ មែនទេ? នេះជាភ័ស្តុតាងដ៏អស្ចារ្យណាស់ ដែលបញ្ជាក់ថារាស្ត្រនៃស្តេចដែលជាមេស្ស៊ីមានសន្ដិភាពដូចអ្វីដែលអេសាយបានបញ្ជាក់! លោកយេស៊ូបានប្រកាសថា អ្នកកាន់តាមលោកនឹងត្រូវសម្គាល់ដោយសេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះគ្នាទៅវិញទៅមក។ (យ៉ូន. ១៣:៣៤, ៣៥) ក្នុងក្រុមជំនុំ គ្រិស្តកំពុងបង្រៀនគ្រិស្តសាសនិកពិតយ៉ាងអត់ធ្មត់ឲ្យចេះធ្វើឲ្យមានសន្ដិភាព បង្ហាញសេចក្ដីស្រឡាញ់ និងមានលក្ខណៈស្លូតបូត។ លោកបង្រៀនពួកគេតាមរយៈ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។—ម៉ាថ. ២៤:៤៥-៤៧
១១, ១២. តើក្នុងន័យអ្វីដែលពិភពលោកនេះកំពុងកើតអត់ឃ្លាន ហើយតើតាមរបៀបណាព្រះយេហូវ៉ាបានផ្ដល់ជាបរិបូរនូវអ្វីដែលរាស្ត្ររបស់លោកត្រូវការ?
១១ ភាពសម្បូរសប្បាយ: ពិភពលោកកំពុងកើតអត់ឃ្លានខាងចំណេះអំពីព្រះ។ គម្ពីរមានសេចក្ដីព្រមានមួយថា៖ «ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល មានគ្រាមក ដែលអញនឹងចាត់ប្រើអំណត់មកក្នុងស្រុក មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ»។ (អេម. ៨:១១) តើពលរដ្ឋនៃរាជាណាចក្រព្រះកំពុងកើតអត់ឃ្លានដែរឬទេ? ព្រះយេហូវ៉ាបានប្រកាសទុកជាមុនអំពីភាពខុសគ្នារវាងរាស្ត្ររបស់លោកនិងសត្រូវរបស់លោក។ លោកបញ្ជាក់ថា៖ «ពួកអ្នកបំរើអញនឹងបានស៊ី តែឯងរាល់គ្នានឹងត្រូវឃ្លាន មើល ពួកអ្នកបំរើអញនឹងបានផឹក តែឯងរាល់គ្នានឹងត្រូវស្រេក មើល ពួកអ្នកបំរើអញនឹងអរសប្បាយ តែឯងរាល់គ្នានឹងត្រូវខ្មាស»។ (អេ. ៦៥:១៣) តើអ្នកឃើញថាពាក្យទាំងនោះបានកើតឡើងមែនឬទេ?
១២ អ្វីៗដែលព្រះផ្ដល់ឲ្យយើងមានកាន់តែច្រើនប្រៀបដូចជាទន្លេមួយដែលកាន់តែធំនិងកាន់តែជ្រៅ។ សៀវភៅរបស់យើងដែលមានមូលដ្ឋានលើគម្ពីរ ព្រមទាំងវីដេអូ ការថតសំឡេង កិច្ចប្រជុំនិងមហាសន្និបាត និងព័ត៌មានដែលផ្សាយតាមគេហទំព័ររបស់យើង គឺប្រៀបដូចជាអាហារបរិបូរក្នុងពិភពលោកដែលកំពុងអត់ឃ្លាននេះ។ (អេស. ៤៧:១-១២; យ៉ូល. ៣:១៨) ពេលអ្នកឃើញថាព្រះយេហូវ៉ាកំពុងធ្វើតាមសេចក្ដីសន្យារបស់លោកដោយធ្វើឲ្យមានភាពសម្បូរសប្បាយ តើអ្នករំភើបចិត្តឬទេ? តើអ្នកទទួលអាហារជាទៀងទាត់ពីតុរបស់ព្រះយេហូវ៉ាឬ?
១៣. ស្តីអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថាភ្នែករបស់មនុស្សងងឹតនឹងភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮឡើងវិញ តើអ្នកឃើញថានេះបានកើតឡើងយ៉ាងដូចម្ដេច?
១៣ ការគោរពប្រណិប័តន៍ព្រះ: មនុស្សភាគច្រើនសព្វថ្ងៃនេះហាក់ដូចជាថ្លង់ឬងងឹតភ្នែកដោយសារគ្មានចំណេះអំពីព្រះទេ។ (២កូ. ៤:៤) ក៏ប៉ុន្តែគ្រិស្តកំពុងព្យាបាលមនុស្សបែបនោះនៅទូទាំងពិភពលោក។ តើអ្នកធ្លាប់ឃើញឬទេ? បើអ្នកធ្លាប់ឃើញមនុស្សទទួលចំណេះពិតពីបណ្ដាំរបស់ព្រះ ហើយបោះបង់ចោលសេចក្ដីភូតភរខាងសាសនាដែលធ្លាប់ធ្វើឲ្យពួកគេដូចជាងងឹតភ្នែកនិងថ្លង់ចំពោះសេចក្ដីពិត នោះអ្នកបានឃើញអ្វីដែលបានត្រូវសន្យាថា៖ «នៅគ្រានោះ មនុស្សត្រចៀកថ្លង់នឹងឮព្រះបន្ទូលក្នុងគម្ពីរ ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ពីក្នុងសភាពជាងងឹត ហើយសូន្យសុង»។ (អេ. ២៩:១៨) រៀងរាល់ឆ្នាំទូទាំងពិភពលោក មនុស្សរាប់សែននាក់ទទួលការព្យាបាលបែបនេះ។ មនុស្សម្នាក់ៗដែលចាកចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា ហើយចូលរួមជាមួយនឹងយើងដើម្បីគោរពប្រណិប័តន៍ក្នុងស្ថានភាពដូចសួនឧទ្យាន គឺជាភ័ស្តុតាងថាព្រះយេហូវ៉ាតែងតែធ្វើតាមសេចក្ដីសន្យារបស់លោក!
១៤. តើការរំពឹងគិតអំពីភ័ស្តុតាងអ្វីនឹងពង្រឹងជំនឿរបស់យើង?
១៤ រាល់ជំពូកនៃសៀវភៅនេះមានភ័ស្តុតាងច្បាស់លាស់ថា គ្រិស្តបាននាំឲ្យអ្នកកាន់តាមពិតរបស់លោកស្ថិតក្នុងស្ថានភាពដែលប្រៀបដូចជាសួនឧទ្យានដ៏ពិតប្រាកដនៅគ្រាចុងក្រោយបង្អស់នេះ។ សូមឲ្យយើងបន្តរំពឹងគិតអំពីពរដ៏ច្រើនដែលយើងមានក្នុងស្ថានភាពនេះ។ កាលដែលយើងធ្វើដូច្នេះ ជំនឿរបស់យើងទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាស្តីអំពីអនាគតនឹងកាន់តែរឹងមាំ។
«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»
១៥. ហេតុអ្វីយើងអាចជឿជាក់ថាផែនដីនឹងទៅជាសួនឧទ្យាន?
១៥ តាំងពីដើមដំបូង គោលបំណងរបស់ព្រះយេហូវ៉ាគឺលោកនឹងធ្វើឲ្យផែនដីទាំងមូលទៅជាសួនឧទ្យាន។ លោកដាក់អាដាមនិងអេវ៉ាក្នុងសួនឧទ្យានមួយ ហើយបង្គាប់ពួកគេឲ្យមានកូនពេញផែនដីថែមទាំងថែរក្សាសត្វនានា។ (លោ. ១:២៨) ក៏ប៉ុន្តែ អាដាមនិងអេវ៉ាបានតាមសាថានហើយបានប្រឆាំងព្រះយេហូវ៉ា។ ជាលទ្ធផល កូនទាំងឡាយរបស់ពួកគេមានភាពខុសឆ្គង ភាពមិនល្អឥតខ្ចោះ ហើយសេចក្ដីស្លាប់។ ប៉ុន្តែព្រះមិនបានផ្លាស់ប្ដូរគោលបំណងរបស់លោកឡើយ។ កាលលោកមានប្រសាសន៍ហើយ ប្រសាសន៍របស់លោកតែងតែកើតឡើង។ (សូមអាន អេសាយ ៥៥:១០, ១១) ដូច្នេះ យើងមានហេតុជឿជាក់ថា កូនចៅរបស់អាដាមនិងអេវ៉ានឹងរស់នៅពេញផែនដី ហើយនឹងបង្ហាញសេចក្ដីស្រឡាញ់ដោយថែរក្សាផែនដីដែលជាសួនឧទ្យាននិងថែរក្សាអ្វីៗដែលព្រះយេហូវ៉ាបានបង្កើត។ នៅពេលនោះ ទំនាយផ្សេងៗដែលជនជាតិយូដានៅក្រុងបាប៊ីឡូនបានទទួលស្តីអំពីសួនឧទ្យាននឹងកើតឡើងយ៉ាងពេញលេញ! សូមពិចារណាឧទាហរណ៍ខ្លះ។
១៦. តើគម្ពីររៀបរាប់យ៉ាងណាអំពីសេចក្ដីសុខសាន្តដែលយើងនឹងមានក្នុងសួនឧទ្យាន?
១៦ សន្ដិសុខ: នៅទីបំផុត អ្វីៗទាំងអស់ដែលរៀបរាប់នៅអេសាយ ១១:៦-៩ នឹងកើតឡើងយ៉ាងពិតប្រាកដ។ បុរស ស្ត្រី និងកូនក្មេងនឹងមានសុវត្ថិភាព ទោះជាពួកគេទៅកន្លែងណាក៏ដោយនៅផែនដី។ គ្មានអ្នកណាឬសត្វណានឹងបង្កគ្រោះថ្នាក់ដល់ពួកគេទេ។ សូមស្រមៃគិតអំពីពេលដែលអ្នកអាចចាត់ទុកភពផែនដីទាំងមូលនេះជាលំនៅរបស់អ្នក ហើយអាចហែលទឹកក្នុងទន្លេ បឹង និងសមុទ្រ ដើរឆ្លងភ្នំផ្សេងៗ ហើយត្រាច់ចរតាមតំបន់វាលស្មៅដោយមានសុវត្ថិភាពទាំងស្រុង។ នៅពេលយប់ អ្នកនឹងមិនខ្លាចឡើយ។ ពាក្យនៅអេសេគាល ៣៤:២៥ នឹងកើតឡើងពិតប្រាកដ ដូច្នេះ រាស្ត្ររបស់ព្រះអាច«អាស្រ័យនៅទីរហោស្ថានដោយសុខសាន្ត ហើយដេកនៅក្នុងព្រៃផង»។
១៧. ស្តីអំពីពេលរាជាណាចក្រព្រះគ្រប់គ្រងផែនដីទាំងមូល ហេតុអ្វីយើងអាចជឿជាក់ថាព្រះយេហូវ៉ានឹងផ្ដល់ជាបរិបូរនូវអ្វីដែលយើងត្រូវការ?
១៧ ភាពសម្បូរសប្បាយ: សូមស្រមៃគិតអំពីពេលដែលគ្មានភាពក្រីក្រ ការអត់ឃ្លាន ឬកម្មវិធីចិញ្ចឹមអ្នកខ្វះខាត។ ភាពសម្បូរសប្បាយក្នុងការគោរពប្រណិប័តន៍ដែលរាស្ត្ររបស់ព្រះមានសព្វថ្ងៃនេះ ជាការធានាថាស្តេចដែលជាមេស្ស៊ីនឹងផ្ដល់អ្វីៗទាំងអស់ដែលរាស្ត្ររបស់លោកត្រូវការ។ ពេលលោកយេស៊ូនៅផែនដី លោកបានបង្ហាញក្នុងកម្រិតតូចថាលោកអាចធ្វើតាមសេចក្ដីសន្យានោះ ពីព្រោះលោកបានផ្ដល់អាហារដល់មនុស្សរាប់ពាន់នាក់ ដោយប្រើតែនំប៉័ងនិងត្រីបន្ដិចបន្តួចប៉ុណ្ណោះ។ (ម៉ាថ. ១៤:១៧, ១៨; ១៥:៣៤-៣៦; ម៉ាក. ៨:១៩, ២០) ពេលដែលរាជាណាចក្ររបស់ព្រះគ្រប់គ្រងផែនដីទាំងមូល ទំនាយដូចតទៅនេះនឹងកើតឡើង៖ «ទ្រង់នឹងប្រទានឲ្យមានភ្លៀងធ្លាក់មកសំរាប់ពូជឯង ដើម្បីឲ្យឯងបានសាបព្រោះនៅដី ហើយអាហារជាផលចំរើនពីដី នោះនឹងមានឱជារស ហើយសម្បូរផង នៅគ្រានោះ ហ្វូងសត្វរបស់ឯងនឹងរកស៊ីនៅវាលស្មៅធំទូលាយ»។—អេ. ៣០:២៣
១៨, ១៩. (ក) តើទំនាយនៅអេសាយ ៦៥:២០-២២ មានន័យយ៉ាងណាចំពោះអ្នក? (ខ) តើក្នុងន័យអ្វីដែលអាយុជីវិតរបស់យើងនឹង«បានវែងដូចជាអាយុនៃដើមឈើ»?
១៨ សព្វថ្ងៃនេះ មនុស្សជាច្រើនពិបាកស្រមៃឃើញថាខ្លួនមានផ្ទះដែលស្អាតនិងស្រួលរស់នៅ ឬឃើញថាខ្លួនមានការងារដែលគាប់ចិត្ត។ ក្នុងពិភពលោកដ៏អយុត្ដិធម៌នេះ មនុស្សជាច្រើនមានអារម្មណ៍ថាពួកគេធ្វើការយូរម៉ោងយ៉ាងនឿយហត់ ដោយមិនសូវមានប្រយោជន៍សម្រាប់ខ្លួនឬសម្រាប់ក្រុមគ្រួសារទេ រីឯអ្នកមាននិងមនុស្សលោភលន់វិញទទួលផលប្រយោជន៍ទាំងអស់។ សូមស្រមៃគិតថាជីវិតនឹងទៅជាយ៉ាងណាពេលទំនាយនេះកើតឡើងទូទាំងពិភពលោក គឺ«មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ ដ្បិតអាយុរបស់រាស្ត្រអញនឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់អញនឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ»។—អេ. ៦៥:២០-២២
១៩ តើពាក្យថាអាយុជីវិតរបស់យើងនឹង«ដូចជាអាយុនៃដើមឈើ»មានន័យយ៉ាងណា? សូមស្រមៃគិតថាអ្នកកំពុងឈរមើលដើមឈើធំនិងខ្ពស់ត្រដែត។ តើអ្នកនឹងនឹកអស្ចារ្យក្នុងចិត្តឬទេ ដោយនឹកឃើញថាដើមឈើនោះបាននៅទីនោះយូរឆ្នាំ ប្រហែលជាយូរមុនដែលយាយទួតតាទួតរបស់អ្នកបានកើតទៅទៀត? អ្នកក៏ប្រហែលជានឹកឃើញដែរថា បើអ្នកនៅមានភាពខុសឆ្គងរហូត ដើមឈើនោះទំនងជានឹងនៅរស់បន្ទាប់ពីអ្នកបានស្លាប់សូន្យទៅ។ ព្រះយេហូវ៉ាពិតជាសប្បុរសណាស់ដែលលោកពង្រឹងទំនុកចិត្តយើងថា ក្នុងសួនឧទ្យាន យើងនឹងរស់ជាយូរអង្វែងទាំងមានសេចក្ដីសុខ! (ទំនុក. ៣៧:១១, ២៩) នៅថ្ងៃមុខ សូម្បីតែដើមឈើដែលរស់យូរបែបនោះ នឹងហាក់ដូចជាស្មៅដែលមានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ពីព្រោះយើងនឹងរស់ជារៀងរហូត!
២០. តើតាមរបៀបណារាស្ត្រស្មោះត្រង់នៃរាជាណាចក្រព្រះនឹងមានសុខភាពល្អឥតខ្ចោះ?
២០ សុខភាពល្អឥតខ្ចោះ: សព្វថ្ងៃនេះ ជំងឺនិងសេចក្ដីស្លាប់យាយីមនុស្សទាំងអស់ក្នុងពិភពលោកនេះ។ ក្នុងន័យម្យ៉ាងទៀត យើងទាំងអស់គ្នាមានជំងឺមួយដែលនាំឲ្យស្លាប់ ពោលគឺភាពខុសឆ្គង។ វិធីតែមួយគត់ដើម្បីព្យាបាលជំងឺនេះគឺតាមរយៈគ្រឿងបូជាលោះរបស់គ្រិស្ត។ (រ៉ូម ៣:២៣; ៦:២៣) ក្នុងអំឡុងការគ្រប់គ្រង១.០០០ឆ្នាំរបស់លោកយេស៊ូ លោកនិងអ្នកគ្រប់គ្រងជាមួយនឹងលោក នឹងជួយមនុស្សស្មោះត្រង់ឲ្យទទួលប្រយោជន៍ពេញលេញពីថ្លៃលោះនោះ ដោយបំបាត់បន្ដិចម្ដងៗនូវភាពខុសឆ្គងទាំងអស់។ នៅពេលនោះទំនាយរបស់អេសាយនឹងកើតឡើងយ៉ាងពេញលេញ គឺ«ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា៖ ‹ខ្ញុំឈឺ›ទៀតឡើយ ព្រះទ្រង់នឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់ប្រជាជនផង»។ (អេ. ៣៣:២៤) សូមស្រមៃគិតអំពីពេលដែលគ្មានអ្នកណានឹងថ្លង់ ងងឹតភ្នែក ឬពិការ។ (សូមអាន អេសាយ ៣៥:៥, ៦) គ្មានជំងឺណាមួយដែលលោកយេស៊ូនឹងមិនអាចព្យាបាលឲ្យជានោះទេ ទោះជាជំងឺប្រចាំកាយឬជំងឺផ្លូវចិត្តក៏ដោយ។ រាស្ត្រស្មោះត្រង់នៃរាជាណាចក្ររបស់ព្រះនឹងមានសុខភាពល្អឥតខ្ចោះ!
២១. តើសេចក្ដីស្លាប់នឹងទៅជាយ៉ាងណា ហើយហេតុអ្វីសេចក្ដីសន្យានោះសម្រាលទុក្ខអ្នក?
២១ ប៉ុន្តែចុះយ៉ាងណាលទ្ធផលដែលមកពីជំងឺនិងភាពខុសឆ្គង ពោលគឺសេចក្ដីស្លាប់? សេចក្ដីស្លាប់ជា«សត្រូវចុងក្រោយ»របស់យើង ជាសត្រូវដែលមនុស្សមិនល្អឥតខ្ចោះគ្រប់រូបត្រូវចាញ់នៅទីបំផុត។ (១កូ. ១៥:២៦) ប៉ុន្តែតើសេចក្ដីស្លាប់ជាសត្រូវដែលព្រះយេហូវ៉ាពិបាកឈ្នះឬទេ? សូមអានអ្វីដែលអេសាយបានទាយថា៖ «ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់»។ (អេ. ២៥:៨) តើអ្នកអាចស្រមៃឃើញស្ថានភាពបែបនោះឬទេ? គ្មានបុណ្យសព គ្មានកន្លែងបូជាសព និងគ្មានការស្រក់ទឹកភ្នែកដោយកើតទុក្ខទៀតទេ! ផ្ទុយទៅវិញ មនុស្សនឹងស្រក់ទឹកភ្នែកដោយត្រេកអរយ៉ាងខ្លាំង កាលដែលព្រះយេហូវ៉ាធ្វើតាមសេចក្ដីសន្យាដ៏គួរឲ្យរំភើបចិត្តរបស់លោក ដែលថាលោកនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ! (សូមអាន អេសាយ ២៦:១៩) នៅទីបំផុត ស្លាកស្នាមផ្លូវចិត្តដែលបន្សល់ទុកដោយសត្រូវចុងក្រោយនោះនឹងបានជាសះស្បើយឡើងវិញ។
២២. តើអ្វីនឹងកើតឡើងក្រោយពីរាជាណាចក្ររបស់មេស្ស៊ីធ្វើឲ្យបំណងប្រាថ្នារបស់ព្រះសម្រេចនៅផែនដី?
២២ ពេលការគ្រប់គ្រង១.០០០ឆ្នាំមកដល់ទីបញ្ចប់ រាជាណាចក្ររបស់ព្រះបានធ្វើឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេចនៅផែនដីរួចរាល់អស់ហើយ។ រួចមក គ្រិស្តនឹងប្រគល់ការគ្រប់គ្រងទៅបិតាលោកវិញ។ (១កូ. ១៥:២៥-២៨) មនុស្សជាតិនឹងមានភាពល្អឥតខ្ចោះ ហើយមានលក្ខណៈគ្រប់គ្រាន់ដើម្បីប្រឈមមុខការសាកល្បងចុងក្រោយពេលសាថានចេញពីទីជ្រៅបំផុត។ ក្រោយមក គ្រិស្តនឹងបំផ្លាញសត្វពស់ខូចអាក្រក់នោះ និងអស់អ្នកដែលគាំទ្រវា។ (លោ. ៣:១៥; បប. ២០:៣, ៧-១០) ប៉ុន្តែអស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ាយ៉ាងស្មោះត្រង់នឹងមានលទ្ធភាពដ៏អស្ចារ្យមួយ។ ស្តីអំពីរឿងនោះ ប្រហែលជាគ្មានពាក្យព័ណ៌នាណាដែលល្អជាងពាក្យក្នុងគម្ពីរទេ គឺពាក្យសន្យាថាមនុស្សស្មោះត្រង់នឹងមាន«សេរីភាពរុងរឿងជាកូនព្រះ»។—រ៉ូម ៨:២១
២៣, ២៤. (ក) ហេតុអ្វីយើងអាចជឿជាក់ថាអ្វីដែលព្រះបានសន្យានឹងកើតឡើងពិតប្រាកដ? (ខ) តើអ្នកបានតាំងចិត្តធ្វើអ្វី?
២៣ សេចក្ដីសន្យាទាំងនោះមិនមានមូលដ្ឋានលើការស្រមើស្រមៃនោះទេ។ អ្វីដែលព្រះយេហូវ៉ាបានសន្យាប្រាកដជានឹងកើតឡើង! ហេតុអ្វីយើងអាចប្រាកដបាន? សូមនឹកឃើញប្រសាសន៍របស់លោកយេស៊ូដែលយើងបានរៀននៅជំពូកដំបូងក្នុងសៀវភៅនេះ។ លោកបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថ. ៦:៩, ១០) រាជាណាចក្រព្រះមិនមែនជារឿងប្រឌិតនោះទេ។ រាជាណាចក្រនោះមានពិតប្រាកដ ហើយកំពុងគ្រប់គ្រងនៅស្ថានសួគ៌សព្វថ្ងៃនេះ! អស់១០០ឆ្នាំហើយ រាជាណាចក្រនោះបានធ្វើឲ្យសេចក្ដីសន្យាផ្សេងៗរបស់ព្រះយេហូវ៉ាកើតឡើង តាមវិធីដែលយើងអាចឃើញច្បាស់ក្នុងក្រុមជំនុំគ្រិស្តសាសនិកពិត។ ដូច្នេះ យើងអាចជឿជាក់ថា សេចក្ដីសន្យាទាំងអស់របស់ព្រះយេហូវ៉ានឹងកើតឡើងពេលរាជាណាចក្រនោះមកគ្រប់គ្រងផែនដីទាំងមូល!
២៤ យើងដឹងថារាជាណាចក្ររបស់ព្រះនឹងមកដល់។ យើងដឹងថាសេចក្ដីសន្យាទាំងអស់របស់ព្រះយេហូវ៉ានឹងកើតឡើង។ ហេតុអ្វីយើងដឹង? ពីព្រោះរាជាណាចក្ររបស់ព្រះកំពុងគ្រប់គ្រងហើយ! សំណួរសំខាន់ដែលយើងម្នាក់ៗត្រូវសួរខ្លួនឯងគឺ‹តើរាជាណាចក្ររបស់ព្រះកំពុងគ្រប់គ្រងខ្ញុំឬ?›។ ចូរយើងទាំងអស់គ្នាខំអស់ពីសមត្ថភាពដើម្បីមានរបៀបរស់នៅជារាស្ត្រស្មោះត្រង់នៃរាជាណាចក្ររបស់ព្រះនៅឥឡូវនេះ ដើម្បីយើងអាចទទួលប្រយោជន៍ពីការគ្រប់គ្រងដ៏ល្អឥតខ្ចោះនិងសុចរិតយុត្ដិធម៌នៃរាជាណាចក្រនោះជារៀងរហូត!