ចូរប្រព្រឹត្តល្អជាបន្ត
‹ចូរប្រព្រឹត្តល្អចុះ!›។—លូ. ៦:៣៥
១, ២. ជួនកាល ហេតុអ្វីក៏ពិបាកឲ្យយើងប្រព្រឹត្តល្អចំពោះអ្នកដទៃ?
ការប្រព្រឹត្តល្អចំពោះអ្នកដទៃ ជួនកាលក៏ពិបាកដែរ។ ប្រហែលជាយើងបង្ហាញសេចក្ដីស្រឡាញ់ដល់គេ ប៉ុន្តែគេមិនបង្ហាញសេចក្ដីស្រឡាញ់ដល់យើងវិញទេ។ ទោះជាយើងមានបំណងចង់ជួយមនុស្សដោយផ្សាយ«ដំណឹងពីសិរីល្អនៃព្រះដ៏មានពរ» និងអំពីបុត្ររបស់ទ្រង់ក្ដី ពួកគេប្រហែលជាមិនអើពើ ហើយមិនឲ្យតម្លៃចំពោះសារដែលយើងប្រាប់ដល់គេ។ (១ធី. ១:១១) អ្នកឯទៀតក៏បញ្ចេញឫកជា«ខ្មាំងសត្រូវ[ដែលស្អប់]ព្រះគ្រីស្ទ»។ (ភី. ៣:១៨) ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាគ្រិស្តសាសនិក តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះមនុស្សបែបនោះ?
២ ព្រះយេស៊ូគ្រិស្តបានបង្គាប់សិស្សរបស់ទ្រង់ថា៖ «ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា [ហើយ]ប្រព្រឹត្តល្អនឹងគេ»។ (លូ. ៦:៣៥) សូមឲ្យយើងពិនិត្យមើលដំបូន្មាននេះឲ្យបានល្អិតល្អន់បន្ដិច។ យើងក៏អាចទទួលប្រយោជន៍ពីចំណុចឯទៀតដែលព្រះយេស៊ូបានលើកបញ្ជាក់ ស្តីអំពីការប្រព្រឹត្តល្អចំពោះអ្នកដទៃ។
ចូរ«ស្រឡាញ់ដល់ខ្មាំងសត្រូវ»ចុះ!
៣. (ក) សូមរៀបរាប់ដោយសង្ខេបនូវអ្វីដែលបានចែងទុកក្នុងសៀវភៅម៉ាថាយ ៥:៤៣-៤៥។ (ខ) នៅសតវត្សរ៍ទី១ តើពួកមេដឹកនាំសាសនាយូដាមានទស្សនៈយ៉ាងណាចំពោះអ្នកដែលមិនមែនជាជនជាតិយូដា?
៣ ក្នុងធម្មទានដ៏អស្ចារ្យដែលព្រះយេស៊ូបានថ្លែងនៅលើភ្នំមួយនាស្រុកកាលីឡេ ទ្រង់ក៏បង្គាប់អ្នកស្ដាប់ឲ្យស្រឡាញ់ពួកខ្មាំងសត្រូវ និងឲ្យពរដល់អ្នកណាដែលប្រទេចផ្ដាសា។ (សូមអាន ម៉ាថាយ ៥:៤៣-៤៥) នៅពេលនោះ ពួកអ្នកស្ដាប់ព្រះយេស៊ូជាជនជាតិយូដា ដែលស្គាល់ច្បាប់របស់ព្រះយេហូវ៉ាដែលថា ពួកគេ«មិនត្រូវសងសឹកឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍[ខ្លួន]ឯងឡើយ [តែ]ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ»។ (លេវី. ១៩:១៨) ពួកមេដឹកនាំសាសនាយូដានៅសតវត្សរ៍ទី១ មានទស្សនៈថា «ពួកកូនចៅរបស់សាសន៍[ខ្លួន]ឯង»និង«អ្នកជិតខាង» សំដៅទៅលើជនជាតិយូដាគ្នីគ្នាតែប៉ុណ្ណោះ។ ក្រឹត្យវិន័យរបស់លោកម៉ូសេតម្រូវឲ្យជនជាតិអ៊ីស្រាអែលរក្សាខ្លួនដោយឡែកពីប្រជាជាតិឯទៀតក៏ពិតមែន។ ប៉ុន្តែ មកដល់សតវត្សរ៍ទី១ មនុស្សមួយចំនួនធំមានទស្សនៈថា អ្នកណាក៏ដោយដែលមិនមែនជាជនជាតិយូដា សុទ្ធតែជាខ្មាំងសត្រូវដែលគួរនឹងស្អប់ទៅវិញ។
៤. តើព្រះយេស៊ូបង្គាប់សិស្សរបស់ទ្រង់ឲ្យប្រព្រឹត្តយ៉ាងណាចំពោះខ្មាំងសត្រូវរបស់ខ្លួន?
៤ ផ្ទុយស្រឡះពីទស្សនៈនោះ ព្រះយេស៊ូមានប្រសាសន៍ថា៖ «[ចូរ]ស្រឡាញ់ពួកខ្មាំងសត្រូវ [និង]អធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ»។ (ម៉ាថ. ៥:៤៤) សិស្សរបស់ព្រះយេស៊ូត្រូវតែបង្ហាញសេចក្ដីស្រឡាញ់ចំពោះអស់អ្នកដែលគំរាមកំហែងដល់ពួកគេ។ យោងទៅតាមសៀវភៅដែលលោកលូកាបានសរសេរអំពីប្រវត្ដិរូបរបស់ព្រះយេស៊ូ ទ្រង់មានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ថា ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នកដែលស្អប់អ្នករាល់គ្នាវិញ។ ចូរឲ្យពរដល់អ្នកណាដែលគេប្រទេចផ្ដាសាអ្នក ហើយអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក»។ (លូ. ៦:២៧, ២៨) ដូចអស់អ្នកនៅសតវត្សរ៍ទី១ដែលបានធ្វើតាមពាក្យរបស់ព្រះយេស៊ូ យើងក៏«ប្រព្រឹត្តល្អនឹងពួកអ្នកដែលស្អប់»យើង ដោយធ្វើល្អតបស្នងនឹងអំពើអាក្រក់ដែលគេប្រព្រឹត្តចំពោះយើង។ យើង‹ឲ្យពរដល់អ្នកណាដែលប្រទេចផ្ដាសា›យើង ដោយឆ្លើយតបយ៉ាងស្រទន់។ យើងក៏«អធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខ»ដល់យើង មិនថាគេប្រើអំពើហិង្សាក្នុងការ«បៀតបៀន»យើង ឬគ្រាន់តែជេរប្រមាថយើងក៏ដោយ។ ការអធិដ្ឋានក្នុងករណីនេះ ជាសំណូមពរដែលបង្ហាញថាយើងស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ពីព្រោះយើងសង្ឃឹមថា អស់អ្នកដែលបៀតបៀនយើងនឹងប្រែចិត្ត ហើយចាត់វិធានការដើម្បីផ្គាប់ចិត្តព្រះយេហូវ៉ាវិញ។
៥, ៦. ហេតុអ្វីគប្បីឲ្យយើងស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន?
៥ ហេតុអ្វីគប្បីឲ្យយើងស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន? ព្រះយេស៊ូពន្យល់ថា៖ ‹ដើម្បីឲ្យយើងធ្វើជាកូនរបស់បិតាដែលគង់នៅស្ថានសួគ៌›។ (ម៉ាថ. ៥:៤៥) កាលដែលយើងធ្វើតាមដំបូន្មាននោះ យើងក៏ក្លាយទៅជា«កូន»របស់ព្រះយេហូវ៉ា ពីព្រោះយើងកំពុងយកតម្រាប់តាមទ្រង់ដែល«ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើងបំភ្លឺទាំងមនុស្សអាក្រក់នឹងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិតផង»។ ដូចលូកាបានសរសេរនោះ ព្រះយេហូវ៉ា«តែងល្អដល់ទាំងមនុស្សអកតញ្ញូនឹងមនុស្សអាក្រក់ដែរ»។—លូ. ៦:៣៥
៦ ព្រះយេស៊ូបញ្ជាក់ដល់សិស្សទ្រង់ម្ដងទៀត ពីសារៈសំខាន់នៃការ«ស្រឡាញ់ពួកខ្មាំងសត្រូវ» ដោយមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកណាដែលស្រឡាញ់ដល់ខ្លួន នោះតើបានបំណាច់[ឬ«រង្វាន់»]អ្វី? ឯពួកអ្នកយកពន្ធ តើគេមិនប្រព្រឹត្តដូច្នោះដែរទេឬអី? ហើយបើអ្នករាល់គ្នាគំនាប់[ឬសួរសុខទុក្ខ]តែបងប្អូនអ្នកប៉ុណ្ណោះ នោះតើបានធ្វើអ្វីប្លែកពីគេ? ឯពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូចគ្នាទេឬអី?»។ (ម៉ាថ. ៥:៤៦, ៤៧; មថ. ៥:៤៦, ខ.ស.) ប្រសិនបើយើងស្រឡាញ់តែអស់អ្នកដែលស្រឡាញ់យើងវិញ យើងមិនបានធ្វើអ្វីដែលគួរនឹងទទួល«រង្វាន់» ឬបណ្ដាលឲ្យព្រះយេហូវ៉ាគាប់ចិត្តនឹងយើងឡើយ។ សូម្បីតែអ្នកយកពន្ធ ដែលមនុស្សភាគច្រើនស្អប់នោះ ក៏ធ្លាប់បង្ហាញសេចក្ដីស្រឡាញ់ចំពោះអស់អ្នកដែលស្រឡាញ់ខ្លួនដែរ។—លូ. ៥:៣០; ៧:៣៤
៧. បើយើងសួរសុខទុក្ខតែ«បងប្អូន»ប៉ុណ្ណោះ ហេតុអ្វីក៏នេះមិនមែនជាទង្វើដែលប្លែកពីគេ?
៧ ពាក្យគំនាប់ឬរបៀបដែលជនជាតិយូដាសួរសុខទុក្ខគ្នា ក៏រួមបញ្ចូលពាក្យ «សេចក្ដីសុខ»។ (ចៅ. ១៩:២០; យ៉ូន. ២០:១៩) គេបានសូមឲ្យអ្នកដទៃប្រកបទៅដោយសេចក្ដីសុខដែលបង្កប់អត្ថន័យថា ចង់ជូនពរឲ្យគាត់មានសុខភាពល្អ សុវត្ថិភាពនិងភាពចម្រុងចម្រើន។ បើយើងសួរសុខទុក្ខតែអស់អ្នកដែលយើងរាប់អានជា«បងប្អូន»ប៉ុណ្ណោះ នេះមិនមែនជាទង្វើដែល«ប្លែកពីគេ»ទេ។ ដូចព្រះយេស៊ូបានបញ្ជាក់នោះ «ពួកសាសន៍ដទៃ»ក៏ធ្វើដូច្នោះដែរ។
៨. ពេលព្រះយេស៊ូលើកទឹកចិត្តឲ្យអ្នកស្ដាប់ទ្រង់«បានគ្រប់លក្ខណ៍» តើនេះមានន័យយ៉ាងណា?
៨ ដោយសារសិស្សរបស់ព្រះយេស៊ូបានទទួលបាបឬភាពខុសឆ្គងពីជីដូនជីតាមក ពួកគេមិនអាចប្រព្រឹត្តដោយល្អឥតខ្ចោះបានឡើយ។ (រ៉ូម ៥:១២) ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូបានបញ្ចប់ផ្នែកមួយនោះដែលទ្រង់កំពុងថ្លែង ដោយមានប្រសាសន៍ថា៖ «ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចជាព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ»។ (ម៉ាថ. ៥:៤៨) យ៉ាងនេះ ព្រះយេស៊ូបានលើកទឹកចិត្តអស់អ្នកដែលស្ដាប់ទ្រង់ ឲ្យយកតម្រាប់តាម‹បិតាដែលគង់នៅស្ថានសួគ៌› គឺព្រះយេហូវ៉ា ដោយខំបង្ហាញសេចក្ដីស្រឡាញ់យ៉ាងល្អឥតខ្ចោះ ពោលគឺ បង្ហាញសេចក្ដីស្រឡាញ់យ៉ាងពេញលេញ ដោយស្រឡាញ់ទាំងខ្មាំងសត្រូវផង។ ព្រះយេស៊ូក៏តម្រូវឲ្យយើងធ្វើដូចនេះដែរ។
ហេតុអ្វីចាំបាច់អត់ទោសឲ្យគេ?
៩. ស្របទៅតាមសេចក្ដីអធិដ្ឋានដែលព្រះយេស៊ូផ្ដល់ជាគំរូ តើយើងអាចប្រព្រឹត្តល្អជាបន្តដោយធ្វើអ្វី?
៩ យើងប្រព្រឹត្តល្អជាបន្តពេលដែលយើងមានមេត្ដា ហើយអត់ទោសឲ្យអ្នកដែលបានធ្វើខុសនឹងយើង។ តាមការពិត សេចក្ដីអធិដ្ឋានដែលព្រះយេស៊ូផ្ដល់ជាគំរូ ក៏បញ្ជាក់ពីការប្រព្រឹត្តបែបនេះដោយថា៖ «សូមអត់ទោសសេចក្ដីកំហុសរបស់យើងខ្ញុំ ដូចជាយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ»។—ម៉ាថ. ៦:១២
១០. ស្តីអំពីការអត់ទោសឲ្យអ្នកដទៃ តើយើងអាចយកតម្រាប់តាមព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១០ ដោយសារព្រះយេហូវ៉ាតែងតែអត់ទោសឲ្យអ្នកដែលបានធ្វើខុសហើយប្រែចិត្ត នោះគប្បីឲ្យយើងយកតម្រាប់តាមទ្រង់។ សាវ័កប៉ុលបានសរសេរថា៖ «ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោសហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នាដោយព្រះគ្រីស្ទដែរ»។ (អេភ. ៤:៣២) ស្តេចដាវីឌជាអ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្ដាករុណាហើយនឹងសេចក្ដីអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ហើយមានសេចក្ដីសប្បុរសដ៏បរិបូរ។ . . . ទ្រង់មិនបានប្រព្រឹត្តនឹងយើងតាមអំពើបាបរបស់យើងទេ ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ។ . . . ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើងឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ។ ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នកដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។—ទំនុក. ១០៣:៨-១៤
១១. តើព្រះយេហូវ៉ាអត់ទោសឲ្យអ្នកណា?
១១ ព្រះយេហូវ៉ានឹងអត់ទោសឲ្យយើង ឲ្យតែយើងអត់ទោសឲ្យអ្នកដែលធ្វើខុសនឹងយើងជាមុនសិន។ (ម៉ាក. ១១:២៥) ព្រះយេស៊ូក៏បានបញ្ជាក់ចំណុចនេះដែរ ដោយមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ។ តែបើអ្នករាល់គ្នាមិនអត់ទោសចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោសចំពោះការរំលងច្បាប់ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ»។ (ម៉ាថ. ៦:១៤, ១៥) ត្រូវមែន! ព្រះយេហូវ៉ាអត់ទោសឲ្យតែពួកអ្នកដែលអត់ទោសឲ្យអ្នកដទៃដោយឥតទើសទាល់។ ដូច្នេះ របៀបមួយដែលយើងអាចប្រព្រឹត្តល្អជាបន្ត គឺដោយធ្វើតាមឱវាទរបស់ប៉ុលដែលថា៖ «ចូរអត់ទោសឲ្យគេចុះ! ដូចជាព្រះ[យេហូវ៉ា]បានអត់ទោសឲ្យអ្នករាល់គ្នាដែរ»។—កូល. ៣:១៣
«កុំឲ្យថ្កោលទោសគេឡើយ»
១២. ស្តីអំពីការថ្កោលទោស តើព្រះយេស៊ូបានផ្ដល់ឱវាទបែបណា?
១២ ក្នុងធម្មទានដែលព្រះយេស៊ូបានថ្លែងនៅលើភ្នំ ទ្រង់ក៏បញ្ជាក់ពីរបៀបមួយទៀតដែលយើងអាចប្រព្រឹត្តល្អ។ ព្រះយេស៊ូបង្គាប់ដល់អ្នកដែលស្ដាប់ទ្រង់ថា ពួកគេមិនគួរថ្កោលទោសអ្នកដទៃឡើយ។ រួចមក ព្រះយេស៊ូបានរៀបរាប់រឿងប្រៀបប្រដូចដែលបញ្ជាក់យ៉ាងខ្លាំងពីសារៈសំខាន់នេះ។ (សូមអាន ម៉ាថាយ ៧:១-៥) សូមឲ្យយើងពិនិត្យមើលជាមួយគ្នា នូវអត្ថន័យនៃពាក្យរបស់ព្រះយេស៊ូដែលថា៖ «កុំឲ្យថ្កោលទោសគេឡើយ»។
១៣. តើអស់អ្នកដែលព្រមស្ដាប់ព្រះយេស៊ូអាច«លើកលែងឲ្យគេ»យ៉ាងដូចម្ដេច?
១៣ យោងទៅតាមកំណត់ហេតុរបស់លោកម៉ាថាយ ព្រះយេស៊ូមានប្រសាសន៍ថា៖ «កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ»។ (ម៉ាថ. ៧:១) យោងទៅតាមកំណត់ហេតុរបស់លោកលូកាវិញ ព្រះយេស៊ូមានប្រសាសន៍ថា៖ «កុំឲ្យថ្កោលទោសគេឲ្យសោះ ដើម្បីកុំឲ្យមានគេថ្កោលទោសអ្នកវិញ។ កុំឲ្យនិន្ទាគេឡើយ ដើម្បីកុំឲ្យមានគេនិន្ទាអ្នកវិញដែរ។ ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ»។ (លូ. ៦:៣៧) ដោយសារពួកផារិស៊ីនៅសតវត្សរ៍ទី១ចេះតែប្រកាន់ទំនៀមទម្លាប់ដែលបំពានច្បាប់របស់ព្រះយេហូវ៉ាក្នុងគម្ពីរ ពួកគេបានថ្កោលទោសបណ្ដាជនយ៉ាងខ្លាំង។ រីឯអ្នកដែលព្រមស្ដាប់ព្រះយេស៊ូវិញ ពួកគេមិនត្រូវ«ថ្កោលទោស[អ្នកដទៃ]ឲ្យសោះ»។ ផ្ទុយទៅវិញ ពួកគេគួរតែ«លើកលែងឲ្យគេ» ដែលមានន័យថា គួរតែអត់ទោសដល់អ្នកដែលមានកំហុស។ ដូចដែលបានបញ្ជាក់រួចមកហើយ សាវ័កប៉ុលក៏ផ្ដល់ឱវាទស្រដៀងនេះដែរ ស្តីអំពីការអត់ទោសគ្នា។
១៤. កាលណាសិស្សរបស់ព្រះយេស៊ូអត់ទោសឲ្យអ្នកដទៃ តើនេះអាចជំរុញអ្នកទាំងនោះឲ្យធ្វើអ្វី?
១៤ កាលណាសិស្សរបស់ព្រះយេស៊ូអត់ទោសឲ្យអ្នកដទៃ នេះក៏ជំរុញអ្នកទាំងនោះឲ្យអត់ទោសគ្នាទៅវិញទៅមកដែរ។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «អ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង»។ (ម៉ាថ. ៧:២) រីឯការប្រព្រឹត្តរបស់យើងវិញ យើងក៏នឹងច្រូតបាន ស្របទៅតាមអ្វីដែលយើងព្រោះចុះ។—កា. ៦:៧
១៥. តើព្រះយេស៊ូបានបញ្ជាក់យ៉ាងណា ថាការចាប់កំហុសគេជាការប្រព្រឹត្តដែលមិនល្អ?
១៥ សូមចងចាំដែរថា ពេលព្រះយេស៊ូកាត់ទោសពីទម្លាប់ចាប់កំហុសអ្នកដទៃជាការប្រព្រឹត្តដែលមិនល្អ ទ្រង់ក៏បានសួរថា៖ «ហេតុអ្វីបានជាអ្នកមើលឃើញកំទេចដែលនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមិនឃើញធ្នឹមដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះ? ឬធ្វើដូចម្ដេចឲ្យអ្នកនិយាយនឹងបងប្អូនថា៖ ‹ចូរឲ្យអញយកកំទេចពីភ្នែកឯងចេញ› តែមើល! មានធ្នឹមនៅក្នុងភ្នែកខ្លួនអ្នកវិញ?»។ (ម៉ាថ. ៧:៣, ៤) មនុស្សដែលមានទំនោរចិត្តទោរទន់ទៅរកកំហុសរបស់អ្នកដទៃ គេជាអ្នកដែលពូកែចាប់កំហុសតូចតាចរបស់បងប្អូន ហាក់ដូចជាឃើញកម្ទេចតូចល្អិតក្នុង«ភ្នែក»របស់អ្នកនោះ។ យ៉ាងនេះ អ្នកចាប់កំហុសបញ្ជាក់ពីទស្សនៈរបស់ខ្លួនថា បងប្អូនម្នាក់នោះមិនយល់ត្រឹមត្រូវពីចំណុចណាមួយ។ ទោះជាកំហុសរបស់បងប្អូនម្នាក់តូចតាចក៏ដោយ ប្រៀបដូចជាកម្ទេចដ៏តូចល្អិតសោះ អ្នកដែលពូកែចាប់កំហុសក៏សូមជួយ«យកកំទេច»នោះចេញ ដើម្បីឲ្យអ្នកដែលមានកំហុសអាចយល់ត្រឹមត្រូវវិញ។ តាមការពិត អ្នកចាប់កំហុសបែបនេះ ជាអ្នកមានពុតទៅវិញ។
១៦. តើពួកផារិស៊ីមាន«ធ្នឹម»នៅក្នុងភ្នែករបស់ខ្លួន ក្នុងន័យអ្វី?
១៦ នៅសម័យព្រះយេស៊ូ ពួកមេដឹកនាំសាសនាយូដាជាអ្នកដែលពូកែចាប់កំហុសជាងគេ។ ជាឧទាហរណ៍ ពេលព្រះយេស៊ូគ្រិស្តបានប្រោសមនុស្សខ្វាក់ម្នាក់ឲ្យមើលឃើញវិញ គាត់បញ្ជាក់ពីទស្សនៈរបស់ខ្លួនថា ព្រះយេស៊ូច្បាស់ជាមកពីព្រះ។ ប៉ុន្តែ ពេលពួកផារិស៊ីឮដូច្នេះ ពួកគេខឹងគាត់ ហើយនិយាយតបតថា៖ «ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយឯងបង្រៀនយើងឬ?»។ (យ៉ូន. ៩:៣០-៣៤) ស្តីអំពីសមត្ថភាពយល់ខុសត្រូវស្របទៅតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា គឺហាក់ដូចជាពួកផារិស៊ីមាន«ធ្នឹម»នៅក្នុងភ្នែករបស់ខ្លួន ដែលបណ្ដាលឲ្យគេមានលក្ខណៈដូចជាមនុស្សងងឹតភ្នែក។ ហេតុនេះហើយបានជាព្រះយេស៊ូមានប្រសាសន៍ថា៖ «អ្នកមានពុតអើយ! ចូរយកធ្នឹមពីភ្នែករបស់ខ្លួនចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ [ហើយ]អាចនឹងយកកំទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរ»។ (ម៉ាថ. ៧:៥; លូ. ៦:៤២) ប្រសិនបើយើងប្ដេជ្ញាចិត្តចង់ប្រព្រឹត្តល្អដល់អ្នកដទៃ យើងនឹងមិនមានលក្ខណៈទ្រគោះបោះបោក ដោយចង់តែចាប់កំហុសរបស់បងប្អូន ហាក់ដូចជារកកម្ទេចក្នុងភ្នែកគេទេ។ ផ្ទុយទៅវិញ យើងនឹងទទួលស្គាល់ថា យើងក៏មានកំហុសដែរ។ ដូច្នេះ គប្បីឲ្យយើងជៀសវាងពីការថ្កោលទោស និងការចាប់កំហុសរបស់បងប្អូនរួមជំនឿ។
របៀបដែលគួរប្រព្រឹត្តនឹងគេ
១៧. ស្របទៅតាមសៀវភៅម៉ាថាយ ៧:១២ តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះអ្នកដទៃ?
១៧ ក្នុងធម្មទានដែលព្រះយេស៊ូបានថ្លែងនៅលើភ្នំ ទ្រង់ក៏បញ្ជាក់ពីលក្ខណៈរបស់ព្រះយេហូវ៉ាជាបិតាដែលស្រឡាញ់កូន ពីព្រោះទ្រង់ធ្វើតាមសំណូមពររបស់អ្នកបម្រើដែលអធិដ្ឋានដើម្បីសូមជំនួយពីទ្រង់។ (សូមអាន ម៉ាថាយ ៧:៧-១២) គួរឲ្យកត់សម្គាល់ថា ព្រះយេស៊ូបានឲ្យខ្នាតតម្រាមួយស្តីអំពីរបៀបដែលយើងគួរប្រព្រឹត្តថា៖ «អស់ទាំងការអ្វីដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ»។ (ម៉ាថ. ៧:១២) យើងផ្ដល់ទីសំអាងថា យើងពិតជាអ្នកកាន់តាមព្រះយេស៊ូគ្រិស្តមែន ដោយប្រព្រឹត្តចំពោះអ្នកដទៃតាមរបៀបនេះ។
១៨. តើ«ក្រិត្យវិន័យ»បង្ហាញយ៉ាងណា ថាយើងគួរតែប្រព្រឹត្តនឹងអ្នកដទៃបែបដែលយើងចង់ឲ្យគេប្រព្រឹត្តនឹងខ្លួន?
១៨ ក្រោយព្រះយេស៊ូបានបង្រៀនថា យើងគួរប្រព្រឹត្តនឹងអ្នកដទៃបែបដែលយើងចង់ឲ្យគេប្រព្រឹត្តនឹងខ្លួននោះ ទ្រង់ក៏មានប្រសាសន៍ទៀតថា៖ «នេះឯងជាក្រិត្យវិន័យ ហើយជាសេចក្ដីទំនាយរបស់ពួកហោរា»។ ពេលការប្រព្រឹត្តរបស់យើងមានលក្ខណៈស្របទៅតាមដំបូន្មានរបស់ព្រះយេស៊ូ នេះបង្ហាញថាយើងកំពុងធ្វើតាមគោលការណ៍ដែលបានបញ្ជាក់ក្នុង«ក្រិត្យវិន័យ»គម្ពីរ ដែលបានកត់ទុកក្នុងសៀវភៅលោកុប្បត្តិដល់ចោទិយកថា។ សៀវភៅទាំងប្រាំនោះ មិនគ្រាន់តែរៀបរាប់ពីគោលបំណងរបស់ព្រះយេហូវ៉ាក្នុងការបង្កើតឲ្យមានពូជមួយដែលនឹងដកអំពើអាក្រក់ចេញពីផែនដីប៉ុណ្ណោះទេ តែក៏មានក្រឹត្យវិន័យទាំងប៉ុន្មានដែលទ្រង់ផ្ដល់ឲ្យជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ូសេនៅឆ្នាំ១៥១៣ មុនគ.ស.។ (លោ. ៣:១៥) ក្នុងចំណោមច្បាប់ទាំងប៉ុន្មាន ក្រឹត្យវិន័យទាំងនោះបានបញ្ជាក់ដល់បណ្ដាជនអ៊ីស្រាអែលថា ពួកគេត្រូវតែប្រព្រឹត្តដោយយុត្ដិធម៌ហើយមិនរើសមុខ ព្រមទាំងធ្វើល្អដល់អ្នកក្រីក្រនិងពួកអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងចំណោមពួកគេ។—លេវី. ១៩:៩, ១០, ១៥, ៣៤
១៩. តើ«ទំនាយរបស់ពួកហោរា»បង្ហាញយ៉ាងណា ថាយើងគួរតែប្រព្រឹត្តល្អ?
១៩ ពេលព្រះយេស៊ូមានប្រសាសន៍អំពី«ទំនាយរបស់ពួកហោរា» ទ្រង់សំដៅទៅលើសៀវភៅនានាក្នុងបទគម្ពីរភាសាហេព្រើរដែលបានសរសេរជាទំនាយ។ សៀវភៅទាំងនោះក៏រួមបញ្ចូលទំនាយផ្សេងៗអំពីអ្នកដែលនឹងបំពេញភារកិច្ចជាមេស្ស៊ី ដែលសំដៅទៅលើព្រះយេស៊ូក្នុងនាមជាអ្នកដែលមានមុខតំណែងជាគ្រិស្ត។ សៀវភៅទំនាយនីមួយៗក៏បង្ហាញថា ពេលរាស្ត្ររបស់ព្រះយេហូវ៉ាប្រព្រឹត្តត្រឹមត្រូវស្របទៅតាមទស្សនៈរបស់ទ្រង់ ព្រមទាំងប្រព្រឹត្តល្អចំពោះអ្នកដទៃ នោះទ្រង់ប្រទានពរឲ្យ។ ជាឧទាហរណ៍ ទំនាយដែលលោកអេសាយបានសរសេរចំពោះបណ្ដាជនអ៊ីស្រាអែល ក៏រួមបញ្ចូលឱវាទដែលថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា៖ ‹ចូររក្សាសេចក្ដីយុត្ដិធម៌ ហើយប្រព្រឹត្តតាមសេចក្ដីសុចរិតចុះ! . . . មានពរហើយ មនុស្សណាដែលប្រព្រឹត្តយ៉ាងនោះ ព្រមទាំងកូនមនុស្សណាដែលកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង [ដោយ]រក្សាដៃមិនឲ្យធ្វើការអាក្រក់ណាឡើយ›»។ (អេសា. ៥៦:១, ២) ត្រូវហើយ! ព្រះយេហូវ៉ាតម្រូវឲ្យរាស្ត្រទ្រង់ប្រព្រឹត្តល្អជាបន្ត។
ចូរប្រព្រឹត្តល្អចំពោះអ្នកដទៃជានិច្ច
២០, ២១. ពេលស្ដាប់ព្រះយេស៊ូថ្លែងធម្មទាននៅលើភ្នំ តើបណ្ដាជនមានអារម្មណ៍យ៉ាងណា? ម្ដេចក៏គប្បីឲ្យយើងរំពឹងគិតពីអ្វីដែលព្រះយេស៊ូបានថ្លែងក្នុងធម្មទានរបស់ទ្រង់នៅលើភ្នំ?
២០ ក្នុងអត្ថបទទាំងនេះ យើងបានពិនិត្យមើលចំណុចសំខាន់ៗតែមួយចំនួនតិចប៉ុណ្ណោះ ស្តីអំពីអ្វីដែលព្រះយេស៊ូបានថ្លែងក្នុងធម្មទានរបស់ទ្រង់នៅលើភ្នំ។ យ៉ាងណាក៏ដោយ យើងក៏យល់នូវមូលហេតុដែលអ្នកស្ដាប់នៅគ្រានោះបានភ្ញាក់ផ្អើល។ កំណត់ហេតុក្នុងគម្ពីរចែងថា៖ «កាលព្រះយេស៊ូវទ្រង់មានបន្ទូលសេចក្ដីទាំងនេះរួចហើយ នោះបណ្ដាមនុស្សក៏នឹកប្លែកពីសេចក្ដីដែលទ្រង់បង្រៀន ពីព្រោះទ្រង់បង្រៀនដូចជាមានអំណាច មិនមែនដូចពួកអាចារ្យរបស់គេទេ»។—ម៉ាថ. ៧:២៨, ២៩
២១ ព្រះយេស៊ូគ្រិស្តប្រាកដជាមានលក្ខណៈជា«ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ» ស្របទៅតាមទំនាយនោះមែន! (អេសា. ៩:៦) ធម្មទានរបស់ព្រះយេស៊ូនៅលើភ្នំ ក៏បង្ហាញយ៉ាងច្បាស់ថា ទ្រង់ពិតជាយល់អំពីទស្សនៈនៃបិតារបស់ទ្រង់នៅឯស្ថានសួគ៌។ ក្រៅពីចំណុចមួយចំនួនដែលយើងបានពិនិត្យមើលក្នុងអត្ថបទទាំងនេះ ធម្មទានរបស់ព្រះយេស៊ូនៅលើភ្នំក៏រៀបរាប់អំពីអ្វីៗដែលពិតជានាំឲ្យមានពរនិងសុភមង្គល របៀបដែលយើងអាចជៀសវាងពីអំពើដែលប្រាសចាកសីលធម៌ ការប្រព្រឹត្តដែលពិតជាសុចរិត អ្វីដែលយើងត្រូវធ្វើដើម្បីឲ្យមានអនាគតល្អក្នុងភាពសុខសាន្ត ព្រមទាំងចំណុចជាច្រើនថែមទៀតផង។ អាស្រ័យហេតុនេះ គប្បីណាស់ឲ្យយើងអធិដ្ឋាន អានសៀវភៅម៉ាថាយជំពូក៥ដល់៧ម្ដងទៀត ព្រមទាំងរំពឹងគិតពីឱវាទដ៏អស្ចារ្យរបស់ព្រះយេស៊ូនៅក្នុងជំពូកទាំងនោះ។ រួចមក ចូរឲ្យយើងធ្វើតាមអ្វីដែលព្រះយេស៊ូគ្រិស្តបានថ្លែងក្នុងធម្មទានរបស់ទ្រង់នៅលើភ្នំ។ បើដូច្នេះ មិនពិបាកទេ ឲ្យយើងផ្គាប់ចិត្តព្រះយេហូវ៉ា ធ្វើល្អចំពោះអ្នកដទៃ និងប្រព្រឹត្តល្អជាបន្ត។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះខ្មាំងសត្រូវរបស់ខ្លួន?
• ហេតុអ្វីបានជាយើងត្រូវតែអត់ទោសឲ្យអ្នកដទៃ?
• ស្តីអំពីការថ្កោលទោស តើព្រះយេស៊ូមានប្រសាសន៍យ៉ាងណា?
• យោងទៅតាមសៀវភៅម៉ាថាយ ៧:១២ តើយើងគួរតែប្រព្រឹត្តយ៉ាងណាចំពោះអ្នកដទៃ?
[ឃ្លាអក្សរធំនៅទំព័រ១៦]
ហេតុអ្វីក៏មិនគួរឲ្យយើង«ថ្កោលទោសគេ»?
[រូបភាពនៅទំព័រ១៥]
ហេតុអ្វីគប្បីឲ្យយើងអធិដ្ឋាន ឲ្យអ្នកដែលធ្វើទុក្ខដល់យើង?