ចូរស្វែងរកព្រះយេហូវ៉ា ជាព្រះដែលពិនិត្យមើលចិត្តមនុស្ស
«ចូរស្វែងរកអញ នោះឯងរាល់គ្នានឹងរស់នៅ»។—អេម៉ុស ៥:៤
១, ២. នៅពេលដែលបទគម្ពីរចែងថាព្រះយេហូវ៉ា«ទតចំពោះក្នុងចិត្ត» តើមានន័យអ្វី?
ព្រះយេហូវ៉ាមានបន្ទូលប្រាប់ព្យាការីសាំយូអែលថា៖ «មនុស្សលោកតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ»។ (សាំយូអែលទី១ ១៦:៧) តើព្រះយេហូវ៉ា«ទតចំពោះក្នុងចិត្ត»យ៉ាងដូចម្ដេច?
២ ក្នុងបទគម្ពីរ ពាក្យចិត្តសំដៅលើលក្ខណៈខាងក្នុងរបស់មនុស្ស ពោលគឺសេចក្ដីប៉ងប្រាថ្នា គំនិត អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់គាត់។ ដូច្នេះ នៅពេលដែលព្រះគម្ពីរចែងថា ព្រះទតក្នុងចិត្ត នោះបានន័យថា ទ្រង់មិនទតមើលត្រឹមតែសំបកក្រៅទេ តែទ្រង់ទតឃើញធាតុពិតរបស់មនុស្សម្នាក់។
ព្រះបានពិនិត្យមើលស្រុកអ៊ីស្រាអែល
៣, ៤. ក្នុងព្រះរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់ តើមនុស្សរស់ក្នុងសភាពណាយោងទៅតាមអេម៉ុស ៦:៤-៦?
៣ ដោយសារព្រះអង្គជាព្រះដែលពិនិត្យមើលចិត្តមនុស្សនោះ ពេលទ្រង់ទតមើលព្រះរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់នៅសម័យលោកអេម៉ុស តើទ្រង់បានទតឃើញអ្វី? អេម៉ុស ៦:៤-៦ រៀបរាប់អំពីមនុស្សដែល«ដេកលើគ្រែភ្លុក ហើយមិនពត់ខ្លួននៅលើដំណេក»។ ពួកគេ«ស៊ីកូនចៀមពីហ្វូងសត្វ នឹងកូនគោដែលបង្ខាំងទុក»។ ពួកបុរសទាំងនេះបាន«បង្កើតគ្រឿងភ្លេងសំរាប់ខ្លួន» ហើយ«ផឹកស្រាទំពាំងបាយជូរដោយចានគោម»។
៤ ពេលអានភ្លាមគិតភ្លាម នេះស្ដាប់ទៅដូចជាសប្បាយណាស់។ នៅក្នុងផ្ទះប្រណីតៗពួកអ្នកមានកំពុងតែពិសាអាហារនិងភេសជ្ជៈឈ្ងុយឆ្ងាញ់បំផុតថែមទាំងកំដរអារម្មណ៍ដោយស្ដាប់ភ្លេងពីឧបករណ៍ទំនើបពេញនិយម។ ពួកគេក៏មាន«គ្រែភ្លុក»។ នៅស្រុកសាម៉ារីដែលជារាជធានីនៃព្រះរាជាណាចក្រអ៊ីស្រាអែល អ្នកបុរាណវត្ថុវិទ្យាធ្លាប់រកឃើញរបស់ជាច្រើនមានក្បាច់ល្អវិចិត្រធ្វើពីភ្លុក។ (ពង្សាវតារក្សត្រទី១ ១០:២២) របស់ទាំងនេះភាគច្រើនទំនងជាមានក្បាច់ជាប់នឹងតុទូឬបន្ទះក្ដារនោះគេឆ្លាក់ជាក្បាច់តែម្ដង។
៥. ហេតុអ្វីបានជាព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងពួកអ៊ីស្រាអែលនៅសម័យអេម៉ុស?
៥ ដោយសារប្រជាជនអ៊ីស្រាអែលមានជីវិតសុខស្រួល បរិភោគអាហារឈ្ងុយឆ្ងាញ់ ផឹកស្រាល្អ និងស្ដាប់ភ្លេងពីរោះ តើនេះធ្វើឲ្យព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យឬ? ប្រាកដជាមិនមែនដូច្នេះទេ! យ៉ាងណាមិញ ទ្រង់ប្រទានគ្រប់ទាំងអស់មកមនុស្សយ៉ាងបរិបូរ ដើម្បីឲ្យមនុស្សអាចសប្បាយ។ (ធីម៉ូថេទី១ ៦:១៧) ប៉ុន្តែព្រះមិនសព្វព្រះហឫទ័យដោយសារចិត្តមិនល្អរបស់ពួកគេ សេចក្ដីប៉ងប្រាថ្នាអាក្រក់ដែលពួកគេមាន ហើយដោយសារទស្សនៈដែលពួកគេមានចំពោះព្រះពិត និងការគ្មានសេចក្ដីស្រឡាញ់ចំពោះជនជាតិអ៊ីស្រាអែលគ្នីគ្នា។
៦. នៅសម័យលោកអេម៉ុស តើស្ថានភាពខាងវិញ្ញាណរបស់សាសន៍អ៊ីស្រាអែលយ៉ាងណាដែរ?
៦ អស់អ្នកដែល‹ដេកលើគ្រែភ្លុក ស៊ីកូនចៀមពីហ្វូងសត្វ បង្កើតគ្រឿងភ្លេងសំរាប់ខ្លួន ហើយផឹកស្រាទំពាំងបាយជូរ›នោះនឹងត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកបុរសទាំងនោះចេះតែ«គិតបន្ថយថ្ងៃអាក្រក់ឲ្យឆ្ងាយចេញ»។ ពួកគេគួរឈឺចិត្តយ៉ាងខ្លាំងដោយសារស្ថានភាពមិនល្អក្នុងស្រុកអ៊ីស្រាអែល ប៉ុន្តែពួកគេ«ឥតមានចិត្តព្រួយចំពោះការវេទនារបស់យ៉ូសែបទេ»។ (អេម៉ុស ៦:៣-៦) ដោយទតមើលធ្លុះឃើញភាពសំបូរសប្បាយរបស់សាសន៍នោះ ព្រះយេហូវ៉ាឃើញថាស្ថានភាពខាងវិញ្ញាណរបស់យ៉ូសែបឬអ៊ីស្រាអែល គឺវេទនាណាស់។ យ៉ាងណាក៏ដោយ ក្នុងរបៀបរស់នៅប្រចាំថ្ងៃរបស់ពួកគេបង្ហាញឲ្យឃើញថាប្រជាជនមិនអើពើនឹងរឿងខាងវិញ្ញាណទេ។ មនុស្សជាច្រើនសព្វថ្ងៃនេះក៏ប្រព្រឹត្តដូចគ្នាដែរ។ ពួកគេប្រហែលជាទទួលស្គាល់ថា យើងកំពុងតែរស់នៅក្នុងគ្រាលំបាក ប៉ុន្តែ ដរាបណាដែលវាមិនប៉ះពាល់ដល់ខ្លួនគេទេ នោះពួកគេមិនយកចិត្តទុកដាក់នឹងបញ្ហារបស់អ្នកឯទៀតឡើយ ហើយក៏មិនចាប់អារម្មណ៍នឹងរឿងខាងវិញ្ញាណដែរ។
សាសន៍អ៊ីស្រាអែលកំពុងតែអាប់ឱន
៧. បើប្រជាជនអ៊ីស្រាអែលមិនធ្វើតាមការព្រមានរបស់ព្រះ តើនឹងមានអ្វីកើតឡើង?
៧ សៀវភៅអេម៉ុសពណ៌នាអំពីសាសន៍មួយដែលកំពុងតែអាប់ឱន ទោះជាមើលទៅដូចជារីកចំរើនក៏ដោយ។ ដោយសារប្រជាជនមិនស្ដាប់តាមការព្រមានរបស់ព្រះក្នុងការកែប្រែទស្សនៈរបស់ខ្លួន នោះព្រះយេហូវ៉ានឹងចោលពួកគេឲ្យសត្រូវឈ្លានពាន។ សាសន៍អាសស៊ើរនឹងមកកញ្ឆក់ពួកគេចេញពីគ្រែភ្លុកល្អវិចិត្ររបស់ខ្លួន រួចអូសទៅប្រទេសគេជាឈ្លើយ។ នៅពេលនោះពួកគេលែងមានជីវិតសុខស្រួលទៀតហើយ!
៨. តើសាសន៍អ៊ីស្រាអែលបានធ្លាក់ទៅក្នុងសភាពគួរឲ្យសោកស្ដាយយ៉ាងដូចម្ដេច?
៨ តើសាសន៍អ៊ីស្រាអែលបានធ្លាក់ទៅក្នុងសភាពគួរឲ្យសោកស្ដាយដូចនេះយ៉ាងដូចម្ដេច? នេះបានចាប់ផ្ដើមនៅឆ្នាំ៩៩៧ មុនស.យ. ក្រោយបុត្រារបស់ស្តេចសាឡូម៉ូនព្រះនាមរេហូបោមបានស្នងរាជ្យ ហើយកុលសម្ព័ន្ធដប់របស់សាសន៍អ៊ីស្រាអែលបានបំបែកខ្លួនចេញពីកុលសម្ព័ន្ធយូដានិងបេនយ៉ាមីន។ ស្តេចទីមួយនៃព្រះរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់ គឺយេរ៉ូបោមទី១ ដែលជា«កូននេបាត»។ (ពង្សាវតារក្សត្រទី១ ១១:២៦) ស្តេចយេរ៉ូបោមបានបញ្ចុះបញ្ចូលប្រជាជនក្នុងតំបន់របស់ទ្រង់ឲ្យជឿថា ការធ្វើដំណើរទៅទីក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំព្រះយេហូវ៉ាគឺពិបាកពេក។ ប៉ុន្តែ ទ្រង់មិនខ្វល់អំពីប្រយោជន៍របស់ប្រជាជនឡើយ។ ផ្ទុយទៅវិញ ទ្រង់ខំការពារប្រយោជន៍របស់ទ្រង់។ (ពង្សាវតារក្សត្រទី១ ១២:២៦) ស្តេចយេរ៉ូបោមខ្លាចថា បើប្រជាជនអ៊ីស្រាអែលទៅហូរហែធ្វើបុណ្យទាំងប៉ុន្មានរាល់ឆ្នាំដើម្បីលើកកិត្ដិយសថ្វាយព្រះយេហូវ៉ានៅទីក្រុងយេរូសាឡិមនោះ នៅទីបំផុតបណ្ដាជននឹងបែរជាស្មោះត្រង់នឹងព្រះរាជាណាចក្រយូដាវិញ។ ដូច្នេះ ដើម្បីកុំឲ្យប្រជាជនរត់ចោលស្រុក ស្តេចយេរ៉ូបោមបានរៀបចំកូនគោមាសពីរ មួយនៅទីក្រុងដាន់ និងមួយទៀតនៅបេតអែល។ ហេតុនេះហើយការថ្វាយបង្គំកូនគោបានទៅជាសាសនាជាតិក្នុងព្រះរាជាណាចក្រអ៊ីស្រាអែល។—របាក្សត្រទី២ ១១:១៣-១៥
៩, ១០. (ក) តើស្តេចយេរ៉ូបោមទី១បានរៀបចំឲ្យមានពិធីបុណ្យសាសនាណាខ្លះ? (ខ) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះពិធីបុណ្យក្នុងស្រុកអ៊ីស្រាអែលនៅសម័យស្តេចយេរ៉ូបោមទី២?
៩ ស្តេចយេរ៉ូបោមខំធ្វើឲ្យសាសនាថ្មីនោះមើលទៅដូចជាគួរឲ្យគោរពដែរ។ ទ្រង់រៀបចំពិធីបុណ្យស្រដៀងនឹងពិធីនៅយេរូសាឡិមដែរ។ នៅពង្សាវតារក្សត្រទី១ ១២:៣២ យើងអានថា៖ «រួចទ្រង់[ស្តេចយេរ៉ូបោម]ដំរូវឲ្យមានបុណ្យនៅថ្ងៃ១៥ខែកត្ដិក ឲ្យដូចជាបុណ្យដែលគេធ្វើនៅស្រុកយូដាដែរ ហើយទ្រង់ថ្វាយយញ្ញបូជានៅលើអាសនា ទ្រង់ក៏ធ្វើដូច្នោះនៅក្រុងបេតអែលទៀត»។
១០ ព្រះយេហូវ៉ាមិនដែលមានព្រះទ័យយល់ព្រមនឹងពិធីបុណ្យសាសនាមិនពិតនោះឡើយ។ ជាងមួយរយឆ្នាំក្រោយមក ព្រះយេហូវ៉ាបានបញ្ជាក់យ៉ាងច្បាស់អំពីទស្សនៈរបស់ទ្រង់ចំពោះពិធីបុណ្យនៃសាសនាមិនពិតទាំងនោះ ដោយមានបន្ទូលតាមរយៈអេម៉ុសក្នុងកំឡុងការសោយរាជ្យនៃស្តេចយេរ៉ូបោមទី២ ដែលទ្រង់បានក្លាយជាស្តេចនៃព្រះរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់នៅឆ្នាំ៨៤៤ មុនស.យ.។ (អេម៉ុស ១:១) យោងទៅតាមអេម៉ុស ៥:២១-២៤ ព្រះយេហូវ៉ាបានមានបន្ទូលថា៖ «អញស្អប់ អញខ្ពើមបុណ្យទាំងប៉ុន្មានរបស់ឯងរាល់គ្នា ហើយអញនឹងមិនរីករាយចំពោះជំនុំមុតមាំរបស់ឯងរាល់គ្នាទេ។ អើ! ទោះបើឯងរាល់គ្នាថ្វាយយញ្ញបូជានឹងដង្វាយម្សៅរបស់ឯងដល់អញ គង់តែអញមិនព្រមទទួលដែរ អញក៏មិនព្រមអើពើនឹងសត្វធាត់ៗដែលឯងរាល់គ្នាថ្វាយជាដង្វាយមេត្រីឡើយ។ ចូរដកសូរទំនាស់នៃចំរៀងរបស់ឯងរាល់គ្នាចេញពីអញទៅ ដ្បិតអញមិនព្រមស្ដាប់សូរដន្ត្រីនៃពិណរបស់ឯងទេ។ តែត្រូវឲ្យមានសេចក្ដីយុត្ដិធម៌ហូរមកដូចជាទឹក ហើយសេចក្ដីសុចរិតដូចជាទន្លេធំវិញ»។
លក្ខណៈដូចគ្នានៅសព្វថ្ងៃនេះ
១១, ១២. តើការថ្វាយបង្គំរបស់សាសន៍នៅអ៊ីស្រាអែលពីបុរាណនិងការថ្វាយបង្គំរបស់ពិភពគ្រីស្ទសាសនាមានលក្ខណៈស្រដៀងគ្នាយ៉ាងណាខ្លះ?
១១ ច្បាស់ហើយ ព្រះយេហូវ៉ាបានពិនិត្យមើលចិត្តរបស់ពួកអ្នកដែលចូលរួមពិធីបុណ្យសាសនាមិនពិតទាំងនេះ ហើយទ្រង់បដិសេធនូវពិធីទាំងនេះនិងដង្វាយរបស់ពួកគេ។ សព្វថ្ងៃនេះក៏ស្រដៀងគ្នាដែរ ទ្រង់បដិសេធពិធីបុណ្យសាសនាមិនពិតរបស់ពិភពគ្រីស្ទសាសនា ដូចជាបុណ្យណូអែលនិងបុណ្យអ៊ីស្ទើរ៍ជាដើម។ ចំពោះអស់អ្នកដែលថ្វាយបង្គំព្រះយេហូវ៉ា នោះសេចក្ដីសុចរិតនិងការទទឹងច្បាប់គ្មានចំណែកអ្វីនឹងគ្នាទេ ហើយពន្លឺនិងងងឹតក៏គ្មានចំណែកអ្វីនឹងគ្នាដែរ។—កូរិនថូសទី២ ៦:១៤-១៦
១២ មានលក្ខណៈឯទៀតដែលដូចគ្នារវាងការថ្វាយបង្គំរបស់ពិភពគ្រីស្ទសាសនានិងសាសន៍អ៊ីស្រាអែលដែលថ្វាយបង្គំរូបកូនគោ។ មនុស្សខ្លះអះអាងថាខ្លួនជាជនគ្រីស្ទាន ហើយពួកគេក៏ទទួលស្គាល់ព្រះបន្ទូលរបស់ព្រះជាសេចក្ដីពិតមែន ប៉ុន្តែការថ្វាយបង្គំរបស់ពិភពគ្រីស្ទសាសនាមិនបានផ្ដើមចេញពីសេចក្ដីស្រឡាញ់ពិតចំពោះព្រះទេ។ បើការថ្វាយបង្គំរបស់ពិភពគ្រីស្ទសាសនាបានផ្ដើមចេញពីសេចក្ដីស្រឡាញ់ពិតចំពោះព្រះមែន នោះគេនឹងព្យាយាមថ្វាយបង្គំព្រះយេហូវ៉ា«ដោយវិញ្ញាណ នឹងសេចក្ដីពិត» ពីព្រោះព្រះសព្វព្រះហឫទ័យនឹងការថ្វាយបង្គំបែបនេះឯង។ (យ៉ូហាន ៤:២៤) ម្យ៉ាងទៀត ពិភពគ្រីស្ទសាសនាមិនឲ្យ«មានសេចក្ដីយុត្ដិធម៌ហូរមកដូចជាទឹក ហើយសេចក្ដីសុចរិតដូចជាទន្លេធំ»នោះទេ។ ផ្ទុយទៅវិញ គេតែងតែធ្វើឲ្យសេចក្ដីតម្រូវរបស់ព្រះធូររលុងស្តីអំពីសីលធម៌។ គេក៏ប្រណីនឹងអំពើសហាយស្មន់និងអំពើបាបឯទៀតដែលធ្ងន់ធ្ងរ។ គេរហូតដល់អនុម័តទទួលស្គាល់អាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នាទៀតផង!
ចូរ«ស្រឡាញ់អំពើល្អ»
១៣. ហេតុអ្វីក៏យើងត្រូវធ្វើតាមពាក្យនៅអេម៉ុស ៥:១៥?
១៣ ចំពោះអស់អ្នកដែលចង់ថ្វាយបង្គំព្រះយេហូវ៉ាតាមរបៀបដែលទ្រង់ពេញព្រះហឫទ័យ ទ្រង់មានបន្ទូលថា៖ «ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អវិញ»។ (អេម៉ុស ៥:១៥) សេចក្ដីស្រឡាញ់និងសេចក្ដីស្អប់ទាំងពីរនេះគឺជាអារម្មណ៍ដែលមានយ៉ាងខ្លាំងផុសចេញពីក្នុងចិត្ត។ ចិត្តគឺជាគ្រឿងបញ្ឆោត ដូច្នេះយើងត្រូវតែខំអស់ពីសមត្ថភាពដើម្បីរក្សាការពារចិត្ត។ (សុភាសិត ៤:២៣; យេរេមា ១៧:៩) បើយើងចិញ្ចឹមទុកក្ដីប៉ងប្រាថ្នាអាក្រក់នៅក្នុងចិត្តរបស់យើង នោះយើងនឹងចាប់ផ្ដើមស្រឡាញ់អំពើអាក្រក់និងស្អប់អំពើល្អវិញ។ ម្យ៉ាងទៀតបើយើងធ្វើតាមសេចក្ដីប៉ងប្រាថ្នាទាំងនេះដោយប្រព្រឹត្តអំពើបាបម្ដងហើយម្ដងទៀត នោះយើងមិនអាចទទួលព្រះគុណពីព្រះបានទេ មិនថាយើងខ្នះខ្នែងក្នុងកិច្ចបំរើរហូតដល់បាក់កម្លាំងក៏ដោយ។ ដូច្នេះ សូមឲ្យយើងអធិស្ឋានឲ្យព្រះជួយយើង«ស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អវិញ»។
១៤, ១៥. (ក) នៅស្រុកអ៊ីស្រាអែល តើអ្នកណាខ្លះបានធ្វើអំពើល្អ? ប៉ុន្តែ តើប្រជាជនបានប្រព្រឹត្តយ៉ាងណាលើពួកគាត់មួយចំនួន? (ខ) រីឯបងប្អូនដែលកំពុងតែធ្វើកិច្ចបំរើពេញពេលសព្វថ្ងៃនេះ តើយើងអាចលើកទឹកចិត្តពួកគាត់យ៉ាងដូចម្ដេច?
១៤ ប៉ុន្តែ មិនមែនប្រជាជនអ៊ីស្រាអែលទាំងអស់នៅសម័យអេម៉ុសកំពុងតែធ្វើអំពើដែលព្រះយេហូវ៉ាចាត់ទុកជាអាក្រក់នោះទេ។ ជាឧទាហរណ៍ មានបុគ្គលខ្លះដូចជាហូសេនិងអេម៉ុសដែលបាន‹ស្រឡាញ់អំពើល្អ› និងបានបំរើព្រះដោយស្មោះភក្ដីជាព្យាការី។ បុគ្គលឯទៀតបានស្បថធ្វើជាន៉ាសារីត។ ក្នុងកំឡុងពេលដែលពួកគេបំពេញសម្បថជាន៉ាសារីតនោះ ពួកគេមិនបរិភោគឬផឹកអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរទេ ជាពិសេសស្រា។ (ជនគណនា ៦:១-៤) តើប្រជាជនអ៊ីស្រាអែលឯទៀតមានទស្សនៈយ៉ាងណាចំពោះស្មារតីលះបង់របស់ពួកអ្នកដែលបានធ្វើអំពើល្អទាំងនោះ? ចម្លើយស្ដាប់ទៅគួរឲ្យហួសចិត្តដែលបង្ហាញឲ្យឃើញនូវភាពអាប់ឱនរបស់សាសន៍អ៊ីស្រាអែល។ អេម៉ុស ២:១២ ចែងថា៖ «ឯងរាល់គ្នាឲ្យពួកន៉ាសារីតផឹកស្រាទំពាំងបាយជូរវិញ ហើយបានហាមដល់ពួកហោរាថា ‹កុំឲ្យទាយឡើយ›»។
១៥ ពេលដែលប្រជាជនអ៊ីស្រាអែលបានឃើញគំរូស្មោះភក្ដីរបស់ពួកន៉ាសារីតនិងពួកព្យាការី នោះពួកគេគួរតែមានសេចក្ដីខ្មាសហើយនេះគួរជំរុញពួកគេឲ្យកែប្រែអំពើរបស់ខ្លួន។ ផ្ទុយទៅវិញ ដោយឥតប្រកបដោយសេចក្ដីស្រឡាញ់ ពួកគេខំប្រឹងរាំងស្កាត់អ្នកស្មោះត្រង់ពីការលើកតម្កើងសិរីរុងរឿងរបស់ព្រះ។ រីឯបងប្អូនគ្រីស្ទានគ្នីគ្នារបស់យើងដែលជាអ្នកត្រួសត្រាយ អ្នកត្រួតពិនិត្យតាមមណ្ឌល សាសនទូតឬសមាជិកក្រុមគ្រួសារបេតអែល កុំឲ្យយើងជំរុញចិត្តពួកគាត់ឲ្យឈប់ពីកិច្ចបំរើខ្នះខ្នែងដើម្បីឲ្យមានជីវភាពរស់នៅដែលយើងគិតថាជាជីវភាពធម្មតាវិញនោះ។ ផ្ទុយទៅវិញ ចូរឲ្យយើងសរសើរនិងលើកទឹកចិត្តពួកគាត់ឲ្យបន្តធ្វើអំពើល្អនោះតទៅទៀត!
១៦. ហេតុអ្វីក៏ប្រជាជនអ៊ីស្រាអែលនៅសម័យម៉ូសេមានស្ថានភាពល្អជាងពួកអ្នកនៅសម័យអេម៉ុស?
១៦ នៅសម័យលោកអេម៉ុស ប្រជាជនអ៊ីស្រាអែលជាច្រើនមានជីវភាពធូរធារខាងទ្រព្យសម្បត្ដិមែន តែពួកគេ«ឥតមានខាងឯព្រះសោះ»។ (លូកា ១២:១៣-២១) ជីដូនជីតាពីសម័យដើមរបស់ពួកគេបានបរិភោគតែនំម៉ាន៉ាអស់៤០ឆ្នាំនៅទីរហោស្ថាន។ ពួកគេមិនបានបរិភោគសាច់ពីសត្វគោបំប៉ន ហើយក៏មិនបានដេកដំអក់លើគ្រែភ្លុកទេ។ ប៉ុន្តែ ម៉ូសេបានប្រាប់ពួកគេយ៉ាងត្រឹមត្រូវថា៖ «ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានពរដល់ឯងក្នុងគ្រប់ការដែលដៃឯងធ្វើ . . . ទ្រង់បានគង់នៅជាមួយនឹងឯងអស់រវាង៤០ឆ្នាំនេះ ហើយឯងគ្មានខ្វះខាតអ្វីឡើយ»។ (ចោទិយកថា ២:៧) ពិតណាស់ ប្រជាជនអ៊ីស្រាអែលនៅទីរហោស្ថានតែងមានអ្វីៗដែលពួកគេពិតជាត្រូវការ។ សំខាន់បំផុត ព្រះយេហូវ៉ាបានការពារ ស្រឡាញ់និងប្រទានពរដល់ពួកគេ!
១៧. ហេតុអ្វីបានជាព្រះយេហូវ៉ានាំសាសន៍អ៊ីស្រាអែលពីសម័យបុរាណឲ្យចូលទៅក្នុងស្រុកសន្យា?
១៧ ព្រះយេហូវ៉ាបានរំឭកសាសន៍អ៊ីស្រាអែលនៅសម័យអេម៉ុសថា ទ្រង់បាននាំជីដូនជីតាពីសម័យដើមរបស់ពួកគេឲ្យចូលស្រុកសន្យា ហើយទ្រង់ក៏បានជួយពួកគេកំចាត់ពួកសត្រូវទាំងអស់ចេញពីស្រុកដែរ។ (អេម៉ុស ២:៩, ១០) ប៉ុន្តែ ហេតុអ្វីបានជាព្រះយេហូវ៉ានាំសាសន៍អ៊ីស្រាអែលចេញពីស្រុកអេស៊ីបហើយនាំចូលទៅក្នុងស្រុកសន្យានោះ? តើនេះដើម្បីឲ្យពួកគេរស់នៅដោយមានជីវភាពធូរធារសុខស្រួលនិងបដិសេធព្រះអង្គដែលជាអ្នកបង្កើតឬ? អត់ទេ! ផ្ទុយទៅវិញ ព្រះយេហូវ៉ាបាននាំគេមកដើម្បីអាចបំរើទ្រង់ជារាស្ត្រមួយពួកដែលមានសេរីភាពនិងមានភាពស្អាតស្អំខាងវិញ្ញាណ។ ប៉ុន្តែ ប្រជាជននៃព្រះរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់នោះ មិនស្អប់នូវអ្វីដែលអាក្រក់ឬស្រឡាញ់អ្វីដែលល្អទេ។ ផ្ទុយទៅវិញ ពួកគេបានលើកតម្កើងរូបចម្លាក់ជាជាងលើកតម្កើងព្រះយេហូវ៉ានោះ។ នេះជាទង្វើដ៏អាក្រក់គួរឲ្យអាម៉ាស់ណាស់!
ព្រះយេហូវ៉ានឹងដាក់ទោស
១៨. ហេតុអ្វីបានជាព្រះយេហូវ៉ារំដោះយើងចេញឲ្យមានសេរីភាពខាងវិញ្ញាណ?
១៨ ព្រះនឹងមិនធ្វើកន្តើយនឹងការប្រព្រឹត្តដ៏អបយសរបស់សាសន៍អ៊ីស្រាអែលឡើយ។ ទ្រង់បញ្ជាក់យ៉ាងច្បាស់ក្រឡែតថា៖ «អញនឹងធ្វើទោសដល់ឯងរាល់គ្នា ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មានរបស់ឯង»។ (អេម៉ុស ៣:២) បន្ទូលនេះធ្វើឲ្យយើងនឹកចាំថា សព្វថ្ងៃនេះយើងក៏ត្រូវបានប្រោសឲ្យរួចពីសេវកភាពនៅស្រុកអេស៊ីបបើនិយាយជាអត្ថបដិរូបនេះសំដៅទៅលើរបបលោកីយ៍ដ៏អាក្រក់នេះ។ ព្រះយេហូវ៉ាមិនបានរំដោះយើងដើម្បីឲ្យយើងស្វែងរកប្រយោជន៍ខ្លួននោះទេ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាបានរំដោះយើងដើម្បីអាចលើកតម្កើងសិរីរុងរឿងរបស់ទ្រង់អស់ពីចិត្តជាមនុស្សមានសេរីភាពក្នុងការថ្វាយបង្គំដែលស្អាតស្អំ។ យើងម្នាក់ៗនឹងត្រូវរាប់រៀបឬទទួលខុសត្រូវនៅចំពោះព្រះស្តីអំពីរបៀបដែលយើងប្រើសេរីភាពនេះដែលមកពីទ្រង់។—រ៉ូម ១៤:១២
១៩. យោងទៅតាមអេម៉ុស ៤:៤, ៥ តើពួកអ៊ីស្រាអែលចេះតែស្រឡាញ់អ្វី?
១៩ គួរឲ្យស្ដាយណាស់ ប្រជាជនអ៊ីស្រាអែលភាគច្រើនមិនបានស្ដាប់តាមសាររបស់អេម៉ុសទេ។ នៅអេម៉ុស ៤:៤, ៥ គាត់ចង់បង្ហាញថាសាសន៍អ៊ីស្រាអែលមានសុខភាពដុនដាបខាងវិញ្ញាណ ដោយពោលថា៖ «ឱពួកកូនចៅអ៊ីស្រាអែលអើយ! ចូរមកឯបេតអែល ហើយប្រព្រឹត្តអំពើរំលងចុះ! ក៏មកឯគីលកាលដែរ ហើយចំរើនអំពើរំលងជាច្រើនឡើង . . . ដ្បិតឯងរាល់គ្នាគាប់ចិត្តយ៉ាងនោះហើយ»។ ប្រជាជនអ៊ីស្រាអែលមិនបានបណ្ដុះឲ្យមានក្ដីប៉ងប្រាថ្នាដ៏ល្អទេ។ ពួកគេមិនបានរក្សាការពារចិត្តរបស់គេទេ។ ជាលទ្ធផល ពួកគេភាគច្រើនបានចាប់ផ្ដើមស្រឡាញ់អំពើអាក្រក់និងស្អប់អំពើល្អវិញ។ ពួករឹងចចេសនេះដែលថ្វាយបង្គំរូបកូនគោមិនព្រមកែប្រែទេ។ ព្រះយេហូវ៉ានឹងធ្វើទោសដល់ពួកគេ ហើយពួកគេនឹងបន្តធ្វើបាបរហូតដល់ស្លាប់!
២០. តើយើងគួរធ្វើអ្វី សមស្របទៅតាមអេម៉ុស ៥:៤?
២០ ចំពោះមនុស្សដែលបានរស់នៅស្រុកអ៊ីស្រាអែលនៅសម័យនោះ គឺច្បាស់ជាមិនស្រួលទេឲ្យរក្សាភាពស្មោះភក្ដីចំពោះព្រះយេហូវ៉ា។ សព្វថ្ងៃនេះក្នុងនាមជាជនគ្រីស្ទានមិនថាជាយុវវ័យឬមានវ័យចាស់ក្ដី ដូចយើងបានដឹងស្រាប់ហើយថា ការប្រព្រឹត្តខុសពីអ្នកឯទៀតគឺពិបាកណាស់។ ប៉ុន្តែ សេចក្ដីស្រឡាញ់ចំពោះព្រះនិងក្ដីប្រាថ្នាចង់ផ្គាប់ព្រះហឫទ័យរបស់ទ្រង់បានជំរុញចិត្តជនជាតិអ៊ីស្រាអែលខ្លះឲ្យចូលរួមក្នុងការថ្វាយបង្គំពិត។ ព្រះយេហូវ៉ាបានបញ្ជូនអេម៉ុសឲ្យទៅអញ្ជើញពួកគេយ៉ាងកក់ក្ដៅដូចដែលបានកត់ទុកនៅអេម៉ុស ៥:៤ ដែលថា៖ «ចូរស្វែងរកអញ នោះឯងរាល់គ្នានឹងរស់នៅ»។ សព្វថ្ងៃនេះ ព្រះក៏បង្ហាញនូវសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលប្រែចិត្តនិងស្វែងរកទ្រង់ ដោយក្រេបជញ្ជក់យកចំណេះដឹងពីព្រះបន្ទូលរបស់ទ្រង់ និងធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ វិថីជីវិតបែបនេះមិនតែងតែស្រួលទេ ប៉ុន្តែនេះនឹងនាំទៅដល់ជីវិតជារៀងរហូតវិញ។—យ៉ូហាន ១៧:៣
មានការរីកចំរើនទោះជាមានអំណត់ខាងវិញ្ញាណ
២១. មនុស្សដែលឥតថ្វាយបង្គំព្រះពិត តើពួកគេមានអំណត់អ្វី?
២១ តើអ្វីបានកើតឡើងដល់អស់អ្នកដែលមិនគាំទ្រការថ្វាយបង្គំពិត? អំណត់ដ៏ខ្លាំងបំផុត គឺអំណត់ខាងវិញ្ញាណ! ព្រះអម្ចាស់មហាក្សត្រព្រះយេហូវ៉ាបានមានបន្ទូលថា៖ «មានគ្រាមកដែលអញនឹងចាត់ប្រើអំណត់មកក្នុងស្រុក មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ»។ (អេម៉ុស ៨:១១) ពិភពគ្រីស្ទសាសនាកំពុងតែមានអំណត់ខាងវិញ្ញាណដូចនេះនៅពេលឥឡូវនេះ។ ប៉ុន្តែ មនុស្សក្នុងចំណោមពួកគេដែលមានចិត្តគំនិតត្រឹមត្រូវបានឃើញការរីកចំរើនរបស់រាស្ត្រព្រះ ហើយពួកគេកំពុងតែចូលមកហូរហែក្នុងអង្គការព្រះយេហូវ៉ា។ ភាពខុសគ្នារវាងពិភពគ្រីស្ទសាសនានិងស្ថានភាពក្នុងចំណោមគ្រីស្ទានពិត គឺត្រូវបញ្ជាក់ដោយបន្ទូលរបស់ព្រះយេហូវ៉ាដែលថា៖ «មើល! ពួកអ្នកបំរើអញនឹងបានស៊ី តែឯងរាល់គ្នានឹងត្រូវឃ្លាន។ មើល! ពួកអ្នកបំរើអញនឹងបានផឹក តែឯងរាល់គ្នានឹងត្រូវស្រេក។ មើល! ពួកអ្នកបំរើអញនឹងអរសប្បាយ តែឯងរាល់គ្នានឹងត្រូវខ្មាស»។—អេសាយ ៦៥:១៣
២២. ហេតុអ្វីក៏យើងមានហេតុអរសប្បាយ?
២២ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា តើយើងពិតជាអបអរណាស់ចំពោះអាហារខាងវិញ្ញាណនិងពរពីព្រះឬទេ? នៅពេលដែលយើងសិក្សាព្រះគម្ពីរនិងប្រកាសនវត្ថុគ្រីស្ទាន ហើយទៅកិច្ចប្រជុំ សន្និបាត និងមហាសន្និបាតរបស់យើង យើងពិតជាមានអារម្មណ៍ហាក់ដូចជាចង់ច្រៀងសប្បាយដោយសារមានចិត្តអំណរ។ យើងអរសប្បាយដោយសារអាចយល់ព្រះបន្ទូលរបស់ព្រះយ៉ាងច្បាស់ រួមទាំងទំនាយរបស់អេម៉ុសដែលបានបណ្ដាលមកពីព្រះ។
២៣. អស់អ្នកដែលលើកតម្កើងសិរីរុងរឿងរបស់ព្រះ តើនឹងទទួលបានអ្វី?
២៣ សំរាប់អស់អ្នកដែលស្រឡាញ់និងចង់លើកតម្កើងសិរីរុងរឿងរបស់ព្រះ ទំនាយអេម៉ុសមានសារដែលផ្ដល់នូវសេចក្ដីសង្ឃឹម។ មិនថាយើងមានជីវភាពបែបណា ឬជួបប្រទះទុក្ខលំបាកណាក្នុងលោកីយ៍ដ៏ច្របូកច្របល់នេះក៏ដោយ យើងមានពរពីព្រះនិងមានអាហារខាងវិញ្ញាណប្រណីតបំផុតដោយសារយើងស្រឡាញ់ព្រះ។ (សុភាសិត ១០:២២; ម៉ាថាយ ២៤:៤៥-៤៧) ដូច្នេះ ព្រះដែលប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាយ៉ាងបរិបូរគួរនឹងទទួលសិរីរុងរឿងផ្ដាច់មុខ។ ចូរយើងទាំងអស់គ្នាបន្តសរសើរទ្រង់ឲ្យអស់ពីចិត្តជារៀងរហូត។ យើងពិតជាមានឯកសិទ្ធិល្អមែនបើយើងស្វែងរកព្រះយេហូវ៉ា ជាព្រះដែលពិនិត្យមើលចិត្តមនុស្ស។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើមានស្ថានភាពយ៉ាងណានៅស្រុកអ៊ីស្រាអែលនាសម័យអេម៉ុស?
• សព្វថ្ងៃនេះ តើអ្វីដែលមានលក្ខណៈដូចព្រះរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់នោះ?
• សព្វថ្ងៃនេះ តើមានអំណត់អ្វីស្របតាមទំនាយ? តើអំណត់នោះពុំមានអានុភាពលើអ្នកណា?
[រូបភាពនៅទំព័រ២៩]
ប្រជាជនអ៊ីស្រាអែលជាច្រើនមានជីវភាពធូរធារ តែមិនបានរីកចំរើនខាងវិញ្ញាណទេ