ជំពូកទី១០
ទំនាយក្នុងព្រះគម្ពីរដែលអ្នកបានឃើញត្រូវសម្រេច
តើអ្នកដែលបានងឿងឆ្ងល់ទេ ហេតុអ្វីក៏ព្រឹត្ដិការណ៍សព្វថ្ងៃនេះមានភាពខុសគ្នាណាស់ បើប្រៀបធៀបនឹងកាលពីមួយរយឆ្នាំមុន? របស់ខ្លះគឺល្អប្រសើរជាងមែន។ នៅប្រទេសជាច្រើន ជម្ងឺដែលពីដើមធ្វើឲ្យគេស្លាប់ ឥឡូវនេះអាចត្រូវព្យាបាលឲ្យជាបានតាមធម្មតា ហើយមនុស្សធម្មតាទូទៅមានខ្នាតគំរូនៃជីវភាព ដែលបុព្វជនរបស់គេមិនដែលនឹកស្រមៃដល់ឡើយ។ តែម្យ៉ាងវិញទៀត សតវត្សយើងនេះបានជួបប្រទះនឹងសង្គ្រាមដ៏អាក្រក់បំផុត និងអំពើខ្លះដ៏សែនឃោរឃៅបំផុត ក្នុងអស់ទាំងប្រវត្ដិសាស្ត្រ។ ភាពចម្រើននៃមនុស្សលោក—សូម្បីការនៅគង់វង់តទៅទៀតរបស់គេ—គឺត្រូវគំរាមកំហែងដោយការកើនចំនួនរាស្ត្រដ៏លើសលប់ បញ្ហានៃការកខ្វក់ និងគំនរអាវុធបរមាណូ អាវុធខាងជីវសាស្ត្រ និងជាតិពុល ដែលគរទុកទូទាំងអន្តរជាតិ។ ហេតុអ្វីក៏សតវត្សទី២០នេះខុសពីសតវត្សមុនៗម្ល៉េះ?
១. (រួមបុព្វយោគ) (ក) សតវត្សទី២០គឺខុសពីសតវត្សមុនៗយ៉ាងដូចម្ដេច? (ខ) តើអ្វីនឹងជួយយើងឲ្យយល់ ថាហេតុអ្វីជំនាន់យើងគឺខុសគ្នាម្ល៉េះ?
ចម្លើយសម្រាប់សំនួរនេះគឺមានទាក់ទងនឹងទំនាយដ៏អស្ចារ្យមួយក្នុងព្រះគម្ពីរ ដែលអ្នកបានឃើញត្រូវសម្រេច។ នេះគឺទំនាយមួយដែលព្រះយេស៊ូទ្រង់មានបន្ទូលប្រាប់ដោយផ្ទាល់ ហើយក្រៅពីផ្ដល់ភស្តុតាងថាព្រះគម្ពីរគឺបណ្ដាលមកពីព្រះ ទំនាយនេះក៏បង្ហាញថា យើងកំពុងរស់នៅជិតដល់ការប្រែប្រួលដ៏ធំសម្បើមក្នុងឆាកពិភពលោក។ តើទំនាយនេះជាអ្វីទៅ? ហើយតាមរបៀបណាដែលយើងដឹងថា ទំនាយនេះកំពុងត្រូវសម្រេច?
ទំនាយដ៏អស្ចារ្យរបស់ព្រះយេស៊ូ
២, ៣. តើសំនួរអ្វីដែលសិស្សរបស់ព្រះយេស៊ូទូលសួរទ្រង់ ហើយយើងរកឃើញចម្លើយរបស់ទ្រង់នៅឯណា?
២ ព្រះគម្ពីរប្រាប់យើងថា មិនយូរប៉ុន្មានមុនព្រះយេស៊ូបានសោយទិវង្គតទៅ សិស្សរបស់ទ្រង់កំពុងពិគ្រោះអំពីសំណង់ព្រះវិហារដ៏ធំ នៅក្រុងយេរូសាឡិម ពួកគេមានចិត្តស្ងើចនឹងទំហំ និងភាពមាំមួននៃព្រះវិហារនោះ។ ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលថា៖ «អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ»។—ម៉ាថាយ ២៤:១, ២
៣ សិស្សរបស់ព្រះយេស៊ូច្បាស់ជាឆ្ងល់នឹងបន្ទូលរបស់ទ្រង់ ហើយក្រោយមកក៏សំដៅទៅឯទ្រង់ដើម្បីទូលសួរថែមទៀតថា៖ «សូមប្រាប់យើងខ្ញុំ តើកាលណារឿងទាំងនេះនឹងកើតមានឡើង ហើយតើមានទីសម្គាល់យ៉ាងណាពីវត្តមានរបស់ទ្រង់ ហើយពីទីបញ្ចប់នៃរបបសម័យនេះ»? (ម៉ាថាយ ២៤:៣, ព.ថ.) ចម្លើយរបស់ព្រះយេស៊ូគឺឃើញក្នុងចំណែកឯទៀតនៃម៉ាថាយ ជំពូកទី២៤ និង២៥។ បន្ទូលរបស់ទ្រង់ក៏មានកត់ក្នុងម៉ាកុស ជំពូក១៣ និងលូកា ជំពូក២១ដែរ។ នេះគឺច្បាស់ជាទំនាយដ៏សំខាន់បំផុត ដែលព្រះយេស៊ូបានមានបន្ទូលប្រាប់ ពេលដែលទ្រង់គង់នៅលើផែនដី។
៤. តើសិស្សរបស់ព្រះយេស៊ូកំពុងទូលសួរអំពីរឿងអ្វីផ្សេងៗគ្នា?
៤ តាមការពិត សិស្សរបស់ព្រះយេស៊ូកំពុងទូលសួរលើសពីរឿងមួយ។ ដំបូងពួកគេទូលសួរសំនួរថា៖ «តើការទាំងនេះកាលណានឹងមកដល់»? គឺថាក្រុងយេរូសាឡិមនិងព្រះវិហាររបស់វា កាលណានឹងបានត្រូវបំផ្លាញចោល? ថែមទៅទៀត ពួកគេចង់ដឹងនូវទីសម្គាល់ដែលនឹងបង្ហាញថា វត្តមាននៃព្រះយេស៊ូបានចាប់ផ្ដើមហើយ ជាស្តេចនៃព្រះរាជាណាចក្រស្ថានសួគ៌របស់ព្រះ ហើយបង្ហាញថាចុងបញ្ចប់នៃរបបលោកីយ៍នឹងជិតមកដល់។
៥. (ក) តើទំនាយរបស់ព្រះយេស៊ូបានត្រូវសម្រេចយ៉ាងដូចម្ដេចជាដំបូង ប៉ុន្តែពេលណាបានបន្ទូលរបស់ទ្រង់នឹងត្រូវសម្រេចបានគ្រប់សព្វ? (ខ) តាមរបៀបណាដែលព្រះយេស៊ូចាប់ផ្ដើមមានបន្ទូលឆ្លើយសំនួររបស់ពួកសិស្ស?
៥ ព្រះយេស៊ូយកចំណុចទាំងពីរមកពិចារណាក្នុងចម្លើយរបស់ទ្រង់។ បន្ទូលជាច្រើនរបស់ទ្រង់បានត្រូវសម្រេចពិត កាលនៅសតវត្សទីមួយ ប៉ុន្មានឆ្នាំដែលមានព្រឹត្ដិការណ៍កើតឡើង ដល់ក្រុងយេរូសាឡិមត្រូវហិនវិនាសនៅឆ្នាំ៧០ស.យ.។ (ម៉ាថាយ ២៤:៤-២២) ប៉ុន្តែ ទំនាយរបស់ទ្រង់នឹងត្រូវមានសារៈសំខាន់ថែមទៀតនៅគ្រាក្រោយៗ តាមពិតគឺនៅក្នុងជំនាន់យើងនេះឯង។ ដូច្នេះ តើព្រះយេស៊ូមានបន្ទូលអ្វី? ទ្រង់ចាប់ផ្ដើមដោយមានបន្ទូលប្រាប់នូវពាក្យដែលកត់ក្នុងខ៧ និង៨ថា៖ «សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនឹងកើតមានអំណត់ ជម្ងឺអាសន្នរោគ នឹងកក្រើកដីនៅកន្លែងផ្សេងៗ តែការទាំងនោះជាដើមចមនៃសេចក្ដីទុក្ខទេ»។
៦. បន្ទូលរបស់ព្រះយេស៊ូក្នុងម៉ាថាយ ២៤:៧, ៨ រំឭកយើងនូវទំនាយដ៏ស្របគ្នាអ្វី?
៦ គឺច្បាស់ណាស់ វត្តមាននៃព្រះយេស៊ូជាស្តេចខាងស្ថានសួគ៌ នឹងត្រូវសម្គាល់ដោយការជ្រួលច្របល់យ៉ាងខ្លាំងលើផែនដី។ នេះបានត្រូវបញ្ជាក់ដោយទំនាយស្របគ្នាមួយក្នុងសៀវភៅវិវរណៈ៖ ចក្ខុនិមិត្តអំពីអ្នកជិះសេះ៤នាក់នៃវិវរណៈ។ (វិវរណៈ ៦:១-៨) អ្នកជិះសេះទីមួយ គឺសម្ដែងអំពីព្រះយេស៊ូ ជាស្តេចដែលច្បាំងឈ្នះ។ អ្នកជិះឯទៀតនិងសេះរបស់គេ គឺសម្ដែងនូវហេតុការណ៍កើតឡើងលើផែនដី ដែលសម្គាល់នូវការចាប់ផ្ដើមសោយរាជ្យរបស់ព្រះយេស៊ូ៖ សង្គ្រាម ការអត់បាយ និងការស្លាប់ទាំងអាយុខ្លីដោយសាររោគផ្សេងៗ។ តើយើងឃើញទំនាយទាំងពីរនេះត្រូវសម្រេចសព្វថ្ងៃនោះទេ?
សង្គ្រាម!
៧. តើដំណើររបស់អ្នកជិះសេះទីពីរនៃវិវរណៈបានទាយប្រាប់ជាមុនអំពីអ្វី?
៧ សូមយើងពិនិត្យមើលទំនាយទាំងនេះឲ្យបានច្បាស់ថែមទៀត។ ទីមួយ ព្រះយេស៊ូមានបន្ទូលថា៖ «សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១»។ នេះគឺទំនាយអំពីសង្គ្រាម។ អ្នកជិះសេះទីពីរនៃអ្នកជិះសេះទាំងបួននៃវិវរណៈ គឺបង្ហាញប្រាប់ជាមុនយ៉ាងស្រដៀងគ្នាអំពីសង្គ្រាម។ យើងអានថា៖ «នោះមានសេះ១ទៀតចេញមក មានសម្បុរក្រហម ហើយគេឲ្យអ្នកដែលជិះ មានអំណាចអាចនឹងដកយកសេចក្ដីសុខសាន្តពីផែនដីចេញ ឲ្យមនុស្សលោកបានសំឡាប់គ្នា គេក៏ប្រគល់ដាវ១យ៉ាងធំ ដល់អ្នកនោះដែរ»។ (វិវរណៈ ៦:៤) មនុស្សលោកបានច្បាំងគ្នា អស់រយៈជាច្រើនពាន់ឆ្នាំមកហើយ។ ដូច្នេះ ហេតុអ្វីក៏ពាក្យទាំងនេះគួរមានសារ:សំខាន់ពិសេសសម្រាប់ជំនាន់យើង?
៨. ហេតុអ្វីក៏យើងនឹងទន្ទឹងថា សង្គ្រាមជាលក្ខណៈដ៏អស្ចារ្យនៃទីសម្គាល់?
៨ សូមចាំថា សង្គ្រាមតែឯងមិនមែនជាទីសម្គាល់អំពីវត្តមាននៃព្រះយេស៊ូទេ។ ទីសម្គាល់នេះគឺប្រកបដោយអស់ទាំងសេចក្ដីល្អិតល្អន់នៃទំនាយរបស់ព្រះយេស៊ូ ដែលកើតឡើងក្នុងរយៈពេលជាមួយគ្នា។ ប៉ុន្តែសង្គ្រាមគឺជាលក្ខណៈទីមួយដែលបានត្រូវថ្លែងប្រាប់ ដូច្នេះយើងអាចទន្ទឹងថា លក្ខណៈនេះនឹងត្រូវសម្រេចក្នុងរបៀបដ៏អស្ចារ្យ ដែលនឹងទាក់ទាញស្មារតីយើង។ ហើយមនុស្សម្នាក់ៗគឺត្រូវតែយល់ស្របថា សង្គ្រាមមុន ៗក្នុងប្រវត្ដិសាស្ត្រមិនអាចប្រៀបនឹងសង្គ្រាមនៃសតវត្សទី២០នេះបានឡើយ។
៩, ១០. តើទំនាយអំពីសង្គ្រាមចាប់ផ្ដើមត្រូវសម្រេចយ៉ាងដូចម្ដេច?
៩ ជាឧទាហរណ៍ គ្មានសង្គ្រាមមុនៗ—ដែលជាច្រើនគឺឃោរឃៅ ហើយធ្វើឲ្យវិនាសដែរ—អាចធ្វើឲ្យហិនវិនាសដូចសង្គ្រាមលោកលើកទាំងពីរក្នុងសតវត្សទី២០នេះទេ។ សង្គ្រាមលោកលើកទីមួយ នៅទីបំផុតបណ្ដាលឲ្យមនុស្ស១៤លាននាក់ស្លាប់ ជាចំនួនដ៏ច្រើនជាងប្រជាជននៃប្រទេសជាច្រើន។ ជាប្រាកដ គឺ«មានអំណាចអាចនឹងដកយកសេចក្ដីសុខសាន្តពីផែនដីចេញ ឲ្យមនុស្សលោកបានសំឡាប់គ្នា»មែន។
១០ ស្របតាមទំនាយនេះ «គេក៏ប្រគល់ដាវ១យ៉ាងធំ»ដល់អ្នកជិះសេះទីពីរនៃវិវរណៈ ដែលដូចអ្នកច្បាំង។ តើនេះត្រូវពន្យល់ប្រាប់យ៉ាងដូចម្ដេច? គឺដូចនេះ៖ គ្រឿងអាវុធនៃសង្គ្រាមរឹតតែអាចធ្វើឲ្យហិនវិនាសខ្លាំងឡើង។ មនុស្សរឹតតែមានសមត្ថភាពសម្លាប់អ្នកជិតខាងរបស់គេ ដោយប្រើប្រាសរថក្រោះ យន្តហោះ ផ្សែងពុលសម្លាប់ នាវាមុជទឹក និងកាំភ្លើងធំដែលអាចបាញ់គ្រាប់ប្លោងចម្ងាយបួនប្រាំគីឡូម៉ែត្រ។ ហើយតាំងពីសង្គ្រាមលោកលើកទីមួយ«ដាវយ៉ាងធំ» នេះអាចធ្វើឲ្យហិនវិនាសរឹតតែខ្លាំងឡើង—ដោយសារការប្រើប្រាសរបស់ដូចជាការទាក់ទងតាមវិទ្យុ រ៉ាដា កាំភ្លើងទំនើប អាវុធខាងជាតិមេរោគនិងជាតិពុល អាវុធបាញ់ភ្លើង ប្រេងអាស៊ីដ គ្រាប់បែកធុនថ្មី កាំជ្រួចអន្តរទ្វីប នាវាមុជទឹកដែលប្រើនយស្ដិ យន្តហោះថ្មីទំនើប និងនាវាចំបាំងដ៏ធំ។
«ដើមចមនៃសេចក្ដីទុក្ខ»
១១, ១២. តើក្នុងរបៀបណាដែលសង្គ្រាមលោកលើកទីមួយគ្រាន់តែជា «ដើមចមនៃសេចក្ដីទុក្ខ»?
១១ ឃ្លាមុនៗនៃទំនាយរបស់ព្រះយេស៊ូត្រូវបញ្ចប់ដោយពាក្យដូចនេះថា៖ «តែការទាំងនោះ ជាដើមចមនៃសេចក្ដីទុក្ខទេ»។ នេះគឺត្រូវជាប្រាកដចំពោះសង្គ្រាមលោកលើកទីមួយ។ ទីបញ្ចប់នៃសង្គ្រាមនេះនៅឆ្នាំ១៩១៨ មិនបានធ្វើឲ្យមានសន្ដិភាពបានយូរឡើយ។ មិនយូរប៉ុន្មានក៏មានសកម្មភាពនៃសង្គ្រាមដែលមានកំរិត តែឃោរឃៅនៅប្រទេសអេស្យូពី លីបឺយ៉ា អេស្បាញ រុស្ស៊ី ឥណ្ឌា និងប្រទេសឯទៀត។ បន្ទាប់មកក៏មានកើតសង្គ្រាមលោកលើកទីពីរដ៏អាក្រក់ណាស់ ដែលយកជីវិតទាហាន និងជនស៊ីវិល ប្រហែលជា៥០លាននាក់។
១២ ម្យ៉ាងទៀត ថ្វីបើមានកិច្ចព្រមព្រៀងគ្នាខាងសន្ដិភាព និងមានភាពស្ងប់ស្ងៀមពីចំបាំងម្ដងៗក៏ដោយ មនុស្សលោកក៏នៅមានសង្គ្រាមនៅឡើយ។ នៅឆ្នាំ១៩៨៧ មានការប្រកាសថាសង្គ្រាមធំៗ៨១បានត្រូវច្បាំង តាំងពីឆ្នាំ១៩៦០ បណ្ដាលឲ្យមនុស្សប្រុសស្រីនិងក្មេង ១២.៥៥៥.០០០នាក់ស្លាប់។ នៅឆ្នាំ១៩៨៧ មានសង្គ្រាមកើតឡើងច្រើនជាងឆ្នាំមុនៗ ក្នុងប្រវត្ដិសាស្ត្រទៅទៀត។1 ថែមទៅទៀត ការរៀបចំនិងការចំណាយប្រាក់សម្រាប់សង្គ្រាម ឥឡូវឡើងដល់ចំនួនសរុប ប្រហែល១.០០០.០០០.០០០.០០០ដុល្លារ រៀងរាល់ឆ្នាំ ទាំងធ្វើឲ្យទាស់ដល់សេដ្ឋកិច្ចនៃពិភពលោក។2 ទំនាយរបស់ព្រះយេស៊ូ អំពី‹សាសន៍មួយលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ› គឺកំពុងតែត្រូវសម្រេចពិតមែន។ សេះសម្បុរក្រហមនៃសង្គ្រាម បន្តដំណើរដ៏ឃោរឃៅរបស់វាលើផែនដី។ ប៉ុន្តែ ចុះអ្វីជាលក្ខណៈទីពីរនៃទីសម្គាល់នោះ?
អំណត់!
១៣. តើព្រឹត្ដិការណ៍ដ៏ខ្លោចផ្សាអ្វីដែលព្រះយេស៊ូទាយប្រាប់ ហើយចក្ខុនិមិត្តអំពីអ្នកជិះសេះទីបីនៃវិវរណៈ គាំទ្រទំនាយរបស់ទ្រង់យ៉ាងដូចម្ដេច?
១៣ ព្រះយេស៊ូទាយប្រាប់ថា៖ «ហើយនឹងកើតមានអំណត់ . . . នៅកន្លែងផ្សេងៗ»។ សូមសម្គាល់មើលរបៀបដែលទំនាយនេះ ស្របនឹងអ្នកជិះសេះទីបីក្នុងអ្នកជិះសេះទាំងបួននៃវិវរណៈ។ យើងអានអំពីអ្នកនេះថា៖ «ខ្ញុំក៏ក្រឡេកទៅឃើញសេះខ្មៅ១ ឯអ្នកដែលជិះក៏កាន់ជញ្ជីង១នៅដៃ។ រួចខ្ញុំឮសំឡេង១នៅកណ្ដាលតួមានជីវិតទាំង៤ ពោលដូច្នេះថា៖ ‹អង្ករស្រូវសាលី១នាលិថ្លៃ២កាក់ ហើយអង្ករស្រូវឱក៣នាលិថ្លៃ២កាក់ តែកុំឲ្យបង្ខូចប្រេង នឹងស្រាទំពាំងបាយជូរឡើយ›»។ (វិវរណៈ ៦:៥, ៦) ត្រូវហើយគឺកើតមានអំណត់យ៉ាងខ្លាំងមែន!
១៤. តើមានការអត់បាយដ៏ខ្លាំងយ៉ាងណា តាំងពីឆ្នាំ១៩១៤ ដែលបានសម្រេចទំនាយនៃព្រះយេស៊ូ?
១៤ តើទំនាយនេះអាចត្រូវសម្រេចបានទេសព្វថ្ងៃនេះ កាលបើប្រទេសខ្លះមានខ្នាតគំរូនៃជីវភាពដ៏ល្អ? ដោយសង្កេតមើលពិភពលោកទាំងមូល នោះយើងអាចរកឃើញចម្លើយយ៉ាងច្បាស់។ តាមប្រវត្ដិសាស្ត្រ ការអត់បាយគឺបណ្ដាលមកពីសង្គ្រាម និងមហន្តរាយដោយធម្មជាតិ។ ដូច្នេះ មិនមែនជាការភ្ញាក់ផ្អើលទេ ដែលសតវត្សយើងនេះ ដែលមានមហន្តរាយនិងសង្គ្រាមជាច្រើន ត្រូវរងទុក្ខនឹងការអត់បាយជាបន្តបន្ទាប់។ ប្រទេសជាច្រើននៃផែនដីបានរងទុក្ខនឹងមហន្តរាយដូចនេះ តាំងពីឆ្នាំ១៩១៤។ សេចក្ដីរាយការណ៍មួយមានកត់ការអត់បាយដ៏ខ្លាំងជាង៦០ តាំងពីឆ្នាំ១៩១៤ នៅប្រទេសដ៏ឆ្ងាយដាច់ឡែកពីគ្នា ដូចប្រទេសក្រិក ណេថឺឡែនដ៍ សហភាពសូវៀត នីហ្សេរ្ស៉ា ឈែត ឈិលី ប៉េរូ បឹងក្លាដែស បិនកាល កម្ពុជា អេស្យូពី និងជប៉ុន។3 ការអត់បាយខ្លះនេះគឺអស់រយៈបីបួនឆ្នាំ ហើយបណ្ដាលឲ្យមនុស្សរាប់លាននាក់ស្លាប់។
១៥, ១៦. តើអំណត់អ្វីផ្សេងទៀត ដែលពិតជាធ្វើឲ្យមនុស្សស្លាប់ជាច្រើនសព្វថ្ងៃនេះ?
១៥ ថ្វីដ្បិតការអត់បាយដ៏ខ្លាំងតាមធម្មតាបានទទួលការដឹងឮច្រើន តែមិនយូរប៉ុន្មាន ការអត់បាយទាំងនេះក៏បានផុតទៅ ហើយអ្នកដែលនៅរស់ក៏មានជីវភាពគួរសមធម្មតាឡើងវិញ។ ប៉ុន្តែ មានកើតអំណត់ម្យ៉ាងទៀត ដ៏រឹតតែគំរាមកំហែងក្នុងសតវត្សទី២០។ អំណត់នេះមិនជាអស្ចារ្យណាស់ទេ ហើយដូច្នោះគេក៏មិនសូវអើពើ តែវាមានជារៀងរាល់ឆ្នាំ។ នេះគឺជាការរងទុក្ខយ៉ាងខ្លាំងដោយការខ្វះជាតិចំណីអាហារ ដែលធ្វើទុក្ខដល់មួយភាគប្រាំនៃប្រជាជនលើផែនដីយើង ហើយធ្វើឲ្យមនុស្សរវាង១៣និង១៨លាននាក់ស្លាប់រាល់ឆ្នាំ។4
១៦ ក្នុងន័យម្យ៉ាងទៀត នេះគឺអំណត់ម្យ៉ាងដែលធ្វើឲ្យចំនួនមនុស្សដែលស្លាប់ក្នុងពីរថ្ងៃ ស្មើនឹងចំនួនមនុស្សដែលត្រូវស្លាប់ដោយគ្រាប់បែកបរមាណូនៅក្រុងហ៊ីរ៉ូស្សីម៉ា។ ជាប្រាកដ ក្នុងរាល់រយៈពីរឆ្នាំ មានមនុស្សស្លាប់ដោយសារការអត់បាយ ច្រើនជាងទាហានដែលត្រូវស្លាប់ដោយសារសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២ បញ្ចូលគ្នាទៅទៀត។ តើមាន«អំណត់ . . . នៅកន្លែងផ្សេងៗ»ឬទេ តាំងពីឆ្នាំ១៩១៤? គឺមានជាប្រាកដណាស់!
ការកក្រើកដី
១៧. តើការកក្រើកដីអ្វីដែលធ្វើវិនាស មិនយូរប៉ុន្មានក្រោយឆ្នាំ១៩១៤?
១៧ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩១៥ ពេលដែលសង្គ្រាមលោកលើកទី១ ទើបតែកើតឡើងបានពីរបីខែ នោះការកក្រើកដីមួយបានកើតឡើងនៅក្រុងអាប៊្រូហ្ស៊ី ប្រទេសអ៊ីតាលី បណ្ដាលឲ្យមនុស្ស៣២.៦១០នាក់ស្លាប់បាត់បង់ជីវិត។ មហន្តរាយដ៏ធំនេះរំឭកយើងថា សង្គ្រាមនិងអំណត់ក្នុងគ្រាវត្តមាននៃព្រះយេស៊ូ នឹងត្រូវមានរឿងផ្សេងទៀតកើតឡើងជាមួយគ្នាដែរ៖ «មាន . . . កក្រើកដីនៅកន្លែងផ្សេងៗ»។ ដូចជាសង្គ្រាមនិងការអត់បាយដែរ ការកក្រើកដីនៅក្រុងអាប៊្រូហ្ស៊ីគឺគ្រាន់តែជា«ដើមចមនៃសេចក្ដីទុក្ខ»ប៉ុណ្ណោះ។a
១៨. តើទំនាយរបស់ព្រះយេស៊ូអំពីការកក្រើកដី បានត្រូវសម្រេចយ៉ាងដូចម្ដេច?
១៨ សតវត្សទី២០នេះគឺជាសតវត្សដ៏មានការកក្រើកដីយ៉ាងច្រើន ហើយដោយសារការកើតមានវិធីផ្សាយពត៌មាន អស់ទាំងមនុស្សលោកសឹងតែដឹងនូវការវិនាស ដែលបណ្ដាលមកពីការកក្រើកដីនេះ។ យើងគ្រាន់តែពិគ្រោះបន្ដិចបន្តួចនេះថា នៅឆ្នាំ១៩២០ មាន២០០.០០០នាក់ស្លាប់ក្នុងការកក្រើកដីនៅប្រទេសចិន; នៅឆ្នាំ១៩២៣ ប្រហែលជា៩៩.៣០០នាក់ស្លាប់ក្នុងការកក្រើកដីនៅប្រទេសជប៉ុន; នៅឆ្នាំ១៩៣៥ ការកក្រើកដីមួយទៀតបណ្ដាលឲ្យ២៥.០០០នាក់ស្លាប់នៅប្រទេសដែលឥឡូវជាប្រទេសប៉ាគីស្ថាន ហើយ៣២.៧០០នាក់ត្រូវស្លាប់នៅប្រទេសទួរគី នៅឆ្នាំ១៩៣៩។ មាន៦៦.៨០០នាក់ស្លាប់ក្នុងការកក្រើកដីនៅប្រទេសប៉េរូ នៅឆ្នាំ១៩៧០។ ហើយនៅឆ្នាំ១៩៧៦ ប្រហែលជា ២៤០.០០០នាក់ (ឬ៨០០.០០០នាក់ ស្របតាមប្រភពឯទៀត) ស្លាប់នៅក្រុង តាងសាន ប្រទេសចិន។ ពេលថ្មីៗនេះ នៅឆ្នាំ១៩៨៨ មាន២៥.០០០នាក់ ដែលស្លាប់ក្នុងការកក្រើកដីដ៏ខ្លាំង នៅប្រទេសអាម៉េនី។b ជាប្រាកដ មានការ«កក្រើកដីនៅកន្លែងផ្សេងៗ»មែន!6
«សេចក្ដីវេទនា»
១៩. តើសេចក្ដីល្អិតល្អន់អ្វីថែមទៀតនៃទីសម្គាល់ដែលទាយដោយព្រះយេស៊ូ ហើយសម្ដែងឲ្យឃើញជាមុនដោយអ្នកជិះសេះទីបួននៃវិវរណៈ?
១៩ សេចក្ដីល្អិតល្អន់មួយទៀតនៃទំនាយព្រះយេស៊ូគឺអំពីជម្ងឺ។ លូកា ជាអ្នកផ្សាយដំណឹងល្អម្នាក់ កត់ក្នុងដំណើររឿងរបស់លោកថាព្រះយេស៊ូទាយអំពី«[រោគរាតត្បាត]នៅកន្លែងផ្សេងៗ»។ (លូកា ២១:១១) នេះក៏ស្របនឹងទំនាយអំពីអ្នកជិះសេះបួននាក់នៃវិវរណៈដែរ។ អ្នកជិះសេះទីបួននោះឈ្មោះសេចក្ដីស្លាប់ ហើយសម្ដែងឲ្យឃើញនូវ សេចក្ដីស្លាប់ទាំងអាយុខ្លី ដោយសារបុព្វហេតុមួយចំនួន រួមទាំង«សេចក្ដីវេទនា ហើយ . . . សត្វព្រៃនៅផែនដីផង»។—វិវរណៈ ៦:៨
២០. តើរោគអ្វីដែលរាលដាលដ៏ខ្លាំង ដែលសម្រេចមួយចំណែករបស់ទំនាយព្រះយេស៊ូអំពីរោគរាតត្បាត?
២០ កាលនៅឆ្នាំ១៩១៨និង១៩១៩ មនុស្សជាង១.០០០.០០០.០០០នាក់ត្រូវឈឺដោយគ្រុនផ្ដាសាយអេស្បាញ៉ុល ហើយជាង២០.០០០.០០០នាក់បានស្លាប់។ ជម្ងឺនេះធ្វើឲ្យមនុស្សស្លាប់ច្រើនជាងសង្គ្រាមដ៏ធំទៅទៀត។7 ហើយ«សេចក្ដីវេទនា» ឬ‹រោគរាតត្បាត› នៅតែធ្វើទុក្ខដល់តំណមនុស្សនេះ ថ្វីបើមានការជឿនលឿនដ៏អស្ចារ្យខាងវិជ្ជាពេទ្យក៏ដោយ។ ហេតុអ្វីក៏ដូច្នេះ? រឿងមួយគឺពីព្រោះប្រទេសដែលក្រតែងតែមិនបានទទួលផលប្រយោជន៍ ពីការលូតលាស់ខាងវិទ្យាសាស្ត្រ។ មនុស្សក្រីក្ររងទុក្ខហើយស្លាប់ដោយជម្ងឺដែលអាចព្យាបាលឲ្យជាបាន ប្រសិនបើមានប្រាក់ច្រើនថែមទៀត។
២១, ២២. តាមរបៀបណាដែលមនុស្សនៅប្រទេសមាននិងប្រទេសក្របានរងទុក្ខដោយ«សេចក្ដីវេទនា»?
២១ ដូច្នេះហើយ មនុស្សជាង៣០០លាននាក់ ទូទាំងពិភពលោករងទុក្ខដោយជម្ងឺគ្រុនចាញ់។ ប្រហែលជា២០០លាននាក់ មានរោគគ្រុនដោយបរាសិត។ រោគឆាហ្គាសធ្វើទុក្ខដល់មនុស្សជិតម្ភៃលាននាក់។ ប្រមាណ១២៦លាននាក់អាចនឹងមានជម្ងឺខ្វាក់ភ្នែកដោយរោគ។ រោគចុះរាគខ្លាំងធ្វើឲ្យក្មេងជាច្រើនលាននាក់ស្លាប់រាល់ឆ្នាំ។8 រោគរបេងនិងរោគឃ្លង់ នៅតែជាបញ្ហាដ៏ធំខាងសុខភាព។ គឺអស្ចារ្យណាស់ អ្នកក្រីក្រក្នុងពិភពលោករងទុក្ខដោយ‹រោគរាតត្បាតនៅកន្លែងផ្សេងៗ›។
២២ ប៉ុន្តែពួកអ្នកមានក៏រងទុក្ខដូច្នោះដែរ។ ជាឧទាហរណ៍ គ្រុនផ្ដាសាយធ្ងន់ធ្វើទុក្ខដល់ដល់អ្នកមាននិងអ្នកក្រដូចគ្នា។ នៅឆ្នាំ១៩៥៧ គ្រុនផ្ដាសាយធ្ងន់ក្នុងមួយលើកបណ្ដាលឲ្យមនុស្ស៧០.០០០នាក់ស្លាប់ ក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ នៅប្រទេសអាល្លឺម៉ង់ គេប៉ាន់ស្មានថា មនុស្សម្នាក់ក្នុងចំណោមប្រាំមួយនាក់ ដល់ទីបំផុតនឹងត្រូវរងទុក្ខដោយរោគមហារីក។9 រោគឆ្លងដោយការរួមដំណេកក៏ពាធាដល់អ្នកមាននិងអ្នកក្រផង។ រោគប្រមេះទឹកបាយ ជារោគឆ្លងដែលសម្បូរបំផុតក្នុងសហរដ្ឋ ធ្វើទុក្ខដល់១៨,៩ភាគរយនៃប្រជាជននៅតំបន់ខ្លះនៃទ្វីបអាហ្វ្រិក។10 រោគស្វាយ រោគក្លាមោឌា និងរោគពងស្បែកអង្គជាតិ គឺ‹រោគរាតត្បាត›ដ៏អាក្រក់ខ្លះឯទៀត ដែលឆ្លងដោយការរួមដំណេក។
២៣. តើ«សេចក្ដីវេទនា»អ្វី ដែលបានទៅជាល្បីក្នុងសារពត៌មានពេលថ្មីៗនេះ?
២៣ ក្នុងឆ្នាំថ្មីៗនេះ«សេចក្ដីវេទនា»ដោយរោគអេដស៍ ក៏បានកត់ចូលក្នុងបញ្ជីនៃ‹រោគរាតត្បាត›ដែរ។ រោគអេដស៍គឺជារោគមួយដ៏គួរខ្លាចណាស់ ពីព្រោះនៅពេលសរសេរសៀវភៅនេះ ឥតមានពិធីព្យាបាលឲ្យជាបានទេ ហើយចំនួនមនុស្សដែលត្រូវរងទុក្ខដោយរោគនេះក៏កាន់តែកើនច្រើនឡើងផង។ សៀវភៅមហាសង្ក្រាននៃហេតុការណ៍ពិតពិភពលោកប្រចាំឆ្នាំ១៩៩៧ ចែងថា៖ «២១,៨លាននាក់នៃមនុស្សក្នុងពិភពលោក គឺមានរោគអេដស៍ ឬបានឆ្លងដោយមេរោគហេច្ចអាយវី (HIV) ដែលនាំឲ្យមានរោគអេដស៍ . . . មនុស្សប្រមាណ៥,៨លាននាក់បានត្រូវស្លាប់ដោយរោគអេដស៍»។11 ស្របតាមសេចក្ដីប៉ាន់មួយដែលគេបានបោះពុម្ព មេរោគអេដស៍ពាធាបុគ្គលម្នាក់រាល់នាទី។ នេះគឺ«សេចក្ដីវេទនា»ពិតប្រាកដមែន! ប៉ុន្តែ ចុះចំពោះទំនាយអំពីសេចក្ដីស្លាប់ ដោយសារសត្វព្រៃនោះវិញ ជាយ៉ាងដូចម្ដេចដែរ?
«សត្វព្រៃនៅផែនដី»
២៤, ២៥. (ក) តើព្យាការីអេសេគាលបានថ្លែងអំពី‹សត្វព្រៃ›អ្វី? (ខ) តើព្រះយេស៊ូមានបន្ទូលអ្វីអំពី«សត្វព្រៃ» ដែលមានសកម្មភាពលើផែនដី ក្នុងគ្រាវត្តមានរបស់ទ្រង់?
២៤ ការពិត ពេលដែលសត្វព្រៃត្រូវគេនិយាយក្នុងសារពត៌មានសព្វថ្ងៃនេះ គឺពីព្រោះចំពូកសត្វខ្លះត្រូវរងគ្រោះថ្នាក់ឬជិតវិនាសសាបសូន្យហើយ។ «សត្វព្រៃនៅផែនដី» គឺត្រូវគំរាមកំហែងដោយមនុស្ស ច្រើនជាងមនុស្សត្រូវគំរាមកំហែងដោយវា។ ទោះជាដូច្នេះក៏ដោយ នៅប្រទេសខ្លះ សត្វព្រៃដូចជាសត្វខ្លានៅប្រទេសឥណ្ឌា ក៏នៅតែសម្លាប់មនុស្សជារឿយៗ។
២៥ ប៉ុន្តែព្រះគម្ពីរទាក់ទាញអារម្មណ៍របស់យើងទៅលើសត្វព្រៃម្យ៉ាងទៀត ដែលបានបណ្ដាលឲ្យមានការភ័យខ្លាចពិតមែនក្នុងឆ្នាំថ្មីៗនេះ។ ព្យាការីអេសេគាលប្រៀបមនុស្សឃោរឃៅនឹងសត្វព្រៃ ពេលលោកមានប្រសាសន៍ថា៖ «ពួកចៅហ្វាយនៅកណ្ដាលទីក្រុងប្រព្រឹត្តដូចជាសត្វស្វាន ដែលកំពុងតែហែករំពា គេប្រព្រឹត្តដូច្នោះ ដើម្បីនឹងកំចាយឈាម ហើយបំផ្លាញព្រលឹងមនុស្ស ប្រយោជន៍ឲ្យបានកំរៃទុច្ចរិត»។ (អេសេគាល ២២:២៧) ពេលទ្រង់ទាយថា«ការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង» នោះព្រះយេស៊ូគឺដូចមានបន្ទូលថា«សត្វព្រៃ»ទាំងនេះនឹងត្រូវសកម្មឡើង នៅផែនដីក្នុងគ្រាវត្តមានរបស់ទ្រង់។ (ម៉ាថាយ ២៤:១២) ប៉ុលជាអ្នកសរសេរព្រះគម្ពីរប្រាប់ថែមទៀតថា នៅ«ជាន់ក្រោយបង្អស់»មនុស្សនឹង«ស្រឡាញ់ប្រាក់ . . . មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ»ទេ។ (ធីម៉ូថេទី២ ៣:១-៣) តើមានដូច្នេះមែនទេ តាំងពីឆ្នាំ១៩១៤មក?
២៦-២៨. តើសេចក្ដីរាយការណ៍អ្វីពីទូទាំងពិភពលោក ដែលបង្ហាញថា«សត្វព្រៃ»ឧក្រិដ្ឋកំពុងដើរចច្រប់លើផែនដី?
២៦ គឺមានមែន។ បើអ្នករស់នៅក្នុងទីក្រុងធំៗលើផែនដី អ្នកដឹងនូវរឿងនេះហើយ។ ប៉ុន្តែបើអ្នកមិនជឿប្រាកដ សូមអ្នកគ្រាន់តែពិចារណាមើលសេចក្ដីស្រង់ខាងក្រោមនេះ ពីសារពត៌មានថ្មីៗមើលចុះ។ ពីប្រទេសកូឡុមប៊ីយ៉ា៖ «ឆ្នាំមុនប៉ូលិសចុះបញ្ជីទុក . . . ឃាតកម្មប្រហែល១០.០០០និងការប្លន់ដោយប្រើអាវុធ២៥.០០០ដង»។ ពីរដ្ឋវីកតូរ៉ី ប្រទេសអូស្ដ្រាលី៖ «បទឧក្រិដ្ឋធំដុំកើនចំនួនច្រើនឡើង»។ ពីសហរដ្ឋ៖ «ការសម្លាប់គ្នានៅញូវយ៉កឡើងជិតដល់កម្រិតខ្ពស់បំផុតហើយ»។ «ឆ្នាំមុនក្រុងឌីត្រយទៅជាល្បីជាងក្រុងហ៊្គារី រដ្ឋអិនដ្យាណា ជាក្រុងធំមួយដោយមានឃាតកម្មកម្រិតខ្ពស់បំផុតក្នុងប្រទេស—មាន៥៨នាក់ក្នុងចំណោមអ្នកស្រុក១០០.០០០នាក់ត្រូវគេធ្វើឃាត»។
២៧ ពីប្រទេសស៊ីមបាវ៉េ៖ «ការធ្វើឃាតក្មេងទារកបានក្លាយទៅជាវិបត្ដិដ៏ធំមួយ»។ ពីប្រទេសប្រេហ្ស៊ីល៖ «មានបទឧក្រិដ្ឋច្រើនណាស់នៅទីនេះ ហើយមានគេជាច្រើនកាន់កាំភ្លើង ដល់ម្ល៉េះបានជាពត៌មានអំពីការឃោរឃៅលែងធ្វើឲ្យមានសេចក្ដីរំជួលទៀតហើយ»។ ពីប្រទេសញូវហ្សេឡិន៖ «ការរំលោភពាធា និងបទឧក្រិដ្ឋឃោរឃៅនៅតែជាបញ្ហាធំមួយចំពោះប៉ូលិស។ ការឃោរឃៅទៅវិញទៅមករវាងពួកញូវហ្សេឡិន គឺរាប់ថាជាសាហាវណាស់»។ ពីប្រទេសអេស្បាញ៖ «ប្រទេសអេស្បាញរកវិធីដោះស្រាយបញ្ហាខាងបទឧក្រិដ្ឋដ៏កើនច្រើនឡើង»។ ពីប្រទេសអ៊ីតាលី «ពួកម៉ាហ៊្វីយ៉ានៃស៊ីស៊ីលី ក្រោយពេលបានផ្អាកមួយរយៈ ក៏លូតលាស់ឡើងវិញក្នុងការកាប់សម្លាប់»។
២៨ នេះគ្រាន់តែជាតំណាងតិចតួចនៃសេចក្ដីរាយការណ៍ពីសារពត៌មាន ដែលចុះផ្សាយមិនជាយូរប៉ុន្មាន មុនពេលសៀវភៅនេះបានបោះពុម្ព។ ជាប្រាកដ«សត្វព្រៃ»កំពុងដើរចច្រប់លើផែនដី ធ្វើឲ្យមនុស្សភ័យបារម្ភចំពោះសន្ដិសុខរបស់គេ។
ការផ្សាយដំណឹងល្អ
២៩, ៣០. តើអ្វីជាស្ថានភាពនៃពិភពគ្រីស្ទសាសនា ដែលបានសម្រេចតាមទំនាយរបស់ព្រះយេស៊ូ?
២៩ តើសាសនាទៅជាយ៉ាងណា ក្នុងវេលាដ៏ពិបាកនៃវត្តមានព្រះយេស៊ូ? ម្យ៉ាងវិញ ព្រះយេស៊ូទាយថា នឹងមានការចម្រើនឡើងនូវសកម្មភាពខាងសាសនា៖ «នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើង នាំឲ្យមនុស្សជាច្រើនវង្វេងដែរ»។ (ម៉ាថាយ ២៤:១១) ឯម្យ៉ាងទៀត ទ្រង់ទាយថាក្នុងពិភពគ្រីស្ទសាសនាទាំងមូល ការចាប់អារម្មណ៍នឹងព្រះត្រូវរសាយអន់ចុះខ្លាំងណាស់។ «សេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ»។—ម៉ាថាយ ២៤:១២
៣០ សេចក្ដីនេះពិតជារៀបរាប់ការដែលកំពុងកើតឡើងក្នុងពិភពគ្រីស្ទសាសនាសព្វថ្ងៃនេះមែន។ ម្យ៉ាងទៀត ពិភពគ្រីស្ទសាសនានៅគ្រប់កន្លែងកំពុងតែអន់ថយ ដោយខ្វះការគាំទ្រ។ ក្នុងប្រទេសដែលពីមុនខ្លាំងខាងសាសនាប្រូតេស្តង់ ដូចទ្វីបអឺរ៉ុបខាងជើង និងប្រទេសអង់គ្លេស សាសនាគឺសាបសូន្យអស់ហើយ។ ក្នុងគ្រាជាមួយគ្នា សាសនាកាតូលិកកំពុងរងការលំបាកដោយខ្វះសង្ឃ និងដោយការគាំទ្រដែលទៅជាស្តួចស្តើងទៅ។ ឯម្យ៉ាងទៀត ក៏មានស្ទុះកើតឡើងនូវសាសនាបន្ទាប់បន្សំផ្សេងៗដែរ។ ក្រុមមានជំនឿដែលសំអាងលើសាសនាបូព៌ាក៏កើតមានជាច្រើនឡើង ហើយឯអ្នកប្រកាសសាសនាតាមទូរទស្សន៍ដ៏លោភលន់នោះវិញ ក៏ទាក់ទាញយកប្រាក់ជាច្រើនលានដុល្លារ។
៣១. តើព្រះយេស៊ូបានទាយប្រាប់អំពីអ្វី ដែលជួយសម្គាល់គ្រីស្ទានពិតក្នុងសព្វថ្ងៃនេះ?
៣១ ប៉ុន្តែ ចុះចំពោះសាសនាគ្រីស្ទានពិត ជាសាសនាដែលបង្កើតដំបូងដោយព្រះយេស៊ូ ហើយផ្សាយដោយពួកសាវ័កទ្រង់នោះ? សាសនានេះនៅតែមានក្នុងគ្រាវត្តមាននៃព្រះយេស៊ូ ប៉ុន្តែតើគេអាចសម្គាល់សាសនានេះយ៉ាងដូចម្ដេច? មានរបស់មួយចំនួនដែលសម្គាល់សាសនាគ្រីស្ទានពិត ហើយរបស់មួយគឺត្រូវថ្លែងប្រាប់ក្នុងទំនាយដ៏សំខាន់របស់ព្រះយេស៊ូ។ ពួកគ្រីស្ទានពិតនឹងរវល់ខិតខំក្នុងកិច្ចការផ្សាយទូទាំងពិភពលោក។ ព្រះយេស៊ូបានទាយប្រាប់ថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។—ម៉ាថាយ ២៤:១៤
៣២. តើក្រុមអ្វីមួយគត់ដែលបានសម្រេចទំនាយរបស់ព្រះយេស៊ូ ដែលកត់ទុកក្នុងម៉ាថាយ ២៤:១៤?
៣២ ការផ្សាយនេះឥឡូវកំពុងធ្វើឡើងដ៏ច្រើនមហិមា! សព្វថ្ងៃនេះ ក្រុមសាសនាដែលហៅថា ស្មរបន្ទាល់ព្រះយេហូវ៉ា ចូលរួមក្នុងសកម្មភាពខាងផ្សាយដ៏ច្រើនលើសលុបបំផុត ក្នុងប្រវត្ដិសាស្ត្រសាសនាគ្រីស្ទាន។ (អេសាយ ៤៣:១០, ១២) កាលនៅឆ្នាំ១៩១៩ ពេលសាសនាសំខាន់ៗនៃពិភពគ្រីស្ទសាសនា ដែលចូលគំនិតខាងនយោបាយ កំពុងតែគាំទ្រសម្ព័ន្ធប្រជាជាតិដែលនឹងត្រូវរលំនោះ ស្មរបន្ទាល់ព្រះយេហូវ៉ាក៏រៀបចំចាត់ចែង ដើម្បីធ្វើប្រតិបត្ដិការផ្សាយទូទាំងផែនដីនេះ។
៣៣, ៣៤. តើដំណឹងល្អអំពីព្រះរាជាណាចក្របានត្រូវផ្សាយទូទាំងពិភពលោកដល់កម្រិតណា?
៣៣ មានពួកស្មរបន្ទាល់ប្រហែលជា១០.០០០នាក់តែប៉ុណ្ណោះនៅកាលនោះ ប៉ុន្តែពួកគេដឹងថាកិច្ចការនេះសំខាន់ត្រូវតែធ្វើ។ ដោយចិត្តក្លាហាន ពួកគេចាប់ផ្ដើមកិច្ចការផ្សាយប្រកាស។ ពួកគេដឹងថាការរំលែកគ្នារវាងបព្វជិតនិងគ្រហស្ថ គឺខុសផ្ទុយពីសេចក្ដីបង្គាប់នៃព្រះគម្ពីរ និងគំរូនៃសាវករបស់ព្រះយេស៊ូផង។ ដូច្នេះ ពួកគេទាំងអស់គ្នាក៏រៀននិយាយនឹងអ្នកជិតខាងរបស់គេ អំពីព្រះរាជាណាចក្រនៃព្រះ។ ពួកគេក្លាយជាអង្គការមួយនៃអ្នកផ្សាយប្រកាស។
៣៤ ដល់វេលាកន្លងទៅ អ្នកផ្សាយទាំងនេះស៊ូទ្រាំនឹងការប្រឆាំងយ៉ាងខ្លាំង។ នៅទ្វីបអឺរ៉ុប ពួកគេបានត្រូវប្រឆាំងដោយរបបប្រើសិទ្ធិផ្ដាច់ការគ្រប់យ៉ាង។ នៅសហរដ្ឋនិងប្រទេសកាណាដា ពួកគេទទួលការគំរាមកំហែងតាមផ្លូវច្បាប់ និងការបៀតបៀនពីហ្វូងមនុស្សដែលបង្កើតចលាចល។ នៅប្រទេសឯទៀត ពួកគេត្រូវតែទប់ទល់នឹងការប្រកាន់សាសនាដ៏ហួសហេតុ និងការធ្វើទុក្ខបៀតបៀនគ្មានធម៌មេត្ដា ពីពួកអ្នកប្រើអំណាចផ្ដាច់ការ។ ក្នុងឆ្នាំថ្មីៗនេះ ពួកគេក៏ត្រូវតែទប់ទល់នឹងគំនិតនៃលទ្ធិមជ្ឈនិយម និងការផ្ដេកផ្ដួលតាមខ្លួនហួសហេតុ ដែលបានកើតឡើង។ ប៉ុន្តែ ពួកគេបាននៅខ្ជាប់ខ្ជួន រហូតដល់មានគ្នាជាងប្រាំលាននាក់សព្វថ្ងៃនេះ ក្នុង២៣៣ប្រទេស។ កាលពីមុន ដំណឹងល្អអំពីព្រះរាជាណាចក្រមិនដែលបានផ្សាយពាសពេញដូច្នេះឡើយ—នេះជាការត្រូវសម្រេចដ៏អស្ចារ្យនៃលក្ខណៈនៃទីសម្គាល់នេះ!
តើរឿងទាំងអស់នេះមានន័យអ្វី?
៣៥. (ក) តាមរបៀបណាដែលការត្រូវសម្រេចនៃទំនាយសព្វថ្ងៃនេះ ជួយបង្ហាញថាព្រះគម្ពីរគឺបណ្ដាលមកព្រះ? (ខ) តើការត្រូវសម្រេចនៃទីសម្គាល់ដែលព្រះយេស៊ូផ្ដល់ឲ្យ មានន័យយ៉ាងដូចម្ដេចសម្រាប់សម័យយើងនេះ?
៣៥ ដោយគ្មានសង្ស័យឡើយ យើងកំពុងតែឃើញផ្ទាល់នូវការត្រូវសម្រេចនៃទីសម្គាល់ដ៏សំខាន់ដែលព្រះយេស៊ូបានផ្ដល់ឲ្យ។ ការណ៍ពិតនេះជួយធ្វើជាទីសំអាងថែមទៀតថា ព្រះគម្ពីរគឺពិតជាបណ្ដាលមកពីព្រះមែន។ គ្មានមនុស្សណាអាចទាយប្រាប់មុនជាយូរ អំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងក្នុងសតវត្សទី២០នេះបានឡើយ។ ម្យ៉ាងទៀត ការត្រូវសម្រេចនៃទីសម្គាល់មានន័យថា យើងកំពុងរស់នៅក្នុងគ្រាវត្តមាននៃព្រះយេស៊ូ និងគ្រាចុងបំផុតនៃរបបលោកីយ៍ហើយ។ (ម៉ាថាយ ២៤:៣) តើអ្វីជាសារៈសំខាន់អំពីរឿងនេះ? តើអ្វីត្រូវទាក់ទងនឹងវត្តមាននៃព្រះយេស៊ូ? ហើយអ្វីជារបបលោកីយ៍ដែលត្រូវដល់ទីបញ្ចប់នោះ? ដើម្បីឆ្លើយនឹងសំនួរទាំងនេះ យើងត្រូវពិចារណាមើលទីសំអាងដ៏ខ្លាំងមួយទៀត ដែលសម្ដែងថាព្រះគម្ពីរគឺបណ្ដាលមកពីព្រះ៖ គឺសេចក្ដីស្របគ្នាដ៏អស្ចារ្យក្នុងព្រះគម្ពីរ។ យើងនឹងពិគ្រោះអំពីរឿងនេះបន្ទាប់មកទៀត ហើយនឹងឃើញ សូម្បីក្នុងពេលឥឡូវនេះ នូវរបៀបដែលសាច់រឿងសំខាន់នៃព្រះគម្ពីរត្រូវជិតដល់ទីបញ្ចប់មួយដ៏គួរឲ្យស្ងើចក្នុងចិត្តយ៉ាងខ្លាំង។
[កំណត់សម្គាល់]
a មានការកក្រើកដីយ៉ាងតិចប្រាំដង ពីឆ្នាំ១៩១៤ទៅ១៩១៨ ដែលមានកម្រិត៨ឬខ្ពស់ជាង៨ តាមគ្រឿងស្ទង់—រីចតឺរ៍-គឺខ្លាំងជាងការកក្រើកដីនៅអាប៊្រូហ្ស៊ី។ ប៉ុន្តែ ការកក្រើកដីទាំងនេះគឺកើតឡើងនៅទីកន្លែងឆ្ងាយដាច់ឡែក ម្ល៉ោះហើយក៏មិនចាប់អារម្មណ៍មនុស្សច្រើន ដូចការកក្រើកដីនៅប្រទេសអ៊ីតាលីទេ។5
b ចំនួនខុសៗគ្នាបានត្រូវរាយការណ៍ចំពោះអ្នករងគ្រោះនៃមហន្តរាយខ្លះនេះ។ ប៉ុន្តែ ទាំងអស់សុទ្ធតែជាសេចក្ដីវិនាសដ៏ខ្លាំងក្រៃលែង។