-
វិធីបន្ធូរអារម្មណ៍តានតឹងយ៉ាងមានប្រសិទ្ធិភាពទស្សនាវដ្ដីប៉មយាម ២០០២ | ១ មីនា
-
-
ការធ្វើការដោយពាក់នឹម
៩, ១០. នៅសម័យបុរាណ តើនឹមតំណាងអ្វី? ហើយហេតុអ្វីបានជាព្រះយេស៊ូអញ្ជើញមនុស្សឲ្យទទួលនឹមរបស់ទ្រង់វិញនោះ?
៩ តើអ្នកបានកត់សម្គាល់ទេថា ក្នុងបន្ទូលនៅម៉ាថាយ ១១:២៨, ២៩ ព្រះយេស៊ូមានបន្ទូលថា៖ «ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ!»? នៅសម័យនោះ បុរសសាមញ្ញប្រហែលជាធ្លាប់មានអារម្មណ៍ថា គាត់ធ្វើការយ៉ាងនឿយហត់ដូចជាពាក់នឹម។a តាំងតែពីសម័យបុរាណនោះ នឹមបានតំណាងជាសេវកភាពនិងទាសភាព។ (លោកុប្បត្តិ ២៧:៤០; លេវីវិន័យ ២៦:១៣; ចោទិយកថា ២៨:៤៨) កម្មករជាច្រើនដែលព្រះយេស៊ូធ្លាប់ជួបនៅសម័យនោះធ្លាប់ធ្វើការដោយពាក់នឹមពិតប្រាកដមួយលើស្មាទាំងមូលរបស់គេទាំងសងខាងនិងជញ្ជូនរបស់ធ្ងន់ៗ។ នេះស៊ីសងទៅលើប្រភេទនឹមនោះ វាអាចស្រួលពាក់ មិនធ្វើឲ្យរលាកករលាកស្មាទេ។ ដោយព្រោះព្រះយេស៊ូជាជាងឈើម្នាក់នោះ ទ្រង់ប្រហែលជាធ្លាប់ធ្វើនឹម ហើយទ្រង់ជ្រាបពីរបៀបធ្វើនឹមឲ្យមានរាង«ងាយ»ពាក់។ ប្រហែលជាទ្រង់ដាក់ទ្រនាប់មួយធ្វើពីស្បែកឬក៏ក្រណាត់ដើម្បីឲ្យនឹមនោះស្រួលពាក់ជាទីបំផុត។
១០ ពេលព្រះយេស៊ូមានបន្ទូលថា៖ «ចូរទទួលនឹមខ្ញុំ» នោះទ្រង់ប្រហែលជាកំពុងតែប្រៀបធៀបអង្គទ្រង់ទៅនឹងអ្នកដែលផ្គត់ផ្គង់នឹមដែលមានគុណភាពល្អនិងដែល«ងាយ»ពាក់មិនធ្វើឲ្យកនិងស្មាកម្មកររលាកនោះទេ។ ដូច្នេះទ្រង់មានបន្ទូលបន្ថែមថា៖ «បន្ទុកខ្ញុំក៏ស្រាល»។ នេះបញ្ជាក់ថា ដងនឹមនោះមិនពិបាកប្រើហើយការងារក៏មិនធ្វើដូចជាខ្ញុំកញ្ជះដែរ។ ដោយទ្រង់អញ្ជើញអ្នកស្ដាប់ទទួលនឹមទ្រង់នោះ ទ្រង់ទំនងជាមិនជួយរំដោះភ្លាមៗពីស្ថានការណ៍ទាំងអស់ដែលជិះជាន់គេនៅសម័យនោះទេ។ ក៏ប៉ុន្តែ ទស្សនៈផ្សេងដែលទ្រង់ផ្ដល់ឲ្យនោះ នឹងធ្វើឲ្យគេមានកម្លាំងចិត្តច្រើនឡើង។ ការកែប្រែរបៀបរស់នៅនិងការប្រព្រឹត្តរបស់គេក៏នឹងជួយធ្វើឲ្យគេធូរស្រាលដែរ។ សំខាន់ជាងនេះទៅទៀតនោះ គឺជាសេចក្ដីសង្ឃឹមដ៏ភ្លឺស្វាងនិងពិតប្រាកដដែលនឹងជួយគេឲ្យមានអារម្មណ៍ធូរជាងក្នុងជីវិត។
អ្នកអាចទទួលកម្លាំងចិត្តឡើងវិញបាន
១១. តើដោយដូចម្ដេចបានជាយើងដឹងថា ព្រះយេស៊ូមិននិយាយអំពីការប្ដូរនឹមមួយនិងយកមួយទៀតនោះ?
១១ សូមកត់សម្គាល់ថា ព្រះយេស៊ូមិនចង់មានបន្ទូលថា មនុស្សប្ដូរនឹមមួយចោលនិងយកមួយទៀតនោះទេ។ គេនឹងនៅតែស្ថិតក្រោមអំណាចចក្រភពរ៉ូមដដែល ដូចជាមានរដ្ឋាភិបាលគ្រប់គ្រងនៅកន្លែងដែលជនគ្រីស្ទានរស់នៅសព្វថ្ងៃនេះដែរ។ ពន្ធដែលពួករ៉ូមទារពីគេក៏នឹងមាននៅដដែល។ បញ្ហាសុខភាពនិងសេដ្ឋកិច្ចនឹងមិនសាបសូន្យទៅទេ។ ភាពឥតគ្រប់ល័ក្ខណ៍និងបាបនឹងមានឥទ្ធិពលទៅលើមនុស្សដូចពីមុនដដែល។ ក៏ប៉ុន្តែ គេអាចទទួលកម្លាំងចិត្តឡើងវិញបានដោយអនុវត្តតាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ ដូចជាយើងអាចទទួលនៅសព្វថ្ងៃនេះ។
១២, ១៣. តើព្រះយេស៊ូបានលើកបញ្ជាក់អ្វីដែលនឹងធ្វើឲ្យមនុស្សមានកម្លាំងចិត្តឡើងវិញនោះ? ហើយតើមនុស្សខ្លះបានប្រព្រឹត្តតបយ៉ាងណា?
១២ អត្ថន័យចំបងនៃការប្រៀបធៀបរបស់ព្រះយេស៊ូស្តីពីនឹមនោះ គឺសឲ្យឃើញចំពោះកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ គ្មានការសង្ស័យទេ អំពីសកម្មភាពបង្រៀនអ្នកដទៃជាអាទិភាពទីមួយរបស់ព្រះយេស៊ូដោយដាក់ទម្ងន់ទៅលើព្រះរាជាណាចក្ររបស់ព្រះក្នុងកិច្ចបង្រៀននោះ។ (ម៉ាថាយ ៤:២៣) ដូច្នេះ ពេលព្រះយេស៊ូមានបន្ទូលថា«ចូរទទួលនឹមខ្ញុំ» នោះគង់តែនឹងរួមបញ្ចូលការដើរតាមទ្រង់ក្នុងសកម្មភាពនេះដែរ។ កំណត់ហេតុក្នុងសៀវភៅដំណឹងល្អ បង្ហាញថាព្រះយេស៊ូបានជំរុញចិត្តស្មោះរបស់មនុស្សខ្លះឲ្យផ្លាស់ប្ដូរការងារ ដែលជាហេតុនាំឲ្យគេជាច្រើននាក់ខ្វល់ខ្វាយនោះ។ សូមនឹកចាំពីពេលទ្រង់ហៅពេត្រុស អនទ្រេ យ៉ាកុប និងយ៉ូហានដោយថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកនេសាទមនុស្សវិញ»។ (ម៉ាកុស ១:១៦-២០) ទ្រង់សម្ដែងឲ្យអ្នកនេសាទនោះឃើញក្ដីស្កប់ស្កល់ដែលគេនឹងទទួល បើសិនជាគេធ្វើកិច្ចការដែលទ្រង់ទុកជាអាទិភាពក្នុងជីវិតទ្រង់ផ្ទាល់ដែរ ដោយធ្វើដូច្នេះក្រោមការណែនាំនិងជំនួយពីទ្រង់។
១៣ ជនជាតិយូដាខ្លះបានយល់ខ្លឹមសារនៃសេចក្ដីបង្រៀនរបស់ទ្រង់និងអនុវត្តតាម។ សូមស្រមៃទៅដល់អ្វីដែលកើតឡើងនៅឆ្នេរសមុទ្រដែលរៀបរាប់នៅលូកា ៥:១-១១។ អ្នកនេសាទបួននាក់បានធ្វើការទាំងលំបាកអស់ពេញមួយយប់ តែនេសាទមិនបានអ្វីសោះ ស្រាប់តែ សំណាញ់គេមានត្រីពេញមួយរំពេច! នេះមិនមែនចៃដន្យទេ តែគឺដោយអន្តរាគមន៍ពីព្រះយេស៊ូតែម្ដង។ ពេលគេក្រឡេកមើលទៅត្រើយម្ខាងវិញ គេឃើញមនុស្សជាច្រើនកុះករចាប់អារម្មណ៍ទៅលើសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ។ នេះជួយពន្យល់ពីអ្វីព្រះយេស៊ូមានបន្ទូលទៅបុរសបួននាក់នោះដែលថា៖ «ពីនេះទៅមុខ អ្នកនឹងចាប់មនុស្សវិញ»។ តើគេបានប្រព្រឹត្តតបយ៉ាងណា? «រួចកាលទូកបានដល់គោក នោះគេទុករបស់ទាំងអស់ចោល ហើយដើរតាមទ្រង់ទៅ»។
១៤. (ក) នៅសព្វថ្ងៃនេះ តើយើងអាចមានកម្លាំងចិត្តឡើងវិញយ៉ាងដូចម្ដេច? (ខ) តើព្រះយេស៊ូធ្លាប់ប្រកាសដំណឹងល្អអ្វីដែលធ្វើឲ្យមានកម្លាំងចិត្តឡើងវិញនោះ?
១៤ អ្នកក៏អាចប្រព្រឹត្តតបដូច្នេះដែរ។ កិច្ចការបង្រៀនមនុស្សសេចក្ដីពិតពីព្រះគម្ពីរនៅតែបន្ត។ ស្មរបន្ទាល់ព្រះយេហូវ៉ាប្រមាណ៦.០០០.០០០នាក់បានតបតាមសេចក្ដីអញ្ជើញរបស់ព្រះយេស៊ូឲ្យ«យកនឹម[ទ្រង់]» ហើយគេបានក្លាយជា«អ្នកនេសាទមនុស្ស»។ (ម៉ាថាយ ៤:១៩) នេះជាកិច្ចការពេញពេលសំរាប់ស្មរបន្ទាល់ខ្លះ អ្នកឯទៀតចូលរួមក្រៅម៉ោងឲ្យបានច្រើនបំផុតដែលគេអាចធ្វើទៅបាន។ ទាំងអស់គ្នាមានកម្លាំងចិត្តឡើងវិញពីកិច្ចការនេះ ដូច្នេះ ជីវិតគេមិនមានការតានតឹងចិត្តហួសហេតុនោះទេ។ នេះរួមបញ្ចូលការធ្វើអ្វីដែលគេចូលចិត្ត គឺថា ការប្រកាសប្រាប់នូវដំណឹងល្អអំពី‹ព្រះរាជាណាចក្រ›។ (ម៉ាថាយ ៤:២៣) ការប្រាប់ដំណឹងល្អនាំឲ្យសប្បាយចិត្តមែន ជាពិសេសដំណឹងល្អនេះ។ ព្រះគម្ពីរមានពត៌មានជាមូលដ្ឋានដែលយើងត្រូវការ ដើម្បីនាំឲ្យអ្នកផ្សេងទៀតជឿជាក់ថាគេអាចរស់នៅដោយមានអារម្មណ៍ធូរស្រាលបាន។—ធីម៉ូថេទី២ ៣:១៦, ១៧
១៥. តើអ្នកអាចទទួលប្រយោជន៍អ្វីពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូស្តីពីជីវភាពរស់នៅ?
១៥ សូម្បីតែអ្នកដែលទើបតែចាប់ផ្ដើមរៀនអំពីព្រះរាជាណាចក្ររបស់ព្រះ ក៏បានទទួលប្រយោជន៍ពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូស្តីពីរបៀបរស់នៅដែរ។ ពួកគេជាច្រើននាក់អាចនិយាយដោយពិតត្រង់ថា សេចក្ដីបង្រៀនរបស់ព្រះយេស៊ូបានធ្វើឲ្យគេមានកម្លាំងចិត្តឡើងវិញ និងជួយគេផ្លាស់ប្រែជីវិតគេទាំងស្រុង។ អ្នកអាចឃើញផ្ទាល់បានដោយពិចារណាគោលការណ៍សំរាប់ជីវភាពរស់នៅក្នុងកំណត់ហេតុអំពីកិច្ចបំរើនិងព្រះជន្មរបស់ព្រះយេស៊ូ ជាពិសេសក្នុងសៀវភៅដំណឹងល្អដូចជាម៉ាថាយ ម៉ាកុស និងលូកា។
របៀបនាំឲ្យមានកម្លាំងចិត្តឡើងវិញ
១៦, ១៧. (ក) តើអ្នកអាចរកឃើញសេចក្ដីបង្រៀនចំបងរបស់ព្រះយេស៊ូនៅកន្លែងណា? (ខ) តើអ្វីគឺចាំបាច់ដើម្បីមានកម្លាំងចិត្តឡើងវិញ តាមរយៈការអនុវត្តតាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូនោះ?
១៦ ក្នុងកំឡុងនិទាឃរដូវនាឆ្នាំ៣១ ស.យ. ព្រះយេស៊ូថ្លែងធម្មទានមួយ ដែលគេនៅតែស្គាល់ទូទាំងផែនដីរហូតមកដល់ពេលនេះ។ ធម្មតានោះត្រូវហៅថា ធម្មទានលើភ្នំ។ នោះត្រូវកត់ក្នុងម៉ាថាយជំពូក៥ដល់៧និងលូកាជំពូក៦ ហើយនោះសង្ខេបនូវសេចក្ដីបង្រៀនជាច្រើនរបស់ទ្រង់។ អ្នកអាចរកឃើញសេចក្ដីបង្រៀនផ្សេងទៀតរបស់ទ្រង់នៅកន្លែងដទៃទៀតក្នុងសៀវភៅដំណឹងល្អ។ ភាគច្រើននៃអ្វីដែលទ្រង់បានមានបន្ទូលមកគឺស្រួលយល់ណាស់ តែការអនុវត្តតាមអាចពិបាកធ្វើវិញ។ សូមអញ្ជើញអានជំពូកទាំងប៉ុន្មាននោះយ៉ាងផ្ចិតផ្ចង់និងដោយគិតពិចារណា។ ចូរឲ្យឥទ្ធិពលនៃព្រះតំរិះទ្រង់មានអានុភាពទៅលើចិត្តគំនិតនិងអាកប្បកិរិយារបស់អ្នក។
១៧ ជាក់ស្តែងហើយ សេចក្ដីបង្រៀនរបស់ព្រះយេស៊ូអាចត្រូវបែងចែកតាមវិធីផ្សេងៗបាន។ ចូរឲ្យយើងបែងចែកសេចក្ដីបង្រៀនចំបងៗ ដើម្បីឲ្យមានមួយសំរាប់ថ្ងៃនិមួយៗក្នុងមួយខែ ដោយកំណត់គោលដៅអនុវត្តតាមនោះក្នុងជីវិតយើងផ្ទាល់។ តើអ្នកអាចធ្វើនេះយ៉ាងដូចម្ដេចបាន? កុំអានសេចក្ដីនោះយ៉ាងរហ័សពេក។ សូមនឹកចាំពីនាម៉ឺននោះដែលបានសួរព្រះយេស៊ូគ្រីស្ទថា៖ «តើត្រូវឲ្យខ្ញុំធ្វើដូចម្ដេច ឲ្យបានជីវិតរស់អស់កល្បជានិច្ច?»។ ពេលព្រះយេស៊ូរៀបរាប់ឡើងវិញនូវតម្រូវការសំខាន់បំផុតនៃក្រិត្យវិន័យរបស់ព្រះ នាម៉ឺននោះបានតបថាគាត់កំពុងតែធ្វើនោះរួចហើយ។ ក៏ប៉ុន្តែ គាត់ទទួលស្គាល់ថាគាត់នៅតែត្រូវធ្វើថែមទៀត។ ព្រះយេស៊ូបានសុំឲ្យគាត់ខិតខំអនុវត្តតាមគោលការណ៍ព្រះក្នុងជីវិតប្រចាំថ្ងៃឲ្យបានច្រើនជាង ដោយធ្វើជាសិស្សសកម្មម្នាក់។ មើលទៅដូចជាបុរសនោះមិនសុខចិត្តធ្វើដូច្នេះទេ។ (លូកា ១៨:១៨-២៣) ដូច្នេះ អ្នកដែលចង់រៀនសេចក្ដីបង្រៀនរបស់ព្រះយេស៊ូត្រូវនឹកចាំថា ការយល់ស្របនឹងសេចក្ដីបង្រៀននោះ និងការប្រព្រឹត្តតាមយ៉ាងសកម្មគឺខុសគ្នា ដោយការប្រព្រឹត្តទើបអាចកាត់បន្ថយការតានតឹងក្នុងអារម្មណ៍។
១៨. សូមរៀបរាប់របៀបអ្នកអាចទទួលប្រយោជន៍ពីប្រអប់ក្នុងអត្ថបទនេះ។
១៨ ដើម្បីចាប់ផ្ដើមពិនិត្យមើលនិងអនុវត្តតាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ សូមមើលចំណុចទី១ក្នុងប្រអប់ជាមួយអត្ថបទនេះ។ នេះសំដៅទៅលើម៉ាថាយ ៥:៣-៩។ មែនហើយ យើងទាំងអស់គ្នាអាចចំណាយពេលជាច្រើនទៅលើការរំពឹងគិតអំពីឱវាទដ៏អស្ចារ្យក្នុងខទាំងប៉ុន្មាននេះ។ ដោយគិតអំពីខទាំងអស់នោះតែម្ដង តើអ្នកសន្និដ្ឋានយ៉ាងណាអំពីសារៈសំខាន់នៃទស្សនៈនោះ? បើអ្នកពិតជាចង់ឈ្នះលើការតានតឹងហួសហេតុក្នុងជីវិតរបស់អ្នក តើអ្វីនឹងជួយអ្នក? តើអ្នកអាចបានប្រយោជន៍អ្វីដោយគិតអំពីអ្វីខាងវិញ្ញាណឲ្យបានច្រើនជាង និងដោយផ្ដោតអារម្មណ៍ទៅលើនោះ? តើមានអ្វីមួយក្នុងជីវិតរបស់អ្នក ដែលអ្នកមិនចាំបាច់រាប់ទុកជាការសំខាន់ពេក ហើយយកពេលនោះដើម្បីអ្នកប្រមូលអារម្មណ៍ទៅលើអ្វីខាងវិញ្ញាណវិញបានទេ? បើសិនជាអ្នកធ្វើដូច្នេះមែន អ្នកនឹងមានសុភមង្គលច្រើនជាងឥឡូវនេះ។
១៩. តើអ្នកអាចធ្វើអ្វីដើម្បីឲ្យបានការយល់ធ្លុះជ្រៅនិងការយល់ដឹងច្រើនជាងនោះ?
១៩ ឥឡូវ ចូរធ្វើតាមជំហានមួយទៀត។ សូមពិគ្រោះខទាំងនេះជាមួយអ្នកឯទៀតដែលបំរើព្រះ ប្រហែលជាគូរបស់អ្នក ញាតិមិត្តជិតស្និទ្ធឬសំឡាញ់ម្នាក់។ (សុភាសិត ១៨:២៤; ២០:៥) កុំភ្លេចថា នាម៉ឺននោះបាននិយាយជាមួយមនុស្សម្នាក់ទៀត គឺព្រះយេស៊ូ អំពីរឿងដែលទាក់ទងនោះ។ របៀបគាត់ប្រព្រឹត្តតបអាចបន្ថែមសុភមង្គលរបស់គាត់និងក្ដីសង្ឃឹមចំពោះជីវិតអស់កល្បជានិច្ច។ អ្នកថ្វាយបង្គំគ្នីគ្នាដែលអ្នកពិគ្រោះខនេះជាមួយនោះគឺមិនស្មើនឹងព្រះយេស៊ូទេ តែការសន្ទនាអំពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូនឹងផ្ដល់ប្រយោជន៍ដល់អ្នកទាំងពីរ។ ចូរខិតខំធ្វើដូច្នេះយ៉ាងឆាប់ជាទីបំផុត។
២០, ២១. តើអ្នកអាចធ្វើតាមកម្មវិធីអ្វី ដើម្បីរៀនអំពីសេចក្ដីបង្រៀនព្រះយេស៊ូ? ហើយតើអ្នកអាចឆែកមើលការរីកចំរើនរបស់អ្នកបានយ៉ាងណា?
២០ សូមមើលប្រអប់ម្ដងទៀតដែលមានចំណងជើងថា៖ «សេចក្ដីបង្រៀនផ្សេងៗដើម្បីជួយអ្នក»។ សេចក្ដីបង្រៀនទាំងនេះបានត្រូវបែងចែក ដើម្បីឲ្យអ្នកពិចារណាសេចក្ដីបង្រៀនមួយសំរាប់មួយថ្ងៃ។ មុនបង្អស់ អ្នកអាចអានអ្វីដែលព្រះយេស៊ូមានបន្ទូលក្នុងខទាំងនោះ។ ក្រោយនោះ ចូរគិតអំពីបន្ទូលទ្រង់។ ចូរពិចារណារបៀបអ្នកអាចអនុវត្តតាមនោះក្នុងជីវិតរបស់អ្នកផ្ទាល់។ បើសិនជាអ្នកគិតថាអ្នកកំពុងតែធ្វើដូច្នេះហើយ សូមគិតអំពីអ្វីថែមទៀត ដែលអ្នកអាចធ្វើដើម្បីសម្របទៅតាមសេចក្ដីបង្រៀនពីព្រះឲ្យបានច្រើនជាងនោះ។ ខំអនុវត្តតាមសេចក្ដីបង្រៀននោះក្នុងកំឡុងថ្ងៃនោះ។ បើសិនជាអ្នកត្រូវតែខំប្រឹងដើម្បីយល់ឬរកវិធីអ្នកអាចអនុវត្តតាមសេចក្ដីបង្រៀននោះ ចូរចំណាយពេលមួយថ្ងៃទៀត។ ក៏ប៉ុន្តែ ចូរចាំមិនភ្លេចថា អ្នកមិនចាំបាច់ធ្វើនោះយ៉ាងគ្រប់ល័ក្ខណ៍មុនអ្នកបន្តទៅសេចក្ដីបង្រៀនមួយទៀតនោះទេ។ ថ្ងៃស្អែកមកដល់ ចូរពិចារណាសេចក្ដីបង្រៀនមួយទៀត។ នៅចុងសប្ដាហ៍នោះ អ្នកអាចមើលថាតើអ្នកបានជោគជ័យយ៉ាងណាក្នុងការអនុវត្តតាមសេចក្ដីបង្រៀនបួនឬប្រាំរបស់ព្រះយេស៊ូ។ សប្ដាហ៍ទីពីរ បន្ថែមសេចក្ដីបង្រៀនទៀត ជារៀងរាល់ថ្ងៃ។ បើសិនជាអ្នកបានភ្លាត់មិនអនុវត្តតាមសេចក្ដីបង្រៀនណាមួយនោះ សូមកុំធ្លាក់ទឹកចិត្តឲ្យសោះ។ គ្រីស្ទានទាំងអស់នឹងពិសោធន៍នោះដែរ។ (របាក្សត្រទី២ ៦:៣៦; ទំនុកដំកើង ១៣០:៣; សាស្ដា ៧:២០; យ៉ាកុប ៣:៨) បន្តអនុវត្តនោះក្នុងសប្ដាហ៍ទីបីនិងទីបួនទៀត។
២១ ក្រោយមួយខែជាង អ្នកប្រហែលជាមើលអស់៣១ចំណុចនោះ។ បើដូច្នេះមែន តើអ្នកនឹងមានអារម្មណ៍យ៉ាងណាជាលទ្ធផលនោះ? អ្នកនឹងមានអារម្មណ៍សប្បាយចិត្តជាងនិងអារម្មណ៍ធូរស្រាលជាង មែនទេ? ទោះបើអ្នករីកចំរើនតែបន្ដិចក៏ដោយ អ្នកទំនងជានឹងបានបន្ថយការតានតឹងក្នុងអារម្មណ៍ ឬយ៉ាងហោចណាស់ អ្នកនឹងអាចទ្រាំនឹងការតានតឹងនោះបានល្អជាង ហើយក៏មានវិធីបន្ត។ កុំភ្លេចថា ព្រះយេស៊ូមានសេចក្ដីបង្រៀនដ៏ប្រសើរផ្សេងទៀតដែលមិនបានត្រូវកត់ក្នុងប្រអប់នោះទេ។ ចូរខំរកសេចក្ដីនោះនិងអនុវត្តតាម។—ភីលីព ៣:១៦
២២. តើការអនុវត្តតាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូនឹងមានលទ្ធផលអ្វី? តែតើយើងគួរយកផ្នែកណាមកសិក្សាទៀត?
២២ អ្នកអាចឃើញថា ទោះជានឹមរបស់ព្រះយេស៊ូមិនមែនគ្មានទម្ងន់ទាំងស្រុងក្ដី តែនឹមនោះពិតជាស្រួលពាក់មែន។ បន្ទុកនៃសេចក្ដីបង្រៀនរបស់ទ្រង់និងកិច្ចការនៃសិស្សទ្រង់ពិតជាស្រាលមែន។ ក្រោយសាវ័កយ៉ូហានដែលជាមិត្តជិតស្និទ្ធរបស់ព្រះយេស៊ូបានពិសោធន៍ គឺជាង៦០ឆ្នាំទៅហើយ គាត់បានស្រដីថា៖ «នេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។ (យ៉ូហានទី១ ៥:៣) អ្នកអាចមានទំនុកចិត្តដូចគ្នាដែរ។ ដោយអនុវត្តតាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូកាន់តែយូរទៅ អ្នកនឹងកាន់តែទទួលស្គាល់ថា អ្វីៗដែលធ្វើឲ្យមនុស្សជាច្រើនសព្វថ្ងៃនេះមានអារម្មណ៍តានតឹងនោះ នឹងមិនធ្វើឲ្យអ្នកតានតឹងខ្លាំងនោះទេ។ អ្នកនឹងយល់ឃើញថា អ្នកបានរកឃើញក្ដីធូរស្រាលមួយកំរិត។ (ទំនុកដំកើង ៣៤:៨) ក៏ប៉ុន្តែ មានផ្នែកមួយទៀតនៃនឹមដ៏ស្រួលពាក់របស់ព្រះយេស៊ូដែលយើងត្រូវពិចារណាដែរ។ ព្រះយេស៊ូក៏បានមានបន្ទូលថា ទ្រង់«ស្លូត ហើយមានចិត្តសុភាព»។ តើនេះទាក់ទងនឹងការរៀនអំពីទ្រង់និងការយកតម្រាប់តាមទ្រង់យ៉ាងដូចម្ដេចទៅ? យើងនឹងពិចារណាចំណុចនេះក្នុងអត្ថបទជាបន្ទាប់។—ម៉ាថាយ ១១:២៩
-
-
«ចូររៀននឹងខ្ញុំចុះ!»ទស្សនាវដ្ដីប៉មយាម ២០០២ | ១ មីនា
-
-
«ចូររៀននឹងខ្ញុំចុះ!»
«ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ! ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបាន[កម្លាំងចិត្តឡើងវិញ, ព.ថ.]»។—ម៉ាថាយ ១១:២៩
១. ហេតុអ្វីបានជាការរៀនពីព្រះយេស៊ូអាចធ្វើឲ្យយើងសប្បាយចិត្ត និងធ្វើឲ្យជីវិតយើងកាន់តែប្រសើរឡើងបាន?
ព្រះយេស៊ូគ្រីស្ទរមែងគិត បង្រៀន និងប្រព្រឹត្តយ៉ាងសមត្រឹមត្រូវ។ ទោះជាទ្រង់បានគង់លើផែនដីតែមួយរយៈខ្លីក៏ដោយ តែទ្រង់បានប្រកបអាជីពមួយដែលនាំឲ្យមានក្ដីស្កប់ស្កល់និងការពេញចិត្ត ហើយទ្រង់មានសុភមង្គលជានិច្ច។ ព្រះយេស៊ូបានប្រមូលសិស្សរបស់ទ្រង់ ហើយបង្រៀនគេរបៀបថ្វាយបង្គំព្រះ ស្រឡាញ់មនុស្សជាតិ និងយកជ័យជំនះអំពីលោកីយ៍នេះ។ (យ៉ូហាន ១៦:៣៣) ទ្រង់បានផ្ដល់នូវក្ដីសង្ឃឹមចំពោះគេ ហើយក៏«បានយកជីវិត នឹងសេចក្ដីមិនចេះស្លាប់ មកដាក់នៅពន្លឺ ដោយសារដំណឹងល្អ»។ (ធីម៉ូថេទី២ ១:១០) បើសិនជាអ្នករាប់ខ្លួនជាសិស្សម្នាក់របស់ព្រះយេស៊ូនោះ តើអ្នកគិតថាការធ្វើជាសិស្សរបស់ទ្រង់មានន័យអ្វី? យើងអាចរៀនចំណុចជាច្រើនដែលអាចធ្វើឲ្យជីវិតយើងកាន់តែប្រសើរ ដោយពិចារណាអ្វីដែលព្រះយេស៊ូមានបន្ទូលអំពីការធ្វើជាសិស្សរបស់ទ្រង់នោះ។ នេះតម្រូវឲ្យយើងមានទស្សនៈដូចទ្រង់និងអនុវត្តតាមគោលការណ៍បឋមខ្លះៗដែរ។—ម៉ាថាយ ១០:២៤, ២៥; លូកា ១៤:២៦, ២៧; យ៉ូហាន ៨:៣១, ៣២; ១៣:៣៥; ១៥:៨
២, ៣. (ក) តើការធ្វើជាសិស្សម្នាក់របស់ព្រះយេស៊ូមានន័យអ្វី? (ខ) ហេតុអ្វីសំខាន់ដែលយើងត្រូវដណ្ដឹងសួរខ្លួនថា៖‹តើខ្ញុំជាសិស្សរបស់អ្នកណា?›
២ ក្នុងបទគម្ពីរភាសាក្រិក ពាក្យបកប្រែថា«សិស្ស»សំដៅចំពោះអ្នកដែលផ្ដោតអារម្មណ៍ទៅលើអ្វីមួយ ឬក៏អ្នកដែលរៀន។ ក្នុងប្រធានបទគម្ពីររបស់យើងនៅម៉ាថាយ ១១:២៩ មានពាក្យមួយដែលជាប់ទាក់ទងនឹងនេះដែរ ដែលថា៖ «ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ! ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបាន[កម្លាំងចិត្តឡើងវិញ, ព.ថ.]»។ ពិតណាស់ សិស្សម្នាក់ជាអ្នករៀន។ ធម្មតា សៀវភៅដំណឹងល្អប្រើពាក្យ«សិស្ស»សំដៅទៅរកអ្នកកាន់តាមព្រះយេស៊ូដែលជាមិត្តជិតស្និទ្ធបំផុត ដែលធ្វើដំណើរជាមួយពេលទ្រង់ផ្សព្វផ្សាយ ក៏ជាអ្នកដែលទ្រង់បានបង្វឹកបង្វឺនដែរ។ មនុស្សខ្លះប្រហែលជាបានជឿតាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ ជួនកាលទាំងជឿដោយសម្ងាត់ទៀតផង។ (លូកា ៦:១៧; យ៉ូហាន ១៩:៣៨) អ្នកសរសេរសៀវភៅដំណឹងល្អក៏បាននិយាយអំពី«ពួកសិស្សយ៉ូហាន[ដែលធ្វើបុណ្យជ្រមុជទឹក] នឹង[សិស្ស]ពួកផារិស៊ី»។ (ម៉ាកុស ២:១៨) ដោយព្រោះព្រះយេស៊ូបានព្រមានអ្នកកាន់តាមទ្រង់ឲ្យ«ប្រយ័ត . . . ពីលទ្ធិរបស់ពួកផារិស៊ី» នោះយើងត្រូវដណ្ដឹងសួរខ្លួនយើងថា៖ ‹តើខ្ញុំជាសិស្សរបស់អ្នកណា?›។—ម៉ាថាយ ១៦:១២
៣ បើសិនជាយើងជាសិស្សព្រះយេស៊ូ ហើយយើងបានរៀនពីទ្រង់ នោះអ្នកដទៃគួរបានកម្លាំងចិត្តខាងវិញ្ញាណឡើងវិញ ពេលគេសេពគប់ជាមួយយើង។ គេគួរឃើញច្បាស់ថា យើងមានចិត្តសុភាពនិងរាបទាបជាងមុន។ បើសិនជាយើងជាអ្នកចាត់ចែងត្រួតពិនិត្យនៅកន្លែងធ្វើការ ឬជាមាតាបិតាម្នាក់ ឬមានភារកិច្ចជាអ្នកគង្វាលក្នុងក្រុមជំនុំ តើអ្នកដែលយើងមើលខុសត្រូវនោះមានអារម្មណ៍ថា យើងប្រព្រឹត្តទៅលើគេដូចជាព្រះយេស៊ូបានប្រព្រឹត្តទៅលើអ្នកដែលទ្រង់មើលខុសត្រូវនោះឬទេ?
របៀបព្រះយេស៊ូបានប្រព្រឹត្តទៅលើអ្នកឯទៀត
៤, ៥. (ក) ហេតុអ្វីយើងអាចដឹងយ៉ាងស្រួលអំពីរបៀបព្រះយេស៊ូបានប្រព្រឹត្តទៅលើមនុស្សដែលមានបញ្ហា? (ខ) តើអ្វីបានកើតឡើងពេលព្រះយេស៊ូសោយក្រយានៅផ្ទះរបស់ផារិស៊ីម្នាក់?
៤ យើងត្រូវដឹងពីរបៀបព្រះយេស៊ូបានប្រព្រឹត្តទៅលើអ្នកឯទៀត ជាពិសេសអ្នកដែលមានបញ្ហាធ្ងន់ធ្ងរនោះ។ នេះទំនងជាមិនពិបាករៀនទេ ដ្បិតព្រះគម្ពីរមានសេចក្ដីរាយការណ៍ជាច្រើន ស្តីអំពីពេលព្រះយេស៊ូទាក់ទងអ្នកដទៃ រួមទាំងអ្នកខ្លះដែលមានបញ្ហា។ សូមឲ្យយើងកត់សម្គាល់ផងដែរថា អ្នកដឹកនាំសាសនា ជាពិសេសពួកផារិស៊ី បានប្រព្រឹត្តយ៉ាងណាទៅលើមនុស្សដែលមានបញ្ហាដូចគ្នា។ ភាពខុសគ្នានោះនឹងបំភ្លឺចំណេះរបស់យើង។
៥ នៅឆ្នាំ៣១ ស.យ. ពេលព្រះយេស៊ូកំពុងតែដើរផ្សព្វផ្សាយនៅកាលីឡេនោះ «ពួកផារិស៊ីម្នាក់ទូលសុំ[ព្រះយេស៊ូ] ឲ្យសោយជាមួយនឹងគាត់»។ ព្រះយេស៊ូបានព្រមដោយគ្មានការទើសទាល់ទេ។ «ទ្រង់ក៏យាងចូលទៅគង់នៅតុ ក្នុងផ្ទះគាត់ ហើយមើល! នៅក្រុងនោះមានស្ត្រីម្នាក់ដែលមានបាប នាងបានដឹងថា ទ្រង់គង់នៅតុក្នុងផ្ទះអ្នកផារិស៊ីនោះ ក៏យកដបថ្មកែវដាក់ប្រេងក្រអូបមក ឈរពីខាងក្រោយ ទៀបព្រះបាទទ្រង់ទាំងយំ ចាប់តាំងសំរក់ទឹកភ្នែកទទឹកព្រះបាទទ្រង់ រួចយកសក់ក្បាលនាងជូត ក៏ថើបព្រះបាទ ដោយស្រឡាញ់ ហើយយកប្រេងក្រអូបលាបផង»។—លូកា ៧:៣៦-៣៨
៦. តើស្ត្រី«មានបាប» ប្រហែលជាបាននៅផ្ទះរបស់ផារិស៊ីម្នាក់នោះដោយព្រោះអ្វី?
៦ សូមនឹកគិតក្នុងចិត្តអំពីរឿងនោះ។ ឯកសារយោងមួយអះអាងថា៖ «ស្ត្រីនោះ(ខ៣៧)បានឆ្លៀតឱកាសធ្វើតាមទំនៀមទំលាប់សង្គមដែលឲ្យមនុស្សក្រីក្រចូលក្នុងពិធីស៊ីលៀងបែបនេះ ដើម្បីប្រមូលយកម្ហូបសំណល់ខ្លះៗ»។ នេះប្រហែលជាហេតុដែលមនុស្សម្នាក់អាចចូលដោយគ្មាននរណាអញ្ជើញទេ។ ប្រហែលជាមានអ្នកផ្សេងទៀតដែរ ដែលចង់យកម្ហូបសល់ក្រោយពិធីស៊ីលៀងនោះចប់ក៏មិនដឹង។ យ៉ាងណាក៏ដោយ ចរិយារបស់ស្ត្រីនោះគឺប្លែកមែន។ នាងមិនបានអង្គុយអែបជញ្ជាំងដោយឡែកមើលគេ ចាំពិធីនោះចប់ទេ។ នាងអសោចកេរ្ដិ៍ឈ្មោះជា«ស្ត្រីម្នាក់ដែលមានបាប»ដល់ម្ល៉េះបានជាព្រះយេស៊ូមានបន្ទូលថា ទ្រង់ជ្រាបថា‹បាបនាងធ្លាប់មានច្រើនទាំងម្ល៉េះ›។—លូកា ៧:៤៧
៧, ៨. (ក) តើយើងប្រហែលជាបានប្រព្រឹត្តយ៉ាងណាបើសិនជាអ្នកបាននៅក្នុងកាលៈទេសៈដូចនៅលូកា ៧:៣៦-៣៨? (ខ) តើលោកស៊ីម៉ូនបានតបយ៉ាងណា?
៧ សូមនឹកគិតថាអ្នកកំពុងតែរស់នៅសម័យនោះ ហើយអ្នកគឺជាព្រះយេស៊ូ។ តើអ្នកនឹងប្រតិកម្មតបយ៉ាងណាទៅ? តើអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍មិនស្រួល ពេលស្ត្រីនោះដើរឆ្ពោះទៅជិតអ្នកឬ? តើស្ថានការណ៍បែបនេះនឹងមានអានុភាពយ៉ាងណាមកលើអ្នក? (លូកា ៧:៤៥) តើអ្នកនឹងរន្ធត់ញាប់ញ័រក្នុងចិត្តឬទេ?
៨ បើសិនជាអ្នកគឺជាភ្ញៀវម្នាក់នៅពិធីនោះ តើអ្នកប្រហែលជានឹងគិតស្រដៀងគ្នានឹងលោកស៊ីម៉ូនដែលជាផារិស៊ីនោះទេដឹង? «កាលពួកផារិស៊ីម្នាក់ដែលអញ្ជើញទ្រង់មក បានឃើញដូច្នោះ ក៏គិតក្នុងចិត្តថា ‹បើអ្នកនេះជាហោរាមែន នោះនឹងស្គាល់ស្ត្រីដែលពាល់ខ្លួន ហើយដឹងថាជាមនុស្សយ៉ាងណា ព្រោះនាងជាមនុស្សមានបាប›»។ (លូកា ៧:៣៩) ផ្ទុយទៅវិញ ព្រះយេស៊ូមានព្រះទ័យសណ្ដោសប្រណី។ ទ្រង់យោគយល់នឹងកាលៈទេសៈរបស់ស្ត្រីនោះ ក៏យល់នូវក្ដីឈឺចាប់របស់នាង។ ព្រះគម្ពីរមិនប្រាប់មូលហេតុដែលនាងបានធ្លាក់ខ្លួនទៅជាអ្នកប្រព្រឹត្តអំពើបាបដូច្នេះទេ។ បើនាងជាស្ត្រីពេស្យាពិតមែន បុរសសាសន៍យូដាទាំងប៉ុន្មានដែលជាអ្នកថ្វាយបង្គំព្រះក្នុងតំបន់នោះ ទំនងជាមិនបានជួយគាត់កែប្រែទេ។
៩. តើព្រះយេស៊ូបានឆ្លើយតបយ៉ាងណា? ហើយតើប្រហែលជាមានលទ្ធផលអ្វី?
៩ ក៏ប៉ុន្តែ ព្រះយេស៊ូមានព្រះទ័យចង់ជួយគាត់មែន។ ទ្រង់មានបន្ទូលទៅកាន់នាងថា៖ «បាបនាងបានអត់ទោសឲ្យនាងហើយ»។ ក្រោយនោះទ្រង់មានបន្ទូលថែមទៀតថា៖ «សេចក្ដីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្ដីសុខចុះ!»។ (លូកា ៧:៤៨-៥០) កំណត់ហេតុនេះចប់តែប៉ុណ្ណេះ។ អ្នកខ្លះប្រហែលជាប្រកែកថា ព្រះយេស៊ូមិនបានជួយនាងប៉ុន្មានទេ។ បើនិយាយជារួម ព្រះយេស៊ូបានអញ្ជើញឲ្យនាងទៅដោយមានព្រះពរពីទ្រង់ប៉ុណ្ណោះ។ តើអ្នកគិតថានាងបានត្រឡប់ទៅប្រកបជីវភាពដ៏ទាបថោកនោះម្ដងទៀតទេ? ទោះជាយើងមិនអាចប្រាកដក៏ដោយ សូមកត់សម្គាល់អ្វីដែលលូកាបានសរសេរបន្តបន្ទាប់ទៀត។ គាត់រៀបរាប់ថា ព្រះយេស៊ូយាង«ទៅប្រដៅក្នុងគ្រប់ក្រុងគ្រប់ភូមិជាមួយនឹងពួក១២នាក់ ព្រមទាំងប្រាប់ដំណឹងល្អពីនគរព្រះ»។ លូកាក៏រៀបរាប់ថា «មានស្ត្រីខ្លះ»ជាមួយព្រះយេស៊ូនិងសិស្សទ្រង់ «ដែលយកទ្រព្យខ្លួនមកជួយទ្រង់»។ ប្រហែលជាស្ត្រីនោះបានប្រែចិត្តនិងដឹងគុណ ដែលអាចបានរួមក្នុងចំណោមគេ ដោយចាប់ផ្ដើមប្រកបជីវិតដែលពេញព្រះហឫទ័យព្រះ ទាំងមានមនសិការជ្រះថ្លានិងគោលបំណងក្នុងជីវិត ថែមទាំងមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើងចំពោះព្រះ។—លូកា ៨:១-៣
ភាពខុសគ្នារវាងព្រះយេស៊ូនិងពួកផារិស៊ី
១០. ហេតុអ្វីការពិចារណាកំណត់ហេតុអំពីព្រះយេស៊ូនិងស្ត្រីក្នុងផ្ទះរបស់លោកស៊ីម៉ូនមានប្រយោជន៍?
១០ តើយើងអាចរៀនអ្វីខ្លះពីកំណត់ហេតុដ៏ជាក់លាក់នេះ? រឿងនេះធ្វើឲ្យយើងរំភើបស្ញប់ស្ញែងក្នុងចិត្តណាស់ មែនទេ? បើសិនជាអ្នកនៅក្នុងផ្ទះរបស់លោកស៊ីម៉ូននោះ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាដែរ? តើអ្នកនឹងប្រព្រឹត្តតបដូចជាព្រះយេស៊ូទេ? ឬក៏តើអ្នកនឹងគិតស្រដៀងនឹងផារិស៊ីម្នាក់ដែលជាម្ចាស់ផ្ទះនោះទៅវិញទេ? ព្រះយេស៊ូជារាជបុត្រារបស់ព្រះ ដូច្នេះ យើងមិនអាចមានអារម្មណ៍ និងការប្រព្រឹត្តដូចជាព្រះយេស៊ូបេះបិទបានទេ។ ប៉ុន្តែ ផ្ទុយទៅវិញ យើងក៏ប្រហែលជាមិនចង់ចាត់ទុកខ្លួនយើងជាមនុស្សដូចលោកស៊ីម៉ូនដែលជាផារិស៊ីនោះដែរ។ គ្មានអ្នកណានឹងអួតខ្លួនថាគេដូចពួកផារិស៊ីទេ។
១១. ហេតុអ្វីយើងមិនចង់ឲ្យអ្នកណាមានហេតុចាត់ទុកយើងជាមនុស្សដូចជាពួកផារិស៊ីនោះ?
១១ ដោយសិក្សាពត៌មានក្នុងព្រះគម្ពីរនិងប្រភពក្រៅផ្សេងទៀតនោះ យើងអាចសន្និដ្ឋានថា ពួកផារិស៊ីបានប្រកាន់ខ្លួនគេជាអ្នកការពារសុខុមាលភាពសាធារណជននិងជាតិ។ គេមិនស្កប់ស្កល់ចិត្តនឹងភាពបឋមនិងភាពស្រួលយល់នៃក្រិត្យវិន័យរបស់ព្រះឡើយ។ នៅកន្លែងណាដែលគេគិតថាក្រិត្យវិន័យនោះគឺមិនជាក់លាក់ល្មមទេ នោះគេបន្ថែមសេចក្ដីដែលបញ្ជាក់ការប្រព្រឹត្តយ៉ាងល្អិតល្អន់ ដូច្នេះគឺមិនចាំបាច់ឲ្យអ្នកណាគិតដោយប្រើមនសិការខ្លួនទេ។ អ្នកដឹកនាំសាសនាទាំងនេះ បានប៉ុនប៉ងគិតគ្រោងវិធីមួយឲ្យគេកាន់កាប់ទៅលើចរិយាទាំងឡាយរបស់មនុស្ស សូម្បីតែក្នុងរឿងតូចតាចក៏ដោយ។a
១២. តើពួកផារិស៊ីចាត់ទុកខ្លួនគេជាមនុស្សបែបណា?
១២ ប្រវត្ដិវិទូសាសន៍យូដាម្នាក់ពីសតវត្សទីមួយ ឈ្មោះចូស៊ីហ្វឺស បំភ្លឺឲ្យដឹងថាពួកផារិស៊ីបានរាប់ខ្លួនជាមនុស្សសប្បុរស ស្លូតបូត យុត្ដិធម៌ ហើយសមតែនឹងមុខងាររបស់គេ។ ផារិស៊ីខ្លះទំនងជាជិតមានលក្ខណៈបែបនេះមែន។ ប្រហែលជាអ្នកនឹកចាំលោកនីកូដេម។ (យ៉ូហាន ៣:១, ២; ៧:៥០, ៥១) ក្រោយមក ផារិស៊ីខ្លះតាមជំនឿគ្រីស្ទាន។ (កិច្ចការ ១៥:៥) សាវ័កប៉ុលដែលជាគ្រីស្ទានម្នាក់ បានសរសេរអំពីជនជាតិយូដាខ្លះៗដូចជាពួកផារិស៊ីថា៖ «គេមានសេចក្ដីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយ[ចំណេះពិត, ព.ថ.]ទេ»។ (រ៉ូម ១០:២) ក៏ប៉ុន្តែ សៀវភៅដំណឹងល្អពណ៌នាអំពីគេតាមទស្សនៈដែលមនុស្សសាមញ្ញមានចំពោះគេគឺថា មនុស្សអំនួត មានមោទនភាពហួសហេតុ ប្រកាន់ថាខ្លួនសុចរិត ចាប់កំហុសអ្នកដទៃ វិនិច្ឆ័យទោសអ្នកឯទៀត និងមើលងាយមើលថោកគេផងដែរ។
ទស្សនៈរបស់ព្រះយេស៊ូ
១៣. តើព្រះយេស៊ូមានបន្ទូលយ៉ាងណាអំពីពួកផារិស៊ី?
១៣ ព្រះយេស៊ូបានស្តីបន្ទោសពួកស្ក្រែបនិងផារិស៊ីថា គេជាមនុស្សលាក់ពុត។ «គេចងបន្ទុកយ៉ាងធ្ងន់ ដាក់លើស្មាមនុស្ស ជាបន្ទុកដែលពិបាកទទួល តែខ្លួនគេមិនព្រមទាំងយកម្រាមដៃឆ្កឹះបន្ទុកនោះផង»។ ពិតណាស់ បន្ទុកនោះធ្ងន់មែន ហើយនឹមដែលមនុស្សត្រូវបង្ខំយកនោះ គឺពិបាកទ្រាំណាស់។ ព្រះយេស៊ូក៏បានហៅពួកស្ក្រែបនិងផារិស៊ីជា«មនុស្សល្ងីល្ងើ»ផងដែរ។ មនុស្សល្ងីល្ងើនាំឲ្យសហគមន៍វេទនា។ ព្រះយេស៊ូក៏បានហៅពួកស្ក្រែបនិងផារិស៊ីជា«ពួកកង្វាក់ដែលនាំផ្លូវគេ» និងបានមានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា គេបាន«ចោលសេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រិត្យវិន័យវិញ ដូចជាសេចក្ដីយុត្ដិធម៌ សេចក្ដីមេត្ដាករុណា នឹងសេចក្ដីជំនឿ»។ តើមានអ្នកណាចង់ឲ្យព្រះយេស៊ូចាត់ទុកខ្លួនគេជាមនុស្សដែលមានលក្ខណៈសម្បត្ដិដូចផារិស៊ីទេ?—ម៉ាថាយ ២៣:១-៤, ១៦, ១៧, ២៣
១៤, ១៥. (ក) របៀបព្រះយេស៊ូបានប្រព្រឹត្តចំពោះម៉ាថាយលេវីនោះ បង្ហាញអ្វីខ្លះអំពីពួកផារិស៊ី? (ខ) តើយើងអាចរៀនមេរៀនអ្វីដ៏សំខាន់ពីកំណត់ហេតុនេះ?
១៤ មនុស្សសឹងតែទាំងអស់ដែលអានកំណត់ហេតុក្នុងសៀវភៅដំណឹងល្អ អាចឃើញថាពួកផារិស៊ីចេះតែរិះគន់អ្នកឯទៀត។ ក្រោយព្រះយេស៊ូបានអញ្ជើញម៉ាថាយលេវី ដែលជាអ្នកប្រមូលពន្ធ ឲ្យមកធ្វើជាសិស្សទ្រង់នោះ លេវីបានរៀបជប់លៀងមួយយ៉ាងធំសំរាប់ទ្រង់។ កំណត់ហេតុនោះប្រាប់ថា៖ «ពួកអាចារ្យនឹងពួកផារិស៊ី គេឌុកដាន់ពួកសិស្សទ្រង់ថា៖ ‹ហេតុអ្វីបានជាបរិភោគ ជាមួយនឹងពួកអ្នកយកពន្ធ នឹងមនុស្សមានបាបដូច្នេះ?›។ តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា៖ ‹ . . . ខ្ញុំមិនបានមកហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ!›»។—លូកា ៥:២៧-៣២
១៥ លេវីបានយល់អ្វីមួយទៀតដែលព្រះយេស៊ូមានបន្ទូលនៅពេលនោះ ពេលទ្រង់មានបន្ទូលថា៖ «ចូរឲ្យអ្នករាល់គ្នាទៅរៀនន័យបទ ដែលថា ‹អញចង់បានសេចក្ដីមេត្ដាករុណា មិនមែនយញ្ញបូជាទេ›»។ (ម៉ាថាយ ៩:១៣) ទោះជាពួកផារិស៊ីបានអះអាងថា គេជឿទៅលើអ្វីដែលព្យាការីសាសន៍ហេព្រើរបានសរសេរក៏ដោយ គេមិនបានទទួលស្គាល់ពាក្យនេះនៅហូសេ ៦:៦ទេ។ ពួកផារិស៊ីសុខចិត្តធ្វើខុស ឲ្យតែគេអាចកាន់ខ្ជាប់តាមទំនៀមទំលាប់របស់គេ។ យើងម្នាក់ៗអាចដណ្ដឹងសួរខ្លួនថា៖ ‹តើខ្ញុំមានកេរ្ដិ៍ឈ្មោះជាអ្នកដែលប្រកាន់វិន័យជាក់លាក់ ដូចជាវិន័យដែលស្របតាមគំនិតរបស់ខ្ញុំផ្ទាល់ ឬក៏សាទិសនិច្ឆ័យទេ? ឬតើអ្នកឯទៀតចាត់ទុកខ្ញុំជាមនុស្សម្នាក់ដែលបង្ហាញករុណាធម៌ និងសេចក្ដីសប្បុរសទេ?
១៦. តើអ្វីជាបែបបទការប្រព្រឹត្តរបស់ពួកផារិស៊ី? ហើយតើយើងអាចជៀសចេញពីការប្រព្រឹត្តដូចគេយ៉ាងដូចម្ដេច?
១៦ ពួកផារិស៊ីចេះតែចាប់កំហុសគេជានិច្ច។ នោះជារបៀបរបស់ពួកផារិស៊ី។ គេរកចាប់កំហុសទាំងអស់ មិនថានោះជាកំហុសពិតប្រាកដ ឬគ្រាន់តែអ្វីដែលគេគិតថាជាកំហុសនោះក្ដី។ គេនាំឲ្យមនុស្សប្រុងប្រៀបជានិច្ចរកផ្លូវដោះសានូវការប្រព្រឹត្តរបស់ខ្លួន ហើយក៏បានរំឭកគេអំពីការខកខានរបស់គេដែរ។ ពួកផារិស៊ីធ្លាប់អួតខ្លួនដោយសារគេឲ្យមួយភាគដប់នៃជីតូចបំផុត ដូចជាជីអង្កាម ជីឌីល និងជីខាម្មិន។ គេបានសំញែងថា គេកោតខ្លាចព្រះដោយសំលៀកបំពាក់របស់គេ និងបានខិតខំដឹកនាំប្រទេសជាតិ។ ពិតណាស់ បើសិនជាយើងចង់ប្រព្រឹត្តសមស្របតាមគំរូរបស់ព្រះយេស៊ូ នោះយើងត្រូវជៀសវាងពីនិន្នាការរកចាប់កំហុស និងលាតត្រដាងកំហុសរបស់អ្នកឯទៀត។
តើព្រះយេស៊ូធ្លាប់ដោះស្រាយបញ្ហាយ៉ាងដូចម្ដេច?
១៧-១៩. (ក) សូមពន្យល់នូវរបៀបដែលព្រះយេស៊ូបានប្រព្រឹត្តទៅលើបញ្ហាមួយដែលអាចក្លាយជាបញ្ហាដ៏ធំ។ (ខ) ហេតុអ្វីបានជាកាលៈទេសៈនោះធ្វើឲ្យមានអារម្មណ៍មិនស្រួលនិងចិត្តតានតឹង? (គ) បើសិនជាអ្នកនៅទីនោះពេលស្ត្រីនេះដើរទៅជិតព្រះយេស៊ូ តើអ្នកនឹងគិតយ៉ាងណា?
១៧ របៀបដែលព្រះយេស៊ូបានដោះស្រាយបញ្ហាគឺខុសគ្នាឆ្ងាយពីពួកផារិស៊ី។ សូមពិចារណារបៀបដែលព្រះយេស៊ូបានប្រព្រឹត្ត ស្តីអំពីបញ្ហាមួយដែលអាចក្លាយជាបញ្ហាដ៏ធំ។ បញ្ហានេះទាក់ទងនឹងស្ត្រីម្នាក់ដែលមានជម្ងឺធ្លាក់ឈាមអស់១២ឆ្នាំហើយ។ អ្នកអាចអានកំណត់ហេតុនោះនៅលូកា ៨:៤២-៤៨។
១៨ កំណត់ហេតុរបស់ម៉ាកុសថា ស្ត្រីនោះ«ភ័យញ័រ»។ (ម៉ាកុស ៥:៣៣) ហេតុអ្វី? ស្ត្រីនោះច្បាស់ជាដឹងថា ខ្លួនបានរំលងច្បាប់របស់ព្រះ។ យោងទៅតាមលេវីវិន័យ ១៥:២៥-២៨ ស្ត្រីម្នាក់ដែលមានជម្ងឺធ្លាក់ឈាមខុសរដូវ បានត្រូវចាត់ទុកជាមិនស្អាតក្នុងកំឡុងពេលដែលគាត់ធ្លាក់ឈាមខុសពីធម្មតា ថែមមួយសប្ដាហ៍ទៀត។ អ្នកណាក៏ដោយនិងអ្វីៗក៏ដោយដែលស្ត្រីនោះប៉ះពាល់ ត្រូវក្លាយជាមិនស្អាតដែរ។ ដើម្បីទៅជិតនឹងព្រះយេស៊ូនោះ ស្ត្រីនេះត្រូវប្រជ្រៀតវែកផ្លូវចូលក្នុងហ្វូងមនុស្សកកកុញនោះ។ ពេលយើងអានកំណត់ហេតុនេះដែលកើតឡើង២.០០០ឆ្នាំមុន យើងមានអារម្មណ៍អាណិតអាសូរចំពោះស្ត្រីនោះដែលកំពុងតែឈឺចាប់។
១៩ បើសិនជាអ្នកនៅទីនោះនៅថ្ងៃនោះឯង តើអ្នកនឹងមានទស្សនៈយ៉ាងណាចំពោះរឿងនេះ? តើអ្នកនឹងនិយាយយ៉ាងណាទៅ? សូមកត់សម្គាល់ថា ព្រះយេស៊ូបានប្រព្រឹត្តទៅលើស្ត្រីនោះយ៉ាងសប្បុរស ដោយសេចក្ដីស្រឡាញ់ និងដោយនឹកនាដល់អារម្មណ៍របស់គាត់ ថែមទាំងមិនបាននិយាយបញ្ឆិតបញ្ឆៀងអំពីបញ្ហាណាដែលគាត់ប្រហែលជាបានបង្កឡើងទៀតផង។—ម៉ាកុស ៥:៣៤
២០. បើសិនជាច្បាប់នៅលេវីវិន័យ ១៥:២៥-២៧នៅតែមានសុពលភាពនៅសព្វថ្ងៃនេះ តើយើងនឹងត្រូវឈ្នះការពិបាកអ្វី?
២០ តើយើងអាចរៀនមេរៀនមួយពីហេតុការណ៍នេះបានឬទេ? ឧបមាថាអ្នកជាអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំគ្រីស្ទានសព្វថ្ងៃនេះ។ ហើយឧបមាថា ច្បាប់នៅលេវីវិន័យ ១៥:២៥-២៧ នៅមានសុពលភាពសំរាប់គ្រីស្ទានទាំងឡាយសព្វថ្ងៃនេះ ហើយស្ត្រីគ្រីស្ទានម្នាក់បានរំលងច្បាប់នោះ ដោយអារម្មណ៍តក់ក្រហល់និងគ្មានទីពឹង។ តើអ្នកនឹងប្រព្រឹត្តយ៉ាងណាទៅលើគាត់? តើអ្នកនឹងធ្វើឲ្យគាត់អាម៉ាស់មុខដោយរិះគន់ជូនឱវាទគាត់នៅមុខគេមុខឯងទាំងអស់គ្នាទេ? ប្រហែលជាអ្នកថា៖ «អត់ទេ! ខ្ញុំមិនអាចធ្វើដូចនោះទេ! ខ្ញុំនឹងធ្វើតាមគំរូរបស់ព្រះយេស៊ូ និងខិតខំអស់ពីសមត្ថភាពដើម្បីប្រព្រឹត្តយ៉ាងសប្បុរស ដោយសេចក្ដីស្រឡាញ់ ទាំងនឹកនាដល់អារម្មណ៍របស់គាត់ថែមទៀត»។ ពិតជាល្អណាស់! ប៉ុន្តែ ការយកតម្រាប់តាមព្រះយេស៊ូគឺស្រួលនិយាយតែពិបាកធ្វើ។
២១. តើព្រះយេស៊ូធ្លាប់បង្រៀនមនុស្សអ្វីខ្លះអំពីច្បាប់ព្រះ?
២១ ជាទូទៅ មនុស្សបានកម្លាំងចិត្តឡើងវិញ ចិត្តរបស់គេត្រូវស្អាងឡើង និងត្រូវលើកទឹកចិត្តដោយព្រះយេស៊ូ។ កន្លែងណាដែលច្បាប់របស់ព្រះគឺជាក់លាក់ នោះមនុស្សត្រូវធ្វើតាមយ៉ាងដិតដល់ជាពុំខាន។ បើសិនជាច្បាប់នោះគឺទូលំទូលាយវិញ នោះគេត្រូវប្រើមនសិការផ្ទាល់ខ្លួន ហើយគេក៏មានឱកាសសម្ដែងសេចក្ដីស្រឡាញ់របស់គេចំពោះព្រះ ដោយការសម្រេចចិត្តរបស់ខ្លួន។ ច្បាប់នោះមិនបានធ្វើឲ្យគេធុញថប់ឡើយ។ (ម៉ាកុស ២:២៧, ២៨) ព្រះស្រឡាញ់រាស្ត្រទ្រង់ និងគ្រប់ការប្រព្រឹត្តរបស់ទ្រង់គឺដើម្បីប្រយោជន៍ដល់គេ ហើយទ្រង់សុខព្រះទ័យបង្ហាញក្ដីមេត្ដាករុណាពេលគេភ្លាត់ធ្វើខុសទៀតផង។ ព្រះយេស៊ូក៏ដូច្នោះដែរ។—យ៉ូហាន ១៤:៩
-