មេរៀនទី១៥
តើលោកយេស៊ូជាអ្នកណា?
លោកយេស៊ូជាបុគ្គលដ៏ល្បីល្បាញម្នាក់ក្នុងប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងនោះក៏ដោយ មនុស្សជាច្រើនមិនស្គាល់លោកច្បាស់ទេ ពួកគេស្គាល់តែឈ្មោះរបស់លោកប៉ុណ្ណោះ។ ម្យ៉ាងទៀត ពួកគេមានគំនិតខុសៗគ្នាអំពីលោកយេស៊ូ។ ចុះគម្ពីរវិញ តើគម្ពីរប្រាប់យ៉ាងណាអំពីលោកយេស៊ូ?
១. តើលោកយេស៊ូជាអ្នកណា?
លោកយេស៊ូជាបុគ្គលវិញ្ញាណដ៏ខ្លាំងក្លាមួយរូប ដែលរស់នៅស្ថានសួគ៌។ ព្រះយេហូវ៉ាបានបង្កើតលោកយេស៊ូ មុនបង្កើតអ្វីៗទាំងអស់។ ហេតុនេះ លោកយេស៊ូបានត្រូវហៅថា«បុត្រច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះបានបង្កើត»។ (កូឡុស ១:១៥) គម្ពីរហៅលោកយេស៊ូថា«បុត្រតែមួយ»របស់ព្រះយេហូវ៉ា ដោយសារព្រះបានបង្កើតលោកយេស៊ូដោយផ្ទាល់។ (យ៉ូហាន ៣:១៦) លោកយេស៊ូបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាដែលជាបិតាលោក គឺដោយចូលរួមជាមួយនឹងបិតាក្នុងការបង្កើតអ្វីៗទាំងអស់។ (សូមអាន សុភាសិត ៨:៣០) លោកយេស៊ូនៅតែមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ លោកបានត្រូវហៅថា«បណ្ដាំ»របស់ព្រះ ពីព្រោះលោកនាំដំណឹងនិងការណែនាំពីព្រះ។ លោកបម្រើព្រះយ៉ាងស្មោះត្រង់។—យ៉ូហាន ១:១៤
២. ហេតុអ្វីលោកយេស៊ូបានមកផែនដី?
ប្រហែលជា២.០០០ឆ្នាំមុន ព្រះយេហូវ៉ាបានធ្វើអព្ភូតហេតុដោយប្រើឫទ្ធានុភាពបរិសុទ្ធរបស់លោក ដើម្បីផ្ទេរជីវិតលោកយេស៊ូពីស្ថានសួគ៌ទៅក្នុងផ្ទៃរបស់ស្ត្រីក្រមុំបរិសុទ្ធម្នាក់ឈ្មោះម៉ារៀ។ តាមរយៈវិធីនេះ លោកយេស៊ូបានកើតមកជាមនុស្ស។ (សូមអាន លូកា ១:៣៤, ៣៥) លោកយេស៊ូបានមកផែនដីដើម្បីបំពេញតួនាទីជាគ្រិស្តឬមេស្ស៊ីដែលព្រះបានសន្យា និងដើម្បីសង្គ្រោះមនុស្សជាតិ។a លោកបានធ្វើឲ្យទំនាយទាំងអស់អំពីមេស្ស៊ីក្លាយជាការពិត។ នេះបានជួយមនុស្សឲ្យសម្គាល់លោកយេស៊ូថាជា«គ្រិស្ត ជាបុត្ររបស់ព្រះដែលមានជីវិតរស់នៅ»។—ម៉ាថាយ ១៦:១៦
៣. តើឥឡូវលោកយេស៊ូនៅឯណា?
ក្រោយពីលោកយេស៊ូស្លាប់ លោកបានត្រូវប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណ ហើយបានត្រឡប់ទៅស្ថានសួគ៌វិញ។ នៅស្ថានសួគ៌ «ព្រះបានលើកតម្កើងលោកឲ្យមានឋានៈខ្ពស់ជាងមុន»។ (ភីលីព ២:៩) បន្ទាប់ពីព្រះយេហូវ៉ា លោកយេស៊ូជាបុគ្គលដែលមានអំណាចខ្លាំងក្លាជាងគេ។
បង្កើនចំណេះ
សូមស្វែងយល់ថែមទៀតអំពីលោកយេស៊ូថាលោកជាអ្នកណា និងមូលហេតុដែលការរៀនអំពីលោកគឺសំខាន់ខ្លាំងណាស់។
៤. លោកយេស៊ូមិនមែនជាព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតទេ
គម្ពីរបង្រៀនថា ទោះជាលោកយេស៊ូជាបុគ្គលវិញ្ញាណដ៏ខ្លាំងក្លានៅស្ថានសួគ៌ក៏ដោយ លោកនៅតែចុះចូលនិងស្ដាប់បង្គាប់ព្រះយេហូវ៉ាដែលជាបិតា និងជាព្រះរបស់លោក។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? សូមលេងវីដេអូ ដើម្បីមើលអ្វីដែលគម្ពីរបង្រៀនអំពីភាពខុសគ្នារវាងលោកយេស៊ូនិងព្រះដ៏ខ្លាំងក្លាបំផុត។
បទគម្ពីរបន្តបន្ទាប់នេះជួយយើងឲ្យយល់ថាព្រះយេហូវ៉ានិងលោកយេស៊ូខុសគ្នា។ សូមអានខគម្ពីរនីមួយៗ រួចពិភាក្សាសំណួរដូចតទៅ៖
សូមអាន លូកា ១:៣០-៣២
តើទេវតាប្រាប់យ៉ាងណាអំពីទំនាក់ទំនងរវាងលោកយេស៊ូនិងព្រះយេហូវ៉ាដែលជា«ព្រះដ៏ខ្ពង់ខ្ពស់បំផុត»?
សូមអាន ម៉ាថាយ ៣:១៦, ១៧
ពេលលោកយេស៊ូទទួលការជ្រមុជទឹក តើសំឡេងមួយពីលើមេឃបាននិយាយពាក្យអ្វី?
តើអ្នកគិតថា នោះជាសំឡេងរបស់នរណា?
សូមអាន យ៉ូហាន ១៤:២៨
រវាងឪពុកនិងកូន តើមួយណាមានអាយុនិងមានអំណាចច្រើនជាង?
ពេលលោកយេស៊ូហៅព្រះយេហូវ៉ាថាបិតា តើលោកយេស៊ូចង់បញ្ជាក់អំពីអ្វី?
សូមអាន យ៉ូហាន ១២:៤៩
តើលោកយេស៊ូគិតថាលោកនិងបិតារបស់លោកជាបុគ្គលតែមួយឬ? តើអ្នកគិតយ៉ាងណា?
៥. លោកយេស៊ូបានបង្ហាញថាលោកជាមេស្ស៊ី
គម្ពីរមានទំនាយជាច្រើនដែលជួយមនុស្សឲ្យសម្គាល់ថាអ្នកណាជាមេស្ស៊ី។ សូមលេងវីដេអូ ដើម្បីរៀនអំពីទំនាយខ្លះដែលលោកយេស៊ូបានធ្វើឲ្យក្លាយជាការពិត ពេលលោកនៅផែនដី។
សូមអានទំនាយបន្តបន្ទាប់នេះក្នុងគម្ពីរ រួចពិភាក្សាសំណួរដូចតទៅ៖
សូមអាន មីកា ៥:២ ដើម្បីដឹងថាមេស្ស៊ីត្រូវកើតនៅកន្លែងណា។b
តើកំណើតលោកយេស៊ូបានធ្វើឲ្យទំនាយនេះក្លាយជាការពិតឬទេ?—ម៉ាថាយ ២:១
សូមអាន ចម្រៀងសរសើរព្រះ ៣៤:២០ និងសាការី ១២:១០ ដើម្បីដឹងអ្វីដែលគម្ពីរបានប្រាប់ទុកជាមុនអំពីមរណភាពរបស់មេស្ស៊ី។
តើទំនាយទាំងនេះបានក្លាយជាពិតឬទេ?—យ៉ូហាន ១៩:៣៣-៣៧
តើអ្នកគិតថាលោកយេស៊ូបានចាត់ចែងអ្វីៗទាំងនោះទុកជាមុនឬ?
តើនេះជួយអ្នកឲ្យយល់យ៉ាងណាអំពីលោកយេស៊ូ?
៦. យើងទទួលប្រយោជន៍ពីការរៀនអំពីលោកយេស៊ូ
គម្ពីរបញ្ជាក់សារៈសំខាន់នៃការរៀនអំពីលោកយេស៊ូនិងតួនាទីរបស់លោក។ សូមអាន យ៉ូហាន ១៤:៦ និង១៧:៣ រួចពិភាក្សាសំណួរនេះ៖
ហេតុអ្វីជាការសំខាន់ឲ្យរៀនអំពីលោកយេស៊ូ?
មនុស្សខ្លះនិយាយថា៖ «សាក្សីព្រះយេហូវ៉ាមិនជឿលោកយេស៊ូទេ»។
តើអ្នកនឹងឆ្លើយតបយ៉ាងណា?
សេចក្ដីសង្ខេប
លោកយេស៊ូជាបុគ្គលវិញ្ញាណដ៏ខ្លាំងក្លា។ លោកជាបុត្ររបស់ព្រះ និងជាមេស្ស៊ី។
រៀនសាឡើងវិញ
ហេតុអ្វីលោកយេស៊ូបានត្រូវហៅថា«បុត្រច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះបានបង្កើត»?
មុនមកផែនដី តើលោកយេស៊ូបានធ្វើអ្វី?
តើយើងដឹងយ៉ាងដូចម្ដេចថា លោកយេស៊ូជាមេស្ស៊ី?
ស្វែងយល់ថែមទៀត
សូមរៀនថែមទៀតអំពីតួនាទីរបស់លោកយេស៊ូដែលជាមេស្ស៊ី។
«តើទំនាយអំពីមេស្ស៊ីបង្ហាញថាលោកយេស៊ូជាមេស្ស៊ីឬទេ?» (អត្ថបទក្នុងគេហទំព័រ)
គម្ពីរបង្រៀនថាព្រះជាបិតារបស់លោកយេស៊ូ តើនេះមានន័យថាព្រះបានបង្កើតលោកយេស៊ូតាមរបៀបដូចគ្នាដែលមនុស្សបង្កើតកូនឬទេ? សូមស្វែងយល់ក្នុងអត្ថបទនេះ។
«ហេតុអ្វីលោកយេស៊ូបានត្រូវហៅថាបុត្ររបស់ព្រះ?» (អត្ថបទក្នុងគេហទំព័រ)
សូមពិចារណាមូលហេតុដែលព្រះបីរួមគ្នាជាព្រះតែមួយ មិនមែនជាសេចក្ដីបង្រៀនក្នុងគម្ពីរ។
សូមអានអំពីមូលហេតុដែលជីវិតរបស់ស្ត្រីម្នាក់បានផ្លាស់ប្ដូរ ក្រោយពីគាត់បានស្វែងយល់នូវអ្វីដែលគម្ពីរចែងអំពីលោកយេស៊ូ។
a ពាក្យ«គ្រិស្ត»និង«មេស្ស៊ី»ជាងារ ដែលសំដៅលើបុគ្គលដែលព្រះបានជ្រើសរើសដើម្បីសង្គ្រោះមនុស្សជាតិ។ ក្នុងមេរៀនទី២៦និង២៧ យើងនឹងពិចារណាអំពីមូលហេតុដែលមនុស្សជាតិត្រូវការសេចក្ដីសង្គ្រោះ និងវិធីដែលលោកយេស៊ូសង្គ្រោះយើង។
b សូមមើលកំណត់នៅចុងសៀវភៅ លេខ២ ស្ដីអំពីទំនាយមួយដែលប្រាប់យ៉ាងជាក់លាក់អំពីពេលដែលលោកយេស៊ូនឹងកើតនៅផែនដី។