ហេតុអ្វីយើងត្រូវឲ្យសកម្មពលរបស់ព្រះដឹកនាំយើង?
«ទ្រង់ជាព្រះនៃទូលបង្គំពិត សូមឲ្យព្រះវិញ្ញាណ[ឬ«សកម្មពលបរិសុទ្ធ»]ដ៏ល្អរបស់ទ្រងនាំទូលបង្គំ»។—ទំនុក. ១៤៣:១០; ព.ថ.
១. សូមលើកឧទាហរណ៍អំពីរបៀបថាមពលដែលយើងមើលមិនឃើញអាចជួយបង្ហាញផ្លូវបាន។
តើអ្នកធ្លាប់ប្រើត្រីវិស័យដើម្បីរុករកផ្លូវឬទេ? ត្រីវិស័យជាឧបករណ៍សាមញ្ញមួយដែលមានទ្រនិចមួយចង្អុលទៅទិសខាងជើង។ ដោយសារដែនម៉ាញេទិករបស់ផែនដីមានកម្លាំងទំនាញដូចជាដែកឆក់ នោះធ្វើឲ្យទ្រនិចរបស់ត្រីវិស័យចង្អុលទៅទិសខាងជើងជានិច្ច។ អស់រាប់រយឆ្នាំមកហើយ អ្នករុករកនិងអ្នកធ្វើដំណើរបានប្រើត្រីវិស័យនេះដើម្បីជួយបង្ហាញផ្លូវពេលធ្វើដំណើរតាមផ្លូវគោកនិងតាមផ្លូវទឹក។
២, ៣. (ក) តើអ្វីជាថាមពលដ៏ខ្លាំងក្លាដែលព្រះយេហូវ៉ាប្រើជាយូរយារណាស់មកហើយ? (ខ) ហេតុអ្វីយើងដឹងថាសកម្មពលបរិសុទ្ធរបស់ព្រះអាចដឹកនាំយើងនៅសព្វថ្ងៃនេះ?
២ មានថាមពលមួយទៀតដែលយើងមើលមិនឃើញ។ ថាមពលនោះក៏ដឹកនាំយើងដែរ ហើយវាសំខាន់ជាងដែនម៉ាញេទិកទៅទៀត។ តើថាមពលនោះជាអ្វីទៅ? ថាមពលនោះបានត្រូវពណ៌នានៅខមុនគេបង្អស់ក្នុងគម្ពីរ។ ពេលពណ៌នាអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើជាយូរយារណាស់មកហើយ សៀវភៅលោកុប្បត្តិបានចែងថា៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី»។ កាលដែលលោកកំពុងធ្វើដូច្នេះ លោកបានប្រើថាមពលដ៏ខ្លាំងក្លាមួយ ព្រោះកំណត់ហេតុអំពីការបង្កើតបានបន្ថែមថា៖ «ព្រះវិញ្ញាណនៃព្រះក៏រេរា»។ (លោ. ១:១, ២) តើអ្វីកំពុងរេរានៅពេលនោះ? គឺសកម្មពលបរិសុទ្ធជាថាមពលដ៏ខ្លាំងក្លាដែលព្រះប្រើក្នុងការបង្កើតអ្វីៗទាំងអស់។ បើព្រះយេហូវ៉ាមិនប្រើសកម្មពលបរិសុទ្ធនោះដើម្បីបង្កើតអ្វីៗទាំងអស់ នោះក៏គ្មានយើងនៅលើផែនដីដែរ។—យ៉ូប ៣៣:៤; ទំនុក. ១០៤:៣០
៣ យើងដឹងថាព្រះយេហូវ៉ាបានប្រើសកម្មពលបរិសុទ្ធដើម្បីបង្កើតយើង ប៉ុន្តែតើសកម្មពលនេះអាចមានឥទ្ធិពលលើជីវិតរបស់យើងតាមរបៀបផ្សេងទៀតដែរឬទេ? លោកយេស៊ូដែលជាបុត្ររបស់ព្រះបានប្រាប់ពួកអ្នកកាន់តាមលោកថា សកម្មពលនេះអាចមានឥទ្ធិពលលើជីវិតរបស់យើងមែន។ លោកបានមានប្រសាសន៍ថា៖ «សកម្មពលរបស់ព្រះ . . . នឹងដឹកនាំអ្នករាល់គ្នា ដោយជួយឲ្យយល់សេចក្ដីពិតយ៉ាងពេញលេញ»។ (យ៉ូន. ១៦:១៣) តើសកម្មពលបរិសុទ្ធជាអ្វី? ហើយហេតុអ្វីយើងគួរឲ្យសកម្មពលនេះដឹកនាំយើង?
តើសកម្មពលបរិសុទ្ធជាអ្វី?
៤, ៥. (ក) ស្តីអំពីសកម្មពលបរិសុទ្ធ តើគ្រិស្តសាសនាដែលជឿថាព្រះជាបុគ្គលបីអង្គរួមគ្នាជាព្រះតែមួយមានគំនិតខុសយ៉ាងណា? (ខ) តើអ្នកនឹងពន្យល់យ៉ាងណាអំពីសកម្មពលបរិសុទ្ធ?
៤ ស្តីអំពីសកម្មពលបរិសុទ្ធ មនុស្សខ្លះដែលយើងជួបក្នុងកិច្ចផ្សព្វផ្សាយទំនងជាមានទស្សនៈខុសពីបទគម្ពីរ។ ពួកអ្នកដែលមានជំនឿថាព្រះជាបុគ្គលបីអង្គរួមគ្នាជាព្រះតែមួយ មានគំនិតខុសថាសកម្មពលនេះជាបុគ្គលវិញ្ញាណមួយស្មើនឹងព្រះដែលជាបិតា។ (១កូ. ៨:៦) ប៉ុន្តែ យើងអាចបង្ហាញយ៉ាងច្បាស់ពីបទគម្ពីរថាសេចក្ដីបង្រៀនអំពីព្រះបីអង្គរួមគ្នាជាព្រះតែមួយជាអ្វីដែលខុស។
៥ បើដូច្នេះ តើសកម្មពលបរិសុទ្ធជាអ្វីទៅ? កំណត់សម្គាល់ក្នុងលោកុប្បត្តិ ១:២នៃសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរបរិសុទ្ធមានសេចក្ដីយោងជាភាសាអង់គ្លេសបានសរសេរថា៖ «ក្រៅពីបកប្រែពាក្យរូអាក[ភាសាហេប្រឺ]ថា‹សកម្មពល› ពាក្យនេះក៏បានត្រូវបកប្រែថា‹ខ្យល់› រួមទាំងពាក្យខ្លះទៀតបញ្ជាក់អំពីថាមពលដែលយើងមើលមិនឃើញតែកំពុងមានសកម្មភាព»។ (សូមពិនិត្យបន្ថែម លោកុប្បត្តិ ៨:១) យើងមើលមិនឃើញខ្យល់ទេ តែវាមានថាមពល។ ដូចគ្នាដែរ យើងមិនអាចមើលឃើញឬប៉ះពាល់សកម្មពលបរិសុទ្ធទេ តែយើងអាចឃើញផលដែលសកម្មពលនោះបង្កើត។ សកម្មពលនោះជាកម្លាំងដែលព្រះបញ្ចេញទៅលើមនុស្សឬរបស់ផ្សេងៗដើម្បីសម្រេចបំណងប្រាថ្នារបស់លោក។ តើពិបាកជឿទេថាថាមពលដ៏អស្ចារ្យនេះចេញមកពីព្រះបរិសុទ្ធដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតនោះ? មិនមានអ្វីដែលធ្វើឲ្យពិបាកជឿសោះ។—សូមអាន អេសាយ ៤០:១២, ១៣
៦. តើដាវីឌបានសុំព្រះយេហូវ៉ាឲ្យធ្វើអ្វី?
៦ តើព្រះយេហូវ៉ាអាចប្រើសកម្មពលរបស់លោកដើម្បីដឹកនាំយើងក្នុងជីវិតឬទេ? លោកបានសន្យាដល់ដាវីឌដែលជាអ្នកតែងទំនុកតម្កើងថា៖ «អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវដែលឯងត្រូវដើរ»។ (ទំនុក. ៣២:៨) តើដាវីឌចង់ឲ្យព្រះធ្វើដូច្នេះឬទេ? គាត់ពិតជាចង់មែន ព្រោះគាត់បានអង្វរដល់ព្រះយេហូវ៉ាថា៖ «សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាមព្រះហឫទ័យទ្រង់ ដ្បិតទ្រង់ជាព្រះនៃទូលបង្គំពិត សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់នាំទូលបង្គំ»។ (ទំនុក. ១៤៣:១០) យើងក៏ត្រូវពេញចិត្តឲ្យសកម្មពលរបស់ព្រះដឹកនាំយើងដូចដាវីឌដែរ។ ហេតុអ្វី? សូមពិចារណានូវមូលហេតុបួនយ៉ាង។
យើងមិនមានសមត្ថភាពដឹកនាំខ្លួនឯងឡើយ
៧, ៨. (ក) ហេតុអ្វីយើងមិនអាចដឹកនាំខ្លួនឯងដោយមិនពឹងផ្អែកទៅលើព្រះ? (ខ) តើឧទាហរណ៍អ្វីជួយយើងឲ្យយល់អំពីមូលហេតុដែលយើងត្រូវការការដឹកនាំរបស់ព្រះក្នុងរបៀបរបបពិភពលោកដ៏អាក្រក់នេះ?
៧ មូលហេតុទី១ដែលយើងគួរឲ្យសកម្មពលរបស់ព្រះដឹកនាំយើង គឺដោយសារយើងមិនមានសមត្ថភាពដឹកនាំខ្លួនឯងទេ។ ពាក្យ«ដឹកនាំ»មានន័យថាណែនាំឲ្យស្គាល់ផ្លូវ។ ក៏ប៉ុន្តែព្រះយេហូវ៉ាមិនបានបង្កើតយើងមកឲ្យមានសមត្ថភាពដឹកនាំខ្លួនឯងឡើយ ជាពិសេសយើងមិនមែនជាមនុស្សដែលល្អឥតខ្ចោះទៀត។ យេរេមាដែលជាអ្នកប្រកាសទំនាយរបស់ព្រះបានសរសេរថា៖ «ឱព្រះអម្ចាស់អើយ ទូលបង្គំយល់ឃើញថា មនុស្សលោកមិនអាចធ្វើជាម្ចាស់លើកិរិយាមារយាទរបស់ខ្លួនបានទេ ក្នុងដំណើរជីវិតគេពុំអាចតំរង់ផ្លូវរបស់ខ្លួនបានឡើយ»។ (យរ. [យេ.] ១០:២៣, ខ.ស.) ប៉ុន្តែ ហេតុអ្វីយើងមិនអាចដឹកនាំខ្លួនឯងបាន? ព្រះយេហូវ៉ាបានប្រាប់យេរេមាអំពីមូលហេតុដែលយើងមិនអាចដឹកនាំខ្លួនឯង ដោយមានប្រសាសន៍ថា៖ «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង។ តើអ្នកណានឹងអាចស្គាល់បាន?»។—យេ. ១៧:៩; ម៉ាថ. ១៥:១៩
៨ សូមស្រមៃគិតថា មនុស្សម្នាក់ដែលគ្មានបទពិសោធន៍ដើរទៅក្នុងព្រៃជ្រៅតែម្នាក់ឯងដោយគ្មានអ្នកនាំផ្លូវឬមានត្រីវិស័យឡើយ គាត់ពិតជាល្ងង់ណាស់ មែនទេ? ម្យ៉ាងទៀត បើគាត់មិនស្គាល់អំពីរបៀបដើរព្រៃនិងមិនអាចរកផ្លូវចេញបាន នោះគាត់អាចបាត់បង់ជីវិត។ ដូច្នេះ មនុស្សម្នាក់ដែលគិតថាគាត់អាចដឹកនាំផ្លូវជីវិតរបស់ខ្លួនក្នុងពិភពលោកដ៏អាក្រក់នេះ ដោយមិនអនុញ្ញាតឲ្យព្រះបង្ហាញផ្លូវត្រឹមត្រូវ មនុស្សនោះក៏អាចបាត់បង់ជីវិតដែរ។ វិធីតែមួយគត់ដែលយើងអាចឆ្លងកាត់របៀបរបបពិភពលោកនេះដោយជោគជ័យ គឺយើងត្រូវអធិដ្ឋានអង្វរសុំព្រះយេហូវ៉ាដូចដាវីឌ ដោយពោលថា៖ «ទូលបង្គំបានឈានជាប់ទៅតាមផ្លូវច្រករបស់ទ្រង់ ជើងទូលបង្គំមិនបានរអិលឡើយ»។ (ទំនុក. ១៧:៥; ២៣:៣) តើយើងអាចទទួលការណែនាំបែបនេះយ៉ាងដូចម្ដេច?
៩. ដូចបានបង្ហាញនៅទំព័រ២២ តើសកម្មពលរបស់ព្រះអាចជួយដឹកនាំយើងតាមរបៀបណា?
៩ បើយើងមានចិត្តរាបទាប និងសុខចិត្តពឹងផ្អែកទៅលើព្រះយេហូវ៉ា លោកនឹងឲ្យសកម្មពលបរិសុទ្ធរបស់លោកដល់យើង ដើម្បីផ្ដល់ការដឹកនាំដែលគួរឲ្យទុកចិត្ត។ តើសកម្មពលនេះនឹងជួយយើងតាមវិធីណា? លោកយេស៊ូបានប្រាប់ដល់ពួកអ្នកកាន់តាមលោកថា៖ «អ្នកជួយដែលជាសកម្មពលបរិសុទ្ធរបស់ព្រះ ដែលបិតានៅស្ថានសួគ៌នឹងចាត់ឲ្យមកក្នុងឈ្មោះខ្ញុំ នឹងបង្រៀនអ្នករាល់គ្នានូវអ្វីៗទាំងអស់ ហើយធ្វើឲ្យអ្នករាល់គ្នានឹកឃើញអ្វីៗដែលខ្ញុំបានប្រាប់»។ (យ៉ូន. ១៤:២៦) ពេលយើងអធិដ្ឋាននិងសិក្សាបណ្ដាំរបស់ព្រះជាទៀងទាត់ ដែលរួមបញ្ចូលអ្វីៗទាំងអស់ដែលគ្រិស្តបានមានប្រសាសន៍ នោះសកម្មពលបរិសុទ្ធនឹងធ្វើឲ្យយើងយល់កាន់តែច្បាស់អំពីប្រាជ្ញាដ៏ជ្រាលជ្រៅរបស់ព្រះយេហូវ៉ា ដើម្បីយើងអាចធ្វើតាមបំណងប្រាថ្នារបស់លោកឲ្យបានខ្ជាប់ខ្ជួន។ (១កូ. ២:១០) បន្ថែមទៅទៀត ពេលមានអ្វីកើតឡើងក្នុងជីវិតដែលយើងមិនបានដឹងទុកជាមុន សកម្មពលនោះនឹងបង្ហាញផ្លូវដែលយើងគួរជ្រើសរើស ដោយជួយយើងឲ្យនឹកចាំពីគោលការណ៍ក្នុងគម្ពីរដែលយើងបានរៀន ហើយនឹងជួយយើងឲ្យយល់អំពីរបៀបដែលគោលការណ៍ទាំងនោះដឹកនាំយើង។
លោកយេស៊ូបានត្រូវដឹកនាំដោយសកម្មពលរបស់ព្រះ
១០, ១១. ស្តីអំពីសកម្មពលបរិសុទ្ធ តើបុត្រតែមួយរបស់ព្រះដឹងអំពីអ្វី? ហើយតើសកម្មពលបរិសុទ្ធបានជួយលោកយ៉ាងដូចម្ដេច?
១០ មូលហេតុទី២ដែលយើងគួរឲ្យសកម្មពលបរិសុទ្ធដឹកនាំយើង គឺដោយសារព្រះបានដឹកនាំបុត្ររបស់លោកតាមរយៈសកម្មពលនេះ។ មុនពេលដែលមកផែនដី បុត្រតែមួយរបស់ព្រះបានស្គាល់ទំនាយដែលថា៖ «ព្រះវិញ្ញាណ[សកម្មពលបរិសុទ្ធ]នៃព្រះយេហូវ៉ានឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ នឹងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង នឹងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា»។ (អេ. ១១:២) ការរស់នៅលើផែនដីមិនមែនជាអ្វីដែលស្រួលទេសម្រាប់លោកយេស៊ូ ដូច្នេះលោកច្បាស់ជាចង់បានយ៉ាងខ្លាំងនូវជំនួយពីសកម្មពលរបស់ព្រះ!
១១ ប្រសាសន៍របស់ព្រះយេហូវ៉ាពិតជាបានកើតឡើងមែន។ សៀវភៅដំណឹងល្អបានកត់សរសេរអំពីអ្វីដែលបានកើតឡើងភ្លាមៗក្រោយពីលោកយេស៊ូទទួលការជ្រមុជទឹក ដោយចែងថា៖ «ឯលោកយេស៊ូបានពេញដោយសកម្មពលបរិសុទ្ធរបស់ព្រះ ក៏ចាកចេញពីទន្លេយ៉ូដាន់ ហើយសកម្មពលរបស់ព្រះបាននាំលោកពីកន្លែងមួយទៅកន្លែងមួយក្នុងតំបន់ស្ងាត់ជ្រងំ»។ (លូក. ៤:១) នៅទីនោះ ក្នុងពេលដែលលោកកំពុងតមអាហារ អធិដ្ឋាន និងរំពឹងគិត ព្រះយេហូវ៉ាទំនងជាបានណែនាំ និងពន្យល់លោកយេស៊ូអំពីអ្វីដែលលោកត្រូវធ្វើ។ សកម្មពលរបស់ព្រះបានមានឥទ្ធិពលទៅលើចិត្តនិងគំនិតរបស់លោកយេស៊ូ ដោយដឹកនាំគំនិតនិងការសម្រេចចិត្តរបស់លោក។ ជាលទ្ធផល លោកយេស៊ូបានដឹងអំពីអ្វីដែលលោកត្រូវធ្វើក្នុងកាលៈទេសៈនីមួយៗ ហើយលោកបានធ្វើតាមបំណងប្រាថ្នារបស់បិតាយ៉ាងល្អឥតខ្ចោះ។
១២. ហេតុអ្វីជាការសំខាន់ដែលយើងសុំឲ្យសកម្មពលរបស់ព្រះដឹកនាំយើង?
១២ ដោយដឹងអំពីប្រយោជន៍ដែលមកពីការឲ្យសកម្មពលបរិសុទ្ធដឹកនាំជីវិតរបស់លោក លោកយេស៊ូបានពន្យល់ពួកអ្នកកាន់តាមលោកអំពីសារៈសំខាន់នៃការសុំសកម្មពលបរិសុទ្ធ និងការឲ្យសកម្មពលនោះដឹកនាំពួកគេ។ (សូមអាន លូកា ១១:៩-១៣) ហេតុអ្វីយើងចាំបាច់ធ្វើដូច្នេះ? ពីព្រោះវាអាចកែប្រែគំនិតរបស់យើងដើម្បីធ្វើឲ្យយើងមានចិត្តគំនិតដូចគ្រិស្ត។ (រ៉ូម ១២:២; ១កូ. ២:១៦) ដោយអនុញ្ញាតឲ្យសកម្មពលរបស់ព្រះដឹកនាំជីវិតយើង នោះយើងអាចមានចិត្តគំនិតដូចគ្រិស្ត និងធ្វើតាមគំរូរបស់លោក។—១ពេ. ២:២១
ចិត្តគំនិតរបស់ពិភពលោកនេះនឹងនាំយើងឲ្យវង្វេង
១៣. តើចិត្តគំនិតរបស់ពិភពលោកនេះជាអ្វី? ហើយតើការមានចិត្តគំនិតរបស់ពិភពលោកនេះនាំឲ្យមានលទ្ធផលយ៉ាងណា?
១៣ មូលហេតុទី៣ដែលយើងចង់ឲ្យសកម្មពលរបស់ព្រះដឹកនាំយើង គឺបើគ្មានសកម្មពលរបស់ព្រះ នោះឥទ្ធិពលដែលកំពុងដឹកនាំជីវិតមនុស្សភាគច្រើននៅសព្វថ្ងៃនេះអាចនាំយើងឲ្យវង្វេង។ ពិភពលោកនេះមានឥទ្ធិពលខ្លាំងក្លាមួយដែលជំរុញមនុស្សឲ្យប្រព្រឹត្តផ្ទុយពីការដឹកនាំនៃសកម្មពលបរិសុទ្ធ។ ជាជាងនាំឲ្យមនុស្សមានចិត្តគំនិតរបស់គ្រិស្ត ចិត្តគំនិតរបស់ពិភពលោកនេះធ្វើឲ្យការប្រព្រឹត្តនិងគំនិតរបស់ពួកគេដូចអ្នកគ្រប់គ្រងពិភពលោកនេះវិញ ពោលគឺសាថាន។ (សូមអាន អេភេសូរ ២:១-៣; ទីតុស ៣:៣) ពេលមនុស្សម្នាក់បណ្ដោយខ្លួនទៅតាមចិត្តគំនិតរបស់ពិភពលោកនេះ ហើយធ្វើតាមការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង នោះនឹងនាំឲ្យគាត់ទទួលលទ្ធផលដ៏គួរឲ្យខ្លោចផ្សាណាស់ ពោលគឺគាត់មិនអាចទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ។—កាឡ. ៥:១៩-២១
១៤, ១៥. តើយើងអាចការពារខ្លួនកុំឲ្យចាញ់ឥទ្ធិពលនៃចិត្តគំនិតរបស់ពិភពលោកនេះយ៉ាងដូចម្ដេច?
១៤ ព្រះយេហូវ៉ាបានផ្ដល់នូវអ្វីដែលយើងត្រូវការដើម្បីកុំឲ្យយើងចាញ់ឥទ្ធិពលដែលមកពីចិត្តគំនិតរបស់ពិភពលោកនេះ។ សាវ័កប៉ូលបានប្រាប់យើងឲ្យ«បន្តទទួលកម្លាំងដោយលោកម្ចាស់និងដោយភាពខ្លាំងក្លានៃឫទ្ធានុភាពរបស់លោក . . . ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់នៅថ្ងៃទុច្ចរិត»។ (អេភ. ៦:១០, ១៣) ដោយប្រើសកម្មពលរបស់លោក ព្រះយេហូវ៉ាពង្រឹងកម្លាំងយើងដើម្បីកុំឲ្យចុះចាញ់ការបំភាន់របស់សាថាន។ (បប. ១២:៩) ចិត្តគំនិតរបស់ពិភពលោកនេះមានឥទ្ធិពលខ្លាំងណាស់ ហើយយើងមិនអាចជៀសវាងទាំងស្រុងបានទេ។ ក៏ប៉ុន្តែ យើងក៏មិនចាំបាច់ឲ្យវាមកបង្ខូចចិត្តគំនិតរបស់យើងដែរ ព្រោះសកម្មពលបរិសុទ្ធគឺខ្លាំងជាងចិត្តគំនិតរបស់ពិភពលោកនេះ ហើយសកម្មពលនោះនឹងជួយយើងជាមិនខាន។
១៥ ស្តីអំពីពួកអ្នកដែលបោះបង់ចោលគ្រិស្តសាសនានៅសតវត្សរ៍ទី១ សាវ័កពេត្រុសបាននិយាយថា៖ «ពួកគេបានបោះបង់ចោលផ្លូវត្រង់ ហើយបានត្រូវបំភាន់»។ (២ពេ. ២:១៥) យើងពិតជាមានចិត្តដឹងគុណណាស់ដែលយើង«មិនបានទទួលចិត្តគំនិតរបស់ពិភពលោកនេះទេ តែបានទទួលសកម្មពលពីព្រះ»វិញ! (១កូ. ២:១២) ដោយមានជំនួយពីសកម្មពលបរិសុទ្ធ និងទទួលប្រយោជន៍យ៉ាងពេញលេញពីអ្វីៗដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើងដើម្បីជួយយើងឲ្យដើរតាមផ្លូវដែលត្រឹមត្រូវក្នុងការគោរពប្រណិប័តន៍លោក នោះយើងអាចការពារខ្លួនកុំឲ្យចាញ់ឥទ្ធិពលនៃចិត្តគំនិតរបស់ពិភពលោកដ៏អាក្រក់របស់សាថានបាន។—កាឡ. ៥:១៦
សកម្មពលបរិសុទ្ធបង្កើតផលផ្លែល្អ
១៦. តើសកម្មពលបរិសុទ្ធអាចបង្កើតផលផ្លែអ្វីក្នុងជីវិតរបស់យើង?
១៦ មូលហេតុទី៤ដែលយើងចង់ឲ្យសកម្មពលរបស់ព្រះមានឥទ្ធិពលលើយើង គឺដោយសារសកម្មពលនេះបង្កើតផលផ្លែល្អក្នុងជីវិតរបស់ពួកអ្នកដែលឲ្យសកម្មពលនេះដឹកនាំពួកគេ។ (សូមអាន កាឡាទី ៥:២២, ២៣) យើងទាំងអស់គ្នាច្បាស់ជាចង់មានសេចក្ដីស្រឡាញ់ អំណរ និងសេចក្ដីសុខសាន្តច្រើនថែមទៀត មែនទេ? យើងទាំងអស់គ្នាប្រាកដជាចង់មានចិត្តធ្ងន់ សេចក្ដីសប្បុរស និងគុណធម៌ជាបរិបូរ មែនទេ? យើងទាំងអស់គ្នាពិតជានឹងទទួលប្រយោជន៍ពីការបណ្ដុះឲ្យមានកាន់តែច្រើនថែមទៀតនូវជំនឿ ចិត្តស្លូតបូត និងការចេះទប់ចិត្ត មែនទេ? សកម្មពលរបស់ព្រះបានជួយយើងបណ្ដុះឲ្យមានគុណសម្បត្ដិដែលនាំឲ្យយើង បងប្អូនដែលរួមបម្រើជាមួយយើង និងអ្នកដែលយើងរស់នៅជាមួយទទួលប្រយោជន៍។ ការបណ្ដុះឲ្យមានផលផ្លែនៃសកម្មពលនេះមិនដែលចប់ទេ ដោយសារយើងតែងតែត្រូវបណ្ដុះផលផ្លែនោះឲ្យបានច្រើនថែមទៀត ហើយយើងក៏អាចធ្វើដូច្នេះដល់កម្រិតច្រើនប៉ុណ្ណាក៏បានដែរ។
១៧. តើយើងអាចបណ្ដុះឲ្យមានគុណសម្បត្ដិនៃផលដែលបង្កើតដោយសកម្មពលឲ្យបានច្រើនជាងមុនយ៉ាងដូចម្ដេច?
១៧ ជាការល្អឲ្យយើងពិចារណាអំពីខ្លួនដើម្បីប្រាកដថាពាក្យសម្ដីនិងការប្រព្រឹត្តរបស់យើងបង្ហាញភ័ស្តុតាងថា យើងបានត្រូវដឹកនាំដោយសកម្មពលបរិសុទ្ធ ហើយសកម្មពលនោះកំពុងបង្កើតផលផ្លែក្នុងជីវិតរបស់យើង។ (២កូ. ១៣:៥; កាឡ. ៥:២៥) បើយើងយល់ឃើញថាយើងត្រូវបណ្ដុះឲ្យមានគុណសម្បត្ដិខ្លះនៃផលដែលបង្កើតដោយសកម្មពល យើងអាចសហការជាមួយសកម្មពលបរិសុទ្ធឲ្យកាន់តែខ្លាំងថែមទៀតក្នុងការបណ្ដុះឲ្យមានគុណសម្បត្ដិនោះ។ យើងអាចធ្វើដូច្នេះបានដោយសិក្សាអំពីគុណសម្បត្ដិនីមួយៗនៃផលដែលបង្កើតដោយសកម្មពលដែលបានកត់សរសេរក្នុងគម្ពីរ និងក្នុងសៀវភៅនានារបស់អង្គការយើង។ យ៉ាងនេះ យើងអាចយល់អំពីរបៀបដែលយើងគួរបង្ហាញផលផ្លែនោះក្នុងជីវិតប្រចាំថ្ងៃ។ រួចមក យើងចង់ព្យាយាមបណ្ដុះឲ្យមានគុណសម្បត្ដិនោះឲ្យបានច្រើនជាងមុន។a កាលដែលយើងឃើញពីលទ្ធផលដែលកើតមកពីការឲ្យសកម្មពលរបស់ព្រះមានឥទ្ធិពលទៅលើជីវិតយើង និងក្នុងជីវិតបងប្អូនរួមជំនឿរបស់យើង នោះយើងយល់យ៉ាងច្បាស់អំពីមូលហេតុដែលយើងត្រូវឲ្យសកម្មពលនោះដឹកនាំយើង។
តើអ្នកអនុញ្ញាតឲ្យសកម្មពលរបស់ព្រះដឹកនាំអ្នកឬទេ?
១៨. តើយើងអាចរៀនអ្វីខ្លះពីគំរូរបស់លោកយេស៊ូក្នុងការអនុញ្ញាតឲ្យសកម្មពលរបស់ព្រះដឹកនាំលោក?
១៨ ក្នុងនាមជា«មេជាង»ក្នុងការបង្កើតអ្វីៗទាំងអស់នៅសកលលោក លោកយេស៊ូបានយល់យ៉ាងច្បាស់អំពីដែនម៉ាញេទិករបស់ផែនដីដែលមនុស្សប្រើក្នុងការធ្វើដំណើរ។ (សុភ. ៨:៣០; យ៉ូន. ១:៣) ក៏ប៉ុន្តែ គ្មានភ័ស្តុតាងណាក្នុងគម្ពីរដែលថាលោកយេស៊ូប្រើថាមពលនោះដើម្បីនាំផ្លូវលោកពេលដែលលោកនៅលើផែនដីឡើយ។ ផ្ទុយទៅវិញ គម្ពីរបានកត់សរសេរថាពេលលោកជាមនុស្ស សកម្មពលរបស់ព្រះមានឥទ្ធិពលដ៏ខ្លាំងក្លាទៅលើជីវិតរបស់លោក។ លោកយេស៊ូបានអនុញ្ញាតឲ្យសកម្មពលនោះដឹកនាំលោក ហើយពេលដែលសកម្មពលនោះជំរុញលោកឲ្យធ្វើអ្វីមួយ លោកសុខចិត្តទទួលនិងប្រព្រឹត្តសមស្របតាមសកម្មពលនោះ។ (ម៉ាក. ១:១២, ១៣; លូក. ៤:១៤) តើអ្នកជាមនុស្សដែលមានលក្ខណៈដូចលោកយេស៊ូឬទេ?
១៩. តើយើងត្រូវធ្វើអ្វីដើម្បីឲ្យសកម្មពលបរិសុទ្ធដឹកនាំជីវិតយើង?
១៩ សកម្មពលរបស់ព្រះនៅតែមានអានុភាពទៅលើចិត្តនិងគំនិតរបស់ពួកអ្នកដែលអនុញ្ញាតឲ្យសកម្មពលនោះជំរុញ និងដឹកនាំពួកគេ។ តើអ្នកអាចអនុញ្ញាតឲ្យសកម្មពលនោះមានឥទ្ធិពលទៅលើអ្នកយ៉ាងដូចម្ដេចដើម្បីដឹកនាំអ្នកទៅតាមផ្លូវដែលត្រឹមត្រូវ? សូមអធិដ្ឋានទៅព្រះយេហូវ៉ាជានិច្ចឲ្យលោកចាត់សកម្មពលរបស់លោកមកលើអ្នក ហើយជួយអ្នកឲ្យប្រព្រឹត្តសមស្របតាមការដឹកនាំរបស់សកម្មពលនោះ។ (សូមអាន អេភេសូរ ៣:១៤-១៦) សូមប្រព្រឹត្តសមស្របតាមអ្វីដែលអ្នកអធិដ្ឋានដោយស្វែងរកឱវាទដែលមានក្នុងបណ្ដាំរបស់ព្រះ ដែលបានត្រូវសរសេរឡើងក្រោមការដឹកនាំរបស់លោកតាមរយៈសកម្មពលបរិសុទ្ធ។ (២ធី. ៣:១៦, ១៧) សូមស្ដាប់តាមការណែនាំរបស់គម្ពីរ ហើយរហ័សធ្វើតាមការដឹកនាំរបស់សកម្មពលបរិសុទ្ធ។ សូមបង្ហាញជំនឿទៅលើសមត្ថភាពរបស់ព្រះយេហូវ៉ាក្នុងការដឹកនាំអ្នកយ៉ាងត្រឹមត្រូវកាលដែលអ្នករស់នៅក្នុងពិភពលោកដ៏អាក្រក់នេះ។
[កំណត់សម្គាល់]
a ដើម្បីរៀនថែមទៀតអំពីគុណសម្បត្ដិនីមួយៗនៃផលដែលបង្កើតដោយសកម្មពល សូមមើលអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ ទំព័រ១៤-១៨ និងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ២០១១ ទំព័រ១៩-២៨។
តើអ្នកយល់ចំណុចសំខាន់ឬទេ?
• តើសកម្មពលបរិសុទ្ធមានឥទ្ធិពលទៅលើជីវិតរបស់យើងយ៉ាងដូចម្ដេច?
• តើមូលហេតុបួនយ៉ាងដែលយើងគួរឲ្យសកម្មពលរបស់ព្រះដឹកនាំយើងជាអ្វី?
• តើយើងអាចធ្វើយ៉ាងណាដើម្បីទទួលប្រយោជន៍យ៉ាងពេញលេញពីការដឹកនាំរបស់សកម្មពលបរិសុទ្ធ?
[រូបភាពនៅទំព័រ២០]
សកម្មពលរបស់ព្រះបានមានឥទ្ធិពលខ្លាំងទៅលើជីវិតរបស់លោកយេស៊ូ
[រូបភាពនៅទំព័រ២២]
សកម្មពលរបស់ព្រះដឹកនាំចិត្តនិងគំនិតរបស់យើង