ព្រះវិហារខាងវិញ្ញាណដ៏ធំនៃព្រះយេហូវ៉ា
«យើងរាល់គ្នាមានសំដេចសង្ឃ១អង្គយ៉ាងនោះ . . . ជាអ្នកមានការងារក្នុងទីបរិសុទ្ធ ហើយក្នុងរោងឧបោសថដ៏ពិត ដែលព្រះអម្ចាស់បានដំឡើង មិនមែនជាមនុស្សទេ»។—ហេព្រើរ ៨:១, ២
១. តើព្រះបានបង្កើតសំវិធានការអ្វី សំរាប់មនុស្សមានបាប?
ព្រះយេហូវ៉ា ដោយមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងដល់មនុស្សលោក បានប្រទានយញ្ញបូជាមួយសំរាប់យកបាបនៃលោកីយ៍នេះចេញ។ (យ៉ូហាន ១:២៩; ៣:១៦) នេះតម្រូវឲ្យមានការបញ្ជូនជីវិតនៃបុត្រច្បងរបស់ទ្រង់ពីស្ថានសួគ៌ មកក្នុងស្បូននៃស្រីក្រមុំបរិសុទ្ធម្នាក់ ឈ្មោះម៉ារា ជាជនជាតិយូដា។ ទេវតារបស់ព្រះយេហូវ៉ាបានពន្យល់ប្រាប់នាងម៉ារាយ៉ាងច្បាស់ថា បុត្រដែលនាងនឹងប្រសូតមកនេះ នឹង«ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ»។ (លូកា ១:៣៤, ៣៥) យ៉ូសែប ដែលបានភ្ជាប់ពាក្យនឹងនាងម៉ារាហើយ ត្រូវបានពន្យល់ប្រាប់អំពីការចាប់កំណើតរបស់ព្រះយេស៊ូដោយអព្ភូតហេតុ ហើយបានដឹងថា បុត្រនេះនឹង«ជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប»។—ម៉ាថាយ ១:២០, ២១
២. កាលដែលព្រះយេស៊ូមានអាយុ៣០ឆ្នាំ តើទ្រង់បានធ្វើអ្វី ហើយហេតុអ្វី?
២ កាលដែលព្រះយេស៊ូធំឡើង ទ្រង់ច្បាស់ជាបានយល់ខ្លះៗ អំពីហេតុការណ៍នៃកំណើតដោយអព្ភូតហេតុរបស់ទ្រង់។ ទ្រង់ជ្រាបថា ព្រះវរបិតារបស់ទ្រង់ដែលនៅស្ថានសួគ៌ បានប្រគល់ឲ្យកិច្ចការសង្គ្រោះជីវិតនេះ មកទ្រង់ធ្វើនៅផែនដី។ ដូច្នេះ កាលបានធំពេញរូបរាងជាមនុស្សអាយុ៣០ឆ្នាំហើយ ព្រះយេស៊ូបានមកឯព្យាការីរបស់ព្រះ យ៉ូហាន ដើម្បីជ្រមុជទឹកក្នុងទន្លេយ័រដាន់។—ម៉ាកុស ១:៩; លូកា ៣:២៣
៣. (ក) តើព្រះយេស៊ូចង់មានបន្ទូលយ៉ាងណា ចំពោះឃ្លាដែលថា «ព្រះអង្គមិនចង់បានយញ្ញបូជា នឹងដង្វាយទេ»? (ខ) តើព្រះយេស៊ូឲ្យគំរូដ៏អស្ចារ្យអ្វី សំរាប់ពួកអ្នកដែលចង់ធ្វើជាសិស្សរបស់ទ្រង់?
៣ ព្រះយេស៊ូកំពុងតែអធិស្ឋានក្នុងថ្ងៃដែលទ្រង់ជ្រមុជទឹក។ (លូកា ៣:២១) តាមមើលទៅ ចាប់ពីត្រង់នេះតទៅនៃជីវិតរបស់ទ្រង់ ទ្រង់បានបំពេញពាក្យទំនាយនៃទំនុកដំកើង ៤០:៦-៨ ដូចជាប៉ុលបានបង្ហាញក្រោយមកថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា នឹងដង្វាយទេ តែទ្រង់បានរៀបចំរូបកាយឲ្យទូលបង្គំវិញ»។ (ហេព្រើរ ១០:៥) ដូច្នេះ ព្រះយេស៊ូបង្ហាញថាទ្រង់ជ្រាបថា ព្រះអង្គ«មិនចង់»ឲ្យគេថ្វាយដង្វាយសត្វក្នុងព្រះវិហារនៃយេរូសាឡិមតទៅទៀតឡើយ។ ផ្ទុយទៅវិញ ទ្រង់ជ្រាបថា ព្រះបានរៀបចំរូបកាយល្អគ្រប់ល័ក្ខណ៍មួយសំរាប់ទ្រង់ គឺជាយេស៊ូ ដើម្បីថ្វាយជាយញ្ញបូជា។ ការនេះនឹងធ្វើឲ្យលែងមានដង្វាយសត្វសំរាប់យញ្ញបូជាទៀត។ ដើម្បីបង្ហាញនូវចំណង់ដ៏អស់ពីចិត្តរបស់ទ្រង់ ក្នុងការចុះចូលតាមបំណងរបស់ព្រះ ព្រះយេស៊ូអធិស្ឋានថែមទៀតថា៖ «មើល! ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់ (សេចក្ដីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ)»។ (ហេព្រើរ ១០:៧) នេះជាគំរូដ៏អស្ចារ្យនៃសេចក្ដីក្លាហាននិងភក្ដីភាពដ៏ឥតអាត្មានិយម ដែលព្រះយេស៊ូបានសំដែងនៅថ្ងៃនោះ សំរាប់អស់អ្នកដែលនឹងទៅជាសិស្សរបស់ទ្រង់នៅពេលក្រោយ!—ម៉ាកុស ៨:៣៤
៤. តើតាមរបៀបណាដែលព្រះបង្ហាញការយល់ព្រម ដល់ការថ្វាយខ្លួននៃព្រះយេស៊ូ?
៤ តើព្រះបានបង្ហាញការយល់ព្រម ដល់ការអធិស្ឋានរបស់ព្រះយេស៊ូនៅពិធីជ្រមុជទឹកនោះទេ? ចូរឲ្យសិស្សរើសតាំងរបស់ព្រះយេស៊ូម្នាក់ផ្ដល់ចម្លើយនេះមកយើង៖ «កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ នោះមានឮសំឡេងចេញពីមេឃថា៖ ‹នេះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់› »។—ម៉ាថាយ ៣:១៦, ១៧; លូកា ៣:២១, ២២
៥. តើអ្វីតំណាងដោយអាសនាមែនទែននៅព្រះវិហារ?
៥ កាលដែលព្រះទទួលយកការថ្វាយរូបកាយនៃព្រះយេស៊ូ សំរាប់ធ្វើយញ្ញបូជា ក្នុងន័យខាងវិញ្ញាណ នោះមានន័យថា អាសនាដ៏ធំសំបើមមួយ គឺធំជាងអាសនានៅក្នុងព្រះវិហារនៃយេរូសាឡិម បានលេចចេញមក។ អាសនាមែនទែនដែលជាកន្លែងគេយកសត្វមកបូជា គឺតំណាងអាសនាខាងវិញ្ញាណនេះ បើនិយាយឲ្យចំទៅ គឺជា«បំណង»របស់ព្រះ ឬ ការរៀបចំសំរាប់ទទួលយកជីវិតមនុស្សនៃព្រះយេស៊ូ ជាយញ្ញបូជា។ (ហេព្រើរ ១០:១០) ម្ល៉ោះហើយបានជាប៉ុល អាចសរសេរទៅពួកគ្រីស្ទានគ្នាឯងថា៖ «យើងរាល់គ្នាមានអាសនា១ ដែលពួកអ្នកបំរើក្នុងរោងឧបោសថ[ឬ ព្រះវិហារ] គេគ្មានច្បាប់នឹងចូលមកបរិភោគពីអាសនានោះទេ»។ (ហេព្រើរ ១៣:១០) បើនិយាយឲ្យចំទៅ ពួកគ្រីស្ទានពិត នឹងទទួលផលប្រយោជន៍ពីយញ្ញបូជាសំរាប់លោះបាបដ៏ល្អលើសគេ ដែលពួកសង្ឃយូដាជាច្រើនបានទាត់ចោល។
៦. (ក) នៅថ្ងៃពិធីជ្រមុជទឹករបស់ព្រះយេស៊ូ តើអ្វីលេចចេញឡើង? (ខ) តើឋានន្តរ ព្រះមេស្ស៊ីនិងព្រះគ្រីស្ទ មានន័យដូចម្ដេច?
៦ ការចាក់ប្រេងតាំងព្រះយេស៊ូដោយព្រះវិញ្ញាណបរិសុទ្ធ មានន័យថា ឥឡូវនេះព្រះបានបង្កើតឲ្យមានការរៀបចំព្រះវិហារខាងវិញ្ញាណទាំងមូលហើយ ដោយមានព្រះយេស៊ូបំរើជាសម្ដេចសង្ឃ។ (កិច្ចការ ១០:៣៨; ហេព្រើរ ៥:៥) លូកាបានរិះរកឃើញឆ្នាំនៃព្រឹត្ដិការណ៍អស្ចារ្យនេះ ជា«ឆ្នាំទី១៥ក្នុងរាជ្យសេសារ-ទីប៊ើរ»។ (លូកា ៣:១-៣) នោះស្មើនឹងឆ្នាំ ២៩ ស.យ.—ចំនឹង៦៩អាទិត្យនៃឆ្នាំ ឬ ៤៨៣ឆ្នាំ ពីគ្រាដែលស្តេចអើថាស៊ើកសេសបានចេញបញ្ជា ឲ្យសង់កំផែងយេរូសាឡិមឡើងវិញ។ (នេហេមា ២:១, ៥-៨) យោងទៅតាមទំនាយ «ព្រះមេស្ស៊ី ជាមេដឹកនាំ» នឹងលេចចេញមកនៅឆ្នាំដែលទាយទុកនោះ។ (ដានីយ៉ែល ៩:២៥, ព.ថ.) ពួកយូដាជាច្រើនបានដឹងអំពីទំនាយនេះ។ លូការាយការណ៍ថា «បណ្ដាមនុស្សនៅតែចាំមើល» ព្រះមេស្ស៊ី ឬ ព្រះគ្រីស្ទលេចចេញមក ពាក្យទាំងពីរនេះជាឋានន្តរ មួយជាពាក្យហេព្រើរ មួយទៀតជាពាក្យក្រិក ដែលមានន័យដូចគ្នា គឺ «អ្នកចាក់ប្រេងតាំង»។—លូកា ៣:១៥
៧. (ក) តើព្រះបានចាក់ប្រេងតាំង«ទីបរិសុទ្ធបំផុត» នៅពេលណា ហើយតើនេះមានន័យយ៉ាងណា? (ខ) តើមានអ្វីទៀត កើតដល់ព្រះយេស៊ូ នៅថ្ងៃពិធីជ្រមុជទឹករបស់ទ្រង់?
៧ នៅថ្ងៃពិធីជ្រមុជទឹករបស់ព្រះយេស៊ូ លំនៅក្នុងស្ថានសួគ៌របស់ព្រះ ត្រូវបានចាក់ប្រេងតាំង ឬ ញែកជា «ទីបរិសុទ្ធបំផុត» ក្នុងការរៀបចំព្រះវិហារខាងវិញ្ញាណធំ។ (ដានីយ៉ែល ៩:២៤) «រោងឧបោសថដ៏ពិត[ព្រះវិហារ] ដែលព្រះអម្ចាស់បានដំឡើង មិនមែនជាមនុស្ស» បានលេចចេញហើយ។ (ហេព្រើរ ៨:២) ម្យ៉ាងទៀត តាមរយៈពិធីជ្រមុជដោយទឹកនិងព្រះវិញ្ញាណបរិសុទ្ធ បុរសយេស៊ូគ្រីស្ទនេះបានកើតជាថ្មី ជាបុត្រាខាងវិញ្ញាណរបស់ព្រះ។ (ប្រៀបធៀប យ៉ូហាន ៣:៣) នេះមានន័យថា នៅពេលក្រោយ ព្រះអាចហៅបុត្រារបស់ទ្រង់ឲ្យទទួលជីវិតនៅស្ថានសួគ៌វិញ ដែលព្រះយេស៊ូនឹងបំរើនៅខាងស្ដាំដៃព្រះវរបិតា ជាស្តេចនិងជាសម្ដេចសង្ឃ «តាមរបៀបលោកម៉ិលគីស្សាដែក»។—ហេព្រើរ ៦:២០; ទំនុកដំកើង ១១០:១, ៤
ទីបរិសុទ្ធបំផុតនៅស្ថានសួគ៌
៨. តើបល្ល័ង្ករបស់ព្រះ ឥឡូវមានលក្ខណៈថ្មីអ្វីខ្លះ?
៨ នៅថ្ងៃពិធីជ្រមុជទឹករបស់ព្រះយេស៊ូ បល្ល័ង្កនៅស្ថានសួគ៌របស់ព្រះ ទទួលយកលក្ខណៈថ្មីច្រើន។ សេចក្ដីតម្រូវឲ្យមានយញ្ញបូជាមនុស្សគ្រប់ល័ក្ខណ៍ សំរាប់ធួនបាបលោកីយ៍ បញ្ជាក់ដល់សេចក្ដីបរិសុទ្ធរបស់ព្រះ ជាការផ្ទុយស្រឡះនឹងភាពមានបាបរបស់មនុស្ស។ សេចក្ដីមេត្ដាករុណារបស់ព្រះ ក៏អាចឃើញទៀត ដែលទ្រង់ឥឡូវនេះ សុខចិត្តឲ្យគេស្រាកស្រាន្ត ឬ ស្ងៀមស្ងប់ព្រះទ័យរបស់ទ្រង់។ ដូច្នេះ បល្ល័ង្កនៅស្ថានសួគ៌របស់ព្រះ បានក្លាយទៅជា ទីបរិសុទ្ធបំផុតនៃព្រះវិហារ ជាកន្លែងដែលសម្ដេចសង្ឃយកឈាមសត្វ ចូលទៅក្នុងមួយដងក្នុងមួយឆ្នាំ ដើម្បីធួនបាប តាមរបៀបប្រដូចមួយ។
៩. (ក) តើវាំងននដែលនៅរវាងទីបរិសុទ្ធនិងទីបរិសុទ្ធបំផុត តំណាងអ្វី? (ខ) តើព្រះយេស៊ូអាចចូលទៅត្រើយម្ខាងនៃវាំងនន នៃព្រះវិហារខាងវិញ្ញាណរបស់ព្រះ ដោយយ៉ាងណា?
៩ វាំងននដែលញែកទីបរិសុទ្ធ ពីទីបរិសុទ្ធបំផុត តំណាងរូបកាយសាច់ឈាមរបស់ព្រះយេស៊ូ។ (ហេព្រើរ ១០:១៩, ២០) រូបកាយរបស់ព្រះយេស៊ូនេះ ជារនាំងឃាំងទ្រង់កុំឲ្យចូលទៅក្នុងទីវត្តមានរបស់ព្រះវរបិតា កាលដែលទ្រង់ជាមនុស្សនៅលើផែនដីនៅឡើយ។ (កូរិនថូសទី១ ១៥:៥០) នៅថ្ងៃដែលព្រះយេស៊ូសោយទិវង្គត «វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម»។ (ម៉ាថាយ ២៧:៥១) នេះបង្ហាញយ៉ាងអស្ចារ្យថា រនាំងដែលឃាំងព្រះយេស៊ូមិនឲ្យចូលក្នុងស្ថានសួគ៌ ឥឡូវត្រូវបានយកចេញហើយ។ បីថ្ងៃក្រោយមក ព្រះយេហូវ៉ាបានធ្វើអព្ភូតហេតុដ៏ប្រសើរមួយ។ ទ្រង់បានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ មិនមែនជាមនុស្សខាងសាច់ឈាមទេ តែជាបុគ្គលវិញ្ញាណដ៏រុងរឿងម្នាក់ ដែល«នៅជាប់អស់កល្បជានិច្ច»។ (ហេព្រើរ ៧:២៤) ៤០ថ្ងៃក្រោយមក ព្រះយេស៊ូក៏យាងឡើងទៅស្ថានសួគ៌ ហើយចូលទៅក្នុង«ទីបរិសុទ្ធបំផុត»ដ៏ពិត «ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ដ្រនៃព្រះ ដំណាងយើងរាល់គ្នា»។—ហេព្រើរ ៩:២៤
១០. (ក) បន្ទាប់ពីព្រះយេស៊ូបានថ្វាយតម្លៃនៃយញ្ញបូជារបស់ទ្រង់ទៅព្រះវរបិតានៅស្ថានសួគ៌ តើមានអ្វីកើតឡើង? (ខ) តើការចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធ មានន័យយ៉ាងណា ចំពោះសិស្សរបស់ព្រះគ្រីស្ទ?
១០ តើព្រះទទួលយកតម្លៃនៃការបង្ហូរលោហិតរបស់ព្រះយេស៊ូ ជាការធួនបាបនៃលោកីយ៍ទេ? ទ្រង់បានទទួលយកមែន។ ទីសំអាងនៃការនេះ បានសម្ដែងមក៥០ថ្ងៃបន្ទាប់ពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គឺនៅថ្ងៃបុណ្យភិន្ដាកុស។ ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ បានមកសណ្ឋិតលើសិស្សរបស់ព្រះយេស៊ូ១២០នាក់ ដែលបានប្រមូលគ្នានៅយេរូសាឡិម។ (កិច្ចការ ២:១, ៤, ៣៣) ដូចព្រះយេស៊ូគ្រីស្ទ ជាសម្ដេចសង្ឃរបស់គេ ពួកគេឥឡូវ ត្រូវបានចាក់ប្រេងតាំងឲ្យបំរើជា «ពួកសង្ឃបរិសុទ្ធសំរាប់នឹងថ្វាយគ្រឿងបូជាខាងឯព្រលឹងវិញ្ញាណ» នៅក្រោមការរៀបចំធំនៃព្រះវិហារខាងវិញ្ញាណរបស់ព្រះ។ (ពេត្រុសទី១ ២:៥) ម្យ៉ាងទៀត ពួកចាក់ប្រេងតាំងទាំងនេះបានបង្កើតសាសន៍ថ្មីមួយ «សាសន៍បរិសុទ្ធរបស់ព្រះ»នៃអ៊ីស្រាអែលខាងវិញ្ញាណ។ ដូច្នេះ ពីនេះតទៅ ទំនាយទាំងអស់នៃសេចក្ដីល្អៗអំពីអ៊ីស្រាអែល ដូចជា ការសន្យាតាំង «សញ្ញាថ្មី» កត់ទុកនៅយេរេមា ៣១:៣១ នឹងសំដៅទៅតែពួកគ្រីស្ទានចាក់ប្រេងតាំង ជា«អ៊ីស្រាអែលនៃព្រះ»ពិត។—ពេត្រុសទី១ ២:៩; កាឡាទី ៦:១៦
លក្ខណៈឯទៀតនៃព្រះវិហារខាងវិញ្ញាណរបស់ព្រះ
១១, ១២. (ក) ក្នុងករណីនៃព្រះយេស៊ូ តើទីលាននៃសង្ឃតំណាងអ្វី ហើយក្នុងករណីនៃពួកសិស្សចាក់ប្រេងតាំងរបស់ទ្រង់ តើតំណាងអ្វី? (ខ) តើផើងទឹកតំណាងអ្វី ហើយតើត្រូវប្រើយ៉ាងណា?
១១ ទីបរិសុទ្ធបំផុតតំណាង «ស្ថានសួគ៌» ជាទីបល្ល័ង្ករបស់ព្រះ រីឯលក្ខណៈឯទៀតទាំងអស់នៃព្រះវិហារខាងវិញ្ញាណរបស់ព្រះ ទាក់ទងនឹងរបស់នៅផែនដី។ (ហេព្រើរ ៩:២៤) ក្នុងព្រះវិហារនៅយេរូសាឡិម មានទីលានខាងក្នុងមួយសំរាប់ពួកសង្ឃ ដែលនៅទីនោះ មានអាសនាមួយសំរាប់បូជាយញ្ញ ហើយផើងទឹកធំមួយ ដែលសង្ឃប្រើសំរាប់សំអាតខ្លួនគេ មុននឹងធ្វើការងារបរិសុទ្ធ។ តើរបស់ទាំងនេះតំណាងអ្វីទៅ នៅក្នុងការរៀបចំព្រះវិហារខាងវិញ្ញាណរបស់ព្រះ?
១២ ក្នុងករណីនៃព្រះយេស៊ូគ្រីស្ទ ទីលានខាងក្នុងនៃពួកសង្ឃ តំណាងស្ថានភាពឥតមានបាបរបស់ទ្រង់ ជាបុត្រមនុស្សដ៏គ្រប់ល័ក្ខណ៍របស់ព្រះ។ តាមរយៈការអនុវត្តជំនឿទៅលើយញ្ញបូជារបស់ព្រះយេស៊ូ ពួកសិស្សចាក់ប្រេងតាំងរបស់ព្រះយេស៊ូ ត្រូវបានចាត់ទុកជាសុចរិត។ ដោយហេតុនេះ ព្រះទ្រង់អាចទាក់ទងជាមួយពួកគេដោយត្រឹមត្រូវ ហាក់ដូចជាពួកគេគ្មានបាប។ (រ៉ូម ៥:១; ៨:១, ៣៣) ដូច្នេះ ទីលាននេះ ក៏តំណាងស្ថានភាពសុចរិតរបស់មនុស្ស ដែលសមាជិកម្នាក់ៗនៃភាពសង្ឃបរិសុទ្ធ មាននៅចំពោះព្រះ។ នៅពេលដំណាលគ្នានេះ ពួកគ្រីស្ទានចាក់ប្រេងតាំងនៅតែមិនគ្រប់ល័ក្ខណ៍ ហើយនឹងអាចប្រព្រឹត្តបាបទៀត។ ផើងទឹកនៅក្នុងទីលាននោះ តំណាងពាក្យបន្ទូលរបស់ព្រះ ដែលសម្ដេចសង្ឃប្រើ សំរាប់សំអាតភាពសង្ឃបរិសុទ្ធបន្ដិចម្ដងៗ។ ដោយធ្វើតាមវិធីសំអាតនេះ ពួកគ្រីស្ទានចាក់ប្រេងតាំង បានទទួលអាការល្អថ្លៃថ្នូរ ដែលផ្ដល់កិត្ដិយសដល់ព្រះ ហើយទាក់ទាញចិត្តពួកខាងក្រៅ ឲ្យមកឯការថ្វាយបង្គំបរិសុទ្ធរបស់ទ្រង់ដែរ។—អេភេសូរ ៥:២៥, ២៦; ប្រៀបធៀប ម៉ាឡាគី ៣:១-៣
ទីបរិសុទ្ធ
១៣, ១៤. (ក) តើទីបរិសុទ្ធនៃព្រះវិហារតំណាងអ្វី ក្នុងករណីនៃព្រះយេស៊ូនិងក្នុងករណីនៃពួកសិស្សចាក់ប្រេងតាំងរបស់ទ្រង់? (ខ) តើជើងចង្កៀងពណ៌ទឹកមាស តំណាងអ្វី?
១៣ បន្ទប់ទីមួយនៃព្រះវិហារ តំណាងស្ថានភាពដែលល្អប្រសើរជាងស្ថានភាពនៃទីលាន។ ក្នុងករណីរបស់ព្រះយេស៊ូគ្រីស្ទជាមនុស្សគ្រប់ល័ក្ខណ៍ គឺតំណាងការកើតជាថ្មី ជាបុត្រខាងវិញ្ញាណរបស់ព្រះ ដែលបំរុងត្រឡប់ទៅរស់នៅក្នុងស្ថានសួគ៌វិញ។ បន្ទាប់ពីបានចាត់ថាសុចរិត ដោយសារជំនឿទៅលើការបង្ហូរលោហិតរបស់ព្រះគ្រីស្ទ ពួកសិស្សចាក់ប្រេងតាំងទាំងនេះ ក៏បានពិសោធព្រះវិញ្ញាណបរិសុទ្ធមកសណ្ឋិតលើពួកគេ តាមរបៀបដ៏ពិសេសនេះដែរ។ (រ៉ូម ៨:១៤-១៧) តាមរយៈ «ទឹក[គឺពិធីជ្រមុជទឹករបស់គេ] ហើយ . . . ព្រះវិញ្ញាណ» ពួកគេបាន ‹កើតជាថ្មី› ទៅជាបុត្រខាងវិញ្ញាណរបស់ព្រះ។ ដោយហេតុនេះ ពួកគេមានសង្ឃឹមនឹងប្រោសឲ្យមានជីវិតនៅស្ថានសួគ៌ ជាបុត្រវិញ្ញាណរបស់ព្រះ ឲ្យតែគេនៅស្មោះត្រង់រហូតដល់ស្លាប់។—យ៉ូហាន ៣:៥, ៧; វិវរណៈ ២:១០
១៤ ពួកអ្នកថ្វាយបង្គំនៅខាងក្រៅព្រះវិហារ នោះមិនបានមើលឃើញពួកសង្ឃដែលបំរើនៅខាងក្នុងទីបរិសុទ្ធនៃព្រះវិហារនៅផែនដីទេ។ ដូចនេះដែរ ពួកគ្រីស្ទានចាក់ប្រេងតាំង ពិសោធស្ថានភាពខាងវិញ្ញាណ ដែលពួកអ្នកថ្វាយបង្គំព្រះជាច្រើនដែលមានសេចក្ដីសង្ឃឹមរស់នៅអស់កល្បជានិច្ចនៅលើផែនដីមនោរម្យ មិនដែលពិសោធ ឬយល់ច្បាស់លាស់។ ជើងចង្កៀងពណ៌ទឹកមាសនៃរោងឧបោសថ តំណាងស្ថានភាពភ្លឺស្វាងនៃពួកគ្រីស្ទានចាក់ប្រេងតាំង។ ការប្រតិបត្ដិនៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ ដូចប្រេងក្នុងចង្កៀងនោះដែរ បញ្ចេញពន្លឺមកលើព្រះគម្ពីរ។ ហើយ ជាលទ្ធផលនៃការនេះ ចំណេះដែលពួកគ្រីស្ទានបានទទួល គេមិនលាក់ទុកក្នុងខ្លួនគេទេ។ ផ្ទុយទៅវិញ គេគោរពតាមព្រះយេស៊ូ ដែលទ្រង់មានបន្ទូលថា៖ «អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍។ . . . ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌»។—ម៉ាថាយ ៥:១៤, ១៦
១៥. តើនំប៉័ងតាំងទុកលើតុតំណាងអ្វី?
១៥ ដើម្បីរក្សានៅក្នុងស្ថានភាពភ្លឺស្វាងនេះ ពួកគ្រីស្ទានចាក់ប្រេងតាំង ត្រូវតែទទួលទានយ៉ាងទៀងទាត់នូវអ្វីដែលតំណាងដោយនំប៉័ងនៅលើតុ។ ប្រភពទីមួយនៃអាហារខាងវិញ្ញាណរបស់គេ គឺជាពាក្យបន្ទូលរបស់ព្រះ ដែលគេត្រូវខំអាននិងជញ្ជឹងគិតជារៀងរាល់ថ្ងៃ។ ព្រះយេស៊ូក៏បានសន្យានឹងផ្ដល់ឲ្យ «អាហារគេបរិភោគ តាមត្រូវពេល» តាមរយៈ ‹អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ›។ (ម៉ាថាយ ២៤:៤៥) «អ្នកបំរើ»នេះ គឺជាក្រុមទាំងមូលនៃគ្រីស្ទានចាក់ប្រេងតាំងនៅផែនដី នៅគ្រប់ពេលវេលា។ ព្រះគ្រីស្ទបានប្រើក្រុមចាក់ប្រេងតាំងនេះ ដើម្បីបោះពុម្ពផ្សាយពត៌មាន ដែលស្តីអំពីការសំរេចទំនាយគម្ពីរនានា ហើយដើម្បីណែនាំប្រាប់អំពីការអនុវត្តគោលការណ៍ព្រះគម្ពីរ ឲ្យត្រឹមត្រូវពេលវេលា ក្នុងជីវិតប្រចាំថ្ងៃដ៏ទំនើបនេះ។ ដោយហេតុនេះ បានជាពួកគ្រីស្ទានចាក់ប្រេងតាំង ទទួលទានអាហារខាងវិញ្ញាណនេះ ដោយចិត្តអបអរ។ ប៉ុន្តែ ការផ្គត់ផ្គង់ជីវិតខាងវិញ្ញាណរបស់គេ មិនស្រេចទៅលើតែការយកចំណេះអំពីព្រះ ចូលក្នុងគំនិតនិងចិត្តរបស់គេប៉ុណ្ណោះទេ។ ព្រះយេស៊ូមានបន្ទូលថា៖ «ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង»។ (យ៉ូហាន ៤:៣៤) ដូចនេះដែរ ពួកគ្រីស្ទានចាក់ប្រេងតាំងទទួលការពេញចិត្ត ដោយរៀងរាល់ថ្ងៃ ធ្វើតាមបំណងរបស់ព្រះដែលសំដែងមក។
១៦. តើការបំរើនៅឯអាសនានៃគ្រឿងក្រអូប តំណាងអ្វី?
១៦ នៅពេលព្រឹកនិងល្ងាច សង្ឃម្នាក់ថ្វាយគ្រឿងក្រអូបទៅព្រះ នៅលើអាសនានៃគ្រឿងក្រអូបក្នុងទីបរិសុទ្ធ។ នៅពេលដំណាលគ្នានេះ ពួកអ្នកថ្វាយបង្គំនឹងអធិស្ឋានទៅព្រះ កាលកំពុងឈរនៅក្នុងទីលានខាងក្រៅនៃព្រះវិហាររបស់ទ្រង់។ (លូកា ១:៨-១០) ព្រះគម្ពីរពន្យល់ថា «គ្រឿងក្រអូប នោះជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ»។ (វិវរណៈ ៥:៨) ដាវីឌ ជាអ្នកតែងបទទំនុកដំកើង បានសរសេរថា៖ «សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើង ដូចជាគ្រឿងក្រអូបនៅចំពោះទ្រង់»។ (ទំនុកដំកើង ១៤១:២) ដូចនេះដែរ ពួកគ្រីស្ទានចាក់ប្រេងតាំង ចាត់ទុកជាមានតម្លៃបំផុត នូវឯកសិទ្ធិនៃការចូលមកជិតព្រះយេហូវ៉ាដោយការអធិស្ឋាន តាមរយៈព្រះយេស៊ូគ្រីស្ទ។ ការអធិស្ឋានដ៏ក្លៀវក្លា ដែលចេញពីចិត្ត គឺប្រៀបដូចជាគ្រឿងក្រអូបដ៏ក្រអូបឈ្ងុយ។ ពួកគ្រីស្ទានចាក់ប្រេងតាំងក៏សរសើរព្រះតាមវិធីផ្សេងទៀតដែរ ដោយប្រើបបូរមាត់របស់គេ ដើម្បីបង្រៀនអ្នកឯទៀត។ ការស៊ូទ្រាំរបស់គេ ពេលជួបប្រទះសេចក្ដីទុក្ខលំបាក ហើយការរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ ពេលល្បង ជាការពេញព្រះហឫទ័យព្រះណាស់។—ពេត្រុសទី១ ២:២០, ២១
១៧. នៅថ្ងៃធួនបាប តើអ្វីតំណាងនៃការចូលទីបរិសុទ្ធបំផុតមុនដំបូង នៃសម្ដេចសង្ឃ?
១៧ នៅថ្ងៃធួនបាប សម្ដេចសង្ឃអ៊ីស្រាអែល បានចូលទៅក្នុងទីបរិសុទ្ធបំផុត ហើយដុតគ្រឿងក្រអូបនៅលើពានទឹកមាស ដែលមានរងើកភ្លើងនៅក្នុងនោះ។ គាត់ត្រូវតែធ្វើការនេះសិន មុននឹងគាត់នាំយកចូលឈាមនៃដង្វាយលោះបាប។ ក្នុងការសម្រេចនៃការនេះ ព្រះយេស៊ូជាមនុស្សត្រូវតែរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ពេញទីចំពោះព្រះយេហូវ៉ា មុននឹងទ្រង់ថ្វាយព្រះជន្មរបស់ទ្រង់ ជាយញ្ញបូជាអចិន្ត្រៃយ៍មួយសំរាប់លោះបាបយើង។ ដូច្នេះ ទ្រង់បង្ហាញឲ្យឃើញថា មនុស្សគ្រប់ល័ក្ខណ៍ អាចរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះព្រះបាន ទោះបីជាមានការកៀបសង្កត់ពីសាតាំងយ៉ាងណាក៏ដោយ។ (សុភាសិត ២៧:១១) ពេលទ្រង់ជួបការល្បង ទ្រង់បានឆ្លៀតយកប្រយោជន៍នៃការអធិស្ឋាន «ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក . . . ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់»។ (ហេព្រើរ ៥:៧) តាមរបៀបនេះ ទ្រង់បានលើកដំកើងព្រះយេហូវ៉ា ជាព្រះមហាក្សត្រនៃសកលោកដ៏សុចរិត និងត្រឹមត្រូវ។ ព្រះបានប្រទានរង្វាន់ឲ្យព្រះយេស៊ូ ដោយប្រោសទ្រង់ឲ្យមានព្រះជន្មអមតៈនៅស្ថានសួគ៌។ ពីឋានៈដ៏ខ្ពង់ខ្ពស់នេះ ព្រះយេស៊ូបែរព្រះទ័យមកឯមូលហេតុទីពីរនៃការយាងមកផែនដី គឺដើម្បីផ្សះផ្សាមនុស្សមានបាបដែលប្រែចិត្ត ជាមួយនឹងព្រះ។—ហេព្រើរ ៤:១៤-១៦
សិរីល្អលើសលុបនៃព្រះវិហារខាងវិញ្ញាណរបស់ព្រះ
១៨. តើតាមរបៀបណា ដែលព្រះយេហូវ៉ាបាននាំសិរីល្អលើសលុប មកដល់ព្រះវិហារខាងវិញ្ញាណរបស់ទ្រង់?
១៨ ព្រះយេហូវ៉ាទ្រង់ទាយថា «សិរីល្អរបស់វិហារជាន់ក្រោយនេះ នឹងបានលើសជាងជាន់មុនទៅទៀត»។ (ហាកាយ ២:៩) ដោយបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ជាស្តេចអមតៈនិងជាសម្ដេចសង្ឃ ព្រះយេហូវ៉ាបាននាំឲ្យមានសិរីល្អដ៏លើសលុប មកដល់ព្រះវិហារខាងវិញ្ញាណរបស់ទ្រង់។ ឥឡូវនេះ ព្រះយេស៊ូមានសមត្ថភាពអាច«សង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្ដាប់បង្គាប់ទ្រង់»។ (ហេព្រើរ ៥:៩) ពួកទីមួយ ដែលបង្ហាញការគោរពបែបនេះ គឺជាពួកសិស្ស១២០នាក់ ដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធ នៅភិន្ដាកុស ក្នុងឆ្នាំ៣៣ ស.យ.។ សៀវភៅវិវរណៈ បានទាយថា កូនចៅអ៊ីស្រាអែលខាងវិញ្ញាណទាំងអស់ នឹងមានចំនួនដល់១៤៤.០០០នាក់។ (វិវរណៈ ៧:៤) ពេលគេស្លាប់ ពួកគេជាច្រើន ត្រូវតែដេកលក់នៅក្នុងផ្នូរ រង់ចាំគ្រាដែលព្រះយេស៊ូទទួលអំណាចជាស្តេច។ កាលប្រវត្ដិទំនាយ ដែលមាននៅដានីយ៉ែល ៤:១០-១៧, ២០-២៧ ចង្អុលទៅឆ្នាំ១៩១៤ ជាគ្រាដែលព្រះយេស៊ូចាប់ផ្ដើមសោយរាជ្យ ក្នុងចំណោមពួកសត្រូវ។ (ទំនុកដំកើង ១១០:២) ជាច្រើនទសវត្សមុនឆ្នាំ១៩១៤ ពួកគ្រីស្ទានចាក់ប្រេងតាំង បានទន្ទឹងចាំឆ្នាំនោះ ដោយចិត្តទុកដាក់បំផុត។ សង្គ្រាមលោកទីមួយ និងសេចក្ដីវេទនាជាបន្តបន្ទាប់ ដែលធ្លាក់មកលើមនុស្សលោក បង្ហាញជាភស្តុតាងទៀតថា ព្រះយេស៊ូពិតជាបានឡើងសោយរាជ្យក្នុងឆ្នាំ១៩១៤។ (ម៉ាថាយ ២៤:៣, ៧, ៨) មិនយូរប៉ុន្មានក្រោយមក គ្រាដែល «សេចក្ដីជំនុំជំរះត្រូវចាប់ផ្ដើម ពីដំណាក់នៃព្រះ» នោះបានមកដល់ហើយ ហើយព្រះយេស៊ូបានបំពេញពាក្យសន្យារបស់ទ្រង់ ទៅពួកសិស្សចាក់ប្រេងតាំងដែលបានដេកលក់ក្នុងសេចក្ដីស្លាប់ ថា៖ «ខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ»។—ពេត្រុសទី១ ៤:១៧; យ៉ូហាន ១៤:៣
១៩. តើតាមរបៀបណាដែលពួកអ្នកសំណល់នៃ១៤៤.០០០នាក់ អាចចូលទៅក្នុងទីបរិសុទ្ធបំផុតនៅស្ថានសួគ៌បាន?
១៩ ពួកសង្ឃបរិសុទ្ធ១៤៤.០០០នាក់ មិនទាន់បានបោះត្រាឲ្យទៅលំនៅស្ថានសួគ៌ទាំងអស់ទេ។ នៅមានអ្នកខ្លះ រស់នៅលើផែនដីនៅឡើយ នៅក្នុងស្ថានភាពខាងវិញ្ញាណ ដែលតំណាងដោយទីបរិសុទ្ធ ដែលញែកចេញពីទីបរិសុទ្ធបំផុតរបស់ព្រះ ដោយ«វាំងនន» ឬ រនាំងនៃរូបកាយសាច់ឈាមរបស់គេ។ ពេលដែលបុគ្គលទាំងនេះស្លាប់ដោយស្មោះត្រង់ ព្រះនឹងប្រោសពួកគេ មួយព្រិចឲ្យរស់ឡើងវិញ ជាបុគ្គលវិញ្ញាណអមតៈ ដើម្បីឲ្យចូលរួមជាមួយពួក១៤៤.០០០នាក់ដែលនៅស្ថានសួគ៌រួចហើយ។—កូរិនថូសទី១ ១៥:៥១-៥៣
២០. នៅគ្រានេះ តើពួកអ្នកសំណល់នៃពួកសង្ឃបរិសុទ្ធ កំពុងតែធ្វើកិច្ចការដ៏សំខាន់អ្វី ហើយមានលទ្ធផលយ៉ាងណា?
២០ ដោយមានសង្ឃជាច្រើនបំរើជាមួយសម្ដេចសង្ឃដ៏ធំនៅស្ថានសួគ៌ ព្រះវិហារខាងវិញ្ញាណរបស់ព្រះ ទទួលសិរីល្អរឹតតែច្រើនឡើង។ នៅពេលដំណាលគ្នានេះ ពួកអ្នកសំណល់នៃពួកសង្ឃបរិសុទ្ធ កំពុងតែធ្វើកិច្ចការដ៏មានតម្លៃនៅលើផែនដី។ តាមរយៈការផ្សាយនៃពួកនេះ ព្រះ‹កំពុងតែអង្រួនអស់ទាំងសាសន៍› ដោយការសំដែងសេចក្ដីជំនុំជំរះរបស់ទ្រង់ ដូចបានទាយមកនៅហាកាយ ២:៧។ ហើយក្នុងពេលដំណាលគ្នានេះ អ្នកថ្វាយបង្គំរាប់លាននាក់ ដែលរៀបរាប់មកជារបស់ «គាប់ចិត្តរបស់អស់ទាំងសាសន៍» កំពុងតែប្រមូលគ្នាមកទាំងហ្វូងៗ មកចូលក្នុងទីលានផែនដីនៃព្រះវិហាររបស់ព្រះយេហូវ៉ា។ តើតាមរបៀបណាដែលមនុស្សទាំងអស់នេះ មានសមត្ថភាពសមនឹងការរៀបចំរបស់ព្រះសំរាប់ការថ្វាយបង្គំ ហើយតើយើងអាចរង់ចាំមើលព្រះវិហារខាងវិញ្ញាណធំ មានសិរីល្អ យ៉ាងណានៅអនាគត? សំនួរទាំងនេះនឹងពិគ្រោះនៅក្នុងអត្ថបទជាបន្ទាប់។
សំនួរសំរាប់ពិនិត្យឡើងវិញ
◻ តើព្រះយេស៊ូធ្វើជាគំរូដ៏ល្អប្រសើរយ៉ាងណា នៅក្នុងឆ្នាំ២៩ ស.យ.?
◻ តើការរៀបចំអ្វី បានចាប់ប្រតិបត្ដិក្នុងឆ្នាំ២៩ ស.យ.?
◻ តើទីបរិសុទ្ធនិងទីបរិសុទ្ធបំផុតតំណាងអ្វី?
◻ តើតាមរបៀបណាដែលព្រះវិហារខាងវិញ្ញាណដ៏ធំ បានទទួលសិរីល្អដ៏រុងរឿង?
[រូបភាពនៅទំព័រ១៥]
នៅពេលដែលព្រះយេស៊ូ ត្រូវបានចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធក្នុងឆ្នាំ២៩ ស.យ. ព្រះវិហារខាងវិញ្ញាណរបស់ព្រះបានចាប់ផ្ដើមប្រតិបត្ដិ