ជំពូកទី១២៩
ពីឡាតប្រកាសថា៖ «មើល! គឺបុរសនេះហើយ!»
ម៉ាថាយ ២៧:១៥-១៧, ២០-៣០ ម៉ាកុស ១៥:៦-១៩ លូកា ២៣:១៨-២៥ យ៉ូហាន ១៨:៣៩–១៩:៥
ពីឡាតព្យាយាមដោះលែងលោកយេស៊ូ
ជនជាតិយូដាសុំឲ្យដោះលែងបារ៉ាបាស
លោកយេស៊ូត្រូវគេចំអកមើលងាយហើយវាយធ្វើបាប
ពីឡាតប្រាប់បណ្ដាជនដែលចង់ឲ្យគេសម្លាប់លោកយេស៊ូថា៖ «ខ្ញុំ . . . មិនបានឃើញថាបុរសនេះមានទោសអ្វីដែលគួរឲ្យអ្នករាល់គ្នាចោទប្រកាន់គាត់ដូច្នេះទេ។ សូម្បីតែហេរ៉ូឌក៏មិនបានឃើញថាគាត់មានទោសអ្វីដែរ»។ (លូកា ២៣:១៤, ១៥) ឥឡូវ ពីឡាតព្យាយាមប្រើវិធីផ្សេងទៀត ដើម្បីដោះលែងលោកយេស៊ូ។ គាត់និយាយទៅកាន់បណ្ដាជនថា៖ «អ្នករាល់គ្នាមានទម្លាប់ឲ្យខ្ញុំដោះលែងបុរសម្នាក់ឲ្យអ្នករាល់គ្នាក្នុងឱកាសបុណ្យរំលង។ ដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចនៃជនជាតិយូដាឲ្យអ្នករាល់គ្នាឬ?»។—យ៉ូហាន ១៨:៣៩
ពីឡាតដឹងថាមានអ្នកទោសម្នាក់ឈ្មោះបារ៉ាបាស ដែលគេស្គាល់ថាជាចោរប្លន់ ជាអ្នកបំបះបំបោរ និងជាឃាតករ។ ដូច្នេះ ពីឡាតសួរបណ្ដាជនថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា? បារ៉ាបាស? ឬក៏យេស៊ូដែលហៅថាគ្រិស្ត?»។ ប៉ុន្តែ ដោយមានការញុះញង់ពីពួកសង្ឃនាយក នោះបណ្ដាជនសុំឲ្យដោះលែងបារ៉ាបាស មិនមែនលោកយេស៊ូទេ។ ហេតុនេះ ពីឡាតសួរពួកគេម្ដងទៀតថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាក្នុងចំណោមពីរនាក់នេះ?»។ ពួកគេស្រែកឡើងថា៖ «បារ៉ាបាស»!—ម៉ាថាយ ២៧:១៧, ២១
ពេលឮដូច្នោះ ពីឡាតស្រងាកចិត្ត ហើយសួរពួកគេថា៖ «ចុះតើចង់ឲ្យខ្ញុំធ្វើយ៉ាងណាចំពោះយេស៊ូ ដែលហៅថាគ្រិស្ត?»។ ពួកគេទាំងអស់គ្នាស្រែកថា៖ «ព្យួរអ្នកនោះទៅ!»។ (ម៉ាថាយ ២៧:២២) ពិតជាគួរឲ្យអាម៉ាស់មុខខ្លាំងណាស់ដែលពួកគេទាមទារឲ្យប្រហារជីវិតបុរសដែលគ្មានកំហុស។ ពីឡាតសួរថា៖ «ហេតុអ្វី? តើបុរសនេះបានធ្វើអំពើអាក្រក់អ្វីទៅ? ខ្ញុំមិនឃើញថាគាត់បានធ្វើអ្វីដែលគួរនឹងប្រហារជីវិតសោះ។ ដូច្នេះ ខ្ញុំនឹងដាក់ទណ្ឌកម្មគាត់ រួចដោះលែងគាត់ទៅ»។—លូកា ២៣:២២
ទោះបីជាពីឡាតខំព្យាយាមម្ដងហើយម្ដងទៀតក្ដី ក៏បណ្ដាជននេះដែលមានកំហឹងស្រែកស្រុះគ្នាថា៖ «ព្យួរអ្នកនោះទៅ!»។ (ម៉ាថាយ ២៧:២៣) ពួកអ្នកដឹកនាំសាសនាបានអុចអាលបណ្ដាជនឲ្យបង្កភាពចលាចល ដែលនាំឲ្យមានការបង្ហូរឈាមទៀតផង! នេះមិនមែនជាការបង្ហូរឈាមឧក្រិដ្ឋជន ឬឃាតករទេ តែជាការបង្ហូរឈាមបុរសដែលគ្មានកំហុស។ នេះជាបុរសដែលប្រាំថ្ងៃមុន បណ្ដាជនបានទទួលស្វាគមន៍កាលដែលលោកចូលក្រុងយេរូសាឡិមក្នុងនាមជាស្តេច។ ទោះជាអ្នកកាន់តាមលោកយេស៊ូនៅទីនោះក៏ដោយ តែពួកគេមានតែនៅស្ងៀម ហើយមិនឲ្យគេសម្គាល់បាន។
កាលដែលពីឡាតឃើញថាការខំប្រឹងរបស់ខ្លួនគ្មានប្រយោជន៍ទេ ផ្ទុយទៅវិញ ហ្វូងមនុស្សបែរជាកើតចលាចល នោះគាត់ក៏យកទឹកមកលាងដៃនៅមុខពួកគេ ដោយនិយាយថា៖ «ខ្ញុំមិនទទួលខុសត្រូវចំពោះការស្លាប់របស់បុរសនេះឡើយ។ រឿងនេះស្រេចនៅលើអ្នករាល់គ្នាទេ»។ ប៉ុន្តែ នោះមិនបានធ្វើឲ្យបណ្ដាជនផ្លាស់ប្ដូរចិត្តទេ។ ផ្ទុយទៅវិញ ពួកគេទាំងអស់ឆ្លើយថា៖ «យើងនិងកូនចៅរបស់យើងនឹងទទួលខុសត្រូវចំពោះការប្រហារជីវិតអ្នកនោះ»។—ម៉ាថាយ ២៧:២៤, ២៥
អភិបាលនេះចង់ផ្គាប់ចិត្តបណ្ដាជន ជាជាងធ្វើតាមអ្វីដែលគាត់ដឹងថាជារឿងត្រឹមត្រូវ។ ដូច្នេះ ពីឡាតក៏ដោះលែងបារ៉ាបាសតាមសំណូមពររបស់ពួកគេ។ រួចមក គាត់ឲ្យគេដោះសម្លៀកបំពាក់របស់លោកយេស៊ូ ហើយវាយលោកនឹងខ្សែតី។
ក្រោយពីពួកទាហានវាយធ្វើបាបលោកយេស៊ូរួចហើយ នោះពួកគេនាំលោកទៅវិមានរបស់អភិបាលវិញ។ ពួកទាហានទាំងនេះប្រមូលគ្នាមកឯលោក ហើយប្រមាថមើលងាយលោកថែមទៀត។ ពួកគេបានក្រងបន្លាធ្វើជាមកុដមួយបំពាក់លើក្បាលលោក ថែមទាំងយកដើមត្រែងមកដាក់ក្នុងដៃស្ដាំលោក ហើយយកសំពត់ដណ្ដប់ពណ៌ក្រហមឆ្អៅមកបំពាក់ឲ្យលោក។ សំពត់បែបនេះគឺសម្រាប់តែខ្សែរាជវង្សប៉ុណ្ណោះ។ រួចមក ពួកគេនិយាយចំអកឲ្យលោកយេស៊ូថា៖ «ស្តេចនៃជនជាតិយូដាអើយ! សូមឲ្យលោកបានសុខសប្បាយ!»។ (ម៉ាថាយ ២៧:២៨, ២៩) ជាងនោះទៅទៀត ពួកគេស្ដោះទឹកមាត់ដាក់លោក ហើយបន្តទះកំផ្លៀងលោក។ បន្ទាប់មក ពួកគេយកដើមត្រែងចេញពីដៃលោក ហើយវាយក្បាលលោកនឹងដើមត្រែងនោះ។ នេះបានធ្វើឲ្យមកុដបន្លាចាក់ចូលស្បែកក្បាលលោកយ៉ាងជ្រៅ។ ការបំពាក់«មកុដ»បន្លានេះ ជាការប្រមាថលោកយ៉ាងខ្លាំង។
ទោះជាយ៉ាងនេះក៏ដោយ លោកយេស៊ូនៅតែរក្សាភាពថ្លៃថ្នូរ ហើយរឹងមាំ។ នេះបានធ្វើឲ្យពីឡាតកោតស្ងើចខ្លាំងណាស់ ហើយជំរុញចិត្តគាត់ឲ្យព្យាយាមដោះលែងលោកយេស៊ូម្ដងទៀត ដើម្បីគេចវេះពីការវិនិច្ឆ័យក្ដីនេះ។ គាត់និយាយទៅកាន់ជនជាតិយូដាថា៖ «មើល! ខ្ញុំនាំគាត់ចេញមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្ញុំមិនឃើញថាគាត់មានកំហុសអ្វីទេ»។ ពីឡាតប្រហែលជាគិតថា ការនាំលោកយេស៊ូចេញមកក្រៅទាំងមានស្នាមជាំនិងរបួសចេញឈាម នឹងធ្វើឲ្យបណ្ដាជនផ្លាស់ប្ដូរចិត្តទេដឹង។ ដូច្នេះ ពេលលោកយេស៊ូមកឈរនៅខាងមុខហ្វូងមនុស្សដែលគ្មានក្ដីមេត្ដានេះ ពីឡាតក៏ប្រកាសថា៖ «មើល! គឺបុរសនេះហើយ!»។—យ៉ូហាន ១៩:៤, ៥
លោកយេស៊ូនៅតែមានចិត្តស្ងប់ ហើយមានភាពថ្លៃថ្នូរ ទោះជាលោកត្រូវគេវាយដំយ៉ាងខ្លាំង ហើយមានរបួសពេញខ្លួនក៏ដោយ។ សូម្បីតែពីឡាតក៏ទទួលស្គាល់ដូច្នេះដែរ ពីព្រោះពាក្យសម្ដីរបស់គាត់ហាក់ដូចជាបញ្ជាក់ឲ្យដឹងថាគាត់គោរពលោកយេស៊ូ និងអាណិតអាសូរលោក។