ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅម៉ាឡាគី
អស់រយៈពេលជាង៧០ឆ្នាំបានកន្លងផុតទៅ តាំងពីបណ្ដាជនយូដាបានបង្ហើយកិច្ចការកសាងវិហារឡើងវិញនៅឯទីក្រុងយេរូសាឡិម។ ប៉ុន្តែ ក្នុងអំឡុងពេលនោះ ចំណងមេត្រីភាពរបស់ពួកគេជាមួយនឹងព្រះយេហូវ៉ា ស្ទើរតែមិនមាននៅសេសសល់អ្វីបន្ដិចឡើយ។ សូម្បីតែពួកសង្ឃក៏សុទ្ធតែលង់ទៅដោយសេចក្ដីលោភ។ តើនរណានឹងធ្វើឲ្យពួកគេដឹងពីស្ថានភាពពិតរបស់ខ្លួន ហើយព្យាយាមជួយពួកគេដើម្បីឲ្យមានចំណងមេត្រីភាពល្អជាមួយនឹងព្រះយេហូវ៉ាឡើងវិញ? ព្រះយេហូវ៉ាប្រគល់ភារកិច្ចនេះទៅឲ្យលោកម៉ាឡាគីដែលជាអ្នកប្រកាសទំនាយ។
សៀវភៅម៉ាឡាគីជាសៀវភៅចុងក្រោយបំផុតក្នុងបទគម្ពីរភាសាហេព្រើរ ហើយម៉ាឡាគីបានសរសេរពាក្យទំនាយរបស់ព្រះយេហូវ៉ាតាមរបៀបដ៏ម៉ឺងម៉ាត់។ បើយើងយកចិត្តទុកដាក់នឹងពាក្យដែលម៉ាឡាគីសរសេរជាទំនាយនោះ នេះអាចជួយយើងឲ្យត្រៀមខ្លួនសម្រាប់«ថ្ងៃដ៏ធំហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ា» ពោលគឺ អវសានកាលនៃពិភពលោកដ៏អាក្រក់នេះ។—ម៉ាឡាគី ៤:៥
ពួកសង្ឃ«បាននាំឲ្យមនុស្សជាច្រើនជំពប់ដួល »
ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «អញបានស្រឡាញ់ឯងរាល់គ្នា»។ ក៏ប៉ុន្តែ ពួកសង្ឃបានមើលងាយឈ្មោះរបស់ទ្រង់ទៅវិញ។ តើពួកគេបានមើលងាយឈ្មោះរបស់ទ្រង់តាមរបៀបណា? គឺដោយ«ថ្វាយនំប៉័ងដែលមិនបរិសុទ្ធ»ហើយ«ថ្វាយសត្វខ្ញើចនឹងសត្វដែលឈឺ»ជាគ្រឿងបូជា។—ម៉ាឡាគី ១:២, ៦-៨
ពួកសង្ឃ«បាននាំឲ្យមនុស្សជាច្រើនជំពប់ដួលក្នុងក្រិត្យវិន័យដែរ»។ បណ្ដាជនបាន‹ប្រព្រឹត្តដោយក្បត់ចំពោះបងប្អូនរៀងខ្លួន›។ អ្នកខ្លះបានយកស្ត្រីដែលមិនមែនជាជនជាតិយូដាមកធ្វើជាភរិយា។ អ្នកខ្លះទៀតប្រព្រឹត្តក្បត់នឹង«ប្រពន្ធដែលបានគ្នាពីកាល[ពួកគេ]នៅក្រមុំកំឡោះ»។—ម៉ាឡាគី ២:៨, ១០, ១១, ១៤-១៦
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ :
២:២—តើព្រះយេហូវ៉ាបានដាក់«បណ្ដាសាដល់ពរ »នៃពួកសង្ឃដែលមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ទ្រង់យ៉ាងដូចម្ដេច? ព្រះយេហូវ៉ាបានដាក់«បណ្ដាសាដល់ពរ»នៃពួកសង្ឃដោយធ្វើឲ្យពរដែលពួកគេសូមពីទ្រង់ក្លាយទៅជាបណ្ដាសាវិញ។
២:៣—តើការ«ជះលាមក »ទៅលើមុខពួកសង្ឃបង្កប់អត្ថន័យអ្វី? យោងទៅតាមក្រឹត្យវិន័យ លាមករបស់សត្វទាំងឡាយដែលបណ្ដាជនយកជាតង្វាយ ត្រូវយកទៅខាងក្រៅទីដំឡើងត្រសាលហើយដុតចោល។ (លេវីវិន័យ ១៦:២៧) ការជះលាមកទៅលើមុខរបស់ពួកសង្ឃមានន័យថា ព្រះយេហូវ៉ាមិនព្រមទទួលតង្វាយទាំងនោះ ហើយទ្រង់ក៏ស្អប់ខ្ពើមអស់អ្នកដែលថ្វាយតង្វាយទាំងនោះផង។
២:១៣—តើទឹកភ្នែករបស់អ្នកណាដែលបានគ្របបាំងអាសនានៃព្រះយេហូវ៉ា? ទឹកភ្នែកទាំងនេះជារបស់ផងស្ត្រីទាំងឡាយដែលបានមកឯវិហារដើម្បីទូលអង្វរព្រះយេហូវ៉ាដោយអស់ពីចិត្ត។ តើអ្វីដែលបណ្ដាលឲ្យពួកគេសោកសង្រេងដល់ម្ល៉េះ? ស្វាមីរបស់ពួកគេដែលជាជនជាតិយូដាបានទទួលការអនុញ្ញាតឲ្យលែងលះពួកនាងដោយគ្មានមូលហេតុត្រឹមត្រូវ ដូច្នេះបុរសទាំងនោះបានចេញចោលនាង។ តាមមើលទៅ ពួកគេទំនងជាមានបំណងរៀបការជាមួយស្ត្រីជនជាតិដទៃដែលមានអាយុក្មេងជាងភរិយារបស់ខ្លួន។
មេរៀនសម្រាប់យើង:
១:១០: ព្រះយេហូវ៉ាមិនគាប់ចិត្តនឹងតង្វាយរបស់ពួកសង្ឃដែលសុទ្ធតែលង់ទៅដោយសេចក្ដីលោភ ដែលហ៊ានគិតថ្លៃសូម្បីតែពីកិច្ចការតូចតាច ដូចជាបិទទ្វារឬក៏បង្កាត់ភ្លើងអាសនាជាដើម។ ការប្រព្រឹត្តរបស់យើងក្នុងការថ្វាយបង្គំព្រះយេហូវ៉ា ពិតជាសំខាន់មែន! អ្វីៗដែលយើងធ្វើក្នុងកិច្ចបម្រើជាគ្រិស្តសាសនិក មិនមែនដើម្បីចំណេញប្រាក់ទេ តែត្រូវជំរុញដោយសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាង ហើយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។—ម៉ាថាយ ២២:៣៧-៣៩; កូរិនថូសទី២ ១១:៧
១:១៤; ២:១៧ : ព្រះយេហូវ៉ាមិនត្រាប្រណីចំពោះអំពើពុតត្បុតសោះឡើយ។
២:៧-៩ : អស់អ្នកដែលមានភារកិច្ចបង្រៀននៅក្នុងក្រុមជំនុំត្រូវតែប្រយ័ត្នថា អ្វីដែលពួកគាត់បង្រៀនគឺសមស្របនឹងបណ្ដាំរបស់ព្រះយេហូវ៉ាដែលមានក្នុងគម្ពីរបរិសុទ្ធ ហើយសមស្របនឹងសៀវភៅនានាដែលមានមូលដ្ឋានទៅលើគម្ពីរ ដែល«នាយដំរួតការដែលស្មោះត្រង់»ផ្ដល់ឲ្យ។—លូកា ១២:៤២; យ៉ាកុប ៣:១១
២:១០, ១១ : ព្រះយេហូវ៉ាតម្រូវឲ្យអ្នកថ្វាយបង្គំទ្រង់គិតឲ្យបានហ្មត់ចត់អំពីដំបូន្មានដែលថា ពួកគេគួរតែរៀបការ«ក្នុងព្រះអម្ចាស់»តែប៉ុណ្ណោះ។—កូរិនថូសទី១ ៧:៣៩
២:១៥, ១៦ : អ្នកថ្វាយបង្គំព្រះពិតចាត់ទុកចំណងអាពាហ៍ពិពាហ៍ជាមួយភរិយាដែលបានគ្នាពីកាលនៅក្រមុំកំលោះ ជាអ្វីដែលមានតម្លៃ។
‹ព្រះអម្ចាស់នឹងមកដល់វិហាររបស់ទ្រង់ ›
«ព្រះអម្ចាស់[ព្រះយេហូវ៉ា]លោតែមកដល់ព្រះវិហាររបស់ទ្រង់ភ្លាម»ជាមួយ«ទូត[គឺព្រះយេស៊ូគ្រិស្ត]ដែលនាំសេចក្ដីសញ្ញាមក»។ ព្រះយេហូវ៉ា«នឹងមកជិត[រាស្ត្រទ្រង់]ដើម្បីនឹងសំរេចតាមសេចក្ដីយុត្ដិធម៌» ហើយនឹងធ្វើជាសាក្សីយ៉ាងរហ័សទាស់នឹងមនុស្សទុច្ចរិតគ្រប់ជំពូក រួចមាន«សៀវភៅរំឭក»បានកត់ទុកសម្រាប់ពួកអ្នកដែលកោតខ្លាចទ្រង់។—ម៉ាឡាគី ៣:១, ៣, ៥, ១៦
ថ្ងៃដែល«ឆេះធ្លោដូចជាគុកភ្លើង»នឹងមកដល់ ហើយនឹងឆេះបន្សុសមនុស្សទុច្ចរិតទាំងអស់។ មុនដែលថ្ងៃនោះមកដល់ ព្រះយេហូវ៉ានឹងចាត់អ្នកប្រកាសទំនាយម្នាក់ដើម្បី«បង្វែរចិត្តពួកឪពុកមកឯកូន នឹងចិត្តកូនមកឯឪពុកវិញ»។—ម៉ាឡាគី ៤:១, ៥, ៦
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ :
៣:១-៣—តើ«ព្រះអម្ចាស់ »និង«ទូតដែលនាំសេចក្ដីសញ្ញាមក »បានមកដល់វិហារនៅឆ្នាំណា? តើទ្រង់ចាត់អ្នកណាឲ្យទៅមុនពួកគាត់ទាំងពីរ? ព្រះយេហូវ៉ាបានទៅនិងសម្រិតសម្រាំងវិហាររបស់ទ្រង់តាមរយៈអ្នកតំណាងមួយរូប។ នេះបានកើតឡើងនៅថ្ងៃទី១០ ខែណែសាន ឆ្នាំ៣៣ គ.ស. ពេលព្រះយេស៊ូបានចូលទៅក្នុងវិហារ ហើយដេញអស់អ្នកដែលលក់ដូរក្នុងវិហារចេញ។ (ម៉ាកុស ១១:១៥) នេះគឺបីឆ្នាំកន្លះក្រោយព្រះយេស៊ូបានតែងតាំងឲ្យឡើងសោយរាជ្យជាស្តេច។ ដូចគ្នាដែរ តាមមើលទៅ បីឆ្នាំកន្លះក្រោយពេលដែលព្រះយេស៊ូបានចាប់ផ្ដើមគ្រប់គ្រងនៅឯស្ថានសួគ៌ ទ្រង់បានមកជាមួយព្រះយេហូវ៉ាដើម្បីពិនិត្យមើលការថ្វាយបង្គំពិតដែលប្រៀបដូចជាវិហារ ហើយក៏ឃើញថាទ្រង់ត្រូវតែសម្អាតឬក៏សម្រិតសម្រាំងរាស្ត្ររបស់ទ្រង់។ នៅសតវត្សរ៍ទីមួយ ព្រះយេហូវ៉ាបានចាត់លោកយ៉ូហានដែលជ្រមុជទឹកឲ្យគេមកមុន ដើម្បីជួយឲ្យជនជាតិយូដាត្រៀមខ្លួនដើម្បីទទួលព្រះគ្រិស្ត។ នៅសម័យនេះ មានអ្នកនាំសារដែលបានចាត់មកដើម្បីជួយមនុស្សឲ្យត្រៀមខ្លួនរង់ចាំទទួលព្រះយេហូវ៉ា មុនទ្រង់មកពិនិត្យមើលការថ្វាយបង្គំដែលប្រៀបដូចជាវិហារ។ មុនឆ្នាំ១៨៩០ មនុស្សមួយក្រុមដែលចូលចិត្តសិក្សាគម្ពីរបានមូលគ្នាដើម្បីប្រកាសឲ្យអ្នកដទៃស្គាល់នូវសេចក្ដីបង្រៀនពិតដ៏សំខាន់ៗដល់មនុស្សដែលមានចិត្តស្មោះ។
៣:១០—តើការនាំយកឬការថ្វាយ«១ភាគក្នុង១០ទាំងអស់»មានន័យថា យើងថ្វាយអ្វីៗទាំងអស់ដល់ព្រះយេហូវ៉ាទេ? ពេលព្រះយេស៊ូទទួលមរណភាព ក្រឹត្យវិន័យដែលព្រះយេហូវ៉ាឲ្យតាមរយៈលោកម៉ូសេបានបំបាត់ចោលហើយ។ ដូច្នេះ ព្រះយេហូវ៉ាមិនតម្រូវឲ្យយើងថ្វាយមួយភាគក្នុង១០ទៀតទេ។ ក៏ប៉ុន្តែ យើងអាចថ្វាយមួយភាគក្នុង១០ដោយន័យធៀបទៅវិញ។ (អេភេសូរ ២:១៥) ការថ្វាយមួយភាគក្នុង១០មិនមានន័យថា យើងថ្វាយអ្វីៗទាំងអស់ទេ។ មួយឆ្នាំម្ដងៗ បណ្ដាជនអ៊ីស្រាអែលបាននាំយកមួយភាគក្នុង១០មកថ្វាយព្រះយេហូវ៉ា ប៉ុន្តែ យើងថ្វាយអ្វីៗទាំងអស់មួយដងជាសម្រេច ពេលដែលយើងថ្វាយខ្លួនចំពោះព្រះយេហូវ៉ា និងបង្ហាញពីការសម្រេចចិត្តនោះដោយទទួលការជ្រមុជទឹក។ ចាប់តាំងពីពេលនោះមក អ្វីៗដែលយើងមានបានក្លាយទៅជាកម្មសិទ្ធិរបស់ព្រះយេហូវ៉ាវិញ។ ក៏ប៉ុន្តែ ទ្រង់អនុញ្ញាតឲ្យយើងយកមួយចំណែកពីអ្វីដែលយើងមាន ហាក់ដូចជាយើងយកមួយភាគទៅចំណាយក្នុងកិច្ចបម្រើទ្រង់។ មួយភាគដែលយើងថ្វាយនោះ គឺស្របទៅតាមកាលៈទេសៈនិងចិត្តដែលជំរុញឲ្យយើងចំណាយនៅក្នុងកិច្ចបម្រើទ្រង់។ តង្វាយដែលយើងថ្វាយព្រះយេហូវ៉ារួមបញ្ចូលពេលវេលា កម្លាំង និងធនធានដែលយើងចំណាយក្នុងកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ទ្រង់ និងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ តង្វាយនោះក៏រួមបញ្ចូលពេលដែលយើងចំណាយក្នុងការចូលរួមកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិក ពេលទៅសួរសុខទុក្ខបងប្អូនដែលឈឺនិងមានវ័យចាស់ ហើយពេលដែលយើងធ្វើវិភាគទានដើម្បីគាំទ្រការថ្វាយបង្គំពិត។
៤:៣—តើអ្នកថ្វាយបង្គំព្រះយេហូវ៉ា«ជាន់ឈ្លីពួកអាក្រក់ »ក្នុងន័យអ្វី? រាស្ត្ររបស់ព្រះយេហូវ៉ានៅផែនដីនឹងមិន«ជាន់ឈ្លីពួកអាក្រក់»ក្នុងន័យចំៗដោយរួមចំណែកក្នុងការកាត់ទោសពួកគេទេ។ ផ្ទុយទៅវិញ អ្នកបម្រើរបស់ព្រះយេហូវ៉ានៅផែនដីនឹងធ្វើការនោះក្នុងន័យធៀប ដោយចូលរួមយ៉ាងអស់ពីចិត្តក្នុងការជប់លៀងអបអរជ័យជំនះ ដែលនឹងមានក្រោយពេលដែលពិភពលោករបស់សាតាំងបានបំផ្លាញចោល។—ទំនុកដំកើង ១៤៥:២០; វិវរណៈ ២០:១-៣
៤:៤—ហេតុអ្វីបានជាយើងគួរតែ«នឹកចាំពីក្រិត្យវិន័យរបស់លោកម៉ូសេ »? ទោះជាក្រឹត្យវិន័យរបស់លោកម៉ូសេមិនមានសុពលភាពចំពោះគ្រិស្តសាសនិកក្ដី ក្រឹត្យវិន័យនោះប្រៀបដូចជា«ស្រមោលពីសេចក្ដីល្អដែលត្រូវមក»។ (ហេព្រើរ ១០:១) អាស្រ័យហេតុនេះ ការយកចិត្តទុកដាក់ទៅលើក្រឹត្យវិន័យរបស់លោកម៉ូសេអាចជួយយើងឲ្យឃើញនូវការសម្រេចនៃសេចក្ដីដែលបានចែងទុកក្នុងក្រឹត្យវិន័យទាំងប៉ុន្មាននោះ។ (លូកា ២៤:៤៤, ៤៥) បន្ថែមទៅទៀត ក្រឹត្យវិន័យរបស់លោកម៉ូសេក៏បានចែងអំពី«គំរូពីរបស់នៅស្ថានសួគ៌»ដែរ។ ការសិក្សាគំរូទាំងនោះជាការចាំបាច់ណាស់ បើយើងចង់យល់ធ្លុះនូវសេចក្ដីបង្រៀនរបស់ព្រះគ្រិស្ត និងចង់ដឹងអំពីកិរិយាប្រព្រឹត្តដែលគប្បីសម្រាប់គ្រិស្តសាសនិក។—ហេព្រើរ ៩:២៣
៤:៥, ៦—តើ«អេលីយ៉ា »តំណាងអ្នកណា? ទំនាយនេះបង្ហាញថា «អេលីយ៉ា»នឹងជួយបណ្ដាជនឲ្យត្រៀមខ្លួន។ នាសតវត្សរ៍ទីមួយ គ.ស. ព្រះយេស៊ូគ្រិស្តបានសម្គាល់យ៉ូហានបាទីស្ទ ឬយ៉ូហានដែលជ្រមុជទឹកឲ្យបណ្ដាជន ថាជា«អេលីយ៉ា»។ (ម៉ាថាយ ១១:១២-១៤; ម៉ាកុស ៩:១១-១៣) នៅសព្វថ្ងៃនេះក៏មាន«អេលីយ៉ា»មួយទៀតដែរ ដែលព្រះយេហូវ៉ាចាត់មក«មុនដែលថ្ងៃដ៏ធំហើយគួរស្ញែងខ្លាចរបស់[ទ្រង់]បានមកដល់»។ នៅសម័យនេះ អេលីយ៉ាតំណាង‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥) ច្រើនឆ្នាំមកហើយ ពួកគ្រិស្តសាសនិកមួយក្រុមដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ បានជួយមនុស្សដោយចិត្តខ្នះខ្នែង ដើម្បីឲ្យមានចំណងមេត្រីភាពជាមួយនឹងព្រះយេហូវ៉ា។
មេរៀនសម្រាប់យើង :
៣:១០ : បើយើងមិនបម្រើព្រះយេហូវ៉ាយ៉ាងអស់ពីសមត្ថភាព យើងក៏មិនអាចទទួលពរពីទ្រង់ឡើយ។
៣:១៤, ១៥ : ដោយសារពួកសង្ឃបានតាំងគំរូមិនល្អឲ្យជនជាតិយូដា បណ្ដាជនទាំងនោះចាប់ផ្ដើមមានទស្សនៈថា កិច្ចបម្រើព្រះយេហូវ៉ាគ្មានតម្លៃទេ។ អស់អ្នកដែលមានភារកិច្ចដឹកនាំក្រុមជំនុំនៃពួកគ្រិស្តសាសនិកក៏គួរតែតាំងគំរូល្អឲ្យបងប្អូនដែរ។—ពេត្រុសទី១ ៥:១-៣
៣:១៦ : ព្រះយេហូវ៉ាបានកត់ទុកឈ្មោះរបស់អស់អ្នកដែលស្មោះត្រង់និងកោតខ្លាចទ្រង់។ ព្រះយេហូវ៉ានឹកចាំពួកគាត់ ហើយនឹងជួយពួកគាត់ឲ្យរួចរស់ជីវិតនៅពេលដែលទ្រង់បំផ្លាញចោលពិភពលោកដ៏អាក្រក់របស់សាតាំង។ ដូច្នេះហើយ កុំឲ្យយើងរសាយចិត្តព្យាយាមក្នុងការរក្សាឲ្យមានចិត្តស្មោះភក្ដីចំពោះព្រះយេហូវ៉ាឲ្យសោះ។—យ៉ូប ២៧:៥
៤:១ : នៅថ្ងៃជំនុំជម្រះរបស់ព្រះយេហូវ៉ា ទាំង«មែក»ទាំង«ឫស»នឹងទទួលលទ្ធផលដូចគ្នា ពោលគឺ ព្រះយេហូវ៉ានឹងកាត់ទោសកូនៗដែលនៅក្មេងឲ្យស្មើនឹងមាតាបិតារបស់ខ្លួន។ ដូច្នេះ មាតាបិតាទាំងឡាយពិតជាមានភារកិច្ចធ្ងន់ធ្ងរមែន! ចំពោះកូនដែលមិនទាន់ពេញវ័យ។ មាតាបិតាទាំងឡាយដែលជាគ្រិស្តសាសនិកត្រូវតែខំព្យាយាមជានិច្ច ដើម្បីធ្វើឲ្យព្រះយេហូវ៉ាគាប់ចិត្តនឹងពួកគាត់ ព្រមទាំងរក្សាឲ្យមានជំហររឹងមាំជារៀងរហូតផងដែរ។—កូរិនថូសទី១ ៧:១៤
«ចូរកោតខ្លាចដល់ព្រះ »
តើអ្នកណាខ្លះដែលនឹងរួចរស់ជីវិតនៅ«ថ្ងៃដ៏ធំហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ា»? (ម៉ាឡាគី ៤:៥) ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាបសំរាប់ឯងរាល់គ្នាដែលកោតខ្លាចដល់ឈ្មោះអញ។ នោះឯងរាល់គ្នានឹងចេញទៅលោតកញ្ឆេងដូចជាកូនគោដែលលែងចេញពីក្រោល»។—ម៉ាឡាគី ៤:២
«ព្រះអាទិត្យនៃសេចក្ដីសុចរិត»តំណាងព្រះយេស៊ូគ្រិស្ត ហើយទ្រង់រះបំភ្លឺមកលើអស់អ្នកដែលកោតខ្លាចដល់ឈ្មោះព្រះយេហូវ៉ាក្នុងន័យថា ទ្រង់ផ្ដល់ហេតុឲ្យព្រះយេហូវ៉ាពេញចិត្តនឹងពួកគេ។ (យ៉ូហាន ៨:១២) ព្រះយេស៊ូក៏មាន‹អំណាចនៅក្នុងចំអេងស្លាប ដើម្បីប្រោសមនុស្សឲ្យជា›។ នេះមានន័យថា ព្រះយេស៊ូអាចជួយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាឲ្យមានចំណងមេត្រីភាពល្អជាមួយនឹងទ្រង់នៅពេលឥឡូវនេះ ហើយក្នុងពិភពលោកថ្មីរបស់ព្រះ ទ្រង់នឹងប្រោសរូបកាយរបស់ពួកគេឲ្យជា ហើយពួកគេនឹងលែងមានជំងឺសរសៃប្រសាទនិងជំងឺខាងផ្លូវចិត្តទៀតដែរ។ (វិវរណៈ ២២:១, ២) ស្ថានភាពនោះនឹងធ្វើឲ្យពួកគេសប្បាយនិងរំភើបចិត្តពន់ពេកដល់ម្ល៉េះបានជាពួកគេនឹងលោតកញ្ឆេង«ដូចជាកូនគោ»។ ដោយដឹងថាយើងអាចទទួលពរដ៏អស្ចារ្យទាំងនេះបាន ចូរឲ្យយើងធ្វើតាមដំបូន្មានរបស់ស្តេចសាឡូម៉ូនដែលដាស់តឿនថា៖ «ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ! ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។—សាស្ដា ១២:១៣
[រូបភាពនៅទំព័រ៣០]
លោកម៉ាឡាគីជាអ្នកប្រកាសទំនាយដែលស្មោះត្រង់និងមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើព្រះយេហូវ៉ា
[រូបភាពនៅទំព័រ៣២]
អ្វីដែលយើងបង្រៀនត្រូវតែមានមូលដ្ឋានពីបទគម្ពីរ
[រូបភាពនៅទំព័រ៣២]
អស់អ្នកដែលបម្រើព្រះយេហូវ៉ា តែងតែចាត់ទុកចំណងអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ