មាតាបិតាទាំងឡាយអើយ! ចូរផ្គត់ផ្គង់ឲ្យក្រុមគ្រួសារចុះ!
«បើមានអ្នកណាដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្ដានខ្លួន . . . អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ»។—ធីម៉ូថេទី១ ៥:៨
១, ២. (ក) ហេតុអ្វីក៏ជាការលើកទឹកចិត្តឲ្យយើងឃើញក្រុមគ្រួសារចូលកិច្ចប្រជុំគ្រីស្ទានជាមួយគ្នា? (ខ) តើក្រុមគ្រួសារផ្សេងៗត្រូវយកឈ្នះឧបសគ្គអ្វីខ្លះដើម្បីចូលប្រជុំមុនម៉ោង?
ពេលដែលយើងមើលក្រុមជំនុំគ្រីស្ទានមុនពេលដែលកិច្ចប្រជុំចាប់ផ្ដើមនោះ យើងប្រហែលជាឃើញកូនក្មេងដែលបានស្លៀកពាក់តុបតែងខ្លួនយ៉ាងស្អាតបាតកំពុងតែអង្គុយជាមួយនឹងមាតាបិតារបស់ខ្លួន។ ការមើលឃើញនូវសេចក្ដីស្រឡាញ់ដែលសមាជិកគ្រួសារបង្ហាញចំពោះគ្នាហើយចំពោះព្រះយេហូវ៉ាពិតជាធ្វើឲ្យរីករាយក្នុងចិត្តណាស់ មែនទេ? ប៉ុន្តែ ជួនកាលយើងចេះតែភ្លេចថា ការរៀបចំឲ្យក្រុមគ្រួសារចូលប្រជុំមុនម៉ោងនោះ តម្រូវឲ្យមានការប្រឹងប្រែងយ៉ាងខ្លាំងមែន!
២ ក្នុងករណីជាច្រើន មាតាបិតាជាប់រវល់ពេញមួយថ្ងៃ ហើយថ្ងៃណាដែលមានកិច្ចប្រជុំនោះ កាន់តែធ្វើឲ្យមានកិច្ចការរវល់ច្រើនថែមទៀតដោយសារត្រូវរៀបចំម្ហូបអាហារនិងធ្វើកិច្ចការឯទៀតក្នុងផ្ទះ ហើយកូនមានលំហាត់ពីសាលាជាដើម។ មាតាបិតាមានបន្ទុកធ្ងន់ជាងគេដោយទទួលខុសត្រូវក្នុងការពិនិត្យមើលថាតើគ្រប់គ្នាក្នុងក្រុមគ្រួសារបានងូតទឹក បានបរិភោគអាហារ ហើយបានរៀបចំចូលប្រជុំទាន់ម៉ោងហើយឬនៅ? បើយើងមានកូនតូចៗ រឹតតែពិបាកថែមទៀតដោយសារអាចមានកាលៈទេសៈរារាំងកើតឡើងដោយចៃដន្យ។ ប្រហែលជាកូនច្បងកំពុងតែប្រឡែងគ្នាលេងស្រាប់តែខោរហែក ឬកូនពៅកំពប់អាហារ ឬកូនៗចាប់ផ្ដើមឈ្លោះគ្នាក៏មាន។ (សុភាសិត ២២:១៥) តើមានលទ្ធផលអ្វី? គឺការរៀបចំរបស់មាតាបិតាមិនបានសម្រេចដូចបំណងទេ។ យ៉ាងណាក៏ដោយ ក្រុមគ្រួសារបែបនេះសឹងតែទៅដល់សាលព្រះរាជាណាចក្រមុននឹងកម្មវិធីចាប់ផ្ដើមរៀងរាល់ដង។ គួរឲ្យលើកទឹកចិត្តមែន ពេលឃើញក្រុមគ្រួសារនីមួយៗទៅប្រជុំរាល់សប្ដាហ៍ រាល់ឆ្នាំ ទាំងឃើញកូននោះធំឡើងនិងក្លាយជាអ្នកដែលថ្វាយបង្គំព្រះយេហូវ៉ា!
៣. តើយើងដឹងដោយដូចម្ដេចថាព្រះយេហូវ៉ាចាត់ទុកក្រុមគ្រួសារជាអ្វីដែលមានតម្លៃ?
៣ ក្នុងនាមជាមាតាបិតានោះ ជួនកាលអ្នកត្រូវធ្វើកិច្ចការដ៏ពិបាកឬរហូតដល់អស់កម្លាំងក៏មាន តែអ្នកត្រូវមានទំនុកចិត្តថា ព្រះយេហូវ៉ាចាត់ទុកការប្រឹងប្រែងរបស់អ្នកជាអ្វីដែលមានតម្លៃណាស់។ ព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យរួមគ្នាជាក្រុមគ្រួសារ។ ហេតុនេះហើយបានជាព្រះបន្ទូលរបស់ព្រះចែងថា គ្រប់ទាំងគ្រួសារ«មាននាមត្រកូលពី[ព្រះយេហូវ៉ា]មក» ដែលព្រះគម្ពីរភាសាខ្មែរសម្រាយបកប្រែថា ទ្រង់«ជាប្រភពនៃក្រុមគ្រួសារទាំងអស់»។ (អេភេសូរ ៣:១៤, ១៥) ដូច្នេះ ពេលដែលមាតាបិតាទាំងឡាយព្យាយាមបំពេញមុខនាទីយ៉ាងត្រឹមត្រូវនោះ អ្នកកំពុងតែលើកកិត្ដិយសថ្វាយព្រះអម្ចាស់មហាក្សត្រនៃសកលលោកនេះ។ (កូរិនថូសទី១ ១០:៣១) នេះជាឯកសិទ្ធិពិសេសណាស់ មែនទេ? បើដូច្នេះ គួរគប្បីឲ្យយើងពិចារណាមើលកិច្ចការដែលព្រះយេហូវ៉ាបានប្រគល់ដល់មាតាបិតាទាំងឡាយ។ ក្នុងអត្ថបទនេះយើងនឹងគិតអំពីការផ្គត់ផ្គង់ឲ្យក្រុមគ្រួសារ។ យើងសូមពិនិត្យមើលលក្ខណៈបីយ៉ាងនៃការផ្គត់ផ្គង់ដែលព្រះតម្រូវពីមាតាបិតា។
ការផ្គត់ផ្គង់ឲ្យខាងសម្ភារ
៤. តើព្រះយេហូវ៉ាបានរៀបចំអ្វីខ្លះក្នុងក្រុមគ្រួសារ ដើម្បីអាចផ្គត់ផ្គង់ឲ្យកូនបាន?
៤ សាវ័កប៉ុលបានសរសេរថា៖ «បើមានអ្នកណាដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្ដានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត»។ (ធីម៉ូថេទី១ ៥:៨) ពេលដែលប៉ុលរៀបរាប់អំពី«អ្នកណា»ក្នុងខនោះ តើគាត់សំដៅទៅលើអ្នកណា? គាត់សំដៅទៅលើមេគ្រួសារ ដែលធម្មតាជាមុខនាទីរបស់បិតា។ ព្រះក៏ប្រគល់មុខនាទីថ្លៃថ្នូរដល់ស្ត្រីផងដែរ ឲ្យគាត់ធ្វើជាអ្នកជំនួយដល់ស្វាមី។ (លោកុប្បត្តិ ២:១៨) នៅសម័យព្រះគម្ពីរ ស្ត្រីក៏ធ្លាប់ជួយស្វាមីក្នុងការផ្គត់ផ្គង់ឲ្យក្រុមគ្រួសារ។ (សុភាសិត ៣១:១៣, ១៤, ១៦) សព្វថ្ងៃនេះ ក៏មានក្រុមគ្រួសារកាន់តែច្រើនដែលមានតែមាតាឬបិតាប៉ុណ្ណោះ។a មាតាឬបិតាគ្រីស្ទានដែលគ្មានគូនោះក៏ធ្វើការដ៏គួរឲ្យសរសើរដែរ ក្នុងការផ្គត់ផ្គង់ឲ្យក្រុមគ្រួសាររបស់ខ្លួន។ ប៉ុន្តែ អ្វីដែលនាំឲ្យមានប្រយោជន៍ច្រើនបំផុត គឺឲ្យក្រុមគ្រួសារមានមាតាផងនិងបិតាផងដែលអាចនាំមុខក្នុងរង្វង់គ្រួសារ។
៥, ៦. (ក) ពួកអ្នកដែលផ្គត់ផ្គង់ឲ្យក្រុមគ្រួសារខាងសម្ភារនោះ តើពួកគាត់ជួបប្រទះការពិបាកអ្វីខ្លះ? (ខ) តើគ្រីស្ទានដែលជាអ្នកផ្គត់ផ្គង់ឲ្យក្រុមគ្រួសារនោះ គួរមានទស្សនៈយ៉ាងណាចំពោះការងារ ទើបអាចស៊ូទ្រាំបាន?
៥ នៅធីម៉ូថេទី១ ៥:៨ នោះ តើប៉ុលសំដៅទៅលើការផ្គត់ផ្គង់ឲ្យបែបណា? បរិបទនៃខនោះបង្ហើបឲ្យដឹងថា ប៉ុលបានពិគ្រោះអំពីសេចក្ដីត្រូវការរបស់ក្រុមគ្រួសារស្តីអំពីសម្ភារ។ មេគ្រួសារទាំងឡាយប្រហែលជាជួបប្រទះឧបសគ្គច្រើនក្នុងការផ្គត់ផ្គង់ឲ្យក្រុមគ្រួសាររបស់ខ្លួនក្នុងលោកីយ៍សព្វថ្ងៃនេះ។ ប្រទេសណាក៏មានការពិបាករកការងារឬក៏ឆាប់បាត់បង់ការងារ ហើយក៏មានបញ្ហាសេដ្ឋកិច្ចនិងការឡើងថ្លៃនៃទំនិញដែរ។ តើអ្វីអាចជួយអ្នកផ្គត់ផ្គង់ឲ្យចេះស៊ូទ្រាំក្រោមកាលៈទេសៈដ៏ពិបាកនេះ?
៦ អ្នកដែលផ្គត់ផ្គង់ឲ្យក្រុមគ្រួសារនោះគួរចងចាំថា ខ្លួនកំពុងតែធ្វើកិច្ចការដែលព្រះប្រគល់ឲ្យ។ ពាក្យដែលព្រះបណ្ដាលឲ្យប៉ុលសរសេរនោះបង្ហាញថា បុរសដែលមានសមត្ថភាពធ្វើតាមបង្គាប់នេះ តែមិនព្រមធ្វើសោះ នោះប្រៀបដូចជាមនុស្សដែលបាន«បោះបង់ចោលសេចក្ដីជំនឿហើយ»។ ជនគ្រីស្ទានតែងតែព្យាយាមកុំឲ្យព្រះចាត់ទុកខ្លួនថាជាអ្នកបោះបង់ចោលជំនឿ។ តែគួរឲ្យស្ដាយណាស់ដែលមនុស្សជាច្រើនក្នុងលោកីយ៍នេះ«មិនស្រឡាញ់តាមធម្មតាមនុស្ស»ទេ។ (ធីម៉ូថេទី២ ៣:១, ៣) ប្រាកដហើយ បិតាជាច្រើនមិនព្រមបំពេញភារកិច្ចរបស់ខ្លួន ឬរហូតដល់លះបង់ក្រុមគ្រួសារទៀតផង។ ស្វាមីដែលជាជនគ្រីស្ទានមិនមានទស្សនៈអាក្រក់បែបនេះទេ ហើយក៏មិនចាត់ទុកការផ្គត់ផ្គង់ឲ្យក្រុមគ្រួសារជារឿងមិនសំខាន់នោះដែរ។ មិនថាយើងត្រូវធ្វើកិច្ចការដែលអ្នកដទៃចាត់ទុកជាការងារអន់បំផុតក្ដី ពួកគ្រីស្ទានដែលជាអ្នកផ្គត់ផ្គង់ឲ្យក្រុមគ្រួសារមិនមានទស្សនៈដូចនោះទេ តែចាត់ទុកការងារនោះជាកិច្ចការសមគួរនិងសំខាន់ផង ពីព្រោះជាវិធីផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ាក្នុងការផ្គត់ផ្គង់ឲ្យក្រុមគ្រួសារដែលជាទីស្រឡាញ់។
៧. ហេតុអ្វីក៏មានប្រយោជន៍ឲ្យមាតាបិតាពិចារណាមើលគំរូរបស់ព្រះយេស៊ូ?
៧ មេគ្រួសារក៏ប្រហែលជាអាចទទួលប្រយោជន៍ពីការរំពឹងគិតអំពីគំរូដ៏ល្អគ្រប់ល័ក្ខណ៍របស់ព្រះយេស៊ូ។ សូមចាំថា បទទំនាយក្នុងព្រះគម្ពីរហៅព្រះយេស៊ូជា«ព្រះវរបិតា[របស់យើង]ដ៏គង់នៅអស់កល្ប»។ (អេសាយ ៩:៦, ៧) ក្នុងនាមជា«លោកអ័ដាមក្រោយបង្អស់»នោះ ព្រះយេស៊ូត្រូវជំនួស«លោកអ័ដាមដែលជាមនុស្សមុនដំបូង»ដោយធ្វើជាបិតារបស់មនុស្សជាតិដែលមានជំនឿ។ (កូរិនថូសទី១ ១៥:៤៥) មិនដូចអ័ដាមដែលបានក្លាយជាបិតាដែលប្រកបដោយអត្តទត្ថភាពនិងរកតែប្រយោជន៍ខ្លួនឯងនោះ ព្រះយេស៊ូជាបិតាគ្រប់ល័ក្ខណ៍មួយអង្គ។ ព្រះគម្ពីរពន្យល់អំពីព្រះយេស៊ូថា៖ «ដោយសារសេចក្ដីនេះយើងរាល់គ្នាបានស្គាល់សេចក្ដីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្ដូរព្រះជន្មទ្រង់ជំនួសយើង»។ (យ៉ូហានទី១ ៣:១៦) ពិតមែនហើយ ព្រះយេស៊ូសព្វព្រះហឫទ័យបូជាព្រះជន្មទ្រង់ជំនួសមនុស្សដទៃ។ មិនតែប៉ុណ្ណេះទេ រៀងរាល់ថ្ងៃព្រះយេស៊ូបានគិតពីប្រយោជន៍របស់អ្នកដទៃក្នុងរឿងផ្សេងៗ។ មាតាបិតាទាំងឡាយអើយ! យកល្អឲ្យអ្នកយកតម្រាប់តាមស្មារតីលះបង់របស់ព្រះយេស៊ូ។
៨, ៩. (ក) តើមាតាបិតាអាចរៀនអ្វីខ្លះពីសត្វចាបស្តីអំពីការផ្គត់ផ្គង់ឲ្យកូនដោយលះបង់ប្រយោជន៍ខ្លួន? (ខ) តើមាតាបិតាគ្រីស្ទានជាច្រើនកំពុងតែបង្ហាញស្មារតីលះបង់ក្នុងលក្ខណៈអ្វី?
៨ មាតាបិតាអាចរៀនច្រើនអំពីសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួន ដោយគិតអំពីបន្ទូលរបស់ព្រះយេស៊ូទៅកាន់រាស្ត្រមិនស្មោះត្រង់របស់ព្រះដោយថា៖ «តើប៉ុន្មានដងហើយដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប!»។ (ម៉ាថាយ ២៣:៣៧) បន្ទូលនេះពណ៌នាយ៉ាងក្បោះក្បាយអំពីមេមាន់ដែលក្រុងកូនវាដោយចំអេងស្លាប។ ពិតណាស់ មាតាបិតាអាចរៀនជាច្រើនពីសភាវគតិរបស់មេមាន់ដែលសុខចិត្តប្រថុយជីវិតដើម្បីការពារកូនពីគ្រោះថ្នាក់។ ម្យ៉ាងទៀត អ្វីដែលមេចាបធ្វើប្រចាំថ្ងៃក៏គួរឲ្យអស្ចារ្យដែរ។ វាហោះទៅមករកចំណីសំរាប់កូនវាហាក់ដូចជាអត់ចេះហត់។ សូម្បីតែពេលដែលចាបហត់សឹងតែងាប់ក៏ដោយ វានៅតែបញ្ចុកចំណីទៅក្នុងចំពុះដែលកូនបើកចំហ ហើយកូនក៏លេបចំណីនោះភ្លាម ទាំងស្រែកចេបៗចង់បានទៀត។ សត្វជាច្រើនដែលព្រះយេហូវ៉ាបានបង្កើតមកនោះ បង្ហាញថាមាន«ប្រាជ្ញា»ក្នុងការចិញ្ចឹមថែរក្សាកូនវា។—សុភាសិត ៣០:២៤
៩ ដូចគ្នាដែរ មាតាបិតាគ្រីស្ទានទូទាំងពិភពលោកកំពុងតែបង្ហាញស្មារតីលះបង់ដ៏គួរឲ្យសរសើរមែន។ ក្នុងនាមជាមាតាឬបិតាម្នាក់ អ្នកច្បាស់ជាសុខចិត្តរងគ្រោះថ្នាក់ខ្លួនឯងជាជាងឲ្យកូនរងគ្រោះនោះ។ ម្យ៉ាងទៀត រាល់ថ្ងៃអ្នកលះបង់ប្រយោជន៍ខ្លួនឯងដើម្បីផ្គត់ផ្គង់ឲ្យក្រុមគ្រួសាររបស់ខ្លួន។ ប្រហែលជាអ្នកភ្ញាក់ពីព្រលឹមដើម្បីចូលធ្វើការដោយអស់កម្លាំងឬដោយធុញទ្រាន់ក៏មាន។ អ្នកប្រឹងប្រែងធ្វើការដើម្បីឲ្យក្រុមគ្រួសារមានអាហារបរិភោគរាល់ថ្ងៃ។ អ្នកខំពុះពារទាំងលំបាកដើម្បីឲ្យកូនមានសម្លៀកបំពាក់ ទីកន្លែងស្នាក់នៅនិងការអប់រំគ្រប់គ្រាន់។ ហើយអ្នកក៏ធ្វើដូច្នេះដោយឥតចេះនឿយហត់រាល់ថ្ងៃរាល់ឆ្នាំ។ យ៉ាងប្រាកដណាស់! ព្រះយេហូវ៉ាសព្វព្រះហឫទ័យចំពោះស្មារតីលះបង់និងការស៊ូទ្រាំបែបនោះ។ (ហេព្រើរ ១៣:១៦) ប៉ុន្តែព្រមជាមួយនេះដែរ មាតាបិតាទាំងឡាយតែងតែចាំថា មានការផ្គត់ផ្គង់ឲ្យក្រុមគ្រួសារដែលសំខាន់ជាងនេះទៅទៀត។
ការផ្គត់ផ្គង់ឲ្យខាងវិញ្ញាណ
១០, ១១. តើអ្វីជាសេចក្ដីត្រូវការសំខាន់បំផុតរបស់មនុស្សជាតិ? តើមាតាបិតាគ្រីស្ទានត្រូវធ្វើអ្វីទើបអាចបំពេញសេចក្ដីត្រូវការនោះរបស់កូន?
១០ អ្វីដែលសំខាន់ជាងការផ្គត់ផ្គង់ឲ្យខាងសម្ភារនោះ គឺការផ្គត់ផ្គង់ឲ្យខាងវិញ្ញាណ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋព្រះមកដែរ»។ (ម៉ាថាយ ៤:៤; ៥:៣) តើមាតាបិតាអាចធ្វើអ្វីដើម្បីផ្គត់ផ្គង់ឲ្យខាងវិញ្ញាណ?
១១ ស្តីអំពីរឿងនេះ ប្រហែលជាគ្មានបទគម្ពីរណាទៀតបានដកស្រង់ច្រើនជាងចោទិយកថា ៦:៥-៧។ សូមបើកព្រះគម្ពីរនិងអានខទាំងនោះ។ សូមកត់សម្គាល់ថា ខនោះបង្គាប់ឲ្យមាតាបិតាបង្កើតឲ្យមានចំណងមិត្តភាពល្អជាមួយនឹងព្រះជាមុនសិន ដោយបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់កាន់តែច្រើនចំពោះព្រះយេហូវ៉ា និងឲ្យបន្ទូលរបស់ទ្រង់ជ្រាបចូលទៅក្នុងចិត្ត។ ពិតមែនហើយ មាតាបិតាទាំងឡាយត្រូវសិក្សាព្រះបន្ទូលរបស់ព្រះដោយផ្ចិតផ្ចង់ ហើយគួរអានព្រះគម្ពីរជាទៀងទាត់និងរំពឹងគិតអំពីបន្ទូលនោះ។ បើធ្វើដូចនេះ អ្នកអាចបណ្ដុះឲ្យមានការយល់ដឹងយ៉ាងត្រឹមត្រូវនិងសេចក្ដីស្រឡាញ់ចំពោះផ្លូវ គោលការណ៍និងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា។ ជាលទ្ធផលនោះ ចិត្តអ្នកនឹងពេញទៅដោយសេចក្ដីពិតជាច្រើនដ៏គួរឲ្យអស្ចារ្យ ដែលនឹងជំរុញចិត្តអ្នកឲ្យមានអំណរចំពោះព្រះយេហូវ៉ា ព្រមទាំងកោតស្ងើចនិងស្រឡាញ់ទ្រង់ផង។ អ្នកនឹងមានសេចក្ដីល្អជាច្រើនដែលអ្នកអាចបង្រៀនដល់កូនបាន។—លូកា ៦:៤៥
១២. តើមាតាបិតាអាចយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច ស្តីអំពីការប្រិតប្រៀនដល់កូននូវសេចក្ដីពិតពីព្រះគម្ពីរ?
១២ មាតាបិតាដែលមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាក៏មានលទ្ធភាពអនុវត្តតាមឱវាទដែលមាននៅចោទិយកថា ៦:៧ ឲ្យ«ប្រិតប្រៀន»បន្ទូលរបស់ព្រះយេហូវ៉ាដល់កូននៅគ្រប់ឱកាសដែលអាចឆ្លៀតបាន។ ការ«ប្រិតប្រៀន»មានន័យថា ត្រូវបង្រៀននិងធ្វើឲ្យព័ត៌មានដិតជាប់ក្នុងចិត្តដោយប្រាប់ម្ដងហើយម្ដងទៀត។ ព្រះយេហូវ៉ាជ្រាបថា យើងរាល់គ្នា ជាពិសេសកូនក្មេង ត្រូវស្ដាប់ម្ដងហើយម្ដងទៀតទើបរៀនចេះ។ ហេតុនេះហើយបានជាព្រះយេស៊ូបានបង្រៀនមេរៀនផ្សេងៗម្ដងហើយម្ដងទៀតក្នុងកិច្ចបំរើផ្សាយរបស់ទ្រង់។ ជាឧទាហរណ៍ ពេលដែលព្រះយេស៊ូបានបង្រៀនដល់សិស្សទ្រង់អំពីការបង្ហាញចិត្តរាបទាបជាជាងមានឫកខ្ពស់និងប្រកួតប្រជែងគ្នានោះ ទ្រង់បានរកវិធីពន្យល់គោលការណ៍តែមួយនោះដោយរបៀបផ្សេងៗ។ ព្រះយេស៊ូបានបង្រៀនដោយវែកញែកហេតុផល ដោយលើកឧទាហរណ៍ ហើយបានបង្ហាញដោយតាំងគំរូផង។ (ម៉ាថាយ ១៨:១-៤; ២០:២៥-២៧; យ៉ូហាន ១៣:១២-១៥) តែយ៉ាងអស្ចារ្យមែន ដែលព្រះយេស៊ូមានព្រះទ័យអត់ធ្មត់ជានិច្ច។ ស្រដៀងគ្នាដែរ មាតាបិតាត្រូវរកវិធីបង្រៀនកូននូវសេចក្ដីពិតបឋម ដោយមានចិត្តអត់ធ្មត់ពេលប្រាប់ម្ដងហើយម្ដងទៀតអំពីគោលការណ៍របស់ព្រះយេហូវ៉ា រហូតដល់កូនយល់និងអនុវត្តតាមគោលការណ៍ទាំងនោះ។
១៣, ១៤. តើមាតាបិតាមានឱកាសណាខ្លះឲ្យប្រិតប្រៀនសេចក្ដីពិតពីព្រះគម្ពីរដល់កូន? តើមាតាបិតាអាចប្រើសៀវភៅណាខ្លះ?
១៣ កម្មវិធីសិក្សាជាក្រុមគ្រួសារជាឱកាសល្អមែនក្នុងការបង្រៀនកូន។ ប្រាកដហើយ ការសិក្សាព្រះគម្ពីរយ៉ាងទៀងទាត់ជាក្រុមគ្រួសារដោយមានបំណងលើកទឹកចិត្តគ្នាទៅវិញទៅមកដោយសប្បាយនោះ ពិតជាកត្ដាសំខាន់មួយក្នុងការជួយឲ្យក្រុមគ្រួសារយកចិត្តទុកដាក់នឹងសុខុមាលភាពខាងវិញ្ញាណ។ ក្រុមគ្រួសារគ្រីស្ទានទូទាំងពិភពលោកពេញចិត្តចំពោះការសិក្សាបែបនេះ ដោយប្រើសៀវភៅផ្សេងៗដែលអង្គការរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យ ទាំងកែឆ្នៃកម្មវិធីសិក្សាទៅតាមតម្រូវការរបស់កូន។ សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំជាសៀវភៅមួយដ៏ល្អក្នុងការបង្រៀនកូន ហើយសៀវភៅបុរសឧត្តមបំផុតដែលធ្លាប់រស់នៅក៏ជាសៀវភៅបង្រៀនដ៏ល្អមួយទៀតដែរ។b យ៉ាងណាក៏ដោយ កម្មវិធីសិក្សាជាក្រុមគ្រួសារមិនមែនជាឱកាសតែមួយប៉ុណ្ណោះដែលមាតាបិតាមានសំរាប់បង្រៀនកូន។
១៤ ដូចបានបង្ហាញនូវចោទិយកថា ៦:៧ មានឱកាសផ្សេងៗឲ្យមាតាបិតាពិគ្រោះជាមួយនឹងកូនអំពីរឿងខាងវិញ្ញាណ។ មិនថាក្រុមគ្រួសារកំពុងតែធ្វើដំណើរជាមួយគ្នា ឬធ្វើកិច្ចការផ្ទះជាមួយគ្នា ឬសំរាកលំហែកាយជាមួយគ្នាក្ដី អ្នកអាចរកឱកាសផ្គត់ផ្គង់ឲ្យកូនស្របទៅតាមសេចក្ដីត្រូវការរបស់ពួកគេខាងវិញ្ញាណ។ នេះមិនមានន័យថា អ្នកត្រូវនិយាយជានិច្ចអំពីសេចក្ដីពិតពីព្រះគម្ពីរ ហាក់ដូចជាអត់ចេះនិយាយអំពីរឿងផ្សេងទៀតទេ។ ផ្ទុយទៅវិញ សូមពិភាក្សាអំពីរឿងខាងវិញ្ញាណជាក្រុមគ្រួសារ ដោយរបៀបលើកទឹកចិត្តគ្នាវិញ។ ជាឧទាហរណ៍ សៀវភៅចូរចូលទៅជិតព្រះយេហូវ៉ាមានច្រើនវគ្គដែលពិគ្រោះអំពីរឿងដែលទាក់ទងនឹងធម្មជាតិ។ ព័ត៌មានបែបនោះអាចបើកផ្លូវឲ្យពិគ្រោះអំពីសត្វដែលព្រះយេហូវ៉ាបានបង្កើត អំពីទីកន្លែងស្អាតៗលើផែនដីយើងនេះ ហើយអំពីលក្ខណៈខុសៗគ្នានៃមនុស្សដែលមកពីប្រទេសឬវប្បធម៌ផ្សេងៗគ្នា។ ការពិភាក្សាជាមួយគ្នាអំពីរឿងបែបនេះអាចជំរុញឲ្យកូនចង់អានសៀវភៅច្រើនថែមទៀតដែលក្រុមអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អបានរៀបចំឲ្យ។—ម៉ាថាយ ២៤:៤៥-៤៧
១៥. តើមាតាបិតាអាចធ្វើអ្វីដើម្បីជួយឲ្យកូនទទួលស្គាល់កិច្ចបំរើផ្សាយរបស់យើងជាគ្រីស្ទាន ជាកិច្ចការដ៏គួរឲ្យចាប់អារម្មណ៍ហើយមានផលល្អ?
១៥ ការសន្ទនាជាមួយនឹងកូនអំពីអ្វីដែលពង្រឹងកម្លាំងចិត្តនោះ អាចជួយអ្នកបំពេញសេចក្ដីត្រូវការមួយទៀតខាងវិញ្ញាណ។ ជនគ្រីស្ទានដែលនៅក្មេងនៅឡើយត្រូវរៀនឲ្យចេះប្រាប់ដល់អ្នកដទៃដោយប្រសិទ្ធភាពអំពីជំនឿរបស់ខ្លួន។ ពេលកំពុងតែពិភាក្សាអំពីចំណុចដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទស្សនាវដ្ដីប៉មយាមនោះ អ្នកប្រហែលជាអាចឆ្លៀតឱកាសដើម្បីបង្ហាញនូវរបៀបប្រើចំណុចនោះក្នុងកិច្ចបំរើផ្សាយ។ ជាឧទាហរណ៍ អ្នកប្រហែលជាអាចសួរថា៖ «នេះជាចំណុចគួរចង់ប្រាប់មនុស្សដទៃ មែនទេ? តើកូនគិតថាយើងអាចធ្វើអ្វីដើម្បីទាញអារម្មណ៍មនុស្សឲ្យចង់មើលព័ត៌មាននេះ?»។ ការពិភាក្សាបែបនេះអាចជួយឲ្យកូនមានចំណាប់អារម្មណ៍ចង់ប្រាប់មនុស្សឯទៀតអំពីអ្វីដែលខ្លួនកំពុងតែរៀន។ រួចមក ពេលដែលកូនចូលរួមកិច្ចបំរើផ្សាយជាមួយនឹងមាតាបិតានោះ កូនអាចមើលគំរូដោយផ្ទាល់ភ្នែក អំពីរបៀបធ្វើតាមអ្វីដែលយើងបានពិគ្រោះទុកជាមុននោះ។ កូនក៏អាចរៀនឲ្យដឹងថា កិច្ចបំរើផ្សាយជាកិច្ចការដ៏គួរឲ្យចាប់អារម្មណ៍ហើយសប្បាយផង ទាំងនាំឲ្យមានអំណរនិងចិត្តស្កប់ស្កល់។—កិច្ចការ ២០:៣៥
១៦. តើកូនអាចរៀនអ្វីពេលស្ដាប់សេចក្ដីអធិស្ឋានរបស់មាតាបិតា?
១៦ មាតាបិតាក៏ផ្គត់ផ្គង់ឲ្យសេចក្ដីត្រូវការខាងវិញ្ញាណរបស់កូនពេលអធិស្ឋានផង។ ព្រះយេស៊ូបានបង្រៀនសិស្សទ្រង់ឲ្យចេះអធិស្ឋាន ហើយទ្រង់ក៏បានអធិស្ឋានជាមួយនឹងពួកគាត់ច្រើនលើកច្រើនសាដែរ។ (លូកា ១១:១-១៣) សូមគិតអំពីអ្វីៗជាច្រើនដែលពួកគាត់បានរៀនដោយរួមស្ដាប់សេចក្ដីអធិស្ឋានរបស់រាជបុត្រារបស់ព្រះយេហូវ៉ា! ស្រដៀងគ្នាដែរ កូនរបស់អ្នកអាចរៀនច្រើនបានដោយស្ដាប់សេចក្ដីអធិស្ឋានរបស់មាតាបិតា។ ជាឧទាហរណ៍ កូនអាចរៀនថា ព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យយើងទូលថ្វាយទ្រង់អស់ពីដួងចិត្តដោយមិនទើសទាល់ ហើយឲ្យយើងទូលថ្វាយទ្រង់អំពីកង្វល់ណាក៏បាន។ ពិតមែនហើយ សេចក្ដីអធិស្ឋានរបស់មាតាបិតាអាចជួយឲ្យកូនរៀននូវសេចក្ដីពិតដ៏សំខាន់មួយ ពោលគឺ កូនអាចមានចំណងមិត្តភាពផ្ទាល់ជាមួយនឹងព្រះវរបិតានៅស្ថានសួគ៌។—ពេត្រុសទី១ ៥:៧
ការផ្គត់ផ្គង់ឲ្យខាងផ្លូវចិត្ត
១៧, ១៨. (ក) តើព្រះគម្ពីរបង្ហាញយ៉ាងណាអំពីសារៈសំខាន់នៃការបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូន? (ខ) តើបិតាទាំងឡាយគួរធ្វើតាមគំរូរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច ក្នុងការនិយាយថាប៉ាស្រឡាញ់កូន?
១៧ ពិតមែន កូនក៏មានសេចក្ដីត្រូវការសំខាន់ៗខាងផ្លូវចិត្តផងដែរ។ ព្រះបន្ទូលរបស់ព្រះបង្ហាញដល់មាតាបិតានូវសារៈសំខាន់នៃការផ្គត់ផ្គង់ឲ្យបែបនេះ។ តួយ៉ាងដូចជាខដែលដាស់តឿនស្ត្រីដែលនៅក្មេងថា ‹ត្រូវស្រឡាញ់កូនខ្លួន›។ (ទីតុស ២:៤) ប្រាកដហើយ ការបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូនពិតជាសមហេតុសមផលមែន ដ្បិតនេះអាចបង្រៀនឲ្យកូនចេះបង្ហាញសេចក្ដីស្រឡាញ់ដែរ ហើយក៏បង្កើតឲ្យមានផលល្អៗអស់មួយជីវិត។ ផ្ទុយទៅវិញ ការមិនបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូនជាការល្ងីល្ងើវិញ ដ្បិតនេះអាចធ្វើឲ្យកូនឈឺចិត្តជាខ្លាំង ហើយក៏ជាការមិនយកតម្រាប់តាមព្រះយេហូវ៉ាដែលបង្ហាញសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះយើង ទោះជាយើងមានភាពមិនគ្រប់ល័ក្ខណ៍ក៏ដោយ។—ទំនុកដំកើង ១០៣:៨-១៤
១៨ ព្រះយេហូវ៉ាក៏បានបង្ហាញសេចក្ដីស្រឡាញ់មុនគេបង្អស់ ចំពោះកូនរបស់ទ្រង់នៅលើផែនដី។ ដូចយ៉ូហានទី១ ៤:១៩ ចែងនោះថា៖ «ទ្រង់បានស្រឡាញ់យើងជាមុន»។ បិតាទាំងឡាយអើយ! អ្នកគួរតែធ្វើតាមគំរូរបស់ព្រះយេហូវ៉ា ដោយចាត់វិធានការដើម្បីបណ្ដុះឲ្យមានចំណងដែលពេញទៅដោយសេចក្ដីស្រឡាញ់ជាមួយនឹងកូនរបស់ខ្លួន។ ព្រះគម្ពីរដាស់តឿនបិតាទាំងឡាយកុំឲ្យឌុកដាន់កូន «ក្រែងវារសាយចិត្តចេញ»។ (កូល៉ុស ៣:២១) បើកូនមានអារម្មណ៍ថាមាតាឬបិតាមិនស្រឡាញ់កូន ឬគិតថាកូនគ្មានតម្លៃសោះ នេះជាអ្វីដែលឌុកដាន់កូនលើសជាងអ្វីទៀត។ បិតាទាំងឡាយដែលមានចិត្តទើសទាល់ក្នុងការបង្ហាញអារម្មណ៍ចំពោះកូននោះ គួរចងចាំគំរូរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានមានបន្ទូលពីស្ថានសួគ៌មកដើម្បីបង្ហាញថាទ្រង់ស្រឡាញ់និងពេញចិត្តចំពោះបុត្រារបស់ទ្រង់។ (ម៉ាថាយ ៣:១៧; ១៧:៥) បន្ទូលនោះពិតជាបានលើកទឹកចិត្តព្រះយេស៊ូណាស់! ដូចគ្នាដែរ កូនអាចទទួលកម្លាំងនិងមានចិត្តក្លាហានបាន ពេលដែលមាតាបិតាប្រាប់ស្មោះពីចិត្តថា ម៉ាក់ប៉ាស្រឡាញ់កូនដែលជាទីពេញចិត្ត។
១៩. ហេតុអ្វីក៏ចាំបាច់ឲ្យមាតាបិតាទូន្មានប្រដៅកូន? តើមាតាបិតាគ្រីស្ទានត្រូវមានតុល្យភាពយ៉ាងណាពេលធ្វើដូច្នេះ?
១៩ ពិតមែន មាតាបិតាមិនគ្រាន់តែប្រាប់កូនថាម៉ាក់ប៉ាស្រឡាញ់កូន តែសេចក្ដីស្រឡាញ់ច្រើនតែត្រូវបង្ហាញដោយការប្រព្រឹត្តវិញ។ ការផ្គត់ផ្គង់ឲ្យខាងសម្ភារនិងខាងវិញ្ញាណជាវិធីបង្ហាញសេចក្ដីស្រឡាញ់មែន ជាពិសេសបើមាតាបិតាធ្វើដូច្នេះដោយរបៀបដែលបង្ហាញថា សេចក្ដីស្រឡាញ់ចំពោះកូនបានជំរុញឲ្យពួកគាត់ធ្វើដូច្នេះ។ ម្យ៉ាងទៀត ការទូន្មានប្រដៅកូនក៏ជាវិធីបង្ហាញថាមាតាបិតាស្រឡាញ់កូនមែន។ ប្រាកដហើយ «ព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះ[ឬ«ប្រដៅ», ខ.ស.]អស់អ្នកណាដែលទ្រង់ស្រឡាញ់»។ (ហេព្រើរ ១២:៦) ផ្ទុយទៅវិញ ការមិនទូន្មានប្រដៅកូនជាអ្វីដែលបង្ហាញថា មាតាបិតាស្អប់កូនវិញ! (សុភាសិត ១៣:២៤) ព្រះយេហូវ៉ាតែងតែមានតុល្យភាពក្នុងការទូន្មានប្រដៅតែ«តាមខ្នាតប៉ុណ្ណោះ»។ (យេរេមា ៤៦:២៨) មាតាបិតាដែលមិនគ្រប់ល័ក្ខណ៍នោះ មិនតែងតែចេះទូន្មានប្រដៅកូនដោយមានតុល្យភាពទេ។ យ៉ាងណាក៏ដោយ ការខិតខំឲ្យមានតុល្យភាពក្នុងការបំពេញភារកិច្ចនេះពិតជាមានប្រយោជន៍មែន។ ការទូន្មានប្រដៅយ៉ាងម៉ឺងម៉ាត់តែដោយសេចក្ដីស្រឡាញ់នោះ អាចជួយឲ្យកូនមានជីវិតសប្បាយនិងទទួលនូវជីវិតដែលមានប្រយោជន៍ពេលធំឡើង។ (សុភាសិត ២២:៦) មាតាបិតាគ្រីស្ទានទាំងឡាយចង់ឲ្យកូនមានជីវិតបែបនេះ មែនទេ?
២០. តើមាតាបិតាអាចធ្វើអ្វីដើម្បីឲ្យកូនមានឱកាស«រើសយកជីវិត»បាន?
២០ មាតាបិតាទាំងឡាយអើយ! អ្នកនឹងទទួលរង្វាន់ជាច្រើនមែន បើអ្នកបំពេញកិច្ចការដ៏សំខាន់ដែលព្រះយេហូវ៉ាបានប្រគល់ឲ្យ ពោលគឺការផ្គត់ផ្គង់ឲ្យកូនខាងសម្ភារ ខាងវិញ្ញាណនិងខាងផ្លូវចិត្ត។ ដោយធ្វើដូច្នេះ អ្នកអាចបើកផ្លូវឲ្យកូនមានលទ្ធភាព«រើសយកជីវិត» ហើយក្រោយមកអាច«រស់នៅ»តទៅទៀតដែរ។ (ចោទិយកថា ៣០:១៩) បើកូនធំឡើងហើយសម្រេចចិត្តបំរើព្រះយេហូវ៉ានិងដើរតាមផ្លូវដែលនាំទៅឯជីវិតនោះ នេះនឹងនាំឲ្យមាតាបិតាមានអំណរខ្លាំងណាស់! (ទំនុកដំកើង ១២៧:៣-៥) ហើយមាតាបិតានឹងមានអំណរនោះជារៀងរហូតដែរ! ប៉ុន្តែ តើពួកយុវវ័យអាចសរសើរព្រះយេហូវ៉ានៅសព្វថ្ងៃនេះបានយ៉ាងណា? អត្ថបទជាបន្ទាប់នឹងពិគ្រោះអំពីរឿងនេះ។
[កំណត់សម្គាល់]
a ក្នុងការពិគ្រោះនេះ យើងនឹងសំដៅទៅលើអ្នកផ្គត់ផ្គង់ឲ្យជាមនុស្សភេទប្រុស។ យ៉ាងណាក៏ដោយ គោលការណ៍ទាំងនេះក៏សំដៅទៅលើស្ត្រីគ្រីស្ទានដែលជាអ្នកផ្គត់ផ្គង់ឲ្យក្រុមគ្រួសាររបស់ខ្លួន។
b បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើមាតាបិតាអាចធ្វើអ្វីដើម្បីផ្គត់ផ្គង់ឲ្យកូន
• ខាងសម្ភារ?
• ខាងវិញ្ញាណ?
• ខាងផ្លូវចិត្ត?
[រូបភាពនៅទំព័រ២០]
មាតាបិតាទាំងឡាយត្រូវមានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាជាមុនសិន
[រូបភាពនៅទំព័រ២១]
មាតាបិតាអាចឆ្លៀតឱកាសផ្សេងៗ ដើម្បីបង្រៀនកូនអំពីព្រះដែលជាអ្នកបង្កើតយើង