សៀវភៅម៉ាកុស
៩ លោកមានប្រសាសន៍ទៅពួកគេតទៅទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនស្លាប់ឡើយ ទាល់តែបានឃើញរាជាណាចក្ររបស់ព្រះគ្រប់គ្រងជាមុនសិន»។+ ២ លុះ៦ថ្ងៃក្រោយមក លោកយេស៊ូបាននាំពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយនឹងលោកដោយឡែកពីគេ ហើយឡើងលើភ្នំខ្ពស់មួយ។ រួចមក លក្ខណៈក្រៅរបស់លោកបានផ្លាស់ប្រែនៅមុខពួកគាត់+ ៣ ហើយសម្លៀកបំពាក់ក្រៅរបស់លោកចាប់ផ្ដើមសភ្លឺត្រចះ ដែលគ្មានអ្នកណានៅផែនដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ។ ៤ ម្យ៉ាងទៀត ពួកគាត់ឃើញអេលីយ៉ានិងម៉ូសេកំពុងសន្ទនាជាមួយនឹងលោកយេស៊ូ។ ៥ ឃើញដូច្នេះ ពេត្រុសជម្រាបលោកយេស៊ូថា៖ «រ៉ាប៊ី!* យើងនៅទីនេះជាការល្អប្រសើរណាស់! ដូច្នេះ យើងសុំដំឡើងត្រសាលបី មួយសម្រាប់លោក មួយសម្រាប់ម៉ូសេ និងមួយសម្រាប់អេលីយ៉ា»។ ៦ តាមពិត ពេត្រុសមិនដឹងថាគួរនិយាយអ្វីទៀតឡើយ ពីព្រោះពួកគាត់ទាំងបីភ័យខ្លាចណាស់។ ៧ ពេលនោះ ស្រាប់តែមានពពកមួយមកគ្របបាំងពួកគាត់ ហើយមានសំឡេង+បន្លឺចេញពីពពកនោះថា៖ «នេះជាកូនជាទីស្រឡាញ់របស់ខ្ញុំ+ ចូរស្ដាប់បង្គាប់លោក»។+ ៨ រួចរំពេចនោះ ពួកគាត់បានរកមើលជុំវិញខ្លួន ហើយឃើញថាគ្មានអ្នកណានៅជាមួយនឹងពួកគាត់ទៀតឡើយ ក្រៅពីលោកយេស៊ូ។
៩ កាលដែលកំពុងចុះពីភ្នំមកវិញ លោកបង្គាប់ពួកគាត់យ៉ាងម៉ឺងម៉ាត់ កុំប្រាប់អ្នកណាឲ្យសោះអំពីអ្វីដែលពួកគាត់បានឃើញ+ រហូតដល់ក្រោយពីកូនមនុស្សបានត្រូវប្រោសឲ្យរស់ឡើងវិញ។+ ១០ ពួកគាត់បានស្ដាប់បង្គាប់លោក តែពួកគាត់ពិភាក្សាគ្នាថាតើលោកចង់មានន័យអ្វីអំពីការប្រោសឲ្យរស់ឡើងវិញនោះ។ ១១ ក្រោយមក ពួកគាត់ចាប់ផ្ដើមសួរលោកថា៖ «ហេតុអ្វីពួកអ្នកជំនាញខាងច្បាប់និយាយថា អេលីយ៉ា+ត្រូវមកមុន?»។+ ១២ លោកតបឆ្លើយថា៖ «អេលីយ៉ាត្រូវមកមុន ហើយធ្វើអ្វីៗទាំងអស់ឲ្យដូចដើមវិញ។+ ប៉ុន្តែ តើនោះជាប់ទាក់ទងយ៉ាងដូចម្ដេចនឹងអ្វីដែលបានត្រូវសរសេរទុកអំពីកូនមនុស្សថា ត្រូវរងទុក្ខលំបាកជាច្រើន+ ហើយត្រូវគេប្រមាថមើលងាយ?+ ១៣ ក៏ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អេលីយ៉ា+ពិតជាបានមកមែន ហើយពួកគេបានប្រព្រឹត្តទៅលើគាត់តាមអំពើចិត្តពួកគេ ដូចអ្វីដែលបានត្រូវសរសេរអំពីគាត់»។+
១៤ ពេលដែលពួកគាត់ធ្វើដំណើរមកជួបអ្នកកាន់តាមឯទៀត នោះពួកគាត់ឃើញមនុស្សមួយក្រុមយ៉ាងធំនៅជុំវិញអ្នកកាន់តាមទាំងនោះ ហើយមានពួកអ្នកជំនាញខាងច្បាប់ កំពុងជជែកតវ៉ាជាមួយនឹងពួកគេ។+ ១៥ ប៉ុន្តែ ខណៈដែលបណ្ដាជនក្រឡេកទៅឃើញលោក ពួកគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំង រួចបានរត់ទៅទទួលស្វាគមន៍លោក។ ១៦ ដូច្នេះ លោកសួរបណ្ដាជនថា៖ «តើអ្នករាល់គ្នាកំពុងជជែកតវ៉ាអំពីរឿងអ្វី?»។ ១៧ មនុស្សម្នាក់ក្នុងចំណោមពួកគេឆ្លើយថា៖ «លោកគ្រូ! ខ្ញុំបាននាំកូនប្រុសរបស់ខ្ញុំមកជួបលោក ពីព្រោះគាត់មានវិញ្ញាណមួយចូល ដែលធ្វើឲ្យគាត់និយាយមិនបាន។+ ១៨ ទោះជានៅកន្លែងណាក៏ដោយ ពេលដែលវាគ្របសង្កត់គាត់ វាផ្ដួលគាត់ទៅលើដីធ្វើឲ្យបែកពពុះមាត់ សង្កៀតធ្មេញ និងខ្សោះកម្លាំង។ ខ្ញុំបានសុំពួកអ្នកកាន់តាមលោកឲ្យបណ្ដេញវាចេញ តែពួកគាត់បណ្ដេញវាមិនបានទេ»។ ១៩ លោកក៏មានប្រសាសន៍ទៅបណ្ដាជនថា៖ «ឱជំនាន់មនុស្សដែលគ្មានជំនឿអើយ!+ តើខ្ញុំត្រូវនៅជាមួយនឹងអ្នករាល់គ្នាដល់ពេលណា? តើខ្ញុំត្រូវទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត? ចូរនាំក្មេងប្រុសនោះមកឯខ្ញុំ»។+ ២០ ដូច្នេះ ពួកគេនាំក្មេងប្រុសនោះមកឯលោក។ ប៉ុន្តែ ពេលដែលឃើញលោកភ្លាម វិញ្ញាណនោះធ្វើឲ្យក្មេងប្រុសប្រកាច់យ៉ាងខ្លាំង។ រួចក្រោយពីបានផ្ដួលគាត់លើដី វាក៏ធ្វើឲ្យគាត់ននៀលចុះឡើង ហើយបែកពពុះមាត់។ ២១ បន្ទាប់មក លោកយេស៊ូសួរឪពុករបស់ក្មេងប្រុសនោះថា៖ «តើកូនប្រុសអ្នកមានបញ្ហានេះតាំងពីពេលណា?»។ ឪពុកឆ្លើយថា៖ «តាំងពីតូចមក ២២ ហើយវិញ្ញាណនោះផ្ដួលគាត់ក្នុងភ្លើង និងក្នុងទឹកជាច្រើនលើកច្រើនសា ដើម្បីបំផ្លាញគាត់។ ប៉ុន្តែ បើលោកអាចជួយបាន សូមអាណិតយើង ហើយជួយយើងផង»។ ២៣ លោកយេស៊ូមានប្រសាសន៍ថា៖ «ហេតុអ្វីអ្នកនិយាយថា‹បើលោកអាចជួយបាន›? ព្រោះអ្វីៗទាំងអស់អាចកើតឡើងបានចំពោះអ្នកដែលមានជំនឿ»។+ ២៤ ភ្លាមៗនោះ ឪពុករបស់ក្មេងប្រុសស្រែកឡើងថា៖ «ខ្ញុំមានជំនឿ! សុំជួយពង្រឹងជំនឿរបស់ខ្ញុំផង!»។+
២៥ ពេលនោះលោកយេស៊ូឃើញមនុស្សកាន់តែច្រើនកំពុងរត់មកចោមរោម លោកក៏ស្ដីបន្ទោសវិញ្ញាណអសោច ដោយពោលថា៖ «វិញ្ញាណដែលធ្វើឲ្យថ្លង់និងនិយាយមិនបាន! ខ្ញុំបង្គាប់ឲ្យចេញពីគាត់ទៅ ហើយកុំចូលគាត់ទៀតឡើយ»។+ ២៦ បន្ទាប់ពីបានស្រែកឡើងនិងប្រកាច់យ៉ាងខ្លាំង នោះវាក៏ចេញទៅ។ ឯក្មេងប្រុសនោះមើលទៅដូចជាស្លាប់ ធ្វើឲ្យមនុស្សភាគច្រើននិយាយថា៖ «គាត់ស្លាប់ហើយ!»។ ២៧ ប៉ុន្តែ លោកយេស៊ូបានចាប់ដៃគាត់លើក ហើយគាត់ក៏ងើបឡើង។ ២៨ ដូច្នេះ ក្រោយពីលោកចូលក្នុងផ្ទះមួយ អ្នកកាន់តាមសួរលោកដោយឡែកពីគេថា៖ «ហេតុអ្វីក៏យើងមិនអាចបណ្ដេញវាបាន?»។+ ២៩ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «វិញ្ញាណបែបនេះអាចបណ្ដេញចេញបាន ដោយសេចក្ដីអធិដ្ឋានតែប៉ុណ្ណោះ»។
៣០ លោកនិងពួកគាត់បានចេញពីកន្លែងនោះ ហើយធ្វើដំណើរកាត់ស្រុកកាលីឡេ តែលោកមិនចង់ឲ្យអ្នកណាដឹងទេ។ ៣១ ព្រោះលោកកំពុងបង្រៀនអ្នកកាន់តាម ហើយប្រាប់ពួកគាត់ថា៖ «កូនមនុស្សនឹងត្រូវគេក្បត់ ហើយបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស ហើយពួកគេនឹងសម្លាប់លោក។+ ប៉ុន្តែ ទោះជាលោកត្រូវគេសម្លាប់ក៏ដោយ តែបីថ្ងៃក្រោយលោកនឹងរស់ឡើងវិញ»។+ ៣២ ទោះជាយ៉ាងនោះក្ដី ពួកគាត់មិនយល់អ្វីដែលលោកប្រាប់ទេ ហើយក៏មិនហ៊ានសួរលោកអំពីរឿងនោះដែរ។
៣៣ ក្រោយមក លោកនិងពួកគាត់បានចូលក្នុងក្រុងកាពើណិម។ លុះពេលលោកនៅក្នុងផ្ទះហើយ លោកបានសួរពួកគាត់ថា៖ «តើនៅតាមផ្លូវអ្នករាល់គ្នាបានប្រកែកគ្នាអំពីរឿងអ្វី?»។+ ៣៤ ពួកគាត់បាននៅស្ងៀម ពីព្រោះនៅតាមផ្លូវពួកគាត់បានប្រកែកគ្នាថាអ្នកណាធំជាងគេ។ ៣៥ ដូច្នេះ លោកបានអង្គុយចុះ រួចហៅសាវ័កទាំង១២នាក់មក ហើយមានប្រសាសន៍ទៅពួកគាត់ថា៖ «បើអ្នកណាចង់នាំមុខគេ អ្នកនោះត្រូវធ្វើជាអ្នកតូចជាងគេបំផុត ហើយក៏ត្រូវបម្រើគេទាំងអស់គ្នាផង»។+ ៣៦ ក្រោយមក លោកហៅកូនក្មេងម្នាក់មក ហើយឲ្យឈរនៅកណ្ដាលពួកគាត់។ រួចលោកឱបក្មេងនោះ ហើយមានប្រសាសន៍ទៅពួកគាត់ថា៖ ៣៧ «អ្នកណាដែលទទួលស្វាគមន៍ក្មេងតូចបែបនេះ+ដោយឈ្មោះរបស់ខ្ញុំ អ្នកនោះក៏ទទួលស្វាគមន៍ខ្ញុំដែរ ហើយអ្នកណាដែលទទួលស្វាគមន៍ខ្ញុំ មិនមែនទទួលតែខ្ញុំប៉ុណ្ណោះទេ តែក៏ទទួលលោកដែលបានចាត់ខ្ញុំឲ្យមកដែរ»។+
៣៨ យ៉ូហានជម្រាបលោកថា៖ «លោកគ្រូ យើងឃើញបុរសម្នាក់កំពុងបណ្ដេញវិញ្ញាណកំណាចដោយនាមរបស់លោក ហើយយើងខំឃាត់គាត់ ដោយសារគាត់មិនមកជាមួយនឹងយើងទេ»។+ ៣៩ ប៉ុន្តែ លោកយេស៊ូពោលថា៖ «កុំឃាត់គាត់ ព្រោះគ្មានអ្នកណាអាចធ្វើការដែលប្រកបដោយឫទ្ធានុភាពដោយឈ្មោះរបស់ខ្ញុំ រួចបែរមកនិយាយប្រមាថមើលងាយខ្ញុំភ្លាមនោះទេ។ ៤០ ព្រោះអ្នកណាដែលមិនប្រឆាំងយើង អ្នកនោះគឺនៅខាងយើងហើយ។+ ៤១ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលជូនទឹកមួយពែងឲ្យអ្នករាល់គ្នាពិសា ដោយសារអ្នករាល់គ្នាកាន់តាមគ្រិស្ត+ គាត់នឹងមិនបាត់បង់រង្វាន់របស់គាត់ឡើយ។+ ៤២ ប៉ុន្តែ អ្នកណាដែលបណ្ដាលឲ្យអ្នកតូចបែបនេះដែលជឿជំពប់ដួល* គឺល្អជាងបើយកថ្មត្បាល់កិនយ៉ាងធំមួយចងជាប់ករបស់អ្នកនោះ ហើយយកទៅចោលក្នុងសមុទ្រ។+
៤៣ «ប្រសិនបើដៃម្ខាងរបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ។ ព្រោះថាបើអ្នកពិការ តែទទួលជីវិត នោះគឺប្រសើរជាងមានដៃទាំងសងខាង ហើយចូលក្នុងកេហេណា* ក្នុងភ្លើងដែលមិនអាចពន្លត់បានឡើយ។+ ៤៤ *—— ៤៥ បើជើងរបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ។ ព្រោះថាបើអ្នកមានជើងតែម្ខាង ប៉ុន្តែទទួលជីវិត នោះគឺប្រសើរជាងមានជើងទាំងសងខាង តែត្រូវបោះទៅក្នុងកេហេណា។*+ ៤៦ *—— ៤៧ ម្យ៉ាងទៀត បើភ្នែកម្ខាងរបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរបោះភ្នែកនោះចោលទៅ។+ ព្រោះថាបើអ្នកមានភ្នែកតែម្ខាង ប៉ុន្តែបានចូលក្នុងរាជាណាចក្ររបស់ព្រះ គឺប្រសើរជាងមានភ្នែកទាំងសងខាង តែត្រូវបោះទៅក្នុងកេហេណា។*+ ៤៨ នៅទីនោះដង្កូវមិនចេះងាប់ ហើយភ្លើងមិនត្រូវពន្លត់។+
៤៩ «ពីព្រោះព្រះនឹងទម្លាក់ភ្លើងទៅលើមនុស្សបែបនោះ ដូចគេរោយអំបិល។+ ៥០ អំបិលគឺល្អ ប៉ុន្តែបើអំបិលបាត់បង់ជាតិប្រៃ តើអ្នកអាចដាក់អ្វីលើអំបិលនោះដើម្បីធ្វើឲ្យមានជាតិប្រៃឡើងវិញបាន?+ ចូរមានអំបិលក្នុងខ្លួន+ ហើយរក្សាសេចក្ដីសុខសាន្តនឹងគ្នាជានិច្ច»។+