តើពិតជាត្រូវមានអ្វីដើម្បីមានសុភមង្គល?
ព្រះយេហូវ៉ាដែលជា«ព្រះដ៏សប្បាយ»និងព្រះយេស៊ូគ្រីស្ទដែលទ្រង់ជា«ព្រះជាម្ចាស់ប្រកបដោយសុភមង្គល»ជ្រាបយ៉ាងច្បាស់បំផុតអំពីអ្វីដែលចាំបាច់ដើម្បីមានសុភមង្គល។ (ធីម៉ូថេទី១ ១:១១, ព.ថ.; ៦:១៥, ខ.ស.) ហេតុនេះ គ្មានអ្វីចំឡែកឡើយដែលគន្លឹះនៃសុភមង្គលត្រូវចង្អុលបញ្ជាក់ក្នុងព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះ។—វិវរណៈ ១:៣; ២២:៧
ក្នុងធម្មទានដ៏ល្បីរបស់ព្រះយេស៊ូនៅលើភ្នំនោះ ទ្រង់បានមានបន្ទូលអំពីអ្វីដែលត្រូវមានដើម្បីមានសុភមង្គល។ ព្រះយេស៊ូមានបន្ទូលថា៖ «មានពរហើយ»ឬមានសុភមង្គលហើយ (១) អស់អ្នកដែលមានសេចក្ដីកំសត់ខាងឯវិញ្ញាណឬដែលទទួលស្គាល់ថា ខ្លួនមានសេចក្ដីត្រូវការខាងចំណេះអំពីព្រះ (២) អស់អ្នកដែលយំសោក (៣) អស់អ្នកដែលស្លូតត្រង់ (៤) អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត (៥) អស់អ្នកដែលមានចិត្តមេត្ដាករុណា (៦) អស់អ្នកដែលមានចិត្តបរិសុទ្ធ (៧) អស់អ្នកដែលផ្សះផ្សាគេឬបង្កើតឲ្យមានសន្ដិភាព (៨) អស់អ្នកដែលត្រូវគេបៀតបៀនដោយព្រោះសេចក្ដីសុចរិត (៩) អស់អ្នកដែលត្រូវគេជេរហើយបៀតបៀនដោយព្រោះព្រះនាមទ្រង់។—ម៉ាថាយ ៥:៣-១១a
តើបន្ទូលរបស់ព្រះយេស៊ូត្រឹមត្រូវទេ?
ចំណែងខ្លះរបស់ព្រះយេស៊ូអាចយល់បានងាយស្រួលថាជាការពិតមែន។ គ្មានអ្នកណានឹងបដិសេធថាមនុស្សដែលមានចិត្តស្លូត ចិត្តមេត្ដាករុណា និងផ្សះផ្សាគេឬបង្កើតឲ្យមានសន្ដិភាពដោយមានចិត្តបរិសុទ្ធនឹងសប្បាយជាងមនុស្សក្រេវក្រោធ រឹងចចេស និងគ្មានមេត្ដា។
ក៏ប៉ុន្តែ យើងប្រហែលជាឆ្ងល់ថា តើមនុស្សដែលស្រេកឃ្លាននូវសេចក្ដីសុចរិតឬក៏យំសោកពិតជាអាចមានសុភមង្គលយ៉ាងដូចម្ដេច? បុគ្គលទាំងនេះចេះទទួលស្គាល់ការពិតអំពីស្ថានភាពពិភពលោក។ បុគ្គលទាំងនេះ«ដកដង្ហើមធំហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្ត»នៅសម័យយើងនេះ។ (អេសេគាល ៩:៤) មិនមែនការដកដង្ហើមធំហើយស្រែកថ្ងូរនោះដែលធ្វើឲ្យបុគ្គលទាំងនេះមានសុភមង្គលទេ។ ប៉ុន្តែ ពួកគេអរសប្បាយឥតឧបមានៅពេលដែលរៀនដឹងថា ព្រះមានព្រះបំណងធ្វើឲ្យស្ថានភាពលើផែនដីពោរពេញដោយក្ដីសុចរិត ហើយមានព្រះបំណងនាំឲ្យមានយុត្ដិធម៌សំរាប់អស់អ្នកដែលត្រូវគេជិះជាន់។—អេសាយ ១១:៤
សេចក្ដីស្រឡាញ់ចំពោះសេចក្ដីសុចរិតក៏នាំឲ្យមនុស្សយំសោកពេលដែលខ្លួនភ្លាត់ធ្វើខុសម្ដងៗ។ ហេតុនេះពួកគេទទួលស្គាល់ថាខ្លួនមានសេចក្ដីកំសត់ខាងវិញ្ញាណ ឬមានសេចក្ដីត្រូវការខាងចំណេះអំពីព្រះ។ មនុស្សទាំងនេះសុខចិត្តស្វែងរកការណែនាំពីព្រះពីព្រោះទទួលស្គាល់ថា មានតែទ្រង់ប៉ុណ្ណោះដែលអាចជួយឲ្យពួកគេឈ្នះភាពទន់ខ្សោយរបស់ខ្លួន។—សុភាសិត ១៦:៣, ៩; ២០:២៤
មនុស្សដែលយំសោក អ្នកដែលស្រេកឃ្លានសេចក្ដីសុចរិត ហើយអស់អ្នកដែលទទួលស្គាល់សេចក្ដីត្រូវការរបស់ខ្លួនខាងចំណេះអំពីព្រះ ពួកគេយល់ដឹងនូវសារៈសំខាន់នៃការមានចំណងមិត្តភាពជាមួយនឹងព្រះដែលជាអ្នកបង្កើត។ ទំនាក់ទំនងដ៏ល្អជាមួយនឹងមនុស្សឯទៀតនាំឲ្យមានសុភមង្គលមែន តែចំណងមិត្តភាពជាមួយនឹងព្រះនាំឲ្យមានសុភមង្គលលើសជាងនោះទៅទៀត។ គឺជាការពិតណាស់ អស់អ្នកដែលពិតជាស្រឡាញ់សេចក្ដីសុចរិតនិងសុខចិត្តស្ដាប់តាមការណែនាំរបស់ព្រះ នោះពិតជាមានសុភមង្គលពិតប្រាកដមែន។
ក៏ប៉ុន្តែ អ្នកប្រហែលជាពិបាកជឿថា តើមនុស្សដែលត្រូវគេជេរនិងបៀតបៀនអាចមានសុភមង្គលយ៉ាងដូចម្ដេច? ប៉ុន្តែ បន្ទូលនេះគឺជាការពិត ដ្បិតនេះជាបន្ទូលរបស់ព្រះយេស៊ូ។ ដូច្នេះ តើបន្ទូលទ្រង់មានន័យយ៉ាងណា?
តើអាចសប្បាយយ៉ាងដូចម្ដេចបានពេលដែលគេបៀតបៀន?
សូមកត់សម្គាល់ ព្រះយេស៊ូមិនបានមានបន្ទូលថាការជេរប្រមាថនិងការបៀតបៀនជាអ្វីដែលនាំឲ្យមានសុភមង្គលទេ។ ទ្រង់បានបញ្ជាក់ថា៖ «មានពរហើយ[ឬ«មានសុភមង្គលហើយ», ខ.ស.] អស់អ្នកដែលត្រូវគេបៀតបៀនដោយព្រោះសេចក្ដីសុចរិត . . . ក្នុងកាលដែលគេជេរ បៀតបៀន . . . អ្នករាល់គ្នា ដោយព្រោះខ្ញុំ»។ (ម៉ាថាយ ៥:១០, ១១) ដូច្នេះ មនុស្សមានសុភមង្គល បើការជេរប្រមាថនោះគឺមកដោយសារពួកគេជាអ្នកកាន់តាមព្រះគ្រីស្ទហើយពីព្រោះពួកគេមានរបៀបរស់នៅដែលសមស្របតាមគោលការណ៍សុចរិតដែលព្រះយេស៊ូបានបង្រៀន។
ចំណុចនេះត្រូវបានបង្ហាញឲ្យឃើញដោយអ្វីដែលបានកើតឡើងដល់ជនគ្រីស្ទាននៅសម័យដើម។ សមាជិកនៃតុលាការជាន់ខ្ពស់របស់សាសន៍យូដាបាន«ហៅពួកសាវ័កមកវិញ នោះក៏វាយនឹងរំពាត់ ព្រមទាំងហាមឃាត់មិនឲ្យនិយាយពីព្រះនាមព្រះយេស៊ូវទៀត រួចលែងឲ្យទៅ»។ តើសាវ័កទាំងនោះមានអារម្មណ៍យ៉ាងណា? «ពួកសាវ័កក៏ចេញពីពួកក្រុមជំនុំទៅដោយអរសប្បាយ ពីព្រោះព្រះបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្ដីដំនៀលដោយព្រោះព្រះនាមទ្រង់ ហើយអ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច»។—កិច្ចការ ៥:៤០-៤២; ១៣:៥០-៥២, កំណែជាអក្សរទ្រេត
សាវ័កពេត្រុសក៏បានពន្យល់ថែមទៀតទៅលើទំនាក់ទំនងរវាងការជេរប្រមាថនិងសុភមង្គល។ ពេត្រុសបានសរសេរថា៖ «បើសិនជាគេតិះដៀលអ្នករាល់គ្នាដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ[ឬ«មានសុភមង្គលហើយ»,ខ.ស.] ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ»។ (ពេត្រុសទី១ ៤:១៤) ពិតមែន បើយើងរងទុក្ខលំបាកដោយសារជាគ្រីស្ទាន ហើយដោយព្រោះយើងធ្វើអ្វីដ៏ត្រឹមត្រូវ នេះនាំឲ្យមានសុភមង្គលដោយព្រោះយើងដឹងថា វិញ្ញាណបរិសុទ្ធរបស់ព្រះសណ្ឋិតលើយើង។ តើវិញ្ញាណរបស់ព្រះជាប់ទាក់ទងនឹងសុភមង្គលយ៉ាងដូចម្ដេច?
កិច្ចការខាងសាច់ឈាមឬផលផ្លែនៃព្រះវិញ្ញាណ?
វិញ្ញាណបរិសុទ្ធរបស់ព្រះសណ្ឋិតលើអ្នកដែលស្ដាប់បង្គាប់ព្រះនិងគោរពទ្រង់ជាអ្នកគ្រប់គ្រង។ (កិច្ចការ ៥:៣២) ព្រះយេហូវ៉ាមិនប្រទានវិញ្ញាណរបស់ទ្រង់ដល់អ្នកដែលប្រព្រឹត្ត«កិច្ចការខាងសាច់ឈាម» ដែលរួមមាន«សេចក្ដីកំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សំឡាប់ ប្រមឹក ស៊ីផឹកជ្រុល នឹងការអ្វីទៀតដែលស្រដៀងនឹងសេចក្ដីទាំងនេះផង»។ (កាឡាទី ៥:១៩-២១) ពិតមែនថា «កិច្ចការខាងសាច់ឈាម»ជាទង្វើប្រក្រតីរបស់មនុស្សសព្វថ្ងៃនេះ។ ទោះជាយ៉ាងនេះក៏ដោយ អ្នកដែលប្រព្រឹត្តដូច្នេះគ្មានសុភមង្គលពិតប្រាកដឬស្ថិតស្ថេរឡើយ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្តដូច្នេះបំផ្លាញនូវទំនាក់ទំនងល្អជាមួយនឹងបងប្អូនញាតិមិត្តហើយមិត្តភក្ដិ។ ម្យ៉ាងទៀត ព្រះបន្ទូលរបស់ព្រះប្រាប់ថា អ្នក«ដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះ ទុកជាមរដកឡើយ»។
ផ្ទុយទៅវិញ ព្រះប្រទានវិញ្ញាណរបស់ទ្រង់ដល់អ្នកដែលបណ្ដុះឲ្យមាន«ផលផ្លែនៃព្រះវិញ្ញាណ»។ ផលផ្លែនោះរួមបញ្ចូលគុណសម្បត្ដិផ្សេងៗ គឺ«សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្ដោសមេត្ដា ជំនឿ ចិត្តស្លូតបូត ចេះទប់ចិត្តខ្លួនឯង»។ (កាឡាទី ៥:២២, ២៣, ខ.ស.) នៅពេលដែលយើងបង្ហាញគុណសម្បត្ដិទាំងនេះមានសេចក្ដីសុខសាន្តមែនកាលដែលយើងបង្កើតឲ្យមានមេត្រីភាពដ៏ល្អជាមួយនឹងអ្នកឯទៀតនិងជាមួយព្រះ ហើយនេះនាំឲ្យយើងមានសុភមង្គលពិតប្រាកដ។ (សូមមើលប្រអប់) សំខាន់ជាងនេះទៅទៀត ដោយបង្ហាញសេចក្ដីស្រឡាញ់ ចិត្តសប្បុរស ចិត្តសន្ដោសមេត្ដា និងគុណសម្បត្ដិឯទៀតដូចព្រះ យើងធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យហើយយើងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ទ្រង់។
យើងអាចរើសយកសុភមង្គលបាន
លោកវ៉ូលកាងនិងភរិយារបស់លោកឈ្មោះប៊្រីជីតរស់នៅប្រទេសអាឡឺម៉ង់។ នៅពេលដែលវ៉ូលកាងនិងប៊្រីជីតចាប់ផ្ដើមសិក្សាព្រះគម្ពីរដោយយកចិត្តទុកដាក់នោះ ពួកគាត់មានទ្រព្យសម្បត្ដិជាច្រើនដែលមនុស្សចាត់ទុកថាវាជាអ្វីចាំបាច់ដើម្បីឲ្យមានសុភមង្គល។ វ៉ូលកាងនិងប៊្រីជីតស្ថិតក្នុងនៅយុវភាពនៅឡើយហើយមានសុខភាពល្អទៀតផង។ ពួកគាត់ក៏មានសំលៀកបំពាក់ថ្លៃៗ រស់នៅក្នុងផ្ទះមួយដ៏ប្រណីត ហើយមានអាជីពដែលរីកចំរើនផងដែរ។ វ៉ូលកាងនិងប៊្រីជីតច្រើនតែចំណាយពេលទៅលើការស្វែងរកទ្រព្យសម្បត្ដិថែមទៀត ប៉ុន្តែ នោះមិនបាននាំឲ្យពួកគាត់មានសុភមង្គលពិតប្រាកដទេ។ ក្រោយមក វ៉ូលកាងនិងប៊្រីជីតធ្វើការសម្រេចចិត្តដ៏សំខាន់មួយ។ ពួកគាត់ចាប់ផ្ដើមចំណាយពេលនិងកម្លាំងច្រើនជាងទៅលើអ្វីដែលទាក់ទងនឹងការថ្វាយបង្គំព្រះ ហើយក៏បានរកវិធីចូលទៅជិតព្រះយេហូវ៉ាជាង។ មិនយូរក្រោយមក ការសម្រេចចិត្តនេះបានធ្វើឲ្យពួកគាត់កែប្រែចិត្តគំនិត។ បន្ទាប់មកចិត្តគំនិតថ្មីនេះបានជំរុញវ៉ូលកាងនិងប៊្រីជីតឲ្យកែប្រែរបៀបរស់នៅឲ្យសាមញ្ញវិញ ហើយបំរើជាអ្នកត្រួសត្រាយឬអ្នកផ្សព្វផ្សាយពេញពេលអំពីព្រះរាជាណាចក្ររបស់ព្រះ។ សព្វថ្ងៃនេះ ពួកគាត់បំរើជាជនស្ម័គ្រចិត្តនៅឯការិយាល័យសាខានៃស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសអាឡឺម៉ង់។ ម្យ៉ាងទៀត វ៉ូលកាងនិងប៊្រីជីតកំពុងតែរៀនភាសាអាស៊ីមួយ ដើម្បីជួយជនបរទេសឲ្យរៀនសេចក្ដីពិតក្នុងព្រះគម្ពីរ គឺព្រះបន្ទូលរបស់ព្រះ។
តើស្វាមីភរិយាមួយគូនេះបានរកឃើញសុភមង្គលពិតឬទេ? វ៉ូលកាងប្រាប់៖ «តាំងពីខ្ញុំចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើការថ្វាយបង្គំព្រះនោះ យើងសប្បាយជាង ហើយក៏មានការពេញចិត្តនឹងការរស់នៅរបស់យើងជាងពីមុនដែរ។ ការបំរើព្រះយេហូវ៉ាអស់ពីចិត្តក៏បានពង្រឹងចំណងអាពាហ៍ពិពាហ៍របស់យើងទៀតផង។ យើងធ្លាប់សប្បាយនឹងអាពាហ៍ពិពាហ៍របស់យើងពីមុនពិតមែន ប៉ុន្តែយើងមានភារកិច្ចនិងគោលដៅដែលអូសទាញយើងឲ្យទៅទិសផ្ទុយពីគ្នា។ ឥឡូវនេះយើងរួមគ្នាខំសម្រេចគោលដៅតែមួយ»។
តើត្រូវមានអ្វីដើម្បីឲ្យមានសុភមង្គល?
បើនិយាយឲ្យចំទៅ៖ ចូរចៀសវាងពី«កិច្ចការខាងសាច់ឈាម» ហើយបណ្ដុះឲ្យមាន«ផលផ្លែនៃព្រះវិញ្ញាណ[របស់ព្រះ]»។ ដើម្បីមានសុភមង្គល យើងត្រូវតែមានក្ដីប្រាថ្នាចង់ឲ្យមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយនឹងព្រះ។ អ្នកណាដែលព្យាយាមមានចំណងមិត្តភាពបែបនេះ អ្នកនោះនឹងមានសុភមង្គលដូចព្រះយេស៊ូបានមានបន្ទូលនោះ។
ដូច្នេះ កុំយល់ច្រឡំសោះឡើយថា សុភមង្គលជាអ្វីដែលអ្នកមិនអាចរកឃើញនោះ។ ប្រហែលជាអ្នកគ្មានសុខភាពល្អឬក៏មានបញ្ហាក្នុងអាពាហ៍ពិពាហ៍។ ប្រហែលជាអ្នកមិនអាចមានកូនចៅឬក៏ប្រហែលជាអ្នកកំពុងតែខំប្រឹងរកការងារធ្វើដ៏ល្អ។ ប្រហែលជាអ្នកមិនសូវមានលុយដូចពីមុនទេ។ យ៉ាងណាក៏ដោយ ចូរសង្ឃឹមឡើង! គ្មានហេតុគួរឲ្យអស់សង្ឃឹមឡើយ! ក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ បញ្ហាទាំងនេះនិងបញ្ហារាប់រយឯទៀតនឹងត្រូវដោះស្រាយ។ ពិតមែន បន្ដិចទៀតទ្រង់នឹងសម្រេចតាមបន្ទូលរបស់ទ្រង់ដែលអ្នកតែងទំនុកដំកើងបានសរសេរថា៖ «រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច . . . ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។ (ទំនុកដំកើង ១៤៥:១៣, ១៦) អ្នកបំរើព្រះយេហូវ៉ារាប់លាននាក់ទូទាំងផែនដីអាចបញ្ជាក់ប្រាប់ថា ការឲ្យសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដក់ជាប់ក្នុងចិត្តគំនិតនោះ នេះនឹងជួយបង្កើនសុភមង្គលរបស់អ្នកសព្វថ្ងៃនេះ។—វិវរណៈ ២១:៣
[កំណត់សម្គាល់]
a ក្នុងចំណោមចំណែងប្រាំបួនយ៉ាងរបស់ព្រះយេស៊ូ ចំណែងនិមួយៗចាប់ផ្ដើមដោយពាក្យភាសាក្រិចដែលអានថាម៉ាការីអូយ។ ជាជាងបកប្រែថា«មានពរហើយ»ដូចព្រះគម្ពីរខ្លះនោះ ព្រះគម្ពីរភាសាខ្មែរសម្រាយ និងសេចក្ដីបកប្រែឯទៀត បកប្រែពាក្យនេះត្រឹមត្រូវជាងដោយដាក់ថា«មានសុភមង្គលហើយ»។
អ្វីដែលជួយឲ្យមានសុភមង្គល
សេចក្ដីស្រឡាញ់ជំរុញអ្នកឯទៀតឲ្យស្រឡាញ់អ្នកវិញ។
អំណរជួយផ្ដល់កម្លាំងចិត្តឲ្យស៊ូទ្រាំនឹងការលំបាក។
សេចក្ដីសុខសាន្តជួយកុំឲ្យមានការទាស់ទែងគ្នាជាមួយនឹងអ្នកឯទៀត។
ចិត្តអត់ធ្មត់ផ្ដល់សមត្ថភាពឲ្យអ្នករក្សាសុភមង្គលឲ្យស្ថិតស្ថេរ សូម្បីតែនៅពេលដែលមានទុក្ខលំបាកក៏ដោយ។
ចិត្តសប្បុរសទាក់ទាញទឹកចិត្តអ្នកឯទៀត។
ចិត្តសន្ដោសមេត្ដាធ្វើឲ្យអ្នកឯទៀតជួយអ្នកពេលដែលមានអាសន្នអន្ធក្រ។
ជំនឿធ្វើឲ្យអ្នកប្រាកដថា ទ្រង់នឹងណែនាំអ្នកដោយសេចក្ដីស្រឡាញ់ជាមិនខាន។
ចិត្តស្លូតបូតនាំឲ្យអ្នកមានចិត្តស្ងប់ហើយថ្លាគំនិតផងដែរ។
ចេះទប់ចិត្តខ្លួនឯងកាត់បន្ថយកំហុសឆ្គងរបស់អ្នក។
[រូបភាពនៅទំព័រ៧]
ដើម្បីរកឃើញសុភមង្គល អ្នកត្រូវតែបំពេញសេចក្ដីត្រូវការខាងចំណេះអំពីព្រះ