សៀវភៅម៉ាថាយ
១១ ក្រោយពីលោកយេស៊ូផ្ដល់ការណែនាំដល់អ្នកកាន់តាមទាំង១២នាក់រួចហើយ លោកចេញពីទីនោះដើម្បីទៅបង្រៀននិងផ្សព្វផ្សាយនៅក្រុងផ្សេងទៀត។+
២ ចំណែកឯយ៉ូហានដែលនៅក្នុងគុក+ គាត់បានឮអំពីការដែលគ្រិស្តបានធ្វើ។ ដូច្នេះ គាត់ចាត់អ្នកកាន់តាមគាត់ឲ្យទៅឯលោក+ ៣ ហើយសួរថា៖ «តើលោកជាអ្នកដែលត្រូវមកឬ? ឬក៏យើងត្រូវរង់ចាំអ្នកផ្សេងទៀត?»។+ ៤ លោកយេស៊ូតបឆ្លើយថា៖ «ចូរទៅប្រាប់យ៉ូហាននូវអ្វីដែលអ្នកកំពុងឮហើយឃើញ+ ៥ គឺមនុស្សងងឹតភ្នែកកំពុងមើលឃើញ+ មនុស្សខ្វិនកំពុងដើរ មនុស្សកើតឃ្លង់+បានជាស្អាត មនុស្សថ្លង់កំពុងស្ដាប់ឮ មនុស្សស្លាប់កំពុងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយដំណឹងល្អកំពុងត្រូវផ្សព្វផ្សាយដល់មនុស្សក្រីក្រ។+ ៦ ឯអ្នកណាដែលមិនរកហេតុសង្ស័យលើខ្ញុំ* អ្នកនោះមានសុភមង្គលហើយ»។+
៧ ពេលដែលអ្នកទាំងនោះចេញទៅវិញ នោះលោកយេស៊ូមានប្រសាសន៍ទៅកាន់បណ្ដាជនអំពីយ៉ូហានថា៖ «តើអ្នករាល់គ្នាបានចេញទៅតំបន់ស្ងាត់ជ្រងំដើម្បីមើលអ្វី?+ តើបានចេញទៅមើលដើមត្រែងមួយដែលយោលចុះយោលឡើងតាមខ្យល់ឬ?+ ៨ បើមិនដូច្នេះទេ តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលបុរសម្នាក់ដែលមានសម្លៀកបំពាក់ទន់ល្មឿយ*ឬ? មិនមែនទេ ព្រោះពួកអ្នកដែលនៅក្នុងវិមានស្ដេច ទើបមានសម្លៀកបំពាក់ទន់ល្មឿយ។ ៩ បើមិនដូច្នេះ តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលអ្នកប្រកាសទំនាយឬ? ត្រូវហើយ! ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់សំខាន់ជាងអ្នកប្រកាសទំនាយទៅទៀត។+ ១០ អ្នកនោះហើយដែលបានត្រូវចែងទុកថា៖ ‹មើល! ខ្ញុំនឹងចាត់ទូតរបស់ខ្ញុំឲ្យទៅមុនអ្នក ហើយគាត់នឹងរៀបចំផ្លូវទុកសម្រាប់អ្នក!›។+ ១១ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅ គ្មានអ្នកណាលេចមកដែលធំជាងយ៉ូហាន ជាអ្នកជ្រមុជទឹកឡើយ។ ប៉ុន្តែ អ្នកដែលតូចជាងគេក្នុងរាជាណាចក្រស្ថានសួគ៌គឺធំជាងគាត់។+ ១២ ក៏ប៉ុន្តែ តាំងពីគ្រាយ៉ូហានដែលជាអ្នកជ្រមុជទឹករហូតមកដល់ឥឡូវ រាជាណាចក្រស្ថានសួគ៌ជាគោលដៅដែលមនុស្សសង្វាតឈោងចាប់ ហើយអស់អ្នកដែលសង្វាត ក៏ឈោងចាប់បាន។+ ១៣ ពីព្រោះគ្រប់ទាំងអ្នកប្រកាសទំនាយ និងគ្រប់ទាំងច្បាប់*បានប្រកាសទុកជាមុន រហូតមកដល់គ្រាយ៉ូហាន+ ១៤ ហើយទោះជាអ្នករាល់គ្នាជឿឬមិនជឿក្ដី គាត់នោះឯងជា‹អេលីយ៉ា ដែលត្រូវមក›។+ ១៥ អ្នកណាដែលមានត្រចៀកអាចស្ដាប់ឮ ចូរស្ដាប់ចុះ។
១៦ «តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងអ្នកណា?+ មនុស្សជំនាន់នេះគឺដូចកូនក្មេងដែលអង្គុយនៅផ្សារ ហើយស្រែកប្រាប់កូនក្មេងឯទៀតថា៖ ១៧ ‹យើងបានផ្លុំខ្លុយឲ្យឯងរាល់គ្នា តែឯងមិនបានរាំទេ។ យើងបានទ្រហោយំ តែឯងរាល់គ្នាមិនបានគក់ទ្រូងកើតទុក្ខឡើយ›។ ១៨ ដូចគ្នាដែរ ពេលដែលយ៉ូហានមក គាត់មិនបានពិសាអាហារ ពិសាស្រា ដូចអ្នកឯទៀតទេ តែគេនិយាយថា៖ ‹គាត់មានវិញ្ញាណកំណាចចូល›។ ១៩ ពេលដែលកូនមនុស្សមក លោកបានពិសាអាហារ ពិសាស្រា ដូចអ្នកឯទៀត។+ ក៏ប៉ុន្តែ គេនៅតែនិយាយថា៖ ‹មើល! បុរសនេះល្មោភស៊ី ក៏ជាអ្នកល្មោភស្រា ហើយជាមិត្តភក្ដិរបស់អ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គង!›។+ ទោះជាគេនិយាយយ៉ាងនោះក៏ដោយ អំពើសុចរិតដែលមនុស្សម្នាក់ធ្វើ បង្ហាញថាអ្នកនោះមានប្រាជ្ញា»។+
២០ រួចមក លោកចាប់ផ្ដើមបន្ទោសក្រុងទាំងប៉ុន្មាន ដែលភាគច្រើនជាកន្លែងដែលលោកបានធ្វើការប្រកបដោយឫទ្ធានុភាព ពីព្រោះអ្នកក្រុងទាំងនោះមិនបានប្រែចិត្តទេ។ ២១ លោកមានប្រសាសន៍ថា៖ «ក្រុងខូរ៉ាស៊ីនអើយ អ្នកនឹងត្រូវវេទនាមិនខាន! ក្រុងបេតសេដាអើយ អ្នកក៏ត្រូវវេទនាដែរ! ពីព្រោះបើការដែលប្រកបដោយឫទ្ធានុភាពនៅទីនោះ បានកើតឡើងនៅក្នុងក្រុងទីរ៉ុសនិងក្រុងស៊ីដូនវិញ អ្នកក្រុងទាំងនោះមុខជាបានប្រែចិត្តជាយូរយារមកហើយ ទាំងស្លៀកបាវអង្គុយក្នុងផេះផង។+ ២២ ដូច្នេះ ខ្ញុំសូមប្រាប់ថា នៅថ្ងៃវិនិច្ឆ័យក្ដី អ្នកនឹងទទួលទោសធ្ងន់ជាងក្រុងទីរ៉ុសនិងក្រុងស៊ីដូនទៅទៀត។+ ២៣ ចំណែកអ្នកវិញ ក្រុងកាពើណិមអើយ+ តើអ្នកនឹងត្រូវលើកតម្កើងដល់មេឃឬ? អ្នកនឹងចុះទៅក្នុងផ្នូរ*វិញ+ ពីព្រោះប្រសិនបើការដែលប្រកបដោយឫទ្ធានុភាពដែលបានកើតឡើងនៅទីនោះ បានកើតឡើងនៅក្រុងសូដុមវិញ ក្រុងនោះមុខជាបាននៅគង់វង្សរហូតមកដល់ឥឡូវនេះ។ ២៤ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃវិនិច្ឆ័យក្ដី អ្នក*នឹងទទួលទោសធ្ងន់ជាងក្រុងសូដុមទៅទៀត»។+
២៥ នៅពេលនោះ លោកយេស៊ូមានប្រសាសន៍ថា៖ «ឱបិតាជាម្ចាស់ស្ថានសួគ៌និងផែនដី ខ្ញុំសូមសរសើរលោកនៅមុខមនុស្ស ពីព្រោះលោកបានលាក់អ្វីៗទាំងនេះពីអ្នកប្រាជ្ញនិងអ្នកចេះដឹង តែបានបើកបង្ហាញឲ្យកូនតូចៗយល់វិញ។+ ២៦ ឱបិតាអើយ ពីព្រោះនេះគឺសមស្របតាមបំណងប្រាថ្នារបស់លោក។ ២៧ បិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកឲ្យខ្ញុំ។+ គ្មានអ្នកណាស្គាល់បុត្ររបស់ព្រះច្បាស់ជាងព្រះដែលជាបិតា+ ហើយគ្មានអ្នកណាស្គាល់ព្រះដែលជាបិតាច្បាស់ជាងបុត្ររបស់លោក និងអ្នកដែលបុត្ររបស់លោកសុខចិត្តបើកបង្ហាញឲ្យស្គាល់នោះទេ។+ ២៨ អស់អ្នកដែលធ្វើការនឿយហត់ ហើយមានបន្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ នោះខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ។ ២៩ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំចុះ ពីព្រោះខ្ញុំស្លូត ក៏មានចិត្តរាបទាបផង+ នោះអ្នករាល់គ្នានឹងមានកម្លាំងចិត្តឡើងវិញ។ ៣០ ព្រោះនឹមរបស់ខ្ញុំស្រួលពាក់ ហើយបន្ទុកខ្ញុំក៏ស្រាល»។