មេរៀនទី៤២
តើគម្ពីរចែងយ៉ាងណាអំពីការនៅលីវនិងការរៀបការ?
ក្នុងវប្បធម៌ខ្លះ មនុស្សគិតថាបើអ្នកណាមិនរៀបការ អ្នកនោះគ្មានសុភមង្គលទេ។ ប៉ុន្តែ មិនមែនអ្នកដែលរៀបការទាំងអស់មានសុភមង្គលឡើយ ហើយក៏មិនមែនអ្នកដែលនៅលីវទាំងអស់គ្មានសុភមង្គលដែរ។ តាមពិត គម្ពីរចាត់ទុកការនៅលីវនិងការរៀបការជាអំណោយពីព្រះយេហូវ៉ា។
១. តើការនៅលីវមានប្រយោជន៍អ្វីខ្លះ?
គម្ពីរចែងថា៖ «អ្នកណាដែលរៀបការ អ្នកនោះក៏សម្រេចការបានល្អដែរ តែអ្នកណាដែលមិនរៀបការ អ្នកនោះនឹងសម្រេចការបានល្អជាង»។ (សូមអាន កូរិនថូសទី១ ៧:៣២, ៣៣, ៣៨) តើអ្នកនៅលីវអាច«សម្រេចការបានល្អជាង»តាមវិធីណាខ្លះ? គ្រិស្តសាសនិកដែលនៅលីវ ពួកគេគ្មានគូដែលត្រូវថែរក្សាទេ។ ម្ល៉ោះហើយ ពួកគេមានសេរីភាពច្រើនជាង។ ជាឧទាហរណ៍ បងប្អូនខ្លះអាចធ្វើច្រើនជាងក្នុងកិច្ចបម្រើព្រះដូចជា ទៅផ្សព្វផ្សាយដំណឹងល្អនៅប្រទេសផ្សេងជាដើម។ បន្ថែមទៅទៀត ពួកគេអាចចំណាយពេលច្រើនជាងដើម្បីមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។
២. តើការរៀបការស្របច្បាប់មានប្រយោជន៍អ្វីខ្លះ?
ដូចការនៅលីវ ការរៀបការក៏មានប្រយោជន៍ដែរ។ គម្ពីរចែងថា៖ «មានគ្នាពីរនាក់ប្រសើរជាងនៅតែឯង»។ (អ្នកទូន្មាន ៤:៩) ជាពិសេស បើគ្រិស្តសាសនិកធ្វើតាមគោលការណ៍គម្ពីរក្នុងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ នោះពួកគេនឹងមានអារម្មណ៍ដូចបទគម្ពីរនោះចែង។ គូដែលរៀបការស្របច្បាប់សន្យាថា ពួកគេនឹងស្រឡាញ់ថ្នាក់ថ្នម ហើយគោរពគ្នា ព្រមទាំងថែរក្សាគ្នាទៅវិញទៅមក។ ជាលទ្ធផល ពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពនិងមានទំនុកចិត្តច្រើនជាង គូដែលរស់នៅជាមួយគ្នាដោយមិនរៀបការ ហើយកូនៗរបស់ពួកគេក៏ធំឡើងក្នុងបរិយាកាសល្អនិងមានអារម្មណ៍កក់ក្ដៅដែរ។
៣. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះអាពាហ៍ពិពាហ៍?
ពេលព្រះយេហូវ៉ារៀបចំគូអាពាហ៍ពិពាហ៍ដំបូង លោកមានប្រសាសន៍ថា៖ «បុរសត្រូវចាកចេញពីឪពុកម្ដាយខ្លួន ហើយនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់»។ (ដើមកំណើត ២:២៤) ព្រះយេហូវ៉ាចង់ឲ្យប្ដីប្រពន្ធស្រឡាញ់គ្នានិងជិតស្និទ្ធគ្នា ដរាបណាពួកគេនៅមានជីវិត។ លោកអនុញ្ញាតឲ្យប្ដីប្រពន្ធលែងលះគ្នា លុះត្រាតែគូរបស់ខ្លួនប្រព្រឹត្តអំពើផិតក្បត់។ ក្នុងករណីនេះ ព្រះយេហូវ៉ាឲ្យគូដែលគ្មានកំហុសមានសិទ្ធិសម្រេចចិត្តថា គាត់លែងលះឬមិនលែងលះគូរបស់គាត់។a (ម៉ាថាយ ១៩:៩) ព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យគ្រិស្តសាសនិកមានប្ដីឬប្រពន្ធលើសពីមួយទេ។—ធីម៉ូថេទី១ ៣:២
បង្កើនចំណេះ
សូមរៀនអំពីរបៀបដែលអ្នកអាចមានសុភមង្គល និងអំពីរបៀបដែលអ្នកអាចធ្វើឲ្យព្រះយេហូវ៉ាសប្បាយចិត្ត ទោះជាអ្នកនៅលីវឬរៀបការហើយក៏ដោយ។
៤. ចូរប្រើភាពនៅលីវឲ្យមានប្រយោជន៍ច្រើនបំផុត
លោកយេស៊ូបានចាត់ទុកភាពនៅលីវថាជាអំណោយមួយ។ (ម៉ាថាយ ១៩:១១, ១២) សូមអាន ម៉ាថាយ ៤:២៣ រួចពិភាក្សាសំណួរនេះ៖
តើលោកយេស៊ូបានប្រើភាពនៅលីវដើម្បីបម្រើព្រះយេហូវ៉ានិងជួយអ្នកឯទៀតយ៉ាងដូចម្ដេច?
គ្រិស្តសាសនិកអាចសប្បាយនឹងភាពនៅលីវដូចលោកយេស៊ូដែរ។ លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
តើតាមរបៀបណាគ្រិស្តសាសនិកអាចប្រើភាពនៅលីវដែលនាំឲ្យខ្លួនស្កប់ចិត្ត?
តើអ្នកដឹងទេ?
គម្ពីរមិនបានកំណត់អាយុដែលត្រូវរៀបការទេ។ ប៉ុន្តែ គម្ពីរលើកទឹកចិត្តមនុស្សវ័យក្មេងឲ្យរង់ចាំរហូតដល់ផុតគ្រាយុវវ័យឬ«មិនក្មេងពេក» ព្រោះនោះជាគ្រាដែលមានចំណង់ខ្លាំងខាងផ្លូវភេទ ដែលអាចធ្វើឲ្យមនុស្សវ័យក្មេងពិបាកសម្រេចចិត្តដោយប្រាជ្ញា។—កូរិនថូសទី១ ៧:៣៦
៥. ចូរជ្រើសរើសគូដោយឈ្លាសវៃ
ការជ្រើសរើសគូអាពាហ៍ពិពាហ៍ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយ។ សូមអាន ម៉ាថាយ ១៩:៤-៦, ៩ រួចពិភាក្សាសំណួរនេះ៖
ហេតុអ្វីគ្រិស្តសាសនិកមិនគួរប្រញាប់រៀបការពេក?
គម្ពីរអាចជួយអ្នកឲ្យដឹងអំពីរបៀបរកបានគូអាពាហ៍ពិពាហ៍ល្អ។ សំខាន់បំផុត គឺរកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា។b សូមអាន កូរិនថូសទី១ ៧:៣៩ និងកូរិនថូសទី២ ៦:១៤ រួចពិភាក្សាសំណួរដូចតទៅ៖
ហេតុអ្វីយើងគួររៀបការតែជាមួយអ្នកកាន់តាមលោកម្ចាស់ប៉ុណ្ណោះ?
តើអ្នកគិតថាព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណា បើអ្នករៀបការជាមួយអ្នកដែលមិនស្រឡាញ់លោក?
៦. ទស្សនៈរបស់ព្រះយេហូវ៉ាអំពីអាពាហ៍ពិពាហ៍
នៅអ៊ីស្រាអែលសម័យបុរាណ បុរសខ្លះលែងលះប្រពន្ធដោយសារគិតតែអំពីប្រយោជន៍ផ្ទាល់ខ្លួន។ សូមអាន ម៉ាឡាគី ២:១៣, ១៤, ១៦ រួចពិភាក្សាសំណួរនេះ៖
ហេតុអ្វីព្រះយេហូវ៉ាស្អប់ការលែងលះដែលមិនមានមូលដ្ឋានពីគម្ពីរ?
លេងវីដេអូ រួចពិភាក្សាសំណួរនេះ៖
បើគូរបស់អ្នកមិនមែនជាអ្នកស្រឡាញ់ព្រះយេហូវ៉ាទេ តើអ្នកអាចធ្វើអ្វីដើម្បីមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍?
៧. ចូរធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាសម្រាប់អាពាហ៍ពិពាហ៍
បុគ្គលម្នាក់ប្រហែលជាត្រូវព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាក្នុងជីវិតអាពាហ៍ពិពាហ៍។c ប៉ុន្តែ ព្រះយេហូវ៉ានឹងឲ្យពរដល់អ្នកដែលធ្វើដូច្នោះ។ លេងវីដេអូ។
សូមអាន ហេប្រឺ ១៣:៤ រួចពិភាក្សាសំណួរដូចតទៅ៖
តើអ្នកគិតថាខ្នាតតម្រារបស់ព្រះយេហូវ៉ាសម្រាប់អាពាហ៍ពិពាហ៍គឺសមហេតុសមផលឬទេ? ហេតុអ្វី?
បើគ្រិស្តសាសនិករៀបការឬលែងលះគ្នា ព្រះយេហូវ៉ាតម្រូវឲ្យពួកគេធ្វើសំបុត្រអាពាហ៍ពិពាហ៍ឬសំបុត្រលែងលះ។ រដ្ឋាភិបាលនៅប្រទេសភាគច្រើន ក៏តម្រូវឲ្យពលរដ្ឋធ្វើដូច្នេះដែរ។ សូមអាន ទីតុស ៣:១ រួចពិភាក្សាសំណួរនេះ៖
បើអ្នករៀបការហើយ តើអ្នកបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់រដ្ឋឬទេ?
មនុស្សខ្លះប្រហែលជាសួរថា៖ «បើមនុស្សពីរនាក់ស្រឡាញ់គ្នាហើយរស់នៅជាមួយគ្នា ហេតុអ្វីចាំបាច់រៀបការ?»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
សេចក្ដីសង្ខេប
ការនៅលីវនិងការរៀបការជាអំណោយពីព្រះយេហូវ៉ា។ អ្នកដែលនៅលីវនិងអ្នកដែលរៀបការហើយ អាចមានសុភមង្គលនិងជីវិតស្កប់ចិត្ត បើពួកគេធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។
រៀនសាឡើងវិញ
តើតាមរបៀបណាបុគ្គលដែលនៅលីវអាចប្រើភាពនៅលីវរបស់ខ្លួនឲ្យមានប្រយោជន៍ច្រើនបំផុត?
ហេតុអ្វីគម្ពីរប្រាប់ឲ្យរៀបការតែជាមួយអ្នកកាន់តាមលោកម្ចាស់ប៉ុណ្ណោះ?
ក្នុងគម្ពីរ តើមូលហេតុតែមួយដែលអាចលែងលះគ្នាជាអ្វី?
ស្វែងយល់ថែមទៀត
តើការរៀបការតែជាមួយ«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះមានន័យយ៉ាងណា?
សូមមើលឈុតសម្ដែងពីរដែលអាចជួយអ្នកឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវអំពីការស្វែងយល់ចិត្តគ្នានិងការរៀបការ។
សូមរៀនអំពីមូលហេតុដែលបុរសម្នាក់មានអារម្មណ៍ថាអ្វីដែលព្រះយេហូវ៉ាបានឲ្យគាត់ មានតម្លៃច្រើនជាងអ្វីដែលគាត់បានលះបង់។
មុនអ្នកណាម្នាក់សម្រេចចិត្តរស់នៅបែកគ្នាឬលែងលះគ្នា តើគាត់គួរគិតពិចារណាចំណុចអ្វីខ្លះ?
a សូមមើលកំណត់នៅចុងសៀវភៅ លេខ៤ អំពីការរស់នៅបែកគ្នា មិនមែនដោយសារមូលហេតុផិតក្បត់ទេ។
b ក្នុងវប្បធម៌ខ្លះ ឪពុកម្ដាយគឺជាអ្នករៀបចំគូស្រករឲ្យកូនរបស់ពួកគេ។ ក្នុងកាលៈទេសៈបែបនេះ ឪពុកម្ដាយដែលស្រឡាញ់កូនមិនគួរគិតអំពីលុយឬឋានៈរបស់បុគ្គលនោះទេ តែគួរគិតជាមុនថា តើគាត់ស្រឡាញ់ព្រះយេហូវ៉ាឬយ៉ាងណា។
c ប្រសិនបើអ្នកកំពុងរស់នៅជាមួយគ្នាដោយមិនបានរៀបការ អ្នកផ្ទាល់ត្រូវសម្រេចចិត្តថាអ្នកនឹងចាកចេញពីគាត់ ឬរៀបការជាមួយគាត់។