សៀវភៅម៉ាថាយ
១៦ នៅទីនេះ ពួកផារិស៊ីនិងពួកសាឌូស៊ីបានមកឯលោក ដើម្បីល្បងលលោក។ ពួកគេបានសុំឲ្យលោកបង្ហាញសញ្ញាសម្គាល់មួយពីលើមេឃឲ្យពួកគេឃើញ។+ ២ លោកតបឆ្លើយទៅពួកគេថា៖ «នៅពេលល្ងាច អ្នករាល់គ្នានិយាយថា៖ ‹មេឃក្រហមឆ្អៅ ដូច្នេះនឹងមានអាកាសធាតុល្អ›។ ៣ នៅពេលព្រឹក អ្នករាល់គ្នាក៏និយាយថា៖ ‹ថ្ងៃនេះនឹងមានភ្លៀង ហើយក៏នឹងត្រជាក់ផង ព្រោះមេឃក្រហមឆ្អៅ ហើយស្រទំ›។ អ្នករាល់គ្នាចេះបកស្រាយលក្ខណៈនៃផ្ទៃមេឃមែន តែមិនចេះបកស្រាយសញ្ញាសម្គាល់នៃសម័យនេះឡើយ។ ៤ មនុស្សជំនាន់នេះដែលទុច្ចរិត ហើយមិនស្មោះត្រង់នឹងព្រះ* ចេះតែរកមើលសញ្ញាសម្គាល់ តែគ្មានសញ្ញាសម្គាល់ណានឹងត្រូវបង្ហាញឲ្យពួកគេឃើញឡើយ+ ក្រៅពីសញ្ញាសម្គាល់នៃយ៉ូណាស»។+ ពេលមានប្រសាសន៍ចប់ហើយ លោកបានចេញពីពួកគេទៅ។
៥ រួចមក អ្នកកាន់តាមលោកបានឆ្លងទៅត្រើយម្ខាង តែភ្លេចយកនំប៉័ងទៅជាមួយ។+ ៦ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរប្រុងស្មារតីជានិច្ច ហើយប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ី»។+ ៧ ដូច្នេះ ពួកគាត់ចាប់ផ្ដើមជជែកគ្នាថា៖ «យើងមិនបានយកនំប៉័ងមកជាមួយទេ»។ ៨ លោកយេស៊ូជ្រាបអំពីរឿងនេះ ក៏បានសួរថា៖ «អ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាជជែកគ្នាដោយសារគ្មាននំប៉័ងដូច្នេះ? ៩ តើអ្នករាល់គ្នានៅតែមិនយល់ទេឬ? ឬក៏អ្នកមិនចាំទេថា ពេលដែលមាននំប៉័ង៥ដុំសម្រាប់បុរស៥.០០០នាក់ តើអ្នកប្រមូលបានអាហារប៉ុន្មានកញ្ជើ?+ ១០ ឬក៏អ្នកមិនចាំទេថា ពេលដែលមាននំប៉័ង៧ដុំសម្រាប់បុរស៤.០០០នាក់ តើអ្នកប្រមូលបានអាហារប៉ុន្មានកញ្ឆេធំៗ?+ ១១ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ថា ខ្ញុំមិនមែននិយាយអំពីនំប៉័ងនោះទេ? ប៉ុន្តែ ចូរប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ី»។+ ១២ នោះទើបពួកគាត់យល់ថា លោកមិនមែនប្រាប់ឲ្យប្រុងប្រយ័ត្ននឹងដំបែនំប៉័ងនោះទេ តែប្រាប់ឲ្យប្រុងប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ។
១៣ លុះពេលដែលលោកយេស៊ូបានទៅដល់តំបន់សេសារៀភីលីពហើយ នោះលោកសួរពួកអ្នកកាន់តាមថា៖ «តើមនុស្សទាំងឡាយថាកូនមនុស្សជាអ្នកណា?»។+ ១៤ ពួកគាត់បានឆ្លើយថា៖ «អ្នកខ្លះថាលោកជាយ៉ូហានដែលជាអ្នកជ្រមុជទឹក+ អ្នកខ្លះទៀតថាលោកជាអេលីយ៉ា+ ហើយអ្នកឯទៀតថាលោកជាយេរេមា ឬជាអ្នកប្រកាសទំនាយមួយរូប»។ ១៥ លោកមានសួរពួកគាត់ថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នកថាខ្ញុំជាអ្នកណា?»។ ១៦ ស៊ីម៉ូនពេត្រុសឆ្លើយថា៖ «លោកជាគ្រិស្ត+ ជាបុត្ររបស់ព្រះដែលមានជីវិតរស់នៅ»។+ ១៧ លោកយេស៊ូតបទៅគាត់ថា៖ «ស៊ីម៉ូន កូនយ៉ូណាស! អ្នកមានសុភមង្គលហើយ! ពីព្រោះនេះមិនមែនមនុស្សទេដែលបានបើកបង្ហាញឲ្យអ្នកដឹង តែគឺបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌វិញ។+ ១៨ ម្យ៉ាងទៀត ខ្ញុំប្រាប់អ្នកថា អ្នកគឺពេត្រុស*+ ហើយលើថ្មនេះ+ ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំ។ ទ្វារកំពែងផ្នូរ*នឹងមិនឈ្នះក្រុមជំនុំនោះឡើយ។ ១៩ ខ្ញុំនឹងឲ្យកូនសោនៃរាជាណាចក្រស្ថានសួគ៌ដល់អ្នក ហើយអ្វីដែលអ្នកចងនៅផែនដី នោះជាអ្វីដែលបានត្រូវចងនៅស្ថានសួគ៌ ហើយអ្វីដែលអ្នកស្រាយនៅផែនដី នោះជាអ្វីដែលបានត្រូវស្រាយនៅស្ថានសួគ៌»។ ២០ រួចមក លោកបង្គាប់យ៉ាងម៉ឺងម៉ាត់ទៅអ្នកកាន់តាម កុំឲ្យប្រាប់អ្នកណាថាលោកជាគ្រិស្ត។+
២១ តាំងពីពេលនោះមក លោកយេស៊ូចាប់ផ្ដើមពន្យល់អ្នកកាន់តាមថា លោកត្រូវទៅក្រុងយេរូសាឡិម ហើយពួកបុរសចាស់ទុំ ពួកសង្ឃនាយក និងពួកអ្នកជំនាញខាងច្បាប់ នឹងធ្វើឲ្យលោករងទុក្ខលំបាកជាច្រើន។ លោកក៏នឹងត្រូវគេសម្លាប់ ហើយនៅថ្ងៃទី៣ លោកនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។+ ២២ ឮដូច្នេះ ពេត្រុសបាននាំលោកទៅឆ្ងាយពីពួកគាត់បន្តិច រួចចាប់ផ្ដើមបន្ទោសលោកថា៖ «លោកម្ចាស់ សូមអាណិតខ្លួនផង។ ការនេះនឹងមិនកើតឡើងដល់លោកឡើយ»។+ ២៣ ប៉ុន្តែ លោកបែរចេញ រួចប្រាប់ពេត្រុសថា៖ «នែ! សាថាន* ចូរទៅឲ្យឆ្ងាយពីខ្ញុំទៅ!* អ្នកកំពុងដាក់ឧបសគ្គរារាំងខ្ញុំ ពីព្រោះអ្នកមិនគិតតាមគំនិតរបស់ព្រះទេ តែគិតតាមគំនិតរបស់មនុស្សវិញ»។+
២៤ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ទៅអ្នកកាន់តាមលោកថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវប្រគល់ខ្លួនជូនព្រះ ហើយលីបង្គោលទារុណកម្ម*របស់ខ្លួន រួចមកតាមខ្ញុំជាដរាប។+ ២៥ ព្រោះអ្នកណាដែលចង់រក្សាជីវិត*ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត។ ប៉ុន្តែ អ្នកណាដែលបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។+ ២៦ តាមពិត ប្រសិនបើអ្នកណាម្នាក់បានអ្វីៗទាំងអស់ក្នុងពិភពលោក* តែបាត់បង់ជីវិតខ្លួនវិញ តើនោះមានប្រយោជន៍អ្វី?+ ឬតើមនុស្សសុខចិត្តយកអ្វីមកប្ដូរនឹងជីវិតខ្លួន?+ ២៧ ព្រោះកូនមនុស្សនឹងត្រូវមកជាមួយនឹងបណ្ដាទេវតារបស់លោក ដោយមានសិរីរុងរឿងពីបិតារបស់លោក ហើយលោកនឹងសងដល់គ្រប់គ្នាតាមការប្រព្រឹត្តរបស់ពួកគេរៀងៗខ្លួន។+ ២៨ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនស្លាប់ឡើយ ទាល់តែបានឃើញកូនមនុស្សមកក្នុងឋានៈជាស្ដេច*ជាមុនសិន»។+