មេរៀនទី១៦
តើលោកយេស៊ូបានធ្វើអ្វីពេលនៅផែនដី?
ពេលឮអំពីលោកយេស៊ូ មនុស្សជាច្រើនគិតអំពីលោកថាជាកូនតូចមួយទើបនឹងកើត ឬជាអ្នកប្រកាសទំនាយដ៏អស្ចារ្យ ឬជាបុរសដែលជិតស្លាប់។ ប៉ុន្តែ យើងអាចរៀនថែមទៀតអំពីលោក ដោយពិនិត្យមើលជីវិតរបស់លោកនៅផែនដី។ ក្នុងមេរៀននេះ យើងនឹងពិចារណាអ្វីដ៏សំខាន់ៗដែលលោកយេស៊ូបានធ្វើ និងរបៀបដែលអ្វីទាំងនោះអាចជួយអ្នក។
១. តើលោកយេស៊ូបានធ្វើកិច្ចការដ៏សំខាន់បំផុតអ្វី?
កិច្ចការដ៏សំខាន់បំផុតរបស់លោកយេស៊ូគឺ «ប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ»។ (សូមអាន លូកា ៤:៤៣) លោកបានផ្សព្វផ្សាយដំណឹងល្អ ដោយប្រាប់មនុស្សឲ្យដឹងថាព្រះនឹងបង្កើតរាជាណាចក្រ ឬរដ្ឋាភិបាលមួយដែលនឹងដោះស្រាយបញ្ហាទាំងអស់របស់មនុស្សជាតិ។a អស់រយៈពេលបីឆ្នាំកន្លះ លោកយេស៊ូបានខំព្យាយាមយ៉ាងខ្លាំងក្នុងការប្រាប់មនុស្សអំពីដំណឹងដ៏លើកទឹកចិត្តនេះ។—ម៉ាថាយ ៩:៣៥
២. តើលោកយេស៊ូធ្វើអព្ភូតហេតុក្នុងគោលបំណងអ្វី?
គម្ពីររៀបរាប់ថា៖ ‹ព្រះបានចាត់លោកយេស៊ូឲ្យមក ដោយឲ្យលោកធ្វើអព្ភូតហេតុ និងការអស្ចារ្យផ្សេងៗជាច្រើន›។ (សកម្មភាព ២:២២) ដោយសារលោកយេស៊ូបានទទួលឫទ្ធានុភាពពីព្រះ នោះលោកអាចគ្រប់គ្រងលើអាកាសធាតុ ផ្ដល់អាហារដល់មនុស្សរាប់ពាន់នាក់ ធ្វើឲ្យមនុស្សឈឺបានជាសះស្បើយ ថែមទាំងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញទៀតផង។ (ម៉ាថាយ ៨:២៣-២៧; ១៤:១៥-២១; ម៉ាកុស ៦:៥៦; លូកា ៧:១១-១៧) អព្ភូតហេតុរបស់លោកយេស៊ូបង្ហាញយ៉ាងច្បាស់ថា ព្រះបានចាត់លោកឲ្យមក។ អព្ភូតហេតុទាំងនោះក៏បញ្ជាក់ដែរថា ព្រះយេហូវ៉ាមានឫទ្ធានុភាពដើម្បីដោះស្រាយបញ្ហាទាំងអស់របស់យើង។
៣. តើយើងអាចរៀនអ្វីពីរបៀបរស់នៅរបស់លោកយេស៊ូ?
លោកយេស៊ូស្ដាប់បង្គាប់ព្រះយេហូវ៉ាគ្រប់ពេលវេលា។ (សូមអាន យ៉ូហាន ៨:២៩) ទោះជាលោកយេស៊ូជួបការប្រឆាំងក៏ដោយ លោកបានធ្វើអ្វីទាំងអស់ដែលបិតាបានសុំលោកឲ្យធ្វើ។ លោកបានធ្វើដូច្នេះរហូតដល់លោកស្លាប់។ លោកបានបង្ហាញថាមនុស្សអាចបម្រើព្រះបាន ទោះជាស្ថិតក្រោមស្ថានភាពពិបាកក៏ដោយ។ យ៉ាងនេះ លោកយេស៊ូបាន«ទុកគំរូដើម្បីឲ្យ[យើង]ខំដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់»។—ពេត្រុសទី១ ២:២១
បង្កើនចំណេះ
សូមពិចារណាអំពីវិធីដែលលោកយេស៊ូប្រាប់ដំណឹងល្អដល់អ្នកឯទៀត និងអំពីអព្ភូតហេតុដែលលោកបានធ្វើ។
៤. លោកយេស៊ូផ្សព្វផ្សាយដំណឹងល្អ
លោកយេស៊ូបានដើរអស់រាប់រយគីឡូម៉ែត្រលើផ្លូវដែលមានដីហុយខ្លាំង ដើម្បីផ្សព្វផ្សាយដល់មនុស្សច្រើនបំផុត តាមដែលលោកអាចធ្វើបាន។ សូមអាន លូកា ៨:១ រួចពិភាក្សាសំណួរដូចតទៅ៖
តើទាល់តែមនុស្សមករកលោកយេស៊ូ ទើបលោកផ្សព្វផ្សាយដល់ពួកគេឬ?
តើលោកយេស៊ូបានខំព្យាយាមខ្លាំងយ៉ាងណាដើម្បីជួបមនុស្ស?
ព្រះបានប្រាប់ទុកជាមុនថា មេស្ស៊ីនឹងប្រកាសដំណឹងល្អ។ សូមអាន អេសាយ ៦១:១, ២ រួចពិភាក្សាសំណួរដូចតទៅ៖
តើលោកយេស៊ូបានធ្វើឲ្យទំនាយនេះក្លាយជាការពិតយ៉ាងដូចម្ដេច?
តើអ្នកគិតថាមនុស្សនៅសព្វថ្ងៃត្រូវការឮដំណឹងល្អនេះឬទេ?
៥. លោកយេស៊ូបានបង្រៀនសេចក្ដីពិតដ៏មានតម្លៃ
លោកយេស៊ូមិនគ្រាន់តែផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះប៉ុណ្ណោះទេ តែលោកក៏បង្រៀនមេរៀនដែលមានប្រយោជន៍ដែរ។ សូមពិចារណាឧទាហរណ៍ខ្លះពីសុន្ទរកថាល្បីល្បាញរបស់លោកនៅលើភ្នំ។ សូមអាន ម៉ាថាយ ៦:១៤, ៣៤ និង៧:១២ រួចពិភាក្សាសំណួរដូចតទៅ៖
តើលោកយេស៊ូបានឲ្យយោបល់ល្អអ្វីខ្លះក្នុងខទាំងនេះ?
តើអ្នកគិតថាយោបល់ទាំងនេះនៅតែមានប្រយោជន៍ឬទេ?
៦. លោកយេស៊ូបានធ្វើអព្ភូតហេតុផ្សេងៗ
ព្រះយេហូវ៉ាបានឲ្យឫទ្ធានុភាពដល់លោកយេស៊ូ ដើម្បីឲ្យលោកធ្វើអព្ភូតហេតុជាច្រើន។ ដើម្បីមើលឧទាហរណ៍មួយ សូមអាន ម៉ាកុស ៥:២៥-៣៤ ឬលេងវីដេអូ។ រួចពិភាក្សាសំណួរដូចតទៅ៖
ក្នុងវីដេអូ តើស្ត្រីដែលមានជំងឺបានជឿជាក់លើអ្វី?
តើអ្នកចូលចិត្តអ្វីអំពីអព្ភូតហេតុនេះ?
សូមអាន យ៉ូហាន ៥:៣៦ រួចពិភាក្សាសំណួរនេះ៖
តើអព្ភូតហេតុរបស់លោកយេស៊ូបាន«បញ្ជាក់»ឬបង្ហាញយ៉ាងណាអំពីលោក?
តើអ្នកដឹងទេ?
ព័ត៌មានភាគច្រើនដែលយើងដឹងអំពីលោកយេស៊ូគឺមកពីសៀវភៅបួនក្នុងគម្ពីរ ហៅថាសៀវភៅដំណឹងល្អទាំងបួន ពោលគឺម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។ អ្នកសរសេរសៀវភៅដំណឹងល្អម្នាក់ៗបានរៀបរាប់ព័ត៌មានផ្សេងៗអំពីលោកយេស៊ូ។ ពេលយើងអានសៀវភៅបួនក្បាលនោះ យើងអាចស្រមៃឃើញរូបភាពដ៏រស់រវើកអំពីដំណើរជីវិតរបស់លោកយេស៊ូ។
ម៉ាថាយ
បានសរសេរសៀវភៅដំណឹងល្អទី១។ សៀវភៅនេះលើកបញ្ជាក់សេចក្ដីបង្រៀនរបស់លោកយេស៊ូ ជាពិសេសអ្វីដែលលោកបានបង្រៀនអំពីរាជាណាចក្រព្រះ។
ម៉ាកុស
បានសរសេរសៀវភៅដំណឹងល្អខ្លីជាងគេ។ សៀវភៅនេះរៀបរាប់អំពីព្រឹត្តិការណ៍ជាច្រើនដ៏គួរឲ្យរំភើបចិត្ត។
លូកា
ផ្ដោតសំខាន់ទៅលើសេចក្ដីអធិដ្ឋាន និងរបៀបដែលលោកយេស៊ូបានប្រព្រឹត្តចំពោះស្ត្រី។
យ៉ូហាន
ពណ៌នាយ៉ាងច្រើនអំពីការសន្ទនាដែលលោកយេស៊ូមានជាមួយមិត្តជិតស្និទ្ធរបស់លោក និងជាមួយអ្នកឯទៀត។ ព័ត៌មានទាំងនោះជួយយើងឲ្យស្គាល់បុគ្គលិកលក្ខណៈរបស់លោកយេស៊ូ។
មនុស្សខ្លះនិយាយថា៖ «លោកយេស៊ូគ្រាន់តែជាមនុស្សល្អម្នាក់ប៉ុណ្ណោះ»។
តើអ្នកគិតយ៉ាងណា?
សេចក្ដីសង្ខេប
លោកយេស៊ូបានផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ ធ្វើអព្ភូតហេតុផ្សេងៗ និងស្ដាប់បង្គាប់ព្រះយេហូវ៉ាគ្រប់ពេលវេលា។
រៀនសាឡើងវិញ
តើលោកយេស៊ូបានធ្វើកិច្ចការដ៏សំខាន់បំផុតអ្វី ពេលលោកនៅផែនដី?
តើអព្ភូតហេតុរបស់លោកយេស៊ូបញ្ជាក់អំពីអ្វី?
តើលោកយេស៊ូបានបង្រៀនមេរៀនល្អអ្វីខ្លះ?
ស្វែងយល់ថែមទៀត
តើលោកយេស៊ូច្រើនតែនិយាយអំពីប្រធានបទអ្វី?
សូមពិចារណាអំពីមូលហេតុដែលយើងអាចជឿជាក់ថាអព្ភូតហេតុរបស់លោកយេស៊ូពិតជាបានកើតឡើងមែន។
សូមអានអំពីបុរសម្នាក់ដែលបានកែប្រែជីវិត ក្រោយពីគាត់រៀនថាលោកយេស៊ូបានលះបង់ប្រយោជន៍ខ្លួនដើម្បីមនុស្សឯទៀត។
«ខ្ញុំរស់ដើម្បីខ្លួនឯងប៉ុណ្ណោះ» (ទស្សនាវដ្ដីប៉មយាម ខែតុលា–ធ្នូ ឆ្នាំ២០១៤)
សូមមើលសកម្មភាពសំខាន់ៗនៃកិច្ចបម្រើផ្សាយរបស់លោកយេស៊ូតាមលំដាប់លំដោយ។
a ព័ត៌មានល្អិតល្អន់ថែមទៀតអំពីរាជាណាចក្រព្រះ នឹងត្រូវពិគ្រោះក្នុងមេរៀនទី៣១ដល់៣៣។