ជំពូកទី៩
តើពិភពលោកនេះជិតមកដល់ទីបញ្ចប់ឬ?
១. តើយើងអាចដឹងអំពីអនាគតតាមវិធីណា?
អ្នកប្រហែលជាធ្លាប់មើលព័ត៌មានតាមកញ្ចក់ទូរទស្សន៍ឬឮតាមវិទ្យុ រួចឆ្ងល់ថា ‹តើពិភពលោកយើងនឹងទៅជាយ៉ាងណា?›។ ដោយសារមានរឿងខ្លោចផ្សានិងអំពើឃោរឃៅច្រើនដល់ម្ល៉េះបានជាមនុស្សខ្លះជឿថា យើងកំពុងរស់នៅជិតទីបញ្ចប់នៃពិភពលោកនេះ។ តើនេះជាការពិតឬ? តើមានវិធីណាដើម្បីដឹងអំពីអ្វីដែលនឹងកើតឡើងនៅអនាគតទេ? ពិតជាមាន។ ទោះបើមនុស្សមិនអាចប្រាប់ទុកជាមុនអំពីអ្វីដែលនឹងកើតឡើងក៏ដោយ តែព្រះយេហូវ៉ាអាចប្រាប់បាន។ ក្នុងគម្ពីរ លោកបានប្រាប់យើងអំពីអនាគតរបស់យើងនិងអនាគតរបស់ផែនដី។—អេសាយ ៤៦:១០; យ៉ាកុប ៤:១៤
២, ៣. តើពួកអ្នកកាន់តាមលោកយេស៊ូចង់ដឹងអំពីអ្វី ហើយតើលោកបានឆ្លើយតបយ៉ាងណា?
២ ពេលយើងអានគម្ពីរអំពីទីបញ្ចប់នៃពិភពលោក នេះមិនមានន័យថាជាទីបញ្ចប់នៃផែនដីទេ តែជាទីបញ្ចប់នៃអំពើអាក្រក់វិញ។ លោកយេស៊ូបានបង្រៀនបណ្ដាជនថារាជាណាចក្ររបស់ព្រះនឹងគ្រប់គ្រងមកលើផែនដី។ (លូកា ៤:៤៣) ពួកអ្នកកាន់តាមលោកចង់ដឹងអំពីពេលដែលរាជាណាចក្រព្រះនឹងមក ដូច្នេះពួកគេសួរលោកយេស៊ូថា៖ «តើការទាំងនេះនឹងកើតឡើងនៅពេលណា? ហើយតើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?»។ (ម៉ាថាយ ២៤:៣) លោកយេស៊ូមិនបានប្រាប់អំពីពេលកំណត់ទេ តែលោកប្រាប់ពួកគេអំពីអ្វីដែលនឹងកើតឡើងបន្ដិចមុនទីបញ្ចប់មកដល់។ អ្វីដែលលោកយេស៊ូមានប្រសាសន៍កំពុងកើតឡើងនៅសព្វថ្ងៃនេះ។
៣ ក្នុងជំពូកនេះយើងនឹងពិចារណាអំពីភ័ស្តុតាងដែលបញ្ជាក់ថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់មុនទីបញ្ចប់នៃពិភពលោកនេះមកដល់។ ប៉ុន្តែ មុនដំបូងយើងត្រូវដឹងអំពីសង្គ្រាមដែលបានកើតឡើងនៅស្ថានសួគ៌សិន ដើម្បីយើងអាចយល់នូវមូលហេតុដែលនាំឲ្យមានអំពើអាក្រក់ច្រើនម្ល៉េះនៅផែនដី។
សង្គ្រាមនៅស្ថានសួគ៌
៤, ៥. (ក) តើអ្វីបានកើតឡើងនៅស្ថានសួគ៌មិនយូរក្រោយពីលោកយេស៊ូបានក្លាយទៅជាស្តេច? (ខ) យោងទៅតាមការបើកបង្ហាញ ១២:១២ តើអ្វីបានកើតឡើងនៅផែនដីក្រោយពីសាថានបានត្រូវបោះទម្លាក់មក?
៤ ក្នុងជំពូកទី៨យើងបានរៀនថាលោកយេស៊ូបានក្លាយទៅជាស្តេចនៅស្ថានសួគ៌ក្នុងឆ្នាំ១៩១៤។ (ដានីយ៉ែល ៧:១៣, ១៤) សៀវភៅការបើកបង្ហាញប្រាប់យើងអំពីអ្វីដែលបានកើតឡើងថា៖ «សង្គ្រាមបានផ្ទុះឡើងនៅស្ថានសួគ៌៖ មីកែល[គឺលោកយេស៊ូ]និងបណ្ដាទេវតារបស់លោកបានច្បាំងនឹងនាគ[សាថាន]និងបណ្ដាទេវតារបស់វា»។a សាថាននិងពួកវិញ្ញាណកំណាចរបស់វាបានចាញ់សង្គ្រាមនោះ ហើយបានត្រូវបោះទម្លាក់មកផែនដី។ ទេវតាស្មោះត្រង់ច្បាស់ជារីករាយខ្លាំងណាស់! ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះមនុស្សជាតិនៅផែនដី? គម្ពីរចែងថានៅពេលនោះនឹងមានសេចក្ដីវេទនាច្រើនជាងចំពោះពួកគេ។ ហេតុអ្វី? ពីព្រោះមេកំណាចមានកំហឹងយ៉ាងខ្លាំង«ដោយដឹងថាវាមានពេលតែបន្ដិចបន្តួច»។—ការបើកបង្ហាញ ១២:៧, ៩, ១២
៥ មេកំណាចខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានទុក្ខវេទនាកាន់តែច្រើននៅផែនដី ពីព្រោះវាមានកំហឹងយ៉ាងខ្លាំងដោយសារវានៅសល់ពេលតែបន្ដិចបន្តួចទេ មុនដែលព្រះនឹងបញ្ឈប់សកម្មភាពរបស់វានៅផែនដី។ សូមយើងពិចារណាអំពីព្រឹត្ដិការណ៍ផ្សេងៗដែលលោកយេស៊ូបានមានប្រសាសន៍ថានឹងកើតឡើងក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ (សូមមើលលេខ២៤ក្នុងកំណត់នៅចុងសៀវភៅ)។
គ្រាចុងក្រោយបង្អស់
៦, ៧. តើអ្វីបង្ហាញថាប្រសាសន៍របស់លោកយេស៊ូអំពីសង្គ្រាមនិងការអត់ឃ្លានកំពុងកើតឡើង?
៦ សង្គ្រាម។ លោកយេស៊ូមានប្រសាសន៍ថា៖ «ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ»។ (ម៉ាថាយ ២៤:៧) នៅសម័យយើង មនុស្សជាច្រើនបានស្លាប់ក្នុងសង្គ្រាម ច្រើនជាងសម័យណាទាំងអស់ក្នុងប្រវត្ដិសាស្ត្រ។ សេចក្ដីរាយការណ៍ពីវិទ្យាស្ថានមួយ (Worldwatch Institute)បានបង្ហាញថាតាំងពីឆ្នាំ១៩១៤ សង្គ្រាមបានសម្លាប់មនុស្សជាង១០០លាននាក់។ ចំនួនមនុស្សដែលបានស្លាប់ដោយសារសង្គ្រាមក្នុងអំឡុង១០០ឆ្នាំ រវាងឆ្នាំ១៩០០និងឆ្នាំ២០០០ គឺច្រើនជាងមួយជាបី បើប្រៀបធៀបចំនួនមនុស្សទាំងអស់ដែលបានស្លាប់ដោយសារសង្គ្រាមមុនឆ្នាំ១៩០០។ មនុស្សរាប់លាននាក់បានរងទុក្ខខ្លោចផ្សាដោយសារសង្គ្រាម!
៧ ការអត់ឃ្លាន។ លោកយេស៊ូបានមានប្រសាសន៍ថា៖ ‹នឹងមានការអត់ឃ្លាន›។ (ម៉ាថាយ ២៤:៧) ទោះបីជាការផលិតអាហារបានកើនឡើងយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅតែគ្មានអាហារបរិភោគគ្រប់គ្រាន់។ ហេតុអ្វី? ពីព្រោះពួកគេគ្មានលុយគ្រប់គ្រាន់ដើម្បីទិញអាហារបរិភោគឬដីសម្រាប់ដាំដំណាំឡើយ។ មនុស្សជាងមួយពាន់លាននាក់ត្រូវចិញ្ចឹមជីវិតដោយទទួលលុយតិចជាងមួយដុល្លារក្នុងមួយថ្ងៃ។ អង្គការសុខភាពពិភពលោកនិយាយថា មូលហេតុសំខាន់បំផុតមួយដែលនាំឲ្យកុមាររាប់លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ គឺដោយសារគ្មានអាហារបរិភោគគ្រប់គ្រាន់។
៨, ៩. តើអ្វីបង្ហាញថាប្រសាសន៍របស់លោកយេស៊ូស្តីអំពីការរញ្ជួយដីនិងជំងឺកំពុងសម្រេចមែន?
៨ ការរញ្ជួយដី។ លោកយេស៊ូបានប្រាប់ទុកជាមុនថា៖ «នឹងមានរញ្ជួយដីជាខ្លាំង»។ (លូកា ២១:១១) អ្នកវិទ្យាសាស្ត្រប៉ាន់ស្មានថានឹងមានការរញ្ជួយដីធំៗជាច្រើនរៀងរាល់ឆ្នាំ។ ចាប់តាំងពីឆ្នាំ១៩០០មក មនុស្សជាងពីរលាននាក់បានស្លាប់ដោយសារការរញ្ជួយដី។ សព្វថ្ងៃនេះ បច្ចេកវិទ្យាមានការរីកចម្រើន ហើយអាចប្រាប់លឿនជាងមុនថានឹងមានការរញ្ជួយដី។ យ៉ាងណាក្ដី មនុស្សជាច្រើននៅតែបាត់បង់ជីវិត។
៩ ជំងឺ។ លោកយេស៊ូប្រាប់ថានឹងមាន«រោគរាតត្បាត»។ ជំងឺដ៏សាហាវៗនឹងឆ្លងរាលដាលយ៉ាងឆាប់ហើយសម្លាប់មនុស្សជាច្រើន។ (លូកា ២១:១១) ទោះបីជាគ្រូពេទ្យដឹងអំពីរបៀបព្យាបាលជំងឺជាច្រើនក៏ដោយ តែនៅតែមានជំងឺជាច្រើនទៀតដែលមិនអាចព្យាបាលបានទេ។ តាមពិត របាយការណ៍មួយពន្យល់ថាមនុស្សរាប់លាននាក់ស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺផ្សេងៗដូចជាជំងឺរបេង គ្រុនចាញ់ និងអាសន្នរោគរាករូសជាដើម។ មិនត្រឹមតែប៉ុណ្ណោះ គ្រូពេទ្យបានស្រាវជ្រាវឃើញថាមានជំងឺថ្មី៣០ប្រភេទ ហើយជំងឺខ្លះក្នុងចំណោមជំងឺទាំងនោះមិនអាចព្យាបាលបានឡើយ។
លក្ខណៈរបស់មនុស្សនៅគ្រាចុងក្រោយបង្អស់
១០. តើធីម៉ូថេទី២ ៣:១-៥ កំពុងតែសម្រេចនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
១០ គម្ពីរចែងនៅធីម៉ូថេទី២ ៣:១-៥ ថា៖ «គ្រាចុងក្រោយបង្អស់នឹងលំបាកណាស់»។ សាវ័កប៉ូលបានពណ៌នាអំពីលក្ខណៈទូទៅរបស់មនុស្សនៅគ្រាចុងក្រោយបង្អស់។ គាត់បានប្រាប់ថាមនុស្សនឹង
ស្រឡាញ់តែខ្លួនឯង
ស្រឡាញ់ប្រាក់
មិនស្ដាប់បង្គាប់ឪពុកម្ដាយ
មិនស្មោះត្រង់
គ្មានសេចក្ដីស្រឡាញ់ចំពោះក្រុមគ្រួសារ
មិនចេះទប់ចិត្ត
កាចសាហាវ
ស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ
មានឫកពាជាមនុស្សដែលស្រឡាញ់ព្រះ តែមិនព្រមស្ដាប់បង្គាប់លោក
១១. តាមទំនុកតម្កើង ៩២:៧ តើអ្វីនឹងកើតឡើងដល់មនុស្សអាក្រក់?
១១ តើមនុស្សនៅក្នុងសហគមន៍របស់អ្នកមានលក្ខណៈដូចនេះទេ? នៅទូទាំងពិភពលោកមានមនុស្សជាច្រើនដែលមានលក្ខណៈអាក្រក់។ នេះជួយយើងឲ្យដឹងថា មិនយូរទៀតព្រះនឹងចាត់វិធានការដើម្បីកម្ទេចមនុស្សអាក្រក់ ពីព្រោះលោកសន្យាថា៖ «វេលាណាដែលមនុស្សអាក្រក់ដុះដាលឡើងដូចជាស្មៅ ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតលូតលាស់ឡើង នោះគឺសំរាប់តែឲ្យគេត្រូវវិនាស[ឬបំផ្លាញចោល]ទៅអស់កល្បជានិច្ចប៉ុណ្ណោះ»។—ទំនុកតម្កើង ៩២:៧
ដំណឹងល្អនៅគ្រាចុងក្រោយបង្អស់
១២, ១៣. តើព្រះយេហូវ៉ាបានបង្រៀនយើងអំពីអ្វីខ្លះក្នុងគ្រាចុងក្រោយបង្អស់នេះ?
១២ គម្ពីរបានចែងទុកជាមុនថានៅគ្រាចុងក្រោយបង្អស់ ពិភពលោកនឹងពោរពេញទៅដោយទុក្ខវេទនានិងការឈឺចាប់។ ប៉ុន្តែ គម្ពីរក៏ប្រាប់ដែរថានឹងមានអ្វីល្អៗកើតឡើង។
១៣ ការយល់ដឹងអំពីគម្ពីរ។ អ្នកប្រកាសទំនាយដានីយ៉ែលបានសរសេរអំពីគ្រាចុងក្រោយបង្អស់ថា៖ «ចំណេះនឹងបានចំរើនឡើង»។ (ដានីយ៉ែល ១២:៤) នេះមានន័យថាព្រះនឹងជួយរាស្ត្ររបស់លោកឲ្យយល់កាន់តែច្បាស់អំពីសេចក្ដីបង្រៀនក្នុងគម្ពីរ។ ជាពិសេស ព្រះយេហូវ៉ាបានធ្វើដូច្នេះតាំងពីឆ្នាំ១៩១៤មក។ ជាឧទាហរណ៍ លោកបានបង្រៀនយើងអំពីសារៈសំខាន់នៃនាមលោកនិងបំណងប្រាថ្នារបស់លោក។ លោកថែមទាំងជួយយើងឲ្យយល់សេចក្ដីពិតអំពីថ្លៃលោះ អំពីអ្វីកើតឡើងពេលយើងស្លាប់ និងអំពីការប្រោសឲ្យរស់ឡើងវិញ។ ម្យ៉ាងទៀត យើងបានរៀនថាមានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហាទាំងអស់របស់យើងបាន។ យើងក៏បានរៀនអំពីរបៀបមានសុភមង្គល និងអំពីរបៀបរស់នៅដែលព្រះពេញចិត្ត។ ប៉ុន្តែ តើអ្នកបម្រើព្រះនឹងធ្វើអ្វីចំពោះចំណេះដែលពួកគេបានរៀន? ទំនាយមួយទៀតផ្ដល់ចម្លើយចំពោះសំណួរនេះ (សូមមើលលេខ២១និង២៥ក្នុងកំណត់នៅចុងសៀវភៅ)។
១៤. តើដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះកំពុងត្រូវប្រកាសប្រាប់នៅកន្លែងណាខ្លះ ហើយតើអ្នកណាកំពុងធ្វើកិច្ចការនេះ?
១៤ ការផ្សព្វផ្សាយទូទាំងផែនដី។ ស្តីអំពីគ្រាចុងក្រោយបង្អស់ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី»។ (ម៉ាថាយ ២៤:៣, ១៤) ដំណឹងល្អអំពីរាជាណាចក្រកំពុងត្រូវផ្សព្វផ្សាយនៅជាង២៣០ប្រទេស ហើយជាង៧០០ភាសា។ ពិតណាស់ នៅទូទាំងផែនដី សាក្សីព្រះយេហូវ៉ាមកពី«គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ» ហើយកំពុងជួយមនុស្សឲ្យយល់អំពីរាជាណាចក្ររបស់ព្រះ និងអំពីអ្វីដែលរាជាណាចក្រនោះនឹងធ្វើសម្រាប់មនុស្សជាតិ។ (ការបើកបង្ហាញ ៧:៩) មិនត្រឹមតែប៉ុណ្ណោះ ពួកគេធ្វើកិច្ចការនេះដោយស្ម័គ្រចិត្ត។ ដូចដែលលោកយេស៊ូបានប្រាប់ទុកជាមុន ទោះបីជាពួកគេបានត្រូវមនុស្សជាច្រើនស្អប់និងទទួលការបៀតបៀនយ៉ាងណាក៏ដោយ គ្មានអ្វីអាចបញ្ឈប់កិច្ចការផ្សព្វផ្សាយនេះឡើយ។—លូកា ២១:១៧
តើអ្នកនឹងធ្វើអ្វី?
១៥. (ក) តើអ្នកជឿថាយើងកំពុងរស់នៅក្នុងគ្រាចុងក្រោយបង្អស់ឬទេ ហើយហេតុអ្វី? (ខ) តើនឹងមានអ្វីកើតឡើងចំពោះអ្នកដែលស្ដាប់បង្គាប់ព្រះយេហូវ៉ានិងអ្នកដែលមិនស្ដាប់បង្គាប់លោក?
១៥ តើអ្នកជឿថាយើងកំពុងរស់នៅក្នុងគ្រាចុងក្រោយបង្អស់ឬទេ? ទំនាយជាច្រើនអំពីគ្រាចុងក្រោយបង្អស់កំពុងក្លាយទៅជាការពិត។ មិនយូរទៀត ព្រះយេហូវ៉ានឹងសម្រេចចិត្តបញ្ឈប់ការផ្សព្វផ្សាយដំណឹងល្អ ហើយ«ទីបញ្ចប់»នឹងមកដល់។ (ម៉ាថាយ ២៤:១៤) តើទីបញ្ចប់ជាអ្វី? គឺជាពេលដែលព្រះនឹងបំផ្លាញចោលអំពើអាក្រក់ទាំងអស់ ពេលនោះហៅថាសង្គ្រាមហាម៉ាគេដូន។ ព្រះយេហូវ៉ានឹងចាត់លោកយេស៊ូ ព្រមទាំងទេវតាដ៏ខ្លាំងក្លារបស់លោក ឲ្យបំផ្លាញចោលអស់អ្នកដែលមិនព្រមស្ដាប់បង្គាប់លោកនិងបុត្ររបស់លោក។ (ថែស្សាឡូនិចទី២ ១:៦-៩) ក្រោយមក សាថាននិងពួកវិញ្ញាណកំណាចរបស់វានឹងលែងនាំមនុស្សឲ្យវង្វេងទៀត។ នៅទីបំផុត អស់អ្នកដែលស្ដាប់បង្គាប់ព្រះ ហើយទទួលយករាជាណាចក្ររបស់លោក នឹងឃើញសេចក្ដីសន្យាទាំងអស់របស់ព្រះក្លាយទៅជាការពិត។—ការបើកបង្ហាញ ២០:១-៣; ២១:៣-៥
១៦. ដោយសារទីបញ្ចប់ជិតមកដល់ហើយ តើអ្នកត្រូវធ្វើយ៉ាងណា?
១៦ ពិភពលោកនេះបានត្រូវគ្រប់គ្រងដោយសាថាន ហើយនឹងត្រូវបំផ្លាញចោលក្នុងពេលឆាប់ៗនេះ។ ដូច្នេះ គឺជាការសំខាន់ដែលយើងសួរខ្លួនឯងថា ‹តើខ្ញុំត្រូវធ្វើអ្វី?›។ ព្រះយេហូវ៉ាចង់ឲ្យអ្នករៀនឲ្យបានច្រើនបំផុតពីគម្ពីរ។ សូមសិក្សាគម្ពីរដោយយកចិត្តទុកដាក់។ (យ៉ូហាន ១៧:៣) សាក្សីព្រះយេហូវ៉ាមានកិច្ចប្រជុំជារៀងរាល់សប្ដាហ៍ដើម្បីជួយមនុស្សឲ្យយល់អំពីគម្ពីរ។ សូមព្យាយាមចូលរួមកិច្ចប្រជុំទាំងនោះយ៉ាងទៀតទាត់។ (សូមអាន ហេប្រឺ ១០:២៤, ២៥) បើអ្នកដឹងថាអ្នកត្រូវធ្វើការកែប្រែអ្វីមួយ សូមធ្វើការកែប្រែនោះភ្លាមៗដោយឥតស្ទាក់ស្ទើរ។ ដោយធ្វើដូច្នេះ ចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ានឹងកាន់តែជិតស្និទ្ធថែមទៀត។—យ៉ាកុប ៤:៨
១៧. ហេតុអ្វីនៅពេលទីបញ្ចប់មកដល់ មនុស្សភាគច្រើននឹងភ្ញាក់ផ្អើល?
១៧ សាវ័កប៉ូលពន្យល់ថាការបំផ្លាញមនុស្សទុច្ចរិតនឹងកើតឡើងនៅពេលដែលមនុស្សភាគច្រើនមិននឹកស្មាន ដូចជាពេលដែល«ចោរមកនៅពេលយប់»ដោយគ្មានអ្នកណាដឹង។ (ថែស្សាឡូនិចទី១ ៥:២) ពេលនោះមនុស្សជាច្រើននឹងភ្ញាក់ផ្អើល។ ហេតុអ្វី? លោកយេស៊ូបានប្រាប់ទុកជាមុនថា ពួកគេនឹងមិនអើពើចំពោះភ័ស្តុតាងដែលបញ្ជាក់ថា យើងកំពុងតែរស់នៅគ្រាចុងក្រោយបង្អស់ទេ។ លោកបានមានប្រសាសន៍ថា៖ «វត្តមានរបស់កូនមនុស្ស[ឬគ្រាចុងក្រោយបង្អស់] នឹងដូចសម័យណូអេ។ ព្រោះមនុស្សនៅសម័យនោះ មុនទឹកជំនន់មកដល់ ពួកគេកំពុងពិសាអាហារពិសាស្រា រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំនោះ ហើយពួកគេមិនបានយកចិត្តទុកដាក់សោះ រហូតដល់ទឹកជន់ឡើង កញ្ឆក់យកគេទាំងអស់គ្នាទៅ។ ពេលកូនមនុស្សមានវត្តមាន ក៏នឹងដូចគ្នាដែរ»។—ម៉ាថាយ ២៤:៣៧-៣៩
១៨. តើលោកយេស៊ូបានព្រមានយើងអំពីអ្វី?
១៨ លោកយេស៊ូបានព្រមានថាយើងមិនគួរអនុញ្ញាតឲ្យ«ការផឹកនិងការបរិភោគហួសប្រមាណ និងកង្វល់អំពីជីវិត»ពង្វក់ចិត្តយើងឡើយ។ លោកបានមានប្រសាសន៍ថាទីបញ្ចប់នឹងមកដល់ភ្លាមមួយរំពេច«ដូចជាលប់»។ ម្យ៉ាងទៀត លោកបានប្រាប់ថាទីបញ្ចប់«នឹងមកគ្របលើអស់ទាំងមនុស្សនៅលើផែនដី»។ បន្ទាប់មក លោកមានប្រសាសន៍បន្ថែមទៀតថា៖ «ដូច្នេះ ចូរចាំយាមព្រមទាំងអធិដ្ឋានជានិច្ចអង្វរសុំឲ្យរួចផុតពីការទាំងអស់នេះដែលត្រូវកើតឡើង ហើយឲ្យឈរនៅមុខកូនមនុស្សផង»។ (លូកា ២១:៣៤-៣៦) ហេតុអ្វីជាការសំខាន់ដែលយើងស្ដាប់តាមការព្រមានរបស់លោកយេស៊ូ? ពីព្រោះនៅពេលឆាប់ៗនេះពិភពលោកដ៏អាក្រក់របស់សាថាននឹងត្រូវបំផ្លាញចោល ហើយមានតែអ្នកដែលបានទទួលការពេញចិត្តពីព្រះយេហូវ៉ានិងលោកយេស៊ូប៉ុណ្ណោះ នឹងរួចជីវិតហើយរស់នៅជារៀងរហូតក្នុងពិភពលោកថ្មី។—យ៉ូហាន ៣:១៦; ពេត្រុសទី២ ៣:១៣
a មីកែលគឺជានាមមួយទៀតរបស់លោកយេស៊ូគ្រិស្ត។ ដើម្បីបានព័ត៌មានថែមទៀត សូមមើលលេខ២៣ក្នុងកំណត់នៅចុងសៀវភៅ។