ចូរយកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះ
«យើងខ្ញុំមានពាក្យទំនាយដ៏ពិតជាង ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់តាម»។—ពេត្រុសទី២ ១:១៩
១, ២. តើមានឧទាហរណ៍នៃព្រះមេស្ស៊ីក្លែងក្លាយណាខ្លះ ដែលអ្នកអាចរៀបរាប់?
ជាច្រើនសតវត្សមកហើយ គឺមានព្រះមេស្ស៊ីក្លែងក្លាយជាច្រើននាក់ដែលបានខំទាយអំពីអនាគត។ នៅក្នុងសតវត្សទីប្រាំ ស.យ. នោះបុរសម្នាក់ដែលបានហៅខ្លួនជាម៉ូសេ បានធ្វើឲ្យពួកយូដានៅកោះក្រេតជឿថា គាត់ជាព្រះមេស្ស៊ី និងអាចរំដោះពួកគេពីការជិះជាន់។ នៅថ្ងៃដែលទុកសំរាប់ការរំដោះគេ នោះពួកគេបានដើរតាមគាត់ទៅឯកន្លែងដ៏ខ្ពស់ ដែលអាចមើលឃើញសមុទ្រមេឌីទែរ៉ានេនៅឯខាងក្រោម។ គាត់បាននិយាយថា ពួកគេគ្រាន់តែលោតចុះទៅឯសមុទ្រ នោះសមុទ្រនឹងញែកចេញពីមុខគេ។ មនុស្សជាច្រើនដែលបានលោតចុះក្នុងទឹក នោះបានលង់ទឹកស្លាប់ ហើយព្រះមេស្ស៊ីក្លែងក្លាយនោះក៏រត់ចេញពីទីនោះទៅ។
២ នៅសតវត្សទី១២ នោះ«ព្រះមេស្ស៊ី»ម្នាក់ក៏បានលេចខ្លួនចេញនៅប្រទេសយេម៉ែន។ អ្នកគ្រប់គ្រងបានសួរគាត់រកទីសម្គាល់អំពីភាពជាព្រះមេស្ស៊ីរបស់គាត់។ «ព្រះមេស្ស៊ី»នេះបានស្នើសុំឲ្យអ្នកគ្រប់គ្រងម្នាក់នេះកាត់ក្បាលគាត់។ គាត់បានទាយថានឹងមានដំណើររស់ឡើងវិញយ៉ាងលឿន ដែលនឹងទុកជាសញ្ញា។ អ្នកគ្រប់គ្រងនេះបានសុខចិត្តទទួលព្រមនឹងគម្រោងការនេះ ហើយនេះក៏ជាទីបញ្ចប់នៃ«ព្រះមេស្ស៊ី»នោះ។
៣. តើព្រះមេស្ស៊ីដ៏ពិត ជាអ្នកណា ហើយតើកិច្ចបំរើរបស់ទ្រង់បានសឲ្យឃើញអ្វី?
៣ ព្រះមេស្ស៊ីក្លែងក្លាយជាច្រើននិងទំនាយរបស់គេ គឺបានបរាជ័យទាំងស្រុង ប៉ុន្តែការយកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះ នឹងមិនដែលនាំឲ្យមានការខកចិត្តនោះទេ។ ព្រះមេស្ស៊ីពិតជាព្រះយេស៊ូគ្រីស្ទ គឺជាការសម្រេចដ៏រស់រវើកនូវទំនាយជាច្រើនក្នុងព្រះគម្ពីរ។ ជាឧទាហរណ៍ ដោយដកស្រង់នូវទំនាយរបស់អេសាយ នោះម៉ាថាយដែលជាអ្នកសរសេរសៀវភៅដំណឹងល្អ បានសរសេរថា៖ «‹ស្រុកសាប់យូល៉ូន នឹងណែបថាលី តាមផ្លូវទៅឯសមុទ្រ ខាងនាយទន្លេយ័រដាន់ គឺជាស្រុកកាលីឡេរបស់សាសន៍ដទៃ ឯបណ្ដាជន ដែលអង្គុយក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ មានពន្លឺរះឡើង បំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងកំលុង ហើយនឹងម្លប់នៃសេចក្ដីស្លាប់›។ តាំងពីគ្រានោះមកព្រះយេស៊ូវក៏ចាប់តាំងប្រកាស ដោយបន្ទូលថា ‹ចូរប្រែចិត្តឡើង ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ›»។ (ម៉ាថាយ ៤:១៥-១៧; អេសាយ ៩:១, ២) ព្រះយេស៊ូជា«ពន្លឺយ៉ាងធំ» ហើយកិច្ចបំរើផ្សាយរបស់ទ្រង់បានសឲ្យឃើញថា ទ្រង់ជាព្យាការីដែលបានទាយមកដោយលោកម៉ូសេ។ អស់អ្នកដែលបដិសេធមិនព្រមស្ដាប់តាមព្រះយេស៊ូ នឹងត្រូវកំទេចចោល។—ចោទិយកថា ១៨:១៨, ១៩; កិច្ចការ ៣:២២, ២៣
៤. តើតាមរបៀបណាដែលព្រះយេស៊ូបានសម្រេចពាក្យនៅឯអេសាយ ៥៣:១២?
៤ ព្រះយេស៊ូក៏បានសម្រេចនូវពាក្យទំនាយនៅឯអេសាយ ៥៣:១២ ដែលថា៖ «ទ្រង់បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់ ប៉ុន្តែទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើន ហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញ»។ ដោយជ្រាបថា មិនយូរប៉ុន្មានទៀត ទ្រង់នឹងប្រគល់ជីវិតដ៏ជាមនុស្សរបស់ទ្រង់សំរាប់ជាតម្លៃលោះ នោះព្រះយេស៊ូបានពង្រឹងជំនឿរបស់ពួកសិស្សទ្រង់។ (ម៉ាកុស ១០:៤៥) ទ្រង់បានធ្វើនេះតាមរបៀបដ៏អស្ចារ្យដោយការផ្លាស់ប្រែទ្រង់ទ្រាយ។
ការផ្លាស់ប្រែទ្រង់ទ្រាយស្អាងឡើងនូវជំនឿ
៥. ដោយពាក្យសំដីរបស់អ្នក តើអ្នកនឹងរៀបរាប់យ៉ាងណាអំពីការផ្លាស់ប្រែទ្រង់ទ្រាយនោះ?
៥ ការផ្លាស់ប្រែទ្រង់ទ្រាយគឺជាព្រឹត្ដិការណ៍ខាងទំនាយ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «កូនមនុស្សនឹងមកក្នុងសិរីល្អនៃព្រះវរបិតា ជាមួយនឹងពួកទេវតារបស់លោក . . . ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះមិនត្រូវភ្លក់សេចក្ដីស្លាប់ ទាល់តែបានឃើញកូនមនុស្សមក ក្នុងនគររបស់លោក»។ (ម៉ាថាយ ១៦:២៧, ២៨) តើពួកសាវ័កខ្លះពិតជាបានឃើញព្រះយេស៊ូយាងមកក្នុងព្រះរាជាណាចក្ររបស់ទ្រង់ឬ? ម៉ាថាយ ១៧:១-៧ ចែងថា៖ «កន្លងមក៦ថ្ងៃ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប នឹងយ៉ូហាន ជាប្អូនយ៉ាកុប ទៅជាមួយនឹងទ្រង់ ក៏នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក រួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ»។ នេះជាព្រឹត្ដិការណ៍ដ៏អស្ចារ្យមែន! «ព្រះភក្ដ្រទ្រង់បានភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាសដូចពន្លឺ នោះឃើញលោកម៉ូសេ នឹងលោកអេលីយ៉ា លេចមកឯគេ កំពុងតែទូលនឹងទ្រង់»។ ហើយ«មានពពកយ៉ាងភ្លឺបានមកបាំងគេ ហើយមានឮសំឡេងចេញពីពពកនោះថា ‹នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ចូរស្ដាប់តាមចុះ› កាលបានឮហើយនោះពួកសិស្សក៏ក្រាបផ្កាប់មុខនឹងដី ទាំងភ័យស្លុតជាខ្លាំង តែព្រះយេស៊ូវទ្រង់យាងទៅពាល់គេ ដោយបន្ទូលថា៖ ‹ចូរក្រោកឡើង កុំភ័យឡើយ›»។
៦. (ក) ហេតុអ្វីក៏ព្រះយេស៊ូហៅការផ្លាស់ប្រែទ្រង់ទ្រាយជាចក្ខុនិមិត្តមួយ? (ខ) តើការផ្លាស់ប្រែទ្រង់ទ្រាយនេះ ជាការឃើញទុកជាមុនអំពីអ្វី?
៦ ព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ ប្រហែលជាកើតឡើងនៅឯកំពូលភ្នំហ៊ើម៉ូន ដែលព្រះយេស៊ូនិងពួកសាវ័កបីនាក់ បានចំណាយពេលមួយយប់នៅទីនោះ។ តាមមើលទៅ ការផ្លាស់ប្រែទ្រង់ទ្រាយនេះបានកើតឡើងនៅពេលយប់ ដែលធ្វើឲ្យឃើញយ៉ាងភ្លឺច្បាស់។ មូលហេតុមួយដែលព្រះយេស៊ូបានហៅថានេះជាចក្ខុនិមិត្ត គឺពីព្រោះលោកម៉ូសេនិងអេលីយ៉ាដែលបានស្លាប់ជាយូរយារមកហើយ ពុំបានមានវត្តមានមែនទែននោះទេ។ មានតែព្រះយេស៊ូប៉ុណ្ណោះដែលមានវត្តមាននោះ។ (ម៉ាថាយ ១៧:៨, ៩) ការសម្ដែងដ៏ទាក់ទាញចិត្តនេះបានឲ្យពេត្រុស យ៉ាកុប និងយ៉ូហាននូវការឃើញជាមុននូវវត្តមានដ៏រុងរឿងរបស់ព្រះយេស៊ូ កាន់អំណាចព្រះរាជាណាចក្រ។ លោកម៉ូសេនិងលោកអេលីយ៉ា គឺតំណាងពួកអ្នកគ្រងមរតកដែលបានចាក់ប្រេងតាំងរបស់ព្រះយេស៊ូ។ ហើយចក្ខុនិមិត្តនេះបានពង្រឹងឡើងយ៉ាងខ្លាំងនូវសក្ខីភាពរបស់ទ្រង់អំពីព្រះរាជាណាចក្រ និងភាពជាស្តេចរបស់ទ្រង់នៅពេលខាងមុខនេះ។
៧. តើតាមរបៀបណាដែលយើងដឹងថា ពេត្រុសមានការនឹកចាំយ៉ាងច្បាស់អំពីការផ្លាស់ប្រែទ្រង់ទ្រាយ?
៧ ការផ្លាស់ប្រែទ្រង់ទ្រាយបានជួយពង្រឹងជំនឿនៃពួកសាវ័កបីនាក់ ដែលនឹងត្រូវមានតួនាទីនាំមុខក្នុងក្រុមជំនុំគ្រីស្ទាន។ ព្រះភក្ដ្រដ៏ភ្លឺរបស់ព្រះគ្រីស្ទ ព្រះពស្ត្រសរបស់ទ្រង់ និងសម្លេងរបស់ព្រះផ្ទាល់ ដែលប្រកាសថាព្រះយេស៊ូជាបុត្រស្ងួនភ្ងារបស់ទ្រង់ ដែលពួកគេត្រូវស្ដាប់តាម ភស្តុតាងទាំងនេះបានសម្រេចយ៉ាងស័ក្ដិសិទ្ធិជាទីបំផុត។ ប៉ុន្តែ ពួកសាវ័កមិនត្រូវរៀបរាប់អំពីចក្ខុនិមិត្តនេះប្រាប់អ្នកណាឡើយ ទាល់តែព្រះយេស៊ូបានប្រោសឲ្យរស់ឡើងវិញ។ ប្រមាណ៣២ឆ្នាំក្រោយមក នោះចក្ខុនិមិត្តនេះគឺនៅតែឃើញច្បាស់ក្នុងគំនិតរបស់ពេត្រុស។ ដោយចង្អុលប្រាប់អំពីរឿងនេះនិងសារៈសំខាន់របស់វា នោះគាត់បានសរសេរថា៖ «ដ្បិតដែលយើងខ្ញុំបានឲ្យអ្នករាល់គ្នាស្គាល់ដល់ព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងដំណើរដែលទ្រង់យាងមក នោះមិនមែនតាមរឿងព្រេងប្រឌិតដោយដំរិះនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញឫទ្ធានុភាពរបស់ទ្រង់ជាក់នឹងភ្នែកវិញ ដ្បិតទ្រង់បានល្បីព្រះនាម នឹងសិរីល្អពីព្រះដ៏ជាព្រះវរបិតា ក្នុងកាលដែលមានឮសំឡេងពីសិរីល្អដ៏ប្រសើរឧត្តម មានបន្ទូលមកទ្រង់ថា ‹នេះជាកូនស្ងួនភ្ងាអញ ជាទីគាប់ចិត្តអញណាស់› យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃ ក្នុងកាលដែលនៅលើភ្នំបរិសុទ្ធជាមួយនឹងទ្រង់»។—ពេត្រុសទី២ ១:១៦-១៨
៨. (ក) សេចក្ដីប្រកាសរបស់ព្រះស្តីអំពីបុត្រាទ្រង់ បានដៅបញ្ជាក់លើអ្វី? (ខ) តើអ្វីដែលបានបញ្ជាក់ដោយពពក ដែលបានលេចឡើងក្នុងការផ្លាស់ប្រែទ្រង់ទ្រាយនោះ?
៨ សេចក្ដីប្រកាសរបស់ព្រះគឺជាអ្វីដែលមានសារៈសំខាន់ជាទីបំផុត ដែលថា៖ «នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ចូរស្ដាប់តាមចុះ»។ សេចក្ដីប្រកាសនេះដៅបញ្ជាក់លើព្រះយេស៊ូជាស្តេច ដែលព្រះតែងតាំងឲ្យសោយរាជ្យ ក្នុងនោះអ្វីៗទាំងអស់ដែលបានបង្កើតមក ត្រូវស្ដាប់បង្គាប់តាម។ ពពកដែលមកបាំងគេបានបញ្ជាក់ថា ការសម្រេចនៃចក្ខុនិមិត្តនេះនឹងមើលមិនឃើញនោះទេ។ នេះគឺអាចយល់បានតាមតែភ្នែកនៃការយល់ដឹង ដោយពួកអ្នកដែលទទួលស្គាល់«សញ្ញា»នៃវត្តមានដ៏មើលមិនឃើញរបស់ព្រះយេស៊ូ ដែលកំពុងតែកាន់អំណាចក្នុងព្រះរាជាណាចក្រ។ (ម៉ាថាយ ២៤:៣) តាមការពិត សេចក្ដីបង្គាប់របស់ព្រះយេស៊ូមិនឲ្យប្រាប់ចក្ខុនិមិត្តនេះដល់អ្នកណា ទាល់តែទ្រង់បានត្រូវប្រោសឲ្យរស់ឡើងវិញ បង្ហាញថាការតម្កើងនិងសិរីរុងរឿងរបស់ទ្រង់ នឹងមានឡើងក្រោយពីដំណើររស់ឡើងវិញរបស់ទ្រង់។
៩. ហេតុអ្វីក៏ការផ្លាស់ប្រែទ្រង់ទ្រាយគួរតែពង្រឹងជំនឿរបស់យើង?
៩ ក្រោយពីបានសំដៅទៅឯការផ្លាស់ប្រែទ្រង់ទ្រាយ នោះពេត្រុសបានថ្លែងថា៖ «ហើយយើងខ្ញុំមានពាក្យទំនាយដ៏ពិតជាង ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់តាម ដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹត ទាល់តែថ្ងៃភ្លឺឡើង ហើយផ្កាយ[ថ្ងៃ ព.ថ.]រះឡើងក្នុងចិត្តអ្នករាល់គ្នា ដោយដឹងសេចក្ដីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលស្រាយបានតាមតែចិត្តនោះឡើយ ដ្បិតសេចក្ដីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្ដាលវិញ»។ (ពេត្រុសទី២ ១:១៩-២១) ការផ្លាស់ប្រែទ្រង់ទ្រាយបញ្ជាក់នូវភាពប្រាកដប្រជានៃពាក្យទំនាយរបស់ព្រះ។ យើងត្រូវតែយកចិត្តទុកដាក់លើពាក្យទាំងនោះ មិនមែនតាម«រឿងព្រេងប្រឌិតដោយដំរិះ» ដែលឥតមានការយល់ព្រមពីព្រះនោះទេ។ ជំនឿរបស់យើងលើទំនាយរបស់ព្រះ គួរតែបានត្រូវពង្រឹងដោយការផ្លាស់ប្រែទ្រង់ទ្រាយ ពីព្រោះចក្ខុនិមិត្តនោះបានធ្វើឲ្យឃើញទុកជាមុន នូវសិរីរុងរឿងនិងការកាន់អំណាចព្រះរាជាណាចក្ររបស់ព្រះយេស៊ូ ក្លាយទៅជាការណ៍ពិត។ ត្រូវហើយ យើងមានទីសំអាងដែលមិនអាចប្រកែកបានថា ព្រះគ្រីស្ទមានវត្តមានសព្វថ្ងៃនេះ ជាស្តេចដ៏ខ្លាំងក្លានៅស្ថានសួគ៌។
របៀបដែលផ្កាយថ្ងៃរះឡើង
១០. តើអ្នកណាឬក៏អ្វីជា«ផ្កាយថ្ងៃ» ដែលពេត្រុសបានរៀបរាប់ ហើយហេតុអ្វីក៏អ្នកឆ្លើយអ៊ីចឹង?
១០ ពេត្រុសបានសរសេរថា៖ «អ្នករាល់គ្នាយកចិត្តទុកដាក់តាម[ពាក្យទំនាយ] ដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹត ទាល់តែថ្ងៃភ្លឺឡើង ហើយផ្កាយ[ថ្ងៃ]រះឡើងក្នុងចិត្តអ្នករាល់គ្នា»។ តើអ្នកណាឬក៏អ្វីជាផ្កាយថ្ងៃ? ពាក្យថា«ផ្កាយថ្ងៃ» មានតែម្ដងទេក្នុងព្រះគម្ពីរ ហើយនេះគឺមានន័យស្រដៀងនឹងពាក្យ«ផ្កាយព្រឹក»។ វិវរណៈ ២២:១៦ ហៅព្រះយេស៊ូគ្រីស្ទជា«ផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង»។ នៅរដូវខ្លះៗក្នុងឆ្នាំ ផ្កាយបែបនេះគឺជាផ្កាយដែលរះឡើងក្រោយគេនៅជើងមេឃពីទិសខាងកើត។ ផ្កាយទាំងនេះរះឡើងមុននឹងថ្ងៃរះបន្ដិច ហើយដូច្នេះក៏តំណាងថាថ្ងៃថ្មីរះហើយ។ ពេត្រុសបានប្រើពាក្យ«ផ្កាយថ្ងៃ» ដើម្បីសំដៅទៅឯព្រះយេស៊ូ ក្រោយពីទ្រង់បានទទួលអំណាចព្រះរាជាណាចក្រ។ នៅពេលនោះ ព្រះយេស៊ូបានរះឡើងក្នុងគ្រប់កន្លែងក្នុងសកលលោក រួមបញ្ចូលផែនដីយើងនេះ! ជាផ្កាយថ្ងៃដ៏ជាព្រះមេស្ស៊ី នោះទ្រង់តំណាងនូវថ្ងៃរះនៃថ្ងៃឬសករាជថ្មី សំរាប់មនុស្សលោកដ៏ចេះស្ដាប់បង្គាប់។
១១. (ក) ហេតុអ្វីក៏ពេត្រុសទី២ ១:១៩ មិនមានន័យថា«ផ្កាយថ្ងៃ»រះឡើងក្នុងបេះដូងរបស់មនុស្ស? (ខ) តើអ្នកនឹងពន្យល់ពេត្រុសទី២ ១:១៩ យ៉ាងដូចម្ដេច?
១១ សេចក្ដីបកប្រែព្រះគម្ពីរជាច្រើនលើកផ្សាយគំនិតដែលថា ពាក្យរបស់សាវ័កពេត្រុស ដែលបានកត់ទុកនៅក្នុងពេត្រុសទី២ ១:១៩ សំដៅទៅឯបេះដូងរបស់មនុស្ស។ បេះដូងមនុស្សពេញវ័យគឺមានទម្ងន់តែ២៥០-៣០០ក្រាមប៉ុណ្ណោះ។ តើយ៉ាងដូចម្ដេចទៅ ដែលព្រះយេស៊ូគ្រីស្ទ ឥឡូវមានសិរីរុងរឿងជាសត្តវិញ្ញាណនៅស្ថានសួគ៌ រះឡើងក្នុងបេះដូងដ៏តូចទាំងនេះរបស់មនុស្សបាននោះ? (ធីម៉ូថេទី១ ៦:១៦) ប្រាកដហើយ រឿងនេះគឺទាក់ទងនឹងចិត្តរបស់យើង ពីព្រោះដោយសារនេះយើងយកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះ។ ប៉ុន្តែ ដោយមើលប្រយ័ត្នប្រយែងនៅឯពេត្រុសទី២ ១:១៩ នោះអ្នកនឹងឃើញថា សេចក្ដីបកប្រែពិភពលោកថ្មី បានដាក់ក្បៀស ដើម្បីញែកឃ្លាក្នុងវង់ក្រចក«ទាល់តែថ្ងៃភ្លឺឡើង ហើយផ្កាយថ្ងៃរះឡើង»ពីពាក្យមុនទាំងប៉ុន្មានក្នុងខនោះ ហើយពីឃ្លា«ក្នុងចិត្តអ្នករាល់គ្នា»។ ខនោះអាចចែងតាមរបៀបនេះថា៖ ‹យើងមានពាក្យទំនាយដែលបានធ្វើឲ្យប្រាកដប្រជាជាង ហើយអ្នកធ្វើបានប្រសើរក្នុងការយកចិត្តទុកដាក់តាម នេះដូចនឹងចង្កៀងដែលបំភ្លឺក្នុងទីងងឹត នោះគឺ នៅក្នុងចិត្តរបស់អ្នក រហូតដល់ថ្ងៃរះនិងផ្កាយថ្ងៃរះ›។
១២. ជាទូទៅតើអ្វីជាសភាពនៃចិត្តរបស់មនុស្សដែលមានបាប ប៉ុន្តែចំពោះពួកគ្រីស្ទានពិតគឺយ៉ាងណាវិញ?
១២ ជាទូទៅ តើសភាពនៃចិត្តរបស់មនុស្សដែលមានបាបជាយ៉ាងណា? យ៉ាងណាមិញ ចិត្តរបស់គេគឺស្ថិតក្នុងភាពងងឹតខាងវិញ្ញាណ! ប៉ុន្តែ បើយើងជាពួកគ្រីស្ទានពិត នេះគឺហាក់ដូចជាយើងមានចង្កៀងដែលបំភ្លឺក្នុងចិត្តរបស់យើង បើមិនអ៊ីចឹងទេ នោះគឺងងឹតហើយ។ ដូចបានបង្ហាញមកដោយពាក្យរបស់ពេត្រុស នេះគឺដោយយកចិត្តទុកដាក់នឹងពាក្យទំនាយដែលត្រូវបំភ្លឺឡើងរបស់ព្រះ នោះហើយជាអ្វីដែលពួកគ្រីស្ទានពិតនឹងប្រុងប្រៀប ហើយដែលបានបំភ្លឺរហូតដល់ថ្ងៃថ្មីរះឡើង។ ពួកគេនឹងដឹងនូវហេតុការណ៍ពិតដែលថា ផ្កាយថ្ងៃបានរះឡើងហើយ មិនមែនក្នុងបេះដូងមនុស្សមែនទែនទេ ប៉ុន្តែនៅពីមុខអ្វីៗទាំងអស់ដែលបានបង្កើតមក។
១៣. (ក) ហេតុអ្វីក៏យើងអាចប្រាកដក្នុងចិត្តថា ផ្កាយថ្ងៃបានរះឡើងហើយ? (ខ) ហេតុអ្វីក៏ពួកគ្រីស្ទានអាចស៊ូទ្រាំនឹងស្ថានភាពដ៏ពិបាក ដែលព្រះយេស៊ូបានទាយសំរាប់សម័យយើងនេះ?
១៣ ផ្កាយថ្ងៃបានរះឡើងទៅហើយ! យើងអាចដឹងប្រាកដក្នុងចិត្ត ដោយយកចិត្តទុកដាក់នឹងពាក្យទំនាយដ៏ឧត្តមរបស់ព្រះយេស៊ូ ស្តីអំពីវត្តមានរបស់ទ្រង់។ សព្វថ្ងៃនេះ យើងកំពុងតែពិសោធនូវការសម្រេចស្តីអំពីព្រឹត្ដិការណ៍ដូច សង្គ្រាម ទុរភិក្ស កក្រើកដី និងការផ្សព្វផ្សាយដំណឹងល្អទូទាំងពិភពលោក។ (ម៉ាថាយ ២៤:៣-១៤) ទោះជាស្ថានភាពដ៏ពិបាកដែលព្រះយេស៊ូបានទាយមកមានអានុភាពលើយើងជាពួកគ្រីស្ទានក៏ដោយ តែយើងអាចស៊ូទ្រាំដោយសន្ដិភាពនិងដោយចិត្តអរសប្បាយ។ ហេតុអ្វី? ពីព្រោះយើងយកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះ ហើយមានជំនឿលើអ្វីដែលទ្រង់សន្យាអំពីអនាគត។ យើងដឹងថា យើងកៀកនឹងគ្រាដ៏ល្អបំផុត ពីព្រោះយើងកំពុងនៅក្នុងពេលដែលកាន់តែចូលជ្រៅក្នុង«គ្រាចុងបំផុត»! (ដានីយ៉ែល ១២:៤) ពិភពលោកនេះគឺនៅក្នុងគ្រាដ៏ពិបាក ដែលបានទាយមកនៅឯអេសាយ ៦០:២ ដែលថា៖ «ដ្បិតមើល សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ»។ តើមនុស្សម្នាក់អាចរកផ្លូវឃើញបានក្នុងភាពងងឹតនេះទេ? ដោយចិត្តរាបទាប នោះបុគ្គលម្នាក់ត្រូវតែយកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះនៅពេលឥឡូវនេះ មុននឹងខកពេល។ មនុស្សដែលមានចិត្តស្មោះត្រូវតែបែរទៅព្រះយេហូវ៉ា ដ៏ជាប្រភពនៃជីវិតនិងពន្លឺ។ (ទំនុកដំកើង ៣៦:៩; កិច្ចការ ១៧:២៨) មានតែការធ្វើដូចនេះទេ ដែលមនុស្សម្នាក់អាចមានការបំភ្លឺដ៏ពិត និងសេចក្ដីសង្ឃឹមនៃការទទួលនូវអនាគតដ៏អស្ចារ្យ ដែលព្រះបានមានបំណងសំរាប់មនុស្សដែលចេះស្ដាប់បង្គាប់នោះ។—វិវរណៈ ២១:១-៥
«ពន្លឺបានមកក្នុងលោកីយ»
១៤. តើយើងត្រូវតែធ្វើអ្វីដើម្បីពិសោធនូវការសម្រេចនៃពាក្យទំនាយដ៏អស្ចារ្យជាច្រើនក្នុងព្រះគម្ពីរ?
១៤ បទគម្ពីរទាំងឡាយបានបញ្ជាក់ឲ្យបានច្បាស់ថា ព្រះយេស៊ូគ្រីស្ទឥឡូវកំពុងតែសោយរាជ្យជាស្តេច។ ពីព្រោះទ្រង់បានកាន់អំណាចតាំងពីឆ្នាំ១៩១៤ នោះទំនាយដ៏អស្ចារ្យទាំងឡាយមិនទាន់សម្រេចអស់ទេ។ ដើម្បីពិសោធនឹងទំនាយទាំងនេះ យើងត្រូវតែបង្ហាញឲ្យឃើញថា យើងជាមនុស្សរាបសា ដែលអនុវត្តជំនឿលើព្រះយេស៊ូគ្រីស្ទ ដោយប្រែចិត្តពីកិច្ចការដ៏មានបាប និងពីបាបដែលប្រព្រឹត្តដោយឥតដឹងខ្លួន។ ប្រាកដហើយ អស់អ្នកដែលស្រឡាញ់ភាពងងឹត នឹងមិនទទួលនូវជីវិតអស់កល្បជានិច្ចឡើយ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ហើយទោសនេះ គឺថា ពន្លឺបានមកក្នុងលោកីយ តែមនុស្សលោកចូលចិត្តនឹងសេចក្ដីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មាន សុទ្ធតែអាក្រក់ ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះតែងស្អប់ដល់ពន្លឺ ហើយមិនមកឯពន្លឺទេ ក្រែងអំពើដែលខ្លួនប្រព្រឹត្តទាំងប៉ុន្មាន បានបើកឲ្យឃើញ តែអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ នោះតែងមកឯពន្លឺ ដើម្បីឲ្យអំពើដែលខ្លួនប្រព្រឹត្ត បានសំដែងមកឲ្យដឹងថា បានធ្វើដោយនូវព្រះ»។ —យ៉ូហាន ៣:១៩-២១
១៥. តើនឹងមានអ្វីកើតឡើងបើយើងឥតអើពើនឹងសេចក្ដីសង្គ្រោះ ដែលព្រះបានធ្វើឲ្យមានតាមរយៈបុត្រាទ្រង់នោះ?
១៥ ពន្លឺខាងវិញ្ញាណបានមកក្នុងលោកីយ៍ តាមរយៈព្រះយេស៊ូ ហើយការស្ដាប់តាមទ្រង់គឺសំខាន់ណាស់។ ប៉ុលបានសរសេរថា៖ «ឯព្រះ ដែលពីដើម ទ្រង់មានបន្ទូលនឹងពួកឰយុកោ ដោយពួកហោរា ជាច្រើនដងច្រើនបែប នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានដំរូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរដក»។ (ហេព្រើរ ១:១, ២) តើនឹងមានអ្វីកើតឡើង បើយើងច្រានចេញទាំងមើលងាយនូវសេចក្ដីសង្គ្រោះ ដែលព្រះបានធ្វើឲ្យមានតាមរយៈបុត្រាទ្រង់នោះ? ប៉ុលក៏និយាយបន្តទៀតថា៖ «ដ្បិតបើសិនជាគ្រប់ទាំងព្រះបន្ទូល ដែលពួកទេវតាបានពោលនោះបានឃើញថាពិតមែន ហើយគ្រប់ទាំងអំពើរំលង នឹងសេចក្ដីរឹងចចេសក៏ត្រូវទោសចំពោះ នោះធ្វើដូចម្ដេចឲ្យយើងរួចបាន បើយើងធ្វេសនឹងសេចក្ដីសង្គ្រោះដ៏ធំម្ល៉េះ ដែលព្រះអម្ចាស់បានចាប់ផ្ដើមផ្សាយមក រួចពួកអ្នកដែលឮ ក៏បានបញ្ជាក់មកយើងរាល់គ្នាដែរ ទាំងមានព្រះធ្វើបន្ទាល់ជាមួយផង ដោយទីសំគាល់ ការអស្ចារ្យ នឹងការឫទ្ធិបារមីជាច្រើនយ៉ាង ទាំងចែកព្រះវិញ្ញាណបរិសុទ្ធមកតាមព្រះហឫទ័យទ្រង់ផង»។ (ហេព្រើរ ២:២-៤) ត្រូវហើយ ព្រះយេស៊ូគឺមានមុខនាទីដ៏សំខាន់បំផុត ស្តីអំពីការប្រកាសពាក្យទំនាយ។—វិវរណៈ ១៩:១០
១៦. តើហេតុអ្វីបានជាយើងអាចជឿជាក់ទាំងស្រុងទៅលើទំនាយទាំងអស់របស់ព្រះយេហូវ៉ា?
១៦ ដូចបានកត់សម្គាល់ ពេត្រុសក៏បាននិយាយថា៖ «គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលស្រាយបានតាមតែចិត្តនោះឡើយ»។ មនុស្សមិនអាចធ្វើឲ្យមានទំនាយពិតទេ ប៉ុន្តែយើងអាចមានជំនឿទាំងស្រុងលើពាក្យទំនាយរបស់ព្រះ។ ទំនាយទាំងនេះមានពីព្រះយេហូវ៉ាតែម្ដង។ តាមរយៈវិញ្ញាណបរិសុទ្ធនោះទ្រង់បានធ្វើឲ្យពួកអ្នកបំរើរបស់ទ្រង់ យល់នូវរបៀបដែលពាក្យទំនាយក្នុងព្រះគម្ពីរកំពុងតែសម្រេច។ ប្រាកដហើយ យើងមានអំណរគុណដល់ព្រះយេហូវ៉ា ដែលយើងបានឃើញនូវការសម្រេចនៃពាក្យទំនាយបែបនេះជាច្រើន តាំងពីឆ្នាំ១៩១៤មកម្ល៉េះ។ ហើយយើងប្រាកដក្នុងចិត្តទាំងស្រុងថា ទំនាយនៅសល់ទាំងប៉ុន្មានអំពីទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់ជួជាតិនេះ នឹងបានសម្រេចទាំងអស់។ គឺសំខាន់ណាស់ដែលយើងបន្តខំយកចិត្តទុកដាក់នឹងទំនាយរបស់ព្រះ កាលដែលយើងធ្វើឲ្យពន្លឺរបស់យើងភ្លឺឡើងនោះ។ (ម៉ាថាយ ៥:១៦) យើងមានអំណរគុណណាស់ ដែលព្រះយេហូវ៉ាកំពុងតែធ្វើឲ្យ‹ពន្លឺភ្លឺឡើងក្នុងទីងងឹតសំរាប់យើង› ដែលមាននៅលើផែនដីសព្វថ្ងៃនេះ!—អេសាយ ៥៨:១០
១៧. ហេតុអ្វីក៏យើងត្រូវការពន្លឺខាងវិញ្ញាណពីព្រះ?
១៧ ពន្លឺអាចធ្វើឲ្យយើងមើលឃើញ។ នេះក៏អាចធ្វើឲ្យដំណាំដុះលូតលាស់បាន ដែលផ្ដល់ឲ្យយើងនូវអាហារច្រើនមុខ។ យើងមិនអាចរស់នៅដោយគ្មានពន្លឺមែនទែនបានទេ។ ចុះយ៉ាងណាវិញចំពោះពន្លឺខាងវិញ្ញាណ? នេះគឺឲ្យយើងនូវការណែនាំនិងបង្ហាញយើងនូវអនាគត ដូចបានទាយមកក្នុងបន្ទូលរបស់ព្រះ គឺព្រះគម្ពីរ។ (ទំនុកដំកើង ១១៩:១០៥) ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ា‹បញ្ជូនពន្លឺនិងសេចក្ដីពិតរបស់ទ្រង់›។ (ទំនុកដំកើង ៤៣:៣) យ៉ាងប្រាកដណាស់ យើងគួរតែបង្ហាញនូវការអបអរយ៉ាងជ្រាលជ្រៅចំពោះសំវិធានការបែបនេះ។ ដូច្នេះ សូមយើងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីស្រូបយកពន្លឺនៃ«ដំណើរស្គាល់សិរីល្អរបស់ព្រះ» ដើម្បីឲ្យពន្លឺនេះបំភ្លឺដល់ចិត្តរបស់យើង។—កូរិនថូសទី២ ៤:៦; អេភេសូរ ១:១៨
១៨. តើផ្កាយថ្ងៃរបស់ព្រះយេហូវ៉ាឥឡូវប្រុងប្រៀបនឹងធ្វើអ្វី?
១៨ យើងមានព្រះពរម្ល៉េះហ្ន៎! ដែលយើងដឹងថានៅក្នុងឆ្នាំ១៩១៤ នោះព្រះយេស៊ូគ្រីស្ទដ៏ជាផ្កាយថ្ងៃ បានរះឡើងនៅគ្រប់កន្លែងក្នុងសកលលោក ហើយបានចាប់ផ្ដើមបំពេញនូវចក្ខុនិមិត្តស្តីអំពីការផ្លាស់ប្រែទ្រង់ទ្រាយ។ ផ្កាយថ្ងៃរបស់ព្រះយេហូវ៉ាឥឡូវគឺកំពុងតែមានវត្តមាន ដោយប្រុងប្រៀបដើម្បីធ្វើឲ្យបំណងរបស់ព្រះ ដែលជាការសម្រេចថែមទៀតដល់ការផ្លាស់ប្រែទ្រង់ទ្រាយ នោះគឺ«ក្នុងចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដាបំផុត»។ (វិវរណៈ ១៦:១៤, ១៦) ក្រោយពីរបបលោកីយ៍បានបោសសំអាតចេញទៅ នោះព្រះយេហូវ៉ានឹងសម្រេចទំនាយរបស់ទ្រង់ ស្តីអំពី«ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី» ដែលនៅជារៀងរហូតនោះ យើងអាចសរសើរទ្រង់ជាព្រះអម្ចាស់មហាក្សត្រនៃសកលលោក និងជាព្រះនៃពាក្យទំនាយពិត។ (ពេត្រុសទី២ ៣:១៣) ទំរាំដល់ថ្ងៃដ៏អស្ចារ្យនោះ សូមឲ្យយើងបន្តដើរតាមពន្លឺរបស់ព្រះ ដោយយកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ទ្រង់។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើអ្នកនឹងរៀបរាប់ការផ្លាស់ប្រែទ្រង់ទ្រាយរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច?
• តើតាមរបៀបណាដែលការផ្លាស់ប្រែទ្រង់ទ្រាយស្អាងឡើងនូវជំនឿ?
• តើអ្នកណាឬក៏អ្វីដែលជាផ្កាយថ្ងៃរបស់ព្រះយេហូវ៉ា ហើយនៅពេលណាដែលបានរះឡើង?
• ហេតុអ្វីក៏យើងគួរតែយកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះ?
[រូបភាពនៅទំព័រ៩]
តើអ្នកអាចពន្យល់នូវសារសំខាន់នៃការផ្លាស់ប្រែទ្រង់ទ្រាយបានទេ?
[រូបភាពនៅទំព័រ១០]
ផ្កាយថ្ងៃបានរះឡើងរួចហើយ តើអ្នកដឹងនូវរបៀបណានិងនៅពេលណាឬទេ?